អេសេគាល 37:1-14
អេសេគាល 37:1-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះហស្តរបស់ព្រះយេហូវ៉ាបានសណ្ឋិតលើខ្ញុំ ហើយព្រះអង្គក៏នាំយកខ្ញុំ ដោយព្រះវិញ្ញាណរបស់ព្រះយេហូវ៉ា ទៅដាក់ចុះនៅកណ្ដាលច្រកភ្នំមួយ ដែលពេញដោយឆ្អឹងខ្មោច។ ព្រះអង្គឲ្យខ្ញុំដើរក្បែរឆ្អឹងទាំងនោះនៅព័ទ្ធជុំវិញ ខ្ញុំក៏ឃើញថា នៅវាលច្រកនោះ មានឆ្អឹងយ៉ាងសន្ធឹក ហើយស្ងួតហែងណាស់។ ព្រះអង្គមានព្រះបន្ទូលសួរខ្ញុំថា៖ «កូនមនុស្សអើយ តើឆ្អឹងទាំងនេះនឹងរស់ឡើងបានឬ?»។ ខ្ញុំក៏ទូលឆ្លើយថា៖ «ឱព្រះអម្ចាស់យេហូវ៉ាអើយ ព្រះអង្គជ្រាបហើយ»។ ព្រះអង្គមានព្រះបន្ទូលមកខ្ញុំទៀតថា៖ «ចូរថ្លែងទំនាយពីដំណើរឆ្អឹងទាំងនេះ ហើយប្រាប់ថា ឱឆ្អឹងស្ងួតហែងទាំងឡាយអើយ ចូរស្តាប់ព្រះបន្ទូលរបស់ព្រះយេហូវ៉ាចុះ។ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដល់ឆ្អឹងទាំងនេះដូច្នេះថា: មើល៍! យើងនឹងឲ្យមានខ្យល់ដង្ហើមចូលក្នុងអ្នករាល់គ្នា ហើយអ្នកនឹងមានជីវិតរស់។ យើងនឹងដាក់ឲ្យមានសរសៃ ធ្វើឲ្យមានសាច់ដុះលើអ្នករាល់គ្នា ហើយគ្របរុំដោយស្បែក ព្រមទាំងបញ្ចូលខ្យល់ដង្ហើមទៅក្នុងអ្នករាល់គ្នា នោះអ្នករាល់គ្នានឹងមានជីវិតរស់ ដូច្នេះ អ្នករាល់គ្នានឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត»។ ដូច្នេះ ខ្ញុំក៏ថ្លែងទំនាយដូចជាព្រះអង្គបង្គាប់ ហើយកំពុងដែលខ្ញុំថ្លែងនោះ មានឮសូរក្រិកៗ ឆ្អឹងទាំងនោះបានកម្រើក ក៏ផ្គុំជាប់គ្នា ឆ្អឹងមួយភ្ជាប់ត្រង់កន្លែងរបស់ខ្លួន។ កាលខ្ញុំកំពុងតែមើល៍ នោះឃើញមានសរសៃ និងសាច់កើតឡើងនៅឆ្អឹងទាំងនោះ រួចមានស្បែករុំគ្របទៀត តែឥតមានខ្យល់ដង្ហើមនៅក្នុងវាទេ។ ពេលនោះ ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «ចូរថ្លែង ហើយប្រាប់ដល់ខ្យល់ ឱកូនមនុស្សអើយ ចូរថ្លែងទំនាយចុះ ត្រូវប្រាប់ដល់ខ្យល់ថា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ ឱខ្យល់ដង្ហើម ចូរមកពីខ្យល់ទាំងបួនទិស ផ្លុំលើខ្មោចស្លាប់ទាំងនេះ ឲ្យមានជីវិតរស់ឡើង»។ ដូច្នេះ ខ្ញុំក៏ថ្លែងទំនាយដូចជាព្រះអង្គបង្គាប់មក រួចខ្យល់ដង្ហើមក៏ចូលទៅក្នុងសពទាំងនោះ ហើយវាក៏រស់ឡើង បានទាំងឈរឡើងជាកងទ័ពយ៉ាងធំក្រៃលែង។ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ ឆ្អឹងទាំងនេះជាពួកវង្សអ៊ីស្រាអែល គេនិយាយថា ឆ្អឹងយើងរាល់គ្នាស្ងួតហែងហើយ ទីសង្ឃឹមរបស់យើងក៏បាត់អស់ យើងរាល់គ្នាត្រូវកាត់ចេញហើយ។ ដូច្នេះ ចូរថ្លែងទំនាយប្រាប់គេថា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ ម្នាលប្រជារាស្ត្ររបស់យើងអើយ យើងនឹងបើកផ្នូរខ្មោចរបស់អ្នករាល់គ្នា ហើយនឹងធ្វើឲ្យអ្នករាល់គ្នាឡើងចេញពីផ្នូរមក រួចនឹងនាំអ្នកឲ្យចូលទៅក្នុងស្រុកអ៊ីស្រាអែលវិញ។ ឱប្រជារាស្ត្ររបស់យើងអើយ អ្នករាល់គ្នានឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត ក្នុងកាលដែលយើងបើកផ្នូររបស់អ្នក ឲ្យអ្នកបានឡើងចេញពីនោះមក។ គ្រានោះ យើងនឹងដាក់វិញ្ញាណយើងនៅក្នុងអ្នករាល់គ្នា អ្នកនឹងមានជីវិតរស់ ហើយយើងនឹងតាំងអ្នក ឲ្យរស់នៅក្នុងស្រុកដែលជារបស់អ្នក នោះអ្នករាល់គ្នានឹងដឹងថា គឺយើង ជាព្រះយេហូវ៉ានេះ បានចេញវាចាហើយ ក៏បានសម្រេចតាមផង នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា»។
អេសេគាល 37:1-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់ដាក់ព្រះហស្ដលើខ្ញុំ ព្រះវិញ្ញាណរបស់ព្រះអង្គនាំខ្ញុំទៅដាក់កណ្ដាលជ្រលងភ្នំមួយ ដែលមានឆ្អឹងខ្មោចពាសពេញ។ ព្រះអង្គនាំខ្ញុំដើរចុះឡើងក្បែរឆ្អឹងទាំងនោះ។ ក្នុងជ្រលងភ្នំមានឆ្អឹងច្រើនណាស់ ហើយសុទ្ធតែស្ងួតហួតហែងទាំងអស់។ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ! តើឆ្អឹងទាំងនេះអាចរស់មកជាមនុស្សវិញបានឬទេ?»។ ខ្ញុំទូលតបថា៖ «បពិត្រព្រះជាអម្ចាស់មានតែព្រះអង្គទេដែលជ្រាប»។ ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «ចូរថ្លែងពាក្យក្នុងនាមយើងប្រាប់ឆ្អឹងទាំងនេះថា: ឆ្អឹងដ៏ស្ងួតអើយ ចូរស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់! ព្រះជាអម្ចាស់មានព្រះបន្ទូលថា “យើងនឹងបញ្ចូលខ្យល់ដង្ហើមក្នុងអ្នករាល់គ្នា នោះអ្នករាល់គ្នានឹងរស់ឡើង។ យើងនឹងឲ្យអ្នករាល់គ្នាមានសរសៃតភ្ជាប់គ្នា ហើយមានសាច់ដុះពីលើ ព្រមទាំងមានស្បែករុំពីក្រៅផង។ យើងនឹងដាក់ខ្យល់ដង្ហើមក្នុងអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាមានជីវិត ហើយពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់”»។ ខ្ញុំក៏ថ្លែងព្រះបន្ទូលតាមបញ្ជារបស់ព្រះអង្គ។ ក្នុងពេលដែលខ្ញុំកំពុងនិយាយនោះ ស្រាប់តែមានឮស្នូរសំឡេង គឺឆ្អឹងទាំងអស់កម្រើកចូលជិតគ្នាទៅវិញទៅមក។ ខ្ញុំសង្កេតឃើញមានសរសៃនៅលើឆ្អឹង ហើយសាច់ដុះពីលើ រួចមានស្បែករុំស្រោបផង ប៉ុន្តែ មិនទាន់មានខ្យល់ដង្ហើមនៅឡើយទេ។ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ! ចូរថ្លែងពាក្យក្នុងនាមយើងប្រាប់ខ្យល់ដង្ហើម! ចូរប្រាប់ខ្យល់ដង្ហើមថា ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ: ខ្យល់ដង្ហើមអើយ! សូមបក់មកពីទិសទាំងបួន! ហើយផ្លុំលើសាកសពទាំងនេះឲ្យមានជីវិតរស់ឡើង»។ ខ្ញុំថ្លែងព្រះបន្ទូលតាមបញ្ជារបស់ព្រះអម្ចាស់។ ខ្យល់ដង្ហើមក៏ចូលមកក្នុងពួកគេ ពួកគេក៏មានជីវិត ហើយក្រោកឈរឡើង ទៅជាកងទ័ពមួយដែលមានចំនួនយ៉ាងច្រើនឥតគណនា។ ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ! ឆ្អឹងទាំងអស់នេះជាពូជពង្សអ៊ីស្រាអែលទាំងមូល។ ពួកគេតែងពោលថា “ឆ្អឹងរបស់យើងស្ងួតហួតហែងអស់ យើងផុតសង្ឃឹមហើយ! យើងវិនាសហើយ!” ហេតុនេះ ចូរថ្លែងពាក្យក្នុងនាមយើងប្រាប់គេថា ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ: ប្រជារាស្ត្ររបស់យើងអើយ! យើងនឹងបើកផ្នូររបស់អ្នករាល់គ្នា ហើយនាំអ្នករាល់គ្នាឡើងពីផ្នូរនោះ បន្ទាប់មក យើងនឹងនាំអ្នករាល់គ្នាត្រឡប់ទៅកាន់ទឹកដីអ៊ីស្រាអែលវិញ។ ប្រជារាស្ត្ររបស់យើងអើយ! ពេលយើងបើកផ្នូរ ហើយនាំអ្នករាល់គ្នាឡើងមក នោះអ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន។ យើងនឹងដាក់វិញ្ញាណរបស់យើងក្នុងអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាមានជីវិត។ យើងនឹងនាំអ្នករាល់គ្នាទៅតាំងទីលំនៅលើទឹកដីរបស់ខ្លួនវិញ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន។ យើងនិយាយយ៉ាងណាយើងនឹងធ្វើយ៉ាងនោះ» -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
អេសេគាល 37:1-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះហស្តនៃព្រះយេហូវ៉ា បានសណ្ឋិតលើខ្ញុំ ហើយទ្រង់ក៏នាំយកខ្ញុំ ដោយព្រះវិញ្ញាណនៃព្រះយេហូវ៉ាទៅដាក់ចុះនៅកណ្តាលច្រកភ្នំ១ ដែលពេញដោយឆ្អឹងខ្មោច ទ្រង់ឲ្យខ្ញុំដើរក្បែរឆ្អឹងទាំងនោះនៅព័ទ្ធជុំវិញ ខ្ញុំក៏ឃើញថា នៅវាលច្រកនោះ មានឆ្អឹងយ៉ាងសន្ធឹក ហើយថា ស្ងួតហែងណាស់ផង រួចទ្រង់មានបន្ទូលសួរខ្ញុំថា កូនមនុស្សអើយ តើឆ្អឹងទាំងនេះនឹងរស់ឡើងបានឬ ខ្ញុំក៏ទូលឆ្លើយថា ឱព្រះអម្ចាស់យេហូវ៉ាអើយ ទ្រង់ជ្រាបហើយ ទ្រង់មានបន្ទូលមកខ្ញុំទៀតថា ចូរទាយពីដំណើរឆ្អឹងទាំងនេះ ហើយប្រាប់ថា ឱឆ្អឹងស្ងួតហែងទាំងឡាយអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលដល់ឆ្អឹងទាំងនេះដូច្នេះថា មើល អញនឹងឲ្យមានខ្យល់ដង្ហើមចូលក្នុងឯងរាល់គ្នា ហើយឯងនឹងមានជីវិតឡើង អញនឹងដាក់ឲ្យមានសរសៃ ហើយធ្វើឲ្យមានសាច់ដុះលើឯងរាល់គ្នា រួចនឹងគ្របរុំដោយស្បែក ព្រមទាំងបញ្ចូលខ្យល់ដង្ហើមទៅក្នុងឯងរាល់គ្នាផង នោះឯងរាល់គ្នានឹងមានជីវិតឡើង ដូច្នេះ ឯងរាល់គ្នានឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត។ ដូច្នេះ ខ្ញុំក៏ទាយដូចជាទ្រង់បង្គាប់មក ហើយកំពុងដែលខ្ញុំទាយ នោះមានឮសូរក្រិកៗ ហើយមើល ឆ្អឹងទាំងនោះបានកំរើក ក៏ផ្គុំជាប់គ្នា ឆ្អឹង១ភ្ជាប់ត្រង់កន្លែងរបស់ខ្លួន កាលខ្ញុំកំពុងតែមើល នោះឃើញមានសរសៃ នឹងសាច់កើតឡើងនៅឆ្អឹងទាំងនោះ រួចមានស្បែករុំគ្របទៀត តែឥតមានខ្យល់ដង្ហើមនៅក្នុងវាទេ នោះទ្រង់មានបន្ទូលមកខ្ញុំថា ចូរទាយ ហើយប្រាប់ដល់ខ្យល់ ឱកូនមនុស្សអើយ ចូរទាយចុះ ត្រូវប្រាប់ដល់ខ្យល់ថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ ឱខ្យល់ដង្ហើម ចូរមកពីខ្យល់ទាំង៤ទិស ផ្លុំលើខ្មោចស្លាប់ទាំងនេះ ឲ្យមានជីវិតរស់ឡើង ដូច្នេះ ខ្ញុំក៏ទាយដូចជាទ្រង់បង្គាប់មក រួចខ្យល់ដង្ហើមក៏ចូលទៅក្នុងសពទាំងនោះ ហើយវាក៏រស់ឡើង បានទាំងឈរឡើងជាកងទ័ពយ៉ាងធំក្រៃលែង។ រួចទ្រង់មានបន្ទូលមកខ្ញុំថា កូនមនុស្សអើយ ឆ្អឹងទាំងនេះជាពួកវង្សអ៊ីស្រាអែលទាំងមូល មើល គេនិយាយថា ឆ្អឹងយើងរាល់គ្នាស្ងួតហែងហើយ ទីសង្ឃឹមរបស់យើងក៏បាត់អស់ទៅ យើងរាល់គ្នាត្រូវកាត់ចេញស្រឡះផង ដូច្នេះ ចូរទាយប្រាប់គេថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ ម្នាលរាស្ត្រអញអើយ អញនឹងបើកផ្នូរខ្មោចរបស់ឯងរាល់គ្នា ហើយនឹងធ្វើឲ្យឯងរាល់គ្នាឡើងចេញពីផ្នូរមក រួចនឹងនាំឯងឲ្យចូលទៅក្នុងស្រុកអ៊ីស្រាអែលវិញ ឱរាស្ត្រអញអើយ ឯងរាល់គ្នានឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត ក្នុងកាលដែលអញបើកផ្នូររបស់ឯង ឲ្យឯងបានឡើងចេញពីនោះមក គ្រានោះ អញនឹងដាក់វិញ្ញាណអញនៅក្នុងឯងរាល់គ្នា ឯងនឹងមានជីវិតរស់ឡើង ហើយអញនឹងតាំងឯង ឲ្យអាស្រ័យនៅ ក្នុងស្រុកដែលជារបស់ផងឯង នោះឯងរាល់គ្នានឹងដឹងថា គឺអញ ជាព្រះយេហូវ៉ានេះ បានចេញវាចាហើយ ក៏បានសំរេចតាមផង នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។