អេសេគាល 7:1-27

អេសេគាល 7:1-27 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្ញុំ​ថា៖ «ឱ​កូន​មនុស្ស​អើយ ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​ស្រុក​អ៊ីស្រា‌អែល​ដូច្នេះ​ថា ដល់​កំណត់​ហើយ គឺ​ដល់​ចុង​បំផុត​នៃ​ស្រុក​ទាំង​បួន​ទិស​ហើយ។ ពេល​នេះ​ជា​ចុង​បំផុត​របស់​អ្នក​ពិត យើង​នឹង​ប្រើ​កំហឹង​របស់​យើង​ទៅ​លើ​អ្នក ហើយ​ជំនុំ‌ជម្រះ​អ្នក​តាម​គ្រប់​ទាំង​អំពើ​របស់​អ្នក ព្រម​ទាំង​ទម្លាក់​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​អ្នក មក​លើ​អ្នក​ផង។ ភ្នែក​យើង​នឹង​មិន​ប្រណី ឬ​អាណិត​មេត្តា​ដល់​អ្នក​ឡើយ គឺ​យើង​នឹង​ទម្លាក់​អំពើ​របស់​អ្នក​មក​លើ​អ្នក នោះ​អស់​ទាំង​របស់​គួរ​ស្អប់​ខ្ពើម​របស់​អ្នក នឹង​នៅ​កណ្ដាល​អ្នក​ហើយ ដូច្នេះ អ្នក​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត»។ ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «មាន​ការ​អាក្រក់ គឺ​ការ​អាក្រក់​តែ​មួយ ការ​នោះ​កំពុង​តែ​មក​ហើយ។ ដល់​ចុង​បំផុត​ហើយ ចុង​បំផុត​បាន​មក​ដល់ គឺ​បាន​ភ្ញាក់​ឡើង​មក​ទាស់​នឹង​អ្នក មើល‌ន៏ កំពុង​តែ​មក​ហើយ។ ឱ​អ្នក​ស្រុក​អើយ ថ្ងៃ​អន្តរាយ​របស់​អ្នក​បាន​មក​ដល់​ហើយ ពេលកំណត់​ក៏​បាន​មក​ដល់​ដែរ ថ្ងៃ​នោះ​ជិត​មក​ដល់ ជា​ថ្ងៃ​ដែល​ឮ​សូរ​អឺង‌កង មិន​មែន​ជា​សូរ​សម្រែក​អរ​សប្បាយ​នៅ​លើ​ភ្នំ​ទេ។ ឥឡូវ​នេះ យើង​ហៀប​នឹង​ចាក់​សេចក្ដី​ក្រោធ របស់​យើង​ទៅ​លើ​អ្នក ហើយ​នឹង​សម្រេច​សេចក្ដី​ក្រោធ​របស់​យើង​ដល់​អ្នក យើង​នឹង​ជំនុំ‌ជម្រះ​អ្នក​តាម​អំពើ​ដែល​អ្នក​ប្រព្រឹត្ត ហើយ​នឹង​ទម្លាក់​អស់​ទាំង​អំពើ​គួរ​ស្អប់​ខ្ពើម របស់​អ្នក​ទៅ​លើ​អ្នក​ផង។ ភ្នែក​យើង​នឹង​មិន​ប្រណី​ឡើយ យើង​ក៏​មិន​អាណិត​មេត្តា​ដល់​អ្នក​ដែរ យើង​នឹង​សង​អ្នក​តាម​អំពើ​ដែល​អ្នក​ប្រព្រឹត្ត ហើយ​របស់​គួរ​ស្អប់​ខ្ពើម​ទាំង​ប៉ុន្មាន​របស់​អ្នក នឹង​នៅ​កណ្ដាល​អ្នក​ដែរ នោះ​អ្នក​រាល់​គ្នា​នឹង​ដឹង​ថា គឺ​យើង​នេះ​ហើយ ជា​ព្រះ‌យេហូវ៉ា​ដែល​វាយ​អ្នក​ពិត»។ មើល៍! ថ្ងៃ​ដល់​ហើយ ពេល​កំណត់​បាន​មក​ដល់​ហើយ ឯ​ដំបង បាន​បែក​ផ្កា សេចក្ដី​អំនួត​បាន​ប៉ិច​ឡើង។ អំពើ​ឃោ​ឃៅ​បាន​ដុះ​ឡើង​ជា​ដំបង​នៃ​សេចក្ដី​អាក្រក់ ឥត​មាន​អ្នក​ណា​ក្នុង​ពួក​គេ​នៅ​សេស​សល់​ឡើយ ក៏​គ្មានភាព​សម្បូណ៌ ឬ​ទ្រព្យ‌សម្បត្តិ ឬ​កិត្តិ​យស​ណា​នៅ​សេស​សល់​ក្នុង​ចំណោម​ពួក​គេ​ដែរ។ ពេល​វេលា​បាន​មក​ដល់ ថ្ងៃ​កាន់​តែ​ជិត​ហើយ កុំ​ឲ្យ​អ្នក​ដែល​ទទួល​បញ្ចាំ​អរ​សប្បាយ ឬ​អ្នក​ដែល​លក់​បញ្ចាំ​ឲ្យ​គេ​ស្តាយ​ឡើយ ដ្បិត​សេចក្ដី​ក្រោធ​បាន​មក​លើ អស់​ទាំង​ពួក​កក‌កុញ​នេះ​ហើយ។ អ្នក​ដែល​បញ្ចាំ ទោះ​បើ​មាន​ជីវិត​នៅ​ក៏​ដោយ គង់​តែ​មិន​មាន​ធន‌ធាន​ត្រឡប់​មក​វិញ​ដែរ ដ្បិត​និមិត្ត​នេះ​តម្រូវ​លើ​ជន​ជាតិ​ទាំង​អស់​គ្នា នឹង​គ្មាន​ណា​មួយ​វិល​មក​វិញ​ឡើយ ក៏​ឥត​មាន​អ្នក​ណា​អាច​ឲ្យ​ជីវិត​ខ្លួន​ស្ថិត‌ស្ថេរ​នៅ​ដោយ​អំពើ​ទុច្ចរិត​បាន​ដែរ។ គេ​បាន​ផ្លុំ​ត្រែ ហើយ​ទាំង​អស់​បាន​រៀប​ជា​ស្រេច តែ​គ្មាន​អ្នក​ណា​ចេញ​ទៅ​តស៊ូ​ឡើយ ដ្បិត​សេចក្ដី​ក្រោធ​របស់​យើង គ្រប​សង្កត់​លើ​ពួក​ទ័ព​កក‌កុញ​របស់​គេ​ទាំង​អស់។ ឯ​ខាង​ក្រៅ មាន​ដាវ ហើយ​ខាង​ក្នុង មាន​អាសន្ន‌រោគ និង​គ្រោះ​ទុរ្ភិក្ស អ្នក​ណា​ដែល​នៅ​វាល នឹង​ត្រូវ​ស្លាប់​ដោយ​ដាវ ហើយ​អ្នក​ដែល​នៅ​ក្នុង​ទី​ក្រុង មាន​គ្រោះ​ទុរ្ភិក្ស និង​អាសន្ន‌រោគ​លេប​គេ​ទៅ។ ប៉ុន្តែ ពួក​ណា​ដែល​រត់​រួច​បាន នោះ​នឹង​រួច​ជីវិត ហើយ​នៅ​លើ​ភ្នំ​ដូច​ជា​ព្រាប​នៅ​តាម​ច្រក​ភ្នំ គ្រប់​គ្នា​កំពុង​តែ​យំ​ថ្ងូរ ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​គេ​រៀង​ខ្លួន។ មនុស្ស​ទាំង​អស់​នឹង​ខ្សោយ​ដៃ ហើយ​ជង្គង់​គ្រប់​គ្នា​នឹង​ទន់​ដូច​ជា​ទឹក។ គេ​នឹង​ស្លៀក​សំពត់​ធ្មៃ ហើយ​មាន​សេចក្ដី​ស្ញែង‌ខ្លាច ទាំង​មាន​សេចក្ដី​ខ្មាស​បាក់​មុខ ហើយ​គេ​នឹង​កោរ​សក់​គ្រប់​គ្នា។ គេ​នឹង​បោះ​ចោល​ប្រាក់​របស់​គេ​នៅ​តាម​ផ្លូវ ហើយ​មាស​ក៏​គ្មាន​តម្លៃ ទាំង​ប្រាក់ ទាំង​មាស​របស់​គេ​នឹង​ជួយ​គេ​មិន​បាន​ឡើយ នៅ​ថ្ងៃ​នៃ​សេចក្ដី​ក្រោធ​របស់​ព្រះ‌យេហូវ៉ា​នោះ គេ​នឹង​មិន​ស្កប់​ចិត្ត ក៏​មិន​បាន​ឆ្អែត​ពោះ​ដោយ​របស់​នោះ​ដែរ ព្រោះ​របស់​នោះ ដែល​នាំ​ឲ្យ​គេ​ចំពប់​ដួល​ទៅ​ក្នុង​អំពើ​ទុច្ចរិត​របស់​ខ្លួន។ ឯ​គ្រឿង​លម្អ​របស់​គេ បាន​តាំង​ឡើង​ឲ្យ​មាន​សេចក្ដី​រុងរឿង តែ​គេ​បាន​ធ្វើ​រូប​ពី​របស់​គួរ​ស្អប់​ខ្ពើម និង​របស់​គួរ​ឆ្អើម​របស់​គេ​នៅ​ក្នុង​នោះ​វិញ បាន​ជា​យើង​ធ្វើ​ឲ្យ​របស់​គេ​ទៅជា​របស់​មិន​ស្អាត។ យើង​នឹង​ប្រគល់​ទៅ​ក្នុង​កណ្ដាប់​ដៃ នៃ​សាសន៍​ដទៃ​ធ្វើ​ជា​រំពា និង​ពួក​មនុស្ស​នៅ​ផែន​ដី​ប្លន់​យក ពួក​នោះ​នឹង​បន្ទាប​បន្ថោក​របស់​ទាំង​នោះ។ យើង​នឹង​បែរ​មុខ​ចេញ​ពី​គេ ហើយ​គេ​នឹង​បង្អាប់​ទី​កំបាំង របស់​យើង​ដែរ និង​មាន​ពួក​ចោរ​ចូល​ទៅ​ធ្វើ​បង្អាប់​ទី​នោះ។ ចូរ​ធ្វើ​ច្រវាក់ ព្រោះ​ស្រុក​នេះ​ពោពេញ​ដោយ​អំពើ​ឧក្រិដ្ឋ ហើយ​ទី​ក្រុង​ពោពេញ​ដោយ​កំហឹង យើង​នឹង​នាំ​សាសន៍​ដែល​កាច​អាក្រក់​បំផុត ឲ្យ​មក​ចាប់​យក​ផ្ទះ​របស់​គេ យើង​នឹង​បំបាក់​អំនួត​របស់​មនុស្ស​ខ្លាំង​ពូកែ ហើយ​ទី​បរិសុទ្ធ​ទាំង​ប៉ុន្មាន​របស់​គេ នឹង​ត្រូវ​អាប់‌ឱន​ចុះ។ ពេល​ការ​បំផ្លាញ​មក​ដល់ គេ​នឹង​ស្វែង​រក​សេចក្ដី​សុខ‌សាន្ត តែ​រក​មិន​បាន​សោះ។ មហន្ត‌រាយ​កើត​មាន​ផ្ទួនៗ ហើយ​ក៏​នឹង​ឮ​ពាក្យ​ចចាម អារាម​អាក្រក់​ជា​បន្ត​បន្ទាប់ គេ​ស្វែង​រក​និមិត្ត​ពី​ពួក​ហោរា ប៉ុន្តែ ក្រឹត្យ‌វិន័យ​នឹង​បាត់​អស់ ហើយ​គ្មាន​ការ​ប្រឹក្សា​ពី​ចាស់​ទុំ​ទៀត​ដែរ។ ស្តេច​កាន់​ទុក្ខ ហើយ​ពួក​ចៅ‌ហ្វាយ​អស់​សង្ឃឹម ឯ​ដៃ​ប្រជាជន​នៅ​ក្នុង​ស្រុក​ត្រូវ​ញ័រ​រន្ធត់ យើង​នឹង​ធ្វើ​ដល់​គេ​តាម​អំពើ​ដែល​គេ​ប្រព្រឹត្ត ហើយ​នឹង​ជំនុំ‌ជម្រះ​គេ តាម​គួរ​នឹង​ទោស​របស់​គេ នោះ​គេ​នឹង​ដឹង​ថា យើង​នេះ​ហើយ ជា​ព្រះ‌យេហូវ៉ា​ពិត។

ចែក​រំលែក
អាន អេសេគាល 7

អេសេគាល 7:1-27 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖ «កូន​មនុស្ស​អើយ យើង​ជា​ព្រះ‌ជា‌អម្ចាស់ យើង​ប្រាប់​ឲ្យ​អ្នក​ដឹង​ថា ស្រុក​អ៊ីស្រា‌អែល​ត្រូវ​វិនាស​ហើយ មហន្ត‌រាយ​កំពុង​តែ​ចូល​មក​តាម​ទិស​ទាំង​បួន! អ៊ីស្រា‌អែល​អើយ ចុង​បញ្ចប់​របស់​អ្នក​មក​ដល់​ហើយ យើង​នឹង​ជះ​កំហឹង​ទៅ​លើ​អ្នក យើង​នឹង​វិនិច្ឆ័យ​ទោស​អ្នក តាម​អំពើ​ដែល​អ្នក​ប្រព្រឹត្ត យើង​នឹង​ដាក់​ទោស​អ្នក ព្រោះ​តែ​ព្រះ​ដ៏​គួរ​ស្អប់​ខ្ពើម​ទាំង​ប៉ុន្មាន​របស់​អ្នក។ យើង​នឹង​មិន​អាណិត​មេត្តា​អ្នក ហើយ​យើង​ក៏​មិន​ត្រា​ប្រណី​អ្នក​ដែរ យើង​នឹង​ដាក់​ទោស​អ្នក ព្រោះ​តែ​អំពើ​អាក្រក់​ដែល​អ្នក​ប្រព្រឹត្ត និង​ការ​គោរព​ព្រះ​ដ៏​គួរ​ស្អប់​ខ្ពើម​ក្នុង​ចំណោម​អ្នក។ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​នេះ​ហើយ​ជា​ព្រះ‌អម្ចាស់»។ ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ទុក្ខ​វេទនា​មក​ដល់​ហើយ! គឺ​ទុក្ខ​វេទនា​ខុស​ប្លែក​ពី​ធម្មតា! ចុង​បញ្ចប់​កំពុង​តែ​មក ចុង​បញ្ចប់​មក​ដល់​ហើយ ចុង​បញ្ចប់​មក​ប្រឆាំង​នឹង​អ្នក​យ៉ាង​ឆាប់ៗ ចុង​បញ្ចប់​មក​ដល់​ហើយ! អ្នក​ស្រុក​អើយ ពេល​ដែល​អ្នក​ត្រូវ​វិនាស​មក​ដល់​ហើយ ពេល​កំណត់​ក៏​មក​ដល់​ដែរ។ ថ្ងៃ​នោះ​មក​ដល់​ហើយ គឺ​ថ្ងៃ​ដែល​លែង​មាន​សម្រែក​អរ​សប្បាយ​នៅ​តាម​ភ្នំ ផ្ទុយ​ទៅ​វិញ មាន​តែ​សម្រែក​ស្លន់‌ស្លោ។ ឥឡូវ​នេះ យើង​ត្រៀម​ខ្លួន​ជះ​កំហឹង​លើ​អ្នក ឥត​បង្អង់​ឡើយ។ យើង​នឹង​ធ្វើ​ទោស​អ្នក​តាម​កំហឹង​របស់​យើង រហូត​ដល់​ចប់​ចុង​ចប់​ដើម ព្រោះ​តែ​អំពើ​អាក្រក់​ដែល​អ្នក​ប្រព្រឹត្ត។ យើង​នឹង​វិនិច្ឆ័យ​ទោស​អ្នក ព្រោះ​តែ​ព្រះ​ដ៏​គួរ​ស្អប់​ខ្ពើម​ទាំង​ប៉ុន្មាន​របស់​អ្នក។ យើង​នឹង​មិន​អាណិត​មេត្តា​អ្នក ហើយ​យើង​ក៏​មិន​ត្រា​ប្រណី​អ្នក​ដែរ យើង​នឹង​ដាក់​ទោស​អ្នក ស្រប​តាម​អំពើ​អាក្រក់​ដែល​អ្នក​ប្រព្រឹត្ត ដោយ​គោរព​ព្រះ​ដ៏​គួរ​ស្អប់​ខ្ពើម​ទាំង​ប៉ុន្មាន។ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​នេះ​ហើយ​ជា​ព្រះ‌អម្ចាស់​ដែល​បាន​វាយ​អ្នក»។ នុ៎ះ‌ន៏​ថ្ងៃ​កំណត់! ថ្ងៃ​កំណត់​មក​ដល់​ហើយ! ពេល​ដែល​ត្រូវ​វិនាស​មក​ដល់​ហើយ អំពើ​ឃោរ‌ឃៅ​កាន់​តែ​រីក​ចម្រើន មនុស្ស​ព្រហើន​កើន​ដល់​កម្រិត! អំពើ​ហិង្សា​ក៏​កើន​ឡើង ធ្វើ​ឲ្យ​អំពើ​អាក្រក់​រឹត​តែ​ឃោរ‌ឃៅ។ ពួក​គេ​គ្មាន​នៅ​សល់​អ្វី​ទៀត​ទេ គឺ​បាត់​បង់​ទ្រព្យ​សម្បត្តិ បាត់​បង់​កិត្តិយស និង​ភាព​ថ្លៃ‌ថ្នូរ។ ពេល​កំណត់​មក​ដល់​ហើយ ថ្ងៃ​កំណត់​ក៏​មក​ដល់​ដែរ! អ្នក​ទិញ​មិន​ត្រូវ​អរ​សប្បាយ អ្នក​លក់​មិន​ត្រូវ​សោក​សង្រេង ដ្បិត​មហន្ត‌រាយ​នឹង​កើត​មាន​ដល់​ប្រជា‌ជន​ទាំង​អស់! អ្នក​លក់​ពុំ​អាច​ប្រមូល​យក​អ្វីៗ​ដែល​ខ្លួន​លក់​នោះ​បាន​មក​វិញ​ទេ ទោះ​បី​គេ​នៅ​មាន​ជីវិត​ក៏​ដោយ។ ពាក្យ​ដែល​យើង​ប្រកាស​ដាក់​ទោស​ប្រជា‌ជន​ទាំង​នោះ នឹង​សម្រេច​ជា​រូប​រាង។ ដោយ‌សារ​កំហុស​ដែល​ម្នាក់ៗ​ប្រព្រឹត្ត ពួក​គេ​មិន​អាច​រក្សា​ជីវិត​របស់​ខ្លួន​បាន​ឡើយ។ សំឡេង​ត្រែ​លាន់​ឮ​ឡើង គ្រប់ៗ​គ្នា​ប្រុង​ប្រៀប​ខ្លួន​ជា​ស្រេច ប៉ុន្តែ គ្មាន​នរណា​ម្នាក់​ចេញ​ទៅ​ច្បាំង​ទេ ដ្បិត​មហន្ត‌រាយ​នឹង​កើត​មាន​ដល់​ប្រជា‌ជន​ទាំង​អស់! ខាង​ក្រៅ​មាន​សង្គ្រាម ខាង​ក្នុង​ផ្ទះ​មាន​ជំងឺ​រាត​ត្បាត និង​ទុរ្ភិក្ស អ្នក​នៅ​តាម​ស្រែ​ចម្ការ​នឹង​ស្លាប់​ដោយ​មុខ​ដាវ រីឯ​អ្នក​នៅ​ក្នុង​ក្រុង​នឹង​ត្រូវ​វិនាស​ដោយ​ទុរ្ភិក្ស និង​ជំងឺ​រាត​ត្បាត។ អ្នក​ដែល​គេច​ខ្លួន​រួច នាំ​គ្នា​រត់​ទៅ​រស់​នៅ​តាម​ភ្នំ ដូច​ព្រាប​រស់​នៅ​តាម​ជ្រលង​ភ្នំ។ ពួក​គេ​ទាំង​អស់​គ្នា​ស្រែក​ថ្ងូរ ព្រោះ​តែ​កំហុស​ដែល​ម្នាក់ៗ​បាន​ប្រព្រឹត្ត។ ពួក​គេ​អស់​កម្លាំង ទន់​ដៃ​ទន់​ជើង។ ពួក​គេ​ស្លៀក​បាវ​កាន់​ទុក្ខ ទាំង​ភ័យ​ញ័រ​រន្ធត់ ពួក​គេ​បាក់​មុខ ហើយ​កោរ​សក់​ទាំង​អស់​គ្នា។ ពួក​គេ​បាច​ប្រាក់​របស់​ខ្លួន​ចោល​តាម​ផ្លូវ មាស​របស់​គេ​ក៏​អស់​តម្លៃ។ នៅ​ថ្ងៃ​ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ ប្រាក់ និង​មាស​ពុំ​អាច​រំដោះ​ពួក​គេ ឲ្យ​រួច​ខ្លួន​ឡើយ។ ពួក​គេ​ក៏​ពុំ​អាច​យក​មាស​ប្រាក់​នេះ ទៅ​ទិញ​អ្វី​មក​ចម្អែត​ក្រពះ​បាន​ដែរ ដ្បិត​មាស និង​ប្រាក់ ជា​មូល​ហេតុ នាំ​ពួក​គេ​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប។ គ្រឿង​អលង្ការ​ធ្វើ​ឲ្យ​ពួក​គេ​មាន​ចិត្ត​អំនួត ពួក​គេ​យក​គ្រឿង​អលង្ការ​ទាំង​នោះ​ទៅ​សូន ធ្វើ​ជា​រូប​ព្រះ​ដ៏​ចង្រៃ គួរ​ស្អប់​ខ្ពើម។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ធ្វើ​ឲ្យ គ្រឿង​អលង្ការ​របស់​ពួក​គេ​អស់​តម្លៃ។ យើង​នឹង​បណ្ដោយ​ឲ្យ​សាសន៍​ដទៃ រឹប​អូស​យក​គ្រឿង​អលង្ការ​ទាំង​នោះ ហើយ​ឲ្យ​ពួក​ចោរ​ប្លន់​យក​ជា​របស់​ជយ‌ភណ្ឌ ព្រម​ទាំង​ប្រមាថ​រូប​ព្រះ​ធ្វើ​ពី គ្រឿង​អលង្ការ​ទាំង​នោះ​ទៀត​ផង។ ទោះ​បី​មាន​ចោរ​ប្លន់ ហើយ​ប្រមាថ​សម្បត្តិ​ក្នុង​ដំណាក់​របស់​យើង​ក្ដី ក៏​យើង​មិន​រវី‌រវល់​ដែរ។ «ចូរ​រៀបចំ​ច្រវាក់ ដ្បិត​ស្រុក​នេះ​ពោរ‌ពេញ​ដោយ​អំពើ​ឧក្រិដ្ឋ ទីក្រុង​ពោរ‌ពេញ​ដោយ​អំពើ​ឃោរ‌ឃៅ។ យើង​នឹង​នាំ​ប្រជា‌ជាតិ​ដ៏​សាហាវ​បំផុត ឲ្យ​មក​រឹប​អូស​យក​ផ្ទះ​របស់​ពួក​គេ យើង​នឹង​បំបាក់​អំនួត​របស់​ពួក​ខ្លាំង​ពូកែ ហើយ​ខ្មាំង​នឹង​ប្រមាថ​ទីសក្ការៈ​របស់​ពួក​គេ។ ភយន្ត‌រាយ​មក​ដល់​ហើយ! ពួក​គេ​ប្រាថ្នា​ចង់​បាន​សេចក្ដី​សុខ តែ​គ្មាន​សេចក្ដី​សុខ​ឡើយ! មហន្ត‌រាយ​កើត​មាន​ផ្ទួនៗ​គ្នា ដំណឹង​មិន​ល្អ​ក៏​លេច​ឮ​ជា​បន្ត​បន្ទាប់​ដែរ។ គេ​ចង់​ដឹង​និមិត្ត‌ហេតុ​អស្ចារ្យ​ពី​ព្យាការី* ដ្បិត​ពួក​បូជា‌ចារ្យ*​លែង​ទូន្មាន​ពួក​គេ ហើយ​ពួក​ព្រឹទ្ធា‌ចារ្យ* ក៏​លែង​ផ្ដល់​យោបល់​អ្វី​ទៀត​ដែរ។ ស្ដេច​កាន់​ទុក្ខ មេ​ដឹក​នាំ​អស់​សង្ឃឹម ប្រជា‌ជន​នៅ​ក្នុង​ស្រុក​បាក់​ទឹក​ចិត្ត។ យើង​នឹង​ប្រព្រឹត្ត​ចំពោះ​ពួក​គេ តាម​អំពើ​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត យើង​នឹង​វិនិច្ឆ័យ​ទោស​ពួក​គេ តាម​ការ​វិនិច្ឆ័យ​របស់​ពួក​គេ​ផ្ទាល់។ ពេល​នោះ ពួក​គេ​នឹង​ដឹង​ថា យើង​ជា​ព្រះ‌អម្ចាស់»។

ចែក​រំលែក
អាន អេសេគាល 7

អេសេគាល 7:1-27 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្ញុំ​ថា ឱ​កូន​មនុស្ស​អើយ ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​បន្ទូល​នឹង​ស្រុក​អ៊ីស្រាអែល​ដូច្នេះ​ថា ដល់​កំណត់​ហើយ គឺ​ដល់​ចុង​បំផុត​នៃ​ស្រុក​ទាំង​៤​ទិស​ហើយ ពេល​នេះ​ជា​ចុង​បំផុត​របស់​ឯង​ពិត អញ​នឹង​ចាត់​សេចក្ដី​កំហឹង​របស់​អញ​ទៅ​លើ​ឯង ហើយ​នឹង​ជំនុំ‌ជំរះ​ឯង​តាម​គ្រប់​ទាំង​អំពើ​របស់​ឯង ព្រម​ទាំង​ទំលាក់​អស់​ទាំង​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​ឯង មក​លើ​ឯង​ផង ភ្នែក​អញ​នឹង​មិន​ប្រណី ឬ​អាណិត​មេត្តា​ដល់​ឯង​ឡើយ គឺ​អញ​នឹង​ទំលាក់​អស់​ទាំង​អំពើ​របស់​ឯង​មក​លើ​ឯង នោះ​អស់​ទាំង​របស់​គួរ​ស្អប់​ខ្ពើម​របស់​ឯង នឹង​នៅ​កណ្តាល​ឯង​ហើយ ដូច្នេះ ឯង​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត។ ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា មាន​ការ​អាក្រក់ គឺ​ការ​អាក្រក់​តែ​១ មើល ការ​នោះ​កំពុង​តែ​មក​ហើយ ដល់​ចុង​បំផុត​ហើយ ចុង​បំផុត​បាន​មក​ដល់ គឺ​បាន​ភ្ញាក់​ឡើង​មក​ទាស់​នឹង​ឯង មើល‌ន៏ កំពុង​តែ​មក​ហើយ ឱ​អ្នក​ស្រុក​អើយ កំណត់​ឯង​បាន​មក​ដល់​ហើយ ពេល​ក៏​បាន​មក ថ្ងៃ​នោះ​ជិត​ដល់ គឺ​ជា​ថ្ងៃ​ដែល​ឮ​សូរ​អឺង‌កង មិន​មែន​ជា​សូរ​សំរែក​ដោយ​អំណរ​នៅ​លើ​ភ្នំ​ទេ ឥឡូវ​នេះ អញ​ហៀប​នឹង​ចាក់​សេចក្ដី​ក្រោធ​របស់​អញ​ទៅ​លើ​ឯង ហើយ​នឹង​សំរេច​សេចក្ដី​កំហឹង​របស់​អញ​ដល់​ឯង អញ​នឹង​ជំនុំ‌ជំរះ​ឯង​តាម​អំពើ​ដែល​ឯង​ប្រព្រឹត្ត ហើយ​នឹង​ទំលាក់​អស់​ទាំង​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​ឯង​ទៅ​លើ​ឯង​ផង ភ្នែក​អញ​នឹង​មិន​ប្រណី​ឡើយ អញ​ក៏​មិន​អាណិត​មេត្តា​ដល់​ឯង​ដែរ អញ​នឹង​សង​ឯង​តាម​អំពើ​ដែល​ឯង​ប្រព្រឹត្ត ហើយ​របស់​គួរ​ស្អប់​ខ្ពើម​ទាំង​ប៉ុន្មាន​របស់​ឯង នឹង​នៅ​កណ្តាល​ឯង​ដែរ នោះ​ឯង​រាល់​គ្នា​នឹង​ដឹង​ថា គឺ​អញ​នេះ​ហើយ ជា​ព្រះ‌យេហូវ៉ា​ដែល​វាយ​ឯង​ពិត។ មើល‌ន៏ ថ្ងៃ​ដល់​ហើយ មើល កំពុង​តែ​មក​កំណត់​បាន​ចេញ​បំព្រាង​មក​ហើយ ឯ​ដំបង បាន​បែក​ផ្កា សេចក្ដី​អំនួត​បាន​ប៉ិច​ឡើង សេចក្ដី​ច្រឡោត​បាន​ដុះ​ឡើង ជា​ដំបង​នៃ​សេចក្ដី​អាក្រក់ ឥត​មាន​ពួក​គេ​ណា ឬ​ពួក​ទ័ព​កក‌កុញ​របស់​គេ ឬ​ទ្រព្យ​សម្បត្តិ​របស់​គេ​ណា​បាន​រួច​ឡើយ ក៏​នឹង​គ្មាន​អ្នក​ណា​សោក​ស្រណោះ​ដល់​គេ​ដែរ ពេល​វេលា​បាន​មក​ដល់ ថ្ងៃ​កាន់​តែ​ជិត​ហើយ កុំ​បី​ឲ្យ​អ្នក​ដែល​ទទួល​បញ្ចាំ បាន​អរ​សប្បាយ ឬ​អ្នក​ដែល​លក់​បញ្ចាំ​ឲ្យ​គេ បាន​ស្តាយ​ឡើយ ដ្បិត​សេចក្ដី​ក្រោធ​បាន​មក​លើ​អស់​ទាំង​ពួក​កក‌កុញ​នេះ​ហើយ ឯ​អ្នក​ដែល​បញ្ចាំ ទោះ​បើ​បាន​គង់​ជីវិត​នៅ​ក៏​ដោយ គង់​តែ​មិន​ត្រឡប់​ទៅ​ឯ​ធន‌ធាន ដែល​បាន​បញ្ចាំ វិញ​នោះ​ទេ ដ្បិត​ការ​ជាក់‌ស្តែង​នេះ​ដំរូវ​លើ​ជន‌ជាតិ​ទាំង​អស់​គ្នា នឹង​គ្មាន​ណា​មួយ​វិល​មក​វិញ​ឡើយ ក៏​ឥត​មាន​អ្នក​ណា​អាច​ឲ្យ​ជីវិត​ខ្លួន​ស្ថិត‌ស្ថេរ​នៅ​ដោយ​អំពើ​ទុច្ចរិត​បាន​ដែរ។ គេ​បាន​ផ្លុំ​ត្រែ ហើយ​ទាំង​អស់​បាន​រៀប​ជា​ស្រេច តែ​គ្មាន​អ្នក​ណា​ចេញ​ទៅ​តស៊ូ​ឡើយ ដ្បិត​សេចក្ដី​ក្រោធ​របស់​អញ គ្រប​សង្កត់​លើ​ពួក​ទ័ព​កក‌កុញ​របស់​គេ​ទាំង​អស់ ឯ​ខាង​ក្រៅ មាន​ដាវ ហើយ​ខាង​ក្នុង មាន​អាសន្ន‌រោគ នឹង​អំណត់​អត់ អ្នក​ណា​ដែល​នៅ​ឯ​វាល នឹង​ត្រូវ​ស្លាប់​ដោយ​ដាវ ហើយ​អ្នក​ដែល​នៅ​ក្នុង​ទី​ក្រុង នោះ​អំណត់​អត់ នឹង​អាសន្ន‌រោគ​នឹង​លេប​គេ​ទៅ តែ​ពួក​ណា​ដែល​រត់​រួច​បាន នោះ​នឹង​រួច​ជីវិត ហើយ​នឹង​នៅ​លើ​ភ្នំ​ដូច​ជា​ព្រាប​នៃ​ច្រក​ភ្នំ គ្រប់​គ្នា​កំពុង​តែ​យំ​ថ្ងូរ ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​រៀង​ខ្លួន មនុស្ស​ទាំង​អស់​នឹង​ខ្សោយ​ដៃ ហើយ​ជង្គង់​គ្រប់​គ្នា​នឹង​ទន់​ដូច​ជា​ទឹក គេ​នឹង​ស្លៀក​សំពត់​ធ្មៃ ហើយ​នឹង​មាន​សេចក្ដី​ស្ញែង‌ខ្លាច​ហ៊ុមហ​គេ មុខ​គេ​ទាំង​អស់​នឹង​មាន​សេចក្ដី​ខ្មាស ហើយ​គេ​នឹង​កោរ​សក់​គ្រប់​គ្នា គេ​នឹង​បោះ​ចោល​ប្រាក់​របស់​គេ​ទៅ​ក្នុង​ផ្លូវ ហើយ​មាស​គេ​នឹង​ទុក​ដូច​ជា​របស់​មិន​ស្អាត អស់​ទាំង​ប្រាក់ នឹង​មាស​របស់​គេ​នឹង​ជួយ​ឲ្យ​គេ​រួច នៅ​ថ្ងៃ​នៃ​សេចក្ដី​ក្រោធ​របស់​ព្រះ‌យេហូវ៉ា​មិន​បាន គេ​នឹង​មិន​ស្កប់​ចិត្ត​ឡើយ ក៏​មិន​បាន​ឆ្អែត​ពោះ​ដោយ​របស់​នោះ​ដែរ ពី​ព្រោះ​គឺ​របស់​នោះ​ឯង ដែល​នាំ​ឲ្យ​គេ​ចំពប់​ដួល​ទៅ​ក្នុង​អំពើ​ទុច្ចរិត​របស់​ខ្លួន ឯ​គ្រឿង​ដ៏​លំអ​របស់​គេ នោះ​ទ្រង់​បាន​តាំង​ឡើង​ឲ្យ​មាន​សេចក្ដី​រុងរឿង តែ​គេ​បាន​ធ្វើ​រូប​នៃ​អស់​ទាំង​របស់​គួរ​ស្អប់​ខ្ពើម នឹង​របស់​គួរ​ឆ្អើម​របស់​គេ នៅ​ក្នុង​ទី​នោះ​វិញ បាន​ជា​អញ​ធ្វើ​ឲ្យ​ត្រឡប់​ដូច​ជា​របស់​ស្មោក‌គ្រោក​ដល់​គេ អញ​នឹង​ប្រគល់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​សាសន៍​ដទៃ​ទុក​ជា​រំពា នឹង​ដល់​ពួក​អាក្រក់​នៅ​ផែនដី​ទុក​ជា​របឹប ហើយ​ពួក​នោះ​នឹង​ធ្វើ​បង្អាប់​ទៅ អញ​នឹង​បែរ​មុខ​ចេញ​ពី​គេ ហើយ​គេ​នឹង​បង្អាប់​ទី​កំបាំង​របស់​អញ​ដែរ នឹង​មាន​ពួក​ចោរ​ចូល​ទៅ​ធ្វើ​បង្អាប់​ទី​នោះ។ ចូរ​ធ្វើ​ច្រវាក់​ចុះ ពី​ព្រោះ​ស្រុក​នេះ​មាន​ពេញ​ដោយ​ទោស​ជា​កំចាយ​ឈាម ហើយ​ទី​ក្រុង​ដ៏​មាន​ពេញ​ដោយ​សេចក្ដី​ច្រឡោត ដូច្នេះ អញ​នឹង​នាំ​សាសន៍​ដែល​កាច​អាក្រក់​បំផុត​ឲ្យ​មក សាសន៍​នោះ​នឹង​ចាប់​យក​ផ្ទះ‌សំបែង​របស់​គេ​បាន អញ​នឹង​បំបាត់​សេចក្ដី​អំនួត​របស់​មនុស្ស​ខ្លាំង​ពូកែ​ដែរ ហើយ​ទី​បរិសុទ្ធ​ទាំង​ប៉ុន្មាន​របស់​គេ​នឹង​ត្រូវ​អាប់‌ឱន​ចុះ មាន​ការ​បំផ្លាញ​មក នោះ​គេ​នឹង​ស្វែង​រក​សេចក្ដី​សុខ‌សាន្ត តែ​នឹង​គ្មាន​សោះ សេចក្ដី​វិនាស​នឹង​មក​ខ្ជាន់ៗ ហើយ​នឹង​ឮ​ដំណឹង​មក​ផ្ទួនៗ នោះ​គេ​នឹង​ស្វែង​រក​ការ​ជាក់‌ស្តែង​ពី​ពួក​ហោរា ប៉ុន្តែក្រឹត្យ‌វិន័យ​នឹង​វិនាស​បាត់​ពី​ពួក​សង្ឃ ហើយ​សេចក្ដី​ប្រឹក្សា​ពី​ពួក​ចាស់‌ទុំ​ទៅ​ដែរ ឯ​ស្តេច ទ្រង់​នឹង​ទួញ​ពិលាប ហើយ​ពួក​ចៅហ្វាយ​នឹង​ប្រដាប់​ខ្លួន​ដោយ​សេចក្ដី​ស្រឡាំង‌កាំង ឯ​ដៃ​នៃ​ប្រជា‌ជន​នៅ​ក្នុង​ស្រុក នោះ​នឹង​ត្រូវ​ញ័រ​រន្ធត់ អញ​នឹង​ធ្វើ​ដល់​គេ​តាម​អំពើ​ដែល​គេ​ប្រព្រឹត្ត ហើយ​នឹង​ជំនុំ‌ជំរះ​គេ តាម​គួរ​នឹង​ទោស​របស់​គេ នោះ​គេ​នឹង​ដឹង​ថា អញ​នេះ​ហើយ ជា​ព្រះ‌យេហូវ៉ា​ពិត។

ចែក​រំលែក
អាន អេសេគាល 7