អេសេគាល 5:1-17
អេសេគាល 5:1-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កូនមនុស្សអើយ ចូរយកកាំបិតមុត ជាកាំបិតរបស់ជាងកោរ មកកោរសក់ និងពុកចង្កាអ្នក រួចយកជញ្ជីងមកថ្លឹង ហើយបែងចែកសក់នោះ មួយភាគបី អ្នកត្រូវដុតនៅកណ្ដាលទីក្រុង នៅពេលដែលគ្រប់ចំនួនថ្ងៃនៃការឡោមព័ទ្ធនោះហើយមួយភាគបីទៀត ត្រូវយកដាវកាប់ក្រឡឹងជុំវិញទីក្រុង ហើយមួយភាគបីទៀត ត្រូវគ្រវែងចោលឲ្យខ្យល់ផាត់ទៅ រួចយើងនឹងហូតដាវដេញតាមពីក្រោយ។ អ្នកត្រូវយកសរសៃសក់នោះបន្តិចមកចងនៅជាយអាវអ្នក ហើយចំណែកខ្លះពីចំនួនសរសៃសក់ទាំងនោះ អ្នកត្រូវយកខ្លះបោះទៅក្នុងភ្លើងទៅ នឹងមានភ្លើងឆេះចេញពីនោះមកទាស់នឹងពូជពង្សអ៊ីស្រាអែលទាំងអស់។ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ «នេះគឺជាក្រុងយេរូសាឡិម ដែលយើងបានតាំងឲ្យនៅកណ្ដាលអស់ទាំងសាសន៍ និងប្រទេសទាំងប៉ុន្មាននៅជុំវិញ។ ប៉ុន្តែ គេបានរឹងទទឹងនឹងបញ្ញត្តិច្បាប់របស់យើង ដោយប្រព្រឹត្តអំពើអាក្រក់ លើសជាងអស់ទាំងសាសន៍ ហើយរឹងទទឹងនឹងក្រឹត្យក្រមរបស់យើង លើសជាងប្រទេសនៅជុំវិញទាំងប៉ុន្មាន ដ្បិតគេបានបោះបង់ចោលបញ្ញត្តិច្បាប់របស់យើងឥតដែលដើរតាមសោះ»។ ហេតុនោះ បានជាព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលថា៖ «ដោយព្រោះអ្នករាល់គ្នាជ្រួលជ្រើមលើសជាងអស់ទាំងសាសន៍ដែលនៅជុំវិញ អ្នកមិនបានដើរតាមច្បាប់ ឬរក្សាបញ្ញត្តិរបស់យើង ហើយក៏មិនបានប្រព្រឹត្តតាមបញ្ញត្តិរបស់សាសន៍ទាំងប៉ុន្មាន ដែលនៅជុំវិញអ្នកផង។ បានជាព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលថា គឺយើងនេះហើយ បានទាស់នឹងអ្នក យើងនឹងសម្រេចសេចក្ដីយុត្តិធម៌ នៅកណ្ដាលអ្នក ឲ្យសាសន៍ដទៃបានឃើញដែរ។ យើងនឹងធ្វើការមួយនៅក្នុងអ្នក ជាការដែលយើងមិនដែលធ្វើពីដើមមក ហើយទៅមុខទៀតក៏មិនដែលធ្វើឲ្យដូចឡើយ ដោយព្រោះអស់ទាំងការគួរស្អប់ខ្ពើមរបស់អ្នក។ ដូច្នេះ ឪពុកនឹងស៊ីកូន ហើយកូននឹងស៊ីឪពុក ហើយយើងនឹងសម្រេចសេចក្ដីយុត្តិធម៌ដល់អ្នក ព្រមទាំងកម្ចាត់កម្ចាយសំណល់របស់អ្នកទៅគ្រប់ទិសទី»។ ដូច្នេះ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលថា៖ «ដូចជាយើងរស់នៅ ប្រាកដជាយើងនឹងបន្ថយអ្នកកាន់តែតិចទៅ ភ្នែកយើងនឹងមើលអ្នក ដោយឥតប្រណី ហើយយើងនឹងមិនអាណិតមេត្តាដល់អ្នកឡើយ ព្រោះអ្នកបានបង្អាប់ទីបរិសុទ្ធរបស់យើង ដោយរបស់គួរស្អប់ខ្ពើម ហើយគួរឆ្អើមទាំងប៉ុន្មានរបស់អ្នក។ មួយភាគបីក្នុងចំណោមអ្នករាល់គ្នានឹងត្រូវស្លាប់ ដោយអាសន្នរោគ និងភាពអត់ឃ្លាន មួយភាគបីទៀតនឹងដួលស្លាប់ដោយដាវ ហើយមួយភាគបី យើងនឹងកម្ចាត់កម្ចាយទៅតាមខ្យល់គ្រប់ទិសទី ក៏នឹងមានដាវដេញតាមក្រោយគេទៀតផង។ គឺយ៉ាងនោះឯង ដែលសេចក្ដីក្រោធរបស់យើងនឹងបានសម្រេច ហើយយើងនឹងឲ្យសេចក្ដីក្រោធរបស់យើងនៅលើគេ នោះយើងនឹងបានរសាយចិត្ត កាលណាយើងបានសម្រេចសេចក្ដីក្រោធរបស់យើងដល់គេ នោះគេនឹងដឹងថា ជាយើងនេះហើយ គឺព្រះយេហូវ៉ា ជាព្រះដែលប្រច័ណ្ឌ។ យើងនឹងធ្វើឲ្យអ្នកហិនវិនាស ត្រូវគេមើលងាយ នៅកណ្ដាលអស់ទាំងសាសន៍ដែលនៅជុំវិញអ្នក និងអស់អ្នកដែលដើរកាត់តាមនោះ។ អ្នកនឹងឃើញការប្រៀនប្រដៅ ដែលនាំឲ្យសាសន៍ទាំងឡាយដែលនៅជុំវិញត្មះតិះដៀលអ្នក និងតក់ស្លុត ក្នុងកាលដែលយើងសម្រេចសេចក្ដីយុត្តិធម៌ដល់អ្នក ដោយកំហឹងយ៉ាងឃោរឃៅ ហើយបន្ទោសខ្លាំងៗ (យើងនេះគឺយេហូវ៉ា បានចេញវាចាហើយ)។ ពេលយើងប្រើព្រួញជាសេចក្ដីអំណត់ ព្រួញបំផ្លាញដែលយើងនឹងចាត់មកលើអ្នករាល់គ្នា យើងនឹងធ្វើឲ្យមានអំណត់កាន់តែច្រើនឡើងៗទៅលើអ្នក ហើយនឹងផ្តាច់ស្បៀងអាហាររបស់អ្នករាល់គ្នា។ យើងនឹងចាត់អំណត់ សត្វកំណាចមកលើអ្នករាល់គ្នា សត្វនោះនឹងប្រហារកូនចៅរបស់អ្នករាល់គ្នា ហើយនឹងមានទាំងអាសន្នរោគ និងឈាមមកកណ្ដាលអ្នករាល់គ្នាដែរ យើងនឹងនាំដាវមកលើអ្នក យើងនេះ គឺយេហូវ៉ា បានចេញវាចាហើយ»។
អេសេគាល 5:1-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
«កូនមនុស្សអើយ ចូរយកដាវមួយយ៉ាងមុត មកធ្វើកាំបិតកោរ ហើយកោរសក់ និងកោរពុកមាត់ ពុកចង្ការបស់អ្នក រួចយកជញ្ជីងមកថ្លឹង បែងចែកជាច្រើនចំណែក។ ចូរយកមួយភាគបីទៅដុតកណ្ដាលទីក្រុង នៅពេលផុតកំណត់ថ្ងៃដែលអ្នកត្រូវឡោមព័ទ្ធទីក្រុងនោះ ចូរយកមួយភាគបីទៀតទៅកាប់នឹងដាវជុំវិញទីក្រុង ហើយបាចមួយភាគបីឲ្យប៉ើងទៅតាមខ្យល់។ យើងនឹងយកដាវដេញវាយពីក្រោយ។ ត្រូវយកមួយចំនួនតូចមកចងនឹងជាយសម្លៀកបំពាក់របស់អ្នក។ បន្ទាប់មក ចូរយកចំណែកខ្លះពីចំនួនតូចនោះបោះទៅក្នុងភ្លើង ហើយមានភ្លើងមួយចេញពីក្នុងនោះមកប្រឆាំងនឹងពូជពង្សអ៊ីស្រាអែលទាំងមូល»។ ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «នេះហើយក្រុងយេរូសាឡឹម! យើងបានដាក់ក្រុងនេះនៅកណ្ដាលប្រជាជាតិទាំងឡាយ និងមាននគរផ្សេងៗនៅជុំវិញ។ ប៉ុន្តែ អ្នកក្រុងយេរូសាឡឹមបានបះបោរប្រឆាំងនឹងវិន័យ និងច្បាប់របស់យើង គឺពួកគេអាក្រក់ជាងប្រជាជាតិ និងនគរទាំងប៉ុន្មានដែលនៅជុំវិញទៅទៀត ដ្បិតពួកគេបានបោះបង់ចោលវិន័យរបស់យើង ហើយមិនកាន់តាមច្បាប់របស់យើងទេ»។ ហេតុនេះ ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «អ្នករាល់គ្នាព្រហើនលើសប្រជាជាតិនានាដែលនៅជុំវិញ គឺអ្នករាល់គ្នាពុំបានធ្វើតាមច្បាប់ និងវិន័យរបស់យើងទេ។ លើសពីនេះទៀត សូម្បីតែទម្លាប់របស់ប្រជាជាតិដែលនៅជុំវិញ ក៏អ្នករាល់គ្នាមិនធ្វើតាមផង។ ហេតុនេះហើយបានជាយើងដែលជាព្រះជាអម្ចាស់ប្រាប់ថា យើងក៏ប្រឆាំងនឹងអ្នកដែរ យើងនឹងដាក់ទោសអ្នកឲ្យប្រជាជាតិនានាឃើញ។ យើងនឹងធ្វើទោសអ្នក ព្រោះអ្នកបានគោរពព្រះដ៏គួរស្អប់ខ្ពើមទាំងប៉ុន្មាន យើងនឹងដាក់ទោសអ្នក តាមរបៀបដែលយើងមិនធ្លាប់ប្រើពីមុន ហើយជារបៀបដែលយើងមិនប្រើនៅពេលខាងមុខទៀតដែរ គឺក្នុងក្រុងនេះ ឪពុកនឹងស៊ីសាច់កូន កូននឹងស៊ីសាច់ឪពុក។ យើងនឹងដាក់ទោសអ្នក ហើយកម្ចាត់ប្រជាជនដែលនៅសេសសល់ឲ្យទៅនៅគ្រប់ទិសទី»។ ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «យើងជាព្រះដែលមានព្រះជន្មគង់នៅ! ដោយអ្នកបានយករូបព្រះដ៏គួរស្អប់ខ្ពើម ជារូបដ៏ចង្រៃ មកដាក់នៅក្នុងទីសក្ការៈរបស់យើង ធ្វើឲ្យកន្លែងនេះទៅជាសៅហ្មង យើងនឹងដកប្រជាជនចេញពីអ្នក យើងនឹងមិនអាណិតមេត្តាអ្នកទេ ហើយយើងនឹងប្រព្រឹត្តចំពោះអ្នក ដោយឥតត្រាប្រណីឡើយ។ ប្រជាជនមួយភាគបីនៅក្រុងនេះនឹងត្រូវស្លាប់ ដោយជំងឺរាតត្បាត និងដោយទុរ្ភិក្ស មួយភាគបីនឹងស្លាប់ដោយមុខដាវ ហើយមួយភាគបីទៀត យើងនឹងកម្ចាត់កម្ចាយឲ្យទៅគ្រប់ទិសទី ដោយយកដាវដេញតាមពីក្រោយផង។ យើងនឹងបណ្ដោយតាមកំហឹងរបស់យើង រហូតចប់ចុងចប់ដើម។ យើងនឹងជះកំហឹងរបស់យើងលើពួកគេ រហូតទាល់តែអស់ចិត្ត។ ពេលនោះ ពួកគេនឹងដឹងថា យើងជាព្រះអម្ចាស់ដែលបាននិយាយជាមួយពួកគេ យើងដាក់ទោសគេតាមកំហឹងរបស់យើង ព្រោះយើងមានចិត្តប្រច័ណ្ឌ។ យើងនឹងធ្វើឲ្យអ្នកក្លាយទៅជាគំនរបាក់បែក បាត់បង់កិត្តិយសក្នុងចំណោមប្រជាជាតិដែលនៅជុំវិញ និងអស់អ្នកដែលដើរកាត់តាមនេះ។ ពេលឃើញយើងវាយប្រដៅ និងដាក់ទោសអ្នក តាមកំហឹងដ៏ខ្លាំងក្លារបស់យើងដូច្នេះ ប្រជាជាតិនានានៅជុំវិញនឹងមើលងាយ ជេរប្រមាថអ្នក។ ពួកគេតក់ស្លុត ហើយយករឿងរបស់អ្នកទៅព្រមានគ្នា។ យើងជាព្រះអម្ចាស់ យើងប្រកាសឲ្យអ្នកដឹងសេចក្ដីនេះ។ យើងនឹងធ្វើឲ្យទុរ្ភិក្សកើតមានដល់ប្រជាជនរបស់អ្នក បណ្ដាលឲ្យគេឈឺចុកចាប់ ដូចមានព្រួញបាញ់រះទៅលើពួកគេឲ្យវិនាស។ យើងនឹងធ្វើឲ្យទុរ្ភិក្សកើតមានដល់ពួកគេ កាន់តែខ្លាំងឡើង ដោយបំផ្លាញស្បៀងអាហារដែលពួកគេបានបង្ការទុក។ យើងនឹងចាត់ទុរ្ភិក្ស ព្រមទាំងសត្វសាហាវ ទៅប្រហារកូនចៅរបស់ពួកគេ។ ជំងឺរាតត្បាត ការបង្ហូរឈាម សង្គ្រាមនឹងកើតមានដល់ក្រុងនេះ។ យើងជាព្រះអម្ចាស់ យើងប្រកាសឲ្យអ្នកដឹងសេចក្ដីនេះ»។
អេសេគាល 5:1-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
មួយទៀត កូនមនុស្សអើយ ចូរយកកាំបិតមុត ជាកាំបិតរបស់ជាងកោរ មកកោរសក់នឹងពុកចង្កាឯងចុះ រួចយកត្រាជូមកថ្លឹង ហើយបែងចែកសក់នោះ ឯ១ភាគក្នុង៣ ត្រូវឲ្យឯងដុតនៅកណ្តាលទីក្រុង ក្នុងកាលដែលចំនួនថ្ងៃនៃការឡោមព័ទ្ធនោះបានសំរេច ១ភាគក្នុង៣ទៀត ត្រូវឲ្យយកកាំបិតកាត់ក្រឡឹងជុំវិញ ហើយ១ភាគក្នុង៣ទៀត ត្រូវឲ្យគ្រវែងចោលឲ្យខ្យល់ផាត់ទៅ រួចអញនឹងហូតដាវទៅតាមក្រោយ ត្រូវឲ្យឯងយកសរសៃសក់នោះប្រមាណបន្តិចមកចងនៅជាយអាវឯង រួចពីចំនួនសរសៃសក់ទាំងនោះ ត្រូវឲ្យឯងយកខ្លះបោះទៅក្នុងភ្លើងដុតទៅ នឹងមានភ្លើងចេញពីនោះមក ទាស់នឹងពូជពង្សអ៊ីស្រាអែលទាំងអស់។ ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានបន្ទូលដូច្នេះថា នេះគឺជាក្រុងយេរូសាឡិម ដែលអញបានតាំងឲ្យនៅកណ្តាលអស់ទាំងសាសន៍ នឹងប្រទេសទាំងប៉ុន្មាននៅជុំវិញ ប៉ុន្តែ វាបានរឹងទទឹងនឹងបញ្ញត្តច្បាប់របស់អញ ដោយប្រព្រឹត្តអំពើអាក្រក់ លើសជាងអស់ទាំងសាសន៍ ហើយរឹងទទឹងនឹងក្រឹត្យក្រមរបស់អញ លើសជាងប្រទេសនៅជុំវិញទាំងប៉ុន្មាន ដ្បិតគេបានបោះបង់ចោលបញ្ញត្តច្បាប់របស់អញឥតដែលដើរតាមសោះ ហេតុនោះបានជាព្រះអម្ចាស់យេហូវ៉ា ទ្រង់មានបន្ទូលថា ដោយព្រោះឯងរាល់គ្នាជ្រួលជ្រើមលើសជាងអស់ទាំងសាសន៍ ដែលនៅជុំវិញឯង ក៏មិនបានដើរតាមច្បាប់អញ ឬរក្សាបញ្ញត្តអញ ហើយមិនបានប្រព្រឹត្តតាមបញ្ញត្តរបស់សាសន៍ទាំងប៉ុន្មាន ដែលនៅជុំវិញឯងផង បានជាព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលថា មើល អញ គឺអញនេះហើយ បានទាស់នឹងឯង អញនឹងសំរេចសេចក្ដីយុត្តិធម៌នៅកណ្តាលឯង ឲ្យសាសន៍ដទៃបានឃើញដែរ អញនឹងធ្វើការ១នៅក្នុងឯង ជាការដែលអញមិនដែលធ្វើពីដើមមក ហើយទៅមុខទៀតក៏មិនដែលធ្វើឲ្យដូចឡើយ ដោយព្រោះអស់ទាំងការគួរស្អប់ខ្ពើមរបស់ឯង ដូច្នេះ ឪពុកនឹងស៊ីកូន ហើយកូននឹងស៊ីឪពុកនៅកណ្តាលឯង ហើយអញនឹងសំរេចសេចក្ដីយុត្តិធម៌ដល់ឯង ព្រមទាំងកំចាត់កំចាយសំណល់របស់ឯងទៅតាមខ្យល់ពីគ្រប់ទិស ហេតុនោះព្រះអម្ចាស់យេហូវ៉ាទ្រង់ស្បថថា ដូចជាអញរស់នៅ នោះប្រាកដជាអញនឹងបន្ថយឲ្យឯងកាន់តែតិចទៅ ភ្នែកអញនឹងមើលឯងដោយឥតប្រណី ហើយអញនឹងមិនអាណិតមេត្តាដល់ឯងឡើយ ដោយព្រោះបានបង្អាប់ទីបរិសុទ្ធរបស់អញ ដោយអស់ទាំងរបស់គួរស្អប់ខ្ពើម ហើយគួរឆ្អើមរបស់ឯង ពួកឯង១ភាគក្នុង៣នឹងត្រូវស្លាប់ ដោយអាសន្នរោគ ហើយនឹងត្រូវសូន្យទៅ ដោយអំណត់អត់នៅកណ្តាលឯង ឯ១ភាគក្នុង៣ទៀត នឹងដួលស្លាប់ដោយដាវ នៅជុំវិញឯង ហើយភាគទី៣ អញនឹងកំចាត់កំចាយទៅតាមខ្យល់គ្រប់ទិស រួចនឹងហូតដាវតាមក្រោយគេទៀត។ គឺយ៉ាងនោះឯង ដែលសេចក្ដីកំហឹងរបស់អញនឹងបានសំរេច ហើយអញនឹងឲ្យសេចក្ដីក្រោធរបស់អញនៅលើគេ នោះអញនឹងបានរសាយចិត្ត កាលណាអញបានសំរេចសេចក្ដីក្រោធរបស់អញដល់គេ នោះគេនឹងដឹងថា ជាអញនេះហើយ គឺព្រះយេហូវ៉ា ដែលបាននិយាយដោយសេចក្ដីស្រវាស្រទេញរបស់អញ អញនឹងធ្វើឲ្យឯងទៅជាទីខូចបង់ ហើយជាទីមើលងាយ នៅកណ្តាលអស់ទាំងសាសន៍ ដែលនៅជុំវិញឯង ឲ្យគ្រប់មនុស្សដែលដើរបង្ហួសបានឃើញផង ដូច្នេះ ការនោះនឹងបានជាហេតុ នាំឲ្យមានសេចក្ដីត្មះតិះដៀល សេចក្ដីអុចអាល សេចក្ដីប្រៀនប្រដៅ នឹងសេចក្ដីស្រឡាំងកាំង ដល់អស់ទាំងសាសន៍ដែលនៅជុំវិញឯង ក្នុងកាលដែលអញសំរេចសេចក្ដីយុត្តិធម៌ដល់ឯង ដោយសេចក្ដីកំហឹង សេចក្ដីឃោរឃៅ នឹងពាក្យបន្ទោសដោយក្តៅខ្លាំង (អញនេះគឺយេហូវ៉ា បានចេញវាចាហើយ) គឺក្នុងកាលដែលអញនឹងចាត់ប្រើព្រួញដ៏អាក្រក់នៃសេចក្ដីអំណត់ ដែលសំរាប់បំផ្លាញ ជាសេចក្ដីដែលអញនឹងចាត់មកលើឯងរាល់គ្នា នោះអញនឹងធ្វើឲ្យសេចក្ដីអំណត់អត់ចំរើនឡើង ដល់ឯង ហើយនឹងផ្តាច់ស្បៀងអាហាររបស់ឯងរាល់គ្នាបង់ អញនឹងបាត់សេចក្ដីអំណត់អត់ នឹងសត្វកំណាចមកលើឯងរាល់គ្នា នោះនឹងបំរាសកូនឯងទៅ ហើយនឹងមានទាំងអាសន្នរោគ នឹងឈាមមកកណ្តាលឯងផង អញនឹងនាំដាវមកលើឯង អញនេះ គឺយេហូវ៉ា បានចេញវាចាហើយ។