អេសេគាល 9:1-11

អេសេគាល 9:1-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

លំដាប់​នោះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដាក់​ត្រចៀក​ខ្ញុំ ដោយ​ព្រះ‌សៀង​យ៉ាង​ខ្លាំង​ថា៖ «ចូរ​ឲ្យ​ពួក​អ្នក​ដែល​ត្រួត‌ត្រា​ការ​ក្នុង​ទី​ក្រុង​ចូល​មក​ជិត​ចុះ ត្រូវ​ឲ្យ​គ្រប់​គ្នា​កាន់​គ្រឿង​ប្រហារ​របស់​ខ្លួន​នៅ​ដៃ​ផង»។ នោះ​ឃើញ​មាន​មនុស្ស​ប្រាំមួយ​នាក់​មក​តាម​ផ្លូវ​ទ្វារ​ខាង​លើ ដែល​បើក​ទៅ​ទិស​ខាង​ជើង គ្រប់​គ្នា​ក៏​កាន់​គ្រឿង​សម្លេះ​នៅ​ដៃ ហើយ​មាន​ម្នាក់​ស្លៀក‌ពាក់​សំពត់​ទេស‌ឯក នៅ​កណ្ដាល​គេ មាន​ស្ពាយ​ដប​ទឹក​ខ្មៅ អ្នក​ទាំង​នោះ​ក៏​ចូល​ទៅ​ឈរ​ក្បែរ​អាស‌នា​លង្ហិន»។ ខណៈ​នោះ សិរី‌ល្អ​របស់​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​បាន​ឡើង​ផុត​ពី​ចេរូ‌ប៊ីន ជា​កន្លែង​ដែល​ធ្លាប់​សណ្ឋិត​នៅ​ទៅ​ដល់​មាត់​ទ្វារ​ព្រះ‌វិហារ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ហៅ​អ្នក​ម្នាក់​ដែល​ស្លៀក‌ពាក់​សំពត់​ទេស‌ឯក ហើយ​ស្ពាយ​ដប​ទឹក​ខ្មៅ​នោះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ទៅ​អ្នក​នោះ​ថា៖ «ចូរ​ដើរ​បង្ហូត​ទី​ក្រុង គឺ​បង្ហូត​កណ្ដាល​ក្រុង​យេរូ‌សាឡិម​ទៅ ហើយ​ធ្វើ​ទី​សម្គាល់​នៅ​ថ្ងាស​របស់​ពួក​មនុស្ស​ដែល​ដក​ដង្ហើម​ធំ ហើយ​ថ្ងូរ ដោយ​ព្រោះ​ការ​គួរ​ស្អប់​ខ្ពើម​ដែល​មនុស្ស​ប្រព្រឹត្ត​នៅ​ក្នុង​ទី​ក្រុង» ហើយ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដល់​ប្រាំ​នាក់​ឯ​ទៀត​នៅ​ត្រចៀក​ខ្ញុំ​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ដើរ​បង្ហូត​ទី​ក្រុង​តាម​អ្នក​មួយ​នោះ ហើយ​ប្រហារ​ទៅ កុំ​ឲ្យ​ភ្នែក​អ្នក​ប្រណី ឬ​អាណិត​អាសូរ​ឡើយ។ ត្រូវ​សម្លាប់​ទាំង​ពួក​ចាស់ ពួក​កំលោះ ពួក​ក្រមុំ ពួក​ក្មេង និង​ពួក​ស្រីៗ​ឲ្យ​អស់​រលីង​ទៅ ប៉ុន្តែ កុំ​ចូល​ទៅ​ជិត​មនុស្ស​ណា​ដែល​មាន​ទី​សម្គាល់​នៅ​ខ្លួន​ឡើយ ហើយ​ត្រូវ​ចាប់​ផ្តើម​ពី​ទី​បរិសុទ្ធ​របស់​យើង​ផង»។ ដូច្នេះ អ្នក​ទាំង​នោះ​ក៏​ផ្តើម​ពី​ពួក​ចាស់​ទុំ​ដែល​នៅ​មុខ​ព្រះ‌វិហារ ព្រះ‌អង្គ​ក៏​បង្គាប់​ថា៖ «ចូរ​បង្អាប់​វិហារ​ចុះ ត្រូវ​សម្លាប់​គេ​ឲ្យ​ទី‌លាន​បាន​ពេញ​ដោយ​សាក‌សព។ ទៅ! ចូរ​ចេញ​ទៅ​ចុះ!»។ ដូច្នេះ គេ​ក៏​ចេញ​ទៅ​ប្រហារ​នៅ​ក្នុង​ទី​ក្រុង។ កាល​គេ​កំពុង​តែ​សម្លាប់ ហើយ​មាន​តែ​ខ្ញុំ​សល់​នៅ នោះ​ខ្ញុំ​ក៏​ផ្កាប់​មុខ​អំពាវ‌នាវ​ថា៖ «ឱ​ព្រះ‌អម្ចាស់‌យេហូវ៉ា​អើយ តើ​ព្រះ‌អង្គ​នឹង​បំផ្លាញ​សំណល់​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់ ដោយ​ចាក់​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ​មក​លើក្រុង​យេរូ‌សាឡិម​ឬ?»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តប​មក​ខ្ញុំ​ថា៖ ពូជ‌ពង្ស​អ៊ីស្រា‌អែល និង​យូដា​មាន​ទោស​ធ្ងន់​ណាស់ ស្រុក​នេះ​ពោ​ពេញ​ដោយ​ឈាម ហើយ​ទី​ក្រុង​មាន​ពេញ​ដោយ​សេចក្ដី​វៀច​កោង​ដែរ ដ្បិត​គេ​ថា ព្រះ‌យេហូវ៉ា​បាន​បោះ‌បង់​ចោល​ស្រុក​នេះ​ហើយ ព្រះ‌យេហូវ៉ា​មើល​មិន​ឃើញ​ទេ។ រីឯ​យើង​វិញ ភ្នែក​យើង​នឹង​មិន​ប្រណី​ទេ យើង​មិន​អាណិត​មេត្តា​ឡើយ គឺ​យើង​នឹង​ទម្លាក់​អំពើ​របស់​គេ​មក​លើ​ក្បាល​គេ​វិញ។ ពេល​នោះ មនុស្ស​ដែល​ស្លៀក‌ពាក់​សំពត់​ទេស‌ឯក ហើយ​ស្ពាយ​ដប​ទឹក​ខ្មៅ​ក៏​មក​ទូល​ថា ទូល‌បង្គំ​បាន​ធ្វើ​សម្រេច​តាម​បង្គាប់​ព្រះ‌អង្គ​ហើយ»។

ចែក​រំលែក
អាន អេសេគាល 9

អេសេគាល 9:1-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បន្ទាប់​មក ខ្ញុំ​ឮ​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​យ៉ាង​ខ្លាំងៗ​ថា៖ «អស់​អ្នក​ដែល​ត្រូវ​ធ្វើ​ទោស​ក្រុង​យេរូ‌សាឡឹម​អើយ ចូរ​នាំ​គ្នា​កាន់​អាវុធ​សម្រាប់​ប្រល័យ​ជីវិត​ចូល​មក!»។ ពេល​នោះ ខ្ញុំ​ឃើញ​មាន​មនុស្ស​ប្រាំ​មួយ​នាក់​ចូល​តាម​ទ្វារ​កំពែង​ខាង​ជើង ម្នាក់ៗ​កាន់​អាវុធ​សម្រាប់​ប្រហារ​ជីវិត។ ក្នុង​ចំណោម​អ្នក​ទាំង​នោះ មាន​បុរស​ម្នាក់​ពាក់​អាវ​ទេស‌ឯក​សុទ្ធ ស្ពាយ​ប្រដាប់‌ប្រដា​សរសេរ​នៅ​ចង្កេះ​ផង។ ពួក​គេ​ចូល​មក​ឈរ​នៅ​ខាង​មុខ​អាសនៈ​លង្ហិន។ ពេល​នោះ សិរី‌រុងរឿង​របស់​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ដែល​ស្ថិត​នៅ​លើ​ចេរូ‌ប៊ីន* ក៏​អណ្ដែត​ឡើង ឆ្ពោះ​ទៅ​មាត់​ទ្វារ​ព្រះ‌ដំណាក់។ ព្រះ‌អម្ចាស់​ត្រាស់​ហៅ​បុរស​ដែល​ពាក់​អាវ​ទេស‌ឯក​សុទ្ធ និង​ស្ពាយ​ប្រដាប់‌ប្រដា​សម្រាប់​សរសេរ​នោះ​មក ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ចូរ​ដើរ​កាត់​ក្រុង​យេរូ‌សាឡឹម ហើយ​គូស​សញ្ញា​ជើង​ក្អែក​លើ​ថ្ងាស​អស់​អ្នក​ដែល​ស្រែក​ថ្ងូរ និង​ព្រួយ​ចិត្ត ដោយ​ឃើញ​អំពើ​គួរ​ឲ្យ​ស្អប់​ខ្ពើម​ទាំង​ប៉ុន្មាន ដែល​អ្នក​ក្រុង​នេះ​ប្រព្រឹត្ត»។ បន្ទាប់​មក ខ្ញុំ​ឮ​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​អ្នក​ឯ​ទៀតៗ​ថា៖ «ចូរ​ដើរ​តាម​ក្រោយ​គាត់ ហើយ​ប្រហារ​អ្នក​ក្រុង​នេះ​ទៅ កុំ​អាណិត​មេត្តា និង​ត្រា​ប្រណី​ពួក​គេ​ឡើយ! ចូរ​សម្លាប់​ពួក​គេ​ទាំង​អស់​គ្នា​ឲ្យ​ផុត​ពូជ គឺ​ទាំង​ចាស់ ទាំង​កំលោះ ទាំង​ក្រមុំ ទាំង​ក្មេង ទាំង​ស្ត្រី តែ​កុំ​ប៉ះ‌ពាល់​អស់​អ្នក​ដែល​មាន​សញ្ញា​ជើង​ក្អែក​ឡើយ។ ចូរ​ចាប់​ផ្ដើម​ពី​ទីសក្ការៈ​របស់​យើង​ទៅ!»។ អ្នក​ទាំង​នោះ​ក៏​ចាប់​ផ្ដើម​សម្លាប់​ពួក​ព្រឹទ្ធា‌ចារ្យ* ដែល​នៅ​ខាង​មុខ​ព្រះ‌ដំណាក់។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ទៀត​ថា៖ «ចូរ​ធ្វើ​ឲ្យ​ព្រះ‌ដំណាក់​ទៅ​ជា​សៅហ្មង ដោយ​ទុក​សាក‌សព​ចោល​ពាស‌ពេញ​ទី‌លាន រួច​នាំ​គ្នា​ចេញ​ទៅ​ចុះ!»។ ពួក​គេ​ក៏​ចេញ​ទៅ​វាយ​ប្រហារ​ជីវិត​ប្រជា‌ជន​នៅ​ក្នុង​ទីក្រុង។ ពេល​អ្នក​ទាំង​នោះ​ប្រហារ​ជីវិត​ប្រជា‌ជន ខ្ញុំ​នៅ​តែ​ម្នាក់​ឯង ខ្ញុំ​ក៏​ក្រាប​ចុះ ឱន​មុខ​ដល់​ដី ហើយ​ស្រែក​ឡើង​ថា៖ «ព្រះ‌ជា‌អម្ចាស់​អើយ តើ​ព្រះអង្គ​ជះ​ព្រះ‌ពិរោធ មក​លើ​ក្រុង​យេរូ‌សាឡឹម ដោយ​ប្រល័យ​ជីវិត​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន​ដែល​នៅ​សេស‌សល់​ឬ?»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «ពូជ‌ពង្ស​អ៊ីស្រា‌អែល និង​ពូជ‌ពង្ស​យូដា មាន​កំហុស​ធ្ងន់​ណាស់។ ពួក​គេ​សម្លាប់​គ្នា​ពាស‌ពេញ​ស្រុក ហើយ​អំពើ​ទុច្ចរិត​ក៏​មាន​ពាស‌ពេញ​ទីក្រុង​ដែរ។ ពួក​គេ​ពោល​ថា “ព្រះ‌អម្ចាស់​បោះ​បង់​ចោល​ស្រុក​នេះ​ហើយ ព្រះ‌អម្ចាស់​ទត​អ្វី​ពុំ​ឃើញ​ទេ”។ ហេតុ​នេះ យើង​មិន​អាណិត​អាសូរ និង​ត្រា​ប្រណី​ពួក​គេ​ឡើយ គឺ​យើង​នឹង​ដាក់​ទោស​ពួក​គេ​តាម​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត»។ ពេល​នោះ បុរស​ដែល​ពាក់​អាវ​ទេស‌ឯក​សុទ្ធ និង​ស្ពាយ​ប្រដាប់‌ប្រដា​សម្រាប់​សរសេរ ទូល​ព្រះអង្គ​ថា៖ «ទូលបង្គំ​បាន​ធ្វើ​តាម​បង្គាប់​របស់​ព្រះអង្គ​សព្វ​គ្រប់​ហើយ»។

ចែក​រំលែក
អាន អេសេគាល 9

អេសេគាល 9:1-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

លំដាប់​នោះ ទ្រង់​មាន​បន្ទូល​ដាក់​ត្រចៀក​ខ្ញុំ ដោយ​ព្រះ‌សៀង​យ៉ាង​ខ្លាំង​ថា ចូរ​ឲ្យ​ពួក​អ្នក​ដែល​ត្រួត‌ត្រា​ការ​ក្នុង​ទី​ក្រុង​ចូល​មក​ជិត​ចុះ ត្រូវ​ឲ្យ​គ្រប់​គ្នា​កាន់​គ្រឿង​ប្រហារ​របស់​ខ្លួន​នៅ​ដៃ​ផង នោះ​ឃើញ​មាន​មនុស្ស​៦​នាក់​មក​តាម​ផ្លូវ​ទ្វារ​ខាង​លើ ដែល​បើក​ទៅ​ទិស​ខាង​ជើង គ្រប់​គ្នា​ក៏​កាន់​គ្រឿង​សំឡេះ​នៅ​ដៃ ហើយ​មាន​ម្នាក់​ស្លៀក‌ពាក់​សំពត់​ទេស‌ឯក នៅ​កណ្តាល​គេ មាន​ស្ពាយ​ដប​ទឹក​ខ្មៅ អ្នក​ទាំង​នោះ​ក៏​ចូល​ទៅ​ឈរ​ក្បែរ​អាសនា​លង្ហិន។ ខណៈ​នោះ សិរី‌ល្អ​របស់​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​បាន​ឡើង​ផុត​ពី​ចេរូប៊ីន ជា​កន្លែង​ដែល​ធ្លាប់​សណ្ឋិត​នៅ ទៅ​ដល់​មាត់​ទ្វារ​ព្រះ‌វិហារ ទ្រង់​ក៏​មាន​បន្ទូល​ហៅ​អ្នក​ម្នាក់ ដែល​ស្លៀក‌ពាក់​សំពត់​ទេស‌ឯក ហើយ​ស្ពាយ​ដប​ទឹក​ខ្មៅ​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ទៅ​អ្នក​នោះ​ថា ចូរ​ដើរ​បង្ហូត​ទី​ក្រុង គឺ​បង្ហូត​កណ្តាល​ក្រុង​យេរូ‌សាឡិម​ទៅ ហើយ​ធ្វើ​ទី​សំគាល់​នៅ​ថ្ងាស​របស់​ពួក​មនុស្ស ដែល​ដក​ដង្ហើម​ធំ ហើយ​ថ្ងូរ ដោយ​ព្រោះ​ការ​គួរ​ស្អប់​ខ្ពើម​ដែល​មនុស្ស​ប្រព្រឹត្ត​នៅ​ក្នុង​ទី​ក្រុង ហើយ​ទ្រង់​មាន​បន្ទូល​ដល់​៥​នាក់​ឯ​ទៀត​នៅ​ត្រចៀក​ខ្ញុំ​ថា ចូរ​ឯង​រាល់​គ្នា​ដើរ​បង្ហូត​ទី​ក្រុង​តាម​អ្នក​១​នោះ ហើយ​ប្រហារ​ទៅ កុំ​ឲ្យ​ភ្នែក​ឯង​ប្រណី ឬ​អាណិត‌អាសូរ​ឡើយ ត្រូវ​ឲ្យ​សំឡាប់​ទាំង​ពួក​ចាស់ ពួក​កំឡោះ ពួក​ក្រមុំ ពួក​ក្មេង នឹង​ពួក​ស្រីៗ​ឲ្យ​អស់​រលីង​ទៅ ប៉ុន្តែកុំ​ឲ្យ​ចូល​ទៅ​ជិត​មនុស្ស​ណា ដែល​មាន​ទី​សំគាល់ នៅ​ខ្លួន​ឡើយ ហើយ​ត្រូវ​ឲ្យ​ចាប់​ផ្តើម​ការ តាំង​ពី​ទី​បរិសុទ្ធ​របស់​អញ​ផង ដូច្នេះ អ្នក​ទាំង​នោះ​ក៏​ផ្តើម​ការ ចាប់​តាំង​ពី​ពួក​ចាស់‌ទុំ​ដែល​នៅ​មុខ​ព្រះ‌វិហារ ទ្រង់​ក៏​បង្គាប់​ថា ចូរ​បង្អាប់​វិហារ​ចុះ ត្រូវ​សំឡាប់​គេ​ឲ្យ​ទីលាន​បាន​ពេញ​ដោយ​សាក‌សព​ទៅ​ចូរ​ចេញ​ទៅ​ចុះ ដូច្នេះ គេ​ក៏​ចេញ​ទៅ​ប្រហារ​នៅ​ក្នុង​ទី​ក្រុង កាល​គេ​កំពុង​តែ​សំឡាប់ ហើយ​មាន​តែ​ខ្ញុំ​សល់​នៅ នោះ​ខ្ញុំ​ក៏​ទំលាក់​ខ្លួន​ផ្កាប់​មុខ​អំពាវ‌នាវ​ថា ឱ​ព្រះ‌អម្ចាស់​យេហូវ៉ា​អើយ តើ​ទ្រង់​នឹង​បំផ្លាញ​សំណល់​សាសន៍​អ៊ីស្រាអែល​ទាំង​អស់ ដោយ​ចាក់​សេចក្ដី​ក្រោធ​របស់​ទ្រង់​មក​លើ​ក្រុង​យេរូ‌សាឡិម​ឬ​អី។ ទ្រង់​មាន​បន្ទូល​តប​មក​ខ្ញុំ​ថា សេចក្ដី​ទុច្ចរិត​របស់​ពូជ‌ពង្ស​អ៊ីស្រាអែល នឹង​យូដា នោះ​ធំ​ក្រៃ‌លែង​ណាស់ ស្រុក​នេះ​ក៏​ពេញ​ដោយ​ឈាម ហើយ​ទី​ក្រុង​មាន​ពេញ​ដោយ​សេចក្ដី​វៀច​កោង​ដែរ ដ្បិត​គេ​ថា ព្រះ‌យេហូវ៉ា​បាន​បោះ‌បង់​ចោល​ស្រុក​នេះ​ហើយ ព្រះ‌យេហូវ៉ា​ទ្រង់​មើល​មិន​ឃើញ​ទេ រីឯ​អញ​វិញ ភ្នែក​អញ​នឹង​មិន​ប្រណី​ទេ អញ​មិន​អាណិត​មេត្តា​ឡើយ គឺ​អញ​នឹង​ទំលាក់​អំពើ​របស់​គេ​មក​លើ​ក្បាល​គេ​វិញ នោះ​មើល មនុស្ស​ដែល​ស្លៀក‌ពាក់​សំពត់​ទេស‌ឯក ហើយ​ស្ពាយ​ដប​ទឹក​ខ្មៅ​ក៏​មក​ចែង​ថា ទូលបង្គំ​បាន​ធ្វើ​សំរេច​តាម​បង្គាប់​ទ្រង់​ហើយ។

ចែក​រំលែក
អាន អេសេគាល 9