អេសេគាល 36:1-38
អេសេគាល 36:1-38 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
«កូនមនុស្សអើយ ចូរថ្លែងទំនាយដល់អស់ទាំងភ្នំនៃស្រុកអ៊ីស្រាអែលដែរថា ឱភ្នំអ៊ីស្រាអែលអើយ ចូរស្តាប់ព្រះបន្ទូលរបស់ព្រះយេហូវ៉ាចុះ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា ដោយព្រោះខ្មាំងសត្រូវបានពោលឡកឲ្យអ្នកថា ហាសហា ទីខ្ពស់ពីបុរាណទាំងនេះបានត្រឡប់ជារបស់យើងហើយ។ ដូច្នេះ ចូរថ្លែងទំនាយប្រាប់ថា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ គឺដោយហេតុតែគេបានធ្វើឲ្យអ្នកនៅស្ងាត់ច្រៀប ព្រមទាំងលេបអ្នកចូលគ្រប់ទិស ឲ្យអ្នកទៅជារបស់សាសន៍ដែលនៅសល់ ហើយដោយព្រោះពួកអ្នកនិយាយដើម បានចាប់ផ្ដើមនិយាយពីអ្នក ហើយជនទាំងឡាយនិយាយអាក្រក់ពីអ្នក។ ដូច្នេះ ឱភ្នំអ៊ីស្រាអែលអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ាចុះ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ ដល់អស់ទាំងភ្នំធំតូច ផ្លូវទឹក និងច្រកភ្នំ ព្រមទាំងកន្លែងបាក់បែក និងទីក្រុងដែលគេចោលស្ងាត់ ជាទីដែលបានត្រឡប់ជារំពា ហើយជាទីឡកឡឺយដល់សំណល់នៃអស់ទាំងសាសន៍ដែលនៅព័ទ្ធជុំវិញ។ គឺព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលថា សំណល់នៃអស់ទាំងសាសន៍ ព្រមទាំងស្រុកអេដុមទាំងមូល ដែលបានតម្រូវស្រុកយើងទុកជារបស់គេ ដោយអំណរអស់ពីចិត្ត ទាំងមានចិត្តមើលងាយផង ដើម្បីបោះបង់ចោលទុកជារំពា នោះប្រាកដជាយើងបានតបនឹងគេដោយភ្លើងនៃសេចក្ដីប្រចណ្ឌរបស់យើង។ ដូច្នេះ ចូរថ្លែងទំនាយពីដំណើរស្រុកអ៊ីស្រាអែល ហើយប្រាប់ដល់អស់ទាំងភ្នំធំតូច ផ្លូវទឹក និងច្រកភ្នំទាំងប៉ុន្មានថា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ យើងបាននិយាយដោយសេចក្ដីប្រចណ្ឌ និងសេចក្ដីក្រោធរបស់យើង ហើយដោយព្រោះអ្នករាល់គ្នាបានរងទ្រាំសេចក្ដីខ្មាសរបស់សាសន៍ដទៃ។ ហេតុនេះ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលថា យើងបានស្បថហើយថា ពិតប្រាកដជាសាសន៍ទាំងប៉ុន្មានដែលនៅព័ទ្ធជុំវិញអ្នក គេនឹងត្រូវរង់ទ្រាំសេចក្ដីខ្មាសរបស់ខ្លួនគេវិញ។ ប៉ុន្តែ អ្នក ឱភ្នំអ៊ីស្រាអែល អ្នករាល់គ្នានឹងបែកមែក ហើយបង្កើតផលរបស់អ្នក ឲ្យអ៊ីស្រាអែលជាប្រជារាស្ត្រយើង ពីព្រោះគេរៀបនឹងមកហើយ។ ដ្បិតមើល៍! យើងកាន់ខាងអ្នក ហើយយើងនឹងវិលមកឯអ្នកវិញ នោះនឹងមានគេភ្ជួររាស់ ហើយសាបព្រោះអ្នក។ យើងនឹងឲ្យមនុស្សចម្រើនឡើងនៅក្នុងអ្នក គឺជាពួកវង្សអ៊ីស្រាអែលទាំងមូល។ ដូច្នេះ ទីក្រុងទាំងប៉ុន្មានរបស់អ្នកនឹងមានមនុស្សនៅ ហើយអស់ទាំងកន្លែងបាក់បែកនឹងបានសង់ឡើងវិញ។ យើងនឹងធ្វើឲ្យទាំងមនុស្ស និងសត្វបានចម្រើនឡើងនៅក្នុងអ្នក គេនឹងចម្រើនឡើង ហើយសាយគ្រាយចេញទៅ យើងនឹងឲ្យមានមនុស្សអាស្រ័យនៅក្នុងអ្នកដូចពីដើម ហើយប្រព្រឹត្តនឹងអ្នកដោយល្អជាងជាន់ដើមទៅទៀត នោះអ្នករាល់គ្នានឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត។ យើងនឹងឲ្យមានមនុស្សដើរលើអ្នក គឺអ៊ីស្រាអែលជាប្រជារាស្ត្ររបស់យើង គេនឹងបានអ្នកជារបស់គេ ហើយអ្នកនឹងបានជាមត៌កដល់គេ នោះអ្នកនឹងមិនធ្វើឲ្យគេព្រាត់ប្រាសកូនទៀតឡើយ។ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា ដោយព្រោះគេនិយាយពីអ្នកថា អ្នកជាស្រុកដែលលេបមនុស្សបាត់ ហើយពង្រាត់កូនរបស់សាសន៍អ្នក។ ដូច្នេះ អ្នកនឹងលែងលេបមនុស្សទៀត ក៏មិនពង្រាត់កូនរបស់សាសន៍អ្នកទៀតដែរ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់យេហូវ៉ា។ យើងមិនឲ្យអ្នកឮពាក្យត្មះតិះដៀលរបស់សាសន៍ដទៃទាំងប៉ុន្មានទៀតទេ អ្នកមិនត្រូវរងទ្រាំសេចក្ដីប្រមាថមើលងាយរបស់គេ អ្នកនឹងមិនធ្វើជាហេតុ ឲ្យសាសន៍របស់អ្នកចំពប់ដួលទៀតឡើយ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់យេហូវ៉ា»។ ព្រះបន្ទូលរបស់ព្រះយេហូវ៉ាបានមកដល់ខ្ញុំថា៖ «កូនមនុស្សអើយ កាលពួកវង្សអ៊ីស្រាអែលបាននៅក្នុងស្រុករបស់ខ្លួន គេបានបង្អាប់ស្រុកនោះ ដោយផ្លូវប្រព្រឹត្ត និងកិរិយារបស់ខ្លួន ផ្លូវដែលគេប្រព្រឹត្តនៅមុខយើង ប្រៀបដូចជាសេចក្ដីស្មោកគ្រោកនៃស្រីដែលមានរដូវ។ ហេតុនោះបានជាយើងចាក់សេចក្ដីក្រោធរបស់យើងទៅលើគេ គឺដោយព្រោះឈាមដែលគេបានកម្ចាយនៅក្នុងស្រុក ហើយដោយព្រោះគេបានបង្អាប់ស្រុក ដោយរូបព្រះរបស់គេ។ ដូច្នេះ យើងបានកម្ចាត់កម្ចាយគេទៅនៅក្នុងអស់ទាំងសាសន៍ គេត្រូវបែងចែកទៅនៅគ្រប់ស្រុក យើងបានជំនុំជម្រះគេតាមផ្លូវគេប្រព្រឹត្ត និងតាមកិរិយារបស់គេ។ កាលគេបានចូលទៅឯសាសន៍ណាដែលគេត្រូវខ្ចាយទៅនោះ គេក៏បង្អាប់ឈ្មោះបរិសុទ្ធរបស់យើងទៀត ដោយមានមនុស្សថា ពួកនេះជាពួករបស់ព្រះយេហូវ៉ា គេបានចេញចាកពីស្រុករបស់ព្រះអង្គមក។ ប៉ុន្តែ យើងបានយល់ដល់ឈ្មោះបរិសុទ្ធរបស់យើង ដែលពួកវង្សអ៊ីស្រាអែលបានបង្អាប់ នៅកណ្ដាលសាសន៍ទាំងប៉ុន្មាន ដែលគេបានទៅដល់នោះ។ ដូច្នេះ ចូរប្រាប់ដល់ពួកវង្សអ៊ីស្រាអែលថា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ ឱពួកវង្សអ៊ីស្រាអែលអើយ យើងមិនមែនធ្វើការនេះ ដោយយល់ដល់អ្នករាល់គ្នាទេ គឺដោយយល់ដល់ឈ្មោះបរិសុទ្ធរបស់យើងវិញ ជាឈ្មោះដែលអ្នករាល់គ្នាបានបង្អាប់ នៅកណ្ដាលអស់ទាំងសាសន៍ដែលអ្នកបានទៅដល់នោះ។ យើងនឹងញែកឈ្មោះដ៏ធំរបស់យើង ដែលត្រូវបង្អាប់នៅកណ្ដាលអស់ទាំងសាសន៍ ដែលអ្នករាល់គ្នាបានបង្អាប់នៅក្នុងពួកគេ ជាបរិសុទ្ធដែរ នោះពួកសាសន៍ដទៃនឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត ក្នុងកាលដែលយើងបានញែកជាបរិសុទ្ធក្នុងពួកអ្នក នៅចំពោះភ្នែកគេ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។ ដ្បិតយើងនឹងយកអ្នករាល់គ្នាចេញពីអស់ទាំងសាសន៍ ហើយប្រមូលអ្នកពីគ្រប់ស្រុក នាំមកក្នុងស្រុកជារបស់អ្នករាល់គ្នាវិញ។ យើងនឹងប្រោះទឹកស្អាតទៅលើអ្នករាល់គ្នា ដូចេ្នះ អ្នកនឹងបានស្អាត យើងនឹងជម្រះអ្នករាល់គ្នាឲ្យស្អាត ពីគ្រប់សេចក្ដីស្មោកគ្រោក និងពីអស់ទាំងរូបព្រះរបស់អ្នក។ យើងនឹងឲ្យអ្នកមានចិត្តថ្មី ហើយនឹងដាក់វិញ្ញាណថ្មីនៅក្នុងអ្នកដែរ យើងនឹងដកចិត្តដែលរឹងដូចថ្មចេញពីរូបសាច់អ្នក ហើយឲ្យមានចិត្តជាសាច់វិញ។ យើងនឹងដាក់វិញ្ញាណរបស់យើងនៅក្នុងអ្នករាល់គ្នា បណ្ដាលឲ្យអ្នករាល់គ្នាដើរតាមក្រឹត្យក្រម ហើយរក្សាបញ្ញត្តិច្បាប់របស់យើង ព្រមទាំងប្រព្រឹត្តតាមផង។ អ្នករាល់គ្នានឹងរស់នៅក្នុងស្រុកដែលយើងបានឲ្យដល់បុព្វបុរសអ្នក អ្នករាល់គ្នានឹងធ្វើជាប្រជារាស្ត្ររបស់យើង ហើយយើងជាព្រះដល់អ្នក។ យើងនឹងជួយសង្គ្រោះអ្នករាល់គ្នាឲ្យរួចពីអស់ទាំងសេចក្ដីសៅហ្មងរបស់អ្នក យើងនឹងបង្គាប់ដល់ស្រូវ ឲ្យបានចម្រើនឡើងជាបរិបូរ ឥតធ្វើឲ្យកើតមានអំណត់ទៀតឡើយ។ យើងនឹងចម្រើនផ្លែឈើ និងផលចម្ការឡើងដែរ ដើម្បីមិនឲ្យអ្នករាល់គ្នាត្រូវពាក្យដំណៀលរបស់សាសន៍ដទៃ ដោយព្រោះអំណត់ទៀត អ្នករាល់គ្នានឹងនឹកចាំពីកិរិយាអាក្រក់របស់អ្នក ហើយពីអំពើដែលអ្នករាល់គ្នាប្រព្រឹត្តមិនល្អ ដូច្នេះ អ្នករាល់គ្នានឹងមើលខ្លួនដោយខ្ពើមឆ្អើម ដោយព្រោះអំពើទុច្ចរិត និងអំពើគួរស្អប់ខ្ពើមរបស់អ្នក»។ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលថា៖ «អ្នករាល់គ្នាត្រូវដឹងថា មិនមែនដោយយល់ដល់អ្នករាល់គ្នាដែលយើងធ្វើដូច្នេះទេ ឱពួកវង្សអ៊ីស្រាអែលអើយ ចូរមានសេចក្ដីខ្មាស ហើយជ្រប់មុខ ដោយព្រោះកិរិយារបស់អ្នកចុះ។ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា នៅថ្ងៃដែលយើងជម្រះអ្នករាល់គ្នា ឲ្យស្អាតពីអស់ទាំងអំពើទុច្ចរិតរបស់អ្នក នោះយើងនឹងឲ្យអស់ទាំងទីក្រុងរបស់អ្នក មានមនុស្សរស់នៅវិញ ហើយឲ្យអស់ទាំងកន្លែងបាក់បែកបានសង់ឡើង។ ឯស្រុកដែលនៅស្ងាត់ និងមានគេភ្ជួររាស់ ជាស្រុកដែលពីដើមនៅស្ងាត់ច្រៀប ចំពោះភ្នែកនៃអស់អ្នកដែលដើរកាត់នោះ។ គេនឹងពោលថា ស្រុកនេះដែលត្រូវចោលស្ងាត់ ត្រឡប់ដូចជាសួនច្បារអេដែន ហើយទីក្រុងទាំងប៉ុន្មានដែលត្រូវចោលស្ងាត់ ហើយបាក់បែក ក៏បានមាំមួនឡើង ហើយមានមនុស្សរស់នៅផង។ ដូច្នេះ អស់ទាំងសាសន៍ដែលសល់នៅព័ទ្ធជុំវិញអ្នក គេនឹងដឹងថា គឺយើង ជាព្រះយេហូវ៉ានេះ យើងបានសង់ទីបំផ្លាញនោះឡើង ហើយសាបព្រោះកន្លែងដែលចោលស្ងាត់វិញ គឺយើង ជាយេហូវ៉ានេះ យើងបានចេញវាចាហើយ ក៏នឹងសម្រេចតាមផង។ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលថា មួយទៀត យើងនឹងបើកឲ្យពួកវង្សអ៊ីស្រាអែល បានសួរយើងពីដំណើរនោះ ដើម្បីឲ្យយើងបានសម្រេចការនោះដល់គេ គឺយើងនឹងឲ្យគេចម្រើនគ្នាជាច្រើនដូចជាហ្វូងចៀម។ ទីក្រុងដែលខូចទាំងប៉ុន្មាន នឹងមានហ្វូងមនុស្សពេញ ប្រៀបដូចជាហ្វូងចៀមដែលញែកជាបរិសុទ្ធ គឺដូចជាហ្វូងចៀមនៅក្រុងយេរូសាឡិម ក្នុងថ្ងៃបុណ្យមានកំណត់ នោះគេនឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត»។
អេសេគាល 36:1-38 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កូនមនុស្សអើយ ចូរថ្លែងពាក្យក្នុងនាមយើងស្ដីអំពីភ្នំទាំងឡាយ នៅស្រុកអ៊ីស្រាអែលដូចតទៅ: ភ្នំទាំងឡាយនៅស្រុកអ៊ីស្រាអែលអើយ ចូរស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់! ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ: ខ្មាំងសត្រូវបានចំអកឲ្យអ្នក គេពោលថា “ភ្នំដ៏ស្ថិតស្ថេរអស់កល្បជានិច្ចនេះបានមកជាកម្មសិទ្ធិរបស់យើងហើយ!”។ ហេតុនេះ ចូរថ្លែងពាក្យក្នុងនាមយើងចុះ! ចូរពោលថា ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ: ខ្មាំងសត្រូវបានបំផ្លាញ និងត្របាក់លេបអ្នករាល់គ្នាពីគ្រប់ទិសទី អ្នករាល់គ្នាក្លាយទៅជាកម្មសិទ្ធិរបស់ប្រជាជាតិនានា ពួកគេយករឿងអ្នកទៅនិយាយលេងសើចជាមួយគ្នា។ ហេតុនេះ ភ្នំទាំងឡាយនៅស្រុកអ៊ីស្រាអែលអើយ ចូរស្ដាប់ព្រះបន្ទូលរបស់ព្រះជាអម្ចាស់! ព្រះជាអម្ចាស់មានព្រះបន្ទូលថា: ភ្នំតូចភ្នំធំ ជ្រលងដងអូរ ហើយក្រុងដែលនៅសល់តែគំនរបាក់បែក និងក្រុងដែលគេបោះបង់ចោលអើយ ប្រជាជាតិនានានៅជុំវិញនាំគ្នាប្លន់កម្ទេច និងចំអកឡកឡឺយឲ្យអ្នក។ ព្រះជាអម្ចាស់មានព្រះបន្ទូលថា: ដោយយើងស្រឡាញ់អ្នករាល់គ្នាយ៉ាងខ្លាំងបំផុតនោះ យើងនិយាយប្រឆាំងនឹងប្រជាជាតិឯទៀតៗ ជាពិសេសប្រឆាំងនឹងស្រុកអេដុមទាំងមូល ព្រោះពួកគេបានចាប់យកទឹកដីយើងទៅធ្វើជាកម្មសិទ្ធិរបស់ខ្លួន។ ពួកគេសប្បាយចិត្តរឹបអូស និងបំផ្លាញស្រុកនេះឥតត្រាប្រណីឡើយ។ ហេតុនេះ ចូរថ្លែងពាក្យក្នុងនាមយើងស្ដីអំពីទឹកដីអ៊ីស្រាអែល! ចូរប្រាប់ភ្នំតូច ភ្នំធំ និងជ្រលងដងអូរថា ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ: យើងនិយាយដោយចិត្តស្រឡាញ់ដ៏លើសលុបចំពោះអ្នក ហើយដោយកំហឹងដ៏ខ្លាំងដែរ ព្រោះប្រជាជាតិនានាបានធ្វើឲ្យអ្នករាល់គ្នាអាម៉ាស់។ ហេតុនេះ យើងជាព្រះជាអម្ចាស់ យើងលើកដៃសន្យាយ៉ាងឱឡារិកថា ប្រជាជាតិដែលនៅជុំវិញអ្នករាល់គ្នា មុខជាទទួលយកការអាម៉ាស់នោះមិនខាន! រីឯភ្នំទាំងឡាយនៅស្រុកអ៊ីស្រាអែលអើយ ដើមឈើរបស់អ្នករាល់គ្នានឹងបែកមែកសាខា បង្កើតផលផ្លែសម្រាប់អ៊ីស្រាអែលជាប្រជារាស្ត្ររបស់យើង ដ្បិតពួកគេជិតត្រឡប់មកវិញហើយ។ យើងបែរមករកអ្នករាល់គ្នា យើងកាន់ខាងអ្នករាល់គ្នា។ មានគេភ្ជួររាស់អ្នក និងសាបព្រោះឡើងវិញ។ យើងនឹងធ្វើឲ្យចំនួនមនុស្សនៅលើភ្នំនេះកើនឡើង គឺកូនចៅអ៊ីស្រាអែលទាំងមូល។ ក្រុងទាំងឡាយនឹងមានមនុស្សរស់នៅ ហើយកន្លែងបាក់បែកទាំងឡាយ ក៏នឹងត្រូវសង់ឡើងវិញដែរ។ យើងនឹងធ្វើឲ្យចំនួនមនុស្ស និងហ្វូងសត្វនៅលើភ្នំនេះកើនឡើង ហើយបង្កើតកូនពូនជាចៅ។ យើងនឹងធ្វើឲ្យប្រជាជនមានចំនួនច្រើន ដូចកាលពីមុន យើងនឹងឲ្យអ្នករាល់គ្នាបានចម្រុងចម្រើនលើសពីមុនទៅទៀត។ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជាព្រះជាអម្ចាស់មែន។ អ៊ីស្រាអែលជាប្រជារាស្ត្ររបស់យើងអើយ យើងនឹងនាំអ្នករាល់គ្នាឲ្យដើរនៅលើភ្នំនេះវិញ។ អ្នករាល់គ្នានឹងយកទឹកដីនេះធ្វើជាកម្មសិទ្ធិ និងជាកេរមត៌ក ទឹកដីនេះនឹងលែងធ្វើឲ្យអ្នករាល់គ្នាបាត់បង់កូនចៅទៀតហើយ»។ ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ៖ «គេតែងពោលថា “ស្រុកនេះបំផ្លាញជីវិតមនុស្ស ស្រុកនេះធ្វើឲ្យប្រជាជាតិរបស់ខ្លួនបាត់បង់កូនចៅ”។ ប៉ុន្តែ ពីពេលនេះទៅមុខ អ្នកលែងបំផ្លាញជីវិតមនុស្ស អ្នកលែងធ្វើឲ្យប្រជាជាតិរបស់អ្នកបាត់បង់កូនចៅទៀតហើយ - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។ យើងនឹងលែងឲ្យប្រជាជាតិនានាប្រមាថមាក់ងាយអ្នក ជាតិសាសន៍ដទៃនឹងលែងធ្វើឲ្យអ្នកអាម៉ាស់មុខ អ្នកនឹងលែងធ្វើឲ្យប្រជាជាតិរបស់អ្នកវិនាសទៀតដែរ»។ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖ «កូនមនុស្សអើយ ពេលកូនចៅអ៊ីស្រាអែលរស់នៅលើទឹកដីរបស់ខ្លួននៅឡើយ ពួកគេធ្វើឲ្យទឹកដីនេះទៅជាសៅហ្មង ដោយសារអំពើអាក្រក់ និងមារយាទថោកទាបរបស់ពួកគេ។ យើងចាត់ទុកមារយាទរបស់ពួកគេថា មិនបរិសុទ្ធ ដូចស្ត្រីក្នុងគ្រាមានសៅហ្មងដែរ។ ពួកគេធ្វើឲ្យទឹកដីនេះទៅជាសៅហ្មង ដោយការបង្ហូរឈាម និងការថ្វាយបង្គំព្រះក្លែងក្លាយ ហេតុនេះហើយបានជាយើងជះកំហឹងរបស់យើងទៅលើពួកគេ។ យើងបានកម្ចាត់កម្ចាយពួកគេឲ្យទៅនៅក្នុងចំណោមប្រជាជាតិទាំងឡាយ យើងបំបែកពួកគេឲ្យទៅរស់នៅតាមស្រុកនានា។ យើងដាក់ទោសពួកគេតាមអំពើអាក្រក់ និងតាមមារយាទថោកទាបរបស់ខ្លួន។ ពេលទៅដល់ស្រុករបស់ប្រជាជាតិទាំងឡាយ ពួកគេបានបង្អាប់បង្អោននាមដ៏វិសុទ្ធរបស់យើង ហើយម្ចាស់ស្រុកនិយាយអំពីពួកគេថា “ពួកនេះជាប្រជារាស្ត្ររបស់ព្រះអម្ចាស់ ពួកគេចាកចេញពីស្រុករបស់ព្រះអង្គមក”។ យើងចង់រក្សានាមដ៏វិសុទ្ធរបស់យើង ដែលកូនចៅអ៊ីស្រាអែលបានបង្អាប់បង្អោន នៅក្នុងចំណោមប្រជាជាតិទាំងឡាយ ដែលពួកគេស្នាក់អាស្រ័យនៅជាមួយ។ ហេតុនេះ ចូរប្រាប់ពូជពង្សអ៊ីស្រាអែលថា: ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ “ពូជពង្សអ៊ីស្រាអែលអើយ! យើងធ្វើដូច្នេះមិនមែនដោយយល់ដល់អ្នករាល់គ្នា គឺយល់ដល់នាមដ៏វិសុទ្ធរបស់យើងដែលអ្នករាល់គ្នាបានបង្អាប់បង្អោន ក្នុងចំណោមប្រជាជាតិទាំងឡាយ ដែលអ្នករាល់គ្នាអាស្រ័យនៅជាមួយ។ យើងនឹងសម្តែងបារមីឲ្យប្រជាជាតិនានាស្គាល់នាមដ៏វិសុទ្ធ*របស់យើង គឺនាមដែលអ្នករាល់គ្នាបានបង្អាប់បង្អោនក្នុងចំណោមប្រជាជាតិទាំងនោះ។ ពេលណាយើងសម្តែងភាពវិសុទ្ធរបស់យើងក្នុងចំណោមអ្នករាល់គ្នាឲ្យប្រជាជាតិទាំងនោះឃើញ ពេលនោះ ពួកគេនឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់ - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។ យើងនឹងយកអ្នករាល់គ្នាចេញពីចំណោមប្រជាជាតិទាំងឡាយ យើងនឹងប្រមូលអ្នករាល់គ្នាពីគ្រប់ស្រុកនាំត្រឡប់មកមាតុភូមិវិញ។ យើងនឹងប្រោះទឹកដ៏បរិសុទ្ធលើអ្នករាល់គ្នា នោះអ្នករាល់គ្នានឹងបានបរិសុទ្ធ។ យើងនឹងជម្រះអ្នករាល់គ្នាឲ្យបានស្អាតបរិសុទ្ធ* ផុតពីអំពើសៅហ្មងទាំងឡាយ លែងឲ្យអ្នករាល់គ្នាជាប់ចិត្តនឹងព្រះក្លែងក្លាយទាំងប៉ុន្មាន។ យើងនឹងប្រគល់ចិត្តគំនិតថ្មីឲ្យអ្នករាល់គ្នា ហើយដាក់វិញ្ញាណថ្មីក្នុងអ្នករាល់គ្នា។ យើងនឹងដកចិត្តរឹងដូចថ្មចេញពីអ្នករាល់គ្នា រួចឲ្យអ្នករាល់គ្នាមានចិត្តអាណិតអាសូរវិញ។ យើងនឹងដាក់វិញ្ញាណរបស់យើងក្នុងអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាអាចធ្វើតាមច្បាប់ ហើយកាន់តាមវិន័យរបស់យើង។ អ្នករាល់គ្នានឹងរស់នៅក្នុងស្រុកដែលយើងបានប្រគល់ឲ្យដូនតាអ្នករាល់គ្នា អ្នករាល់គ្នានឹងធ្វើជាប្រជារាស្ត្ររបស់យើង ហើយយើងជាព្រះរបស់អ្នករាល់គ្នា។ យើងនឹងសង្គ្រោះអ្នករាល់គ្នាឲ្យរួចផុតពីអំពើសៅហ្មងគ្រប់យ៉ាង យើងនឹងឲ្យអ្នករាល់គ្នាមានស្រូវយ៉ាងច្រើនបរិបូណ៌ គឺមិនឲ្យមានទុរ្ភិក្សទៀតទេ។ យើងនឹងធ្វើឲ្យដើមឈើ និងស្រែចម្ការបង្កើតផលផ្លែជាច្រើន ដើម្បីកុំឲ្យអ្នករាល់គ្នារងគ្រោះដោយទុរ្ភិក្ស និងត្រូវអាម៉ាស់នៅចំពោះមុខប្រជាជាតិនានា។ ពេលនោះ អ្នករាល់គ្នានឹងនឹកឃើញអំពីកិរិយាមារយាទអាក្រក់ និងអំពើមិនគួរគប្បី ដែលអ្នករាល់គ្នាធ្លាប់ប្រព្រឹត្តកាលពីមុន ហើយអ្នករាល់គ្នានឹងនឹកខ្មាសខ្លួនឯង ព្រោះតែអំពើបាប និងអំពើគួរស្អប់ខ្ពើម ដែលអ្នករាល់គ្នាបានប្រព្រឹត្ត។ តោងដឹងថា យើងធ្វើដូច្នេះមិនមែនមកពីយល់ដល់អ្នករាល់គ្នាទេ! ពូជពង្សអ៊ីស្រាអែលអើយ ចូរនឹកខ្មាស និងអៀនខ្លួនចំពោះកិរិយាមារយាទរបស់ខ្លួនទៅ!” - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់»។ ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «នៅថ្ងៃដែលយើងជម្រះអ្នករាល់គ្នាឲ្យបានបរិសុទ្ធ រួចផុតពីអំពើបាបទាំងប៉ុន្មានរបស់ខ្លួនហើយ យើងនឹងឲ្យមានប្រជាជនរស់នៅសាជាថ្មីក្នុងក្រុងនានា ហើយគេនឹងសង់ផ្ទះនៅត្រង់កន្លែងបាក់បែកនោះឡើងវិញ។ ដីដែលគេបោះបង់ចោលនឹងមានដំណាំដុះសាជាថ្មី អស់អ្នកដើរកាត់តាមនោះនឹងលែងឃើញដីដែលគេបោះបង់ចោលទៀតហើយ។ ពួកគេនឹងពោលថា ស្រុកដែលគេបោះបង់ចោលនេះ ត្រឡប់ជាមានសោភណភាពដូចសួនឧទ្យានអេដែន ក្រុងដែលបាក់បែក ហើយស្ងាត់ជ្រងំនេះនឹងត្រូវសង់ឡើងវិញ ដោយមានកំពែងរឹងមាំ ព្រមទាំងមានប្រជាជនរស់នៅផង។ ប្រជាជាតិនានាដែលនៅជុំវិញអ្នករាល់គ្នានឹងទទួលស្គាល់ថា យើងជាព្រះអម្ចាស់ អ្វីៗដែលបាក់បែក យើងនឹងសង់ឡើងវិញ ហើយយើងក៏ដាំដំណាំសាជាថ្មី នៅលើដីដែលគេបោះបង់ដែរ»។ យើងជាព្រះអម្ចាស់ យើងនិយាយយ៉ាងណា យើងនឹងធ្វើយ៉ាងនោះ។ ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «យើងនឹងទុកឲ្យពូជពង្សអ៊ីស្រាអែលហៅរកយើងតទៅទៀត យើងនឹងជួយពួកគេ ដោយធ្វើឲ្យពួកគេកើនចំនួនច្រើនឡើង។ ក្រុងនានាដែលនៅសល់តែគំនរបាក់បែក នឹងមានមនុស្សរស់នៅយ៉ាងច្រើន ដូចចំនួនសត្វដែលគេនាំយកទៅធ្វើយញ្ញបូជានៅក្រុងយេរូសាឡឹម ក្នុងពិធីបុណ្យដ៏សំខាន់ៗកាលពីដើម។ ពេលនោះ គេនឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន»។
អេសេគាល 36:1-38 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កូនមនុស្សអើយ ចូរទាយដល់អស់ទាំងភ្នំនៃស្រុកអ៊ីស្រាអែលដែរ ថា ឱភ្នំអ៊ីស្រាអែលអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា ដោយព្រោះខ្មាំងសត្រូវបានពោលឡកឲ្យឯងថា ហាសហា ទីខ្ពស់ពីបុរាណទាំងនេះបានត្រឡប់ជារបស់ផងយើងហើយ ដូច្នេះ ចូរទាយប្រាប់ថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ ដោយហេតុនេះ គឺដោយព្រោះតែគេបានធ្វើឲ្យឯងនៅស្ងាត់ច្រៀប ព្រមទាំងលេបឯងចូលនៅគ្រប់ទិស ឲ្យឯងបានទៅជារបស់សាសន៍ដែលនៅសល់ ហើយដោយព្រោះពួកអ្នកនិយាយដើមបានចាប់តាំងនិយាយពីឯង ហើយជនទាំងឡាយនិយាយអាក្រក់ពីឯងផង ដូច្នេះ ឱភ្នំអ៊ីស្រាអែលអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ាចុះ ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ ដល់អស់ទាំងភ្នំធំតូច ផ្លូវទឹក នឹងច្រកភ្នំ ព្រមទាំងទីខូចបង់ នឹងទីក្រុងដែលគេចោលស្ងាត់ ជាទីដែលបានត្រឡប់ជារំពា ហើយជាទីឡកឡឺយដល់សំណល់នៃអស់ទាំងសាសន៍ដែលនៅព័ទ្ធជុំវិញ គឺព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលថា ឯសំណល់នៃអស់ទាំងសាសន៍ ព្រមទាំងស្រុកអេដំមទាំងមូល ដែលបានដំរូវស្រុកអញទុកជារបស់ផងគេ ដោយសេចក្ដីអំណរអស់ពីចិត្ត ទាំងមានចិត្តមើលងាយផង ដើម្បីនឹងបោះបង់ចោលចេញទុកជារំពា នោះពិតប្រាកដជាអញបានតបនឹងគេដោយភ្លើងនៃសេចក្ដីប្រចណ្ឌរបស់អញ ដូច្នេះ ចូរទាយពីដំណើរស្រុកអ៊ីស្រាអែល ហើយប្រាប់ដល់អស់ទាំងភ្នំធំតូច ផ្លូវទឹក នឹងច្រកភ្នំទាំងប៉ុន្មានថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ មើល អញបាននិយាយ ដោយសេចក្ដីប្រចណ្ឌ នឹងសេចក្ដីក្រោធរបស់អញ ហើយដោយព្រោះឯងរាល់គ្នាបានរងទ្រាំសេចក្ដីខ្មាសរបស់សាសន៍ដទៃ ហេតុនោះ ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានបន្ទូលថា អញបានស្បថហើយថា ពិតប្រាកដជាសាសន៍ទាំងប៉ុន្មានដែលនៅព័ទ្ធជុំវិញឯង គេនឹងត្រូវរង់ទ្រាំសេចក្ដីខ្មាសរបស់ខ្លួនគេវិញ។ តែចំណែកឯង ឱភ្នំអ៊ីស្រាអែលអើយ ឯងរាល់គ្នានឹងបែកមែក ហើយបង្កើតផលរបស់ឯង ឲ្យអ៊ីស្រាអែលជារាស្ត្រអញ ពីព្រោះគេរៀបនឹងមកហើយ ដ្បិតមើល អញកាន់ខាងឯង ហើយអញនឹងវិលមកឯឯងវិញ នោះនឹងមានគេភ្ជួររាស់ហើយសាបព្រោះឯងឡើង អញនឹងឲ្យមនុស្សចំរើនឡើងនៅក្នុងឯង គឺជាពួកវង្សអ៊ីស្រាអែលទាំងមូល ដូច្នេះ ទីក្រុងទាំងប៉ុន្មានរបស់ឯងនឹងមានមនុស្សនៅ ហើយអស់ទាំងទីខូចបង់នឹងបានសង់ឡើងវិញ អញនឹងធ្វើឲ្យទាំងមនុស្សនឹងសត្វផង បានចំរើនឡើងនៅក្នុងឯង គេនឹងចំរើនឡើង ហើយសាយគ្រាយចេញទៅ នោះអញនឹងឲ្យមានមនុស្សអាស្រ័យនៅក្នុងឯងដូចយ៉ាងពីដើម ហើយប្រព្រឹត្តនឹងឯងដោយល្អជាងជាន់ដើមទៅទៀត នោះឯងរាល់គ្នានឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត អើ អញនឹងឲ្យមានមនុស្សដើរលើឯង គឺអ៊ីស្រាអែលជារាស្ត្ររបស់អញ គេនឹងបានឯងជារបស់ផងគេ ហើយឯងនឹងបានជាមរដកដល់គេ នោះឯងនឹងមិនធ្វើឲ្យគេព្រាត់ប្រាសកូនទៀតឡើយ ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា ដោយព្រោះគេនិយាយពីឯងថា ឯងជាស្រុកដែលលេបមនុស្សបាត់ ហើយបំរាសកូនរបស់សាសន៍ឯង ដូច្នេះ ឯងនឹងលែងលេបមនុស្សបាត់តទៅ ក៏មិនបំរាសកូនរបស់សាសន៍ឯងទៀតឡើយ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា អញក៏មិនឲ្យឯងឮពាក្យត្មះតិះដៀលរបស់សាសន៍ដទៃទាំងប៉ុន្មានទៀតដែរ ឯងមិនត្រូវរងទ្រាំសេចក្ដីប្រមាថមើលងាយរបស់គេតទៅ ឯងនឹងមិនធ្វើជាហេតុ ឲ្យសាសន៍របស់ឯង ចំពប់ដួលទៀតឡើយ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។ ព្រះបន្ទូលនៃព្រះយេហូវ៉ា ក៏មកដល់ខ្ញុំម្តងទៀតថា កូនមនុស្សអើយ កាលពួកវង្សអ៊ីស្រាអែលបាននៅក្នុងស្រុករបស់ខ្លួន នោះគេបានបង្អាប់ស្រុកនោះ ដោយផ្លូវប្រព្រឹត្ត នឹងកិរិយារបស់ខ្លួន ផ្លូវដែលគេប្រព្រឹត្តនៅមុខអញ ប្រៀបដូចជាសេចក្ដីស្មោកគ្រោកនៃស្រីដែលមានរដូវ ហេតុនោះបានជាអញចាក់សេចក្ដីក្រោធរបស់អញទៅលើគេ គឺដោយព្រោះឈាមដែលគេបានកំចាយនៅក្នុងស្រុក ហើយដោយព្រោះគេបានបង្អាប់ស្រុក ដោយរូបព្រះរបស់គេ ដូច្នេះ អញបានកំចាត់កំចាយគេទៅនៅក្នុងអស់ទាំងសាសន៍ គេត្រូវបែងចែកទៅនៅគ្រប់ស្រុកផង អញបានជំនុំជំរះគេតាមផ្លូវគេប្រព្រឹត្ត នឹងតាមកិរិយារបស់គេ កាលគេបានចូលទៅឯសាសន៍ណាដែលគេត្រូវខ្ចាយទៅនោះ គេក៏បង្អាប់ឈ្មោះបរិសុទ្ធរបស់អញទៀត ដោយមានមនុស្សថា ពួកនេះជាពួករបស់ព្រះយេហូវ៉ា គេបានចេញចាកពីស្រុករបស់ទ្រង់មក ប៉ុន្តែអញបានយល់ដល់ឈ្មោះបរិសុទ្ធរបស់អញ ដែលពួកវង្សអ៊ីស្រាអែលបានបង្អាប់ នៅកណ្តាលសាសន៍ទាំងប៉ុន្មាន ដែលគេបានទៅដល់នោះ។ ដូច្នេះ ចូរប្រាប់ដល់ពួកវង្សអ៊ីស្រាអែលថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ ឱពួកវង្សអ៊ីស្រាអែលអើយ អញមិនមែនធ្វើការនេះ ដោយយល់ដល់ឯងរាល់គ្នាទេ គឺដោយយល់ដល់ឈ្មោះបរិសុទ្ធរបស់អញវិញ ជាឈ្មោះដែលឯងរាល់គ្នាបានបង្អាប់ នៅកណ្តាលអស់ទាំងសាសន៍ដែលឯងបានទៅដល់នោះ អញក៏នឹងញែកឈ្មោះដ៏ជាធំរបស់អញ ដែលត្រូវបង្អាប់នៅកណ្តាលអស់ទាំងសាសន៍ គឺដែលឯងរាល់គ្នាបានបង្អាប់ នៅក្នុងពួកគេ ចេញជាបរិសុទ្ធដែរ នោះពួកសាសន៍ដទៃនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត ក្នុងកាលដែលអញបានញែកជាបរិសុទ្ធក្នុងពួកឯង នៅចំពោះភ្នែកគេ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា ដ្បិតអញនឹងយកឯងរាល់គ្នាចេញពីអស់ទាំងសាសន៍ ហើយប្រមូលឯង ពីគ្រប់ទាំងស្រុក នាំមកក្នុងស្រុកជារបស់ផងឯងរាល់គ្នាវិញ នោះអញនឹងប្រោះទឹកស្អាតទៅលើឯងរាល់គ្នា ដូច្នេះ ឯងនឹងបានស្អាត អញនឹងជំរះឯងរាល់គ្នាឲ្យស្អាត ពីគ្រប់ទាំងសេចក្ដីស្មោកគ្រោក ហើយពីអស់ទាំងរូបព្រះរបស់ឯងផង អញនឹងឲ្យឯងមានចិត្តថ្មី ហើយនឹងដាក់វិញ្ញាណថ្មីនៅក្នុងឯងដែរ អញនឹងដកចិត្តដែលរឹងដូចថ្មពីរូបសាច់ឯងចេញ រួចនឹងឲ្យមានចិត្តជាសាច់វិញ អញនឹងដាក់វិញ្ញាណរបស់អញនៅក្នុងឯងរាល់គ្នា ហើយបណ្តាលឲ្យឯងរាល់គ្នាដើរតាមក្រឹត្យក្រម ហើយរក្សាបញ្ញត្តច្បាប់របស់អញ ព្រមទាំងប្រព្រឹត្តតាមផង នោះឯងរាល់គ្នានឹងអាស្រ័យនៅក្នុងស្រុកដែលអញបានឲ្យដល់ពួកឰយុកោឯង ឯងរាល់គ្នានឹងធ្វើជារាស្ត្ររបស់អញ ហើយអញនឹងបានជាព្រះដល់ឯង អញនឹងជួយសង្គ្រោះឯងរាល់គ្នាឲ្យរួចពីអស់ទាំងសេចក្ដីសៅហ្មងរបស់ឯង អញនឹងបង្គាប់ដល់ស្រូវ ឲ្យបានចំរើនឡើងជាបរិបូរ ឥតធ្វើឲ្យកើតមានអំណត់ទៀតឡើយ ក៏នឹងចំរើនផ្លែឈើ នឹងផលចំការឡើងដែរ ដើម្បីមិនឲ្យឯងរាល់គ្នាត្រូវពាក្យដំនៀលរបស់សាសន៍ដទៃ ដោយព្រោះអំណត់អត់នោះតទៅ នោះឯងរាល់គ្នានឹងនឹកចាំពីកិរិយាអាក្រក់របស់ឯង ហើយពីអំពើដែលឯងរាល់គ្នាប្រព្រឹត្តមិនល្អផង ដូច្នេះ ឯងរាល់គ្នានឹងមើលខ្លួនដោយខ្ពើមឆ្អើម ដោយព្រោះអំពើទុច្ចរិត នឹងអំពើគួរស្អប់ខ្ពើមរបស់ឯង។ ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានបន្ទូលថា ត្រូវឲ្យឯងរាល់គ្នាដឹងថា មិនមែនដោយយល់ដល់ឯងរាល់គ្នាដែលអញធ្វើដូច្នេះទេ ឱពួកវង្សអ៊ីស្រាអែលអើយ ចូរឲ្យមានសេចក្ដីខ្មាស ហើយជ្រប់មុខ ដោយព្រោះកិរិយារបស់ឯងចុះ ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានបន្ទូលដូច្នេះថា នៅថ្ងៃដែលអញជំរះឯងរាល់គ្នា ឲ្យស្អាតពីអស់ទាំងអំពើទុច្ចរិតរបស់ឯងចេញ នោះអញនឹងឲ្យអស់ទាំងទីក្រុងរបស់ឯង មានមនុស្សអាស្រ័យនៅវិញ ហើយឲ្យអស់ទាំងទីខូចបង់បានសង់ឡើង ឯស្រុកដែលបាននៅស្ងាត់ នឹងមានគេភ្ជួររាស់ ជាស្រុកដែលពីដើមនៅស្ងាត់ច្រៀប ចំពោះភ្នែកនៃអស់អ្នកដែលដើរកាត់នោះ ហើយគេនឹងពោលថា ស្រុកនេះដែលត្រូវចោលស្ងាត់ បានត្រឡប់ដូចជាសួនច្បារអេដែនវិញ ហើយទីក្រុងទាំងប៉ុន្មានដែលត្រូវខូចបង់ចោលស្ងាត់ ហើយបាក់បែក ក៏បានមាំមួនឡើង ហើយមានមនុស្សអាស្រ័យនៅផង ដូច្នេះ អស់ទាំងសាសន៍ដែលសល់នៅព័ទ្ធជុំវិញឯង គេនឹងដឹងថា គឺអញ ជាព្រះយេហូវ៉ានេះ អញបានសង់ទីបំផ្លាញនោះឡើង ហើយសាបព្រោះកន្លែងដែលចោលស្ងាត់វិញ គឺអញ ជាយេហូវ៉ានេះ អញបានចេញវាចាហើយ ក៏នឹងសំរេចតាមផង។ ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលថា មួយទៀត អញនឹងបើកឲ្យពួកវង្សអ៊ីស្រាអែល បានសួរអញពីដំណើរនោះឯង ដើម្បីឲ្យអញបានសំរេចការនោះដល់គេ គឺអញនឹងឲ្យគេចំរើនគ្នាជាច្រើនឡើង ដូចជាហ្វូងចៀម អស់ទាំងទីក្រុងខូចបង់ នឹងបានពេញដោយហ្វូងមនុស្ស ប្រៀបដូចជាហ្វូងចៀមដែលញែកជាបរិសុទ្ធ គឺដូចជាហ្វូងចៀមនៅក្រុងយេរូសាឡិម ក្នុងថ្ងៃបុណ្យមានកំណត់ នោះគេនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត។