អេសេគាល 37:21-28
អេសេគាល 37:21-28 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ចូរប្រាប់គេថា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ យើងនឹងយកពួកកូនចៅអ៊ីស្រាអែលចេញពីអស់ទាំងសាសន៍ដែលគេបានទៅនោះ ហើយប្រមូលមកពីគ្រប់ទិស នាំចូលទៅក្នុងស្រុករបស់ផងខ្លួន។ យើងនឹងធ្វើឲ្យគេរួមគ្នាជានគរតែមួយនៅក្នុងស្រុកនោះ គឺនៅលើអស់ទាំងភ្នំនៃស្រុកអ៊ីស្រាអែល នោះនឹងមានស្តេចតែមួយអង្គធ្វើជាស្តេចលើគេគ្រប់គ្នា គេនឹងលែងធ្វើជានគរពីរតទៅ ឥតដែលបែកទៅជានគរពីរទៀតឡើយ ក៏មិនធ្វើឲ្យខ្លួនស្មោកគ្រោកដោយគោរពដល់រូបព្រះ ឬដោយរបស់គួរស្អប់ខ្ពើម ឬដោយអំពើរំលងរបស់ខ្លួនទៀតដែរ យើងនឹងជួយសង្គ្រោះគេ ឲ្យរួចពីគ្រប់ទាំងទីអាស្រ័យនៅរបស់គេ ជាកន្លែងដែលគេបានធ្វើបាបនោះ ហើយយើងនឹងជម្រះគេឲ្យស្អាតវិញ យ៉ាងនោះ គេនឹងបានជាប្រជារាស្ត្ររបស់យើង ហើយយើងនឹងធ្វើជាព្រះដល់គេ។ ដាវីឌជាអ្នកបម្រើរបស់យើង នឹងធ្វើជាស្តេចលើគេ ហើយគេទាំងអស់គ្នានឹងមានគង្វាលតែម្នាក់ គេនឹងដើរតាមក្រឹត្យក្រមរបស់យើង ហើយរក្សាបញ្ញត្តិច្បាប់ទាំងប៉ុន្មានរបស់យើង ព្រមទាំងប្រព្រឹត្តតាមផង។ គេនឹងអាស្រ័យនៅក្នុងស្រុកដែលយើងបានឲ្យដល់យ៉ាកុប ជាអ្នកបម្រើយើង ជាស្រុកដែលបុព្វបុរសរបស់អ្នករាល់គ្នាបានអាស្រ័យនៅដែរ នោះទាំងខ្លួនគេ និងកូនចៅរបស់គេ នឹងនៅជាប់ក្នុងស្រុកនោះជាដរាបតទៅ ហើយដាវីឌជាអ្នកបម្រើយើង នឹងធ្វើជាចៅហ្វាយលើគេ ជារៀងរហូត។ មួយទៀត យើងនឹងតាំងសញ្ញាជាមួយគេ សញ្ញានោះនឹងនៅជាប់នឹងគេអស់កល្បជានិច្ច យើងនឹងតាំងគេឡើង ហើយចម្រើនគេឲ្យមានគ្នាជាច្រើន ព្រមទាំងដាក់ទីបរិសុទ្ធរបស់យើង នៅកណ្ដាលគេឲ្យនៅអស់កល្បជានិច្ច។ ព្រះវិហាររបស់យើងនឹងនៅជាមួយគេដែរ យើងក៏នឹងធ្វើជាព្រះដល់គេ ហើយគេនឹងបានជាប្រជារាស្ត្ររបស់យើង។ អស់ទាំងសាសន៍នឹងដឹងថា យើងនេះជាព្រះយេហូវ៉ា ដែលញែកពួកអ៊ីស្រាអែលជាបរិសុទ្ធ គឺក្នុងកាលដែលទីបរិសុទ្ធរបស់យើងបានតាំងនៅកណ្ដាលគេ ឲ្យបាននៅអស់កល្បជានិច្ច»។
អេសេគាល 37:21-28 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ចូរប្រាប់ពួកគេថា ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ: យើងនឹងយកជនជាតិអ៊ីស្រាអែលចេញពីចំណោមប្រជាជាតិនានាដែលពួកគេទៅរស់នៅ។ យើងនឹងប្រមូលពួកគេពីគ្រប់ទិសទី ហើយនាំពួកគេវិលត្រឡប់មកទឹកដីរបស់ខ្លួនវិញ។ យើងនឹងបង្រួបបង្រួមពួកគេជាប្រជាជាតិតែមួយ នៅក្នុងស្រុក និងនៅលើភ្នំនៃស្រុកអ៊ីស្រាអែល។ ពេលនោះ ពួកគេទាំងអស់គ្នានឹងមានស្ដេចតែមួយ គឺពួកគេលែងជាប្រជាជាតិពីរ ហើយបាក់បែកគ្នាជារាជាណាចក្រពីរទៀតដែរ។ ពួកគេនឹងលែងប្រព្រឹត្តអំពើសៅហ្មង ដោយគោរពព្រះក្លែងក្លាយគួរស្អប់ខ្ពើម និងលែងបះបោរប្រឆាំងនឹងយើងទៀតហើយ។ យើងនឹងរំដោះពួកគេឲ្យចេញផុតពីគ្រប់កន្លែងដែលពួកគេរស់នៅ និងជាកន្លែងដែលពួកគេបានប្រព្រឹត្តអំពើបាប។ យើងនឹងជម្រះពួកគេឲ្យបានបរិសុទ្ធ ពួកគេនឹងទៅជាប្រជារាស្ត្ររបស់យើង ហើយយើងនឹងទៅជាព្រះរបស់ពួកគេ។ ពេលនោះ ដាវីឌជាអ្នកបម្រើរបស់យើងនឹងគ្រងរាជ្យលើពួកគេ ហើយពួកគេនឹងមានគង្វាលតែមួយគត់។ ពួកគេនឹងប្រព្រឹត្តតាមវិន័យរបស់យើង ពួកគេនឹងគោរព ហើយប្រតិបត្តិតាមច្បាប់របស់យើងទៀតផង។ ពួកគេនឹងរស់នៅក្នុងស្រុកដែលយើងបានប្រគល់ឲ្យយ៉ាកុប ជាអ្នកបម្រើរបស់យើង គឺជាស្រុកដែលដូនតារបស់ពួកគេធ្លាប់រស់នៅកាលពីដើម។ ពួកគេ ព្រមទាំងកូនចៅរបស់ពួកគេនឹងរស់នៅក្នុងស្រុកនោះរហូត ហើយដាវីឌជាអ្នកបម្រើរបស់យើង នឹងគ្រប់គ្រងលើពួកគេតរៀងទៅ។ យើងនឹងចងសម្ពន្ធមេត្រី ដែលផ្ដល់សេចក្ដីសុខសាន្តជាមួយពួកគេ គឺជាសម្ពន្ធមេត្រីស្ថិតស្ថេរអស់កល្បជានិច្ច។ យើងនឹងឲ្យពួកគេរស់នៅក្នុងស្រុករបស់ខ្លួនវិញ ឲ្យពួកគេកើនចំនួនច្រើនឡើង ហើយយើងនឹងតាំងទីសក្ការៈរបស់យើងនៅក្នុងចំណោមពួកគេរហូតតទៅ។ ដំណាក់របស់យើងនឹងស្ថិតនៅជាមួយពួកគេ យើងនឹងទៅជាព្រះរបស់ពួកគេ ហើយពួកគេទៅជាប្រជារាស្ត្ររបស់យើង។ ពេលដែលទីសក្ការៈរបស់យើង ស្ថិតនៅជាមួយពួកគេរហូតតទៅនោះ ប្រជាជាតិនានានឹងទទួលស្គាល់ថា យើងជាព្រះអម្ចាស់ដែលបានប្រោសជនជាតិអ៊ីស្រាអែលឲ្យទៅជាប្រជាជនដ៏វិសុទ្ធ*»។
អេសេគាល 37:21-28 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ចូរប្រាប់គេថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ មើល អញនឹងយកពួកកូនចៅអ៊ីស្រាអែល ចេញពីអស់ទាំងសាសន៍ដែលគេបានទៅនោះ ហើយប្រមូលមកពីគ្រប់ទិស នាំចូលទៅក្នុងស្រុករបស់ផងខ្លួន អញនឹងធ្វើឲ្យគេរួមគ្នាជានគរតែ១នៅក្នុងស្រុកនោះ គឺនៅលើអស់ទាំងភ្នំនៃស្រុកអ៊ីស្រាអែល នោះនឹងមានស្តេចតែ១អង្គធ្វើជាស្តេចលើគេគ្រប់គ្នា គេនឹងលែងធ្វើជានគរ២តទៅ ឥតដែលបែកទៅជានគរ២ទៀតឡើយ ក៏មិនធ្វើឲ្យខ្លួនស្មោកគ្រោកដោយគោរពដល់រូបព្រះ ឬដោយរបស់គួរស្អប់ខ្ពើម ឬដោយអំពើរំលងរបស់ខ្លួនទៀតដែរ អញនឹងជួយសង្គ្រោះគេ ឲ្យរួចពីគ្រប់ទាំងទីអាស្រ័យនៅរបស់គេ ជាកន្លែងដែលគេបានធ្វើបាបនោះ ហើយអញនឹងជំរះគេឲ្យស្អាតវិញ យ៉ាងនោះ គេនឹងបានជារាស្ត្ររបស់អញ ហើយអញនឹងធ្វើជាព្រះដល់គេ។ នោះដាវីឌ ជាអ្នកបំរើរបស់អញ នឹងធ្វើជាស្តេចលើគេ ហើយគេទាំងអស់គ្នានឹងមានអ្នកគង្វាលតែ១ គេនឹងដើរតាមក្រឹត្យក្រមរបស់អញ ហើយរក្សាបញ្ញត្តច្បាប់ទាំងប៉ុន្មានរបស់អញ ព្រមទាំងប្រព្រឹត្តតាមផង គេនឹងអាស្រ័យនៅក្នុងស្រុកដែលអញបានឲ្យដល់យ៉ាកុប ជាអ្នកបំរើអញ ជាស្រុកដែលពួកឰយុកោរបស់ឯងរាល់គ្នាបានអាស្រ័យនៅដែរ នោះទាំងខ្លួនគេ នឹងកូនចៅរបស់គេ នឹងនៅជាប់ក្នុងស្រុកនោះជាដរាបតទៅ ហើយដាវីឌជាអ្នកបំរើអញ នឹងធ្វើជាចៅហ្វាយលើគេ ជារៀងរាបដរាបតទៅ មួយទៀត អញនឹងតាំងសន្ធិសញ្ញានឹងគេ សញ្ញានោះនឹងនៅជាប់នឹងគេអស់កល្បជានិច្ច អញនឹងតាំងគេឡើង ហើយចំរើនគេ ឲ្យមានគ្នាជាច្រើន ព្រមទាំងដាក់ទីបរិសុទ្ធរបស់អញ នៅកណ្តាលគេឲ្យនៅអស់កល្បជានិច្ច ព្រះវិហាររបស់អញនឹងនៅជាមួយនឹងគេដែរ អញក៏នឹងធ្វើជាព្រះដល់គេ ហើយគេនឹងបានជារាស្ត្ររបស់អញ នោះអស់ទាំងសាសន៍នឹងដឹងថា អញនេះជាព្រះយេហូវ៉ា ដែលញែកពួកអ៊ីស្រាអែល ចេញជាបរិសុទ្ធ គឺក្នុងកាលដែលទីបរិសុទ្ធរបស់អញបានតាំងនៅកណ្តាលគេ ឲ្យបាននៅអស់កល្បជានិច្ច។