អេសេគាល 4:1-17

អេសេគាល 4:1-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

«កូន​មនុស្ស​អើយ ចូរ​យក​ឥដ្ឋ​មួយ​ដុំ​មក​ដាក់​នៅ​មុខ​អ្នក ហើយ​គូរ​ផែន​ទី​ក្រុង​យេរូ‌សាឡិម​នៅ​លើ​ឥដ្ឋ​នោះ។ រួច​នាំ​ទាហាន​មក​ឡោម‌ព័ទ្ធ ព្រម​ទាំង​សង់​ប៉ម ជីក​ស្នាម​ភ្លោះ ធ្វើ​បន្ទាយ​ទាស់​នឹងក្រុង​នេះ ហើយ​ធ្វើ​គ្រឿងសស្ត្រាវុធ​បុក​ទម្លាយ​កំផែង​ជុំ‌វិញ​ផង។ ត្រូវ​យក​បន្ទះ​ដែក​មកធ្វើ​ជា​ជញ្ជាំង​ខណ្ឌ​អ្នក​នឹង​ទី​ក្រុង​នេះ ចូរ​មើល​ទៅ​ទីក្រុងនោះ ដែល​ត្រូវ​គេ​ឡោម‌ព័ទ្ធ​ច្បាំង នេះ​ជា​ទី​សម្គាល់​សម្រាប់​ពួក​វង្ស​អ៊ីស្រា‌អែល។ បន្ទាប់​មក ចូរ​អ្នក​ដេក​ផ្អៀង​ទៅ​ខាង​ឆ្វេង ហើយ​ដាក់​អំពើ​ទុច្ចរិត​របស់​ពូជ‌ពង្ស​អ៊ីស្រា‌អែល នៅ​លើ​ខ្លួន​ចុះ អ្នក​ត្រូវ​ទទួលអំពើ​ទុច្ចរិត​របស់​គេ​តាម​ចំនួន​ថ្ងៃ​ដែល​អ្នក​ដេក​ផ្អៀង​នោះ។ យើង​បាន​រាប់​ចំនួន​ថ្ងៃ​ស្មើ​នឹង​ចំនួន​ឆ្នាំ ដែល​គេ​ត្រូវ​រង​សេចក្ដី​ទុច្ចរិត​របស់​ខ្លួន គឺ​បី​រយ​កៅ​សិប​ថ្ងៃ អ្នក​ត្រូវ​ទទួល​អំពើ​ទុច្ចរិត​របស់​ពូជ‌ពង្ស​អ៊ីស្រា‌អែល នៅ​លើ​ខ្លួន​យ៉ាង​ដូច្នោះ ពេល​អ្នក​បានដេកផ្អៀង​គ្រប់​ចំនួន​ថ្ងៃ​ទាំង​នោះ​ហើយ អ្នក​ត្រូវ​ដេក​ផ្អៀង​ទៅ​ខាង​ស្តាំ​ម្ដង ហើយ​ត្រូវ​ទទួល​អំពើ​ទុច្ចរិត​របស់​ពូជ‌ពង្ស​យូដា​អស់​សែសិប​ថ្ងៃ​ទៀត យើង​បាន​កំណត់​មួយ​ថ្ងៃ ទុក​ជា‌មួយ​ឆ្នាំ។ អ្នក​ត្រូវសម្លឹង​មើល​ទៅ​ក្រុង​យេរូសាឡិម​ដែល​គេ​ឡោម‌ព័ទ្ធ ហើយ​លើក​ដៃ ទាយ​ទាស់​នឹង​ទី​ក្រុង។ មើល៍! យើង​នឹងយក​ខ្សែ​នេះ​ចង​អ្នក មិន​ឲ្យ​ប្រែ​ខ្លួន​ពី​ម្ខាង​ទៅ​ម្ខាង​ឡើយ រហូត​ដល់​គ្រប់​ចំនួន​ថ្ងៃ​ដែល​អ្នក​ត្រូវ​ឡោម‌ព័ទ្ធ​នោះ។ អ្នក​ត្រូវ​យក​ម្សៅ​ភោជ្ជ‌សាលី ម្សៅ​ឱក សណ្តែក​អង្គុយ សណ្តែក​បាយ ថ្ពៅ ហើយ​ស្រូវ​អេប៉ូត​មក​ដាក់​ក្នុង​ផើង ហើយ​ប្រើ​ធ្វើ​ជា​នំបុ័ង​សម្រាប់​ខ្លួន តាម​ចំនួន​ថ្ងៃ​ដែល​អ្នក​ត្រូវ​ដេក​ផ្អៀង​នោះ គឺ​អ្នក​ត្រូវ​ស៊ី​នំបុ័ង​នោះ​គ្រប់​បីរយ​កៅ​សិប​ថ្ងៃ ឯ​អាហារ​ដែល​អ្នក​នឹង​ស៊ី គឺ​ម្ភៃ​សេកែល​សម្រាប់​មួយ​ថ្ងៃ ហើយ​ត្រូវ​ស៊ី​បន្តិច​ម្តងៗ។ ឯ​ទឹក​ក៏​ត្រូវ​វាល់​ដែរ គឺ​ពីរ​កំប៉ុង​ក្នុង​មួយ​ថ្ងៃ ហើយ​ត្រូវ​ផឹក​បន្តិច​ម្តងៗ​ដូច​គ្នា។ អ្នក​ត្រូវ​ស៊ី​នំបុ័ង​នោះ​ទុក​ដូច​ជា​នំ​ម្សៅ​ឱក ហើយ​ត្រូវ​ចម្អិន​នំបុ័ង​នោះ​នៅ​មុខ​គេ ដោយ​ដុត​លាមក​មនុស្ស»។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «ពួក​កូន​ចៅ​អ៊ីស្រា‌អែល​នឹង​ស៊ី​នំបុ័ង​ស្មោក‌គ្រោក​របស់​គេ​យ៉ាង​ដូច្នោះ នៅ​កណ្ដាល​អស់​ទាំង​សាសន៍​ដែល​យើង​បណ្តេញ​គេ​ទៅ»។ ខ្ញុំ​ក៏​ប្រកែក​ថា៖ «ឱ​ព្រះ‌អម្ចាស់‌យេហូវ៉ា​អើយ មើល៍ ព្រលឹង​ទូល‌បង្គំ​មិន​ដែល​ត្រូវ​ស្មោក‌គ្រោក​ឡើយ តាំង​ពី​ក្មេង​រហូត​ដល់​សព្វ​ថ្ងៃ​នេះ ទូល‌បង្គំ​មិន​ដែល​ទទួល​ទាន​អ្វី​ដែល​ស្លាប់ ឬ​ដែល​ត្រូវ​សត្វ​ណា​ហែក‌ហួរ​ឡើយ ក៏​មិន​ដែល​មាន​សាច់​គួរ​ខ្ពើម​ចូល​ក្នុង​មាត់​ទូល‌បង្គំ​ដែរ»។ ពេល​នោះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «បើ​ដូច្នេះ យើង​ឲ្យ​អ្នក​ប្រើ​លាមក​គោ ជំនួស​លាមក​របស់​មនុស្ស​វិញ សម្រាប់​ដុត​នំបុ័ង​នោះ»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ទៀត​ថា៖ «កូន​មនុស្ស​អើយ យើង​នឹង​ផ្តាច់​ស្បៀង​ពួក​ក្រុង​យេរូ‌សាឡិម គេ​នឹង​ស៊ី​នំបុ័ង​ដោយ​ថ្លឹង ហើយព្រួយ​បារម្ភ ហើយ​ផឹក​ទឹក​ដោយ​វាល់ ព្រម​ទាំង​ភ័យ​ញាប់​ញ័រ។ យើង​នឹង​ធ្វើ​ឲ្យ​គេ​ខ្វះ​អាហារ ខ្វះ​ទឹក ព្រម​ទាំង​មាន​ការ​ភ័យ​ញ័រ ហើយ​ត្រូវ​វិនាស​ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​គេ»។

ចែក​រំលែក
អាន អេសេគាល 4

អេសេគាល 4:1-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

«កូន​មនុស្ស​អើយ ចូរ​យក​ឥដ្ឋ​មួយ​ដុំ​មក​ដាក់​នៅ​មុខ​អ្នក ហើយ​គូរ​ផែន​ទីក្រុង​យេរូ‌សាឡឹម​នៅ​លើ​ឥដ្ឋ​នោះ។ បន្ទាប់​មក ចូរ​ដាក់​ខ្មាំង​សត្រូវ​ឡោម‌ព័ទ្ធ​ក្រុង​នោះ ព្រម​ទាំង​សង់​ប៉ម និង​លើក​ទួល​ឡើង​សម្រាប់​វាយ​លុក​ក្រុង​នោះ​ផង។ ចូរ​ដាក់​ទី​តាំង​ទ័ព និង​ដាក់​គ្រឿង​សស្ត្រា‌វុធ​ដ៏​ធំៗ ត្រៀម​ជុំ‌វិញ​ទីក្រុង ដើម្បី​ទម្លុះ​កំពែង។ ចូរ​យក​បន្ទះ​ដែក​មួយ​មក​ធ្វើ​ជា​ជញ្ជាំង​ខណ្ឌ​អ្នក​ពី​ក្រុង​នោះ។ ចូរ​សម្លឹង​ទៅ​រក​ទីក្រុង ហើយ​ឡោម‌ព័ទ្ធ​ក្រុង​នោះ ទុក​ជា​ទី​សម្គាល់​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​ដឹង​ថា ខ្មាំង​សត្រូវ​នឹង​ព័ទ្ធ​ក្រុង​យេរូ‌សាឡឹម។ រីឯ​អ្នក​វិញ ចូរ​ដេក​ផ្អៀង​ខាង​ឆ្វេង ហើយ​ដាក់​អំពើ​បាប​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​លើ​ខ្លួន​អ្នក​ដែរ។ អ្នក​ត្រូវ​ទទួល​យក​អំពើ​បាប​របស់​ពួក​គេ​គ្រប់​ចំនួន​ថ្ងៃ​ដែល​អ្នក​ដេក​ផ្អៀង។ យើង​ឲ្យ​អ្នក​ដេក​ដូច្នេះ បី​រយ​កៅ‌សិប​ថ្ងៃ ស្មើ​នឹង​ចំនួន​ឆ្នាំ​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត​អំពើ​បាប។ អ្នក​ត្រូវ​ផ្ទុក​អំពើ​បាប​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​តាម​របៀប​នេះ។ ពេល​អ្នក​ដេក​ផ្អៀង​ខាង​ឆ្វេង​គ្រប់​ចំនួន​ថ្ងៃ​ហើយ ចូរ​ដេក​ផ្អៀង​ខាង​ស្ដាំ​ម្ដង។ អ្នក​ត្រូវ​ផ្ទុក​អំពើ​បាប​របស់​ជន‌ជាតិ​យូដា​ចំនួន​សែ‌សិប​ថ្ងៃ គឺ​មួយ​ថ្ងៃ​ស្មើ​នឹង​មួយ​ឆ្នាំ។ អ្នក​ត្រូវ​សម្លឹង​ទៅ​រក​ក្រុង​យេរូ‌សាឡឹម ដែល​ខ្មាំង​ឡោម‌ព័ទ្ធ ហើយ​លើក​ដៃ​ប្រកាស​ប្រឆាំង​នឹង​ក្រុង​នេះ​ក្នុង​នាម​យើង។ យើង​នឹង​យក​ខ្សែ‌ពួរ​ចង​អ្នក ដើម្បី​កុំ​ឲ្យ​អ្នក​អាច​ប្រែ​ពី​ម្ខាង​ទៅ​ម្ខាង រហូត​ដល់​គ្រប់​ចំនួន​ថ្ងៃ ដែល​អ្នក​ត្រូវ​ឡោម‌ព័ទ្ធ​ទីក្រុង។ ចូរ​យក​ម្សៅ‌មី អង្ករ កន្ទក់ សណ្ដែក គ្រាប់​ពោត និង​ល្ង មក​លាយ​ក្នុង​ចាន​តែ​មួយ ហើយ​ដុត​ធ្វើ​នំបុ័ង​សម្រាប់​បរិភោគ ក្នុង​រយៈ​ពេល​បី​រយ​កៅ‌សិប​ថ្ងៃ​ដែល​អ្នក​ដេក​ផ្អៀង។ ក្នុង​អំឡុង​ពេល​នោះ អ្នក​ត្រូវ​បរិភោគ​អាហារ​នេះ​ដោយ​កម្រិត គឺ​មួយ​ថ្ងៃ​ពីរ​ខាំ​កន្លះ។ រីឯ​ទឹក​ក៏​ត្រូវ​កម្រិត​ដែរ គឺ​ក្នុង​អំឡុង​ពេល​នោះ មួយ​ថ្ងៃ​ផឹក​យ៉ាង​ច្រើន​មួយ​លីត្រ។ អ្នក​ត្រូវ​បរិភោគ​នំ​ធ្វើ​ពី​ម្សៅ​អង្ករ ដែល​អ្នក​យក​លាមក​របស់​មនុស្ស​មក​ប្រើ​សម្រាប់​ដុត​នំ នៅ​មុខ​ពួក​គេ​ទាំង​អស់​គ្នា»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «ជន‌ជាតិ​អ៊ីស្រា‌អែល​ដែល​យើង​បណ្ដេញ​ឲ្យ​ទៅ​រស់​នៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ ក៏​នឹង​បរិភោគ​អាហារ​មិន​បរិសុទ្ធ​យ៉ាង​នោះ​ដែរ»។ ខ្ញុំ​ពោល​ឡើង​ថា៖ «បពិត្រ​ព្រះ‌ជា‌អម្ចាស់ ទូលបង្គំ​តែង​តែ​ចៀស‌វាង​អ្វីៗ​គ្រប់​យ៉ាង ដែល​ធ្វើ​ឲ្យ​មាន​សៅហ្មង គឺ​តាំង​ពី​ក្មេង​មក​ទល់​សព្វ​ថ្ងៃ ទូលបង្គំ​មិន​ធ្លាប់​បរិភោគ​សាច់​សត្វ​ដែល​ងាប់​ដោយ​ជំងឺ ឬ​ដោយ​សត្វ​សាហាវ​ខាំ​ឡើយ ហើយ​ទូលបង្គំ​ក៏​មិន​បរិភោគ​សាច់​សត្វ​មិន​បរិសុទ្ធ​ដែរ»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​វិញ​ថា៖ «បើ​ដូច្នេះ យើង​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​លាមក​គោ​ជំនួស​លាមក​មនុស្ស សម្រាប់​ដុត​នំបុ័ង»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ទៀត​ថា៖ «កូន​មនុស្ស​អើយ! យើង​នឹង​បំបាត់​នំបុ័ង​ឲ្យ​អស់​ពី​ក្រុង​យេរូ‌សាឡឹម។ ពួក​គេ​នឹង​បរិភោគ​អាហារ ដោយ​មាន​កម្រិត ទាំង​ព្រួយ​បារម្ភ ហើយ​ផឹក​ទឹក​ដោយ​វាល់ ទាំង​ខ្លោច‌ផ្សា។ ពួក​គេ​នឹង​ខ្វះ​អាហារ ខ្វះ​ទឹក ហើយ​ខ្លោច‌ផ្សា​ទាំង​អស់​គ្នា ពួក​គេ​នឹង​ត្រូវ​វិនាស ដោយ‌សារ​អំពើ​បាប​របស់​ខ្លួន»។

ចែក​រំលែក
អាន អេសេគាល 4

អេសេគាល 4:1-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

មួយ​ទៀត កូន​មនុស្ស​អើយ ចូរ​យក​ក្បឿង​១​មក ដាក់​នៅ​មុខ​ឯង ហើយ​គូរ​ផែន​ទី​ក្រុង​យេរូ‌សាឡិម​នៅ​លើ​ក្បឿង​នោះ រួច​នាំ​ទាហាន​មក​ឡោម‌ព័ទ្ធ​ច្បាំង​នឹង​វា ព្រម​ទាំង​សង់​ប៉ម ជីក​ស្នាម​ភ្លោះ តាំង​បន្ទាយ​ទាស់​នឹង​វា ហើយ​ធ្វើ​គ្រឿង​បុក​ទំលាយ​កំផែង​នៅ​ជុំវិញ​ផង ត្រូវ​ឲ្យ​យក​បន្ទះ​ដែក​មក​ដាក់​កណ្តាល​ឯង ហើយ​នឹង​ទី​ក្រុងទុក​ជា​កំផែង​ដែក រួច​ឲ្យ​ដំរង់​មុខ​ឯង​ទាស់​នឹង​វា នោះ​ទី​ក្រុង​នឹង​ត្រូវ​គេ​ឡោម‌ព័ទ្ធ​ហើយ ដោយ​ឯង​ឡោម‌ព័ទ្ធ​ច្បាំង​នឹង​គេ​ដូច្នេះ ការ​នេះ​នឹង​បាន​ជា​ទី​សំគាល់ ដល់​ពួក​វង្ស​អ៊ីស្រាអែល។ មួយ​ទៀត ចូរ​ឯង​ដេក​ផ្អៀង​ទៅ​ខាង​ឆ្វេង ហើយ​ផ្ទុក​សេចក្ដី​ទុច្ចរិត​របស់​ពូជ‌ពង្ស​អ៊ីស្រាអែល នៅ​លើ​ខ្លួន​ចុះ​ត្រូវ​ឲ្យ​ឯង​ទទួល​សេចក្ដី​ទុច្ចរិត​របស់​គេ តាម​ចំនួន​ថ្ងៃ​ដែល​ឯង​ដេក​ផ្អៀង​ខាង​នោះ ដ្បិត​អញ​បាន​រាប់​ចំនួន​ថ្ងៃ​ឲ្យ​ស្មើ​នឹង​ចំនួន​ឆ្នាំ ដែល​គេ​ត្រូវ​រង​សេចក្ដី​ទុច្ចរិត​របស់​ខ្លួន គឺ​៣៩០​ថ្ងៃ ត្រូវ​ឲ្យ​ឯង​ទទួល​អំពើ​ទុច្ចរិត​របស់​ពូជ‌ពង្ស​អ៊ីស្រាអែល នៅ​លើ​ខ្លួន​យ៉ាង​ដូច្នោះ រួច​កាល​ណា​ឯង​បាន​សំរេច​ថ្ងៃ​ទាំង​នោះ​ហើយ នោះ​ត្រូវ​ឲ្យ​ឯង​ដេក​ផ្អៀង​ទៅ​ខាង​ស្តាំ​វិញ ហើយ​ត្រូវ​ទទួល​អំពើ​ទុច្ចរិត​របស់​ពូជ‌ពង្ស​យូដា​អស់​៤០​ថ្ងៃទៀត អញ​បាន​កំណត់​១​ថ្ងៃ ទុក​ជា​១​ឆ្នាំ​ដល់​ឯង លំដាប់​នោះ ត្រូវ​ឲ្យ​ឯង​ដំរង់​មុខ​ទៅ​ខាង​ការ​ឡោម‌ព័ទ្ធ​ច្បាំង​នឹង​ក្រុង​យេរូ‌សាឡិម ដោយ​មាន​ដើម​ដៃ​ឯង​បើក​ទទេ​នៅ ហើយ​ត្រូវ​ទាយ​ទាស់​នឹង​ទី​ក្រុង​ដែរ មើល អញ​ដាក់​ខ្សែ​នេះ​ចង​ឯង​ជាប់ មិន​ឲ្យ​ប្រែ​ខ្លួន​ពី​ម្ខាង​ទៅ​ម្ខាង​ឡើយ ដរាប​ដល់​បាន​សំរេច​កំណត់​ថ្ងៃ​ដែល​ឯង​ឡោម‌ព័ទ្ធ​ច្បាំង​នោះ។ ត្រូវ​ឲ្យ​ឯង​យក​ម្សៅ​ភោជ្ជ‌សាលី ម្សៅ​ឱក សណ្តែក​អង្គុយ សណ្តែក‌បាយ ថ្ពៅ ហើយ​ស្រូវ​អេប៉ូត​មក​ដាក់​ក្នុង​ផើង ហើយ​ប្រើ​ធ្វើ​ជា​នំបុ័ង​សំរាប់​ខ្លួន តាម​ចំនួន​ថ្ងៃ​ដែល​ឯង​ត្រូវ​ដេក​ផ្អៀង​នោះ គឺ​ឯង​ត្រូវ​ស៊ី​នំបុ័ង​នោះ​គ្រប់​៣៩០​ថ្ងៃ ឯ​អាហារ​ដែល​ឯង​នឹង​ស៊ី នោះ​ត្រូវ​ថ្លឹង​ជា​កន្លះ​នាលិ​សំរាប់​១​ថ្ងៃ ហើយ​ត្រូវ​ស៊ី​បន្តិច​ម្តងៗ ក៏​ត្រូវ​ផឹក​ទឹក​ដោយ​វាល់​ដែរ គឺ​២​កំប៉ុង​ក្នុង​១​ថ្ងៃ ហើយ​ត្រូវ​ផឹក​បន្តិច​ម្តងៗ​ដូច​គ្នា ត្រូវ​ឲ្យ​ឯង​ស៊ី​នំបុ័ង​នោះ​ទុក​ដូច​ជា​នំ​ម្សៅ​ឱក ហើយ​ត្រូវ​ចំអិន​នំបុ័ង​នោះ​នៅ​មុខ​គេ ដោយ​ដុត​លាមក​ដែល​ចេញ​ពី​មនុស្ស ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​មាន​បន្ទូល​ថា ពួក​កូន​ចៅ​អ៊ីស្រាអែល​នឹង​ស៊ី​នំបុ័ង​ស្មោក‌គ្រោក​របស់​គេ​យ៉ាង​ដូច្នោះ នៅ​កណ្តាល​អស់​ទាំង​សាសន៍​ដែល​អញ​បណ្តេញ​គេ​ទៅ ខ្ញុំ​ក៏​ប្រកែក​ថា ឱ​ព្រះ‌អម្ចាស់​យេហូវ៉ា​អើយ មើល ព្រលឹង​ទូលបង្គំ​មិន​ដែល​ត្រូវ​ស្មោក‌គ្រោក​ឡើយ ចាប់​តាំង​ពី​ក្មេង ដរាប​ដល់​សព្វ​ថ្ងៃ​នេះ ទូលបង្គំ​មិន​ដែល​ទទួល​ទាន​អ្វី​ដែល​ស្លាប់​ឯង ឬ​ដែល​ត្រូវ​សត្វ​ណា​ហែក‌ហួរ​ឡើយ ក៏​មិន​ដែល​មាន​សាច់​គួរ​ខ្ពើម​ចូល​ក្នុង​មាត់​ទូលបង្គំ​ដែរ នោះ​ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ថា មើល អញ​ឲ្យ​ឯង​ប្រើ​អាចម៍​គោ ជំនួស​លាមក​របស់​មនុស្ស​វិញ ឯង​នឹង​ចំអិន​នំបុ័ង​ឯង ដោយ​ដុត​អាចម៍​គោ​នោះ​បាន ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ទៀត​ថា កូន​មនុស្ស​អើយ អញ​នឹង​ផ្តាច់​ស្បៀង​ចេញ​ពី​ក្រុង​យេរូ‌សាឡិម គេ​នឹង​ស៊ី​នំបុ័ង​ដោយ​ថ្លឹង​ហើយ​បារម្ភ​ព្រួយ ក៏​នឹង​ផឹក​ទឹក​ដោយ​វាល់ ហើយ​ភ្លាំង‌ភ្លឹក​ដែរ ដើម្បី​ឲ្យ​គេ​ខ្វះ​នំបុ័ងនឹង​ទឹក ព្រម​ទាំង​មាន​សេចក្ដី​ភ្លាំង‌ភ្លឹក​ជា​មួយ​គ្នា ហើយ​រោយ‌រៀវ​ទៅ​ក្នុង​អំពើ​ទុច្ចរិត​របស់​គេ។

ចែក​រំលែក
អាន អេសេគាល 4