អេសេគាល 32:1-32
អេសេគាល 32:1-32 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅឆ្នាំទីដប់ពីរ ខែទីដប់ពីរ ថ្ងៃទីមួយ ព្រះបន្ទូលរបស់ព្រះយេហូវ៉ាបានមកដល់ខ្ញុំថា៖ «កូនមនុស្សអើយ ចូរផ្តើមពាក្យទំនួញពីដំណើរផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទ ហើយប្រាប់ថា ពីដើមអ្នកប្រៀបដូចជាសិង្ហស្ទាវរបស់សាសន៍ទាំងប៉ុន្មាន ហើយដូចជាសត្វសម្បើមនៅក្នុងសមុទ្រ អ្នកបានធ្លាយចេញមកជាមួយទន្លេទាំងប៉ុន្មានរបស់អ្នក ហើយបានធ្វើឲ្យទឹកខ្វល់ឡើងដោយជើងអ្នក ព្រមទាំងឲ្យទន្លេរបស់អ្នកល្អក់ទាំងអស់ដែរ»។ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ «យើងនឹងបោះសំណាញ់របស់យើងគ្របលើអ្នក គេនឹងទាញអ្នកឡើងមកជាប់ក្នុងសំណាញ់របស់យើង។ យើងនឹងទុកអ្នកចោលនៅលើដីគោក យើងនឹងបោះអ្នកចោលទៅនៅទីវាល ហើយឲ្យសត្វហើរលើអាកាសទាំងប៉ុន្មានមកទំលើអ្នក ក៏ចម្អែតសត្វនៅដីទាំងមូលដោយសារអ្នកដែរ។ យើងនឹងដាក់សាច់អ្នកនៅលើភ្នំ ហើយបំពេញច្រកភ្នំទាំងអស់ ដោយគំនរសាកសព អ្នកដែរ។ យើងនឹងស្រោចផែនដី ជាកន្លែងអ្នកហែលទឹកនោះ ដោយឈាមរបស់អ្នក រហូតដល់អស់ទាំងភ្នំផង ហើយទាំងផ្លូវទឹកនឹងបានពេញដោយអ្នកដែរ។ កាលណាយើងពន្លត់អ្នក នោះយើងនឹងបាំងផ្ទៃមេឃ ហើយធ្វើឲ្យផ្កាយងងឹតទៅ យើងនឹងបាំងថ្ងៃដោយពពក ហើយខែនឹងលែងភ្លឺដែរ។ ឯអស់ទាំងតួពន្លឺនៅលើមេឃ យើងនឹងធ្វើឲ្យងងឹតដោយព្រោះអ្នក ព្រមទាំងគ្របស្រុកអ្នកដោយភាពងងឹត នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់យេហូវ៉ា។ យើងនឹងបណ្ដាលឲ្យចិត្តមនុស្សជាច្រើនតក់ស្លុត ក្នុងកាលដែលយើងនាំដំណឹង អំពីការវិនាសរបស់អ្នក ទៅកណ្ដាលអស់ទាំងសាសន៍ គឺទៅក្នុងស្រុកទាំងប៉ុន្មាន ដែលអ្នកមិនបានស្គាល់។ យើងនឹងធ្វើឲ្យជាតិសាសន៍ជាច្រើនភ័យស្លុត ដោយព្រោះអ្នក ហើយស្តេចរបស់គេ នឹងភ័យខ្លាចជាខ្លាំងដោយព្រោះអ្នក ក្នុងកាលដែលយើងលើកដាវយើងនៅមុខគេ គេនឹងញ័រញាក់ជានិច្ច ដោយព្រោះជីវិតរៀងខ្លួន នៅថ្ងៃដែលអ្នកនឹងត្រូវដួលនោះ»។ ដ្បិតព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ «ដាវរបស់ស្តេចបាប៊ីឡូននឹងមកលើអ្នក យើងនឹងធ្វើឲ្យពួកកកកុញរបស់អ្នកដួល ដោយដាវនៃពួកខ្លាំងពូកែ គេសុទ្ធតែជាមនុស្សគួរស្ញែងខ្លាច នៅក្នុងអស់ទាំងសាសន៍ គេនឹងធ្វើឲ្យសេចក្ដីឆ្មើងឆ្មៃ របស់ស្រុកអេស៊ីព្ទសូន្យបាត់ទៅ ហើយពួកកកកុញរបស់វានឹងត្រូវវិនាសដែរ។ យើងនឹងបំផ្លាញសត្វទាំងប៉ុន្មានរបស់ស្រុកនោះ នៅក្បែរផ្លូវទឹកជាច្រើន នោះជើងមនុស្ស និងជើងសត្វ នឹងលែងធ្វើឲ្យទឹកនោះល្អក់ទៀត។ យើងនឹងធ្វើឲ្យទឹកនោះថ្លាវិញ ក៏នឹងឲ្យទន្លេទាំងប៉ុន្មានហូរដូចប្រេង នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់យេហូវ៉ា។ កាលណាយើងបានធ្វើឲ្យ ស្រុកអេស៊ីព្ទទៅជាស្ងាត់ច្រៀប ហើយខូចបង់ ជាស្រុកខ្វះខាតរបស់ដែលពីដើមមានជាបរិបូរ ហើយកាលណាយើងបានវាយអស់អ្នកនៅស្រុកនោះ នោះគេនឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត។ នេះហើយជាពាក្យទំនួញ ដែលគេនឹងត្រូវទួញ ពួកកូនស្រីៗនៃអស់ទាំងសាសន៍ នឹងទួញទំនួញដោយពាក្យនេះ គេនឹងទួញទំនួញពីស្រុកអេស៊ីព្ទ និងប្រជាជនជាច្រើនរបស់គេ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា»។ នៅឆ្នាំទីដប់ពីរ ខែទីដប់ពីរ ថ្ងៃទីដប់ប្រាំ ព្រះបន្ទូលរបស់ព្រះយេហូវ៉ាបានមកដល់ខ្ញុំថា៖ «កូនមនុស្សអើយ ចូរទ្រហោយំនឹងប្រជាជនជាច្រើន ឥតគណនារបស់ស្រុកអេស៊ីព្ទទៅ ចូររុញទម្លាក់គេ គឺទាំងគេ និងពួកកូនស្រីរបស់សាសន៍ទាំងប៉ុន្មាន ដែលមានឈ្មោះល្បី ទៅក្នុងទីទាបជាងផែនដី ជាមួយពួកអ្នកដែលចុះទៅក្នុងជង្ហុកធំ។ តើអ្នកណាមានលម្អជាងអ្នកណា? ចូរចុះទៅ ហើយដេកជាមួយពួកមិនកាត់ស្បែកចុះ។ គេនឹងដួលនៅកណ្ដាលពួកអ្នកដែលត្រូវស្លាប់ដោយដាវ។ ស្រុកអេស៊ីព្ទត្រូវប្រគល់ដល់ដាវហើយ ចូរអូសគេចេញទៅ ព្រមទាំងប្រជាជនជាច្រើនឥតគណនាទាំងប៉ុន្មានរបស់គេផង។ ពួកមនុស្សថ្នឹកចម្បាំងដ៏ខ្លាំងពូកែ គេនឹងនិយាយទៅកាន់វា ពីស្ថានឃុំព្រលឹងមនុស្សស្លាប់ ជាមួយពួកអ្នកដែលជួយវាដែរ គេបានចុះទៅ ហើយគេដេកស្តូក គឺជាពួកមិនកាត់ស្បែក ដែលត្រូវស្លាប់ដោយដាវ។ អាសស៊ើរក៏នៅទីនោះជាមួយពួកវាដែរ ផ្នូរខ្មោចរបស់គេក៏នៅជុំវិញវា គេត្រូវដួលស្លាប់គ្រប់គ្នាដោយដាវ។ ផ្នូររបស់គេបានធ្វើនៅទីបំផុតនៃជង្ហុកធំ ហើយពួកវាក៏នៅព័ទ្ធជុំវិញផ្នូរវា គឺគ្រប់គ្នាត្រូវដួលស្លាប់ដោយដាវ ជាពួកអ្នកដែលនាំឲ្យមានសេចក្ដីស្ញែងខ្លាចនៅស្ថានរបស់មនុស្សរស់។ នៅទីនោះក៏មានអេឡាំដែរ ព្រមទាំងពួកកកកុញរបស់វានៅជុំវិញផ្នូររបស់វា គ្រប់គ្នាត្រូវដួលស្លាប់ដោយដាវ គេជាពួកអ្នកដែលនាំឲ្យមានសេចក្ដីស្ញែងខ្លាចនៅស្ថានរបស់មនុស្សរស់ គេបានចុះទៅដល់ទីទាបបំផុតក្នុងផែនដី ឥតដែលទទួលកាត់ស្បែក ក៏បានរងទ្រាំសេចក្ដីខ្មាសរបស់ខ្លួន ជាមួយពួកអ្នកដែលចុះទៅក្នុងជង្ហុកធំ។ គេបានរៀបដំណេកឲ្យអេឡាំ ក្នុងចំណោមមនុស្សដែលត្រូវសម្លាប់ជាមួយប្រជាជនជាច្រើនឥតគណនាទាំងប៉ុន្មានរបស់គេ ផ្នូររបស់គេនៅព័ទ្ធជុំវិញ គេគ្រប់គ្នាជាមនុស្សដែលមិនកាត់ស្បែក ត្រូវស្លាប់ដោយដាវ ដ្បិតគេបានធ្វើឲ្យមានសេចក្ដីស្ញែងខ្លាច នៅក្នុងស្ថានរបស់មនុស្សរស់ គេបានរងទ្រាំសេចក្ដីខ្មាសរបស់ខ្លួន ជាមួយអស់អ្នកដែលចុះទៅក្នុងជង្ហុកធំ គេត្រូវនៅកណ្ដាលពួកមនុស្សដែលត្រូវសម្លាប់។ នៅទីនោះ ក៏មានមែសេក និងទូបាល ព្រមទាំងពួកកកកុញរបស់គេផង ផ្នូររបស់គេនៅព័ទ្ធជុំវិញ គ្រប់គ្នាជាមនុស្សដែលមិនទទួលកាត់ស្បែក ហើយត្រូវស្លាប់ដោយដាវ ដ្បិតគេបានធ្វើឲ្យមានសេចក្ដីស្ញែងខ្លាចនៅស្ថានរបស់មនុស្សរស់។ គេមិនបានដេកជាមួយមនុស្សខ្លាំងពូកែ ដែលមិនកាត់ស្បែក ក្នុងពួកអ្នកដែលត្រូវសម្លាប់ ជាមនុស្សដែលបានចុះទៅឯស្ថានឃុំព្រលឹងមនុស្សស្លាប់ ទាំងកាន់គ្រឿងចម្បាំងរបស់គេ ព្រមទាំងដាក់ដាវគេកើយក្បាល ហើយមានអំពើទុច្ចរិតរបស់គេជាប់នៅឆ្អឹងផងនោះទេ ដ្បិតគេជាទីស្ញែងខ្លាចដល់ពួកខ្លាំងពូកែ នៅក្នុងស្ថានរបស់មនុស្សរស់។ ប៉ុន្តែ អ្នកនឹងត្រូវបាក់បែកនៅក្នុងពួកដែលមិនទទួលកាត់ស្បែក ហើយដេកនៅជាមួយពួកអ្នកដែលត្រូវស្លាប់ដោយដាវដែរ។ អេដុមក៏នៅទីនោះ ព្រមទាំងពួកស្តេច និងពួកចៅហ្វាយវាផង ជាពួកអ្នកដែលទោះបើខ្លាំងពូកែក៏ដោយ គង់តែត្រូវដេកនៅជាមួយពួកអ្នកដែលស្លាប់ដោយដាវដែរ គេត្រូវដេកនៅជាមួយពួកដែលមិនទទួលកាត់ស្បែក ហើយជាមួយពួកអ្នកដែលចុះទៅក្នុងជង្ហុកធំ។ ពួកចៅហ្វាយទាំងប៉ុន្មាននៃស្រុកខាងជើង ហើយពួកស៊ីដូនទាំងអស់ក៏នៅទីនោះដែរ ជាពួកអ្នកដែលចុះទៅជាមួយមនុស្សដែលត្រូវសម្លាប់ គេត្រូវខ្មាសដោយព្រោះសេចក្ដីស្ញែងខ្លាចដែលគេបានបង្កើតឡើង ដោយកម្លាំងរបស់គេ គេក៏ដេកដោយឥតទទួលកាត់ស្បែក គឺដេកជាមួយពួកមនុស្សដែលត្រូវស្លាប់ដោយដាវ គេរងទ្រាំសេចក្ដីខ្មាសរបស់ខ្លួន ជាមួយពួកអ្នកដែលចុះទៅក្នុងជង្ហុកធំ។ ឯផារ៉ោននឹងឃើញគេដែរ ហើយមានសេចក្ដីក្សាន្តចិត្ត ពីដំណើរពួកកកកុញរបស់វា គឺផារ៉ោននោះ និងពួកកងទ័ព ដែលត្រូវស្លាប់ដោយដាវ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់យេហូវ៉ា។ ដ្បិតយើងបានធ្វើឲ្យសេចក្ដីស្ញែងខ្លាចរបស់យើងកើតឡើងនៅក្នុងស្ថានរបស់មនុស្សរស់ ហើយវានឹងត្រូវផ្តេកនៅកណ្ដាលពួកអ្នកដែលមិនទទួលកាត់ស្បែក ជាមួយពួកអ្នកដែលត្រូវស្លាប់ដោយដាវដែរ គឺផារ៉ោននោះ ព្រមទាំងពួកកកកុញ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់យេហូវ៉ា»។
អេសេគាល 32:1-32 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅឆ្នាំទីដប់ពីរ ខែទីដប់ពីរ ថ្ងៃទីមួយ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖ «ចូរស្មូត្រទំនួញមួយបទអំពីផារ៉ោន ជាស្ដេចស្រុកអេស៊ីប! ចូរពោលថា: អ្នកប្រៀបបាននឹងកូនសិង្ហ ដែលស្ថិតនៅក្នុងចំណោមប្រជាជាតិទាំងឡាយ អ្នកប្រៀបដូចជាក្រពើសមុទ្រដ៏ធំសម្បើម អ្នកហែលនៅតាមទន្លេ ជើងរបស់អ្នកកាយទឹក ធ្វើឲ្យកក្រើក ហើយល្អក់។ ព្រះជាអម្ចាស់មានព្រះបន្ទូលថា: ជាតិសាសន៍ជាច្រើនប្រមូលផ្ដុំគ្នា ពេលនោះ យើងនឹងបោះសំណាញ់របស់យើងទៅលើអ្នក ពួកគេនឹងអូសអ្នក ដែលជាប់ក្នុងសំណាញ់ ឡើងមកលើគោក។ យើងនឹងបោះអ្នកទៅលើដី ឲ្យនៅកណ្ដាលវាល យើងនឹងឲ្យត្មាតមកចោមរោមអ្នក ហើយឲ្យសត្វសាហាវទាំងអស់នៅលើផែនដីស៊ីអ្នក។ យើងនឹងយកសាច់អ្នកទៅដាក់នៅលើភ្នំ ហើយយកឆ្អឹងរបស់អ្នកទៅចោលពាសពេញជ្រលងភ្នំ។ យើងនឹងយកឈាមអ្នកទៅស្រោចលើដី លើភ្នំ និងតាមដងទន្លេ។ នៅពេលអ្នកផុតដង្ហើម យើងនឹងធ្វើឲ្យផ្ទៃមេឃស្រអាប់ ឲ្យផ្កាយប្រែជាងងឹត យើងនឹងឲ្យពពកបាំងពន្លឺព្រះអាទិត្យ ហើយឲ្យព្រះច័ន្ទលែងមានពន្លឺទៀត។ ព្រោះតែអ្នកស្លាប់ យើងនឹងធ្វើឲ្យពន្លឺទាំងប៉ុន្មាននៅលើមេឃអាប់រស្មី ភាពងងឹតគ្របដណ្ដប់លើស្រុកអ្នកទាំងមូល។ ពេលណាយើងនាំដំណឹងអំពីមហន្តរាយរបស់អ្នក ទៅប្រាប់ប្រជាជាតិនានា នៅក្នុងស្រុកដែលអ្នកពុំស្គាល់ យើងនឹងធ្វើឲ្យពួកគេរំជួលចិត្ត។ យើងនឹងធ្វើឲ្យជាតិសាសន៍ជាច្រើនភ័យតក់ស្លុត ព្រោះតែអ្នកស្លាប់។ នៅពេលដែលយើងគ្រវីដាវពីមុខពួកគេ ស្ដេចរបស់ពួកគេនឹងញ័ររន្ធត់។ នៅថ្ងៃដែលអ្នករលំ ពួកគេចេះតែភ័យញាប់ញ័រ ដោយគិតដល់អាយុជីវិតរបស់ខ្លួន។ ព្រះជាអម្ចាស់មានព្រះបន្ទូលថា: ដាវរបស់ស្ដេចស្រុកបាប៊ីឡូននឹងប្រហារអ្នក។ យើងនឹងធ្វើឲ្យប្រជាជនដ៏ច្រើនរបស់អ្នកស្លាប់ដោយមុខដាវរបស់ខ្មាំង ដែលសាហាវជាងគេបំផុត ក្នុងចំណោមប្រជាជាតិនានា។ ពួកគេនឹងបំបាក់អំនួតរបស់ស្រុកអេស៊ីប ហើយប្រជាជនដ៏ច្រើនរបស់ស្រុកអេស៊ីបនឹងត្រូវវិនាស។ យើងនឹងបំផ្លាញហ្វូងសត្វទាំងអស់របស់អ្នក នៅក្បែរទន្លេ ពេលនោះ លែងមានជើងមនុស្ស ឬជើងសត្វ ធ្វើឲ្យល្អក់ទឹកទៀតហើយ។ យើងនឹងធ្វើឲ្យទឹកនៅស្ងប់ស្ងៀម ហើយឲ្យវាហូរដោយសម្រួលដូចប្រេង -នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។ ពេលយើងធ្វើឲ្យស្រុកអេស៊ីបក្លាយទៅជាទីស្មសាន គ្មានសេសសល់អ្វីក្នុងស្រុក ហើយពេលយើងប្រហារអ្នកស្រុកអេស៊ីបវិនាសអស់ នោះពួកគេនឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់។ នេះជាបទទំនួញដែលគេត្រូវស្មូត្រនៅតាមក្រុងផ្សេងៗ ក្នុងចំណោមប្រជាជាតិទាំងឡាយ។ ពួកគេនឹងស្មូត្រទំនួញនេះស្រណោះស្រុកអេស៊ីប និងប្រជាជនដ៏ច្រើនឥតគណនារបស់ស្រុកនេះ»- នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។ នៅឆ្នាំទីដប់ពីរ ថ្ងៃទីដប់ប្រាំ ក្នុងខែទីមួយ ព្រះជាអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖ កូនមនុស្សអើយ ចូរយំសោកស្រណោះប្រជាជនដ៏ច្រើនឥតគណនានៅស្រុកអេស៊ីបទៅ! ចូរឲ្យបទទំនួញនេះរុញពួកគេទម្លាក់ទៅក្នុងទីជម្រៅ រួមជាមួយប្រជាជាតិដ៏ខ្លាំងពូកែឯទៀតៗ គឺជាមួយអស់អ្នកដែលធ្លាក់រណ្ដៅ! ចូរពោលទៅពួកគេថា “តើអ្នករាល់គ្នានឹកស្មានថា គួរឲ្យយើងប្រណីអ្នករាល់គ្នាជាងអ្នកដទៃឬ? ចូរធ្លាក់រណ្ដៅជាមួយពួកទមិឡ ក្នុងចំណោមអស់អ្នកដែលស្លាប់ដោយមុខដាវទៅ!”។ ឥឡូវនេះ ដាវហូតចេញពីស្រោមហើយ ចូរប្រហារស្រុកអេស៊ីប និងប្រជាជនដ៏ច្រើននៃស្រុកនេះឲ្យវិនាសទៅ! នៅស្ថានមច្ចុរាជ ពួកអ្នកចម្បាំងដ៏អង់អាច និងសម្ពន្ធមិត្តរបស់ស្រុកអេស៊ីបកាលពីមុន នឹងពោលថា “ពួកទមិឡទាំងនេះដែលត្រូវគេចាក់ដោយមុខដាវ ក៏ចុះមកនៅជាមួយពួកយើងដែរហ្ន៎!”។ ស្ដេចស្រុកអាស្ស៊ីរី និងកងទ័ពទាំងមូលដែលស្លាប់ដោយមុខដាវ ក៏នៅទីនោះទាំងអស់គ្នាដែរ ផ្នូរទាហាននៅព័ទ្ធជុំវិញផ្នូររបស់ស្ដេច។ ផ្នូររបស់ពួកគេស្ថិតនៅក្នុងរណ្ដៅដ៏ជ្រៅ ផ្នូរទាហាននៅព័ទ្ធជុំវិញផ្នូររបស់ស្ដេច។ ពួកអ្នកដែលធ្លាប់តែធ្វើឲ្យពិភពលោកភ័យញ័រ បែរជាដួលស្លាប់ដោយមុខដាវទាំងអស់គ្នាដែរ។ ស្ដេចស្រុកអេឡាំ និងកងពលទាំងមូល ត្រូវដួលស្លាប់ដោយមុខដាវទាំងអស់គ្នា ផ្នូរទាហាននៅព័ទ្ធជុំវិញផ្នូររបស់ស្ដេច។ ពួកទមិឡដែលធ្លាប់តែធ្វើឲ្យពិភពលោកភ័យញ័របានធ្លាក់ទៅក្នុងទីជម្រៅ ពួកគេត្រូវអាម៉ាស់មុខជាមួយអស់អ្នកដែលធ្លាក់ក្នុងរណ្ដៅ។ ស្ដេចស្រុកអេឡាំ និងពលទាហាន ស្ថិតនៅក្នុងចំណោមអ្នកឯទៀតៗដែលស្លាប់ ផ្នូរទាហានស្ថិតនៅជុំវិញផ្នូររបស់ស្ដេច។ ទោះបីពួកទមិឡទាំងនោះធ្លាប់ធ្វើឲ្យពិភពលោកភ័យញ័រក្ដី ក៏ពួកគេស្លាប់ដោយមុខដាវទាំងអស់គ្នា។ ពួកគេត្រូវអាម៉ាស់មុខជាមួយអស់អ្នកដែលធ្លាក់ក្នុងរណ្ដៅ ពួកគេស្ថិតនៅជាមួយអស់អ្នកដែលស្លាប់។ ស្ដេចស្រុកម៉េសេក និងស្រុកទូបាល ព្រមទាំងពលទាហានរបស់គេក៏នៅទីនោះដែរ ផ្នូរទាហានស្ថិតនៅជុំវិញផ្នូររបស់ស្ដេច។ ពួកទមិឡទាំងនោះសុទ្ធតែស្លាប់ដោយមុខដាវ ដ្បិតពួកគេបានធ្វើឲ្យពិភពលោកភ័យញ័រ។ ពួកគេមិនស្ថិតនៅជាមួយពួកវីរបុរសពីជំនាន់ដើមទេ ដ្បិតពួកគេជាមនុស្សទមិឡ។ ពួកគេចុះទៅស្ថានមច្ចុរាជ ដោយមានទាំងគ្រឿងសស្ត្រាវុធទៅជាមួយផង ដាវរបស់គេស្ថិតនៅពីក្រោមក្បាលដំណេក បាបរបស់ពួកគេស្ថិតនៅជាប់ជាមួយឆ្អឹងរបស់ខ្លួន ដ្បិតពួកគេបានធ្វើឲ្យពិភពលោកភ័យញ័រ។ ផារ៉ោនអើយ អ្នកត្រូវគេសម្លាប់ក្នុងចំណោមពួកទមិឡ អ្នកក៏នឹងស្ថិតនៅជាមួយពួកដែលស្លាប់ដោយមុខដាវដែរ! ជនជាតិអេដុម ទាំងស្ដេច ទាំងមេដឹកនាំ ក៏នៅទីនោះដែរ។ ទោះបីពួកគេជាអ្នកចម្បាំងដ៏ពូកែក្ដី ក៏ពួកគេស្ថិតនៅជាមួយអស់អ្នកដែលស្លាប់ដោយមុខដាវ។ ពួកគេស្ថិតនៅជាមួយពួកទមិឡ និងជាមួយពួកអ្នកដែលចុះទៅក្នុងរណ្ដៅ។ មេដឹកនាំទាំងប៉ុន្មាននៅស្រុកខាងជើង និងអ្នកស្រុកស៊ីដូនទាំងអស់ក៏នៅទីនោះដែរ។ ទោះបីពួកគេធ្លាប់ជាអ្នកចម្បាំងដ៏ពូកែ ហើយធ្វើឲ្យពិភពលោកភ័យញ័រក្ដី ពួកគេចុះទៅជាមួយអស់អ្នកដែលស្លាប់ ទាំងអាម៉ាស់។ ពួកទមិឡទាំងនោះស្ថិតនៅជាមួយអស់អ្នកដែលស្លាប់ដោយមុខដាវ ពួកគេត្រូវអាម៉ាស់មុខជាមួយអស់អ្នកដែលធ្លាក់ក្នុងរណ្ដៅ។ ពេលផារ៉ោនឃើញអ្នកទាំងនេះ គាត់នឹងបានធូរស្បើយចំពោះការបាត់បង់ពលទ័ពរបស់ខ្លួន គឺពលទាហានអេស៊ីបទាំងមូល ដែលស្លាប់ដោយមុខដាវ នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។ «យើងបណ្ដោយឲ្យផារ៉ោនសាបព្រោះការភ័យញ័រក្នុងពិភពលោកទាំងមូល តែក្រោយមក គេនឹងបញ្ចុះសពផារ៉ោន ព្រមទាំងកងពលក្នុងចំណោមពួកទមិឡ និងអស់អ្នកដែលបានស្លាប់ដោយមុខដាវ» - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
អេសេគាល 32:1-32 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
លុះដល់ថ្ងៃទី១ ខែផល្គុន ក្នុងឆ្នាំទី១២ នោះព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ខ្ញុំថា កូនមនុស្សអើយ ចូរផ្តើមពាក្យទំនួញពីដំណើរផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទ ហើយប្រាប់វាថា ពីដើម ឯងប្រៀបដូចជាសិង្ហស្ទាវរបស់សាសន៍ទាំងប៉ុន្មាន ហើយដូចជាសត្វសំបើមនៅក្នុងសមុទ្រ ឯងបានធ្លាយចេញមកជាមួយនឹងទន្លេទាំងប៉ុន្មានរបស់ឯង ហើយបានធ្វើឲ្យទឹកខ្វល់ឡើងដោយជើងឯង ព្រមទាំងឲ្យទន្លេគេល្អក់ទាំងអស់ផង ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា អញនឹងលាតលប់អញគ្របលើឯង ដោយសារហ្វូងមនុស្សយ៉ាងធំ គេនឹងទាញឯងឡើងមកជាប់ក្នុងលប់របស់អញ នោះអញនឹងទុកឯងចោលនៅលើដីគោក អញនឹងបោះឯងចោលទៅនៅទីវាលទទេ ហើយនឹងឲ្យសត្វហើរលើអាកាសទាំងប៉ុន្មាន មកទំលើឯង ក៏នឹងចំអែតសត្វនៅដីទាំងមូលដោយសារឯងដែរ អញនឹងដាក់សាច់ឯងនៅលើភ្នំ ហើយបំពេញច្រកភ្នំទាំងអស់ដោយគំនរសាកសពឯងដែរ អញនឹងស្រោចផែនដី ជាកន្លែងឯងហែលទឹកនោះ ដោយឈាមរបស់ឯង រហូតដល់អស់ទាំងភ្នំផង ហើយទាំងផ្លូវទឹកនឹងបានពេញដោយឯងដែរ កាលណាអញពន្លត់ឯង នោះអញនឹងបាំងផ្ទៃមេឃ ហើយធ្វើឲ្យផ្កាយងងឹតទៅ អញនឹងបាំងថ្ងៃដោយពពក ហើយខែនឹងលែងភ្លឺដែរ ឯអស់ទាំងតួពន្លឺនៅលើមេឃ នោះអញនឹងធ្វើឲ្យងងឹតទៅដោយព្រោះឯង ព្រមទាំងគ្របស្រុកឯងដោយងងឹតផង នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា អញនឹងបណ្តាលឲ្យចិត្តនៃមនុស្សជាច្រើនតក់ស្លុត ក្នុងកាលដែលអញនាំដំណឹង ពីការវិនាសរបស់ឯង ទៅកណ្តាលអស់ទាំងសាសន៍ គឺទៅក្នុងស្រុកទាំងប៉ុន្មាន ដែលឯងមិនបានស្គាល់ឡើយ អើ អញនឹងឲ្យជនជាតិជាច្រើន មានសេចក្ដីអស្ចារ្យ ពីដំណើរឯង ហើយស្តេចរបស់គេ នឹងភ័យខ្លាចជាខ្លាំង ដោយព្រោះឯងក្នុងកាលដែលអញលើកដាវអញនៅមុខគេ គេនឹងញ័រញាក់ជានិច្ច ដោយព្រោះជីវិតរៀងខ្លួន នៅថ្ងៃដែលឯងនឹងត្រូវដួលនោះ។ ដ្បិតព្រះអម្ចាស់យេហូវ៉ា ទ្រង់មានបន្ទូលដូច្នេះថា ដាវរបស់ស្តេចបាប៊ីឡូននឹងមកលើឯង អញនឹងធ្វើឲ្យពួកកកកុញរបស់ឯងដួល ដោយដាវនៃពួកខ្លាំងពូកែ គេសុទ្ធតែជាមនុស្សគួរស្ញែងខ្លាច នៅក្នុងអស់ទាំងសាសន៍ គេនឹងធ្វើឲ្យសេចក្ដីឆ្មើងឆ្មៃរបស់ស្រុកអេស៊ីព្ទសូន្យបាត់ទៅ ហើយពួកកកកុញរបស់វានឹងត្រូវវិនាសទៅដែរ អញក៏នឹងបំផ្លាញសត្វទាំងប៉ុន្មានរបស់ស្រុកនោះ នៅក្បែរផ្លូវទឹកជាច្រើន នោះជើងមនុស្ស នឹងជើងសត្វ នឹងលែងធ្វើឲ្យទឹកនោះល្អក់ទៀត អញនឹងធ្វើឲ្យទឹកនោះថ្លាវិញ ក៏នឹងឲ្យទន្លេទាំងប៉ុន្មានហូរដូចប្រេង នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា កាលណាអញបានធ្វើឲ្យស្រុកអេស៊ីព្ទទៅជាស្ងាត់ច្រៀប ហើយខូចបង់ ជាស្រុកខ្វះខាតរបស់ដែលពីដើមមានជាបរិបូរ ហើយកាលណាអញបានវាយអស់អ្នកនៅស្រុកនោះ នោះគេនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត នេះហើយជាពាក្យទំនួញ ដែលគេនឹងត្រូវទួញ ពួកកូនស្រីៗនៃអស់ទាំងសាសន៍ នឹងទួញទំនួញដោយពាក្យនេះ គេនឹងទួញទំនួញនឹងស្រុកអេស៊ីព្ទ ហើយនឹងពួកកកកុញវា ដោយពាក្យនេះឯង នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។ នៅឆ្នាំ១២ដដែល ដល់ថ្ងៃ១៥ខែនោះ ព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់ខ្ញុំថា កូនមនុស្សអើយ ចូរទ្រហោយំនឹងពួកកកកុញរបស់ស្រុកអេស៊ីព្ទចុះ ហើយបោះគេចុះ គឺវា នឹងពួកកូនស្រីៗរបស់សាសន៍ទាំងប៉ុន្មានដែលមានល្បី ទៅក្នុងទីទាបជាងផែនដី ជាមួយនឹងពួកអ្នកដែលចុះទៅក្នុងជង្ហុកធំ តើឯងមានលំអជាងអ្នកណា ចូរចុះទៅ ហើយឲ្យដេកជាមួយនឹងពួកមិនកាត់ស្បែកចុះ គេនឹងដួលនៅកណ្តាលពួកអ្នកដែលត្រូវស្លាប់ដោយដាវ វាត្រូវប្រគល់ដល់ដាវហើយ ចូរអូសវាចេញទៅ ព្រមទាំងពួកកកកុញរបស់វាផង ពួកមនុស្សថ្នឹកច្បាំងដ៏ខ្លាំងពូកែគេនឹងនិយាយទៅកាន់វា ពីស្ថានឃុំព្រលឹងមនុស្សស្លាប់ ជាមួយនឹងពួកអ្នកដែលជួយវាដែរ គេបានចុះទៅហើយ គេដេកស្តូកនៅ គឺជាពួកមិនកាត់ស្បែក ដែលត្រូវស្លាប់ដោយដាវ។ អាសស៊ើរក៏នៅទីនោះ ព្រមទាំងពួកវាផង ផ្នូរខ្មោចរបស់គេក៏នៅជុំវិញវា គេបានត្រូវដួលស្លាប់គ្រប់គ្នាដោយដាវ ផ្នូរខ្មោចគេបានធ្វើនៅទីបំផុតនៃជង្ហុកធំ ហើយពួកវាក៏នៅព័ទ្ធជុំវិញផ្នូរវា គឺគ្រប់គ្នាបានត្រូវដួលស្លាប់ដោយដាវ ជាពួកអ្នកដែលនាំឲ្យមានសេចក្ដីស្ញែងខ្លាច នៅស្ថានរបស់មនុស្សរស់។ នៅទីនោះក៏មានអេឡាំដែរ ព្រមទាំងពួកកកកុញរបស់វា នៅជុំវិញផ្នូរខ្មោចវាផង គ្រប់គ្នាបានត្រូវដួលស្លាប់ដោយដាវ គេជាពួកអ្នកដែលនាំឲ្យមានសេចក្ដីស្ញែងខ្លាចនៅស្ថានរបស់មនុស្សរស់ គេបានចុះទៅដល់ទីទាបបំផុតក្នុងផែនដី ឥតដែលទទួលកាត់ស្បែក ក៏បានរងទ្រាំសេចក្ដីខ្មាសរបស់ខ្លួន ជាមួយនឹងពួកអ្នកដែលចុះទៅក្នុងជង្ហុកធំ គេបានតាំងដំណេករបស់វា នៅកណ្តាលពួកមនុស្ស ដែលត្រូវសំឡាប់ជាមួយនឹងពួកកកកុញរបស់វាដែរ ផ្នូររបស់គេក៏នៅព័ទ្ធជុំវិញវា គ្រប់គ្នាជាមនុស្សដែលមិនបានទទួលកាត់ស្បែក ហើយគេត្រូវស្លាប់ដោយដាវ ដ្បិតគេបានធ្វើឲ្យមានសេចក្ដីស្ញែងខ្លាច នៅក្នុងស្ថានរបស់មនុស្សរស់ គេបានរងទ្រាំសេចក្ដីខ្មាសរបស់ខ្លួន ជាមួយនឹងពួកអ្នកដែលចុះទៅក្នុងជង្ហុកធំ គេបានដាក់វានៅកណ្តាលពួកមនុស្សដែលត្រូវសំឡាប់នោះ។ នៅទីនោះក៏មានមែសេក នឹងទូបាល ព្រមទាំងពួកកកកុញរបស់គេផង ផ្នូរខ្មោចរបស់គេនៅព័ទ្ធជុំវិញគ្រប់គ្នាជាមនុស្សដែលមិនទទួលកាត់ស្បែក ហើយត្រូវស្លាប់ដោយដាវ ដ្បិតគេបានធ្វើឲ្យមានសេចក្ដីស្ញែងខ្លាចនៅស្ថានរបស់មនុស្សរស់ គេមិនបានដេកជាមួយនឹងមនុស្សខ្លាំងពូកែ ដែលមិនទទួលកាត់ស្បែក ក្នុងពួកអ្នកដែលត្រូវសំឡាប់ ជាមនុស្សដែលបានចុះទៅឯស្ថានឃុំព្រលឹងមនុស្សស្លាប់ ទាំងកាន់គ្រឿងចំបាំងរបស់គេ ព្រមទាំងដាក់ដាវគេកើយក្បាល ហើយមានអំពើទុច្ចរិតរបស់គេជាប់នៅឆ្អឹងផងនោះទេ ដ្បិតគេជាទីស្ញែងខ្លាចដល់ពួកខ្លាំងពូកែ នៅក្នុងស្ថានរបស់មនុស្សរស់ តែឯងនឹងត្រូវបាក់បែក នៅក្នុងពួកដែលមិនទទួលកាត់ស្បែក ហើយនឹងដេកនៅជាមួយនឹងពួកអ្នកដែលត្រូវស្លាប់ដោយដាវដែរ។ អេដំមក៏នៅទីនោះ ព្រមទាំងពួកស្តេចនឹងពួកចៅហ្វាយវាផង ជាពួកអ្នកដែលទោះបើខ្លាំងពូកែក៏ដោយ គង់តែត្រូវដេកនៅជាមួយនឹងពួកអ្នក ដែលស្លាប់ដោយដាវដែរ គេត្រូវដេកនៅជាមួយនឹងពួក ដែលមិនទទួលកាត់ស្បែក ហើយជាមួយនឹងពួកអ្នកដែលចុះទៅក្នុងជង្ហុកធំ ពួកចៅហ្វាយទាំងប៉ុន្មាននៃស្រុកខាងជើង ហើយពួកស៊ីដូនទាំងអស់ក៏នៅទីនោះដែរ ជាពួកអ្នកដែលចុះទៅជាមួយនឹងមនុស្សដែលត្រូវសំឡាប់ គេត្រូវខ្មាសដោយព្រោះសេចក្ដីស្ញែងខ្លាចដែលគេបានបង្កើតឡើង ដោយកំឡាំងរបស់គេ គេក៏ដេកដោយឥតទទួលកាត់ស្បែក គឺដេកជាមួយនឹងពួកមនុស្សដែលត្រូវស្លាប់ដោយដាវ គេរងទ្រាំសេចក្ដីខ្មាសរបស់ខ្លួន ជាមួយនឹងពួកអ្នកដែលចុះទៅក្នុងជង្ហុកធំ។ ឯផារ៉ោន នឹងឃើញគេដែរ ហើយនឹងមានសេចក្ដីក្សាន្តចិត្ត ពីដំណើរពួកកកកុញរបស់វា គឺផារ៉ោននោះឯង នឹងពួកកងទ័ពរបស់វា ដែលត្រូវស្លាប់ដោយដាវផង នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា ដ្បិតអញបានធ្វើឲ្យសេចក្ដីស្ញែងខ្លាចរបស់អញកើតឡើងនៅក្នុងស្ថានរបស់មនុស្សរស់ ហើយវានឹងត្រូវផ្តេកនៅកណ្តាលពួកអ្នកដែលមិនទទួលកាត់ស្បែក ជាមួយនឹងពួកអ្នកដែលត្រូវស្លាប់ដោយដាវដែរ គឺផារ៉ោននោះឯង ព្រមទាំងពួកកកកុញរបស់វាផង នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។