អេសេគាល 29:1-21
អេសេគាល 29:1-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅឆ្នាំទីដប់ ខែទីដប់ ថ្ងៃទីដប់ពីរ ព្រះបន្ទូលរបស់ព្រះយេហូវ៉ាបានមកដល់ខ្ញុំថា៖ «កូនមនុស្សអើយ ចូរតាំងមុខអ្នកទាស់នឹងផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទ ហើយថ្លែងទំនាយទាស់នឹងគេ ព្រមទាំងស្រុកអេស៊ីព្ទទាំងមូលផងថា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ ផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទ ជាសត្វសម្បើមដែលដេក នៅកណ្ដាលទន្លេរបស់ខ្លួនអើយ យើងទាស់នឹងអ្នក ដ្បិតអ្នកថា ទន្លេនេះជារបស់យើង យើងបានបង្កើតសម្រាប់តែខ្លួនយើង។ យើងនឹងដាក់តម្ពក់នៅក្នុងមាត់អ្នក ហើយនឹងឲ្យត្រីនៅទន្លេមកភ្ជាប់ខ្លួននៅនឹងស្រកាអ្នក ក៏នឹងនាំអ្នកឡើងចេញពីកណ្ដាលទន្លេអ្នកនោះ ដោយទាំងត្រីជាច្រើនដែលនៅទន្លេ ជាប់នឹងស្រកាអ្នកផង។ យើងនឹងបោះអ្នកចោលក្នុងទីរហោស្ថាន ទាំងខ្លួនអ្នក និងត្រីទាំងអស់នៅទន្លេផង អ្នកនឹងធ្លាក់ទៅនៅទីវាល ឥតដែលបានប្រមូលផ្តុំគ្នាទៀតឡើយ យើងបានឲ្យអ្នកទៅជាអាហារ ដល់អស់ទាំងសត្វនៅដី និងសត្វហើរលើអាកាស។ ពេលនោះ ពួកសាសន៍អេស៊ីព្ទទាំងអស់នឹងដឹងថា យើងនេះជាព្រះយេហូវ៉ា ព្រោះអ្នក ជាឈើច្រត់ធ្វើពីបបុស នៃពួកវង្សអ៊ីស្រាអែល។ កាលពួកអ៊ីស្រាអែលចាប់កាន់នោះក៏បាក់បែកទៅ ហើយចាក់ហែកស្មាគេអស់រលីង កាលគេច្រត់ពឹងមកលើអ្នក នោះអ្នកក៏បាក់ទៅ ធ្វើឲ្យគេថ្លស់ចង្កេះទាំងអស់គ្នា។ ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា យើងនឹងនាំដាវមកលើអ្នក ហើយនឹងកាត់ទាំងមនុស្ស និងសត្វចេញពីអ្នក។ ស្រុកអេស៊ីព្ទនឹងទៅជាទីចោលស្ងាត់ ហើយខូចបង់ ដូច្នេះ គេនឹងដឹងថា យើងនេះជាព្រះយេហូវ៉ា។ ដោយព្រោះអ្នកពោលថា ទន្លេនីលជារបស់អ្នក គឺអ្នកបានបង្កើតទន្លេនេះ ដូច្នេះ មើល៍ យើងទាស់នឹងអ្នក ហើយទាស់នឹងទន្លេទាំងប៉ុន្មានរបស់អ្នក យើងនឹងធ្វើឲ្យស្រុកអេស៊ីព្ទទៅជាទីខូចបង់អស់រលីង ហើយចោលស្ងាត់ ចាប់តាំងពីប៉មស៊ីយេនរហូតដល់ព្រំប្រទល់ស្រុកអេធីយ៉ូពី ។ នៅរវាងសែសិបឆ្នាំ នឹងគ្មានជើងមនុស្សណា ឬជើងសត្វណាដើរកាត់ស្រុកនោះឡើយ ក៏នឹងគ្មានអ្នកណាអាស្រ័យនៅផង។ យើងនឹងធ្វើឲ្យស្រុកអេស៊ីព្ទទៅជាទីស្ងាត់ច្រៀប នៅកណ្ដាលអស់ទាំងស្រុកស្ងាត់ជ្រងំ និងទីក្រុងនានានៅស្ងាត់ច្រៀបអស់សែសិបឆ្នាំ នៅកណ្ដាលអស់ទាំងទីក្រុងដែលខូចបង់នោះ យើងនឹងកម្ចាត់កម្ចាយពួកសាសន៍អេស៊ីព្ទឲ្យទៅនៅកណ្ដាលអស់ទាំងសាសន៍ ហើយបែងចែកគេទៅក្នុងគ្រប់ទាំងស្រុក»។ ប៉ុន្តែ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ «លុះផុតពីសែសិបឆ្នាំទៅ យើងនឹងប្រមូលពួកសាសន៍អេស៊ីព្ទពីគ្រប់ទាំងសាសន៍ដែលត្រូវខ្ចាត់ខ្ចាយនោះ ក៏នឹងនាំពួកអេស៊ីព្ទដែលនៅជាឈ្លើយឲ្យមកវិញ ហើយឲ្យគេត្រឡប់ទៅនៅឯស្រុកប៉ាត្រូស ជាស្រុកកំណើតរបស់ខ្លួន គេនឹងបានជានគរយ៉ាងទាបថោកនៅទីនោះ។ នគរនោះនឹងបានទាបថោកជាងអស់ទាំងនគរ ឥតដែលលើកខ្លួនឡើងខ្ពស់ជាងនគរផ្សេងៗឡើយ យើងនឹងធ្វើឲ្យអន់ថយ ដើម្បីមិនឲ្យគេគ្រប់គ្រងលើសាសន៍ដទៃទៀត។ ពួកវង្សអ៊ីស្រាអែលនឹងលែងទុកចិត្តគេទៀត ជាការដែលរំឭកពីអំពើទុច្ចរិតរបស់ខ្លួន គ្រប់វេលាណាដែលងាកបែរមើលទៅឯគេ ដូច្នេះ គេនឹងដឹងថា យើងនេះជាព្រះអម្ចាស់យេហូវ៉ាពិត»។ នៅឆ្នាំទីម្ភៃប្រាំពី ខែទីមួយ ថ្ងៃទីមួយ ព្រះបន្ទូលរបស់ព្រះយេហូវ៉ាបានមកដល់ខ្ញុំថា៖ «កូនមនុស្សអើយ នេប៊ូក្នេសា ជាស្តេចបាប៊ីឡូនបានឲ្យកងទ័ពរបស់ខ្លួនធ្វើការងារបម្រើយ៉ាងធំ ទាស់នឹងក្រុងទីរ៉ុស គ្រប់ទាំងក្បាលត្រូវតម្ពែក ហើយគ្រប់ទាំងស្មាត្រូវរបក ប៉ុន្តែ ស្តេច ព្រមទាំងពួកពលទ័ពឥតមានកម្រៃអ្វីពីក្រុងទីរ៉ុស ដោយការដែលខ្លួនបានបម្រើទាស់នឹងវានោះឡើយ។ ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា យើងនឹងឲ្យស្រុកអេស៊ីព្ទដល់នេប៊ូក្នេសា ជាស្តេចបាប៊ីឡូន ស្តេចនោះនឹងដឹកនាំពួកជនទាំងឡាយរបស់ស្រុកនោះ ទៅជាឈ្លើយ ហើយយកទ្រព្យសម្បត្តិ និងរឹបអូសយកធ្វើជារបស់ខ្លួន។ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលថា យើងបានឲ្យស្រុកអេស៊ីព្ទដល់គេ ទុកជាបំណាច់នៃការដែលគេបានបម្រើនោះ ពីព្រោះគេបានធ្វើការនោះបម្រើដល់យើង។ នៅថ្ងៃនោះ យើងនឹងឲ្យស្នែងមួយប៉ិចឡើង ដល់ពួកវង្សអ៊ីស្រាអែល ហើយយើងនឹងបើកមាត់អ្នក នៅកណ្ដាលពួកគេ នោះគេនឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត»។
អេសេគាល 29:1-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅឆ្នាំទីដប់ ថ្ងៃទីដប់ពីរ ខែទីដប់ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖ «កូនមនុស្សអើយ ចូរបែរមុខទៅរកផារ៉ោន ស្ដេចស្រុកអេស៊ីប ហើយថ្លែងពាក្យក្នុងនាមយើងប្រឆាំងនឹងស្ដេចនោះ ព្រមទាំងប្រជាជនអេស៊ីបទាំងមូលទៅ! ចូរប្រកាសថា ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ: ផារ៉ោនជាស្ដេចស្រុកអេស៊ីបអើយ យើងប្រឆាំងនឹងអ្នកហើយ! អ្នកជាក្រពើដ៏ធំសម្បើម ដេកនៅតាមដៃទន្លេ ហើយពោលថា ទន្លេនីលជារបស់អ្នក អ្នកបានបង្កើតទន្លេនេះ។ យើងនឹងឃ្លុំមាត់អ្នក យើងយកត្រីនៅតាមទន្លេមកដាក់ជាប់នឹងស្រការបស់អ្នក យើងនឹងអូសអ្នកចេញពីទន្លេ ដោយមានត្រីនៅជាប់នឹងស្រកាអ្នកផង។ យើងនឹងបោះអ្នកជាមួយត្រីទាំងប៉ុន្មាននៅទន្លេនីល ទៅវាលរហោស្ថាន។ អ្នកនឹងធ្លាក់ទៅលើដីនៅទីវាល គ្មាននរណារវីរវល់នឹងសាកសពអ្នកឡើយ។ យើងនឹងប្រគល់អ្នកទៅឲ្យសត្វព្រៃ និងត្មាតធ្វើជាអាហារ។ ប្រជាជនទាំងអស់នៅស្រុកអេស៊ីបនឹងទទួលស្គាល់ថា យើងជាព្រះអម្ចាស់ ដ្បិតពួកគេប្រៀបដូចជាដើមត្រែង ដែលកូនចៅអ៊ីស្រាអែលយកធ្វើជាបង្អែក។ នៅពេលពួកគេតោងអ្នក ស្រាប់តែអ្នកបាក់ ហើយធ្វើឲ្យពួកគេមុតដៃ ដាច់រហូតដល់ស្មា។ នៅពេលពួកគេផ្អែកលើអ្នក ស្រាប់តែអ្នករលំ ហើយធ្វើឲ្យពួកគេថ្លោះចង្កេះ»។ ព្រះជាអម្ចាស់មានព្រះបន្ទូលទៀតថា៖ «មើល៍យើងនឹងធ្វើឲ្យស្រុកអ្នកកើតសង្គ្រាម យើងនឹងដកជីវិតទាំងមនុស្ស ទាំងសត្វ នៅក្នុងស្រុកអ្នក។ ស្រុកអេស៊ីបនឹងត្រូវហិនហោច ក្លាយជាគំនរបាក់បែក ហើយគេនឹងទទួលស្គាល់ថា យើងជាព្រះអម្ចាស់។ ដោយអ្នកពោលថា ទន្លេនីលជារបស់អ្នក អ្នកបានបង្កើតទន្លេនេះ យើងនឹងដាក់ទោសអ្នក ព្រមទាំងទន្លេរបស់អ្នក។ យើងនឹងបំផ្លាញស្រុកអេស៊ីប ឲ្យក្លាយទៅជាគំនរបាក់បែក និងជាទីស្មសាន ចាប់តាំងពីក្រុងមីគដូល រហូតដល់ក្រុងស៊ីយេន និងព្រំប្រទល់ស្រុកអេត្យូពី។ គ្មានដានជើងមនុស្ស ឬដានជើងសត្វណាមួយដើរកាត់ស្រុកនោះទៀតឡើយ ហើយទឹកដីនោះនឹងគ្មាននរណារស់នៅក្នុងអំឡុងពេលសែសិបឆ្នាំ។ ក្នុងរយៈពេលសែសិបឆ្នាំ យើងនឹងធ្វើឲ្យស្រុកអេស៊ីបក្លាយទៅជាទីស្មសាន ស្ងាត់ជាងវាលរហោស្ថានទៅទៀត។ ក្រុងរបស់គេក៏ត្រូវហិនហោចលើសក្រុងឯទៀតៗ។ យើងនឹងរំលាយជនជាតិអេស៊ីបក្នុងចំណោមប្រជាជាតិនានា យើងនឹងកម្ចាត់កម្ចាយពួកគេឲ្យទៅប្រទេសនានា»។ ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «លុះអំឡុងពេលសែសិបឆ្នាំនោះកន្លងផុតទៅ យើងនឹងប្រមូលជនជាតិអេស៊ីបពីក្នុងចំណោមជាតិសាសន៍នានា ដែលយើងបណ្ដេញពួកគេទៅនោះ ឲ្យត្រឡប់មកវិញ។ យើងនឹងស្ដារស្រុកអេស៊ីបឡើងវិញ យើងនឹងនាំពួកគេមកនៅស្រុកប៉ាត្រុស ជាស្រុកកំណើតរបស់ខ្លួន ហើយពួកគេនឹងប្រមូលផ្ដុំគ្នាជានគរមួយដ៏ទន់ខ្សោយ។ ស្រុកអេស៊ីបនឹងក្លាយទៅជានគរមួយទន់ខ្សោយជាងនគរឯទៀតៗ គេនឹងលែងត្រួតត្រាលើប្រជាជាតិនានា គឺយើងនឹងធ្វើឲ្យគេចុះអន់ថយ ដើម្បីកុំឲ្យគេត្រួតត្រាលើប្រជាជាតិនានាទៀត។ ដូច្នេះ ជនជាតិអ៊ីស្រាអែលនឹងលែងមានបង្អែក ដែលទាក់ទាញពួកគេឲ្យប្រព្រឹត្តអំពើបាប ដោយបែរទៅរកស្រុកអេស៊ីបមកជួយ ហើយពួកគេនឹងទទួលស្គាល់ថា យើងពិតជាព្រះជាអម្ចាស់»។ នៅឆ្នាំទីម្ភៃប្រាំពីរ ថ្ងៃទីមួយ ក្នុងខែទីមួយ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖ «កូនមនុស្សអើយ នេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន បានប្រើកងទ័ពរបស់ខ្លួនឲ្យប្រឹងប្រែងវាយយកក្រុងទីរ៉ុស។ ទាហានបាប៊ីឡូនទាំងអស់ខំប្រឹងរហូតដល់ជ្រុះសក់ និងមានស្នាមរបួសពេញស្មា តែស្ដេចស្រុកបាប៊ីឡូន និងកងទ័ព ពុំបានទទួលជ័យជម្នះ ពីការវាយលុកក្រុងទីរ៉ុសឡើយ។ ហេតុនេះ យើងប្រកាសក្នុងនាមយើងជាព្រះជាអម្ចាស់ថា យើងប្រគល់ស្រុកអេស៊ីបឲ្យនេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន។ នេប៊ូក្នេសានឹងនាំយកទ្រព្យសម្បត្តិស្រុកអេស៊ីបទៅស្រុករបស់ខ្លួន ស្ដេចនេះនឹងរឹបអូសយកទាំងអស់ ឥតទុកឲ្យនៅសល់អ្វីឡើយ។ ស្ដេចនឹងយកជយភណ្ឌធ្វើជាបៀវត្សរ៍ចែកឲ្យកងទ័ពរបស់ខ្លួន។ យើងប្រគល់ស្រុកអេស៊ីបឲ្យនេប៊ូក្នេសា ទុកជាកម្រៃចំពោះកិច្ចការដែលគេបានធ្វើ ដ្បិតពួកទាហានរបស់ស្ដេចនេះបានធ្វើការឲ្យយើង -នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។ នៅថ្ងៃនោះយើងនឹងពង្រឹងកម្លាំងជនជាតិអ៊ីស្រាអែល។ រីឯអ្នកវិញ កូនមនុស្សអើយ យើងនឹងឲ្យអ្នកនិយាយបាន ពួកគេនឹងឮពាក្យអ្នក ហើយទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន»។
អេសេគាល 29:1-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នៅថ្ងៃ១២ ខែបុស្ស ឆ្នាំទី១០ នោះព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ខ្ញុំថា កូនមនុស្សអើយ ចូរតាំងមុខឯងទាស់នឹងផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទ ហើយទាយទាស់នឹងវា ព្រមទាំងស្រុកអេស៊ីព្ទទាំងមូលផងថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ នែ ផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទ ជាសត្វសំបើមដែលដេកនៅកណ្តាលទន្លេរបស់ខ្លួនអើយ អញទាស់នឹងឯង ដ្បិតឯងថា ទន្លេនេះជារបស់ផងអញ អញបានបង្កើតសំរាប់តែខ្លួនអញទេ អញនឹងដាក់ទំពក់នៅក្នុងមាត់ឯង ហើយនឹងឲ្យត្រីនៅទន្លេឯង មកភ្ជាប់ខ្លួននៅនឹងស្រកាឯង ក៏នឹងនាំឯងឡើងចេញពីកណ្តាលទន្លេឯងនោះ ដោយទាំងត្រីទាំងប៉ុន្មានដែលនៅទន្លេឯងជាប់នឹងស្រកាឯងមកផង អញនឹងបោះឯងចោលក្នុងទីរហោស្ថាន គឺទាំងខ្លួនឯង នឹងត្រីទាំងអស់នៅទន្លេឯងផង ឯងនឹងធ្លាក់ទៅនៅទីវាលទទេ ឥតដែលបានប្រមូលផ្តុំគ្នាទៀតឡើយ អញបានឲ្យឯងទៅជាអាហារដល់អស់ទាំងសត្វនៅដី នឹងសត្វហើរលើអាកាស នោះពួកសាសន៍អេស៊ីព្ទទាំងអស់នឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត ពីព្រោះគេជាឈើច្រត់ធ្វើពីបបុស ដល់ពួកវង្សអ៊ីស្រាអែល កាលពួកអ៊ីស្រាអែលបានចាប់យកកាន់ នោះឯងក៏បាក់បែកទៅ ហើយចាក់ហែកស្មាគេអស់រលីង កាលគេច្រត់ពឹងមកលើឯង នោះឯងបានចាក់ទៅធ្វើឲ្យថ្លស់ចង្កេះគេ។ ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា មើល អញនឹងនាំដាវមកលើឯង ហើយនឹងកាត់ទាំងមនុស្ស នឹងសត្វចេញពីឯង នោះស្រុកអេស៊ីព្ទនឹងទៅជាទីចោលស្ងាត់ ហើយខូចបង់ ដូច្នេះ គេនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត ហើយដោយព្រោះវាបានពោលថា ទន្លេនេះជារបស់ផងអញ គឺអញបានបង្កើតឡើង ដូច្នេះ មើល អញទាស់នឹងឯង ហើយនឹងទន្លេទាំងប៉ុន្មានរបស់ឯងផង អញនឹងធ្វើឲ្យស្រុកអេស៊ីព្ទ ទៅជាទីខូចបង់អស់រលីង ហើយចោលស្ងាត់នៅ ចាប់តាំងពីប៉មស៊ីយេនរហូតដល់ព្រំស្រុកអេធីយ៉ូពី នៅរវាង៤០ឆ្នាំ នឹងគ្មានជើងមនុស្សណា ឬជើងសត្វណាដើរកាត់ស្រុកនោះឡើយ ក៏នឹងគ្មានអ្នកណាអាស្រ័យនៅផង អញនឹងធ្វើឲ្យស្រុកអេស៊ីព្ទទៅជាទីស្ងាត់ច្រៀប នៅកណ្តាលអស់ទាំងស្រុកស្ងាត់ជ្រងំ ហើយអស់ទាំងទីក្រុងនៃស្រុកនឹងនៅស្ងាត់ច្រៀបអស់៤០ឆ្នាំ នៅកណ្តាលអស់ទាំងទីក្រុងដែលខូចបង់នោះ អញនឹងកំចាត់កំចាយពួកសាសន៍អេស៊ីព្ទឲ្យទៅនៅកណ្តាលអស់ទាំងសាសន៍ ហើយបែងចែកគេទៅក្នុងគ្រប់ទាំងស្រុក។ ប៉ុន្តែ ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានបន្ទូលដូច្នេះថា លុះផុតពី៤០ឆ្នាំទៅ អញនឹងប្រមូលពួកសាសន៍អេស៊ីព្ទពីគ្រប់ទាំងសាសន៍ដែលត្រូវខ្ចាត់ខ្ចាយទៅនោះ ក៏នឹងនាំពួកអេស៊ីព្ទដែលនៅជាឈ្លើយឲ្យមកវិញ ហើយឲ្យគេត្រឡប់ទៅនៅឯស្រុកប៉ាត្រូស ជាស្រុកកំណើតរបស់ផងខ្លួន គេនឹងបានជានគរយ៉ាងទាបថោកនៅទីនោះ នគរនោះនឹងបានទាបថោកជាងអស់ទាំងនគរ ឥតដែលលើកខ្លួនឡើងខ្ពស់ជាងនគរផ្សេងៗឡើយ អញនឹងធ្វើឲ្យគេថយតិចទៅ ដើម្បីមិនឲ្យគេគ្រប់គ្រងលើសាសន៍ដទៃទៀត នោះពួកវង្សអ៊ីស្រាអែល នឹងលែងទុកចិត្តនឹងគេតទៅ ជាការដែលរំឭកពីអំពើទុច្ចរិតរបស់ខ្លួន គ្រប់វេលាណាដែលងាកបែរមើលទៅឯគេ ដូច្នេះ គេនឹងដឹងថា អញនេះជាព្រះអម្ចាស់យេហូវ៉ាពិត។ លុះដល់ថ្ងៃ១ ខែចេត្រ ឆ្នាំទី២៧ នោះព្រះបន្ទូលនៃព្រះយេហូវ៉ា ក៏មកដល់ខ្ញុំថា កូនមនុស្សអើយនេប៊ូក្នេសា ស្តេចបាប៊ីឡូនបានឲ្យកងទ័ពរបស់ខ្លួនធ្វើការងារបំរើយ៉ាងធំ ទាស់នឹងក្រុងទីរ៉ុស គ្រប់ទាំងក្បាលត្រូវទំពែក ហើយគ្រប់ទាំងស្មាត្រូវរបក ប៉ុន្តែស្តេច ព្រមទាំងពួកពលទ័ពឥតមានកំរៃអ្វីពីក្រុងទីរ៉ុស ដោយការដែលខ្លួនបានបំរើទាស់នឹងវានោះឡើយ ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា មើល អញនឹងឲ្យស្រុកអេស៊ីព្ទដល់នេប៊ូក្នេសា ជាស្តេចបាប៊ីឡូន ស្តេចនោះនឹងដឹកនាំពួកជនទាំងឡាយរបស់ស្រុកនោះ ទៅជាឈ្លើយ ហើយយករបឹបនឹងរំពាផង នោះនឹងបានជាបំណាច់ដល់ពួកកងទ័ពរបស់ខ្លួន ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលថា អញបានឲ្យស្រុកអេស៊ីព្ទដល់គេ ទុកជាបំណាច់នៃការដែលគេបានបំរើនោះ ពីព្រោះគេបានធ្វើការនោះបំរើដល់អញ។ នៅថ្ងៃនោះ អញនឹងឲ្យស្នែង១ប៉ិចឡើង ដល់ពួកវង្សអ៊ីស្រាអែល ហើយអញនឹងបើកមាត់ឯង នៅកណ្តាលពួកគេ នោះគេនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត។