អេសេគាល 33:1-16
អេសេគាល 33:1-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះបន្ទូលរបស់ព្រះយេហូវ៉ាបានមកដល់ខ្ញុំថា៖ «កូនមនុស្សអើយ ចូរប្រាប់ដល់ពួកកូនចៅសាសន៍អ្នកថា កាលណាយើងនាំដាវមកលើស្រុកណា ហើយបណ្ដាជននៅស្រុកនោះរើសយកម្នាក់ពីក្នុងពួកគេ តាំងឡើងជាអ្នកចាំយាម បើអ្នកនោះឃើញដាវមកលើស្រុក ក៏ផ្លុំត្រែដាស់បណ្ដាជន ហើយមានអ្នកណាឮសូរត្រែ តែមិនអើពើសោះ បើដាវមកពិត ហើយយកជីវិតគេទៅ នោះឈាមគេនឹងធ្លាក់ទៅលើក្បាលគេវិញ ព្រោះបានឮសូរត្រែ តែមិនអើពើសោះ ដូច្នេះ គេនឹងជាប់មានទោសចំពោះឈាមរបស់ខ្លួនវិញ ដ្បិតបើបានអើពើ នោះនឹងបានរួចជីវិត។ ប៉ុន្តែ បើអ្នកចាំយាមឃើញដាវមក ហើយមិនផ្លុំត្រែឲ្យបណ្ដាជនបានដឹង រួចដាវក៏មកដល់ យកជីវិតអ្នកណាចេញពីពួកគេទៅ អ្នកនោះនឹងត្រូវស្លាប់ក្នុងអំពើទុច្ចរិតរបស់ខ្លួន តែយើងនឹងទារឈាមរបស់អ្នកនោះពីដៃអ្នកចាំយាមវិញ។ កូនមនុស្សអើយ គឺយ៉ាងនោះដែលយើងបានតាំងអ្នកឡើងឲ្យធ្វើជាអ្នកចាំយាមដល់ពួកវង្សអ៊ីស្រាអែល ដូច្នេះ ចូរស្តាប់ពាក្យពីមាត់យើង ហើយប្រកាសប្រាប់គេ។ កាលណាយើងប្រាប់ដល់មនុស្សអាក្រក់ថា ឱមនុស្សអាក្រក់អើយ អ្នកនឹងត្រូវស្លាប់ជាពិត តែអ្នកមិនពន្យល់ប្រាប់មនុស្សអាក្រក់នោះ ឲ្យលះចោលផ្លូវរបស់ខ្លួនទេ ដូច្នេះ មនុស្សអាក្រក់នោះនឹងស្លាប់ក្នុងអំពើទុច្ចរិតរបស់ខ្លួនមែន តែយើងនឹងទារឈាមវាពីដៃអ្នកវិញ។ ប៉ុន្តែ បើអ្នកពន្យល់ប្រាប់ដល់មនុស្សអាក្រក់ពីផ្លូវរបស់វា ឲ្យបានលះចោលផ្លូវនោះចេញ តែវាមិនបែរចេញពីផ្លូវរបស់ខ្លួនសោះ នោះវានឹងស្លាប់ក្នុងអំពើទុច្ចរិតរបស់វា តែអ្នកបានដោះខ្លួនឲ្យរួចវិញ»។ «កូនមនុស្សអើយ ចូរប្រាប់ដល់ពួកវង្សអ៊ីស្រាអែលថា អ្នករាល់គ្នាពោលដូច្នេះថា "អំពើរំលង និងអំពើបាបរបស់យើង គ្របសង្កត់លើយើងហើយ យើងកំពុងតែរោយរៀវទៅក្នុងអំពើទាំងនោះ ដូច្នេះ ធ្វើដូចម្តេចឲ្យយើងរស់នៅបាន?"។ ចូរប្រាប់គេថា ព្រះអម្ចាស់យេហូវ៉ាបានស្បថថា ដូចជាយើងរស់នៅ ប្រាកដជាយើងមិនរីករាយចំពោះសេចក្ដីស្លាប់របស់មនុស្សអាក្រក់ឡើយ គឺចូលចិត្តឲ្យគេលះចោលផ្លូវរបស់ខ្លួន ហើយមានជីវិតរស់ ចូរអ្នករាល់គ្នាបែរមក ចូរបែរពីផ្លូវអាក្រក់របស់ខ្លួនចុះ។ ដ្បិតឱពួកវង្សអ៊ីស្រាអែលអើយ ហេតុអ្វីបានជាចង់ស្លាប់? ដូច្នេះ កូនមនុស្សអើយ ចូរប្រាប់ដល់ពួកចៅនៃសាសន៍អ្នកថា សេចក្ដីសុចរិតរបស់មនុស្សសុចរិតនឹងមិនដោះអ្នកនោះឲ្យរួច ក្នុងថ្ងៃដែលប្រព្រឹត្តអំពើរំលងវិញនោះឡើយ ហើយចំណែកអំពើអាក្រក់របស់មនុស្សអាក្រក់វិញ គេមិនបានដួល ដោយព្រោះអំពើទាំងនោះ ក្នុងថ្ងៃដែលបែរចេញពីអំពើអាក្រក់របស់ខ្លួនទេ ឯមនុស្សសុចរិតក៏មិនអាចនឹងរស់នៅ ដោយសារអំពើសុចរិតរបស់ខ្លួន ក្នុងថ្ងៃដែលប្រព្រឹត្តអំពើបាបវិញបានដែរ។ កាលណាយើងប្រាប់ដល់មនុស្សសុចរិតថា គេនឹងមានជីវិតរស់នៅ នោះបើគេពឹងដល់សេចក្ដីសុចរិតរបស់ខ្លួន ទៅប្រព្រឹត្តអំពើទុច្ចរិតវិញ នោះនឹងគ្មានអ្នកណានឹកចាំពីអំពើសុចរិតទាំងប៉ុន្មានរបស់អ្នកនោះទេ គឺគេនឹងស្លាប់ទៅក្នុងអំពើទុច្ចរិត ដែលខ្លួនបានប្រព្រឹត្តនោះវិញ។ មួយទៀត បើកាលណាយើងប្រាប់ដល់មនុស្សអាក្រក់ថា អ្នកនឹងត្រូវស្លាប់ បើគេបែរចេញពីអំពើបាបរបស់ខ្លួន ទៅប្រព្រឹត្តសេចក្ដីដែលទៀងត្រង់ ហើយត្រឹមត្រូវវិញ គឺបើមនុស្សអាក្រក់នោះ នឹងប្រគល់របស់បញ្ចាំដល់ម្ចាស់វិញ ហើយប្រគល់របស់ដែលខ្លួនបានលួចទៅវិញដែរ ព្រមទាំងដើរតាមអស់ទាំងច្បាប់នៃជីវិតនេះ ឥតប្រព្រឹត្តទុច្ចរិតឡើយ នោះគេនឹងបានរស់ ឥតត្រូវស្លាប់ទេ។ ដូច្នេះ នឹងគ្មានអ្នកណានឹកចាំពីអំពើបាបទាំងប៉ុន្មាន ដែលអ្នកនោះបានប្រព្រឹត្ត ឲ្យទាស់នឹងខ្លួនទៀតឡើយ ដ្បិតគេបានប្រព្រឹត្តតាមសេចក្ដីទៀងត្រង់ត្រឹមត្រូវហើយ គេនឹងមានជីវិតរស់នៅ។
អេសេគាល 33:1-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖ «កូនមនុស្សអើយ ចូរថ្លែងប្រាប់ប្រជាជនរបស់អ្នកថា ពេលយើងនាំសង្គ្រាមមកប្រហារស្រុកណាមួយ ប្រជាជននៅស្រុកនោះជ្រើសរើសយកនរណាម្នាក់ក្នុងចំណោមពួកគេ ឲ្យធ្វើជាអ្នកយាមល្បាត។ ពេលណាអ្នកយាមឃើញកងទ័ពខ្មាំងចូលមកវាយប្រហារស្រុក គាត់ផ្លុំស្នែងប្រកាសអាសន្នឲ្យប្រជាជនដឹង ប្រសិនបើនរណាម្នាក់ឮសំឡេងស្នែង តែមិនអើពើ បើគេស្លាប់ដោយមុខដាវ នោះគេនឹងទទួលខុសត្រូវលើការស្លាប់របស់ខ្លួន។ គេបាត់បង់ជីវិត ព្រោះតែកំហុសរបស់ខ្លួន ដ្បិតគេបានឮសំឡេងស្នែង តែមិនអើពើ។ រីឯអ្នកដែលយកចិត្តទុកដាក់ចំពោះការប្រកាស នឹងបានរួចជីវិត។ ប្រសិនបើអ្នកយាមឃើញកងទ័ពខ្មាំងចូលមកវាយប្រហារស្រុក តែមិនផ្លុំស្នែងប្រកាសអាសន្នឲ្យប្រជាជនដឹងទេ បើអ្នកណាម្នាក់ស្លាប់ដោយមុខដាវ អ្នកនោះស្លាប់ ព្រោះតែអំពើបាបរបស់ខ្លួន ប៉ុន្តែ យើងនឹងឲ្យអ្នកយាមទទួលទោសចំពោះការស្លាប់នេះ។ ចំណែកឯអ្នកវិញ កូនមនុស្សអើយ យើងបានតែងតាំងអ្នកឲ្យធ្វើជាអ្នកយាមល្បាត សម្រាប់ពូជពង្សអ៊ីស្រាអែល។ ចូរស្ដាប់ពាក្យដែលយើងនិយាយ ហើយយកទៅប្រកាសប្រាប់ពួកគេក្នុងនាមយើងផង។ ពេលណាយើងពោលទៅកាន់មនុស្សអាក្រក់ថា “នែ៎ មនុស្សអាក្រក់ អ្នកឯងនឹងត្រូវស្លាប់ជាមិនខាន!” ប្រសិនបើអ្នកមិនប្រាប់មនុស្សអាក្រក់នោះឲ្យលះបង់កិរិយាមារយាទអាក្រក់ទេ មនុស្សអាក្រក់នោះនឹងស្លាប់ ព្រោះតែអំពើបាបរបស់ខ្លួន ក៏ប៉ុន្តែ យើងនឹងឲ្យអ្នកទទួលទោសចំពោះការស្លាប់នេះ។ ផ្ទុយទៅវិញ ប្រសិនបើអ្នកប្រាប់មនុស្សអាក្រក់ឲ្យលះបង់ចោលកិរិយាមារយាទអាក្រក់របស់ខ្លួន តែគេមិនព្រមលះបង់ទេនោះ គេពិតជាស្លាប់ ព្រោះតែអំពើបាបរបស់គេពុំខាន រីឯអ្នកវិញ អ្នកនឹងរួចជីវិត។ កូនមនុស្សអើយ ចូរប្រកាសប្រាប់ពូជពង្សអ៊ីស្រាអែលដូចតទៅ: អ្នករាល់គ្នាតែងពោលថា “អំពើទុច្ចរិត និងអំពើបាបរបស់យើងខ្ញុំសង្កត់លើយើងខ្ញុំ ហេតុនេះហើយបានជាយើងខ្ញុំកាន់តែរីងរៃទៅៗ តើធ្វើម្ដេចឲ្យយើងខ្ញុំអាចរស់រានមានជីវិតបាន?” ចូរឆ្លើយទៅពួកគេវិញថា: យើងជាព្រះដែលមានជីវិតគង់នៅ! យើងមិនសប្បាយចិត្តនឹងឲ្យមនុស្សអាក្រក់ស្លាប់ទេ តែយើងចង់ឃើញគេកែប្រែកិរិយាមារយាទ ដើម្បីឲ្យបានរស់រានមានជីវិត។ ពូជពង្សអ៊ីស្រាអែលអើយ ចូរនាំគ្នាវិលត្រឡប់មកវិញ ចូរលះបង់កិរិយាមារយាទអាក្រក់ទៅ អ្នករាល់គ្នាមិនគួរស្លាប់ឡើយ! - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។ កូនមនុស្សអើយ ចូរប្រកាសប្រាប់ប្រជាជនរបស់អ្នកថា: នៅថ្ងៃដែលមនុស្សសុចរិតប្រព្រឹត្តអំពើទុច្ចរិតណាមួយ អំពើសុចរិតដែលគេធ្លាប់ធ្វើកាលពីមុន ពុំអាចសង្គ្រោះគេឡើយ។ ហេតុនេះ នៅថ្ងៃដែលមនុស្សសុចរិតប្រព្រឹត្តអំពើបាប គេពុំអាចរស់ ដោយសារអំពើសុចរិតរបស់ខ្លួនឡើយ។ រីឯមនុស្សអាក្រក់វិញ នៅថ្ងៃដែលគេលះបង់ចោលអំពើអាក្រក់ នោះគេនឹងមិនទទួលទោស ព្រោះតែអំពើអាក្រក់ដែលខ្លួនបានប្រព្រឹត្តកាលពីមុននោះឡើយ។ ប្រសិនបើយើងពោលទៅកាន់មនុស្សសុចរិតថា “អ្នកពិតជារស់!” បើអ្នកនោះពឹងផ្អែកលើសេចក្ដីសុចរិតរបស់ខ្លួន រួចបែរជាប្រព្រឹត្តអំពើអាក្រក់ណាមួយ នោះគេមុខជាស្លាប់ ព្រោះតែអំពើអាក្រក់ដែលខ្លួនបានប្រព្រឹត្ត យើងនឹងមិនគិតគូរដល់អំពើសុចរិតណាមួយរបស់អ្នកនោះឡើយ។ ប្រសិនបើយើងពោលទៅកាន់មនុស្សអាក្រក់ថា “អ្នកពិតជាស្លាប់!” តែបើអ្នកនោះលះបង់ចោលអំពើបាប បែរទៅប្រព្រឹត្តអំពើសុចរិត និងយុត្តិធម៌ បើមនុស្សអាក្រក់សងរបស់បញ្ចាំ សងអ្វីៗដែលខ្លួនរឹបអូសទៅម្ចាស់ដើមវិញ ប្រសិនបើគេប្រតិបត្តិតាមច្បាប់ដែលផ្ដល់ជីវិត ដោយឥតប្រព្រឹត្តអំពើអាក្រក់ទេនោះ គេមុខជារស់ គឺមិនស្លាប់ឡើយ។ យើងនឹងមិនគិតគូរដល់អំពើអាក្រក់ដែលអ្នកនោះធ្លាប់ប្រព្រឹត្តទេ។ គេពិតជារស់មិនខាន ព្រោះគេប្រព្រឹត្តអំពើសុចរិត និងយុត្តិធម៌។
អេសេគាល 33:1-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះបន្ទូល នៃព្រះយេហូវ៉ា បានមកដល់ខ្ញុំថា កូនមនុស្សអើយ ចូរប្រាប់ដល់ពួកកូនចៅសាសន៍ឯងថា កាលណាអញនាំដាវមកលើស្រុកណា ហើយបណ្តាជននៅស្រុកនោះរើសយកម្នាក់ពីក្នុងពួកគេ តាំងឡើងជាអ្នកចាំយាម បើអ្នកនោះឃើញដាវមកលើស្រុក ក៏ផ្លុំត្រែដាស់បណ្តាជន ហើយមានអ្នកណាឮសូរត្រែ តែមិនអើពើសោះ បើដាវមកពិត ហើយយកជីវិតគេទៅ នោះឈាមគេនឹងធ្លាក់ទៅលើក្បាលគេវិញ ព្រោះបានឮសូរត្រែ តែមិនអើពើសោះ ដូច្នេះ គេនឹងជាប់មានទោសចំពោះឈាមរបស់ខ្លួនវិញ ដ្បិតបើបានអើពើ នោះនឹងបានរួចជីវិតជាពិត តែបើអ្នកចាំយាមឃើញដាវមក ហើយមិនផ្លុំត្រែឲ្យបណ្តាជនបានដឹង រួចដាវក៏មកដល់ យកជីវិតអ្នកណាចេញពីពួកគេទៅ អ្នកនោះនឹងត្រូវស្លាប់ទៅក្នុងអំពើទុច្ចរិតរបស់ខ្លួន តែអញនឹងទារឈាមរបស់អ្នកនោះពីដៃអ្នកចាំយាមវិញ។ កូនមនុស្សអើយ គឺយ៉ាងនោះឯងដែលអញបានតាំងឯងឡើងឲ្យធ្វើជាអ្នកចាំយាម ដល់ពួកវង្សអ៊ីស្រាអែល ដូច្នេះ ចូរស្តាប់ពាក្យពីមាត់អញ ហើយប្រកាសប្រាប់គេឲ្យអញ កាលណាអញប្រាប់ដល់មនុស្សអាក្រក់ថា ឱមនុស្សអាក្រក់អើយ ឯងនឹងត្រូវស្លាប់ជាពិត តែឯងមិនពន្យល់ប្រាប់មនុស្សអាក្រក់នោះ ឲ្យលះចោលផ្លូវរបស់ខ្លួនទេ ដូច្នេះ មនុស្សអាក្រក់នោះនឹងស្លាប់ក្នុងអំពើទុច្ចរិតរបស់ខ្លួនមែន តែអញនឹងទារឈាមវាពីដៃឯងវិញ ប៉ុន្តែបើឯងពន្យល់ប្រាប់ដល់មនុស្សអាក្រក់ ពីផ្លូវរបស់វា ឲ្យបានលះចោលផ្លូវនោះចេញ តែវាមិនបែរចេញពីផ្លូវរបស់ខ្លួនសោះ នោះវានឹងស្លាប់ក្នុងអំពើទុច្ចរិតរបស់វា តែឯងបានដោះខ្លួនឲ្យរួចវិញ។ ដូច្នេះ កូនមនុស្សអើយ ចូរប្រាប់ដល់ពួកវង្សអ៊ីស្រាអែលថា ឯងរាល់គ្នាពោលដូច្នេះថា អំពើរំលង នឹងអំពើបាបរបស់យើង គ្របសង្កត់លើយើងហើយ យើងកំពុងតែរោយរៀវទៅក្នុងអំពើទាំងនោះ ដូច្នេះ ធ្វើដូចម្តេចឲ្យយើងរស់នៅបាន ចូរប្រាប់គេថា ព្រះអម្ចាស់យេហូវ៉ាទ្រង់ស្បថថា ដូចជាអញរស់នៅ នោះប្រាកដជាអញមិនរីករាយចំពោះសេចក្ដីស្លាប់របស់មនុស្សអាក្រក់ឡើយ គឺចូលចិត្តឲ្យគេលះចោលផ្លូវរបស់ខ្លួន ហើយមានជីវិតរស់នៅវិញទេតើ ចូរឲ្យឯងរាល់គ្នាបែរមក ចូរបែរមកពីផ្លូវអាក្រក់របស់ខ្លួនចុះ ដ្បិតឱពួកវង្សអ៊ីស្រាអែលអើយ ហេតុអ្វីបានជាចង់ស្លាប់ ដូច្នេះ កូនមនុស្សអើយ ចូរប្រាប់ដល់ពួកកូនចៅនៃសាសន៍ឯងថា សេចក្ដីសុចរិតរបស់មនុស្សសុចរិតនឹងមិនដោះអ្នកនោះឲ្យរួច ក្នុងថ្ងៃដែលប្រព្រឹត្តអំពើរំលងវិញនោះឡើយ ហើយចំណែកអំពើអាក្រក់ របស់មនុស្សអាក្រក់វិញ គេមិនបានដួល ដោយព្រោះអំពើទាំងនោះ ក្នុងថ្ងៃដែលបែរចេញពីអំពើអាក្រក់របស់ខ្លួនទេ ឯមនុស្សសុចរិតវិញ ក៏មិនអាចនឹងរស់នៅ ដោយសារអំពើសុចរិតរបស់ខ្លួន ក្នុងថ្ងៃដែលប្រព្រឹត្តអំពើបាបវិញបានដែរ កាលណាអញប្រាប់ដល់មនុស្សសុចរិតថា គេនឹងរស់នៅជាពិត នោះបើគេពឹងដល់សេចក្ដីសុចរិតរបស់ខ្លួន ទៅប្រព្រឹត្តអំពើទុច្ចរិតវិញ នោះនឹងគ្មានអ្នកណានឹកចាំពីអំពើសុចរិតទាំងប៉ុន្មានរបស់អ្នកនោះទេ គឺគេនឹងស្លាប់ទៅក្នុងអំពើទុច្ចរិត ដែលខ្លួនបានប្រព្រឹត្តនោះវិញ មួយទៀតបើកាលណាអញប្រាប់ដល់មនុស្សអាក្រក់ថា ឯងនឹងត្រូវស្លាប់ជាពិត នោះបើគេបែរចេញពីអំពើបាបរបស់ខ្លួន ទៅប្រព្រឹត្តសេចក្ដីដែលទៀងត្រង់ ហើយត្រឹមត្រូវវិញ គឺបើមនុស្សអាក្រក់នោះ នឹងប្រគល់របស់បញ្ចាំដល់ម្ចាស់វិញ ហើយប្រគល់របស់ដែលខ្លួនបានលួច ទៅវិញដែរ ព្រមទាំងដើរតាមអស់ទាំងច្បាប់នៃជីវិតនេះ ឥតប្រព្រឹត្តទុច្ចរិតឡើយ នោះគេនឹងបានរស់នៅជាពិត ឥតត្រូវស្លាប់ទេ ដូច្នេះ នឹងគ្មានអ្នកណានឹកចាំ ពីអំពើបាបទាំងប៉ុន្មាន ដែលអ្នកនោះបានប្រព្រឹត្ត ឲ្យទាស់នឹងខ្លួនទៀតឡើយ ដ្បិតគេបានប្រព្រឹត្តតាមសេចក្ដីទៀងត្រង់ត្រឹមត្រូវហើយ គេនឹងរស់នៅជាពិត។