អេសេគាល 28:1-10
អេសេគាល 28:1-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះបន្ទូលរបស់ព្រះយេហូវ៉ាក៏មកដល់ខ្ញុំថា៖ «កូនមនុស្សអើយ ចូរប្រាប់ដល់ម្ចាស់ដ៏ធំនៃក្រុងទីរ៉ុសថា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ ដោយព្រោះអ្នកកើតមានចិត្តធំ ហើយបានពោលថា យើងជាព្រះ យើងអង្គុយលើបល្ល័ង្ករបស់ព្រះនៅកណ្ដាលសមុទ្រ ប៉ុន្តែ អ្នកជាមនុស្សទេ មិនមែនជាព្រះឡើយ ទោះបើអ្នកបានតាំងចិត្តដូចជាព្រះហឫទ័យព្រះក៏ដោយ។ អ្នកមានប្រាជ្ញាលើសជាងដានីយ៉ែលទៅទៀត គ្មានការសម្ងាត់ណា ដែលលាក់កំបាំងនឹងអ្នកសោះ។ អ្នកបានប្រមូលទ្រព្យសម្បត្តិ ហើយប្រមូលមាសប្រាក់ដាក់ក្នុងឃ្លាំង ដោយប្រាជ្ញា និងយោបល់របស់អ្នក។ អ្នកបានចម្រើនទ្រព្យសម្បត្តិដោយសារប្រាជ្ញា ដ៏ជ្រាលជ្រៅរបស់អ្នក និងការធ្វើជំនួញផង ហើយចិត្តអ្នកបានស្ទួយឡើង ដោយព្រោះទ្រព្យសម្បត្តិរបស់អ្នក។ ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលថា ដោយព្រោះអ្នកបានតាំងចិត្ត ឲ្យបានដូចជាព្រះហឫទ័យនៃព្រះ យើងនឹងនាំសាសន៍ដទៃ គឺជាពួកអ្នកគួរស្ញែងខ្លាច ពីគ្រប់សាសន៍មកលើអ្នក គេនឹងហូតដាវទៅទាស់នឹងលម្អនៃប្រាជ្ញារបស់អ្នក ព្រមទាំងបង្អាប់រស្មីរបស់អ្នក។ គេនឹងទម្លាក់អ្នកទៅក្នុងជង្ហុកធំ ហើយអ្នកនឹងត្រូវស្លាប់ដូចជាពួកអ្នក ដែលត្រូវគេចាក់សម្លាប់នៅកណ្ដាលសមុទ្រ។ នៅគ្រានោះ តើអ្នកនៅតែពោល នៅមុខអ្នកដែលសម្លាប់អ្នកថា យើងជាព្រះទៀតឬ? ប៉ុន្តែ នៅក្នុងកណ្ដាប់ដៃអ្នកដែលសម្លាប់អ្នក នោះអ្នកជាមនុស្ស មិនមែនជាព្រះឡើយ។ អ្នកនឹងត្រូវស្លាប់ ដូចជាពួកអ្នកមិនកាត់ស្បែកដែរ គឺដោយដៃនៃពួកសាសន៍ដទៃ ដ្បិតយើងបានចេញវាចាហើយ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់យេហូវ៉ា»។
អេសេគាល 28:1-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖ «កូនមនុស្សអើយ ចូរប្រាប់ស្ដេចក្រុងទីរ៉ុសថា ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ: អ្នកមានចិត្តព្រហើនណាស់ អ្នកហ៊ានថ្លែងថា “ខ្ញុំជាព្រះ! ខ្ញុំគង់លើបល្ល័ង្ករបស់ព្រះដែលស្ថិតនៅកណ្ដាលសមុទ្រ!”។ តាមពិត អ្នកជាមនុស្សសោះ គឺមិនមែនជាព្រះទេ តែអ្នកលើកខ្លួនឯងស្មើនឹងព្រះជាម្ចាស់។ អ្នកអួតខ្លួនថា មានប្រាជ្ញាជាងដានីយ៉ែល ហើយថាគ្មានការអ្វីលាក់កំបាំងចំពោះអ្នកឡើយ។ ដោយសារប្រាជ្ញា និងតម្រិះវៃឆ្លាត អ្នកប្រមូលទ្រព្យសម្បត្តិ មាស និងប្រាក់ យកមកទុកក្នុងឃ្លាំងរបស់ខ្លួន។ ដោយសារការប៉ិនប្រសប់ខាងធ្វើជំនួញ អ្នកបានបង្កើនទ្រព្យសម្បត្តិយ៉ាងសន្ធឹកសន្ធាប់ ហើយទ្រព្យសម្បត្តិទាំងនេះជំរុញឲ្យអ្នកអួតបំប៉ោង! ហេតុនេះហើយបានជាព្រះជាអម្ចាស់មានព្រះបន្ទូលថា: ដោយអ្នកលើកខ្លួនស្មើនឹងព្រះដូច្នេះ យើងនឹងនាំជនបរទេស ដែលកាចសាហាវក្នុងចំណោមប្រជាជាតិនានាមក ពួកគេនឹងហូតដាវបំផ្លាញស្នាដៃនៃប្រាជ្ញាដ៏វាងវៃរបស់អ្នក គេនឹងបន្ទាបបន្ថោក ព្រមទាំងបំផ្លាញភាពរុងរឿងរបស់អ្នកទៀតផង។ ពួកគេនឹងវាយទម្លាក់អ្នកទៅក្នុងរណ្ដៅ អ្នកនឹងត្រូវស្លាប់ ដោយគេចាក់ទម្លុះនៅកណ្ដាលសមុទ្រ។ នៅចំពោះមុខសត្រូវដែលប្រហារជីវិតអ្នក តើអ្នកនៅតែពោលថា “ខ្ញុំជាព្រះ” ទៀតបានឬ? ពេលអ្នកស្ថិតនៅក្នុងកណ្ដាប់ដៃរបស់ពេជ្ឈឃាត អ្នកនៅតែជាមនុស្សដដែល គឺមិនមែនជាព្រះទេ។ អ្នកនឹងត្រូវស្លាប់ដោយដៃជនបរទេស ដូចជនមិនស្គាល់ព្រះជាម្ចាស់ ដ្បិតយើងហើយដែលប្រកាសការនេះ» -នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
អេសេគាល 28:1-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់ខ្ញុំម្តងទៀតថា កូនមនុស្សអើយ ចូរប្រាប់ដល់ម្ចាស់ដ៏ធំនៃក្រុងទីរ៉ុសថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ ដោយព្រោះឯងកើតមានចិត្តធំ ហើយបានពោលថា អញជាព្រះ អញអង្គុយលើបល្ល័ង្ករបស់ព្រះនៅកណ្តាលសមុទ្រ ប៉ុន្តែ ឯងជាមនុស្សទេ មិនមែនជាព្រះឡើយ ទោះបើឯងបានតាំងចិត្តដូចជាព្រះហឫទ័យព្រះក៏ដោយ មើល ឯងមានប្រាជ្ញាលើសជាងដានីយ៉ែលទៅទៀត គ្មានការសំងាត់ណា ដែលលាក់កំបាំងនឹងឯងសោះ ឯងបានប្រមូលទ្រព្យសម្បត្តិ ហើយបានមាសប្រាក់ដាក់ក្នុងឃ្លាំង ដោយប្រាជ្ញា នឹងយោបល់របស់ឯង ឯងបានចំរើនទ្រព្យសម្បត្តិដោយសារប្រាជ្ញាដ៏ជ្រាលជ្រៅរបស់ឯង នឹងការជំនួញផង ហើយចិត្តឯងបានស្ទួយឡើង ដោយព្រោះទ្រព្យសម្បត្តិរបស់ឯង ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា ដោយព្រោះឯងបានតាំងចិត្ត ឲ្យបានដូចជាព្រះហឫទ័យនៃព្រះ នោះមើល អញនឹងនាំសាសន៍ដទៃ គឺជាពួកអ្នកគួរស្ញែងខ្លាច នៅកណ្តាលគ្រប់ទាំងសាសន៍ មកលើឯង គេនឹងហូតដាវទៅទាស់នឹងលំអនៃប្រាជ្ញារបស់ឯង ព្រមទាំងបង្អាប់រស្មីរបស់ឯងផង គេនឹងទំលាក់ឯងទៅក្នុងជង្ហុកធំ ហើយឯងនឹងត្រូវស្លាប់ដូចជាពួកអ្នកដែលត្រូវគេចាក់សំឡាប់ នៅកណ្តាលសមុទ្រ នៅគ្រានោះតើឯងនឹងនៅតែពោល នៅមុខអ្នកដែលសំឡាប់ឯង ថាអញជាព្រះ ទៀតឬអី ប៉ុន្តែនៅក្នុងកណ្តាប់ដៃនៃអ្នកដែលសំឡាប់ឯង នោះឯងជាមនុស្សទេ មិនមែនជាព្រះឡើយ ឯងនឹងត្រូវស្លាប់ ដូចជាពួកអ្នកមិនកាត់ស្បែកដែរ គឺដោយដៃនៃពួកសាសន៍ដទៃ ដ្បិតអញបានចេញវាចារួចហើយ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។