អេសេគាល 46:1-24
អេសេគាល 46:1-24 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ «ទ្វារកំផែងនៃទីលានខាងក្នុង ដែលបើកទៅទិសខាងកើត ត្រូវបិទក្នុងរវាងប្រាំមួយថ្ងៃដែលធ្វើការ តែដល់ថ្ងៃសប្ប័ទត្រូវបើកវិញ ព្រមទាំងនៅថ្ងៃចូលខែដែរ។ ឯចៅហ្វាយនឹងចូលតាមផ្លូវថែវនៃទ្វារកំផែងខាងក្រៅ ហើយឈរនៅជិតបង្គោលទ្វារ ពួកសង្ឃនឹងរៀបតង្វាយដុត និងតង្វាយមេត្រីរបស់លោក ហើយលោកនឹងថ្វាយបង្គំនៅត្រង់ទ្វារនោះ រួចលោកនឹងចេញទៅវិញ តែទ្វារនោះមិនត្រូវបិទទេរហូតដល់ល្ងាច។ បណ្ដាជននៅក្នុងស្រុក គេនឹងថ្វាយបង្គំដល់ព្រះយេហូវ៉ា នៅមាត់ទ្វារនោះរាល់ថ្ងៃសប្ប័ទ និងថ្ងៃចូលខែដែរ។ ឯតង្វាយដុតដែលចៅហ្វាយត្រូវថ្វាយដល់ព្រះយេហូវ៉ា នៅថ្ងៃសប្ប័ទ គឺកូនចៀមប្រាំមួយឥតខ្ចោះ និងចៀមឈ្មោលមួយឥតខ្ចោះ។ តង្វាយម្សៅត្រូវជាមួយថាំងសម្រាប់ចៀមឈ្មោលនោះ ហើយតង្វាយម្សៅដែលសម្រាប់កូនចៀមទាំងនោះ ត្រូវតាមដែលលោកអាចនឹងថ្វាយបាន ព្រមទាំងប្រេងប្រាំបីកំប៉ុងសម្រាប់ម្សៅមួយថាំងផង។ លុះដល់ថ្ងៃចូលខែ ត្រូវថ្វាយគោឈ្មោលស្ទាវមួយឥតខ្ចោះ កូនចៀម៦ និងចៀមឈ្មោល១ សុទ្ធតែឥតខ្ចោះទាំងអស់ លោកក៏ត្រូវរៀបតង្វាយម្សៅមួយថាំងសម្រាប់គោឈ្មោល និងមួយថាំងសម្រាប់ចៀមឈ្មោលនោះ តែឯកូនចៀមវិញ នោះត្រូវតាមដែលលោកអាចនឹងថ្វាយបាន ព្រមទាំងប្រេងប្រាំបីកំប៉ុងសម្រាប់ម្សៅមួយថាំងផង កាលណាចៅហ្វាយចូល នោះលោកត្រូវចូលតាមផ្លូវថែវនៃទ្វារកំផែង ហើយក៏ត្រូវចេញទៅវិញ តាមផ្លូវដដែលដែរ។ ប៉ុន្តែ កាលណាពួកជនក្នុងស្រុកចូលមក នៅចំពោះព្រះយេហូវ៉ា នៅវេលាថ្ងៃបុណ្យមានកំណត់ នោះអ្នកណាដែលចូលតាមផ្លូវទ្វារទិសខាងជើង ដើម្បីនឹងថ្វាយបង្គំ ត្រូវតែចេញទៅតាមផ្លូវនៃទ្វារខាងត្បូងវិញ ហើយអ្នកណាដែលចូលតាមទ្វារទិសខាងត្បូង នោះត្រូវតែចេញតាមផ្លូវទ្វារខាងជើងទៅ គេមិនត្រូវវិលទៅវិញ តាមផ្លូវនៃទ្វារដែលគេបានចូលនោះឡើយ គឺត្រូវចេញទៅតាមផ្លូវត្រង់ខាងមុខជារហូតទៅ ហើយកាលណាគេចូលទៅ នោះចៅហ្វាយនឹងចូលទៅនៅកណ្ដាលពួកគេ រួចកាលណាគេចេញទៅ នោះនឹងចេញទៅជាមួយគ្នាដែរ។ រីឯនៅថ្ងៃបុណ្យ និងបុណ្យមានកំណត់ ត្រូវថ្វាយតង្វាយម្សៅជាមួយថាំងសម្រាប់គោឈ្មោលមួយ និងមួយថាំងសម្រាប់ចៀមឈ្មោលមួយ ហើយកូនចៀមទាំងប៉ុន្មាននោះត្រូវតាមតែលោកអាចនឹងថ្វាយបាន ហើយប្រេងត្រូវជាប្រាំបីកំប៉ុងសម្រាប់ម្សៅមួយថាំង។ កាលណាចៅហ្វាយថ្វាយតង្វាយស្ម័គ្រពីចិត្ត ជាតង្វាយដុត ឬតង្វាយមេត្រី ទុកជាតង្វាយថ្វាយដល់ព្រះយេហូវ៉ាស្ម័គ្រពីចិត្ត នោះត្រូវឲ្យគេបើកទ្វារខាងកើតនោះជូនលោក រួចលោកនឹងរៀបតង្វាយដុត និងតង្វាយមេត្រីរបស់លោក ដូចជាធ្លាប់ធ្វើនៅថ្ងៃសប្ប័ទដែរ ស្រេចហើយ លោកនឹងចេញទៅ លុះលោកបានចេញទៅហើយ នោះគេនឹងបិទទ្វារវិញ។ រាល់ថ្ងៃ ត្រូវឲ្យរៀបកូនចៀមមួយឥតខ្ចោះ អាយុមួយខួប ទុកជាតង្វាយដុតថ្វាយដល់ព្រះយេហូវ៉ា ត្រូវថ្វាយតង្វាយនេះរាល់តែព្រឹកជានិច្ច។ រាល់ព្រឹក ត្រូវរៀបតង្វាយម្សៅជាមួយផង គឺជាម្សៅមួយភាគក្នុងប្រាំមួយក្នុងមួយថាំង និងប្រេងមួយភាគក្នុងបីក្នុងមួយហីន ដើម្បីលាយនឹងម្សៅយ៉ាងម៉ដ្តនោះ ជាតង្វាយដែលថ្វាយដល់ព្រះយេហូវ៉ាជានិច្ច តាមច្បាប់ដ៏នៅជាដរាបតទៅ។ គឺយ៉ាងនោះដែលគេត្រូវរៀបចំកូនចៀម តង្វាយម្សៅ និងប្រេងរាល់ព្រឹក ទុកជាតង្វាយដុតជានិច្ច»។ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ «ប្រសិនបើចៅហ្វាយចែកអំណោយអ្វីឲ្យកូនណាម្នាក់ ដែលចេញពីកេរអាករបស់ខ្លួន នោះនឹងបានជារបស់កូននោះ គឺជាទ្រព្យសម្បត្តិរបស់គេ ទុកជាកេរអាករតទៅ។ តែបើលោកចែកអំណោយអ្វីពីមត៌ករបស់លោក ឲ្យដល់បាវរបស់ខ្លួនណាមួយវិញ នោះនឹងបានជារបស់ផងបាវនោះ ដរាបដល់ឆ្នាំដែលត្រូវលែងចេញ រួចនឹងត្រឡប់មកជារបស់ចៅហ្វាយវិញ មានតែកូនរបស់លោកប៉ុណ្ណោះទេ ដែលអាចនឹងទទួលមត៌ករបស់លោកបាន មួយទៀត ចៅហ្វាយនោះមិនត្រូវដណ្តើមយកអ្វីពីមត៌ករបស់បណ្ដាជន ហើយបណ្តេញគេចេញពីកេរអាកររបស់គេឡើយ លោកត្រូវចែកតែរបស់ទ្រព្យខ្លួន ឲ្យដល់កូន ទុកជាមត៌កប៉ុណ្ណោះ ដើម្បីមិនឲ្យប្រជារាស្ត្ររបស់យើងត្រូវខ្ចាត់ខ្ចាយ ពីកេរអាកររបស់គេរៀងខ្លួនឡើយ»។ បន្ទាប់នោះ លោកនាំខ្ញុំទៅតាមផ្លូវចូល ក្បែរទ្វារកំផែង ទៅក្នុងបន្ទប់បរិសុទ្ធរបស់ពួកសង្ឃ ដែលបើកទៅទិសខាងជើង នោះឃើញមានកន្លែងមួយនៅចុងបន្ទប់នោះខាងលិច។ លោកក៏ប្រាប់ខ្ញុំថា៖ «នេះជាកន្លែងដែលពួកសង្ឃត្រូវស្ងោរតង្វាយ ដែលថ្វាយដោយព្រោះការរំលង និងតង្វាយលោះបាប ព្រមទាំងចម្អិនតង្វាយម្សៅ ដើម្បីមិនឲ្យត្រូវយករបស់ទាំងនោះចេញទៅឯទីលានខាងក្រៅឡើយ ក្រែងបានញែកបណ្ដាជនចេញជាបរិសុទ្ធដល់ព្រះដែរ»។ លោកនាំខ្ញុំចេញទៅឯទីលានខាងក្រៅ ឲ្យខ្ញុំដើរទៅតាមទាំងបួនជ្រុងទីលាននោះ នោះឃើញមានទីលានមួយៗនៅគ្រប់ទាំងជ្រុងទីលាននោះ គឺនៅជ្រុងទាំងបួននៃទីលាន មានទីលានតូចៗ បណ្តោយសែសិបហត្ថ ទទឹងសាមសិបហត្ថ ទីលានទាំងបួននោះមានទំហំប៉ុនគ្នា។ មានជញ្ជាំងនៅជុំវិញទីលានទាំងនោះ ហើយនៅទីលានទាំងបួន មានកន្លែងនៅជាប់នឹងជញ្ជាំងជុំវិញសម្រាប់ស្ងោ។ លោកប្រាប់ខ្ញុំថា នេះជាកន្លែងសម្រាប់ស្ងោរសាច់ជាទីដែលពួកអ្នកធ្វើការងារក្នុងព្រះវិហារ ត្រូវស្ងោរគ្រឿងយញ្ញបូជារបស់បណ្ដាជន។
អេសេគាល 46:1-24 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ៖ «ត្រូវបិទខ្លោងទ្វារទីធ្លាខាងក្នុង គឺខ្លោងទ្វារខាងកើតចំនួនប្រាំមួយថ្ងៃ ដែលប្រជាជនធ្វើការ តែត្រូវបើកទ្វារនោះនៅថ្ងៃសប្ប័ទ និងថ្ងៃបុណ្យចូលខែថ្មី។ មេដឹកនាំត្រូវចូលមកតាមច្រកបន្ទប់ល្វែងនៃខ្លោងទ្វារខាងក្រៅ ហើយឈប់នៅចំមាត់ទ្វារ។ គាត់ប្រគល់សត្វឲ្យពួកបូជាចារ្យ ដើម្បីថ្វាយតង្វាយដុត និងយញ្ញបូជានៃមេត្រីភាព។ មេដឹកនាំត្រូវក្រាបថ្វាយបង្គំ នៅត្រង់ខ្លោងទ្វារ រួចចេញទៅវិញ។ ត្រូវទុកខ្លោងទ្វារចំហរហូតដល់ល្ងាច។ នៅថ្ងៃសប្ប័ទ និងថ្ងៃបុណ្យចូលខែថ្មីប្រជាជនត្រូវនាំគ្នាក្រាបថ្វាយបង្គំព្រះអម្ចាស់ នៅមុខខ្លោងទ្វារនេះ។ មេដឹកនាំត្រូវយកកូនចៀមដ៏ល្អឥតខ្ចោះប្រាំមួយក្បាល និងចៀមឈ្មោលដ៏ល្អឥតខ្ចោះមួយក្បាល មកថ្វាយព្រះអម្ចាស់ ជាតង្វាយដុតទាំងមូល។ ត្រូវថ្វាយម្សៅមួយថាំងជាមួយចៀមឈ្មោលនោះ ហើយប្រសិនបើធ្វើបាន ត្រូវថ្វាយម្សៅមួយថាំងជាមួយកូនចៀមដោយលាយប្រេងប្រាំមួយលីត្រផង។ នៅថ្ងៃបុណ្យចូលខែថ្មី មេដឹកនាំត្រូវថ្វាយគោស្ទាវឈ្មោលមួយក្បាល កូនចៀមប្រាំមួយក្បាល និងចៀមឈ្មោលមួយក្បាលដែលសុទ្ធតែល្អឥតខ្ចោះ។ ត្រូវយកម្សៅមួយថាំងមកថ្វាយជាមួយគោ នោះមួយថាំងទៀតថ្វាយជាមួយចៀមឈ្មោល ហើយប្រសិនបើធ្វើបាន ត្រូវថ្វាយម្សៅមួយថាំងទៀតជាមួយកូនចៀម ដោយលាយប្រេងប្រាំមួយលីត្រផង។ មេដឹកនាំចូលតាមច្រកបន្ទប់ល្វែងនៃខ្លោងទ្វារ រួចចេញទៅវិញតាមច្រកដដែល។ ពេលប្រជាជននាំគ្នាមកថ្វាយបង្គំព្រះអម្ចាស់ក្នុងពិធីបុណ្យដ៏សំខាន់ៗ អ្នកណាចូលតាមខ្លោងទ្វារខាងជើង ដើម្បីមកថ្វាយបង្គំ ត្រូវចេញទៅវិញតាមខ្លោងទ្វារខាងត្បូង។ អ្នកណាចូលតាមខ្លោងទ្វារខាងត្បូង ត្រូវចេញទៅវិញ តាមខ្លោងទ្វារខាងជើង។ មិនត្រូវចេញតាមខ្លោងទ្វារដែលខ្លួនបានចូលមកនោះឡើយ គឺត្រូវចេញតាមខ្លោងទ្វារដែលនៅទល់មុខ។ ពេលប្រជាជនចូល មេដឹកនាំក៏ចូលមកជាមួយ ហើយពេលពួកគេចេញទៅវិញ គាត់ក៏ត្រូវចេញទៅវិញជាមួយដែរ។ នៅថ្ងៃបុណ្យធម្មតា ឬក្នុងឱកាសពិធីបុណ្យសំខាន់ៗ ត្រូវថ្វាយតង្វាយម្សៅមួយថាំងជាមួយគោបា មួយថាំងទៀតជាមួយចៀមឈ្មោល ហើយប្រសិនបើធ្វើបាន ត្រូវថ្វាយម្សៅមួយថាំងទៀតជាមួយកូនចៀម ដោយលាយប្រេងប្រាំមួយលីត្រផង។ ប្រសិនបើមេដឹកនាំស្ម័គ្រចិត្តយកតង្វាយដុត ឬយញ្ញបូជាមេត្រីភាពពិសេស មកថ្វាយព្រះអម្ចាស់ គេត្រូវបើកទ្វារខាងកើតឲ្យគាត់ចូល។ គាត់ថ្វាយតង្វាយដុត និងយញ្ញបូជាមេត្រីភាពដូចគាត់ធ្លាប់ថ្វាយនៅថ្ងៃសប្ប័ទដែរ។ បន្ទាប់មក គាត់ចេញទៅវិញ រួចគេត្រូវបិទទ្វារពីក្រោយគាត់។ រៀងរាល់ថ្ងៃ អ្នកត្រូវថ្វាយកូនចៀមដ៏ល្អឥតខ្ចោះមួយក្បាលអាយុមួយខួប ជាតង្វាយដុតដល់ព្រះអម្ចាស់។ អ្នកត្រូវថ្វាយកូនចៀមនេះរៀងរាល់ព្រឹក។ ចូរយកតង្វាយម្សៅប្រាំគីឡូក្រាម និងប្រេងពីរលីត្រមកលាយគ្នា ថ្វាយជាតង្វាយដល់ព្រះអម្ចាស់ ជាមួយតង្វាយដុតនោះដែរ។ ត្រូវធ្វើតាមវិន័យដែលមានចែងទុកនេះរហូតតទៅ។ រាល់ព្រឹក ត្រូវថ្វាយកូនចៀម តង្វាយម្សៅ និងប្រេង ជាតង្វាយដុត រហូតតរៀងទៅ»។ ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «ប្រសិនបើមេដឹកនាំចែកដីមួយកន្លែង ជាអំណោយដល់កូនរបស់ខ្លួន អំណោយនោះត្រូវចាត់ទុកជាចំណែកមត៌ក ជាកេរអាករ ដែលកូននោះអាចចែកតកូនចៅរបស់ខ្លួន។ ក៏ប៉ុន្តែ ប្រសិនបើគាត់យកដីដែលជាមត៌ករបស់ខ្លួន ប្រគល់ជាអំណោយដល់អ្នកបម្រើ ដីនោះនៅជាកម្មសិទ្ធិរបស់អ្នកបម្រើ រហូតដល់ឆ្នាំដែលគេបានរួចទៅជាអ្នកជា បន្ទាប់មក ត្រូវបង្វិលដីនោះមកមេដឹកនាំវិញ ដ្បិតមានតែកូនរបស់គាត់ទេដែលមានសិទ្ធិទទួលដីនោះជាកេរមត៌ក។ មេដឹកនាំមិនត្រូវប៉ះពាល់ដីធ្លីរបស់ប្រជាជនទេ គឺមិនត្រូវរឹបអូសយកដីរបស់ពួកគេឡើយ។ មេដឹកនាំត្រូវយកដីរបស់ខ្លួនផ្ទាល់ ចែកជាកេរមត៌កដល់កូនៗរបស់ខ្លួន ដើម្បីកុំឲ្យមាននរណាម្នាក់ ក្នុងចំណោមប្រជាជន បាត់បង់ដីធ្លីរបស់ខ្លួន»។ បន្ទាប់មក បុរសនោះនាំខ្ញុំចូលតាមច្រកមួយនៅក្បែរខ្លោងទ្វារ ក្នុងបន្ទប់ដ៏សក្ការៈដែលបម្រុងទុកសម្រាប់ពួកបូជាចារ្យ គឺបន្ទប់ដែលបែរមុខទៅរកទិសខាងជើង។ ខ្ញុំឃើញកន្លែងមួយនៅកៀនខាងក្នុង គឺនៅខាងលិច។ លោកមានប្រសាសន៍មកខ្ញុំថា៖ «នេះជាកន្លែងពួកបូជាចារ្យស្ងោរសាច់ ដែលគេយកមកថ្វាយជាយញ្ញបូជាសុំលើកលែងទោស និងយញ្ញបូជារំដោះបាប។ គេក៏ចម្អិនតង្វាយម្សៅនៅទីនេះដែរ ដើម្បីចៀសវាងសែងទៅខាងក្រៅ ក្រែងលោប្រជាជនប៉ះពាល់របស់សក្ការៈ»។ លោកនាំខ្ញុំចេញទៅទីលានខាងក្រៅ ឲ្យខ្ញុំដើរកាត់ជ្រុងទាំងបួននៃទីលាន។ តាមជ្រុងនីមួយៗនៃទីលាននោះ មានទីធ្លាមួយ។ ទីធ្លាទាំងបួនមានទំហំតូចប៉ុនៗគ្នា គឺបណ្ដោយសែសិបហត្ថ និងទទឹងសាមសិបហត្ថ។ មានរបងមួយព័ទ្ធជុំវិញទីធ្លាទាំងបួន ហើយមានកន្លែងធ្វើម្ហូប នៅជាប់នឹងរបងដែលព័ទ្ធជុំវិញនោះផង។ បុរសនោះមានប្រសាសន៍មកខ្ញុំថា៖ «នេះជាកន្លែងដែលពួកជំនួយការក្នុងព្រះដំណាក់ចម្អិនសាច់ ដែលប្រជាជនយកមកថ្វាយជាយញ្ញបូជា»។
អេសេគាល 46:1-24 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានបន្ទូលដូច្នេះថា ទ្វារកំផែងនៃទីលានខាងក្នុង ដែលបើកទៅទិសខាងកើត នោះត្រូវបិទនៅក្នុងរវាង៦ថ្ងៃដែលធ្វើការ តែដល់ថ្ងៃឈប់សំរាក នោះត្រូវបើកវិញ ព្រមទាំងនៅថ្ងៃចូលខែដែរ ឯចៅហ្វាយ លោកនឹងចូលតាមផ្លូវបាំងសាចនៃទ្វារកំផែងខាងក្រៅ ហើយនឹងឈរនៅជិតបង្គោលទ្វារ ពួកសង្ឃនឹងរៀបដង្វាយដុត នឹងដង្វាយមេត្រីរបស់លោក ហើយលោកនឹងថ្វាយបង្គំនៅត្រង់ទ្វារនោះ រួចលោកនឹងចេញទៅវិញ តែទ្វារនោះមិនត្រូវបិទដរាបដល់ល្ងាច ឯបណ្តាជននៅក្នុងស្រុក គេនឹងថ្វាយបង្គំដល់ព្រះយេហូវ៉ា នៅមាត់ទ្វារនោះរាល់ថ្ងៃឈប់សំរាក នឹងថ្ងៃចូលខែដែរ ឯដង្វាយដុតដែលចៅហ្វាយត្រូវថ្វាយដល់ព្រះយេហូវ៉ា នៅថ្ងៃឈប់សំរាក នោះគឺកូនចៀម៦ឥតខ្ចោះ នឹងចៀមឈ្មោល១ឥតខ្ចោះ ហើយដង្វាយម្សៅត្រូវជា១ថាំងសំរាប់ចៀមឈ្មោលនោះ ហើយដង្វាយម្សៅដែលសំរាប់កូនចៀមទាំងនោះ ត្រូវតាមដែលលោកអាចនឹងថ្វាយបាន ព្រមទាំងប្រេង៨កំប៉ុងសំរាប់ម្សៅ១ថាំងផង។ លុះដល់ថ្ងៃចូលខែ ត្រូវថ្វាយគោឈ្មោលស្ទាវ១ឥតខ្ចោះ កូនចៀម៦ នឹងចៀមឈ្មោល១ សុទ្ធតែឥតខ្ចោះទាំងអស់ លោកក៏ត្រូវរៀបដង្វាយម្សៅ១ថាំងសំរាប់គោឈ្មោល នឹង១ថាំងសំរាប់ចៀមឈ្មោលនោះ តែឯកូនចៀមវិញ នោះត្រូវតាមដែលលោកអាចនឹងថ្វាយបាន ព្រមទាំងប្រេង៨កំប៉ុងសំរាប់ម្សៅ១ថាំងផង កាលណាចៅហ្វាយចូល នោះលោកត្រូវចូលតាមផ្លូវបាំងសាចនៃទ្វារកំផែង ហើយក៏ត្រូវចេញទៅវិញ តាមផ្លូវដដែលដែរ។ ប៉ុន្តែកាលណាពួកជនក្នុងស្រុកចូលមក នៅចំពោះព្រះយេហូវ៉ា នៅវេលាថ្ងៃបុណ្យមានកំណត់ នោះអ្នកណាដែលចូលតាមផ្លូវទ្វារទិសខាងជើង ដើម្បីនឹងថ្វាយបង្គំ ត្រូវតែចេញទៅតាមផ្លូវនៃទ្វារខាងត្បូងវិញ ហើយអ្នកណាដែលចូលតាមទ្វារទិសខាងត្បូង នោះត្រូវតែចេញតាមផ្លូវទ្វារខាងជើងទៅ គេមិនត្រូវវិលទៅវិញ តាមផ្លូវនៃទ្វារដែលគេបានចូលនោះឡើយ គឺត្រូវចេញទៅតាមផ្លូវត្រង់ខាងមុខជារហូតទៅ ហើយកាលណាគេចូលទៅ នោះចៅហ្វាយនឹងចូលទៅនៅកណ្តាលពួកគេ រួចកាលណាគេចេញទៅ នោះនឹងចេញទៅជាមួយគ្នាដែរ។ រីឯនៅថ្ងៃបុណ្យ នឹងបុណ្យមានកំណត់ នោះត្រូវថ្វាយដង្វាយម្សៅជា១ថាំងសំរាប់គោឈ្មោល១ នឹង១ថាំងសំរាប់ចៀមឈ្មោល១ ហើយត្រង់កូនចៀមទាំងប៉ុន្មាន នោះត្រូវតាមតែលោកអាចនឹងថ្វាយបាន ហើយប្រេងត្រូវជា៨កំប៉ុងសំរាប់ម្សៅ១ថាំង កាលណាចៅហ្វាយនឹងថ្វាយដង្វាយស្ម័គ្រពីចិត្ត ជាដង្វាយដុត ឬដង្វាយមេត្រី ទុកជាដង្វាយថ្វាយដល់ព្រះយេហូវ៉ាស្ម័គ្រពីចិត្ត នោះត្រូវឲ្យគេបើកទ្វារខាងកើតនោះជូនលោក រួចលោកនឹងរៀបដង្វាយដុត នឹងដង្វាយមេត្រីរបស់លោក ដូចជាធ្លាប់ធ្វើនៅថ្ងៃឈប់សំរាកដែរ ស្រេចហើយ លោកនឹងចេញទៅ លុះលោកបានចេញទៅហើយ នោះគេនឹងបិទទ្វារវិញ។ រាល់តែថ្ងៃ ត្រូវឲ្យរៀបកូនចៀម១ឥតខ្ចោះ អាយុ១ខួប ទុកជាដង្វាយដុតថ្វាយដល់ព្រះយេហូវ៉ា ត្រូវថ្វាយដង្វាយនេះរាល់តែព្រឹកជានិច្ច ហើយរាល់តែព្រឹក ត្រូវរៀបដង្វាយម្សៅជាមួយផង គឺជាម្សៅ១ភាគក្នុង៦ក្នុង១ថាំង នឹងប្រេង១ភាគក្នុង៣ក្នុង១ហីន ដើម្បីលាយនឹងម្សៅយ៉ាងម៉ដ្តនោះ ជាដង្វាយម្សៅដែលថ្វាយដល់ព្រះយេហូវ៉ាជានិច្ច តាមច្បាប់ដ៏នៅជាដរាបតទៅ គឺយ៉ាងនោះដែលគេត្រូវរៀបចំកូនចៀម ដង្វាយម្សៅ នឹងប្រេងរាល់តែព្រឹក ទុកជាដង្វាយដុតជានិច្ច។ ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានបន្ទូលដូច្នេះថា បើសិនជាចៅហ្វាយនឹងចែកអំណោយអ្វី ឲ្យដល់កូនខ្លួនណាមួយ នោះនឹងបានជាមរដករបស់កូននោះ ហើយនឹងបានជារបស់កូននោះតទៅ ទុកជារបស់ផងគេ ដែលគេទទួលជាមរដក តែបើលោកចែកអំណោយអ្វីពីមរដករបស់លោក ឲ្យដល់បាវរបស់ខ្លួនណាមួយវិញ នោះនឹងបានជារបស់ផងបាវនោះ ដរាបដល់ឆ្នាំដែលត្រូវលែងចេញ រួចនឹងត្រឡប់មកជារបស់ចៅហ្វាយវិញ មានតែពួកកូនលោកប៉ុណ្ណោះទេ ដែលអាចនឹងទទួលមរដករបស់លោកបាន មួយទៀត ចៅហ្វាយនោះមិនត្រូវដណ្តើមយកអ្វីពីមរដករបស់បណ្តាជន ហើយបណ្តេញគេចេញពីកេរ្តិ៍អាកររបស់គេឡើយ លោកត្រូវចែកតែរបស់ទ្រព្យខ្លួន ឲ្យដល់កូន ទុកជាមរដកប៉ុណ្ណោះ ដើម្បីមិនឲ្យរាស្ត្ររបស់អញត្រូវខ្ចាត់ខ្ចាយ ពីកេរ្តិ៍អាកររបស់គេរៀងខ្លួនឡើយ។ បន្ទាប់នោះ លោកនាំខ្ញុំទៅតាមផ្លូវចូល ក្បែរទ្វារកំផែង ទៅក្នុងបន្ទប់បរិសុទ្ធរបស់ពួកសង្ឃ ដែលបើកទៅទិសខាងជើង នោះឃើញមានកន្លែង១នៅចុងបន្ទប់នោះខាងលិច លោកក៏ប្រាប់ខ្ញុំថា នេះជាកន្លែងដែលពួកសង្ឃត្រូវស្ងោរដង្វាយ ដែលថ្វាយដោយព្រោះការរំលង នឹងដង្វាយលោះបាប ព្រមទាំងចំអិនដង្វាយម្សៅ ដើម្បីមិនឲ្យត្រូវយករបស់ទាំងនោះ ចេញទៅឯទីលានខាងក្រៅឡើយ ក្រែងបានញែកបណ្តាជនចេញជាបរិសុទ្ធដល់ព្រះដែរ រួចលោកនាំខ្ញុំចេញទៅឯទីលានខាងក្រៅ ឲ្យខ្ញុំដើរទៅតាមទាំង៤ជ្រុងទីលាននោះ នោះឃើញមានទីលានមួយៗនៅគ្រប់ទាំងជ្រុងទីលាននោះ គឺនៅជ្រុងទាំង៤នៃទីលាន មានទីលានរាំងបាំងជាប់តពីទីលានធំបណ្តោយ៤០ហត្ថ ទទឹង៣០ហត្ថ ទីលាននៅជ្រុងទាំង៤នោះមានទំហំប៉ុនគ្នា មានជញ្ជាំងនៅជុំវិញទីលានទាំងនោះ ហើយនៅទីលានទាំង៤ មានកន្លែងនៅជាប់នឹងជញ្ជាំងជុំវិញសំរាប់ស្ងោរ លោកប្រាប់ខ្ញុំថា នេះជាកន្លែងសំរាប់ស្ងោរសាច់ ជាទីដែលពួកអ្នកធ្វើការងារក្នុងព្រះវិហារ ត្រូវស្ងោរគ្រឿងយញ្ញបូជារបស់បណ្តាជន។