អេសេគាល 45:18-25
អេសេគាល 45:18-25 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ «លុះដល់ថ្ងៃទីមួយ ក្នុងខែដំបូង អ្នកត្រូវយកគោឈ្មោលស្ទាវមួយល្អឥតខ្ចោះ ហើយត្រូវសម្អាតទីបរិសុទ្ធ។ ឯសង្ឃត្រូវយកឈាមតង្វាយលោះបាបនោះ ទៅប្រឡាក់នៅក្របទ្វារព្រះវិហារ ហើយនៅគន្លាក់នៃអាសនាទាំងបួនជ្រុង ព្រមទាំងនៅក្របទ្វារកំផែងនៃទីលានខាងក្នុងផង។ នៅថ្ងៃទីប្រាំពីរខែនោះ ត្រូវធ្វើដូចគ្នាទៀត សម្រាប់អស់អ្នកណាដែលវង្វេងចេញ ហើយសម្រាប់អ្នកណាដែលខ្លៅល្ងង់ដែរ យ៉ាងនោះឯងនឹងបានធួននឹងព្រះវិហារ។ លុះដល់ថ្ងៃទីដប់បួនក្នុងខែដំបូង អ្នករាល់គ្នាត្រូវធ្វើបុណ្យរំលង ជាបុណ្យដែលត្រូវធ្វើអស់ប្រាំពីរថ្ងៃ ហើយត្រូវស៊ីតែនំបុ័ងឥតដំបែម៉្យាង។ នៅថ្ងៃនោះ ចៅហ្វាយត្រូវរៀបចំគោឈ្មោលមួយ ទុកជាតង្វាយលោះបាប សម្រាប់ខ្លួនលោក និងបណ្ដាជននៅក្នុងស្រុកដែរ។ ក្នុងរវាងប្រាំពីរថ្ងៃនៃបុណ្យ លោកត្រូវរៀបចំតង្វាយដុតថ្វាយព្រះយេហូវ៉ា គឺគោឈ្មោលប្រាំពីរ និងចៀមឈ្មោលប្រាំពីរ ឥតខ្ចោះ រាល់ៗថ្ងៃគ្រប់ប្រាំពីរថ្ងៃនោះ ព្រមទាំងពពែឈ្មោលមួយរាល់ថ្ងៃដែរ ទុកជាតង្វាយលោះបាប។ ត្រូវរៀបតង្វាយម្សៅដែរ គឺត្រូវយកមួយថាំងសម្រាប់គោមួយ និងមួយថាំងសម្រាប់ចៀមឈ្មោលមួយ ហើយប្រេងប្រាំបីកំប៉ុងសម្រាប់ម្សៅមួយថាំង។ ដល់ថ្ងៃទីដប់ប្រាំ ខែទីប្រាំពីរ ក្នុងពេលបុណ្យនោះ លោកត្រូវធ្វើដូច្នោះទៀតគ្រប់ប្រាំពីរថ្ងៃ តាមរបៀបតង្វាយលោះបាប តង្វាយដុត តង្វាយម្សៅ និងតង្វាយប្រេងដែរ»។
អេសេគាល 45:18-25 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «នៅថ្ងៃទីមួយនៃខែទីមួយ ត្រូវយកគោស្ទាវឈ្មោលមួយល្អឥតខ្ចោះ មកធ្វើយញ្ញបូជា ដើម្បីជម្រះទីសក្ការៈឲ្យបរិសុទ្ធ។ បូជាចារ្យត្រូវយកឈាមរបស់សត្វ ដែលគេបូជារំដោះបាបនោះ លាបនៅលើក្របទ្វារនៃព្រះដំណាក់ លើគែមទាំងបួនជ្រុងរបស់អាសនៈ ព្រមទាំងលើក្របខ្លោងទ្វារខាងក្នុងផង។ នៅថ្ងៃទីប្រាំពីរក្នុងខែដដែលក៏ត្រូវធ្វើដូច្នេះដែរ ដើម្បីលោះបាបអ្នកដែលប្រព្រឹត្តអំពើបាប ដោយអចេតនា ឬដោយធ្វេសប្រហែស។ អ្នករាល់គ្នាធ្វើបែបនេះ ដើម្បីជម្រះព្រះដំណាក់ឲ្យបរិសុទ្ធ។ នៅថ្ងៃទីដប់បួននៃខែទីមួយ អ្នករាល់គ្នាត្រូវប្រារព្ធធ្វើពិធីបុណ្យចម្លង*។ បុណ្យនេះមានរយៈពេលប្រាំពីរថ្ងៃ ហើយក្នុងអំឡុងពេលនោះ អ្នករាល់គ្នាត្រូវបរិភោគនំបុ័ងឥតមេ។ នៅថ្ងៃនោះ មេដឹកនាំត្រូវយកគោបាមួយមកធ្វើជាយញ្ញបូជារំដោះបាបខ្លួនឯងផ្ទាល់ និងបាបរបស់ប្រជាជនទាំងមូល។ ក្នុងអំឡុងពេលបុណ្យប្រាំពីរថ្ងៃនោះ មេដឹកនាំត្រូវយកគោបាប្រាំពីរ និងចៀមឈ្មោលប្រាំពីរដ៏ល្អឥតខ្ចោះ មកថ្វាយរៀងរាល់ថ្ងៃ ជាតង្វាយដុតទាំងមូល ហើយរៀងរាល់ថ្ងៃ ត្រូវថ្វាយពពែឈ្មោលមួយជាយញ្ញបូជាលោះបាបផង។ សម្រាប់គោមួយ ត្រូវយកតង្វាយម្សៅមួយថាំងមកថ្វាយជាមួយ រីឯចៀមឈ្មោលមួយក៏ត្រូវយកតង្វាយម្សៅមួយថាំងមកថ្វាយជាមួយដែរ ហើយម្សៅមួយថាំងត្រូវលាយប្រេងប្រាំមួយលីត្រ។ នៅថ្ងៃទីដប់ប្រាំ ក្នុងខែទីប្រាំពីរ នៅពេលបុណ្យ ត្រូវថ្វាយយញ្ញបូជាលោះបាប ក្នុងអំឡុងពេលប្រាំពីរថ្ងៃ ព្រមទាំងតង្វាយដុត និងតង្វាយម្សៅលាយជាមួយប្រេងដូចមុនដែរ»។
អេសេគាល 45:18-25 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានបន្ទូលដូច្នេះថា លុះដល់ថ្ងៃទី១ ក្នុងខែដំបូង នោះត្រូវឲ្យឯងយកគោឈ្មោលស្ទាវ១ឥតខ្ចោះ ហើយត្រូវសំអាតទីបរិសុទ្ធ ឯសង្ឃត្រូវយកឈាមដង្វាយលោះបាបនោះ ទៅប្រឡាក់នៅក្របទ្វារព្រះវិហារ ហើយនៅគន្លាក់នៃអាសនាទាំង៤ជ្រុង ព្រមទាំងនៅក្របទ្វារកំផែងនៃទីលានខាងក្នុងផង ហើយនៅថ្ងៃទី៧ខែនោះ ត្រូវធ្វើដូចគ្នាទៀត សំរាប់អស់អ្នកណាដែលវង្វេងចេញ ហើយសំរាប់អ្នកណាដែលខ្លៅល្ងង់ដែរ យ៉ាងនោះ ឯងនឹងបានធួននឹងព្រះវិហារ។ លុះដល់ថ្ងៃ១៤ក្នុងខែដំបូង នោះត្រូវឲ្យឯងរាល់គ្នាធ្វើបុណ្យរំលង ជាបុណ្យដែលត្រូវធ្វើអស់៧ថ្ងៃ ហើយត្រូវស៊ីតែនំបុ័ងឥតដំបែរម្យ៉ាង នៅថ្ងៃនោះ ចៅហ្វាយត្រូវរៀបចំគោឈ្មោល១ ទុកជាដង្វាយលោះបាប សំរាប់ខ្លួនលោក នឹងបណ្តាជននៅក្នុងស្រុកដែរ ហើយក្នុងរវាង៧ថ្ងៃនៃបុណ្យ នោះលោកត្រូវរៀបចំដង្វាយដុតថ្វាយព្រះយេហូវ៉ា គឺគោឈ្មោល៧ នឹងចៀមឈ្មោល៧ ឥតខ្ចោះរាល់ៗថ្ងៃគ្រប់៧ថ្ងៃនោះ ព្រមទាំងពពែឈ្មោល១រាល់ថ្ងៃដែរ ទុកជាដង្វាយលោះបាប ក៏ត្រូវរៀបដង្វាយម្សៅដែរ គឺត្រូវយក១ថាំងសំរាប់គោ១ នឹង១ថាំងសំរាប់ចៀមឈ្មោល១ ហើយប្រេង៨កំប៉ុងសំរាប់ម្សៅ១ថាំង ដល់ថ្ងៃ១៥ខែអស្សុជ ក្នុងពេលបុណ្យនោះ លោកត្រូវធ្វើដូច្នោះទៀតគ្រប់ទាំង៧ថ្ងៃ តាមរបៀបដង្វាយលោះបាប ដង្វាយដុត ដង្វាយម្សៅ នឹងដង្វាយប្រេងដែរ។