អេសេគាល 43:1-12
អេសេគាល 43:1-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
បន្ទាប់មក លោកនាំខ្ញុំទៅទ្វារកំផែង គឺជាទ្វារដែលបើកទៅទិសខាងកើត ហើយមើល៍! សិរីល្អរបស់ព្រះនៃសាសន៍អ៊ីស្រាអែល ក៏មកតាមផ្លូវពីទិសខាងកើត ព្រះសូរសៀងព្រះអង្គឮដូចជាសូរនៃទឹកច្រើន ហើយផែនដីបានភ្លឺ ដោយសារសិរីល្អរបស់ព្រះអង្គ។ ដូចជានិមិត្តដែលលេចមកឲ្យខ្ញុំឃើញ គឺដូចជានិមិត្តដែលខ្ញុំបានឃើញ ក្នុងកាលដែលខ្ញុំមក ដើម្បីបំផ្លាញទីក្រុង និមិត្តទាំងនោះ ដូចជានិមិត្តដែលខ្ញុំបានឃើញ នៅក្បែរទន្លេកេបារដែរ ដូច្នេះ ខ្ញុំក៏ដួលផ្កាប់មុខចុះ។ សិរីល្អនៃព្រះយេហូវ៉ាក៏ចូលទៅក្នុងព្រះវិហារ តាមផ្លូវនៃទ្វារកំផែងដែលបើកទៅទិសខាងកើត រួចព្រះវិញ្ញាណព្រះអង្គលើកខ្ញុំឡើងនាំទៅទីឯលានខាងក្នុង ហើយសិរីល្អនៃព្រះយេហូវ៉ាបាននៅពេញក្នុងព្រះវិហារ។ ខណៈដែលបុរសនោះកំពុងឈរនៅក្បែរខ្ញុំ ខ្ញុំបានឮព្រះទ្រង់មានព្រះបន្ទូលមកខ្ញុំ ពីក្នុងព្រះវិហារ ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ នេះជាទីកន្លែងនៃបល្ល័ង្កយើង ហើយជាទីសម្រាប់បាតជើងយើង គឺជាកន្លែងដែលយើងនឹងនៅកណ្ដាលពួកកូនចៅអ៊ីស្រាអែលជារៀងរហូតតទៅ ហើយពួកវង្សអ៊ីស្រាអែលនឹងមិនដែលបង្អាប់ឈ្មោះបរិសុទ្ធរបស់យើងទៀត ទោះទាំងខ្លួនគេ និងពួកស្តេចគេផង ដោយការកំផិតរបស់គេ ឬដោយសាកសពនៃស្តេចគេដែលបានតម្កល់ទុក ឬដោយគេធ្វើមាត់ទ្វារគេ ក្បែរមាត់ទ្វាររបស់យើង និងក្របទ្វារគេ ផ្ទាប់នឹងក្របទ្វាររបស់យើង ឲ្យមានតែជញ្ជាំងនៅកណ្ដាលយើងនឹងគេ ហើយគេបានបង្អាប់ឈ្មោះបរិសុទ្ធរបស់យើង ដោយអំពើដ៏គួរស្អប់ខ្ពើម ដែលគេបានប្រព្រឹត្ត ដោយហេតុនោះបានជាយើងធ្វើឲ្យគេសាបសូន្យទៅ ដោយសេចក្ដីក្រោធរបស់យើង។ ឥឡូវនេះ ត្រូវឲ្យគេលះចោលការកំផិត និងសាកសពនៃស្តេចគេចេញឆ្ងាយពីយើងទៅ នោះយើងនឹងនៅកណ្ដាលពួកគេជារៀងរហូតតទៅ។ ចំណែកអ្នក កូនមនុស្សអើយ ចូរបង្ហាញព្រះវិហារនេះដល់ពួកវង្សអ៊ីស្រាអែលចុះ ដើម្បីឲ្យគេមានសេចក្ដីខ្មាសចំពោះអំពើទុច្ចរិតរបស់គេ ហើយឲ្យគេវាស់គំរូផង។ បើគេមានសេចក្ដីខ្មាសចំពោះការទាំងប៉ុន្មានដែលគេប្រព្រឹត្តនោះ ត្រូវឲ្យគេស្គាល់រាង និងបែបផែននៃព្រះវិហារ ព្រមទាំងផ្លូវចេញចូល និងសណ្ឋានគ្រប់យ៉ាង ហើយក្រឹត្យក្រមគ្រប់ជំពូក នូវអស់ទាំងបញ្ញត្តិច្បាប់នៃព្រះវិហារផង ចូរកត់ទុកទាំងអស់នៅចំពោះភ្នែកគេ ដើម្បីឲ្យគេបានរក្សាទុកនូវសណ្ឋានគ្រប់យ៉ាង និងក្រឹត្យក្រមទាំងប៉ុន្មាន ព្រមទាំងធ្វើតាមផង។ នេះហើយជាច្បាប់នៃព្រះវិហារនៅលើកំពូលភ្នំនោះ ហើយតាមព្រំនៅជុំវិញទាំងអស់ នោះត្រូវជាទីបរិសុទ្ធបំផុត នេះជាច្បាប់នៃព្រះវិហារ»។
អេសេគាល 43:1-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បន្ទាប់មក លោកនាំខ្ញុំទៅកាន់ខ្លោងទ្វារខាងកើត។ ពេលនោះ សិរីរុងរឿងរបស់ព្រះនៃជនជាតិអ៊ីស្រាអែលអណ្ដែតមកពីទិសខាងកើត មានសន្ធឹកដូចមហាសាគរ ហើយផែនដីភ្លឺដោយសិរីរុងរឿងរបស់ព្រះអង្គ។ និមិត្តហេតុអស្ចារ្យដែលខ្ញុំបានឃើញនៅពេលនោះ ក៏ដូចនិមិត្តហេតុអស្ចារ្យដែលខ្ញុំបានឃើញ នៅពេលព្រះអង្គយាងមកកម្ទេចក្រុងយេរូសាឡឹម។ និមិត្តហេតុអស្ចារ្យទាំងពីរនេះក៏ដូចជានិមិត្តហេតុអស្ចារ្យ ដែលខ្ញុំបានឃើញនៅមាត់ទន្លេកេបារដែរ។ ពេលនោះ ខ្ញុំក្រាបចុះ ឱនមុខដល់ដី។ សិរីរុងរឿងរបស់ព្រះអម្ចាស់អណ្ដែតចូលមកក្នុងព្រះដំណាក់តាមទ្វារខាងកើត។ ព្រះវិញ្ញាណក៏លើកខ្ញុំឡើង ហើយនាំខ្ញុំទៅដាក់កណ្ដាលទីលានខាងក្នុង។ សិរីរុងរឿងរបស់ព្រះអម្ចាស់ស្ថិតនៅពេញព្រះដំណាក់។ ពេលបុរសនោះនៅក្បែរខ្ញុំ ខ្ញុំឮព្រះសូរសៀងចេញពីព្រះដំណាក់មកកាន់ខ្ញុំថា៖ «កូនមនុស្សអើយ! កន្លែងនេះជាបល្ល័ង្ករបស់យើង និងជាកន្លែងដាក់ជើងរបស់យើងផង។ យើងនឹងស្ថិតនៅកន្លែងនេះជាមួយជនជាតិអ៊ីស្រាអែលរហូតតទៅ។ ពូជពង្សអ៊ីស្រាអែល និងស្ដេចរបស់គេ លែងធ្វើឲ្យនាមយើងទៅជាសៅហ្មង ដោយអំពើផិតក្បត់ និងដោយយកសាកសពស្ដេចមកតម្កល់ទុកនៅទីនេះទៀតហើយ។ ពីមុនពួកគេបានសង់ទ្វាររបស់គេនៅជាប់នឹងទ្វាររបស់យើង ក្របទ្វាររបស់គេនៅជាប់នឹងក្របទ្វាររបស់យើង គឺមានតែជញ្ជាំងមួយគត់ដែលខណ្ឌគេពីយើង។ ពួកគេបានធ្វើឲ្យនាមរបស់យើងទៅជាសៅហ្មង ដោយសារអំពើគួរស្អប់ខ្ពើមដែលពួកគេប្រព្រឹត្ត។ ហេតុនេះហើយបានជាយើងបំផ្លាញពួកគេឲ្យវិនាស តាមកំហឹងរបស់យើង។ ឥឡូវនេះ ពួកគេលែងប្រព្រឹត្តអំពើផិតក្បត់ ពួកគេយកសពស្ដេចរបស់ខ្លួនចេញឆ្ងាយពីយើង។ យើងនឹងនៅក្នុងចំណោមពួកគេរហូតតទៅ។ ចំណែកឯអ្នកវិញ កូនមនុស្សអើយ ចូររៀបរាប់អំពីព្រះដំណាក់នេះប្រាប់កូនចៅអ៊ីស្រាអែល ដើម្បីឲ្យពួកគេពិនិត្យមើលគម្រោងរបស់ព្រះដំណាក់ ហើយឲ្យពួកគេនឹកខ្មាស ដោយបានប្រព្រឹត្តខុស។ ប្រសិនបើពួកគេនឹកខ្មាស ព្រោះតែអំពើអាក្រក់ដែលខ្លួនបានប្រព្រឹត្ត នោះចូរប្រាប់ពួកគេឲ្យដឹងពីគំរូរបស់ព្រះដំណាក់ ទ្រង់ទ្រាយ ច្រកចេញចូល របៀបតុបតែង ព្រមទាំងរបៀបចាត់ចែង និងក្បួនតម្រាសព្វបែបយ៉ាង។ ចូរកត់ត្រាទុកដើម្បីឲ្យពួកគេឃើញ និងធ្វើតាម។ រីឯក្រឹត្យវិន័យដ៏សំខាន់របស់ព្រះដំណាក់ដែលគេត្រូវគោរពនោះ គឺកំពូលភ្នំ និងបរិវេណជុំវិញ ត្រូវញែកទុកជាទីសក្ការៈបំផុត»។
អេសេគាល 43:1-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
បន្ទាប់មក លោកនាំខ្ញុំទៅឯទ្វារកំផែង គឺជាទ្វារដែលបើកទៅទិសខាងកើត ហើយមើល សិរីល្អរបស់ព្រះនៃសាសន៍អ៊ីស្រាអែល ក៏មកតាមផ្លូវពីទិសខាងកើត ព្រះសូរសៀងទ្រង់ឮដូចជាសូរនៃទឹកច្រើន ហើយផែនដីបានភ្លឺ ដោយសារសិរីល្អរបស់ទ្រង់ នោះក៏ដូចជាការជាក់ស្តែង ដែលលេចមកឲ្យខ្ញុំឃើញ គឺដូចជាការជាក់ស្តែងដែលខ្ញុំបានឃើញ ក្នុងកាលដែលខ្ញុំមក ដើម្បីបំផ្លាញទីក្រុង ការជាក់ស្តែងទាំងនោះ ដូចជាការជាក់ស្តែងដែលខ្ញុំបានឃើញ នៅក្បែរទន្លេកេបារដែរ ដូច្នេះខ្ញុំក៏ដួលផ្កាប់មុខចុះ នោះសិរីល្អនៃព្រះយេហូវ៉ាក៏ចូលទៅក្នុងព្រះវិហារ តាមផ្លូវនៃទ្វារកំផែងដែលបើកទៅទិសខាងកើត រួចព្រះវិញ្ញាណទ្រង់លើកខ្ញុំឡើងនាំទៅទីឯលានខាងក្នុង ហើយមើល សិរីល្អនៃព្រះយេហូវ៉ាបាននៅពេញក្នុងព្រះវិហារ។ ខ្ញុំក៏ឮព្រះមានបន្ទូលមកខ្ញុំ ពីក្នុងព្រះវិហារ មានទាំងមនុស្សនោះឈរនៅក្បែរខ្ញុំដែរ នោះទ្រង់មានបន្ទូលមកខ្ញុំថា កូនមនុស្សអើយ នេះជាទីកន្លែងនៃបល្ល័ង្កអញ ហើយជាទីសំរាប់បាតជើងអញ គឺជាកន្លែងដែលអញនឹងនៅកណ្តាលពួកកូនចៅអ៊ីស្រាអែលជាដរាបតទៅ ហើយពួកវង្សអ៊ីស្រាអែល នឹងមិនដែលបង្អាប់ឈ្មោះបរិសុទ្ធរបស់អញទៀត ទោះទាំងខ្លួនគេ នឹងពួកស្តេចគេផង ដោយការកំផិតរបស់គេ ឬដោយសាកសពនៃស្តេចគេដែលបានដំកល់ទុក ឬដោយគេធ្វើមាត់ទ្វារគេ ក្បែរមាត់ទ្វាររបស់អញ នឹងក្របទ្វារគេ ផ្ទាប់នឹងក្របទ្វាររបស់អញ ឲ្យមានតែជញ្ជាំងនៅកណ្តាលអញនឹងគេ ហើយគេបានបង្អាប់ឈ្មោះបរិសុទ្ធរបស់អញ ដោយអំពើដ៏គួរស្អប់ខ្ពើម ដែលគេបានប្រព្រឹត្ត ដោយហេតុនោះបានជាអញធ្វើឲ្យគេសាបសូន្យទៅ ដោយសេចក្ដីកំហឹងរបស់អញ ឥឡូវនេះ ត្រូវឲ្យគេលះចោលការកំផិត នឹងសាកសពនៃស្តេចគេចេញឆ្ងាយពីអញទៅ នោះអញនឹងនៅកណ្តាលពួកគេជាដរាបរៀងតទៅ។ ឯឯង កូនមនុស្សអើយ ចូរបង្ហាញព្រះវិហារនេះដល់ពួកវង្សអ៊ីស្រាអែលចុះ ដើម្បីឲ្យគេមានសេចក្ដីខ្មាសចំពោះអំពើទុច្ចរិតរបស់គេ ហើយឲ្យគេវាស់គំរូផង បើគេមានសេចក្ដីខ្មាសចំពោះការទាំងប៉ុន្មានដែលគេប្រព្រឹត្ត នោះត្រូវឲ្យគេស្គាល់រាង នឹងបែបផែននៃព្រះវិហារ ព្រមទាំងផ្លូវចេញចូល នឹងសណ្ឋានគ្រប់យ៉ាង ហើយក្រឹត្យក្រមគ្រប់ជំពូក នូវអស់ទាំងបញ្ញត្តច្បាប់នៃព្រះវិហារផង ចូរកត់ទុកទាំងអស់នៅចំពោះភ្នែកគេ ដើម្បីឲ្យគេបានរក្សាទុកនូវសណ្ឋានគ្រប់យ៉ាង នឹងក្រឹត្យក្រមទាំងប៉ុន្មាន ព្រមទាំងធ្វើតាមផង នេះហើយជាច្បាប់នៃព្រះវិហារនៅលើកំពូលភ្នំនោះ ហើយតាមព្រំនៅជុំវិញទាំងអស់ នោះត្រូវជាទីបរិសុទ្ធបំផុត មើល នេះឯងជាច្បាប់នៃព្រះវិហារ។