អែសរ៉ា 1:1-6

អែសរ៉ា 1:1-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​ឆ្នាំ​ទី​មួយ​ក្នុង​រជ្ជ‌កាល​ព្រះ‌បាទ​ស៊ីរូស ជា​ស្តេច​ស្រុក​ពើស៊ី ព្រះ‌យេហូវ៉ា​បណ្ដាល​ចិត្តព្រះ​បាទ​ស៊ីរូស ជា​ស្តេច​ស្រុក​ពើស៊ី ឲ្យ​ចេញ​សេច​ក្ដី​ប្រកាស​ពាសពេញ​នគរ​របស់​ស្ដេច​ទាំង​មូល ដើម្បី​ឲ្យ​បាន​សម្រេច​តាម​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល ដោយ‌សារ​មាត់​ហោរា​យេរេមា ហើយ​សេចក្ដី​នោះ​មាន​ចែង​ដូច​តទៅ៖ «ព្រះ‌បាទ​ស៊ីរូស ជា​ស្តេច​ស្រុក​ពើស៊ី ទ្រង់​មាន​រាជ‌ឱង្ការ​ដូច្នេះ​ថា ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ស្ថាន‌សួគ៌ ព្រះ‌អង្គ​បាន​ប្រទាន​អស់​ទាំង​នគរ​នៅ​ផែន‌ដី​មក​យើង​ហើយ ក៏​បាន​បង្គាប់​ឲ្យ​យើង​ស្អាង​ព្រះ‌វិហារ​ថ្វាយ​ព្រះ‌អង្គ នៅ​ក្រុង​យេរូ‌សាឡិម ក្នុង​ស្រុក​យូដា ។ ក្នុង​ចំណោម​អ្នក​រាល់​គ្នា អ្នក​ណា​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ សូម​ឲ្យ​ព្រះ​របស់​អ្នក​នោះ​បាន​គង់​ជា​មួយ ហើយ​ឲ្យ​អ្នក​នោះ​ឡើង​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម ដែល​នៅ​ក្នុង​ស្រុក​យូដា ដើម្បី​សង់​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ចុះ ព្រះ‌អង្គ​ជា​ព្រះ​ដែល​គង់​នៅ​ក្រុង​យេរូ‌សាឡិម។ ឯ​អស់​អ្នក​ដែល​សេស​សល់ ទោះ​បី​រស់​នៅ​កន្លែង​ណា​ក៏​ដោយ ត្រូវ​ឲ្យ​ប្រជា‌ជន​នៅ​ទី​នោះ​ជួយ​ដល់​ពួក​គេ ជា​ប្រាក់ ជា​មាស ជា​របស់​មាន​តម្លៃ ព្រម​ទាំង​សត្វ ក្រៅ​ពី​តង្វាយ​ស្ម័គ្រ​ចិត្ត សម្រាប់​ព្រះ‌ដំណាក់​របស់​ព្រះ ដែល​នៅ​ក្រុង​យេរូ‌សាឡិម​ផង»។ ដូច្នេះ ពួក​មេ​លើ​វង្សា‌នុវង្ស​របស់​ឪពុក​ក្នុង​ពួក​យូដា និង​ពួក​បេនយ៉ាមីន ពួក​សង្ឃ និង​ពួក​លេវី គឺ​អស់​អ្នក​ដែល​ព្រះ​បាន​បណ្ដាល​ចិត្ត ឲ្យ​ឡើង​ទៅ​សង់​ព្រះ‌ដំណាក់​របស់​ព្រះ‌យេហូវ៉ា នៅ​ក្រុង​យេរូ‌សាឡិម គេ​ក៏​នាំ​គ្នា​ក្រោក​ឡើង ហើយ​អស់​អ្នក​ដែល​នៅ​ជុំ​វិញ​គេ​ទាំង​ប៉ុន្មាន ក៏​ជួយ​ផ្គត់‌ផ្គង់​ដោយ​គ្រឿង​ប្រាក់ គ្រឿង​មាស ទ្រព្យ​សម្បត្តិ​ផ្សេងៗ សត្វ និង​វត្ថុ​មាន​តម្លៃ​ឯទៀតៗ ក្រៅ​ពី​តង្វាយ​ទាំង​ប៉ុន្មាន ដែល​គេ​បាន​ថ្វាយ​ដោយ​ស្ម័គ្រ​ពី​ចិត្ត។

ចែក​រំលែក
អាន អែសរ៉ា 1

អែសរ៉ា 1:1-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ក្នុង​ឆ្នាំ​ទី​មួយ​នៃ​រជ្ជ‌កាល​ព្រះចៅ​ស៊ីរូស ជា​ស្ដេច​ស្រុក​ពែរ្ស ព្រះ‌អម្ចាស់​បាន​ជំរុញ​ព្រះ‌ហឫទ័យ​ព្រះចៅ​ស៊ីរូស ឲ្យ​ចេញ​សេចក្ដី​ប្រកាស និង​រាជ​ក្រឹត្យ​ក្នុង​អាណា‌ចក្រ​របស់​ស្ដេច​ទាំង​មូល ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះអង្គ​បាន​ថ្លែង​តាម​រយៈ​លោក​យេរេមា មាន​សេចក្ដី​ដូច​ត​ទៅ៖ «ព្រះចៅ​ស៊ីរូស ជា​ស្ដេច​ស្រុក​ពែរ្ស មាន​រាជ‌ឱង្ការ​ដូច​ត​ទៅ: ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ស្ថាន​បរម‌សុខ បាន​ប្រគល់​នគរ​ទាំង​អស់​នៅ​លើ​ផែនដី​មក​ឲ្យ​យើង​គ្រប់‌គ្រង។ ព្រះអង្គ​បញ្ជា​ឲ្យ​យើង​សង់​ព្រះ‌ដំណាក់​មួយ នៅ​ក្រុង​យេរូ‌សាឡឹម​ក្នុង​ស្រុក​យូដា ថ្វាយ​ព្រះអង្គ។ ក្នុង​ចំណោម​អ្នក​រាល់​គ្នា អ្នក​ណា​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ សូម​ឲ្យ​អ្នក​នោះ​វិល​ទៅ​កាន់​ក្រុង​យេរូ‌សាឡឹម ក្នុង​ស្រុក​យូដា​វិញ ហើយ​សង់​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល គឺ​ជា​ព្រះ​ដែល​គង់​នៅ​ក្រុង​យេរូ‌សាឡឹម។ សូម​ឲ្យ​ព្រះ​របស់​គេ​គង់​នៅ​ជា​មួយ​គេ។ ជន‌ជាតិ​អ៊ីស្រា‌អែល​ដែល​នៅ​សេស‌សល់ ទោះ​បី​រស់​នៅ​ទី​ណា​ក៏​ដោយ ប្រជា‌ជន​នៅ​ទី​នោះ​ត្រូវ​តែ​ផ្ដល់​វិភាគ‌ទាន​ដល់​ពួក​គេ ជា​ប្រាក់ មាស ទ្រព្យ​សម្បត្តិ និង​សត្វ ព្រម​ទាំង​ថ្វាយ​តង្វាយ​ស្ម័គ្រ​ចិត្ត សម្រាប់​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ នៅ​ក្រុង​យេរូ‌សាឡឹម​ផង»។ ពេល​នោះ ពួក​មេ​ក្រុម​គ្រួសារ​នៃ​កុល‌សម្ព័ន្ធ​យូដា និង​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន ក្រុម​បូជា‌ចារ្យ ក្រុម​លេវី គឺ​អស់​អ្នក​ដែល​ព្រះ‌ជាម្ចាស់​ជំរុញ​ចិត្ត នាំ​គ្នា​ក្រោក​ឡើង រៀបចំ​ខ្លួន​ទៅ​សង់​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​នៅ​ក្រុង​យេរូ‌សាឡឹម។ អ្នក​ជិត​ខាង​របស់​ពួក​គេ​យក​របស់​របរ​ធ្វើ​ពី​ប្រាក់ ពី​មាស ព្រម​ទាំង​ទ្រព្យ​សម្បត្តិ សត្វ និង​វត្ថុ​ដ៏​មាន​តម្លៃ​គ្រប់​យ៉ាង មក​ជួយ​ឧបត្ថម្ភ​ពួក​គេ ហើយ​ក៏​មាន​តង្វាយ​ស្ម័គ្រ​ចិត្ត​ថែម​ទៀត​ផង។

ចែក​រំលែក
អាន អែសរ៉ា 1

អែសរ៉ា 1:1-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នៅ​ឆ្នាំ​ទី​១ ក្នុង​រាជ្យ​ស៊ីរូស ស្តេច​ពើស៊ី នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បណ្តាល​ព្រះ‌ទ័យ​ស៊ីរូស ជា​ស្តេច​ពើស៊ី ឲ្យ​ទ្រង់​បាន​ចេញ​ព្រះ‌រាជ‌ឱង្ការ ផ្សាយ​ទៅ​គ្រប់​ក្នុង​នគរ​ទ្រង់ ដើម្បី​ឲ្យ​បាន​សំរេច​តាម​សេចក្ដី ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​បន្ទូល ដោយ‌សារ​មាត់​ហោរា​យេរេមា ក៏​បាន​កត់​សេចក្ដី​នោះ​ទុក​ថា ស៊ីរូស ជា​ស្តេច​ពើស៊ី ទ្រង់​មាន​បន្ទូល​ដូច្នេះ ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ស្ថាន‌សួគ៌ ទ្រង់​បាន​ប្រទាន​អស់​ទាំង​នគរ​នៅ​ផែនដី​មក​យើង​ហើយ ក៏​បាន​បង្គាប់​ឲ្យ​យើង​ស្អាង​ព្រះ‌វិហារ​ថ្វាយ​ទ្រង់ នៅ​ក្រុង​យេរូ‌សាឡិម ក្នុង​ស្រុក​យូដា ដូច្នេះ នៅ​ក្នុង​បណ្តាជន​ទាំង‌ឡាយ បើ​មាន​អ្នក​ណា​ជា​របស់​ផង​ទ្រង់ នោះ​សូម​ឲ្យ​ព្រះ​នៃ​អ្នក​នោះ​បាន​គង់​ជា​មួយ ហើយ​ឲ្យ​អ្នក​នោះ​ឡើង​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម​ដែល​នៅ​ស្រុក​យូដា ដើម្បី​នឹង​ស្អាង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​ចុះ គឺ​ជា​ព្រះ​ដែល​គង់​នៅ​ក្រុង​យេរូ‌សាឡិម​នោះ ឯ​អស់​អ្នក​ដែល​សល់​នៅ​ពី​សាសន៍​នេះ ទោះ​បើ​នៅ​កន្លែង​ណា​ក៏​ដោយ នោះ​ត្រូវ​ឲ្យ​ពួក​មនុស្ស​នៅ​ទី​នោះ​ជួយ​ដល់​គេ ជា​ប្រាក់ ជា​មាស ជា​របស់​មាន​ដំឡៃ ព្រម​ទាំង​សត្វ ក្រៅ​ពី​ដង្វាយ​ស្ម័គ្រ​ពី​ចិត្ត ដែល​សំរាប់​ព្រះ‌វិហារ​នៃ​ព្រះ ដែល​នៅ​ក្រុង​យេរូ‌សាឡិម​ផង។ ដូច្នេះ ពួក​អ្នក​ដែល​ជា​កំពូល​លើ​វង្សា‌នុវង្ស​របស់​ពួក​យូដា នឹង​ពួក​បេន‌យ៉ាមីន ហើយ​ពួក​សង្ឃ នឹង​ពួក​លេវី គឺ​អស់​អ្នក​ដែល​ព្រះ​បាន​បណ្តាល​ចិត្ត ឲ្យ​ឡើង​ទៅ​ស្អាង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នៅ​ក្រុង​យេរូ‌សាឡិម​នោះ គេ​ក៏​រៀបចំ​ឡើង ហើយ​អស់​អ្នក​ដែល​នៅ​ជុំវិញ​គេ​ទាំង​ប៉ុន្មាន ក៏​ជួយ​ផ្គត់‌ផ្គង់ ដោយ​គ្រឿង​ប្រាក់ គ្រឿង​មាស នឹង​វត្ថុ​ឯ​ទៀត ព្រម​ទាំង​សត្វ នឹង​របស់​មាន​ដំឡៃ​ផ្សេងៗ ក្រៅ​ពី​ដង្វាយ​ទាំង​ប៉ុន្មាន ដែល​បាន​ថ្វាយ​ស្ម័គ្រ​ពី​ចិត្ត

ចែក​រំលែក
អាន អែសរ៉ា 1