អេសេគាល 37:15-28
អេសេគាល 37:15-28 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះបន្ទូលរបស់ព្រះយេហូវ៉ាបានមកដល់ខ្ញុំថា៖ «កូនមនុស្សអើយ ចូរយកបន្ទះឈើមួយមកសរសេរចុះថា សម្រាប់ពួកយូដា និងពួកកូនចៅអ៊ីស្រាអែល ជាភឿនមិត្តរបស់គេ រួចយកបន្ទះឈើមួយទៀតសរសេរថា សម្រាប់ពួកយ៉ូសែប ជាបន្ទះឈើរបស់ពួកអេប្រាអិម និងពួកវង្សអ៊ីស្រាអែលជាភឿនមិត្តរបស់គេ។ រួចភ្ជាប់គ្នាទាំងពីរនោះ ធ្វើជាបន្ទះឈើតែមួយ ដើម្បីឲ្យបានជាប់ជាមួយគ្នានៅដៃអ្នក។ កាលណាពួកកូនចៅសាសន៍អ្នកនឹងសួរដល់អ្នកថា "សូមប្រាប់ឲ្យយើងដឹងជាឈើទាំងពីរនេះមានន័យដូចម្តេច?" ត្រូវប្រាប់គេថា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា មើល៍! យើងនឹងយកបន្ទះឈើរបស់យ៉ូសែប ដែលនៅដៃអេប្រាអិម និងកុលសម្ព័ន្ធអ៊ីស្រាអែលទាំងប៉ុន្មាន ដែលជាគូកនរបស់គេ ដាក់ភ្ជាប់ជាមួយបន្ទះឈើរបស់យូដា ឲ្យរួមជាបន្ទះឈើតែមួយវិញ ដើម្បីឲ្យគេរួមមកតែមួយនៅក្នុងដៃរបស់យើង។ បន្ទះឈើទាំងពីរដែលអ្នកបានសរសេរចុះនោះ នឹងបាននៅក្នុងដៃអ្នកចំពោះភ្នែកគេ ចូរប្រាប់គេថា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ យើងនឹងយកពួកកូនចៅអ៊ីស្រាអែលចេញពីអស់ទាំងសាសន៍ដែលគេបានទៅនោះ ហើយប្រមូលមកពីគ្រប់ទិស នាំចូលទៅក្នុងស្រុករបស់ផងខ្លួន។ យើងនឹងធ្វើឲ្យគេរួមគ្នាជានគរតែមួយនៅក្នុងស្រុកនោះ គឺនៅលើអស់ទាំងភ្នំនៃស្រុកអ៊ីស្រាអែល នោះនឹងមានស្តេចតែមួយអង្គធ្វើជាស្តេចលើគេគ្រប់គ្នា គេនឹងលែងធ្វើជានគរពីរតទៅ ឥតដែលបែកទៅជានគរពីរទៀតឡើយ ក៏មិនធ្វើឲ្យខ្លួនស្មោកគ្រោកដោយគោរពដល់រូបព្រះ ឬដោយរបស់គួរស្អប់ខ្ពើម ឬដោយអំពើរំលងរបស់ខ្លួនទៀតដែរ យើងនឹងជួយសង្គ្រោះគេ ឲ្យរួចពីគ្រប់ទាំងទីអាស្រ័យនៅរបស់គេ ជាកន្លែងដែលគេបានធ្វើបាបនោះ ហើយយើងនឹងជម្រះគេឲ្យស្អាតវិញ យ៉ាងនោះ គេនឹងបានជាប្រជារាស្ត្ររបស់យើង ហើយយើងនឹងធ្វើជាព្រះដល់គេ។ ដាវីឌជាអ្នកបម្រើរបស់យើង នឹងធ្វើជាស្តេចលើគេ ហើយគេទាំងអស់គ្នានឹងមានគង្វាលតែម្នាក់ គេនឹងដើរតាមក្រឹត្យក្រមរបស់យើង ហើយរក្សាបញ្ញត្តិច្បាប់ទាំងប៉ុន្មានរបស់យើង ព្រមទាំងប្រព្រឹត្តតាមផង។ គេនឹងអាស្រ័យនៅក្នុងស្រុកដែលយើងបានឲ្យដល់យ៉ាកុប ជាអ្នកបម្រើយើង ជាស្រុកដែលបុព្វបុរសរបស់អ្នករាល់គ្នាបានអាស្រ័យនៅដែរ នោះទាំងខ្លួនគេ និងកូនចៅរបស់គេ នឹងនៅជាប់ក្នុងស្រុកនោះជាដរាបតទៅ ហើយដាវីឌជាអ្នកបម្រើយើង នឹងធ្វើជាចៅហ្វាយលើគេ ជារៀងរហូត។ មួយទៀត យើងនឹងតាំងសញ្ញាជាមួយគេ សញ្ញានោះនឹងនៅជាប់នឹងគេអស់កល្បជានិច្ច យើងនឹងតាំងគេឡើង ហើយចម្រើនគេឲ្យមានគ្នាជាច្រើន ព្រមទាំងដាក់ទីបរិសុទ្ធរបស់យើង នៅកណ្ដាលគេឲ្យនៅអស់កល្បជានិច្ច។ ព្រះវិហាររបស់យើងនឹងនៅជាមួយគេដែរ យើងក៏នឹងធ្វើជាព្រះដល់គេ ហើយគេនឹងបានជាប្រជារាស្ត្ររបស់យើង។ អស់ទាំងសាសន៍នឹងដឹងថា យើងនេះជាព្រះយេហូវ៉ា ដែលញែកពួកអ៊ីស្រាអែលជាបរិសុទ្ធ គឺក្នុងកាលដែលទីបរិសុទ្ធរបស់យើងបានតាំងនៅកណ្ដាលគេ ឲ្យបាននៅអស់កល្បជានិច្ច»។
អេសេគាល 37:15-28 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖ «កូនមនុស្សអើយ! ចូរយកក្ដារមួយបន្ទះមកសរសេរពីលើថា “កុលសម្ព័ន្ធយូដា និងកូនចៅអ៊ីស្រាអែល ជាដៃគូនឹងគ្នា”។ ចូរយកក្ដារមួយបន្ទះទៀតមកសរសេរពីលើថា “យ៉ូសែប (គឺអេប្រាអ៊ីម) និងពូជពង្សអ៊ីស្រាអែលទាំងមូលជាដៃគូនឹងគ្នា”។ បន្ទាប់មក ចូរយកក្ដារទាំងពីរនោះមកដាក់ភ្ជាប់គ្នាជាបន្ទះតែមួយ នៅក្នុងដៃរបស់អ្នក។ កាលណាប្រជាជនរបស់អ្នកសួរថា “សូមពន្យល់យើងខ្ញុំផង លោកធ្វើដូច្នេះមានន័យដូចម្ដេច?” ត្រូវប្រាប់ពួកគេវិញថា “ព្រះជាអម្ចាស់មានព្រះបន្ទូលថា បន្តិចទៀត យើងនឹងយកក្ដារជាតំណាងយ៉ូសែប(គឺអេប្រាអ៊ីម) ព្រមទាំងកុលសម្ព័ន្ធអ៊ីស្រាអែលដែលនៅជាមួយគេ ទៅដាក់ភ្ជាប់នឹងក្ដារជាតំណាងយូដា ហើយយើងនឹងផ្គុំក្ដារទាំងពីរឲ្យទៅជាបន្ទះតែមួយ នៅក្នុងដៃរបស់យើង។ បន្ទះក្ដារទាំងពីរដែលអ្នកសរសេរនោះ នឹងស្ថិតក្នុងដៃរបស់អ្នកនៅចំពោះមុខប្រជាជនទាំងអស់”។ ចូរប្រាប់ពួកគេថា ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ: យើងនឹងយកជនជាតិអ៊ីស្រាអែលចេញពីចំណោមប្រជាជាតិនានាដែលពួកគេទៅរស់នៅ។ យើងនឹងប្រមូលពួកគេពីគ្រប់ទិសទី ហើយនាំពួកគេវិលត្រឡប់មកទឹកដីរបស់ខ្លួនវិញ។ យើងនឹងបង្រួបបង្រួមពួកគេជាប្រជាជាតិតែមួយ នៅក្នុងស្រុក និងនៅលើភ្នំនៃស្រុកអ៊ីស្រាអែល។ ពេលនោះ ពួកគេទាំងអស់គ្នានឹងមានស្ដេចតែមួយ គឺពួកគេលែងជាប្រជាជាតិពីរ ហើយបាក់បែកគ្នាជារាជាណាចក្រពីរទៀតដែរ។ ពួកគេនឹងលែងប្រព្រឹត្តអំពើសៅហ្មង ដោយគោរពព្រះក្លែងក្លាយគួរស្អប់ខ្ពើម និងលែងបះបោរប្រឆាំងនឹងយើងទៀតហើយ។ យើងនឹងរំដោះពួកគេឲ្យចេញផុតពីគ្រប់កន្លែងដែលពួកគេរស់នៅ និងជាកន្លែងដែលពួកគេបានប្រព្រឹត្តអំពើបាប។ យើងនឹងជម្រះពួកគេឲ្យបានបរិសុទ្ធ ពួកគេនឹងទៅជាប្រជារាស្ត្ររបស់យើង ហើយយើងនឹងទៅជាព្រះរបស់ពួកគេ។ ពេលនោះ ដាវីឌជាអ្នកបម្រើរបស់យើងនឹងគ្រងរាជ្យលើពួកគេ ហើយពួកគេនឹងមានគង្វាលតែមួយគត់។ ពួកគេនឹងប្រព្រឹត្តតាមវិន័យរបស់យើង ពួកគេនឹងគោរព ហើយប្រតិបត្តិតាមច្បាប់របស់យើងទៀតផង។ ពួកគេនឹងរស់នៅក្នុងស្រុកដែលយើងបានប្រគល់ឲ្យយ៉ាកុប ជាអ្នកបម្រើរបស់យើង គឺជាស្រុកដែលដូនតារបស់ពួកគេធ្លាប់រស់នៅកាលពីដើម។ ពួកគេ ព្រមទាំងកូនចៅរបស់ពួកគេនឹងរស់នៅក្នុងស្រុកនោះរហូត ហើយដាវីឌជាអ្នកបម្រើរបស់យើង នឹងគ្រប់គ្រងលើពួកគេតរៀងទៅ។ យើងនឹងចងសម្ពន្ធមេត្រី ដែលផ្ដល់សេចក្ដីសុខសាន្តជាមួយពួកគេ គឺជាសម្ពន្ធមេត្រីស្ថិតស្ថេរអស់កល្បជានិច្ច។ យើងនឹងឲ្យពួកគេរស់នៅក្នុងស្រុករបស់ខ្លួនវិញ ឲ្យពួកគេកើនចំនួនច្រើនឡើង ហើយយើងនឹងតាំងទីសក្ការៈរបស់យើងនៅក្នុងចំណោមពួកគេរហូតតទៅ។ ដំណាក់របស់យើងនឹងស្ថិតនៅជាមួយពួកគេ យើងនឹងទៅជាព្រះរបស់ពួកគេ ហើយពួកគេទៅជាប្រជារាស្ត្ររបស់យើង។ ពេលដែលទីសក្ការៈរបស់យើង ស្ថិតនៅជាមួយពួកគេរហូតតទៅនោះ ប្រជាជាតិនានានឹងទទួលស្គាល់ថា យើងជាព្រះអម្ចាស់ដែលបានប្រោសជនជាតិអ៊ីស្រាអែលឲ្យទៅជាប្រជាជនដ៏វិសុទ្ធ*»។
អេសេគាល 37:15-28 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះបន្ទូលនៃព្រះយេហូវ៉ា ក៏មកដល់ខ្ញុំម្តងទៀតថា កូនមនុស្សអើយ ចូរយកបន្ទះឈើ១មកសរសេរចុះថា សំរាប់ពួកយូដា នឹងពួកកូនចៅអ៊ីស្រាអែល ជាភឿនមិត្ររបស់គេ រួចយកបន្ទះឈើ១ទៀតសរសេរថា សំរាប់ពួកយ៉ូសែប ជាឈើរបស់ពួកអេប្រាអិម នឹងពួកវង្សអ៊ីស្រាអែលជាភឿនមិត្ររបស់គេ រួចភ្ជាប់គ្នាទាំង២នោះ ធ្វើជាបន្ទះតែ១ ដើម្បីឲ្យបានជាប់ជាមួយគ្នានៅដៃឯង កាលណាពួកកូនចៅសាសន៍ឯងនឹងសួរដល់ឯងថា សូមប្រាប់ឲ្យយើងដឹងជាឈើទាំង២នេះមានន័យដូចម្តេច នោះត្រូវឲ្យប្រាប់គេថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ មើល អញនឹងយកបន្ទះឈើរបស់ពួកយ៉ូសែប ដែលនៅដៃអេប្រាអិម នឹងពូជអំបូរអ៊ីស្រាអែលទាំងប៉ុន្មាន ដែលជាភឿនមិត្ររបស់គេ ដាក់ភ្ជាប់ជាមួយនឹងបន្ទះឈើ១នោះដែលជារបស់ពួកយូដា ឲ្យបានជាប់ជាបន្ទះតែ១វិញ រួចវានឹងបានជាប់តែ១នៅក្នុងដៃអញ ឈើទាំង២ដែលឯងបានសរសេរចុះនោះ នឹងបាននៅក្នុងដៃឯងចំពោះភ្នែកគេ ចូរប្រាប់គេថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ មើល អញនឹងយកពួកកូនចៅអ៊ីស្រាអែល ចេញពីអស់ទាំងសាសន៍ដែលគេបានទៅនោះ ហើយប្រមូលមកពីគ្រប់ទិស នាំចូលទៅក្នុងស្រុករបស់ផងខ្លួន អញនឹងធ្វើឲ្យគេរួមគ្នាជានគរតែ១នៅក្នុងស្រុកនោះ គឺនៅលើអស់ទាំងភ្នំនៃស្រុកអ៊ីស្រាអែល នោះនឹងមានស្តេចតែ១អង្គធ្វើជាស្តេចលើគេគ្រប់គ្នា គេនឹងលែងធ្វើជានគរ២តទៅ ឥតដែលបែកទៅជានគរ២ទៀតឡើយ ក៏មិនធ្វើឲ្យខ្លួនស្មោកគ្រោកដោយគោរពដល់រូបព្រះ ឬដោយរបស់គួរស្អប់ខ្ពើម ឬដោយអំពើរំលងរបស់ខ្លួនទៀតដែរ អញនឹងជួយសង្គ្រោះគេ ឲ្យរួចពីគ្រប់ទាំងទីអាស្រ័យនៅរបស់គេ ជាកន្លែងដែលគេបានធ្វើបាបនោះ ហើយអញនឹងជំរះគេឲ្យស្អាតវិញ យ៉ាងនោះ គេនឹងបានជារាស្ត្ររបស់អញ ហើយអញនឹងធ្វើជាព្រះដល់គេ។ នោះដាវីឌ ជាអ្នកបំរើរបស់អញ នឹងធ្វើជាស្តេចលើគេ ហើយគេទាំងអស់គ្នានឹងមានអ្នកគង្វាលតែ១ គេនឹងដើរតាមក្រឹត្យក្រមរបស់អញ ហើយរក្សាបញ្ញត្តច្បាប់ទាំងប៉ុន្មានរបស់អញ ព្រមទាំងប្រព្រឹត្តតាមផង គេនឹងអាស្រ័យនៅក្នុងស្រុកដែលអញបានឲ្យដល់យ៉ាកុប ជាអ្នកបំរើអញ ជាស្រុកដែលពួកឰយុកោរបស់ឯងរាល់គ្នាបានអាស្រ័យនៅដែរ នោះទាំងខ្លួនគេ នឹងកូនចៅរបស់គេ នឹងនៅជាប់ក្នុងស្រុកនោះជាដរាបតទៅ ហើយដាវីឌជាអ្នកបំរើអញ នឹងធ្វើជាចៅហ្វាយលើគេ ជារៀងរាបដរាបតទៅ មួយទៀត អញនឹងតាំងសន្ធិសញ្ញានឹងគេ សញ្ញានោះនឹងនៅជាប់នឹងគេអស់កល្បជានិច្ច អញនឹងតាំងគេឡើង ហើយចំរើនគេ ឲ្យមានគ្នាជាច្រើន ព្រមទាំងដាក់ទីបរិសុទ្ធរបស់អញ នៅកណ្តាលគេឲ្យនៅអស់កល្បជានិច្ច ព្រះវិហាររបស់អញនឹងនៅជាមួយនឹងគេដែរ អញក៏នឹងធ្វើជាព្រះដល់គេ ហើយគេនឹងបានជារាស្ត្ររបស់អញ នោះអស់ទាំងសាសន៍នឹងដឹងថា អញនេះជាព្រះយេហូវ៉ា ដែលញែកពួកអ៊ីស្រាអែល ចេញជាបរិសុទ្ធ គឺក្នុងកាលដែលទីបរិសុទ្ធរបស់អញបានតាំងនៅកណ្តាលគេ ឲ្យបាននៅអស់កល្បជានិច្ច។