អេសេគាល 47:1-23
អេសេគាល 47:1-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
បន្ទាប់មក លោកនាំខ្ញុំត្រឡប់ទៅឯទ្វារនៃព្រះវិហារវិញ ឃើញមានទឹកចេញពីក្រោមមាត់ទ្វារនៃព្រះវិហារខាងកើត ដ្បិតមុខព្រះវិហារបែរទៅទិសខាងកើត ហើយទឹកនោះហូរមកពីខាងក្រោម ពីខាងស្តាំនៃព្រះវិហារ គឺពីខាងត្បូងអាសនា។ លោកនាំខ្ញុំចេញទៅតាមផ្លូវនៃទ្វារកំផែងខាងជើង ហើយនាំវាងទៅតាមផ្លូវខាងក្រៅ រហូតដល់ទ្វារកំផែងខាងក្រៅដែលបើកទៅខាងកើត ឃើញមានទឹកហូរចេញមកខាងស្តាំ។ លុះបានចេញទៅខាងកើត មនុស្សនោះក៏វាស់មួយពាន់ហត្ថ ដោយខ្សែដែលកាន់នៅដៃ លោកឲ្យខ្ញុំលុយកាត់ទឹក ឯទឹកនោះបានត្រឹមភ្នែកគោ។ លោកក៏វាស់មួយពាន់ហត្ថទៀត រួចឲ្យខ្ញុំលុយកាត់ទៅ ទឹកត្រង់នោះបានត្រឹមក្បាលជង្គង់ រួចលោកវាស់មួយពាន់ហត្ថទៀត ក៏ឲ្យខ្ញុំលុយកាត់ទៅ ត្រង់នោះទឹកដល់ត្រឹមចង្កេះ។ ក្រោយមក លោកវាស់មួយពាន់ហត្ថទៀត មានទន្លេដែលខ្ញុំលុយកាត់មិនបាន ដ្បិតទឹកបានខ្ពស់ឡើង ជាទឹកដែលល្មមហែលបាន គឺជាទន្លេដែលលុយពុំបានទេ។ លោកសួរមកខ្ញុំថា៖ «កូនមនុស្សអើយ តើបានឃើញហើយឬ?»។ រួចលោកនាំខ្ញុំឲ្យត្រឡប់ទៅឯមាត់ទន្លេនោះវិញ កាលខ្ញុំបានត្រឡប់ទៅដល់ហើយ ឃើញតាមមាត់ទន្លេ មានដើមឈើជាច្រើនទាំងសងខាង។ លោកក៏ប្រាប់ខ្ញុំថា៖ «ទឹកនេះហូរចេញទៅទិសខាងកើត ធ្លាក់ចុះទៅដល់ស្រុកវាល ហើយហូរធ្លាក់ទៅសមុទ្រ លុះហូរធ្លាក់ទៅក្នុងសមុទ្រហើយ ទឹកសមុទ្រនឹងទៅជាល្អវិញ។ កន្លែងណាដែលទន្លេនោះហូរ ទៅ សត្វទាំងអស់មានជីវិតរវើករវ័ណ្ឌ និងមានជីវិតរស់ ក៏មានត្រីច្រើនសន្ធឹក ដោយព្រោះទឹកនេះហូរទៅដល់ទីនោះ ហើយទឹកសមុទ្រនឹងបែ្រជាទឹកសាប ឯកន្លែងណាដែលទឹកទន្លេនេះហូរទៅដល់ នោះអ្វីៗទាំងអស់នឹងមានជីវិតរស់។ ពួកនេសាទត្រីនឹងឈរនៅមាត់សមុទ្រនោះ ចាប់ពីអេន-កេឌី រហូតដល់អេន-អេកលែម ទីនោះនឹងបានជាទីសម្រាប់បង់សំណាញ់ ឯត្រីនៅក្នុងទឹកនោះ នឹងមានយ៉ាងសន្ធឹកគ្រប់បែបតាមពូជ ដូចជាត្រីនៅក្នុងសមុទ្រធំដែរ តែទីល្បាប់ និងបឹងនៅទីនោះ នឹងមិនបានសាបល្អវិញទេ កន្លែងទាំងនោះនឹងបានទុកសម្រាប់ធ្វើអំបិលវិញ ឯតាមមាត់ច្រាំងទាំងសងខាងទន្លេនោះ នឹងមានដុះដើមឈើគ្រប់យ៉ាង សម្រាប់ជាអាហារ ជាដើមដែលស្លឹកមិនស្រពោនឡើយ ហើយមិនដែលខានមានផ្លែដែរ គឺនឹងកើតផ្លែថ្មីរាល់តែខែ ពីព្រោះទឹកនោះចេញពីទីបរិសុទ្ធមក ហើយផ្លែឈើទាំងនោះ នឹងបានសម្រាប់ជាអាហារ ឯស្លឹកក៏សម្រាប់នឹងកែរោគឲ្យជាដែរ»។ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ «នេះជាព្រំប្រទល់ ដែលអ្នករាល់គ្នានឹងចែកទុកជាមត៌ក តាមកុលសម្ព័ន្ធសាសន៍អ៊ីស្រាអែលទាំងដប់ ឯពួកយ៉ូសែបនឹងត្រូវបានពីរចំណែក។ អ្នករាល់គ្នានឹងបានស្រុកទុកជាមត៌កស្មើគ្នាទាំងអស់ ដ្បិតយើងបានស្បថនឹងឲ្យស្រុកនេះដល់បុព្វបុរសអ្នករាល់គ្នាហើយ ដូច្នេះ ស្រុកនេះនឹងបានបន្តដល់អ្នករាល់គ្នា ទុកជាមត៌កដែរ នេះជាព្រំប្រទល់ស្រុក គឺខាងជើងចាប់ពីសមុទ្រធំ តាមផ្លូវហេតឡូនរហូតដល់ឡេបូ-ហាម៉ាត រួចបន្តទៅសេដាត់ ក្រុងហាម៉ាត ក្រុងបេរ៉ូថា ក្រុងស៊ីបរ៉ែម ដែលនៅកណ្ដាលដែនស្រុកដាម៉ាស និងស្រុកហាម៉ាត ហើយហាសា-ហាទីកុន ដែលនៅក្បែរព្រំប្រទល់ហាវរ៉ុន។ ដូច្នេះ ព្រំប្រទល់នឹងលាតសន្ឋឹងចាប់ពីសមុទ្រគឺហាសា-អេណាន រហូតដល់ស្រុកដាម៉ាស ឯខាងជើងនោះជាព្រំប្រទល់ហាម៉ាត នេះហើយជាព្រំប្រទល់ខាងជើង។ ឯព្រំដែនខាងកើត គឺនៅចន្លោះស្រុកហាវរ៉ុន និងស្រុកដាម៉ាស តាមដងទន្លេយ័រដាន់ ចន្លោះស្រុកកាឡាត និងស្រុកអ៊ីស្រាអែល រហូតដល់សមុទ្រខាងកើត ត្រឹមតាម៉ារ។ នេះជាព្រំដែនខាងកើត។ ឯព្រំដែនខាងត្បូង លាតសន្ធឹងចាប់ពីតាម៉ារ រហូតដល់ទឹកមេរីបា-កាដេស តាមជ្រោះទឹកអេស៊ីព្ទ ដែលហូរធ្លាក់ទៅសមុទ្រធំ។ នេះជាព្រំដែនខាងត្បូង។ ខាងលិច គឺជាសមុទ្រធំ ចាប់តាំងពីព្រំដែនខាងត្បូងទៅ ត្រឹមទល់ដែននឹងទ្វារស្រុកហាម៉ាត នេះជាព្រំខាងលិច។ អ្នករាល់គ្នាត្រូវចែកស្រុកនេះតាមកុលសម្ព័ន្ធទាំងប៉ុន្មាននៃសាសន៍អ៊ីស្រាអែល។ ត្រូវចែកគ្នាដោយចាប់ឆ្នោត ទុកជាមត៌កសម្រាប់អ្នករាល់គ្នា ហើយសម្រាប់ពួកសាសន៍ដទៃ ដែលអាស្រ័យនៅកណ្ដាលអ្នករាល់គ្នា ជាពួកអ្នកដែលនឹងបង្កើតកូន នៅកណ្ដាលអ្នកដែរ អ្នកទាំងនោះនឹងបានដូចអ្នកដែលកើតនៅក្នុងស្រុកអ៊ីស្រាអែល ដល់អ្នករាល់គ្នា គេនឹងបានមត៌កនៅក្នុងកុលសម្ព័ន្ធទាំងប៉ុន្មាននៃអ៊ីស្រាអែល ជាមួយអ្នករាល់គ្នាដែរ ឯសាសន៍ដទៃទាំងនោះអាស្រ័យនៅក្នុងកុលសម្ព័ន្ធណា អ្នកទាំងអស់គ្នាត្រូវចែកឲ្យមានមត៌កនៅទីនោះ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់យេហូវ៉ា»។
អេសេគាល 47:1-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បុរសនោះនាំខ្ញុំឆ្ពោះទៅកាន់ទ្វារព្រះដំណាក់វិញ។ នៅទីនោះ ខ្ញុំឃើញទឹកផុសចេញពីក្រោមមាត់ទ្វារ ហូរទៅទិសខាងកើត ព្រោះព្រះដំណាក់បែរមុខទៅខាងកើត។ ទឹកហូរចុះទៅខាងស្ដាំព្រះដំណាក់ កាត់តាមខាងត្បូងអាសនៈ។ បុរសនោះនាំខ្ញុំចេញពីទីលានតាមខ្លោងទ្វារខាងជើង ហើយនាំខ្ញុំដើរវាងព្រះដំណាក់ រហូតដល់ខាងក្រៅទ្វារខាងកើត។ នៅទីនោះ ទឹកក៏ហូរចេញពីខាងស្ដាំមកដែរ។ កាលបុរសនោះចេញទៅខាងកើត ទាំងកាន់ខ្សែរង្វាស់លោកវាស់មួយពាន់ហត្ថ រួចឲ្យខ្ញុំដើរលុយទឹក ទឹកឡើងដល់ត្រឹមភ្នែកគោល។ លោកវាស់មួយពាន់ហត្ថទៀត ហើយឲ្យខ្ញុំដើរលុយទឹកទឹកឡើងដល់ត្រឹមក្បាលជង្គង់។ លោកវាស់មួយពាន់ហត្ថសាជាថ្មីទៀត រួចឲ្យខ្ញុំលុយទឹក លើកនេះទឹកឡើងដល់ត្រឹមចង្កេះ។ លោកវាស់ថែមមួយពាន់ហត្ថទៀត ពេលនោះ ទឹកហូរខ្លាំងដូចទឹកស្ទឹង ខ្ញុំលុយលែងកើតត្រូវតែហែល ព្រោះទឹកឡើងខ្លាំងពេកហើយជ្រៅផង។ លោកប្រាប់ខ្ញុំថា៖ «កូនមនុស្សអើយ! តើអ្នកឃើញឬទេ?» លោកក៏នាំខ្ញុំទៅមាត់ស្ទឹងវិញ។ កាលខ្ញុំមកដល់មាត់ស្ទឹង ឃើញមានដើមឈើជាច្រើនដុះទាំងសងខាង។ លោកប្រាប់ខ្ញុំថា៖ «ទឹកនេះហូរទៅស្រុកខាងកើត ចុះទៅដល់តំបន់ទន្លេយ័រដាន់ រួចហូរចាក់ទៅសមុទ្រធ្វើឲ្យទឹកសមុទ្រប្រែជាទឹកសាប។ ស្ទឹងនេះហូរកាត់កន្លែងណា កន្លែងនោះមានសត្វគ្រប់ប្រភេទរស់នៅរវើករវ័ណ្ឌ ហើយមានត្រីដ៏ច្រើនឥតគណនា ដ្បិតទឹកនេះហូរចូលសមុទ្រ ធ្វើឲ្យទឹកសមុទ្រនោះប្រែទៅជាទឹកសាប។ ទឹកនេះហូរទៅកន្លែងណា ជីវិតនឹងកើតមាននៅកន្លែងនោះ។ ពេលនោះ មានអ្នកនេសាទរាយអួនរបស់ខ្លួនចាប់ពីអេន-កេឌី រហូតដល់អេន-អេកលែម។ ត្រីនៅក្នុងនោះ មានពូជច្រើនប្រភេទ ដូចពូជត្រីនៅក្នុងមហាសាគរ។ រីឯទឹកនៅតាមព្រៃល្បប់ និងព្រៃរនាមជាប់នឹងសមុទ្រនោះ នៅតែប្រៃដដែល ព្រោះជាកន្លែងបម្រុងទុកសម្រាប់ធ្វើអំបិល។ នៅតាមមាត់ស្ទឹងទាំងសងខាង មានដើមឈើស៊ីផ្លែគ្រប់មុខដុះ ស្លឹកវាមិនចេះស្រពោនឡើយ ហើយផ្លែក៏មិនចេះអស់ដែរ។ រៀងរាល់ខែ ដើមឈើទាំងនោះផ្ដល់ផ្លែថ្មីមិនដាច់ ដ្បិតវាទទួលទឹកដែលហូរចេញពីទីសក្ការៈមក។ គេបេះផ្លែឈើនេះធ្វើជាអាហារ ហើយយកស្លឹកវាធ្វើជាថ្នាំសង្កូវសម្រាប់កែរោគផង»។ ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «អ្នករាល់គ្នាត្រូវបែងចែកទឹកដីឲ្យកុលសម្ព័ន្ធទាំងដប់ពីរនៃជនជាតិអ៊ីស្រាអែលដូចតទៅ: កូនចៅយ៉ូសែបទទួលពីរចំណែក។ ក្រៅពីនោះ អ្នករាល់គ្នាត្រូវបែងចែកឲ្យស្មើ គឺស្របតាមពាក្យដែលយើងបានសន្យាយ៉ាងឱឡារិកថា នឹងប្រគល់ឲ្យដូនតារបស់អ្នករាល់គ្នា។ ដូច្នេះ ទឹកដីនេះត្រូវបានជាកេរមត៌ករបស់អ្នករាល់គ្នា។ ព្រំស្រុករបស់អ្នករាល់គ្នាមានដូចតទៅ: ខាងជើងត្រូវគិតពីសមុទ្រមេឌីទែរ៉ាណេ ផ្លូវទៅហេតឡូនរហូតដល់ច្រកចូលសេដាត ហាម៉ាត់ បេរ៉ូថា ស៊ីបរ៉ែម ដែលនៅចន្លោះព្រំដែនដាម៉ាស និងព្រំដែនហាម៉ាត់ ហាសា-ហាទីកុន នៅព្រំដែនហារ៉ុន។ ដូច្នេះ ព្រំដែនខាងជើងត្រូវលាតសន្ធឹងចាប់ពីសមុទ្រ កាត់តាមហាសា-អេណាន ព្រំប្រទល់ដាម៉ាស សាផូនខាងជើង និងព្រំប្រទល់ស្រុកហាម៉ាត់។ ព្រំដែនខាងកើត គឺទន្លេយ័រដាន់ នៅចន្លោះហាវរ៉ុន ដាម៉ាស និងកាឡាដ ព្រមទាំងស្រុកអ៊ីស្រាអែល។ ព្រំដែនខាងកើតនេះ ត្រូវវាស់ចាប់ពីព្រំប្រទល់ខាងជើង រហូតដល់សមុទ្រខាងកើត។ ព្រំប្រទល់ខាងត្បូងលាតសន្ធឹងចាប់ពីតាម៉ារ រហូតដល់ប្រភពទឹកមេរីបា នៅវាលរហោស្ថានកាដេស និងរហូតដល់ទឹកអូដែលហូរចាក់ទៅក្នុងសមុទ្រមេឌីទែរ៉ាណេ។ ព្រំដែនខាងលិច គឺសមុទ្រមេឌីទែរ៉ាណេ ដោយគិតចាប់តាំងពីព្រំប្រទល់ខាងត្បូង រហូតទៅដល់ច្រកចូលហាម៉ាត់។ ត្រូវចែកទឹកដីគ្នាតាមកុលសម្ព័ន្ធនៃជនជាតិអ៊ីស្រាអែល។ ត្រូវបែងចែកដីនេះជាចំណែកមត៌ក ដោយចាប់ឆ្នោតក្នុងចំណោមអ្នករាល់គ្នា។ រីឯជនបរទេសដែលរស់នៅជាមួយ ហើយបង្កើតកូនចៅក្នុងចំណោមអ្នករាល់គ្នា ត្រូវរាប់ជាម្ចាស់ស្រុកដូចជនជាតិអ៊ីស្រាអែលដែរ គឺឲ្យគេចាប់ឆ្នោតទទួលដីជាចំណែកមត៌ក ជាមួយកុលសម្ព័ន្ធទាំងឡាយនៃជនជាតិអ៊ីស្រាអែលដែរ។ ដូច្នេះ ជនបរទេសស្នាក់ជាមួយកុលសម្ព័ន្ធណា ត្រូវចែកដីឲ្យគេក្នុងកុលសម្ព័ន្ធនោះ ទុកជាចំណែកមត៌កផង - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់»។
អេសេគាល 47:1-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រួចលោកនាំខ្ញុំ វិលទៅឯទ្វារនៃព្រះវិហារវិញ នោះឃើញមានទឹក ចេញពីក្រោមមាត់ទ្វារនៃព្រះវិហារខាងកើត ដ្បិតមុខព្រះវិហារបែរទៅទិសខាងកើត ហើយទឹកនោះហូរមកពីខាងក្រោម ពីខាងស្តាំនៃព្រះវិហារ គឺពីខាងត្បូងអាសនា រួចលោកនាំខ្ញុំចេញទៅតាមផ្លូវនៃទ្វារកំផែងខាងជើង ហើយនាំវាងទៅតាមផ្លូវខាងក្រៅ រហូតដល់ទ្វារកំផែងខាងក្រៅដែលបើកទៅខាងកើត នោះឃើញមានទឹកហូរចេញមកខាងស្តាំ លុះបានចេញទៅខាងកើត មនុស្សនោះក៏វាស់១ពាន់ហត្ថ ដោយខ្សែដែលកាន់នៅដៃ នោះលោកឲ្យខ្ញុំលុយកាត់ទឹក ឯទឹកនោះបានត្រឹមភ្នែកគោ លោកក៏វាស់១ពាន់ហត្ថទៀត រួចឲ្យខ្ញុំលុយកាត់ទៅ ទឹកត្រង់នោះបានត្រឹមក្បាលជង្គង់ រួចលោកវាស់១ពាន់ហត្ថទៀត ក៏ឲ្យខ្ញុំលុយកាត់ទៅ ត្រង់នោះទឹកបានដល់ត្រឹមចង្កេះ ក្រោយនោះលោកវាស់១ពាន់ហត្ថទៀត នោះមានទន្លេដែលខ្ញុំលុយកាត់មិនបាន ដ្បិតទឹកបានខ្ពស់ឡើង ជាទឹកដែលល្មមហែលបាន គឺជាទន្លេដែលលុយពុំបានទេ។ នោះលោកសួរមកខ្ញុំថា កូនមនុស្សអើយ តើបានឃើញហើយឬ រួចលោកនាំខ្ញុំឲ្យត្រឡប់ទៅឯមាត់ទន្លេនោះវិញ កាលខ្ញុំបានត្រឡប់ទៅដល់ហើយ នោះឃើញតាមមាត់ទន្លេ មានដើមឈើជាច្រើន ទាំងខាងនេះ នឹងខាងនោះផង លោកក៏ប្រាប់ខ្ញុំថា ទឹកនេះហូរចេញទៅទិសខាងកើតធ្លាក់ចុះទៅដល់ស្រុកវាល រួចនឹងហូរធ្លាក់ទៅឯសមុទ្រ លុះហូរធ្លាក់ទៅក្នុងសមុទ្រហើយ នោះទឹកសមុទ្រនឹងទៅជាល្អវិញ ហើយគ្រប់ទាំងសត្វមានជីវិត ដែលរវើកនៅគ្រប់កន្លែងណាដែលទន្លេនោះហូរ នឹងបានរស់នៅ ក៏នឹងមានត្រីយ៉ាងសន្ធឹក ដោយព្រោះទឹកទាំងនេះបានហូរទៅដល់ទីនោះ ហើយទឹកសមុទ្រនោះនឹងបានល្អ ឯកន្លែងណាដែលទឹកទន្លេនេះហូរទៅដល់ នោះគ្រប់ទាំងអស់នឹងរស់នៅ ពួកនេសាទត្រីនឹងឈរនៅមាត់ទឹកនោះ ចាប់តាំងពីអេន-កេឌី រហូតដល់អេន-អេកលែម ទីនោះនឹងបានជាទីសំរាប់បង់សំណាញ់ ឯត្រីនៅក្នុងទឹកនោះ នឹងមានយ៉ាងសន្ធឹកគ្រប់បែបតាមពូជ ដូចជាត្រីនៅក្នុងសមុទ្រធំដែរ តែទីល្បាប់ នឹងបឹងនៅទីនោះ នឹងមិនបានសាបល្អវិញទេ កន្លែងទាំងនោះនឹងបានទុកសំរាប់ធ្វើអំបិលវិញ ឯតាមមាត់ច្រាំងទាំងសងខាងទន្លេនោះ នឹងមានដុះដើមឈើគ្រប់យ៉ាង សំរាប់ជាអាហារ ជាដើមដែលស្លឹកមិនស្រពោនឡើយ ហើយមិនដែលខានមានផ្លែដែរ គឺនឹងកើតផ្លែថ្មីរាល់តែខែ ពីព្រោះទឹកនោះចេញពីទីបរិសុទ្ធមក ហើយផ្លែឈើទាំងនោះ នឹងបានសំរាប់ជាអាហារ ឯស្លឹកក៏សំរាប់នឹងកែរោគឲ្យជាដែរ។ ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានបន្ទូលដូច្នេះថា នេះជាព្រំស្រុក ដែលឯងរាល់គ្នានឹងចែកទុកជាមរដក តាមពូជអំបូរសាសន៍អ៊ីស្រាអែលទាំង១២ ឯពួកយ៉ូសែប នឹងត្រូវបាន២ចំណែក ឯងរាល់គ្នានឹងបានស្រុកទុកជាមរដកស្មើគ្នាទាំងអស់ ដ្បិតអញបានស្បថនឹងឲ្យស្រុកនេះដល់ពួកឰយុកោឯងរាល់គ្នាហើយ ដូច្នេះ ស្រុកនេះនឹងបានបន្តដល់ឯងរាល់គ្នា ទុកជាមរដកដែរ នេះជាព្រំស្រុក គឺខាងជើងនោះ ចាប់ផ្តើមពីសមុទ្រធំ តាមផ្លូវក្រុងហេតឡូន រហូតដល់ផ្លូវចូលក្រុងសេដាត់ ក្រុងហាម៉ាត ក្រុងបេរ៉ូថា ក្រុងស៊ីបរ៉ែម ដែលនៅកណ្តាលដែនស្រុកដាម៉ាស នឹងស្រុកហាម៉ាត ហើយហាសា-ហាទីកុន ដែលនៅក្បែរព្រំស្រុកហាវរ៉ុន ដូច្នេះ ព្រំស្រុកនឹងចាប់តាំងពីសមុទ្រ គឺហាសា-អេណាន រហូតដល់ស្រុកដាម៉ាស ឯខាងជើងនោះជាព្រំស្រុកហាម៉ាត នេះហើយជាព្រំដែនខាងជើង ឯខាងកើត នោះត្រូវឲ្យវាស់តាមទន្លេយ័រដាន់ នៅជាកណ្តាលស្រុកហាវរ៉ុន ស្រុកដាម៉ាស នឹងស្រុកកាឡាតម្ខាង នឹងស្រុកអ៊ីស្រាអែលម្ខាង ចាប់តាំងពីព្រំស្រុកខាងជើង រហូតដល់សមុទ្រខាងកើត នេះហើយជាព្រំដែនខាងកើត ឯខាងត្បូងនោះចាប់តាំងពីក្រុងតាម៉ារ រហូតដល់ទឹកមេរីបា-កាដេស តាមជ្រោះទឹកទៅដល់សមុទ្រធំនេះជាព្រំដែនខាងត្បូង ហើយខាងលិច នោះគឺជាសមុទ្រធំ ចាប់តាំងពីព្រំដែនខាងត្បូងទៅ ត្រឹមទល់ដែននឹងទ្វារស្រុកហាម៉ាត នេះជាព្រំខាងលិច។ ត្រូវឲ្យឯងរាល់គ្នាចែកស្រុកនេះ ដល់គ្នាតាមពូជអំបូរទាំងប៉ុន្មាននៃសាសន៍អ៊ីស្រាអែល ត្រូវឲ្យចែកគ្នាដោយចាប់ឆ្នោត ទុកជាមរដកសំរាប់ឯងរាល់គ្នា ហើយសំរាប់ពួកសាសន៍ដទៃ ដែលអាស្រ័យនៅកណ្តាលឯងរាល់គ្នា ជាពួកអ្នកដែលនឹងបង្កើតកូន នៅកណ្តាលឯងដែរ អ្នកទាំងនោះនឹងបានដូចអ្នកដែលកើតនៅក្នុងស្រុកអ៊ីស្រាអែល ដល់ឯងរាល់គ្នា គេនឹងបានមរដកនៅក្នុងពូជអំបូរទាំងប៉ុន្មាននៃអ៊ីស្រាអែល ជាមួយនឹងឯងរាល់គ្នាដែរ ឯសាសន៍ដទៃទាំងនោះអាស្រ័យនៅក្នុងពូជអំបូរណា នោះត្រូវឲ្យឯងរាល់គ្នាចែក ឲ្យមានមរដកនៅទីនោះឯង នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។