អេសេគាល 41:1-26

អេសេគាល 41:1-26 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បន្ទាប់​មក លោក​នាំ​ខ្ញុំ​ទៅ​ព្រះ‌វិហារ ក៏​វាស់​សសរ​បាន​ទទឹង​ប្រាំមួយ​ហត្ថ​ខាង​នេះ ហើយ​ប្រាំមួយ​ហត្ថ​ខាង​នោះ ដែល​ស្មើ​នឹង​ទទឹង​សសរ ហើយ​ផ្លូវ​ចូល មាន​ទទឹងដប់​ហត្ថ ឯ​ផ្ទាំង​ទ្វារ​ម្ខាង នោះ​ប្រាំ​ហត្ថ ហើយ​ម្ខាង​ទៀត​ក៏​ប្រាំ​ហត្ថ ឯ​បណ្តោយ​ព្រះ‌វិហារ លោក​វាស់​បាន​សែសិប​ហត្ថ និង​ទទឹងម្ភៃ​ហត្ថ។ រួច​លោក​ក៏​ចូល​ទៅ​ខាង​ក្នុង វាស់​ក្រប​ទ្វារ​ទាំង​សង​ខាង​បាន​ពីរ​ហត្ថ ផ្លូវ​ចូល​ក៏​ប្រាំមួយ​ហត្ថ ឯ​ទទឹង​ទ្វារ មាន​ប្រាំពីរ​ហត្ថ។ លោក​វាស់​បណ្តោយ​ទី​នោះ​បានម្ភៃ​ហត្ថ ហើយ​ទទឹង​បាន​ម្ភៃ​ហត្ថ នៅ​ខាង​មុខ​ព្រះ‌វិហារ រួច​លោក​ប្រាប់​មក​ខ្ញុំ​ថា ទី​នេះ​ជា​ទី​បរិសុទ្ធ​បំផុត។ បន្ទាប់​មក លោក​វាស់​ជញ្ជាំង​ព្រះ‌វិហារ មាន​កម្រាស់​ប្រាំមួយ​ហត្ថ ហើយ​គ្រប់​បន្ទប់​ដែល​នៅ​ជុំ‌វិញ​ព្រះ‌វិហារ មាន​ទទឹង​បួន​ហត្ថ​ទាំង​អស់។ បន្ទប់​ទាំង​នោះ​មាន​បី​ជាន់ គឺ​បន្ទប់​មួយ​នៅ​លើ​មួយ​ទៀត ទាំង​អស់​មានសាមសិប​បន្ទប់ ត​ជាប់​ពី​ជញ្ជាំង​ព្រះ‌វិហារ សម្រាប់​ជា​បន្ទប់​នៅ​ព័ទ្ធ​ជុំ‌វិញ ដើម្បី​ឲ្យ​បាន​ជាប់​នឹង​ជញ្ជាំង​នោះ តែ​មិន​ឲ្យ​ស៊ក​ចូល​ទៅ​ក្នុង​ជញ្ជាំង​ព្រះ‌វិហារ​ទេ។ បន្ទប់​ទាំង​នោះ​កាន់​តែ​ធំ​ជា​លំ​ដាប់ តាម​ដែល​ឡើង​ខ្ពស់​ទៅ​ព័ទ្ធ​ជុំ‌វិញ​ព្រះ‌វិហារ ដ្បិត​ផ្លូវ​ដែល​ព័ទ្ធ​ជុំ‌វិញ​ព្រះ‌វិហារ បាន​ឡើង​កាន់​តែ​ខ្ពស់​ទៅ តែ​ទទឹង​ព្រះ‌វិហារ​នៅ​ដូច​គ្នា​ទៅ​ខាង​លើ ហេតុ​នោះ បន្ទប់​បាន​កាន់​តែ​ធំ​ទូលាយ​ទៅ​ខាង​លើ​យ៉ាង​នោះ ចេញ​ពី​បន្ទប់​ជាន់​ក្រោម​ឡើង​ទៅ​ឯ​បន្ទប់​ជាន់​លើ ដោយ​ផ្លូវ​កណ្ដាល។ ខ្ញុំ​ក៏​ពិចារ‌ណា​មើល​កម្ពស់​ព្រះ‌វិហារ​នៅ​ព័ទ្ធ​ជុំ‌វិញ ឃើញ​ថា ជើង​ជញ្ជាំង​បន្ទប់​ទាំង​នោះ​បាន​ខ្ពស់​ពេញ​មួយ​ខ្នាត​បបុស គឺ​ប្រាំមួយ​ហត្ថ​ធំ។ ឯ​កម្រាស់​នៃ​ជញ្ជាំង​ខាង​ក្រៅ​របស់​បន្ទប់​ទាំង​នោះ​បាន​ប្រាំ​ហត្ថ ហើយ​ប្រឡោះ​ដែល​សល់ សម្រាប់​បន្ទប់​ខាងៗ​របស់​ព្រះ‌វិហារ ហើយ​នៅ​កណ្ដាល​បន្ទប់​ទាំង​នោះ មាន​ប្រឡោះ​ទទឹង​ម្ភៃ​ហត្ថ​នៅ​ព័ទ្ធ​ជុំ‌វិញ​ព្រះ‌វិហារ។ ឯ​ទ្វារ​នៃ​បន្ទប់​ទាំង​នោះ ក៏​បើក​ទៅ​ខាង​កន្លែង​ដែល​សល់​នោះ គឺ​មាន​ទ្វារ​មួយ​បើក​ទៅ​ខាង​ជើង ហើយ​មួយ​ទៀត​បើក​ទៅ​ខាង​ត្បូង មាន​ប្រឡោះ​សល់​នៅ​ព័ទ្ធ​ជុំ‌វិញ​ទទឹង​ប្រាំ​ហត្ថ។ មាន​អាគារ​មួយ​ដែល​នៅ​ខាង​មុខ​ទី‌លាន គឺ​នៅ​ខាង​លិច មាន​ទទឹង​ចិត​សិប​ហត្ថ បណ្តោយ​កៅ​សិប​ហត្ថ ហើយ​ជញ្ជាំង​អាគារ​នៅ​ព័ទ្ធ​ជុំ‌វិញ មាន​កម្រាស់​ប្រាំ​ហត្ថ។ ដូច្នេះ លោក​ក៏​វាស់​ព្រះ‌វិហារ​បាន​មួយរយ​ហត្ថ ហើយ​ទី‌លាន និង​អាគារ​នោះ ព្រម​ទាំង​ជញ្ជាំង​ផង នោះ​មាន​បណ្តោយ​មួយរយ​ហត្ថ។ ឯ​ទទឹង​ខាង​មុខ​ព្រះ‌វិហារ និង​ទី‌លាន​នៅ​ខាង​កើត ក៏​មួយរយ​ហត្ថ។ លោក​វាស់​ប្រវែង​នៃ​អាគារ នៅ​មុខ​ទី‌លាន ដែល​នៅ​ខាង​ក្រោយ​នោះ ព្រម​ទាំង​រាន​ហាល​ទាំង​សង​ខាង​បាន​មួយរយ​ហត្ថ ហើយ​ទាំង​ព្រះ‌វិហារ​ខាង​ក្នុង និង​ថែវ​នៃ​ទី‌លាន​ផង។ អស់​ទាំង​ទ្វារ និង​បង្អួច​បិទ ហើយ​រានហាល​នៅ​ជុំ‌វិញ​ទាំង​បី​ជាន់ ដែល​ប្រទល់​មុខ​នឹង​មាត់​ទ្វារ បាន​ស្រោប​ដោយ​ឈើ​នៅ​ជុំ‌វិញ ចាប់​តាំង​ពី​ដី​ឡើង​ទៅ​ដល់​បង្អួច (រីឯ​បង្អួច​ទាំង​នោះ​សុទ្ធ​តែ​គ្រប​បិទ​ជិត) ទៅ​ដល់​ខាង​លើ​ទ្វារ រហូត​ដល់​ក្នុង​ព្រះ‌វិហារ និង​ខាង​ក្រៅ ព្រម​ទាំង​កំផែង​នៅ​ជុំ‌វិញ ទាំង​ក្នុង ទាំង​ក្រៅ ក៏​ធ្វើ​តាម​ទំហំ។ នោះ​សុទ្ធ​តែ​ធ្វើ​ដោយ​មាន​ក្បាច់​ជា​ចេរូ‌ប៊ីន និង​ដើម​លម៉ើ មាន​ដើម​លម៉ើ​មួយ នៅ​កណ្ដាល​ចេរូ‌ប៊ីន និង​ចេរូ‌ប៊ីន ហើយ​ចេរូ‌ប៊ីន​ទាំង​នោះ​សុទ្ធ​តែ​មាន​មុខ​ពីរ​រៀង​ខ្លួន បាន​ជា​មាន​មុខ​មនុស្ស​បែរ​ទៅ​ខាង​ដើម​លម៉ើ​ម្ខាង ហើយ​មុខ​សិង្ហ​ស្ទាវ​បែរ​ទៅ​ខាង​ដើម​លម៉ើ​ម្ខាង​ទៀត គឺ​បាន​ធ្វើ​យ៉ាង​នោះ​ក្នុង​ព្រះ‌វិហារ​នៅ​ព័ទ្ធ​ជុំ‌វិញ។ គេ​បាន​ធ្វើ​ចេរូ‌ប៊ីន និង​ដើម​លម៉ើ ចាប់​តាំង​ពី​ដី​រហូត​ទៅ​ដល់​ខាង​លើ​ទ្វារ ពាស​ពេញ​ជញ្ជាំង​របស់​ព្រះ‌វិហារ។ ឯ​ក្រប​ទ្វា​នៃ​ព្រះ‌វិហារ មាន​បួន​ជ្រុង​ស្មើ ហើយ​ខាង​មុខ​នៃ​ទី​បរិសុទ្ធ មើល​ទៅ​មាន​សណ្ឋាន​ដូច​គ្នា។ អាស‌នា​បាន​ធ្វើ​ពី​ឈើ កម្ពស់​បី​ហត្ថ បណ្ដោយ​ពីរ​ហត្ថ និង​ទទឹង​ពីរ​ហត្ថ ឯ​ជ្រុង និង​បាត ព្រម​ទាំង​ជញ្ជាំងខាងៗ​អាស‌នា​នោះ សុទ្ធ​តែ​ជា​ឈើ​ទាំង​អស់។ លោក​ពោល​មក​ខ្ញុំ​ថា៖ «នេះ​ជា​តុ​ដែល​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា»។ ឯ​ព្រះ‌វិហារ និង​ទី​បរិសុទ្ធ មាន​ទ្វា​រ​ពីរ ចំណែក​ទ្វារ​ទាំង​នោះ​មាន​ពីរ​ផ្ទាំង គឺ​ពីរ​ផ្ទាំង​ដែល​បើក​បាន ទ្វារ​មួយ​មាន​ពីរ​ផ្ទាំង ហើយ​ទ្វារ​មួយ​ទៀត​ក៏​មាន​ពីរ​ផ្ទាំង​ដែរ។ នៅ​ផ្ទាំង​ទ្វារ​ទាំង​នោះ គឺ​ជា​ទ្វារ​នៃ​ព្រះ‌វិហារ មាន​ឆ្លាក់​ជា​រូប​ចេរូ‌ប៊ីន និង​ដើម​លម៉ើ ដូច​ជា​បាន​ធ្វើ​នៅ​ជញ្ជាំង​ដែរ ហើយ​នៅ​ថែវ​ខាង​ក្រៅ​មាន​ក្រាល​ក្តារ ក៏​មាន​បង្អួច​បិទ និង​ក្បាច់​ដើម​លម៉ើ​ទាំង​សង​ខាង​ថែវ និង​បន្ទប់​ខាងៗ​នៃ​ព្រះ‌វិហារ​ទាំង​អស់។

ចែក​រំលែក
អាន អេសេគាល 41

អេសេគាល 41:1-26 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បន្ទាប់​មក លោក​នាំ​ខ្ញុំ​ចូល​ទៅ​ក្នុង​ទីសក្ការៈ លោក​វាស់​សសរ​ម្ខាងៗ​មាន​ទទឹង​ប្រាំ​មួយ​ហត្ថ ស្មើ​នឹង​ទទឹង​របស់​ព្រះ‌ពន្លា*។ ក្រប​ទ្វារ​មាន​ទទឹង​ដប់​ហត្ថ រីឯ​ទ្វារ​វិញ ម្ខាងៗ​មាន​ទទឹង​ប្រាំ​ហត្ថ។ លោក​វាស់​ទីសក្ការៈ​មាន​បណ្ដោយ​សែ‌សិប​ហត្ថ ហើយ​ទទឹង​ម្ភៃ​ហត្ថ។ បន្ទាប់​មក លោក​ចូល​ទៅ​ខាង​ក្នុង​វាស់​សសរ​មាត់​ទ្វារ ឃើញ​មាន​កម្រាស់​ពីរ​ហត្ថ រីឯ​ទ្វារ​កម្រាស់​ប្រាំ​មួយ​ហត្ថ ទទឹង​ប្រាំ‌ពីរ​ហត្ថ។ លោក​វាស់​ផ្នែក​ខាង​ក្នុង​ទីសក្ការៈ មាន​បណ្ដោយ​ម្ភៃ​ហត្ថ ទទឹង​ម្ភៃ​ហត្ថ រួច​លោក​ប្រាប់​ខ្ញុំ​ថា នេះ​ជា​ទីសក្ការៈ​បំផុត។ លោក​វាស់​ជញ្ជាំង​ខណ្ឌ​ព្រះ‌ដំណាក់ ឃើញ​មាន​កម្រាស់​ប្រាំ​មួយ​ហត្ថ។ រីឯ​បន្ទប់​អម​ជុំ‌វិញ​ព្រះ‌ដំណាក់​មាន​ទទឹង​បួន​ហត្ថ។ បន្ទប់​អម​ជុំ‌វិញ​ទាំង​នោះ​មាន​បី​ជាន់ ក្នុង​មួយ​ជាន់​មាន​សាម‌សិប​បន្ទប់។ បន្ទប់​នីមួយៗ​ស្ថិត​នៅ​តាម​ជញ្ជាំង​ខាង​ក្រៅ​ដែល​ព័ទ្ធ​ជុំ‌វិញ​ព្រះ‌ដំណាក់ គឺ​មិន​នៅ​តាម​ជញ្ជាំង​ទីសក្ការៈ​ទេ។ បន្ទប់​ជាន់​ខាង​លើ​ទូលាយ​ជាង​បន្ទប់​នៅ​ជាន់​ក្រោម ព្រោះ​ផ្នែក​ខាង​លើ កម្រាស់​ជញ្ជាំង​ដែល​ព័ទ្ធ​ជុំ‌វិញ​ព្រះ‌វិហារ​តូច​ជាង​កម្រាស់​ផ្នែក​ខាង​ក្រោម។ ហេតុ​នេះ​ហើយ​បាន​ជា​កាល​ណា​គេ​ឡើង​ទៅ​ខាង​លើ​កាន់​តែ​ខ្ពស់ នោះ​កាន់​តែ​មាន​កន្លែង​ទូលាយ​ជាង។ គេ​អាច​ឡើង​ពី​ជាន់​ក្រោម​ទៅ​ជាន់​កណ្ដាល រួច​ទៅ​ជាន់​ខាង​លើ។ ខ្ញុំ​សង្កេត​មើល​ជុំ‌វិញ​ព្រះ‌ដំណាក់ ឃើញ​ថា​បន្ទប់​ដែល​នៅ​អម​តាម​ជញ្ជាំង​មាន​កម្ពស់​ពេញ​មួយ​ឈើ​រង្វាស់ គឺ​ប្រាំ​មួយ​ហត្ថ។ ជញ្ជាំង​ដែល​នៅ​ខាង​ក្រៅ​បន្ទប់​អម​មាន​កម្រាស់​ប្រាំ​ហត្ថ។ រីឯ​ធ្លា​នៅ​ចន្លោះ​បន្ទប់​អម ដែល​នៅ​ជាប់​នឹង​ជញ្ជាំង និង​បន្ទប់​ដែល​នៅ​ជុំ‌វិញ​ទីសក្ការៈ មាន​ប្រវែង​ម្ភៃ​ហត្ថ។ បន្ទប់​អម​ទាំង​នោះ​មាន​ច្រក​ចេញ​ចូល​តាម​ធ្លា ច្រក​មួយ​នៅ​ខាង​ជើង ច្រក​មួយ​ទៀត​នៅ​ខាង​ត្បូង។ ធ្លា​នោះ​មាន​ជ្រុង​នីមួយៗ​ប្រវែង​ប្រាំ​ហត្ថ។ នៅ​ខាង​លិច មាន​អាគារ​មួយ​នៅ​ជាប់​នឹង​ធ្លា​ធំ មាន​ទទឹង​ចិត‌សិប​ហត្ថ បណ្ដោយ​កៅ‌សិប​ហត្ថ រីឯ​ជញ្ជាំង​មាន​កម្រាស់​ប្រាំ​ហត្ថ។ បុរស​នោះ​វាស់​ព្រះ‌ដំណាក់ ឃើញ​មាន​បណ្ដោយ​មួយ​រយ​ហត្ថ។ ចំណែក​ឯ​ធ្លា​ធំ អាគារ និង​ជញ្ជាំង ក៏​មាន​បណ្ដោយ​មួយ​រយ​ហត្ថ​ដែរ។ ជញ្ជាំង​ខាង​មុខ​ព្រះ‌ដំណាក់ និង​ធ្លា​ធំ​ដែល​នៅ​ខាង​កើត មាន​ប្រវែង​មួយ​រយ​ហត្ថ។ បុរស​នោះ​បាន​វាស់​បណ្ដោយ​របស់​អាគារ ដែល​ស្ថិត​នៅ​ខាង​ក្រោយ​ព្រះ‌ដំណាក់ រួម​ទាំង​ថែវ​នៅ​សង​ខាង​ផង ឃើញ​មាន​ប្រវែង​មួយ​រយ​ហត្ថ។ ទីសក្ការៈ បន្ទប់​ល្វែង​នៅ​ទី‌លាន​ខាង​ក្នុង ក្រប​ទ្វារ បង្អួច​ចម្រឹង​ដែក ថែវ​តាម​ជាន់​ទាំង​បី​នៅ​ទល់​មុខ​នឹង​ក្រប​ទ្វារ សុទ្ធ​តែ​មាន​បន្ទះ​ឈើ​ពាស​ជុំ‌វិញ គឺ​ចាប់​ពី​ក្រោម​រហូត​ដល់​បង្អួច ហើយ​បង្អួច​ក៏​មាន​ពាស​ឈើ​ដែរ។ ចាប់​ពី​លើ​ទ្វារ​រហូត​ដល់​ក្នុង​ទីសក្ការៈ* មាន​ក្បាច់​លំអ​ទាំង​ខាង​ក្រៅ ទាំង​ខាង​ក្នុង គឺ​ក្បាច់​ចេរូប៊ីន និង​ក្បាច់​ដើម​ចាក។ រូប​ដើម​ចាក​មួយ រូប​ចេរូប៊ីន*​ពីរ នៅ​ឆ្លាស់​គ្នា។ ចេរូប៊ីន​នីមួយៗ​មាន​មុខ​ពីរ មុខ​មនុស្ស​បែរ​ទៅ​រក​ដើម​ចាក​ម្ខាង មុខ​សិង្ហ​បែរ​ទៅ​រក​ដើម​ចាក​ម្ខាង​ទៀត ជា​បន្ត​បន្ទាប់​គ្នា​ព័ទ្ធ​ជុំ‌វិញ​ព្រះ‌ដំណាក់។ ក្បាច់​ចេរូប៊ីន និង​ដើម​ចាក​នេះ មាន​ឆ្លាក់​ពាស‌ពេញ​ជញ្ជាំង​ព្រះ‌វិហារ ចាប់​តាំង​ពី​ក្រោម​រហូត​ដល់​ខាង​លើ​ទ្វារ។ ប្រអប់​ទ្វារ​ព្រះ‌វិហារ​មាន​រាង​បួន​ជ្រុង។ នៅ​ខាង​មុខ​ទីសក្ការៈ​បំផុត មាន​អាសនៈ​ធ្វើ​អំពី​ឈើ កម្ពស់​បី​ហត្ថ និង​បណ្ដោយ​ពីរ​ហត្ថ ជ្រុង និង​គែម ក៏​ធ្វើ​ពី​ឈើ​ដែរ។ បុរស​នោះ​ពោល​មក​ខ្ញុំ​ថា៖ «នេះ​ជា​តុ​តម្កល់​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់»។ ទីសក្ការៈ និង​ទីសក្ការៈ​បំផុត មាន​ច្រក​ចូល​ពីរ។ ច្រក​នីមួយៗ​មាន​សន្លឹក​ទ្វារ​ពីរ ដែល​អាច​បិទ​បើក​បាន។ នៅ​លើ​ទ្វារ​ទីសក្ការៈ​មាន​ឆ្លាក់​ក្បាច់​ចេរូប៊ីន និង​ដើម​ចាក ដូច​នៅ​តាម​ជញ្ជាំង​ដែរ។ នៅ​ខាង​មុខ​បន្ទប់​ល្វែង​ដែល​នៅ​ខាង​ក្រៅ មាន​បាំង​សាច​ធ្វើ​ពី​ឈើ។ នៅ​តាម​បន្ទប់​ល្វែង និង​បន្ទប់​អម​ជញ្ជាំង​ព្រះ‌ដំណាក់ ព្រម​ទាំង​បាំង​សាច មាន​បង្អួច​ចម្រឹង​ដែក និង​ក្បាច់​ដើម​ចាក​ទាំង​សង​ខាង។

ចែក​រំលែក
អាន អេសេគាល 41

អេសេគាល 41:1-26 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រួច​លោក​នាំ​ខ្ញុំ​ទៅ​ឯ​ព្រះ‌វិហារ ក៏​វាស់​សសរ​បាន​ទទឹង​៦​ហត្ថ​ខាង​នេះ ហើយ​៦​ហត្ថ​ខាង​នោះ ដែល​ស្មើ​នឹង​ទទឹង​រោង​ឧបោសថ ហើយ​ផ្លូវ​ចូល នោះ​ទទឹង​១០​ហត្ថ ឯ​ផ្ទាំង​ទ្វារ​ម្ខាង នោះ​៥​ហត្ថ ហើយ​ម្ខាង​ទៀត​ក៏​៥​ហត្ថ ឯ​បណ្តោយ​ព្រះ‌វិហារ លោក​វាស់​បាន​៤០​ហត្ថ ហើយ​ទទឹង​២០​ហត្ថ រួច​លោក​ក៏​ចូល​ទៅ​ខាង​ក្នុង វាស់​ក្រប​ទ្វារ​ទាំង​សង​ខាង​បាន​២​ហត្ថ ផ្លូវ​ចូល​ក៏​៦​ហត្ថ ឯ​ទទឹង​ទ្វារ នោះ​បាន​៧​ហត្ថ លោក​វាស់​បណ្តោយ​ទី​នោះ​បាន​២០​ហត្ថ ហើយ​ទទឹង​បាន​២០​ហត្ថ នៅ​ខាង​មុខ​ព្រះ‌វិហារ រួច​លោក​ប្រាប់​មក​ខ្ញុំ​ថា ទី​នេះ​ជា​ទី​បរិសុទ្ធ​បំផុត។ រួច​មក​លោក​វាស់​ជញ្ជាំង​នៃ​ព្រះ‌វិហារ មាន​៦​ហត្ថ​ហើយ​ទទឹង​គ្រប់​ទាំង​បន្ទប់ នៅ​ខាង​ជុំវិញ​ព្រះ‌វិហារ នោះ​បាន​៤​ហត្ថ​គ្រប់​ទាំង​អស់ បន្ទប់​ទាំង​នោះ​មាន​៣​ជាន់ គឺ​បន្ទប់​១​នៅ​លើ​១​ទៀត ទាំង​អស់​មាន​៣០​បន្ទប់ ក៏​ត​ជាប់​ពី​ជញ្ជាំង​ព្រះ‌វិហារ សំរាប់​ជា​បន្ទប់​នៅ​ព័ទ្ធ​ជុំវិញ ដើម្បី​ឲ្យ​បាន​ជាប់​នឹង​ជញ្ជាំង​នោះ តែ​មិន​ឲ្យ​ស៊ក​ចូល​ទៅ​ក្នុង​ជញ្ជាំង​ព្រះ‌វិហារ​ទេ ហើយ​បន្ទប់​ទាំង​នោះ​បាន​កាន់​តែ​ធំ​ជា​លំដាប់ តាម​ដែល​ឡើង​ខ្ពស់​ទៅ​ព័ទ្ធ​ជុំវិញ​ព្រះ‌វិហារ ដ្បិត​ផ្លូវ​ដែល​ព័ទ្ធ​ជុំវិញ​ព្រះ‌វិហារ បាន​ឡើង​កាន់​តែ​ខ្ពស់​ទៅ តែ​ទទឹង​ព្រះ‌វិហារ​នៅ​ដូច​គ្នា​ទៅ​ខាង​លើ ហេតុ​នោះ បន្ទប់​បាន​កាន់​តែ​ធំ​ទូលាយ​ទៅ​ខាង​លើ​យ៉ាង​នោះ ចេញ​ពី​បន្ទប់ ជាន់​ក្រោម​ឡើង ទៅ​ឯ​បន្ទប់​ជាន់​លើ ដោយ​ផ្លូវ​កណ្តាល ខ្ញុំ​ក៏​ពិចារណា​មើល​កំពស់​ព្រះ‌វិហារ​នៅ​ព័ទ្ធ​ជុំវិញ ឃើញ​ថា ជើង​ជញ្ជាំង​បន្ទប់​ទាំង​នោះ​បាន​ខ្ពស់​ពេញ​១​ខ្នាត​បបុស គឺ​៦​ហត្ថ​ធំ ឯ​កំរាស់​នៃ​ជញ្ជាំង​ខាង​ក្រៅ​របស់​បន្ទប់​ទាំង​នោះ​បាន​៥​ហត្ថ ហើយ​ប្រឡោះ​ដែល​សល់ នោះ​សំរាប់​បន្ទប់​ខាងៗ​របស់​ព្រះ‌វិហារ ហើយ​នៅ​កណ្តាល​បន្ទប់​ទាំង​នោះ មាន​ប្រឡោះ​ទទឹង​២០​ហត្ថ​នៅ​ព័ទ្ធ​ជុំវិញ​ព្រះ‌វិហារ ឯ​ទ្វារ​នៃ​បន្ទប់​ទាំង​នោះ ក៏​បើក​ទៅ​ខាង​កន្លែង​ដែល​សល់​នោះ គឺ​មាន​ទ្វារ​១​បើក​ទៅ​ខាង​ជើង ហើយ​១​ទៀត​បើក​ទៅ​ខាង​ត្បូង ហើយ​មាន​ប្រឡោះ​សល់​នៅ​ព័ទ្ធ​ជុំវិញ​ទទឹង​៥​ហត្ថ។ ឯ​មន្ទីរ​ដែល​នៅ​ខាង​មុខ​ទីលាន​ទទេ គឺ​នៅ​ខាង​លិច នោះ​ទទឹង​៧០​ហត្ថ បណ្តោយ​៩០​ហត្ថ ហើយ​ជញ្ជាំង​មន្ទីរ​នៅ​ព័ទ្ធ​ជុំវិញ មាន​កំរាស់​៥​ហត្ថ ដូច្នេះ លោក​ក៏​វាស់​ព្រះ‌វិហារ​បាន​១០០​ហត្ថ ហើយ​ទីលាន​ទទេ នឹង​មន្ទីរ​នោះ ព្រម​ទាំង​ជញ្ជាំង​ផង នោះ​មាន​បណ្តោយ​១០០​ហត្ថ ឯ​ទទឹង​ខាង​មុខ​ព្រះ‌វិហារ នឹង​ទីលាន​ទទេ​នៅ​ខាង​កើត នោះ​ក៏​១០០​ហត្ថ។ លោក​ក៏​វាស់​ប្រវែង​នៃ​មន្ទីរ នៅ​មុខ​ទីលាន​ទទេ ដែល​នៅ​ខាង​ក្រោយ​នោះ ព្រម​ទាំង​រាន​ហាល​ទាំង​សង​ខាង​បាន​១០០​ហត្ថ ហើយ​ទាំង​ព្រះ‌វិហារ​ខាង​ក្នុង នឹង​បាំង‌សាច​នៃ​ទីលាន​ផង អស់​ទាំង​ទ្វារ នឹង​បង្អួច​បិទ ហើយ​រាន‌ហាល​នៅ​ជុំវិញ​ទាំង​៣​ជាន់ ដែល​ប្រទល់​មុខ​នឹង​មាត់​ទ្វារ បាន​ស្រោប​ដោយ​ឈើ​នៅ​ជុំវិញ ចាប់​តាំង​ពី​ដី​ឡើង​ទៅ​ដល់​បង្អួច (រីឯ​បង្អួច​ទាំង​នោះ សុទ្ធ​តែ​គ្រប​បិទ) ទៅ​ដល់​ខាង​លើ​ទ្វារ រហូត​ដល់​ក្នុង​ព្រះ‌វិហារ ហើយ​ខាង​ក្រៅ ព្រម​ទាំង​កំផែង​នៅ​ជុំវិញ ទាំង​ក្នុង ទាំង​ក្រៅ ក៏​ធ្វើ​តាម​ទំហំ​ផង នោះ​សុទ្ធ​តែ​ធ្វើ​ដោយ​មាន​ក្បាច់​ជា​ចេរូប៊ីន នឹង​ដើម​លម៉ើ មាន​ដើម​លម៉ើ​១ នៅ​ជា​កណ្តាល​ចេរូប៊ីន នឹង​ចេរូប៊ីន ហើយ​ចេរូប៊ីន​ទាំង​នោះ​សុទ្ធ​តែ​មាន​មុខ​២​រៀង​ខ្លួន បាន​ជា​មាន​មុខ​មនុស្ស​បែរ​ទៅ​ខាង​ដើម​លម៉ើ​ម្ខាង ហើយ​មុខ​សិង្ហ​ស្ទាវ​បែរ​ទៅ​ខាង​ដើម​លម៉ើ​ម្ខាង​ទៀត គឺ​បាន​ធ្វើ​យ៉ាង​នោះ​ក្នុង​ព្រះ‌វិហារ​នៅ​ព័ទ្ធ​ជុំវិញ គេ​បាន​ធ្វើ​ចេរូប៊ីននឹង​ដើម​លម៉ើ ចាប់​តាំង​ពី​ដី​រហូត​ទៅ​ដល់​ខាង​លើ​ទ្វារ ជញ្ជាំង​របស់​ព្រះ‌វិហារ​បាន​ធ្វើ​យ៉ាង​នោះ។ ឯ​ក្រប​ទ្វា​នៃ​ព្រះ‌វិហារ មាន​៤​ជ្រុង​ស្មើ ហើយ​ខាង​មុខ​នៃ​ទី​បរិសុទ្ធ មាន​សណ្ឋាន​មើល​ទៅ​ដូច​គ្នា ឯ​អាសនា​បាន​ធ្វើ​ពី​ឈើ កំពស់​៣​ហត្ថ ប្រវែង​២​ហត្ថ ឯ​ជ្រុងនឹង​បណ្តោយ ហើយ​ខាងៗ​អាសនា​នោះ សុទ្ធ​តែ​ជា​ឈើ​ទាំង​អស់ ហើយ​លោក​និយាយ​មក​ខ្ញុំ​ថា នេះ​ជា​តុ​ដែល​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ឯ​ព្រះ‌វិហារ នឹង​ទី​បរិសុទ្ធ មាន​ទ្វារ​២ ចំណែក​ទ្វារ​ទាំង​នោះ​មាន​២​ផ្ទាំងៗ គឺ​២​ផ្ទាំង​ដែល​បើក​បាន ទ្វារ​១​មាន​២​ផ្ទាំង ហើយ​ទ្វារ​១​ទៀត​ក៏​មាន​២​ផ្ទាំង​ដែរ នៅ​ផ្ទាំង​ទ្វារ​ទាំង​នោះ គឺ​ជា​ទ្វារ​នៃ​ព្រះ‌វិហារ មាន​ឆ្លាក់​ជា​រូប​ចេរូប៊ីននឹង​ដើម​លម៉ើ ដូច​ជា​បាន​ធ្វើ​នៅ​ជញ្ជាំង​ដែរ ហើយ​នៅ​បាំង‌សាច​ខាង​ក្រៅ​មាន​ក្រាល​ក្តារ ក៏​មាន​បង្អួច​បិទនឹង​ក្បាច់​ជា​ដើម​លម៉ើ ទាំង​សង​ខាង​បាំង‌សាច អស់​ទាំង​បន្ទប់​ខាងៗ​នៃ​ព្រះ‌វិហារ នឹង​កំរាល​ក្តារ​ក៏​យ៉ាង​នោះ​ទាំង​អស់។

ចែក​រំលែក
អាន អេសេគាល 41