អេសេគាល 40:1-49
អេសេគាល 40:1-49 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅឆ្នាំទីម្ភៃប្រាំនៃការដែលគេចាប់យើងមកជាឈ្លើយ ដល់ថ្ងៃទីដប់ ខែទីដប់ដើមឆ្នាំ គឺក្នុងឆ្នាំទីដប់បួន ក្រោយពីទីក្រុងត្រូវគេវាយមក នៅថ្ងៃនោះ ព្រះហស្តនៃព្រះយេហូវ៉ាបានសណ្ឋិតនៅលើខ្ញុំ ហើយព្រះអង្គនាំខ្ញុំទៅទីនោះ។ ព្រះអង្គបាននាំខ្ញុំទៅស្រុកអ៊ីស្រាអែល ដោយនិមិត្តរបស់ព្រះ ហើយបានដាក់ខ្ញុំចុះលើភ្នំមួយយ៉ាងខ្ពស់ ដែលនៅភ្នំនោះ មានសណ្ឋានដូចជាទីក្រុង នៅប៉ែកខាងត្បូង។ ព្រះអង្គនាំខ្ញុំទៅទីនោះ ខ្ញុំក៏ឃើញមានមនុស្សម្នាក់មានភាពដូចជាលង្ហិន ដែលកាន់ខ្សែខ្លូតទេសនៅដៃ និងបបុសសម្រាប់វាស់ផង លោកឈរនៅក្នុងទ្វារ។ មនុស្សនោះក៏និយាយមកខ្ញុំថា កូនមនុស្សអើយ ចូរពិនិត្យដោយភ្នែក ហើយស្តាប់ដោយត្រចៀកចុះ រួចយកចិត្តទុកដាក់គ្រប់ទាំងអស់ ដែលយើងបង្ហាញដល់អ្នក ដ្បិតបាននាំអ្នកមកនៅទីនេះ ប្រយោជន៍ឲ្យយើងបានបង្ហាញទាំងអស់នេះដល់អ្នក ដូច្នេះ ចូរប្រាប់ទាំងអស់ដែលអ្នកឃើញដល់ពួកវង្សអ៊ីស្រាអែលផង។ មានកំផែងនៅព័ទ្ធជុំវិញខាងក្រៅនៃព្រះវិហារ ហើយនៅដៃមនុស្សនោះ មានបបុសសម្រាប់វាស់ប្រវែងប្រាំមួយហត្ថ ដែលក្នុងមួយហត្ថនោះ ត្រូវជាមួយហត្ថមួយទះ ដូច្នេះ លោកក៏វាស់កម្រាស់កំផែងនោះត្រូវជាមួយខ្នាតបបុស ហើយកម្ពស់ក៏មួយខ្នាតនោះដែរ។ លោកទៅដល់ទ្វារដែលបើកទៅទិសខាងកើត ក៏ឡើងជណ្តើរទ្វារនោះ ទៅវាស់ទទឹងមាត់ទ្វារបានមួយខ្នាត ហើយទទឹងមួយទៀត ក៏បានមួយខ្នាតដូចគ្នា។ គ្រប់បន្ទប់ មានបណ្តោយមួយខ្នាត និងទទឹងមួយខ្នាត ឯប្រឡោះកណ្ដាលបន្ទប់ទាំងនោះ មានប្រាំហត្ថ ហើយមាត់ទ្វារថែវនៃទ្វារខាងក្នុងក៏មួយខ្នាតដែរ។ លោកក៏វាស់ថែវទ្វារខាងក្នុង បានមួយខ្នាត រួចលោកវាស់ថែវបានប្រាំបីហត្ថ ហើយសសរថែវនោះបានពីរហត្ថ ឯថែវនៃទ្វារកំផែងនោះនៅខាងក្នុង។ មានបន្ទប់ម្ខាងបីនៅទ្វារខាងកើត ទាំងបីមានទំហំដូចគ្នា ហើយសសរក៏មានទំហំដូចគ្នាដែរ។ លោកក៏វាស់ទទឹងផ្លូវចូលតាមទ្វារកំផែងបានដប់ហត្ថ ហើយបណ្តោយបានដប់បីហត្ថ។ មានរបងមួយហត្ថ នៅពីមុខបន្ទប់នីមួយៗ ទាំងសងខាង បន្ទប់ទាំងនោះមានទំហំប្រាំមួយហត្ថបួនជ្រុងស្មើ។ លោកក៏វាស់ពីដំបូលបន្ទប់មួយ ដល់ដំបូលបន្ទប់ម្ខាង ដែលនៅទល់មុខគ្នាមានប្រវែងម្ភៃប្រាំហត្ថ។ លោកក៏វាស់បន្ទប់នោះ បណ្ដោយមានប្រវែងម្ភៃហត្ថ ហើយមានទីលាននៅព័ទ្ធជុំវិញទ្វារកំផែង។ តាំងពីមុខទ្វារកំផែងត្រង់ផ្លូវចូល រហូតដល់មុខថែវខាងក្នុងនៃទ្វារនោះបានហាសិបហត្ថ។ បន្ទប់ទាំងនោះមានបង្អួចបិទ ព្រមទាំងនៅសសរខាងក្នុងទ្វារកំផែងព័ទ្ធជុំវិញ ហើយនៅក្នុងខ្លោងទ្វារមានបង្អួចនៅព័ទ្ធជុំវិញខាងក្នុង និងនៅសសរនីមួយៗមានឆ្លាក់រូបដើមលម៉ើ។ បន្ទាប់មក លោកនាំខ្ញុំទៅឯទីលានខាងក្រៅ ឃើញមានបន្ទប់ និងកម្រាលថ្មដែលធ្វើសម្រាប់ទីលាននៅជុំវិញ គឺមានបន្ទប់សាមសិប នៅលើកម្រាលថ្មនោះ។ កម្រាលថ្មនោះក៏នៅក្បែរទ្វារ ត្រូវនឹងប្រវែងទ្វារ នោះជាកម្រាលថ្មជាន់ក្រោម។ លោកវាស់ទទឹងទីលានពីខាងក្រៅ ចាប់តាំងពីមុខទ្វារកំផែងខាងក្រោម រហូតដល់មុខទីលានខាងក្នុងបានមួយរយហត្ថ ទាំងខាងកើត និងខាងជើង។ លោកក៏វាស់បណ្តោយ និងទទឹងនៃទ្វារកំផែងរបស់ទីលានខាងក្រៅ ដែលបើកទៅខាងជើង។ មានបន្ទប់បីខាងនេះ និងបីខាងនោះដែរ ឯសសរ និងខ្លោងទ្វារនោះ ក៏មានទំហំត្រូវគ្នានឹងទ្វារទីមួយ គឺបណ្តោយហាសិបហត្ថ ទទឹងម្ភៃប្រាំហត្ថ។ បង្អួច និងខ្លោងទ្វារ ហើយក្បាច់ដើមលម៉ើក៏មានទំហំដូចជាទ្វារកំផែង ដែលបើកទៅទិសខាងកើត មានជណ្តើរប្រាំពីរថ្នាក់ឡើងទៅដល់ទ្វារនោះ រួចមានខ្លោងទ្វារពីមុខដែរ។ មានទ្វារចូលទៅក្នុងទីលានខាងក្នុង ដែលប្រទល់មុខនឹងទ្វារនោះទាំងខាងជើង និងខាងកើត រួចលោកវាស់ពីទ្វារមួយទៅទ្វារមួយទៀតបានមួយរយហត្ថ។ លោកក៏នាំខ្ញុំទៅខាងត្បូង ឃើញមានទ្វារមួយ ដែលបើកទៅទិសខាងត្បូងដែរ លោកវាស់សសរ និងខ្លោងទ្វារទាំងនោះ ក៏ត្រូវនឹងទំហំទាំងនោះ ក៏មានបង្អួចនៅទីនោះ ហើយនៅខ្លោងទ្វារព័ទ្ធជុំវិញ ដូចជាបង្អួចពីមុន ទ្វារនោះបណ្តោយបានហាសិបហត្ថ និងទទឹងម្ភៃប្រាំហត្ថ។ ក៏មានជណ្តើរប្រាំពីរថ្នាក់ឡើងទៅដល់ទ្វារ និងខ្លោងទ្វារពីមុខនោះដែរ នៅសសរទាំងសងខាង មានក្បាច់ដើមលម៉ើមួយខាងនេះ ហើយមួយខាងនោះ។ មានទ្វារមួយបើកទៅក្នុងទីលានខាងក្នុង ដែលនៅទិសខាងត្បូង ហើយលោកវាស់ពីទ្វារកំផែងមួយ ទៅដល់ទ្វារកំផែងមួយទៀត ខាងត្បូងនោះបានមួយរយហត្ថ។ លោកនាំខ្ញុំទៅដល់ទីលានខាងក្នុង ក្បែរទ្វារកំផែងខាងត្បូង លោកវាស់ទ្វារខាងត្បូង ក៏ត្រូវនឹងទំហំទាំងនោះ។ បន្ទប់នីមួយៗ ទាំងសសរ និងខ្លោងទ្វារមានទំហំដូចគ្នា មានបង្អួចនៅទីនោះ ហើយនៅខ្លោងទ្វារព័ទ្ធជុំវិញ ទ្វារនោះក៏មានបណ្តោយហាសិបហត្ថ និងទទឹងម្ភៃប្រាំហត្ថដូចគ្នា។ មានខ្លោងទ្វារនៅជុំវិញបណ្តោយម្ភៃប្រាំហត្ថ និងទទឹងប្រាំហត្ថ។ ខ្លោងទ្វារទាំងនោះក៏បែរទៅខាងទីលានខាងក្រៅ ហើយមានក្បាច់ដើមលម៉ើនៅសសរទាំងប៉ុន្មាន ឯជណ្តើរឡើងទៅទ្វារនោះមានប្រាំបីថ្នាក់។ បន្ទាប់មក លោកនាំខ្ញុំទៅទីលានខាងក្នុង ដែលនៅទិសខាងកើត លោកក៏វាស់ទ្វារនោះមានទំហំត្រូវគ្នាដែរ។ បន្ទប់នីមួយៗ និងសសរ ហើយខ្លោងទ្វារ ក៏ត្រូវតាមទំហំទាំងនោះទៀត មានទាំងបង្អួចនៅទីនោះ ហើយនៅខ្លោងទ្វារព័ទ្ធជុំវិញ ទ្វារនោះក៏មានបណ្តោយហាសិបហត្ថ ទទឹងម្ភៃប្រាំហត្ថ។ ឯខ្លោងទ្វារក៏បែរទៅឯទីលានខាងក្រៅ មានក្បាច់ដើមលម៉ើនៅសសរសងខាង ខាងឯជណ្តើរដែលឡើងទៅទ្វារនោះ មានប្រាំបីថ្នាក់ដែរ។ លោកនាំខ្ញុំទៅឯទ្វារទិសខាងជើង ក៏វាស់ទ្វារនោះ មានទំហំត្រូវគ្នាដែរ។ បន្ទប់ទាំងប៉ុន្មាន សសរ និងខ្លោងទ្វារ ក៏មានបង្អួចនៅជុំវិញ ទ្វារនោះមានបណ្តោយហាសិបហត្ថ ទទឹងម្ភៃប្រាំហត្ថដូចគ្នា។ សសរទាំងប៉ុន្មានក៏បែរទៅទីលានខាងក្រៅ ហើយមានក្បាច់ដើមលម៉ើទាំងសងខាង ឯជណ្តើរដែលឡើងទៅឯទ្វារនោះ ក៏មានប្រាំបីថ្នាក់ដែរ។ មានបន្ទប់មួយដែលមានទ្វារក្បែរសសរនៅត្រង់ទ្វារកំផែង គឺទីនោះដែលគេលាងតង្វាយដុត។ នៅថែវនៃទ្វារកំផែង មានតុពីរនៅខាងនេះ ហើយពីរខាងនោះ សម្រាប់សម្លាប់តង្វាយដុត យញ្ញបូជាលោះបាប និងយញ្ញបូជាដែលថ្វាយដោយព្រោះការរំលង។ ឯខាងក្រៅ ដែលឡើងទៅផ្លូវចូលទ្វារកំផែងទិសខាងជើង មានតុពីរ ហើយនៅម្ខាងទៀតរបស់ថែវនៃទ្វារកំផែងនោះក៏មានតុពីរដែរ។ មានតុបួនខាងនេះ ហើយបួនខាងនោះ ដែលនៅខាងៗនៃទ្វារកំផែង គឺទាំងអស់មានតុប្រាំ សម្រាប់សម្លាប់យញ្ញបូជា។ មានតុបួនដាប់ពីថ្មប្រវែងមួយហត្ថកន្លះ ទទឹងមួយហត្ថកន្លះ ហើយកម្ពស់មួយហត្ថសម្រាប់តង្វាយដុត ជាកន្លែងដែលដាក់គ្រឿងប្រដាប់សម្រាប់សម្លាប់តង្វាយដុត និងយញ្ញបូជានោះ។ មានតម្ពក់ប្រវែងមួយទះភ្ជាប់នឹងជញ្ជាំងជុំវិញ ឯសាច់នៃតង្វាយក៏នៅលើតុទាំងនោះ។ នៅខាងក្រៅនៃទ្វារខាងក្នុង មានបន្ទប់ពីរនៅក្នុងទីលានខាងក្នុង មួយនៅជិតទ្វារទិសខាងជើង បែរមុខទៅទិសខាងត្បូង ហើយមួយទៀតនៅជិតទ្វារខាងកើត បែរមុខទៅទិសខាងជើង។ លោកក៏ប្រាប់ខ្ញុំថា បន្ទប់មួយនេះដែលបែរមុខទៅទិសខាងត្បូង សម្រាប់ពួកសង្ឃដែលរក្សាបញ្ញើនៃព្រះវិហារ ហើយបន្ទប់មួយដែលបែរមុខទៅទិសខាងជើង សម្រាប់ពួកសង្ឃដែលរក្សាបញ្ញើនៃអាសនា ឯពួកទាំងនោះ គឺជាកូនចៅរបស់សាដុក ក្នុងពួកកូនចៅលេវី ដែលចូលទៅជិតព្រះយេហូវ៉ា ដើម្បីធ្វើការងារថ្វាយព្រះអង្គ។ លោកក៏វាស់ទីលានមានប្រវែងមួយរយហត្ថ ទទឹងមួយរយហត្ថ បួនជ្រុងស្មើ ហើយអាសនាក៏នៅពីមុខព្រះវិហារ។ បន្ទាប់មក លោកនាំខ្ញុំទៅឯថែវនៃព្រះវិហារ លោកវាស់សសរថែវនោះបានប្រាំហត្ថខាងនេះ និងប្រាំហត្ថខាងនោះ ហើយទទឹងទ្វារនោះបានប្រាំហត្ថខាងនេះ និងបីហត្ថខាងនោះ។ ប្រវែងរបស់ថែវនោះ មានបណ្ដោយម្ភៃហត្ថ និងទទឹងដប់មួយហត្ថ ហើយគេឡើងទៅឯថែវនោះ តាមជណ្តើរ ក៏មានបង្គោលនៅក្បែរសសរទាំងនោះ ម្ខាងៗមានមួយ។
អេសេគាល 40:1-49 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅឆ្នាំទីម្ភៃប្រាំ ដែលគេកៀរយើងមកជាឈ្លើយ គឺដប់បួនឆ្នាំក្រោយពេលក្រុងយេរូសាឡឹមរលំ នៅថ្ងៃទីដប់ ក្នុងខែដើមឆ្នាំនោះ ព្រះអម្ចាស់បានដាក់ព្រះហស្ដលើខ្ញុំ ហើយលើកខ្ញុំទៅ។ ខ្ញុំនិមិត្តឃើញហេតុដ៏អស្ចារ្យពីព្រះជាម្ចាស់ គឺព្រះអង្គនាំខ្ញុំទៅស្រុកអ៊ីស្រាអែល ហើយដាក់ខ្ញុំនៅលើភ្នំមួយយ៉ាងខ្ពស់។ ខ្ញុំមើលទៅខាងត្បូងឃើញមានហាក់ដូចជាអាគាររបស់ទីក្រុងមួយ។ ព្រះអង្គនាំខ្ញុំទៅទីនោះ ឃើញមនុស្សម្នាក់មានភាពដូចលង្ហិន ឈរនៅក្បែរខ្លោងទ្វារទាំងកាន់ខ្សែវេញពីធ្មៃ និងឈើរង្វាស់មួយ។ បុរសនោះពោលមកខ្ញុំថា៖ «កូនមនុស្សអើយ ចូរខំប្រឹងមើល ចូរប្រុងត្រចៀកស្ដាប់ ចូរយកចិត្តទុកដាក់ចំពោះហេតុការណ៍ដែលខ្ញុំបង្ហាញឲ្យអ្នកឃើញ ដ្បិតព្រះអម្ចាស់នាំអ្នកមកទីនេះ ដើម្បីឲ្យអ្នកឃើញ។ បន្ទាប់មក ចូរយកហេតុការណ៍ទាំងអស់ដែលអ្នកឃើញ ទៅពន្យល់ប្រាប់កូនចៅអ៊ីស្រាអែល»។ ខ្ញុំមើលទៅឃើញមានកំពែងព័ទ្ធជុំវិញព្រះដំណាក់។ បុរសនោះកាន់ឈើរង្វាស់ ដែលមានបណ្ដោយប្រាំមួយហត្ថ (ក្នុងមួយហត្ថៗមានប្រវែងលើសពីខ្នាតធម្មតាមួយទះ) ទៅវាស់កំពែងនោះឃើញមានបណ្ដោយមួយឈើរង្វាស់ និងទទឹងមួយឈើរង្វាស់។ បន្ទាប់មក បុរសនោះទៅខ្លោងទ្វារដែលបែរមុខទៅទិសខាងកើត ហើយឡើងតាមជណ្ដើរ។ លោកវាស់ក្របខ្លោងទ្វារ ឃើញមានកម្រាស់មួយឈើរង្វាស់។ បន្ទប់តូចៗមានបណ្ដោយមួយឈើរង្វាស់ ទទឹងមួយឈើរង្វាស់។ ពីបន្ទប់មួយទៅបន្ទប់មួយ មានចន្លោះប្រាំហត្ថ។ ក្របទ្វារដែលនៅក្បែរច្រកខ្លោងទ្វារខាងក្នុង ក៏មានកម្រាស់មួយឈើរង្វាស់ដែរ។ លោកវាស់បន្ទប់ល្វែង ដែលនៅជាប់នឹងខ្លោងទ្វារខាងក្នុងឃើញមានទទឹងមួយឈើរង្វាស់។ រីឯបណ្ដោយបន្ទប់ល្វែងនោះ លោកវាស់ទៅឃើញមានប្រវែងប្រាំបីហត្ថ ហើយសសរនីមួយៗមានកម្រាស់ពីរហត្ថ។ បន្ទប់ល្វែងនៃខ្លោងទ្វារនោះស្ថិតនៅខាងក្នុង។ ចំនួនបន្ទប់តូចៗនៅខ្លោងទ្វារខាងកើតមានម្ខាងបី និងមានទំហំដូចៗគ្នា រីឯសសរដែលនៅសងខាងក៏មានទំហំដូចគ្នាដែរ។ លោកវាស់ទទឹងខ្លោងទ្វារ ឃើញមានប្រវែងដប់ហត្ថ ហើយបណ្ដោយមានដប់បីហត្ថ។ នៅពីមុខបន្ទប់តូចៗមានប្រឡោះមួយ ដែលជ្រុងនីមួយៗមានប្រវែងមួយហត្ថ។ រីឯជ្រុងនីមួយៗរបស់បន្ទប់តូចៗមានប្រវែងប្រាំមួយហត្ថ។ លោកវាស់ចុងជញ្ជាំងម្ខាងនៃបន្ទប់ រហូតដល់ចុងជញ្ជាំងម្ខាងនៃបន្ទប់មួយទៀតដែលនៅទល់មុខគ្នា ឃើញមានប្រវែងម្ភៃប្រាំហត្ថ។ លោកវាស់បន្ទប់ឃើញមានបណ្ដោយម្ភៃហត្ថ។ មានទីលាននៅជុំវិញបន្ទប់នោះ។ ពីខ្លោងទ្វារចូលរហូតដល់បន្ទប់ល្វែងនៅជាប់នឹងខ្លោងទ្វារខាងក្នុង មានប្រវែងហាសិបហត្ថ។ នៅតាមបន្ទប់តូចៗមានបង្អួចព័ទ្ធជុំវិញ បង្អួចនោះធ្វើពីចម្រឹងដែក ហើយក៏មានសសរព័ទ្ធជុំវិញដែរ។ នៅតាមបន្ទប់ល្វែងខាងក្នុង ក៏មានបង្អួចធ្វើពីចម្រឹងដែកព័ទ្ធជុំវិញដែរ។ នៅលើជញ្ជាំងមានឆ្លាក់ក្បាច់ដើមចាកជាលំអផង។ លោកបាននាំខ្ញុំទៅទីលានខាងក្រៅ ដែលមានក្រាលថ្មនៅជុំវិញទីលាននោះ មានបន្ទប់សាមសិប។ កម្រាលថ្មស្ថិតនៅជាប់ខ្លោងទ្វារ ហើយមានបណ្ដោយស្មើនឹងបណ្ដោយរបស់ខ្លោងទ្វារ។ កម្រាលថ្មនោះជាកម្រាលថ្មខាងក្រោម។ លោកវាស់ពីមុខខ្លោងទ្វារខាងក្រោមរហូតដល់ទីលានខាងក្នុង គឺពីទិសខាងកើត រហូតដល់ទិសខាងជើង មានប្រវែងមួយរយហត្ថ។ លោកវាស់បណ្ដោយ និងទទឹងរបស់ខ្លោងទ្វារដែលបែរមុខទៅរកទីលានខាងក្រៅ គឺនៅខាងជើងទីលាន។ ខ្លោងទ្វារនោះមានបន្ទប់តូចៗម្ខាងបីៗ រីឯជញ្ជាំង និងបន្ទប់ល្វែង ក៏មានទំហំដូចខ្លោងទ្វារទីមួយដែរ គឺបណ្ដោយហាសិបហត្ថ និងទទឹងម្ភៃប្រាំហត្ថ។ រីឯបង្អួច បន្ទប់ល្វែង និងក្បាច់ដើមចាក មានទំហំដូចខ្លោងទ្វារដែលបែរមុខទៅទិសខាងកើតដែរ។ ជណ្ដើរដែលឡើងទៅខ្លោងទ្វារមានប្រាំពីរកាំ ហើយបន្ទប់ល្វែងស្ថិតនៅពីមុខកាំជណ្ដើរនោះ។ នៅទីលានខាងក្នុងមានខ្លោងទ្វារមួយទៀត ដែលនៅទល់មុខខ្លោងទ្វារខាងជើង និងខ្លោងទ្វារខាងកើត។ លោកវាស់ពីខ្លោងទ្វារមួយទៅខ្លោងទ្វារមួយទៀត ឃើញមានប្រវែងមួយរយហត្ថ។ បន្ទាប់មក លោកនាំខ្ញុំទៅទិសខាងត្បូង ដែលមានខ្លោងទ្វារមួយបែរទៅខាងត្បូង លោកវាស់ជញ្ជាំង និងបន្ទប់ល្វែង ឃើញមានទំហំដូចគ្នា។ នៅជុំវិញខ្លោងទ្វារនេះ ព្រមទាំងបន្ទប់ល្វែង មានបង្អួច ដូចបង្អួចឯទៀតៗ។ ខ្លោងទ្វារ និងបន្ទប់ល្វែងនេះមានបណ្ដោយហាសិបហត្ថ និងទទឹងម្ភៃប្រាំហត្ថ។ ជណ្ដើរដែលឡើងទៅខ្លោងទ្វារមានប្រាំពីរកាំ ហើយបន្ទប់ល្វែងស្ថិតនៅពីមុខកាំជណ្ដើរនោះ។ នៅសងខាងមានឆ្លាក់ក្បាច់ដើមចាកលើសសរ។ ទីលានខាងក្នុងមានទ្វារមួយនៅខាងត្បូង។ លោកវាស់ពីខ្លោងទ្វារមួយទៅខ្លោងទ្វារមួយទៀត នៅខាងត្បូងមានប្រវែងមួយរយហត្ថ។ បន្ទាប់មក លោកនាំខ្ញុំចូលទៅទីលានខាងក្នុង តាមទ្វារខាងត្បូង។ លោកវាស់ទ្វារខាងត្បូងមានទំហំដូចទ្វារឯទៀតៗ។ បន្ទប់តូចៗ ជញ្ជាំង និងបន្ទប់ល្វែង ក៏មានទំហំដូចគ្នាដែរ។ ខ្លោងទ្វារ និងបន្ទប់ល្វែងនេះមានបង្អួចជុំវិញ ហើយមានបណ្ដោយហាសិបហត្ថ ទទឹងម្ភៃប្រាំហត្ថ។ ជុំវិញបន្ទប់ល្វែង មានបណ្ដោយម្ភៃប្រាំហត្ថ និងទទឹងប្រាំហត្ថ។ បន្ទប់ល្វែងទាំងនោះនៅជាប់នឹងទីលានខាងក្រៅ។ លើជញ្ជាំងមានឆ្លាក់ក្បាច់ដើមចាក ហើយជណ្ដើរដែលឡើងទៅខ្លោងទ្វារមានប្រាំបីកាំ។ លោកបាននាំខ្ញុំចូលទៅទីលានខាងក្នុង តាមខ្លោងទ្វារខាងកើត។ លោកវាស់ខ្លោងទ្វារមានទំហំដូចគ្នា។ បន្ទប់តូចៗ ជញ្ជាំង និងបន្ទប់ល្វែង ក៏មានទំហំដូចគ្នាដែរ។ ខ្លោងទ្វារ និងបន្ទប់ល្វែងនេះ មានបង្អួចជុំវិញ ហើយមានបណ្ដោយហាសិបហត្ថ ទទឹងម្ភៃប្រាំហត្ថ។ បន្ទប់ល្វែងទាំងនោះនៅជាប់នឹងទីលានខាងក្រៅ។ នៅសងខាង មានឆ្លាក់ក្បាច់ដើមចាកលើជញ្ជាំង ហើយជណ្ដើរដែលឡើងទៅខ្លោងទ្វារ មានប្រាំបីកាំ។ លោកនាំខ្ញុំទៅខ្លោងទ្វារខាងជើង ហើយវាស់ខ្លោងទ្វារឃើញមានទំហំដូចគ្នា រីឯបន្ទប់តូចៗ ជញ្ជាំង និងបន្ទប់ល្វែង ក៏មានទំហំដូចគ្នា។ មានបង្អួចជុំវិញ ហើយមានបណ្ដោយហាសិបហត្ថ ទទឹងម្ភៃប្រាំហត្ថ។ ជញ្ជាំងនៅជាប់នឹងទីលានខាងក្រៅ។ នៅសងខាង មានឆ្លាក់ក្បាច់ដើមចាកលើជញ្ជាំង ហើយជណ្ដើរដែលឡើងទៅខ្លោងទ្វារ មានប្រាំបីកាំ។ នៅក្បែរជញ្ជាំងទាំងនោះមានបន្ទប់មួយ ជាកន្លែងដែលគេលាងតង្វាយដុត។ ក្នុងបន្ទប់ល្វែងនៃខ្លោងទ្វារ មានតុពីរនៅម្ខាង និងតុពីរនៅម្ខាងទៀត។ គេអារ-កសត្វនៅលើតុទាំងនោះ សម្រាប់ថ្វាយជាតង្វាយដុតយញ្ញបូជាសុំឲ្យរួចពីបាប និងយញ្ញបូជាសុំលើកលែងទោស។ ត្រង់កន្លែងមួយ ដែលស្ថិតនៅខាងក្រៅនៃច្រកចូលតាមខ្លោងទ្វារខាងជើង មានតុពីរ ហើយនៅម្ខាងទៀត គឺនៅក្បែរបន្ទប់ល្វែង ក៏មានតុពីរដែរ។ នៅត្រង់បន្ទប់ល្វែង មានតុប្រាំបី គឺម្ខាងបួនៗ ដែលគេអារ-កសត្វពីលើ។ មានតុបួនទៀតដែលធ្វើពីផ្ទាំងថ្ម សម្រាប់ធ្វើពិធីយញ្ញបូជា។ តុនីមួយៗមានបណ្ដោយមួយហត្ថកន្លះ ទទឹងមួយហត្ថកន្លះ និងកម្ពស់មួយហត្ថ។ គេដាក់ឧបករណ៍សម្រាប់អារ-កសត្វថ្វាយតង្វាយដុត និងថ្វាយយញ្ញបូជាផ្សេងៗទៀតនៅលើតុនោះ។ នៅតាមគែមតុ មានចង្អូរព័ទ្ធជុំវិញ ចង្អូរនោះមានទទឹងមួយចង្អាម រីឯសាច់សម្រាប់ធ្វើយញ្ញបូជា គេដាក់នៅលើតុ។ នៅមុខខ្លោងទ្វារខាងក្នុង គឺនៅទីលានខាងក្នុង មានបន្ទប់ផ្សេងៗសម្រាប់អ្នកចម្រៀង។ បន្ទប់មួយស្ថិតជិតខ្លោងទ្វារខាងជើង ហើយបែរមុខទៅទិសខាងត្បូង មួយទៀតនៅជិតខ្លោងទ្វារខាងកើត ហើយបែរមុខទៅទិសខាងជើង។ លោកពោលមកខ្ញុំថា៖ «បន្ទប់បែរមុខទៅទិសខាងត្បូង ជាបន្ទប់របស់ពួកបូជាចារ្យដែលបំពេញការងារក្នុងព្រះដំណាក់។ រីឯបន្ទប់បែរមុខទៅទិសខាងជើង ជាបន្ទប់របស់ពួកបូជាចារ្យដែលបំពេញការងារនៅទីអាសនៈ។ អ្នកទាំងនោះជាកូនចៅរបស់លោកសាដុក ក្នុងកុលសម្ព័ន្ធលេវី ដែលមានភារកិច្ចចូលមកបម្រើព្រះអម្ចាស់»។ លោកវាស់ទីលានដែលមានរាងបួនជ្រុងស្មើ ជ្រុងនីមួយៗមានប្រវែងមួយរយហត្ថ។ រីឯអាសនៈស្ថិតនៅមុខទីសក្ការៈ។ លោកនាំខ្ញុំចូលទៅក្នុងបន្ទប់ល្វែងនៃព្រះដំណាក់។ លោកវាស់សសរបន្ទប់នោះ ម្ខាងៗមានប្រវែងប្រាំហត្ថ។ រីឯទទឹងខ្លោងទ្វារ ម្ខាងៗមានប្រវែងបីហត្ថ។ បន្ទប់ល្វែងនោះមានបណ្ដោយម្ភៃហត្ថ និងទទឹងដប់មួយហត្ថ។ មានជណ្ដើរឡើងទៅកាន់បន្ទប់ល្វែងនោះ ហើយមានបង្គោលនៅក្បែរសសរ គឺម្ខាងៗមានបង្គោលមួយ។
អេសេគាល 40:1-49 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នៅឆ្នាំ២៥ ដែលយើងរាល់គ្នានៅជាឈ្លើយ លុះដល់ថ្ងៃ១០ខែដើមឆ្នាំ គឺក្នុងឆ្នាំទី១៤ តាំងពីទីក្រុងត្រូវគេវាយមក នៅថ្ងៃនោះឯង ព្រះហស្តនៃព្រះយេហូវ៉ាបានសណ្ឋិតនៅលើខ្ញុំ ហើយទ្រង់នាំខ្ញុំទៅឯទីនោះ ទ្រង់បាននាំខ្ញុំទៅក្នុងស្រុកអ៊ីស្រាអែល ដោយការជាក់ស្តែងរបស់ព្រះ ហើយបានដាក់ខ្ញុំចុះលើភ្នំ១យ៉ាងខ្ពស់ ដែលនៅភ្នំនោះ មានសណ្ឋានដូចជាទីក្រុង នៅប៉ែកខាងត្បូង ទ្រង់នាំខ្ញុំទៅឯទីនោះ ខ្ញុំក៏ឃើញមានមនុស្សម្នាក់មានភាពដូចជាលង្ហិន ដែលកាន់ខ្សែខ្លូតទេសនៅដៃ នឹងបបុសសំរាប់វាស់ផង លោកឈរនៅក្នុងទ្វារ មនុស្សនោះក៏និយាយមកខ្ញុំថា កូនមនុស្សអើយ ចូរពិនិត្យដោយភ្នែក ហើយស្តាប់ដោយត្រចៀកចុះ រួចយកចិត្តទុកដាក់នឹងគ្រប់ទាំងអស់ ដែលអញបង្ហាញដល់ឯង ដ្បិតបាននាំឯងមកនៅទីនេះ ប្រយោជន៍ឲ្យអញបានបង្ហាញទាំងអស់នេះដល់ឯងហើយ ដូច្នេះ ចូរប្រាប់ទាំងអស់ដែលឯងឃើញ ដល់ពួកវង្សអ៊ីស្រាអែលផង។ នោះក៏ឃើញមានកំផែង នៅព័ទ្ធជុំវិញ ខាងក្រៅនៃព្រះវិហារ ហើយនៅដៃមនុស្សនោះ មានបបុសសំរាប់វាស់ប្រវែង៦ហត្ថ ដែលក្នុង១ហត្ថនោះ ត្រូវជា១ហត្ថ១ទះ ដូច្នេះ លោកក៏វាស់កំរាស់កំផែងនោះត្រូវជា១ខ្នាតបបុស ហើយកំពស់ក៏១ខ្នាតនោះដែរ រួចលោកទៅដល់ទ្វារដែលបើកទៅទិសខាងកើត ក៏ឡើងជណ្តើរទ្វារនោះ ទៅវាស់ទទឹងមាត់ទ្វារបាន១ខ្នាត ហើយទទឹង១ទៀតក៏បាន១ខ្នាតដូចគ្នា គ្រប់ទាំងបន្ទប់ មានបណ្តោយ១ខ្នាត នឹងទទឹង១ខ្នាត ឯប្រឡោះកណ្តាលបន្ទប់ទាំងនោះ មាន៥ហត្ថ ហើយមាត់ទ្វារបាំងសាចនៃទ្វារខាងក្នុងក៏១ខ្នាតដែរ លោកក៏វាស់បាំងសាចទ្វារខាងក្នុង បាន១ខ្នាត រួចលោកវាស់បាំងសាចបាន៨ហត្ថ ហើយសសរបាំងសាចនោះបាន២ហត្ថ ឯបាំងសាចនៃទ្វារកំផែងនោះនៅខាងក្នុង បន្ទប់ទាំងប៉ុន្មានរបស់ទ្វារខាងកើត នោះមាន៣ខាងនេះ ហើយ៣ខាងនោះ គ្រប់ទាំង៣មានទំហំដូចគ្នា ហើយសសរខាងនេះនឹងនៅខាងនោះ ក៏មានទំហំដូចគ្នាដែរ លោកក៏វាស់ទទឹងនៃផ្លូវចូលតាមទ្វារកំផែងបាន១០ហត្ថ ហើយបណ្តោយបាន១៣ហត្ថ ក៏មានរបង១ហត្ថ នៅពីមុខបន្ទប់នីមួយៗ ទាំងខាងនេះ នឹងខាងនោះផង បន្ទប់ទាំងនោះមានទំហំ៦ហត្ថ៤ជ្រុងស្មើ លោកក៏វាស់ទ្វារពីដំបូលបន្ទប់១ ដល់ដំបូលបន្ទប់ម្ខាងបានទទឹង២៥ហត្ថ មានទ្វារទល់មុខនឹងទ្វារ លោកក៏ធ្វើសសរបាន៦០ហត្ថ ហើយទីលានក៏ត្រឹមសសរទាំងនោះ នៅព័ទ្ធជុំវិញទ្វារកំផែង ចាប់តាំងពីមុខទ្វារកំផែងត្រង់ផ្លូវចូល រហូតដល់មុខបាំងសាចខាងក្នុងនៃទ្វារនោះបាន៥០ហត្ថ បន្ទប់ទាំងនោះមានបង្អួចបិទ ព្រមទាំងនៅសសរខាងក្នុងទ្វារកំផែងព័ទ្ធជុំវិញ ហើយនៅក្នុងខ្លោងទ្វារផង មានបង្អួចនៅព័ទ្ធជុំវិញខាងក្នុង ហើយនៅសសរនីមួយៗ មានឆ្លាក់ជាដើមលម៉ើ។ រួចលោកនាំខ្ញុំទៅឯទីលានខាងក្រៅ នោះឃើញមានបន្ទប់ ហើយកំរាលថ្មដែលធ្វើសំរាប់ទីលាននៅជុំវិញ គឺមានបន្ទប់៣០ នៅលើកំរាលថ្មនោះ កំរាលថ្មនោះក៏នៅក្បែរទ្វារ ត្រូវនឹងប្រវែងទ្វារ នោះជាកំរាលថ្មជាន់ក្រោម រួចលោកវាស់ទទឹងទីលានពីខាងក្រៅ ចាប់តាំងពីមុខទ្វារកំផែងខាងក្រោម រហូតដល់មុខទីលានខាងក្នុងបាន១០០ហត្ថ ទាំងខាងកើតនឹងខាងជើងផង។ លោកក៏វាស់បណ្តោយ នឹងទទឹងនៃទ្វារកំផែងរបស់ទីលានខាងក្រៅ ដែលបើកទៅខាងជើង ហើយមានបន្ទប់៣ខាងនេះ នឹង៣ខាងនោះដែរ ឯសសរ នឹងខ្លោងទ្វារនោះ ក៏មានទំហំត្រូវគ្នានឹងទ្វារទី១ គឺបណ្តោយ៥០ហត្ថ ទទឹង២៥ហត្ថ អស់ទាំងបង្អួច នឹងខ្លោងទ្វារ ហើយក្បាច់ដើមលម៉ើ ក៏មានទំហំដូចជាទ្វារកំផែង ដែលបើកទៅទិសខាងកើត មានជណ្តើរ៧ថ្នាក់ឡើងទៅដល់ទ្វារនោះ រួចមានខ្លោងទ្វារពីមុខដែរ ក៏មានទ្វារចូលទៅក្នុងទីលានខាងក្នុង ដែលប្រទល់មុខនឹងទ្វារនោះទាំងខាងជើង នឹងខាងកើតផង រួចលោកវាស់ពីទ្វារ១ទៅទ្វារ១ទៀតបាន១០០ហត្ថ។ លោកក៏នាំខ្ញុំទៅខាងត្បូង នោះឃើញមានទ្វារ១ ដែលបើកទៅទិសខាងត្បូងដែរ លោកវាស់សសរ នឹងខ្លោងទ្វារទាំងនោះ ក៏ត្រូវនឹងទំហំទាំងនោះ ក៏មានបង្អួចនៅទីនោះ ហើយនៅខ្លោងទ្វារព័ទ្ធជុំវិញ ដូចជាបង្អួចពីមុន ទ្វារនោះបណ្តោយបាន៥០ហត្ថ ហើយទទឹង២៥ហត្ថ ក៏មានជណ្តើរ៧ថ្នាក់ឡើងទៅដល់ទ្វារ នឹងខ្លោងទ្វារពីមុខនោះដែរ នៅសសរទាំងសងខាង មានក្បាច់ដើមលម៉ើ១ខាងនេះ ហើយ១ខាងនោះ ក៏មានទ្វារ១បើកទៅក្នុងទីលានខាងក្នុង ដែលនៅទិសខាងត្បូង ហើយលោកវាស់ពីទ្វារកំផែង១ ទៅដល់ទ្វារកំផែង១ទៀតខាងត្បូង នោះបាន១០០ហត្ថ។ រួចលោកនាំខ្ញុំទៅដល់ទីលានខាងក្នុង ក្បែរទ្វារកំផែងខាងត្បូង លោកវាស់ទ្វារខាងត្បូង ក៏ត្រូវនឹងទំហំទាំងនោះ ឯបន្ទប់ទាំងប៉ុន្មាន នឹងសសរ ហើយខ្លោងទ្វារ នោះមានទំហំដូចគ្នាដែរ មានបង្អួចនៅទីនោះ ហើយនៅខ្លោងទ្វារព័ទ្ធជុំវិញ ទ្វារនោះក៏បណ្តោយ៥០ហត្ថ នឹងទទឹង២៥ហត្ថដូចគ្នា ហើយមានខ្លោងទ្វារនៅជុំវិញបណ្តោយ២៥ហត្ថ នឹងទទឹង៥ហត្ថ ខ្លោងទ្វារទាំងនោះក៏បែរទៅខាងទីលានខាងក្រៅ ហើយមានក្បាច់ដើមលម៉ើ នៅសសរទាំងប៉ុន្មាន ឯជណ្តើរឡើងទៅឯទ្វារនោះមាន៨ថ្នាក់វិញ។ បន្ទាប់មក លោកនាំខ្ញុំទៅឯទីលានខាងក្នុង ដែលនៅទិសខាងកើត លោកក៏វាស់ទ្វារនោះមានទំហំត្រូវគ្នាដែរ ឯបន្ទប់ទាំងប៉ុន្មាន នឹងសសរ ហើយខ្លោងទ្វារ ក៏ត្រូវតាមទំហំទាំងនោះទៀត មានទាំងបង្អួចនៅទីនោះ ហើយនៅខ្លោងទ្វារព័ទ្ធជុំវិញ ទ្វារនោះក៏មានបណ្តោយ៥០ហត្ថ ទទឹង២៥ហត្ថ ឯខ្លោងទ្វារក៏បែរទៅឯទីលានខាងក្រៅ មានក្បាច់ដើមលម៉ើ នៅសសរសងខាង ខាងឯជណ្តើរដែលឡើងទៅឯទ្វារនោះ មាន៨ថ្នាក់ដែរ។ រួចលោកនាំខ្ញុំទៅឯទ្វារទិសខាងជើង ក៏វាស់ទ្វារនោះ មានទំហំត្រូវគ្នាដែរ បន្ទប់ទាំងប៉ុន្មាន នឹងសសរ ហើយខ្លោងទ្វារផង ក៏មានបង្អួចនៅជុំវិញ ទ្វារនោះបណ្តោយ៥០ហត្ថ ទទឹង២៥ហត្ថដូចគ្នា សសរទាំងប៉ុន្មានក៏បែរទៅឯទីលានខាងក្រៅ ហើយមានក្បាច់ដើមលម៉ើទាំងសងខាង ឯជណ្តើរដែលឡើងទៅឯទ្វារនោះ ក៏មាន៨ថ្នាក់ដែរ។ មានបន្ទប់១ដែលមានទ្វារក្បែរសសរ នៅត្រង់ទ្វារកំផែង គឺជាទីនោះដែលគេលាងដង្វាយដុត ហើយនៅបាំងសាចនៃទ្វារកំផែង មានតុ២នៅខាងនេះ ហើយ២ខាងនោះ សំរាប់នឹងសំឡាប់ដង្វាយដុត យញ្ញបូជាលោះបាប នឹងយញ្ញបូជា ដែលថ្វាយដោយព្រោះការរំលង ឯខាងក្រៅ ដែលឡើងទៅឯផ្លូវចូលទ្វារកំផែងទិសខាងជើង នោះមានតុ២ម្ខាង ហើយ២ម្ខាងទៀតរបស់បាំងសាចនៃទ្វារកំផែងនោះ មានតុ៤ខាងនេះ ហើយ៤ខាងនោះ ដែលនៅខាងៗនៃទ្វារកំផែង គឺទាំងអស់មានតុ៨ សំរាប់នឹងសំឡាប់យញ្ញបូជា ក៏មានតុ៤ដាប់ពីថ្មប្រវែង១ហត្ថកន្លះ ទទឹង១ហត្ថកន្លះ ហើយកំពស់១ហត្ថសំរាប់ដង្វាយដុត ជាកន្លែងដែលដាក់គ្រឿងប្រដាប់សំរាប់សំឡាប់ដង្វាយដុត នឹងយញ្ញបូជានោះ ហើយមានទំពក់ប្រវែង១ទះ ភ្ជាប់នឹងជញ្ជាំងជុំវិញ ឯសាច់នៃដង្វាយក៏នៅលើតុទាំងនោះ។ នៅខាងក្រៅនៃទ្វារខាងក្នុង នោះមានបន្ទប់សំរាប់ពួកចំរៀង នៅក្នុងទីលានខាងក្នុង ដែលនៅត្រង់ទ្វារទិសខាងជើង ឯបន្ទប់ទាំងនោះបើកទៅខាងត្បូង ហើយមាន១ទៀត នៅត្រង់ទ្វារខាងកើត ដែលបើកទៅទិសខាងជើង លោកក៏ប្រាប់ខ្ញុំថា បន្ទប់១នេះដែលបើកទៅខាងត្បូង នោះសំរាប់ពួកសង្ឃដែលរក្សាបញ្ញើនៃព្រះវិហារ ហើយបន្ទប់១ដែលបើកទៅខាងជើង នោះសំរាប់ពួកសង្ឃដែលរក្សាបញ្ញើនៃអាសនា ឯពួកទាំងនោះ គឺជាកូនចៅរបស់សាដុក ក្នុងពួកកូនចៅលេវី ដែលចូលទៅជិតព្រះយេហូវ៉ា ដើម្បីធ្វើការងារថ្វាយទ្រង់ លោកក៏វាស់ទីលានបានប្រវែង១០០ហត្ថ ទទឹង១០០ហត្ថ ៤ជ្រុងស្មើ ហើយអាសនាក៏នៅពីមុខព្រះវិហារ។ រួចលោកនាំខ្ញុំទៅឯបាំងសាចនៃព្រះវិហារ លោកវាស់សសរបាំងសាចនោះបាន៥ហត្ថខាងនេះ នឹង៥ហត្ថខាងនោះ ហើយទទឹងទ្វារនោះបាន៥ហត្ថខាងនេះ នឹង៣ហត្ថខាងនោះ ប្រវែងរបស់បាំងសាចនោះ មាន២០ហត្ថ នឹងទទឹង១១ហត្ថ ហើយគេឡើងទៅឯបាំងសាចនោះ ដោយថ្នាក់ជណ្តើរ ក៏មានបង្គោលនៅក្បែរសសរទាំងនោះ ១ខាងនេះ ហើយ១ខាងនោះ។