អេសេគាល 37:2-5
អេសេគាល 37:2-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះអង្គឲ្យខ្ញុំដើរក្បែរឆ្អឹងទាំងនោះនៅព័ទ្ធជុំវិញ ខ្ញុំក៏ឃើញថា នៅវាលច្រកនោះ មានឆ្អឹងយ៉ាងសន្ធឹក ហើយស្ងួតហែងណាស់។ ព្រះអង្គមានព្រះបន្ទូលសួរខ្ញុំថា៖ «កូនមនុស្សអើយ តើឆ្អឹងទាំងនេះនឹងរស់ឡើងបានឬ?»។ ខ្ញុំក៏ទូលឆ្លើយថា៖ «ឱព្រះអម្ចាស់យេហូវ៉ាអើយ ព្រះអង្គជ្រាបហើយ»។ ព្រះអង្គមានព្រះបន្ទូលមកខ្ញុំទៀតថា៖ «ចូរថ្លែងទំនាយពីដំណើរឆ្អឹងទាំងនេះ ហើយប្រាប់ថា ឱឆ្អឹងស្ងួតហែងទាំងឡាយអើយ ចូរស្តាប់ព្រះបន្ទូលរបស់ព្រះយេហូវ៉ាចុះ។ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដល់ឆ្អឹងទាំងនេះដូច្នេះថា: មើល៍! យើងនឹងឲ្យមានខ្យល់ដង្ហើមចូលក្នុងអ្នករាល់គ្នា ហើយអ្នកនឹងមានជីវិតរស់។
អេសេគាល 37:2-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអង្គនាំខ្ញុំដើរចុះឡើងក្បែរឆ្អឹងទាំងនោះ។ ក្នុងជ្រលងភ្នំមានឆ្អឹងច្រើនណាស់ ហើយសុទ្ធតែស្ងួតហួតហែងទាំងអស់។ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ! តើឆ្អឹងទាំងនេះអាចរស់មកជាមនុស្សវិញបានឬទេ?»។ ខ្ញុំទូលតបថា៖ «បពិត្រព្រះជាអម្ចាស់មានតែព្រះអង្គទេដែលជ្រាប»។ ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «ចូរថ្លែងពាក្យក្នុងនាមយើងប្រាប់ឆ្អឹងទាំងនេះថា: ឆ្អឹងដ៏ស្ងួតអើយ ចូរស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់! ព្រះជាអម្ចាស់មានព្រះបន្ទូលថា “យើងនឹងបញ្ចូលខ្យល់ដង្ហើមក្នុងអ្នករាល់គ្នា នោះអ្នករាល់គ្នានឹងរស់ឡើង។
អេសេគាល 37:2-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ទ្រង់ឲ្យខ្ញុំដើរក្បែរឆ្អឹងទាំងនោះនៅព័ទ្ធជុំវិញ ខ្ញុំក៏ឃើញថា នៅវាលច្រកនោះ មានឆ្អឹងយ៉ាងសន្ធឹក ហើយថា ស្ងួតហែងណាស់ផង រួចទ្រង់មានបន្ទូលសួរខ្ញុំថា កូនមនុស្សអើយ តើឆ្អឹងទាំងនេះនឹងរស់ឡើងបានឬ ខ្ញុំក៏ទូលឆ្លើយថា ឱព្រះអម្ចាស់យេហូវ៉ាអើយ ទ្រង់ជ្រាបហើយ ទ្រង់មានបន្ទូលមកខ្ញុំទៀតថា ចូរទាយពីដំណើរឆ្អឹងទាំងនេះ ហើយប្រាប់ថា ឱឆ្អឹងស្ងួតហែងទាំងឡាយអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលដល់ឆ្អឹងទាំងនេះដូច្នេះថា មើល អញនឹងឲ្យមានខ្យល់ដង្ហើមចូលក្នុងឯងរាល់គ្នា ហើយឯងនឹងមានជីវិតឡើង