អេសេគាល 6:1-14
អេសេគាល 6:1-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ខ្ញុំថា៖ «កូនមនុស្សអើយ ចូរបែរមុខទៅភ្នំនៅស្រុកអ៊ីស្រាអែល ហើយថ្លែងប្រាប់គេថា ភ្នំទាំងឡាយនៅស្រុកអ៊ីស្រាអែលអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដល់ទាំងភ្នំធំ ភ្នំតូច ទាំងជ្រោះទឹក និងច្រកភ្នំទាំងប៉ុន្មានថា គឺយើងនេះហើយ នឹងនាំដាវមកលើអ្នករាល់គ្នា ហើយយើងនឹងបំផ្លាញអស់ទាំងទីខ្ពស់របស់អ្នក។ អស់ទាំងអាសនារបស់អ្នកនឹងត្រូវខូច ហើយរូបព្រះអាទិត្យរបស់អ្នកនឹងត្រូវបាក់បែក យើងនឹងបោះពួកអ្នកដែលត្រូវស្លាប់ចុះ នៅមុខរូបព្រះរបស់អ្នក។ យើងនឹងផ្តេកសាកសពរបស់ពួកកូនចៅអ៊ីស្រាអែល នៅមុខរូបព្រះរបស់គេ ហើយនឹងកម្ចាត់កម្ចាយឆ្អឹងអ្នក នៅជុំវិញអាសនារបស់អ្នក។ នៅទីណាដែលអ្នករាល់គ្នាអាស្រ័យនៅ ទីក្រុងទាំងនោះនឹងត្រូវវិនាស ហើយទីខ្ពស់ៗនឹងត្រូវខូចបង់ ដើម្បីឲ្យអាសនារបស់អ្នករាល់គ្នាត្រូវអន្តរាយ ហើយខូចបង់ រូបព្រះរបស់អ្នករាល់គ្នាត្រូវបាក់បែក ហើយវិនាសអន្តរាយ អាសនាដុតគ្រឿងក្រអូបរបស់អ្នករាល់គ្នាត្រូវកាប់រំលំ ឯស្នាដៃរបស់អ្នករាល់គ្នាក៏ត្រូវរលាយបាត់អស់ដែរ។ ពួកអ្នកដែលត្រូវសម្លាប់ គេនឹងដួលនៅកណ្ដាលអ្នក នោះអ្នករាល់គ្នានឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត។ ប៉ុន្តែ យើងនឹងឲ្យមានសល់នៅខ្លះ ដើម្បីឲ្យមានអ្នកដែលរួចពីដាវនៅកណ្ដាលសាសន៍ដទៃ ក្នុងកាលដែលអ្នករាល់គ្នាត្រូវខ្ចាត់ខ្ចាយទៅតាមស្រុកផ្សេងៗ។ ពួកអ្នកដែលរួច គេនឹងនឹកចាំពីយើងនៅកណ្ដាលអស់ទាំងសាសន៍ ដែលត្រូវចាប់ទៅជាឈ្លើយ គឺនឹកពីយើង ដែលបានបំបាក់ចិត្តកំផិតរបស់គេ ដែលបានប្រាសចេញពីយើងទៅ ព្រមទាំងភ្នែកគេដែលផិតតាមរូបរបស់ព្រះខ្លួនផង នោះគេនឹងមើលខ្លួន ដោយខ្ពើមឆ្អើម ព្រោះអំពើអាក្រក់ដែលគេបានប្រព្រឹត្ត ក្នុងអស់ទាំងការគួរស្អប់ខ្ពើមរបស់គេ។ គេនឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត ដែលយើងបានថា នឹងធ្វើការអាក្រក់ទាំងនេះដល់គេ នោះមិនមែនជាពាក្យលេងទេ។ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ «ចូរទះដៃ ហើយតន្ត្រំជើងចុះ ដោយពាក្យថា វរហើយ ដោយព្រោះការគួរស្អប់ខ្ពើមដ៏អាក្រក់របស់ពូជពង្សអ៊ីស្រាអែល ដ្បិតគេនឹងត្រូវដួលដោយដាវ ដោយគ្រោះទុរ្ភិក្ស និងដោយអាសន្នរោគ។ អ្នកណាដែលនៅឆ្ងាយ នឹងស្លាប់ដោយអាសន្នរោគ អ្នកដែលនៅជិត នឹងស្លាប់ដោយដាវ ហើយពួកសល់នៅក្នុងទីក្រុង ដែលត្រូវគេឡោមព័ទ្ធ នឹងស្លាប់ដោយគ្រោះទុរ្ភិក្សវិញ គឺយ៉ាងនោះដែលយើងនឹងសម្រេចសេចក្ដីក្រោធរបស់យើងទៅលើគេ។ អ្នករាល់គ្នានឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត ក្នុងកាលដែលពួកអ្នកដែលត្រូវគេសម្លាប់ បានដេករណែលកណ្ដាលអស់ទាំងរូបព្រះរបស់ខ្លួន នៅជុំវិញអាសនា លើគ្រប់ទាំងទួលខ្ពស់គ្រប់ទាំងកំពូលភ្នំ នៅក្រោមគ្រប់ទាំងដើមឈើខៀវខ្ចី នឹងនៅក្រោមគ្រប់ទាំងដើមម៉ៃសាក់ញឹកស្នឹត ជាកន្លែងដែលគេបានដុតគ្រឿងក្រអូប ថ្វាយដល់រូបព្រះទាំងប៉ុន្មានរបស់គេ។ យើងនឹងលូកដៃទៅលើគេ និងធ្វើឲ្យស្រុកគេត្រូវខូចបង់ ហើយស្ងាត់ច្រៀប លើសជាងទីរហោស្ថានដែលនៅខាងរីបឡា ទៅទៀត គឺនៅគ្រប់ទាំងទីកន្លែងណាដែលគេអាស្រ័យនៅផង នោះគេនឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត»។
អេសេគាល 6:1-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖ «កូនមនុស្សអើយ! ចូរបែរមុខទៅរកភ្នំនៅស្រុកអ៊ីស្រាអែល ហើយថ្លែងពាក្យយើងឲ្យគេស្ដាប់។ ចូរពោលថា: ភ្នំទាំងឡាយនៅស្រុកអ៊ីស្រាអែលអើយ ចូរស្ដាប់ព្រះបន្ទូលរបស់ព្រះជាអម្ចាស់! ដ្បិតព្រះជាអម្ចាស់មានព្រះបន្ទូលមកកាន់ភ្នំតូចធំ ព្រមទាំងជ្រោះ និងជ្រលងភ្នំទាំងអស់ដូចតទៅ “យើងមកដល់ហើយ យើងធ្វើឲ្យសង្គ្រាមកើតមានដល់អ្នករាល់គ្នា យើងនឹងកម្ទេចកន្លែងសក្ការៈនៅតាមទួលខ្ពស់ៗរបស់អ្នករាល់គ្នា។ អាសនៈរបស់អ្នករាល់គ្នានឹងត្រូវអន្តរាយ ហើយកន្លែងដុតគ្រឿងក្រអូបរបស់អ្នករាល់គ្នា ក៏ត្រូវបាក់បែកអស់ដែរ។ យើងនឹងធ្វើឲ្យអ្នករាល់គ្នាមួយចំនួនធំ ដួលស្លាប់នៅមុខព្រះក្លែងក្លាយទាំងនោះ។ យើងនឹងយកសាកសពជនជាតិអ៊ីស្រាអែល ដាក់នៅមុខរូបព្រះក្លែងក្លាយរបស់ខ្លួន ហើយយើងធ្វើឲ្យឆ្អឹងរបស់អ្នករាល់គ្នា នៅរាយប៉ាយជុំវិញអាសនៈរបស់អ្នករាល់គ្នា។ គ្រប់ទីកន្លែងដែលអ្នករាល់គ្នាទៅរស់នៅ ក្រុងរបស់អ្នករាល់គ្នានឹងត្រូវវិនាស ទីសក្ការៈរបស់អ្នករាល់គ្នានឹងត្រូវហិនហោច អាសនៈរបស់អ្នករាល់គ្នាក៏នឹងត្រូវវិនាសអន្តរាយដែរ រូបព្រះក្លែងក្លាយរបស់អ្នករាល់គ្នានឹងត្រូវបាក់បែក ហើយរលាយសូន្យ កន្លែងដែលអ្នករាល់គ្នាដុតគ្រឿងក្រអូបមុខជាត្រូវរលំ រីឯព្រះដែលជាស្នាដៃរបស់អ្នករាល់គ្នា ក៏ត្រូវរលាយបាត់អស់ទៅដែរ។ មានប្រជាជនមួយចំនួនក្នុងចំណោមអ្នករាល់គ្នានឹងដួលស្លាប់ ពេលនោះ ទើបអ្នករាល់គ្នាដឹងថា យើងពិតជាព្រះអម្ចាស់មែន។ ប៉ុន្តែ យើងនឹងទុកអ្នករាល់គ្នាមួយចំនួនឲ្យនៅសេសសល់ អ្នកទាំងនោះនឹងគេចផុតពីមុខដាវ ហើយទៅរស់នៅក្នុងចំណោមប្រជាជាតិទាំងឡាយ។ ពេលរស់នៅក្នុងចំណោមប្រជាជាតិនានា ប្រជាជនដែលនៅសេសសល់ទាំងនោះនឹងនឹកឃើញយើង។ យើងធ្វើឲ្យពួកគេគ្រាំគ្រាចិត្ត ព្រោះពួកគេបានប្រព្រឹត្តអំពើផិតក្បត់ ងាកចេញឆ្ងាយពីយើង ទៅចាប់ចិត្តលើព្រះក្លែងក្លាយ។ ពួកគេនឹកខ្មាសខ្លួនឯង ព្រោះតែអំពើទុច្ចរិតដែលខ្លួនបានប្រព្រឹត្ត ដោយគោរពបម្រើព្រះគួរស្អប់ខ្ពើម។ ពួកគេនឹងទទួលស្គាល់ថា យើងនេះហើយជាព្រះអម្ចាស់ យើងមិនមែននិយាយឥតបានការទេ គឺយើងដាក់ទោសពួកគេតាមពាក្យរបស់យើង”។ ព្រះជាអម្ចាស់មានព្រះបន្ទូលថា “ចូរគក់ទ្រូង និងទន្ទ្រាំជើង ទាំងស្រែកយំសោកស្ដាយ ព្រោះតែអំពើអាក្រក់ថោកទាប ដែលជនជាតិអ៊ីស្រាអែលបានប្រព្រឹត្ត។ ពួកគេនឹងស្លាប់ដោយមុខដាវ ដោយទុរ្ភិក្ស និងដោយជំងឺរាតត្បាត។ អ្នកនៅឆ្ងាយនឹងស្លាប់ដោយជំងឺរាតត្បាត អ្នកនៅជិតនឹងស្លាប់ដោយមុខដាវ អ្នកដែលនៅសេសសល់ ត្រូវខ្មាំងឡោមព័ទ្ធ និងស្លាប់ដោយទុរ្ភិក្ស។ យើងនឹងដាក់ទោសពួកគេ រហូតចប់ចុងចប់ដើម តាមកំហឹងរបស់យើង។ ពេលណាប្រជាជនរបស់គេដួលស្លាប់ ក្នុងចំណោមរូបព្រះក្លែងក្លាយរបស់ខ្លួន នៅជុំវិញអាសនៈ នៅតាមទួលខ្ពស់ៗ នៅតាមកំពូលភ្នំ ក្រោមដើមឈើខៀវខ្ចី និងក្រោមដើមជ្រៃដ៏ស្កឹមស្កៃ គឺស្លាប់នៅតាមកន្លែងដែលពួកគេដុតគ្រឿងក្រអូប សែនព្រះក្លែងក្លាយទាំងប៉ុន្មាន នោះទើបអ្នករាល់គ្នាទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន។ យើងនឹងលើកដៃប្រហារពួកគេ យើងនឹងធ្វើឲ្យស្រុករបស់ពួកគេ គឺគ្រប់ទីកន្លែងដែលពួកគេរស់នៅ ក្លាយទៅជាទីស្មសានដ៏ស្ងាត់ជ្រងំ គឺចាប់តាំងពីវាលរហោស្ថាន រហូតដល់ក្រុងឌីបឡា។ ពេលនោះ ទើបពួកគេទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន”»។
អេសេគាល 6:1-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ខ្ញុំថា កូនមនុស្សអើយ ចូរដំរង់មុខទៅឯភ្នំស្រុកអ៊ីស្រាអែល ហើយទាយប្រាប់គេថា ម្នាលភ្នំស្រុកអ៊ីស្រាអែលអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានបន្ទូលដល់ទាំងភ្នំធំ ភ្នំតូច ទាំងជ្រោះទឹក នឹងច្រកភ្នំទាំងប៉ុន្មានថា មើល អញ គឺអញនេះហើយ នឹងនាំដាវមកលើឯងរាល់គ្នា ហើយអញនឹងបំផ្លាញអស់ទាំងទីខ្ពស់របស់ឯងបង់ អស់ទាំងអាសនារបស់ឯង នឹងត្រូវខូចលាញ ហើយរូបព្រះអាទិត្យរបស់ឯងនឹងត្រូវបាក់បែក អញនឹងបោះពួកឯងដែលត្រូវស្លាប់ចុះ នៅមុខរូបព្រះរបស់ឯង អញនឹងផ្តេកសាកសពរបស់ពួកកូនចៅអ៊ីស្រាអែល នៅមុខរូបព្រះរបស់គេ ហើយនឹងកំចាត់កំចាយឆ្អឹងឯង នៅជុំវិញអាសនារបស់ឯង នៅអស់ទាំងទីណាដែលឯងរាល់គ្នាអាស្រ័យនៅ នោះទីក្រុងទាំងប៉ុន្មាននឹងត្រូវខូចបង់ ហើយអស់ទាំងទីខ្ពស់នឹងត្រូវចោលស្ងាត់ ដើម្បីឲ្យអាសនាទាំងប៉ុន្មានរបស់ឯងត្រូវបំផ្លាញ ហើយនៅស្ងាត់ច្រៀប នឹងឲ្យរូបព្រះរបស់ឯងទាំងប៉ុន្មានត្រូវបាក់បែក ហើយលែងមានទៀត ព្រមទាំងឲ្យរូបព្រះអាទិត្យរបស់ឯងត្រូវកាប់រំលំផង ប្រយោជន៍ឲ្យស្នាដៃទាំងប៉ុន្មានរបស់ឯងបានសាបសូន្យទៅ ពួកអ្នកដែលត្រូវសំឡាប់ គេនឹងដួលនៅកណ្តាលឯង នោះឯងរាល់គ្នានឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត។ ប៉ុន្តែអញនឹងឲ្យមានសល់នៅខ្លះ ដើម្បីឲ្យឯងរាល់គ្នាមានអ្នកខ្លះដែលនឹងរួចពីដាវនៅកណ្តាលសាសន៍ដទៃ ក្នុងកាលដែលឯងរាល់គ្នាត្រូវខ្ចាត់ខ្ចាយទៅ នៅអស់ទាំងស្រុក ឯពួកអ្នកដែលរួច គេនឹងនឹកចាំពីអញនៅកណ្តាលអស់ទាំងសាសន៍ ដែលគេត្រូវដឹកនាំទៅជាឈ្លើយនោះ គឺនឹកពីអញ ដែលបានបំបាក់ចិត្តកំផិតរបស់គេ ដែលបានប្រាសចេញពីអញទៅ ព្រមទាំងភ្នែកគេដែលផិតតាមរូបព្រះរបស់ខ្លួនផង នោះគេនឹងមើលខ្លួន ដោយខ្ពើមឆ្អើម ព្រោះអំពើអាក្រក់ដែលគេបានប្រព្រឹត្ត ក្នុងអស់ទាំងការគួរស្អប់ខ្ពើមរបស់គេ គេនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត ហើយដែលអញបានថា នឹងធ្វើការអាក្រក់ទាំងនេះដល់គេ នោះមិនមែនជាពាក្យលេងទេ។ ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា ចូរទះដៃ ហើយតន្ត្រំជើងចុះ ដោយពាក្យថា វរហើយ ដោយព្រោះការគួរស្អប់ខ្ពើមដ៏អាក្រក់ របស់ពូជពង្សអ៊ីស្រាអែល ដ្បិតគេនឹងត្រូវដួលដោយដាវ ដោយអំណត់អត់ ហើយដោយអាសន្នរោគ អ្នកណាដែលនៅឆ្ងាយ នឹងស្លាប់ដោយអាសន្នរោគ អ្នកដែលនៅជិត នឹងស្លាប់ដោយដាវ ហើយពួកសល់នៅក្នុងទីក្រុង ដែលត្រូវគេឡោមព័ទ្ធ នោះនឹងស្លាប់ដោយអំណត់អត់វិញ គឺយ៉ាងនោះដែលអញនឹងសំរេចសេចក្ដីក្រោធរបស់អញដល់គេ ឯងរាល់គ្នានឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត ក្នុងកាលដែលពួកអ្នកដែលត្រូវគេសំឡាប់ បានដេករណែលកណ្តាលអស់ទាំងរូបព្រះរបស់ខ្លួន នៅជុំវិញអាសនា លើគ្រប់ទាំងទួលខ្ពស់គ្រប់ទាំងកំពូលភ្នំ នៅក្រោមគ្រប់ទាំងដើមឈើខៀវខ្ចី នឹងនៅក្រោមគ្រប់ទាំងដើមម៉ៃសាក់ញឹកស្នឹត ជាកន្លែងដែលគេបានដុតគ្រឿងក្រអូប ថ្វាយដល់រូបព្រះទាំងប៉ុន្មានរបស់គេ អញនឹងលូកដៃទៅលើគេ នឹងធ្វើឲ្យស្រុកគេត្រូវខូចបង់ ហើយស្ងាត់ច្រៀប លើសជាងទីរហោស្ថានដែលនៅខាងឌីបឡាទៅទៀត គឺនៅគ្រប់ទាំងទីកន្លែងណាដែលគេអាស្រ័យនៅផង នោះគេនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត។