អេសេគាល 4:4-8

អេសេគាល 4:4-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បន្ទាប់​មក ចូរ​អ្នក​ដេក​ផ្អៀង​ទៅ​ខាង​ឆ្វេង ហើយ​ដាក់​អំពើ​ទុច្ចរិត​របស់​ពូជ‌ពង្ស​អ៊ីស្រា‌អែល នៅ​លើ​ខ្លួន​ចុះ អ្នក​ត្រូវ​ទទួលអំពើ​ទុច្ចរិត​របស់​គេ​តាម​ចំនួន​ថ្ងៃ​ដែល​អ្នក​ដេក​ផ្អៀង​នោះ។ យើង​បាន​រាប់​ចំនួន​ថ្ងៃ​ស្មើ​នឹង​ចំនួន​ឆ្នាំ ដែល​គេ​ត្រូវ​រង​សេចក្ដី​ទុច្ចរិត​របស់​ខ្លួន គឺ​បី​រយ​កៅ​សិប​ថ្ងៃ អ្នក​ត្រូវ​ទទួល​អំពើ​ទុច្ចរិត​របស់​ពូជ‌ពង្ស​អ៊ីស្រា‌អែល នៅ​លើ​ខ្លួន​យ៉ាង​ដូច្នោះ ពេល​អ្នក​បានដេកផ្អៀង​គ្រប់​ចំនួន​ថ្ងៃ​ទាំង​នោះ​ហើយ អ្នក​ត្រូវ​ដេក​ផ្អៀង​ទៅ​ខាង​ស្តាំ​ម្ដង ហើយ​ត្រូវ​ទទួល​អំពើ​ទុច្ចរិត​របស់​ពូជ‌ពង្ស​យូដា​អស់​សែសិប​ថ្ងៃ​ទៀត យើង​បាន​កំណត់​មួយ​ថ្ងៃ ទុក​ជា‌មួយ​ឆ្នាំ។ អ្នក​ត្រូវសម្លឹង​មើល​ទៅ​ក្រុង​យេរូសាឡិម​ដែល​គេ​ឡោម‌ព័ទ្ធ ហើយ​លើក​ដៃ ទាយ​ទាស់​នឹង​ទី​ក្រុង។ មើល៍! យើង​នឹងយក​ខ្សែ​នេះ​ចង​អ្នក មិន​ឲ្យ​ប្រែ​ខ្លួន​ពី​ម្ខាង​ទៅ​ម្ខាង​ឡើយ រហូត​ដល់​គ្រប់​ចំនួន​ថ្ងៃ​ដែល​អ្នក​ត្រូវ​ឡោម‌ព័ទ្ធ​នោះ។

ចែក​រំលែក
អាន អេសេគាល 4

អេសេគាល 4:4-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

រីឯ​អ្នក​វិញ ចូរ​ដេក​ផ្អៀង​ខាង​ឆ្វេង ហើយ​ដាក់​អំពើ​បាប​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​លើ​ខ្លួន​អ្នក​ដែរ។ អ្នក​ត្រូវ​ទទួល​យក​អំពើ​បាប​របស់​ពួក​គេ​គ្រប់​ចំនួន​ថ្ងៃ​ដែល​អ្នក​ដេក​ផ្អៀង។ យើង​ឲ្យ​អ្នក​ដេក​ដូច្នេះ បី​រយ​កៅ‌សិប​ថ្ងៃ ស្មើ​នឹង​ចំនួន​ឆ្នាំ​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត​អំពើ​បាប។ អ្នក​ត្រូវ​ផ្ទុក​អំពើ​បាប​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​តាម​របៀប​នេះ។ ពេល​អ្នក​ដេក​ផ្អៀង​ខាង​ឆ្វេង​គ្រប់​ចំនួន​ថ្ងៃ​ហើយ ចូរ​ដេក​ផ្អៀង​ខាង​ស្ដាំ​ម្ដង។ អ្នក​ត្រូវ​ផ្ទុក​អំពើ​បាប​របស់​ជន‌ជាតិ​យូដា​ចំនួន​សែ‌សិប​ថ្ងៃ គឺ​មួយ​ថ្ងៃ​ស្មើ​នឹង​មួយ​ឆ្នាំ។ អ្នក​ត្រូវ​សម្លឹង​ទៅ​រក​ក្រុង​យេរូ‌សាឡឹម ដែល​ខ្មាំង​ឡោម‌ព័ទ្ធ ហើយ​លើក​ដៃ​ប្រកាស​ប្រឆាំង​នឹង​ក្រុង​នេះ​ក្នុង​នាម​យើង។ យើង​នឹង​យក​ខ្សែ‌ពួរ​ចង​អ្នក ដើម្បី​កុំ​ឲ្យ​អ្នក​អាច​ប្រែ​ពី​ម្ខាង​ទៅ​ម្ខាង រហូត​ដល់​គ្រប់​ចំនួន​ថ្ងៃ ដែល​អ្នក​ត្រូវ​ឡោម‌ព័ទ្ធ​ទីក្រុង។

ចែក​រំលែក
អាន អេសេគាល 4

អេសេគាល 4:4-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

មួយ​ទៀត ចូរ​ឯង​ដេក​ផ្អៀង​ទៅ​ខាង​ឆ្វេង ហើយ​ផ្ទុក​សេចក្ដី​ទុច្ចរិត​របស់​ពូជ‌ពង្ស​អ៊ីស្រាអែល នៅ​លើ​ខ្លួន​ចុះ​ត្រូវ​ឲ្យ​ឯង​ទទួល​សេចក្ដី​ទុច្ចរិត​របស់​គេ តាម​ចំនួន​ថ្ងៃ​ដែល​ឯង​ដេក​ផ្អៀង​ខាង​នោះ ដ្បិត​អញ​បាន​រាប់​ចំនួន​ថ្ងៃ​ឲ្យ​ស្មើ​នឹង​ចំនួន​ឆ្នាំ ដែល​គេ​ត្រូវ​រង​សេចក្ដី​ទុច្ចរិត​របស់​ខ្លួន គឺ​៣៩០​ថ្ងៃ ត្រូវ​ឲ្យ​ឯង​ទទួល​អំពើ​ទុច្ចរិត​របស់​ពូជ‌ពង្ស​អ៊ីស្រាអែល នៅ​លើ​ខ្លួន​យ៉ាង​ដូច្នោះ រួច​កាល​ណា​ឯង​បាន​សំរេច​ថ្ងៃ​ទាំង​នោះ​ហើយ នោះ​ត្រូវ​ឲ្យ​ឯង​ដេក​ផ្អៀង​ទៅ​ខាង​ស្តាំ​វិញ ហើយ​ត្រូវ​ទទួល​អំពើ​ទុច្ចរិត​របស់​ពូជ‌ពង្ស​យូដា​អស់​៤០​ថ្ងៃទៀត អញ​បាន​កំណត់​១​ថ្ងៃ ទុក​ជា​១​ឆ្នាំ​ដល់​ឯង លំដាប់​នោះ ត្រូវ​ឲ្យ​ឯង​ដំរង់​មុខ​ទៅ​ខាង​ការ​ឡោម‌ព័ទ្ធ​ច្បាំង​នឹង​ក្រុង​យេរូ‌សាឡិម ដោយ​មាន​ដើម​ដៃ​ឯង​បើក​ទទេ​នៅ ហើយ​ត្រូវ​ទាយ​ទាស់​នឹង​ទី​ក្រុង​ដែរ មើល អញ​ដាក់​ខ្សែ​នេះ​ចង​ឯង​ជាប់ មិន​ឲ្យ​ប្រែ​ខ្លួន​ពី​ម្ខាង​ទៅ​ម្ខាង​ឡើយ ដរាប​ដល់​បាន​សំរេច​កំណត់​ថ្ងៃ​ដែល​ឯង​ឡោម‌ព័ទ្ធ​ច្បាំង​នោះ។

ចែក​រំលែក
អាន អេសេគាល 4