អេសេគាល 36:22-27
អេសេគាល 36:22-27 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ ចូរប្រាប់ដល់ពួកវង្សអ៊ីស្រាអែលថា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ ឱពួកវង្សអ៊ីស្រាអែលអើយ យើងមិនមែនធ្វើការនេះ ដោយយល់ដល់អ្នករាល់គ្នាទេ គឺដោយយល់ដល់ឈ្មោះបរិសុទ្ធរបស់យើងវិញ ជាឈ្មោះដែលអ្នករាល់គ្នាបានបង្អាប់ នៅកណ្ដាលអស់ទាំងសាសន៍ដែលអ្នកបានទៅដល់នោះ។ យើងនឹងញែកឈ្មោះដ៏ធំរបស់យើង ដែលត្រូវបង្អាប់នៅកណ្ដាលអស់ទាំងសាសន៍ ដែលអ្នករាល់គ្នាបានបង្អាប់នៅក្នុងពួកគេ ជាបរិសុទ្ធដែរ នោះពួកសាសន៍ដទៃនឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត ក្នុងកាលដែលយើងបានញែកជាបរិសុទ្ធក្នុងពួកអ្នក នៅចំពោះភ្នែកគេ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។ ដ្បិតយើងនឹងយកអ្នករាល់គ្នាចេញពីអស់ទាំងសាសន៍ ហើយប្រមូលអ្នកពីគ្រប់ស្រុក នាំមកក្នុងស្រុកជារបស់អ្នករាល់គ្នាវិញ។ យើងនឹងប្រោះទឹកស្អាតទៅលើអ្នករាល់គ្នា ដូចេ្នះ អ្នកនឹងបានស្អាត យើងនឹងជម្រះអ្នករាល់គ្នាឲ្យស្អាត ពីគ្រប់សេចក្ដីស្មោកគ្រោក និងពីអស់ទាំងរូបព្រះរបស់អ្នក។ យើងនឹងឲ្យអ្នកមានចិត្តថ្មី ហើយនឹងដាក់វិញ្ញាណថ្មីនៅក្នុងអ្នកដែរ យើងនឹងដកចិត្តដែលរឹងដូចថ្មចេញពីរូបសាច់អ្នក ហើយឲ្យមានចិត្តជាសាច់វិញ។ យើងនឹងដាក់វិញ្ញាណរបស់យើងនៅក្នុងអ្នករាល់គ្នា បណ្ដាលឲ្យអ្នករាល់គ្នាដើរតាមក្រឹត្យក្រម ហើយរក្សាបញ្ញត្តិច្បាប់របស់យើង ព្រមទាំងប្រព្រឹត្តតាមផង។
អេសេគាល 36:22-27 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ហេតុនេះ ចូរប្រាប់ពូជពង្សអ៊ីស្រាអែលថា: ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ “ពូជពង្សអ៊ីស្រាអែលអើយ! យើងធ្វើដូច្នេះមិនមែនដោយយល់ដល់អ្នករាល់គ្នា គឺយល់ដល់នាមដ៏វិសុទ្ធរបស់យើងដែលអ្នករាល់គ្នាបានបង្អាប់បង្អោន ក្នុងចំណោមប្រជាជាតិទាំងឡាយ ដែលអ្នករាល់គ្នាអាស្រ័យនៅជាមួយ។ យើងនឹងសម្តែងបារមីឲ្យប្រជាជាតិនានាស្គាល់នាមដ៏វិសុទ្ធ*របស់យើង គឺនាមដែលអ្នករាល់គ្នាបានបង្អាប់បង្អោនក្នុងចំណោមប្រជាជាតិទាំងនោះ។ ពេលណាយើងសម្តែងភាពវិសុទ្ធរបស់យើងក្នុងចំណោមអ្នករាល់គ្នាឲ្យប្រជាជាតិទាំងនោះឃើញ ពេលនោះ ពួកគេនឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់ - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។ យើងនឹងយកអ្នករាល់គ្នាចេញពីចំណោមប្រជាជាតិទាំងឡាយ យើងនឹងប្រមូលអ្នករាល់គ្នាពីគ្រប់ស្រុកនាំត្រឡប់មកមាតុភូមិវិញ។ យើងនឹងប្រោះទឹកដ៏បរិសុទ្ធលើអ្នករាល់គ្នា នោះអ្នករាល់គ្នានឹងបានបរិសុទ្ធ។ យើងនឹងជម្រះអ្នករាល់គ្នាឲ្យបានស្អាតបរិសុទ្ធ* ផុតពីអំពើសៅហ្មងទាំងឡាយ លែងឲ្យអ្នករាល់គ្នាជាប់ចិត្តនឹងព្រះក្លែងក្លាយទាំងប៉ុន្មាន។ យើងនឹងប្រគល់ចិត្តគំនិតថ្មីឲ្យអ្នករាល់គ្នា ហើយដាក់វិញ្ញាណថ្មីក្នុងអ្នករាល់គ្នា។ យើងនឹងដកចិត្តរឹងដូចថ្មចេញពីអ្នករាល់គ្នា រួចឲ្យអ្នករាល់គ្នាមានចិត្តអាណិតអាសូរវិញ។ យើងនឹងដាក់វិញ្ញាណរបស់យើងក្នុងអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាអាចធ្វើតាមច្បាប់ ហើយកាន់តាមវិន័យរបស់យើង។
អេសេគាល 36:22-27 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ ចូរប្រាប់ដល់ពួកវង្សអ៊ីស្រាអែលថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ ឱពួកវង្សអ៊ីស្រាអែលអើយ អញមិនមែនធ្វើការនេះ ដោយយល់ដល់ឯងរាល់គ្នាទេ គឺដោយយល់ដល់ឈ្មោះបរិសុទ្ធរបស់អញវិញ ជាឈ្មោះដែលឯងរាល់គ្នាបានបង្អាប់ នៅកណ្តាលអស់ទាំងសាសន៍ដែលឯងបានទៅដល់នោះ អញក៏នឹងញែកឈ្មោះដ៏ជាធំរបស់អញ ដែលត្រូវបង្អាប់នៅកណ្តាលអស់ទាំងសាសន៍ គឺដែលឯងរាល់គ្នាបានបង្អាប់ នៅក្នុងពួកគេ ចេញជាបរិសុទ្ធដែរ នោះពួកសាសន៍ដទៃនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត ក្នុងកាលដែលអញបានញែកជាបរិសុទ្ធក្នុងពួកឯង នៅចំពោះភ្នែកគេ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា ដ្បិតអញនឹងយកឯងរាល់គ្នាចេញពីអស់ទាំងសាសន៍ ហើយប្រមូលឯង ពីគ្រប់ទាំងស្រុក នាំមកក្នុងស្រុកជារបស់ផងឯងរាល់គ្នាវិញ នោះអញនឹងប្រោះទឹកស្អាតទៅលើឯងរាល់គ្នា ដូច្នេះ ឯងនឹងបានស្អាត អញនឹងជំរះឯងរាល់គ្នាឲ្យស្អាត ពីគ្រប់ទាំងសេចក្ដីស្មោកគ្រោក ហើយពីអស់ទាំងរូបព្រះរបស់ឯងផង អញនឹងឲ្យឯងមានចិត្តថ្មី ហើយនឹងដាក់វិញ្ញាណថ្មីនៅក្នុងឯងដែរ អញនឹងដកចិត្តដែលរឹងដូចថ្មពីរូបសាច់ឯងចេញ រួចនឹងឲ្យមានចិត្តជាសាច់វិញ អញនឹងដាក់វិញ្ញាណរបស់អញនៅក្នុងឯងរាល់គ្នា ហើយបណ្តាលឲ្យឯងរាល់គ្នាដើរតាមក្រឹត្យក្រម ហើយរក្សាបញ្ញត្តច្បាប់របស់អញ ព្រមទាំងប្រព្រឹត្តតាមផង