អេសេគាល 31:4-9
អេសេគាល 31:4-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ទឹកទាំងឡាយបានចម្រើនដើមនោះ ហើយទីជម្រៅបានធ្វើឲ្យលូតឡើង ទន្លេទាំងប៉ុន្មានក៏ហូរព័ទ្ធជុំវិញកន្លែងរបស់វា ព្រមទាំងបង្ហូរផ្លូវទឹកទៅដល់ គ្រប់ទាំងដើមឈើនៅដីនោះផង។ ហេតុនោះបានជាវាលូតខ្ពស់ជាង អស់ទាំងដើមឈើនៅផែនដី មែកវាចម្រើនជាច្រើនឡើង ហើយក៏លូតចេញវែង ដោយមានទឹកជាច្រើន ក្នុងកាលដែលបែកមែកទាំងនោះ។ អស់ទាំងសត្វហើរលើអាកាស បានធ្វើសម្បុកនៅមែកវា ហើយគ្រប់ទាំងសត្វនៅដី បានបង្កើតកូននៅក្រោមមែកវា ឯអស់ទាំងសាសន៍ធំៗ ក៏អាស្រ័យនៅក្រោមម្លប់វាដែរ។ យ៉ាងនោះវាបានល្អមើល ដោយព្រោះធំខ្ពស់ ហើយមានមែកវែង ដ្បិតឫសវានៅក្បែរទឹកជាច្រើន។ អស់ទាំងដើមតាត្រៅដែលនៅសួនច្បារនៃព្រះ នឹងបិទបាំងវាមិនបាន ដើមកកោះទាំងប៉ុន្មានមិនប៉ុនមែកវា ហើយដើមសុក្រមក៏មិនស្មើនឹងមែកវាដែរ ឥតមានដើមឈើណាមួយក្នុងសួនច្បារនៃព្រះ ដែលមានលម្អដូចវាឡើយ។ យើងបានធ្វើឲ្យវាល្អ ដោយមានមែកជាបរិបូរ បានជាអស់ទាំងដើមឈើនៅអេដែន គឺនៅសួនច្បារនៃព្រះបានច្រណែននឹងវា។
អេសេគាល 31:4-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ទឹកទន្លេធ្វើឲ្យវាដុះធំឡើង ទឹកនៅទីជម្រៅធ្វើឲ្យវាលូតឡើងយ៉ាងខ្ពស់ ហើយហូរជុំវិញដើមនោះ រួចបែកជាដៃទន្លេ ហូរទៅស្រោចស្រព ដើមឈើទាំងប៉ុន្មាននៅក្នុងព្រៃ។ ដើមតាត្រៅនោះលូតឡើងខ្ពស់ លើសដើមឈើទាំងប៉ុន្មាននៅក្នុងព្រៃ បែកមែកសាខា ហើយលាតសន្ធឹង ព្រោះឫសវាសម្បូណ៌ទឹក។ បក្សាបក្សីនាំគ្នាមកធ្វើសំបុក នៅតាមមែករបស់វា រីឯសត្វព្រៃទាំងប៉ុន្មាន ក៏មកបង្កើតកូនចៅនៅក្រោមមែករបស់វា ហើយប្រជាជាតិទាំងអស់ក៏ជ្រកក្រោម ម្លប់របស់វាដែរ។ ដើមតាត្រៅនោះល្អណាស់ ព្រោះវាខ្ពស់មានមែកលាតសន្ធឹងយ៉ាងវែង ហើយឫសរបស់វាចាក់ទៅរកកន្លែងសម្បូណ៌ទឹក។ ដើមតាត្រៅនៅក្នុងឧទ្យានរបស់ព្រះជាម្ចាស់ មិនអាចប្រៀបផ្ទឹមនឹងវាបានទេ រីឯដើមគគីរ ឬដើមកកោះ ក៏មិនអាចផ្ទឹមស្មើនឹងវាដែរ គ្មានដើមឈើណាក្នុងឧទ្យានរបស់ព្រះជាម្ចាស់ ល្អដូចដើមតាត្រៅនេះឡើយ។ យើងបានតុបតែងវាឲ្យមានមែកជាច្រើន ដើមឈើទាំងប៉ុន្មាននៅអេដែន ដែលជាឧទ្យានរបស់ព្រះជាម្ចាស់ នាំគ្នាច្រណែននឹងវា។
អេសេគាល 31:4-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ទឹកទាំងឡាយបានចំរើនដើមនោះ ហើយទីជំរៅបានធ្វើឲ្យលូតឡើង ទន្លេទាំងប៉ុន្មានក៏ហូរព័ទ្ធជុំវិញកន្លែងរបស់វា ព្រមទាំងបង្ហូរផ្លូវទឹកទៅដល់គ្រប់ទាំងដើមឈើនៅដីនោះផង ហេតុនោះបានជាវាលូតខ្ពស់ជាងអស់ទាំងដើមឈើនៅផែនដី មែកវាចំរើនជាច្រើនឡើង ហើយក៏លូតចេញវែង ដោយមានទឹកជាច្រើន ក្នុងកាលដែលបែកមែកទាំងនោះ អស់ទាំងសត្វហើរលើអាកាសបានធ្វើសំបុកនៅមែកវា ហើយគ្រប់ទាំងសត្វនៅដីបានបង្កើតកូននៅក្រោមមែកវា ឯអស់ទាំងសាសន៍ធំៗ ក៏អាស្រ័យនៅក្រោមម្លប់វាដែរ យ៉ាងនោះវាបានល្អមើល ដោយព្រោះធំខ្ពស់ ហើយមានមែកវែង ដ្បិតឫសវានៅក្បែរទឹកជាច្រើន អស់ទាំងដើមតាត្រៅដែលនៅសួនច្បារនៃព្រះនឹងបិទបាំងវាមិនបាន ដើមកកោះទាំងប៉ុន្មានមិនប៉ុនមែកវា ហើយដើមសុក្រមក៏មិនស្មើនឹងមែកវាដែរ ឥតមានដើមឈើណាមួយ ក្នុងសួនច្បារនៃព្រះ ដែលមានលំអដូចវាឡើយ អញបានធ្វើឲ្យវាល្អ ដោយមានមែកជាបរិបូរដល់ម៉្លេះបានជាអស់ទាំងដើមឈើនៅអេដែន គឺនៅសួនច្បារនៃព្រះបានច្រណែននឹងវា។