អេសេគាល 44:10-14

អេសេគាល 44:10-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ប៉ុន្តែ ពួក​លេវី​ដែល​បាន​ឃ្លាត​ឆ្ងាយ​ពី​យើង ក្នុង​កាល​ដែល​ពួក​អ៊ីស្រា‌អែល​វង្វេង​ចេញ គឺ​ដែល​គេ​បាន​លះ​ចោល​យើង ទៅ​តាម​រូប​ព្រះ​ទាំង​ប៉ុន្មាន​របស់​គេ គេ​នឹង​ត្រូវ​រង​ទ្រាំ​សេចក្ដី​ទុច្ចរិត​របស់​ខ្លួន។ គេ​នឹង​ក្លាយ​ជា​អ្នក​ធ្វើ​ការ‌ងារ​នៅ​ក្នុង​ទី​បរិសុទ្ធ​របស់​យើង ព្រម​ទាំង​មាន​អំណាច​ត្រួត‌ត្រា​លើ​អស់​ទាំង​ទ្វារ​នៃ​ព្រះ‌វិហារ ហើយ​ទាំង​ធ្វើ​ការ‌ងារ​ក្នុង​ព្រះ‌វិហារ​ផង គេ​ត្រូវ​សម្លាប់​តង្វាយ​ដុត និង​យញ្ញ‌បូជា​សម្រាប់​បណ្ដា‌ជន ហើយ​ត្រូវ​ឲ្យ​គេ​ឈរ​នៅ​មុខ​បណ្ដា‌ជន ដើម្បី​ធ្វើ​ការ‌ងារ​ជំនួស។ ដោយ​ព្រោះ​គេ​បាន​ធ្វើ​ការ‌ងារ​នៅ​ចំពោះ​រូប​ព្រះ​របស់​គេ ហើយ​បាន​ត្រឡប់​ជា​សេចក្ដី​ទុច្ចរិត ដែល​នាំ​ឲ្យ​ពួក​វង្ស​អ៊ីស្រា‌អែល​ចំពប់​ដួល បាន​ជា​ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា យើង​បាន​លើក​ដៃ​ទាស់​នឹង​គេ ហើយ​គេ​នឹង​ត្រូវ​រង​ទ្រាំ​សេចក្ដី​ទុច្ចរិត​របស់​ខ្លួន។ គេ​មិន​ត្រូវ​ចូល​មក​ជិត​យើង ដើម្បី​ធ្វើ​ការ‌ងារ​ជា​សង្ឃ​ដល់​យើង ឬ​ចូល​ទៅ​ជិត​របស់​បរិសុទ្ធ​ណា​មួយ ក្នុង​អស់​ទាំង​វត្ថុ​បរិសុទ្ធ​បំផុត​របស់​យើង​ឡើយ គឺ​គេ​ត្រូវ​រង​ទ្រាំ​សេចក្ដី​ខ្មាស​របស់​ខ្លួន និង​អំពើ​គួរ​ស្អប់​ខ្ពើម​ដែល​គេ​បាន​ប្រព្រឹត្ត​នោះ។ ប៉ុន្តែ យើង​នឹង​តាំង​គេ​ជា​អ្នក​រក្សា​បញ្ញើ​នៃ​ព្រះ‌វិហារ សម្រាប់​គ្រប់​ការ‌ងារ​ទាំង​នោះ និង​គ្រប់​កិច្ច‌ការ​ទាំង​ប៉ុន្មាន​ដែល​ត្រូវ​ធ្វើ​ក្នុង​ទី​នោះ​ដែរ»។

ចែក​រំលែក
អាន អេសេគាល 44

អេសេគាល 44:10-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ក្នុង​គ្រា​ដែល​ជន‌ជាតិ​អ៊ីស្រា‌អែល​វង្វេង​ចេញ​ឆ្ងាយ​ពី​យើង ទៅ​តាម​ព្រះ​ក្លែងក្លាយ ពួក​លេវី​ក៏​បាន​បោះ​បង់​ចោល​យើង​ដែរ ហេតុ​នេះ ពួក​គេ​នឹង​ទទួល​ផល​វិបាក ព្រោះ​តែ​កំហុស​របស់​ខ្លួន។ ដូច្នេះ ពួក​គេ​គ្រាន់​តែ​មាន​មុខងារ​ជា​អ្នក​ជំនួយ​ការ​ក្នុង​ព្រះ‌ដំណាក់ គឺ​ត្រូវ​ប្រើ​គេ​ឲ្យ​យាម​ខ្លោង​ទ្វារ​បម្រើ​ប្រជា‌ជន ដោយ​សម្លាប់​សត្វ​ដែល​ត្រូវ​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល និង​យញ្ញ‌បូជា​ផ្សេងៗ។ ដោយ​ពួក​គេ​បាន​ជួយ​ជ្រោម‌ជ្រែង​ប្រជា‌ជន ក្នុង​ការ​គោរព​បម្រើ​ព្រះ​ក្លែងក្លាយ និង​នាំ​ប្រជា‌ជន​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប យើង​សុំ​ប្រកាស​យ៉ាង​ម៉ឺង‌ម៉ាត់​ថា ពួក​គេ​នឹង​ទទួល​ផល​វិបាក ព្រោះ​តែ​កំហុស​របស់​ខ្លួន​មិន​ខាន - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។ ពួក​គេ​ពុំ​អាច​ចូល​មក​ជិត​យើង ដើម្បី​បំពេញ​មុខងារ​ជា​បូជា‌ចារ្យ​បាន​ទេ ពួក​គេ​ក៏​មិន​អាច​ចូល​មក​ក្នុង​ទីសក្ការៈ ឬ​ទីសក្ការៈ​បំផុត​របស់​យើង​បាន​ដែរ។ ពួក​គេ​ត្រូវ​ទទួល​ផល​វិបាក ព្រោះ​តែ​អំពើ​ដ៏​អាម៉ាស់ និង​អំពើ​គួរ​ស្អប់​ខ្ពើម​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។ យើង​នឹង​ឲ្យ​ពួក​គេ​មើល​ថែ​ទាំ និង​បំពេញ​កិច្ចការ​បន្ទាប់‌បន្សំ​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ព្រះ‌ដំណាក់។

ចែក​រំលែក
អាន អេសេគាល 44

អេសេគាល 44:10-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឯ​ពួក​លេវី​ដែល​បាន​ឃ្លាត​ឆ្ងាយ​ពី​អញ ក្នុង​កាល​ដែល​ពួក​អ៊ីស្រាអែល​វង្វេង​ចេញ គឺ​ដែល​គេ​បាន​លះ​ចោល​អញ ទៅ​តាម​រូប​ព្រះ​ទាំង​ប៉ុន្មាន​របស់​គេ គេ​នឹង​ត្រូវ​រង​ទ្រាំ​សេចក្ដី​ទុច្ចរិត​របស់​ខ្លួន ប៉ុន្តែគេ​នឹង​បាន​ជា​អ្នក​ធ្វើ​ការ‌ងារ នៅ​ក្នុង​ទី​បរិសុទ្ធ​របស់​អញ ព្រម​ទាំង​មាន​អំណាច​ត្រួត‌ត្រា​នៅ​អស់​ទាំង​ទ្វារ​នៃ​ព្រះ‌វិហារ ហើយ​ទាំង​ធ្វើ​ការ‌ងារ​ក្នុង​ព្រះ‌វិហារ​ផង គេ​ត្រូវ​សំឡាប់​ដង្វាយ​ដុត នឹង​យញ្ញ‌បូជា​សំរាប់​បណ្តាជន ហើយ​ត្រូវ​ឲ្យ​គេ​ឈរ​នៅ​មុខ​បណ្តាជន ដើម្បី​ធ្វើ​ការ‌ងារ​ជំនួស ហេតុ​ដោយ​ព្រោះ​គេ​បាន​ធ្វើ​ការ‌ងារ​ឲ្យ នៅ​ចំពោះ​រូប​ព្រះ​របស់​គេ ហើយ​បាន​ត្រឡប់​ជា​សេចក្ដី​ទុច្ចរិត ដែល​នាំ​ឲ្យ​ពួក​វង្ស​អ៊ីស្រាអែល​ចំពប់​ដួល បាន​ជា​ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​បន្ទូល​ថា អញ​បាន​លើក​ដៃ ទាស់​នឹង​គេ ហើយ​គេ​នឹង​ត្រូវ​រង​ទ្រាំ​សេចក្ដី​ទុច្ចរិត​របស់​ខ្លួន គេ​មិន​ត្រូវ​ចូល​មក​ជិត​អញ ដើម្បី​ធ្វើ​ការ‌ងារ​ជា​សង្ឃ​ដល់​អញ ឬ​ចូល​ទៅ​ជិត​របស់​បរិសុទ្ធ​ណា​មួយ ក្នុង​អស់​ទាំង​វត្ថុ​បរិសុទ្ធ​បំផុត​របស់​អញ​ឡើយ គឺ​គេ​ត្រូវ​រង​ទ្រាំ​សេចក្ដី​ខ្មាស​របស់​ខ្លួន នឹង​អំពើ​គួរ​ស្អប់​ខ្ពើម​ដែល​គេ​បាន​ប្រព្រឹត្ត​នោះ ប៉ុន្តែអញ​នឹង​តាំង​គេ​ជា​អ្នក​រក្សា​បញ្ញើ​នៃ​ព្រះ‌វិហារ សំរាប់​គ្រប់​ការ‌ងារ​ទាំង​នោះ នឹង​គ្រប់​អស់​ទាំង​ការ​ដែល​ត្រូវ​ធ្វើ​ក្នុង​ទី​នោះ​ដែរ។

ចែក​រំលែក
អាន អេសេគាល 44