អេសេគាល 30:1-26
អេសេគាល 30:1-26 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះបន្ទូលរបស់ព្រះយេហូវ៉ាបានមកដល់ខ្ញុំថា៖ «កូនមនុស្សអើយ ចូរថ្លែងទំនាយប្រាប់ថា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ ចូរទ្រហោយំថា ថ្ងៃនោះវេទនាម៉្លេះ! ដ្បិតថ្ងៃនោះជិតដល់ហើយ គឺជាថ្ងៃនៃព្រះយេហូវ៉ាបានចូលមកជិតហើយ ជាថ្ងៃមីរស្រទំ គឺជាពេលកំណត់នៃអស់ទាំងសាសន៍ នឹងមានដាវមកលើស្រុកអេស៊ីព្ទ ហើយសេចក្ដីតក់ស្លុតនៅក្នុងស្រុកអេធីយ៉ូពី គឺក្នុងកាលដែលមនុស្សត្រូវរបួស ដួលនៅក្នុងស្រុកអេស៊ីព្ទ គេនឹងដឹកនាំពួកជនទាំងឡាយរបស់វាចេញទៅ ហើយឫសវានឹងត្រូវបំផ្លាញបង់ ពួកសាសន៍អេធីយ៉ូពី សាសន៍ពួត សាសន៍លូឌ និងអស់ទាំងសាសន៍លាយឡំគ្នា ព្រមទាំងពួកគូប ពួកកូនចៅនៃស្រុកដែលជាមេត្រីមិត្ត គេនឹងដួលដោយដាវទៅជាមួយគ្នា។ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា ឯពួកអ្នកដែលទប់ទល់ស្រុកអេស៊ីព្ទ គេនឹងដួលដែរ ហើយទាំងសេចក្ដីឆ្មើងឆ្មៃនៃអំណាចវា នឹងត្រូវបន្ទាបចុះផង គេនឹងដួលដោយដាវ នៅក្នុងស្រុកនោះ ចាប់តាំងពីប៉មស៊ីយេន រហូតទៅ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា ហើយគេនឹងត្រូវស្ងាត់ច្រៀប នៅកណ្ដាលស្រុកទាំងប៉ុន្មាន ដែលត្រូវចោលស្ងាត់ អស់ទាំងទីក្រុងរបស់ស្រុកនោះ នឹងនៅក្នុងពួកទីក្រុងទាំងប៉ុន្មានដែលត្រូវខូចបង់ដែរ។ ដូច្នេះ គេនឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត គឺក្នុងកាលដែលយើងបានបង្កាត់ភ្លើងនៅក្នុងស្រុកអេស៊ីព្ទ ហើយអស់អ្នកជំនួយរបស់វាបានត្រូវបំផ្លាញទៅ។ នៅថ្ងៃនោះ ពួកទូតនឹងចេញពីយើងទៅ ជិះនាវាទៅបំភ័យដល់ពួកសាសន៍អេធីយ៉ូពី ដែលនៅដោយឥតកង្វល់ នឹងមានសេចក្ដីតក់ស្លុតគ្របលើគេ ដូចជានៅថ្ងៃរបស់ស្រុកអេស៊ីព្ទដែរ ដ្បិតមើល៍! ថ្ងៃនោះមកហើយ»។ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ «យើងនឹងធ្វើឲ្យពួកជនទាំងឡាយនៃស្រុកអេស៊ីព្ទផុតទៅ ដោយសារដៃនៃនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន។ ស្តេចនោះ និងពួកប្រជារាស្ត្រ គឺជាពួកគួរស្ញែងខ្លាចនៅក្នុងអស់ទាំងសាសន៍ គេនឹងនាំគ្នាមកបំផ្លាញស្រុកអេស៊ីព្ទ ហើយហូតដាវទាស់នឹងស្រុកនោះ ព្រមទាំងបំពេញដោយសាកសព នៃមនុស្សដែលគេសម្លាប់។ យើងនឹងពង្រីងអស់ទាំងទន្លេឲ្យរីងស្ងួត ហើយនឹងលក់ស្រុកនោះទៅក្នុងកណ្ដាប់ដៃ នៃមនុស្សអាក្រក់ ក៏នឹងធ្វើឲ្យស្រុកទៅជាស្ងាត់ច្រៀប ព្រមទាំងរបស់ដែលនៅក្នុងស្រុកនោះ ដោយសារដៃនៃពួកអ្នកដទៃ គឺយើងនេះ ជាព្រះយេហូវ៉ា យើងបានចេញវាចាហើយ»។ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ «យើងនឹងបំផ្លាញអស់ទាំងរូបព្រះ ហើយធ្វើឲ្យរូបទាំងអស់ផុតបាត់ពីក្រុងណូព នឹងលែងមានចៅហ្វាយណានៅស្រុកអេស៊ីព្ទទៀត យើងនឹងឲ្យសេចក្ដីភ័យខ្លាចគ្របលើស្រុកអេស៊ីព្ទ។ នឹងឲ្យស្រុកប៉ាត្រូសនៅស្ងាត់ច្រៀប ព្រមទាំងបង្កាត់ភ្លើងនៅស្រុកសូអាន ហើយសម្រេចសេចក្ដីយុត្តិធម៌ដល់ក្រុងថេបផង។ យើងនឹងចាក់សេចក្ដីឃោរឃៅ របស់យើងទៅលើស្រុកសីន ជាទីមាំមួនរបស់ស្រុកអេស៊ីព្ទ ហើយកាត់ពួកបណ្ដាជនចេញពីក្រុងថេប។ យើងនឹងបង្កាត់ភ្លើងនៅស្រុកអេស៊ីព្ទ ស្រុកសីននឹងមានសេចក្ដីតក់ស្លុតយ៉ាងខ្លាំង ក្រុងថេបនឹងត្រូវបាក់បែក ហើយពួកខ្មាំងសត្រូវនឹងចូលក្រុងណូពទាំងថ្ងៃ។ ពួកកំលោះៗនៃក្រុងអាវេន និងក្រុងភី-បែសែត គេនឹងដួលចុះដោយដាវ ទីក្រុងទាំងនោះនឹងត្រូវនាំទៅជាឈ្លើយ។ នៅត្រង់ក្រុងតាហាពេនេស ថ្ងៃនឹងត្រូវងងឹត ក្នុងកាលដែលយើងបំបាក់នឹម ស្រុកអេស៊ីព្ទនៅទីនោះ ហើយសេចក្ដីឆ្មើងឆ្មៃនៃអំណាចគេ នឹងផុតទៅ ចំណែកស្រុកនោះនឹងមានពពកគ្របបាំងពីលើ ហើយពួកកូនស្រីទាំងប៉ុន្មាន នឹងត្រូវដឹកនាំទៅជាឈ្លើយ។ គឺយ៉ាងនោះដែលយើងនឹងសម្រេច សេចក្ដីយុត្តិធម៌ដល់ស្រុកអេស៊ីព្ទ គេនឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត»។ នៅឆ្នាំទីដប់មួយ ខែទីមួយ ថ្ងៃទីប្រាំពី ព្រះបន្ទូលរបស់ព្រះយេហូវ៉ាបានមកដល់ខ្ញុំថា៖ «កូនមនុស្សអើយ យើងបានបំបាក់ដៃផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទ ក៏ឥតមានអ្នកណានឹងមើល ដើម្បីនឹងលាបថ្នាំ ហើយរុំអបឲ្យមានកម្លាំងអាចកាន់ដាវទៀតបានឡើយ។ ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា យើងទាស់នឹងផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទ យើងនឹងបំបាក់ដៃវាទាំងសងខាង គឺដៃដែលនៅមាំ និងដៃដែលបាក់ហើយនោះ យើងនឹងធ្វើឲ្យដាវធ្លាក់ចុះពីដៃវា។ យើងនឹងកម្ចាត់កម្ចាយពួកសាសន៍អេស៊ីព្ទ ឲ្យទៅនៅកណ្ដាលអស់ទាំងសាសន៍ ព្រមទាំងបែងចែកគេទៅគ្រប់ស្រុក។ យើងនឹងចម្រើនកម្លាំងដៃស្តេចបាប៊ីឡូន ហើយដាក់ដាវយើងទៅក្នុងដៃវា តែយើងនឹងបំបាក់ដៃទាំងពីររបស់ផារ៉ោន ហើយស្តេចបាប៊ីឡូននឹងថ្ងូរ ដូចជាមនុស្សដែលត្រូវរបួសដល់ស្លាប់។ យើងនឹងជ្រោងដៃស្តេចស្រុកបាប៊ីឡូន តែដៃរបស់ផារ៉ោននឹងធ្លាក់ចុះវិញ នោះគេនឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត ក្នុងកាលដែលយើងដាក់ដាវរបស់យើងទៅក្នុងដៃស្តេចបាប៊ីឡូន ហើយពេលស្ដេចលូកដាវនោះទៅលើស្រុកអេស៊ីព្ទ។ យើងនឹងកម្ចាត់កម្ចាយពួកសាសន៍អេស៊ីព្ទ ឲ្យទៅនៅកណ្ដាលអស់ទាំងសាសន៍ ព្រមទាំងបែងចែកគេឲ្យទៅនៅគ្រប់ស្រុក នោះគេនឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត»។
អេសេគាល 30:1-26 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖ «កូនមនុស្សអើយ ចូរថ្លែងពាក្យក្នុងនាមយើង! ចូរពោលថា ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ: ចូរនាំគ្នាសោកសង្រេង ដ្បិតថ្ងៃនោះវេទនាណាស់! ថ្ងៃនោះនៅជិតបង្កើយហើយ គឺជាថ្ងៃរបស់ព្រះអម្ចាស់ ថ្ងៃដែលមានពពក ថ្ងៃដែលប្រជាជាតិនានាវាយប្រហារគ្នា។ សង្គ្រាមនឹងមកដល់ស្រុកអេស៊ីប ទុក្ខវេទនានឹងកើតមាននៅស្រុកអេត្យូពី។ ជនជាតិអេស៊ីបនឹងត្រូវគេសម្លាប់រង្គាល សត្រូវរឹបអូសយកសម្បត្តិរបស់ស្រុកអេស៊ីប ព្រមទាំងកម្ទេចស្រុកនេះផង។ អ្នកស្រុកអេត្យូពី អ្នកស្រុកពូត អ្នកស្រុកលូឌ ពួកកូនកាត់ទាំងប៉ុន្មាន និងអ្នកស្រុកគូប ព្រមទាំងប្រជាជនរបស់យើងផ្ទាល់ ក៏នឹងត្រូវស្លាប់ដោយមុខដាវជាមួយជនជាតិអេស៊ីបដែរ»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ពួកអ្នកដែលគាំទ្រស្រុកអេស៊ីបនឹងត្រូវវិនាស ហើយអំណាចអួតអាងរបស់អេស៊ីបក៏ត្រូវរលាយសូន្យទៅដែរ។ ពួកគេនឹងស្លាប់ដោយមុខដាវ ចាប់តាំងពីក្រុងមីគដូល រហូតដល់ក្រុងស៊ីយេន - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។ ស្រុករបស់ពួកគេនឹងក្លាយទៅជាទីស្មសាន ស្ងាត់ជាងវាលរហោស្ថានទៅទៀត។ ក្រុងរបស់គេក៏ត្រូវហិនហោចលើសក្រុងឯទៀតៗដែរ។ ពេលណាយើងដុតស្រុកអេស៊ីប និងកម្ទេចបក្សសម្ព័ន្ធរបស់ពួកគេអស់ហើយ នោះពួកគេនឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន។ នៅថ្ងៃយើងដាក់ទោសស្រុកអេស៊ីប យើងនឹងចាត់មនុស្សឲ្យធ្វើដំណើរតាមសំពៅ នាំដំណឹងទៅប្រាប់អ្នកស្រុកអេត្យូពី ដែលកំពុងតែរស់នៅដោយសុខសាន្ត ធ្វើឲ្យពួកគេភ័យតក់ស្លុត ដ្បិតថ្ងៃដែលពួកគេរងទុក្ខវេទនាជិតមកដល់ហើយ!»។ ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «យើងនឹងប្រើនេប៊ូក្នេសាជាស្ដេចស្រុកបាប៊ីឡូន ឲ្យបំបាត់ពូជសាសន៍អេស៊ីបដ៏ច្រើននោះ។ យើងនឹងនាំស្ដេចនេប៊ូក្នេសា និងកងទ័ពបាប៊ីឡូនដ៏សាហាវបំផុត មកកម្ទេចស្រុកអេស៊ីប។ ពួកគេនឹងសម្លាប់រង្គាលប្រជាជន ទុកសាកសពនៅពាសពេញក្នុងស្រុក។ យើងនឹងធ្វើឲ្យដៃទន្លេនីលរីងស្ងួត យើងប្រគល់ស្រុកនោះទៅក្នុងកណ្ដាប់ដៃរបស់មនុស្សកំណាច យើងនឹងបំផ្លាញស្រុក ព្រមទាំងអ្វីៗដែលមាននៅក្នុងស្រុកនោះ ដោយដៃរបស់ជនបរទេស។ នេះជាពាក្យរបស់យើងដែលជាព្រះអម្ចាស់»។ ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «យើងនឹងកម្ទេចរូបបដិមា យើងនឹងបំបាត់រូបព្រះក្លែងក្លាយពីក្រុងណូប។ ពេលនោះ ស្រុកអេស៊ីបនឹងលែងមានអ្នកដឹកនាំ ហើយយើងនឹងធ្វើឲ្យមានការភ័យខ្លាចនៅស្រុកអេស៊ីប។ យើងនឹងបំផ្លាញក្រុងប៉ាត្រុស យើងនឹងដុតកម្ទេចក្រុងសូអាន ហើយដាក់ទោសក្រុងនរ។ យើងនឹងជះកំហឹងរបស់យើងលើក្រុងស៊ីន ជាក្រុងដែលមានកំពែងរឹងមាំរបស់ស្រុកអេស៊ីប យើងនឹងដកជីវិតប្រជាជនដ៏ច្រើននៅក្រុងនរ។ យើងនឹងដុតស្រុកអេស៊ីប ក្រុងស៊ីននឹងភ័យតក់ស្លុត ក្រុងនរនឹងត្រូវខ្មាំងឡោមព័ទ្ធ ហើយក្រុងណូបនឹងត្រូវខ្មាំងវាយយកបានទាំងកណ្ដាលថ្ងៃត្រង់។ ពួកយុវជននៅក្រុងអាវេន និងក្រុងពីបែសែត ដួលស្លាប់ដោយមុខដាវ ហើយអ្នកក្រុងទាំងនោះនឹងត្រូវខ្មាំងកៀរយកទៅជាឈ្លើយ។ ពេលយើងបំបាក់នឹមរបស់ស្រុកអេស៊ីប ហើយពេលដែលអំណាចអួតអាងរបស់ពួកគេរលាយសូន្យ នោះនៅក្រុងតាហាពេនេស ថ្ងៃប្រែជាងងឹត ពពកអាប់អួគ្របដណ្ដប់ពាសពេញក្រុង ហើយប្រជាជនរបស់គេនឹងត្រូវខ្មាំងកៀរយកទៅជាឈ្លើយ។ យើងនឹងធ្វើទោសស្រុកអេស៊ីប ពេលនោះ ពួកគេនឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន»។ នៅឆ្នាំទីដប់មួយ ថ្ងៃទីប្រាំពីរ ក្នុងខែទីមួយ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅនេះ៖ «កូនមនុស្សអើយ យើងបានកាច់បំបាក់ដៃម្ខាងរបស់ផារ៉ោន ជាស្ដេចស្រុកអេស៊ីប។ គ្មាននរណារុំរបួស ឬដាក់ថ្នាំឲ្យ ហើយក៏គ្មាននរណាយកក្រណាត់មកចងអប ដើម្បីឲ្យស្ដេចនេះអាចកាន់ដាវបានទៀតដែរ»។ ហេតុនេះ ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «យើងនឹងប្រហារផារ៉ោន ជាស្ដេចស្រុកអេស៊ីប យើងនឹងបំបាក់ដៃទាំងសងខាងរបស់ស្ដេចនេះ គឺទាំងដៃល្អទាំងដៃបាក់ ហើយយើងនឹងជម្រុះដាវចេញពីដៃរបស់គេដែរ។ យើងនឹងរំលាយជនជាតិអេស៊ីបក្នុងចំណោមប្រជាជាតិនានា យើងនឹងកម្ចាត់កម្ចាយពួកគេឲ្យទៅប្រទេសនានា។ យើងនឹងពង្រឹងកម្លាំងរបស់ស្ដេចស្រុកបាប៊ីឡូន ហើយប្រគល់ដាវរបស់យើងឲ្យស្ដេចនេះ យើងនឹងកាច់បំបាក់ដៃរបស់ស្ដេចស្រុកអេស៊ីប ហើយស្ដេចស្រុកអេស៊ីបនឹងស្រែកថ្ងូរនៅចំពោះមុខស្ដេចស្រុកបាប៊ីឡូន ព្រោះតែរបួសជិតស្លាប់។ យើងនឹងពង្រឹងកម្លាំងរបស់ស្ដេចស្រុកបាប៊ីឡូន ហើយបំបាក់កម្លាំងរបស់ស្ដេចផារ៉ោន។ ពេលណាយើងប្រគល់ដាវរបស់យើងឲ្យស្ដេចស្រុកបាប៊ីឡូន ហើយពេលស្ដេចនេះលើកដាវតម្រង់ទៅរកស្រុកអេស៊ីប នោះគេនឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន។ យើងនឹងរំលាយជនជាតិអេស៊ីបក្នុងចំណោមប្រជាជាតិនានា យើងនឹងកម្ចាត់កម្ចាយពួកគេឲ្យទៅប្រទេសនានា នោះពួកគេនឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន»។
អេសេគាល 30:1-26 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះបន្ទូល នៃព្រះយេហូវ៉ា បានមកដល់ខ្ញុំថា កូនមនុស្សអើយ ចូរទាយប្រាប់ថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលដូច្នេះចូរទ្រហោយំថា ថ្ងៃនោះវេទនាអីម៉្លេះ ដ្បិតថ្ងៃនោះជិតដល់ហើយ គឺជាថ្ងៃនៃព្រះយេហូវ៉ាបានចូលមកជិតហើយ ជាថ្ងៃមីរស្រទំ គឺជាពេលកំណត់នៃអស់ទាំងសាសន៍ នឹងមានដាវមកលើស្រុកអេស៊ីព្ទ ហើយសេចក្ដីតក់ស្លុតនៅក្នុងស្រុកអេធីយ៉ូពី គឺក្នុងកាលដែលមនុស្សត្រូវរបួសដួលនៅក្នុងស្រុកអេស៊ីព្ទ គេនឹងដឹកនាំពួកជនទាំងឡាយរបស់វាចេញទៅ ហើយឫសវានឹងត្រូវបំផ្លាញបង់ ពួកសាសន៍អេធីយ៉ូពី សាសន៍ពូត សាសន៍លូឌ នឹងអស់ទាំងសាសន៍លាយឡំគ្នា ព្រមទាំងពួកគូប ពួកកូនចៅនៃស្រុកដែលជាមេត្រីមិត្រ គេនឹងដួលដោយដាវទៅជាមួយគ្នា។ ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា ឯពួកអ្នកដែលទប់ទល់ស្រុកអេស៊ីព្ទ គេនឹងដួលដែរ ហើយទាំងសេចក្ដីឆ្មើងឆ្មៃនៃអំណាចវា នឹងត្រូវបន្ទាបចុះផង គេនឹងដួលដោយដាវ នៅក្នុងស្រុកនោះ ចាប់តាំងពីប៉មស៊ីយេនរហូតទៅ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា ហើយគេនឹងត្រូវស្ងាត់ច្រៀប នៅកណ្តាលស្រុកទាំងប៉ុន្មាន ដែលត្រូវចោលស្ងាត់ អស់ទាំងទីក្រុងរបស់ស្រុកនោះ នឹងនៅក្នុងពួកទីក្រុងទាំងប៉ុន្មានដែលត្រូវខូចបង់ដែរ ដូច្នេះគេនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត គឺក្នុងកាលដែលអញបានបង្កាត់ភ្លើងនៅក្នុងស្រុកអេស៊ីព្ទ ហើយអស់អ្នកជំនួយរបស់វាបានត្រូវបំផ្លាញទៅ នៅថ្ងៃនោះ ពួកទូតនឹងចេញពីចំពោះអញ ជិះនាវាទៅបំភ័យដល់ពួកសាសន៍អេធីយ៉ូពី ដែលនៅដោយឥតកង្វល់ នោះនឹងមានសេចក្ដីតក់ស្លុតគ្របលើគេ ដូចជានៅថ្ងៃរបស់ស្រុកអេស៊ីព្ទដែរ ដ្បិតមើលន៏ ថ្ងៃនោះមកហើយ។ ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា អញនឹងធ្វើឲ្យពួកជនទាំងឡាយនៃស្រុកអេស៊ីព្ទផុតទៅ ដោយសារដៃនៃនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន ស្តេចនោះ នឹងពួករាស្ត្រផង គឺជាពួកគួរស្ញែងខ្លាចនៅក្នុងអស់ទាំងសាសន៍ គេនឹងនាំគ្នាមកបំផ្លាញស្រុកអេស៊ីព្ទ ហើយនឹងហូតដាវទាស់នឹងស្រុកនោះ ព្រមទាំងបំពេញដោយសាកសពនៃមនុស្សដែលគេសំឡាប់ អញនឹងពង្រីងអស់ទាំងទន្លេឲ្យរីងស្ងួតទៅ ហើយនឹងលក់ស្រុកនោះទៅក្នុងកណ្តាប់ដៃនៃមនុស្សអាក្រក់ ក៏នឹងធ្វើឲ្យស្រុកទៅជាស្ងាត់ច្រៀប ព្រមទាំងរបស់ដែលនៅក្នុងស្រុកនោះផង ដោយសារដៃនៃពួកអ្នកដទៃ គឺអញនេះ ជាព្រះយេហូវ៉ា អញបានចេញវាចាហើយ។ ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា អញនឹងបំផ្លាញអស់ទាំងរូបព្រះ ហើយនឹងធ្វើឲ្យរូបទាំងអស់ផុតបាត់ពីក្រុងណូពទៅ នោះនឹងលែងមានចៅហ្វាយណានៅស្រុកអេស៊ីព្ទទៀត អញនឹងឲ្យសេចក្ដីភ័យខ្លាចគ្របលើស្រុកអេស៊ីព្ទ ហើយនឹងឲ្យស្រុកប៉ាត្រូសនៅស្ងាត់ច្រៀប ព្រមទាំងបង្កាត់ភ្លើងនៅស្រុកសូអាន ហើយសំរេចសេចក្ដីយុត្តិធម៌ដល់ក្រុងនរផង អញនឹងចាក់សេចក្ដីឃោរឃៅរបស់អញទៅលើស្រុកសីន ជាទីមាំមួនរបស់ស្រុកអេស៊ីព្ទ ហើយនឹងកាត់ពួកបណ្តាជនពីក្រុងនរចេញ អញនឹងបង្កាត់ភ្លើងនៅស្រុកអេស៊ីព្ទ ស្រុកសីននឹងមានសេចក្ដីតក់ស្លុតយ៉ាងខ្លាំង ក្រុងនរនឹងត្រូវបាក់បែក ហើយពួកខ្មាំងសត្រូវនឹងចូលក្រុងណូពទាំងថ្ងៃ ពួកកំឡោះៗនៃក្រុងអាវេន នឹងក្រុងភី-បែសែត គេនឹងដួលចុះដោយដាវ ទីក្រុងទាំងនោះនឹងត្រូវដឹកនាំទៅជាឈ្លើយ នៅត្រង់ក្រុងតាហាពេនេស នោះថ្ងៃនឹងត្រូវងងឹត ក្នុងកាលដែលអញបំបាក់នឹមនៃស្រុកអេស៊ីព្ទនៅទីនោះ ហើយសេចក្ដីឆ្មើងឆ្មៃនៃអំណាចគេ នឹងផុតទៅ ចំណែកស្រុកនោះនឹងមានពពកគ្របបាំងពីលើ ហើយពួកកូនស្រីទាំងប៉ុន្មាន នឹងត្រូវដឹកនាំទៅជាឈ្លើយ គឺយ៉ាងដូច្នោះដែលអញនឹងសំរេចសេចក្ដីយុត្តិធម៌ដល់ស្រុកអេស៊ីព្ទ នោះគេនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត។ លុះដល់ថ្ងៃ៧ ខែចេត្រ ឆ្នាំទី១១ នោះព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់ខ្ញុំថា កូនមនុស្សអើយ អញបានបំបាក់ដៃផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទ ក៏ឥតមានអ្នកណានឹងមើល ដើម្បីនឹងលាបថ្នាំ ហើយរុំអបឲ្យមានកំឡាំងអាចកាន់ដាវទៀតបានឡើយ ហេតុនោះព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា មើល អញទាស់នឹងផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទ អញនឹងបំបាក់ដៃវាទាំងសងខាង គឺដៃដែលនៅមាំ នឹងដៃដែលបាក់ហើយនោះផង អញនឹងធ្វើឲ្យដាវធ្លាក់ចុះពីដៃវា ហើយអញនឹងកំចាត់កំចាយពួកសាសន៍អេស៊ីព្ទ ឲ្យទៅនៅកណ្តាលអស់ទាំងសាសន៍ ព្រមទាំងបែងចែកគេទៅក្នុងគ្រប់ទាំងស្រុក អញនឹងចំរើនកំឡាំងដៃនៃស្តេចបាប៊ីឡូន ហើយដាក់ដាវអញទៅក្នុងដៃវា តែអញនឹងបំបាក់ដៃទាំង២របស់ផារ៉ោនវិញ ដូច្នេះ វានឹងថ្ងូរនៅមុខស្តេចបាប៊ីឡូន ដោយដំងូរនៃមនុស្សដែលត្រូវរបួសដល់ស្លាប់ អញនឹងជ្រោងដៃរបស់ស្តេចស្រុកបាប៊ីឡូន តែដៃរបស់ផារ៉ោននឹងធ្លាក់ចុះវិញ នោះគេនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត ក្នុងកាលដែលអញដាក់ដាវរបស់អញទៅក្នុងដៃស្តេចបាប៊ីឡូន ហើយវាបានលូកដាវនោះទៅលើស្រុកអេស៊ីព្ទ អញនឹងកំចាត់កំចាយពួកសាសន៍អេស៊ីព្ទ ឲ្យទៅនៅកណ្តាលអស់ទាំងសាសន៍ ព្រមទាំងបែងចែកគេ ឲ្យទៅនៅគ្រប់ទាំងស្រុក នោះគេនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត។