អេសេគាល 24:1-27
អេសេគាល 24:1-27 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លុះដល់ថ្ងៃដប់ ខែទីដប់ ឆ្នាំទីប្រាំបួន ព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ខ្ញុំថា៖ «កូនមនុស្សអើយ ចូរកត់ថ្ងៃនេះទុក ដ្បិតនៅថ្ងៃនេះហើយ ដែលស្តេចបាប៊ីឡូនបានចូលទៅឡោមព័ទ្ធក្រុងយេរូសាឡិម។ ចូរពោលពាក្យប្រៀបប្រដូច ដល់ពួកវង្សរឹងចចេសនោះ ហើយប្រាប់ថា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ ចូរដាក់ថ្លាងនៅលើភ្លើង ចូរដាក់ចុះ ហើយចាក់ទឹកផង ចូរប្រមូលដុំសាច់ គឺអស់ទាំងដុំល្អៗ និងភ្លៅ ហើយស្មាផង ទៅដាក់ក្នុងថ្លាងនោះដែរ ត្រូវឲ្យបំពេញដោយឆ្អឹងយ៉ាងសម្រាំង ត្រូវរើសយកចៀមយ៉ាងសម្រាំង បង្គរឧសនៅពីក្រោមថ្លាង ស្ងោរវាឲ្យឆ្អិនល្អ ហើយសូម្បីតែឆ្អឹងក្នុងថ្លាងក៏ត្រូវរម្ងាស់ឲ្យផុយដែរ។ ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា វេទនាដល់ទីក្រុងដែលប្រឡាក់ដោយឈាម គឺដល់ថ្លាងដែលជាប់មានក្អែល ដែលក្អែលនោះមិនបានដុសចេញ ចូរយកសាច់ចេញដោយដុំៗ ឥតបោះឆ្នោតឡើយ។ ដ្បិតឈាមដែលបានកម្ចាយនោះ ក៏នៅកណ្ដាលទីក្រុងនៅឡើយ វាបានដាក់ឈាមនោះនៅលើថ្មរលីង មិនបានចាក់ទៅលើដី ដើម្បីនឹងគ្របបាំងដោយធូលីដីទេ ជាការដែលបណ្ដាលឲ្យសេចក្ដីក្រោធ ឡើងមកសងសឹកនឹងវា ដូច្នេះ យើងបានដាក់ឈាមវាទៅលើថ្មរលីង ដើម្បីមិនឲ្យបានគ្របបាំងដែរ ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា វេទនាដល់ទីក្រុងដែលប្រឡាក់ដោយឈាម យើងនឹងបង្គរឧសឡើងយ៉ាងច្រើន ចូរគរឧសឡើងជាច្រើន ដុតភ្លើងឲ្យយ៉ាងក្តៅ ហើយស្ងោរសាច់ឲ្យឆ្អិន រួចបង់គ្រឿងគ្រៅ ហើយដុតឆ្អឹងទៅ បន្ទាប់នោះត្រូវឲ្យយកថ្លាងទទេ ដាក់លើរងើកភ្លើងឲ្យក្តៅ ហើយឲ្យលង្ហិនបានឆេះទៅ ដើម្បីឲ្យគ្រឿងស្មោកគ្រោកបានរលាយចេញ ហើយឲ្យក្អែលបានឆេះឲ្យសុស វាបាននឿយហត់ដោយការឥតប្រយោជន៍ ស្នឹមយ៉ាងក្រាស់របស់វាមិនចេះជ្រះឡើយ ត្រូវដុតចោលក្នុងភ្លើងទៅ! មានការអាស្រូវបារាយណ៍ នៅក្នុងសេចក្ដីស្មោកគ្រោករបស់អ្នក ដ្បិតយើងបានដុសជម្រះអ្នក តែអ្នកមិនបានស្អាតទេ ដូច្នេះ អ្នកនឹងមិនបានស្អាត ពីសេចក្ដីស្មោកគ្រោករបស់អ្នកទៀតឡើយ ដរាបដល់យើងឲ្យសេចក្ដីក្រោធរបស់យើង ចំពោះអ្នកបានសម្រាកវិញ។ យើងនេះ គឺយេហូវ៉ា បានចេញវាចាហើយ ការនេះនឹងកើតមក ហើយយើងនឹងធ្វើឲ្យសម្រេចជាពិត យើងមិនព្រមដកថយ ឬត្រាប្រណីឡើយ ក៏មិនដែលប្រែគំនិតដែរ គេនឹងជំនុំជម្រះអ្នកតាមផ្លូវដែលអ្នកប្រព្រឹត្ត និងអំពើដែលអ្នកបានធ្វើវិញ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា»។ ព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ខ្ញុំថា៖ «កូនមនុស្សអើយ យើងនឹងដកយករបស់ដែលត្រូវចំណុចភ្នែកពីអ្នកចេញ ដោយអាសន្នរោគ តែអ្នកមិនត្រូវសោយសោក ឬយំយែកឡើយ ក៏មិនត្រូវស្រក់ទឹកភ្នែកដែរ អ្នកដកដង្ហើមធំចុះ តែកុំឲ្យឮឲ្យសោះ កុំយំសោកនឹងខ្មោចស្លាប់ឡើយ ត្រូវរុំឈ្នួតជាប់នៅលើក្បាល ហើយពាក់ស្បែកជើង មិនត្រូវបិទបាំងបបូរមាត់អ្នក ឬបរិភោគអាហាររបស់អ្នកកាន់ទុក្ខឡើយ»។ ដូច្នេះ ខ្ញុំក៏និយាយដល់បណ្ដាជននៅព្រឹកនោះ ហើយដល់ល្ងាចប្រពន្ធខ្ញុំស្លាប់ទៅ រួចព្រឹកឡើងខ្ញុំបានធ្វើដូចជាព្រះអង្គបង្គាប់មក។ បណ្ដាជនទាំងប៉ុន្មានក៏សួរខ្ញុំថា សូមប្រាប់យើងពីការដែលអ្នកធ្វើទាំងនេះ តើមានន័យដូចម្តេចដល់យើង ខ្ញុំប្រាប់គេពីព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលបានមកដល់ខ្ញុំថា៖ «ចូរប្រាប់ដល់ពួកវង្សអ៊ីស្រាអែលថា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ មើល៍ យើងនឹងបង្អាប់ទីបរិសុទ្ធរបស់យើង និងសេចក្ដីអំនួតរបស់អំណាចអ្នករាល់គ្នា ហើយរបស់ដែលត្រូវចំណុចភ្នែកនៃអ្នក ព្រមទាំងសំណព្វចិត្តអ្នករាល់គ្នាផង ឯពួកកូនប្រុសកូនស្រីដែលអ្នកបានទុកចោលឯណោះ នោះនឹងត្រូវដួលស្លាប់ដោយដាវ គ្រានោះ អ្នករាល់គ្នានឹងធ្វើដូចជាខ្ញុំបានធ្វើនេះដែរ គឺអ្នករាល់គ្នានឹងមិនបិទបាំងបបូរមាត់ ឬបរិភោគអាហាររបស់អ្នកកាន់ទុក្ខទេ។ ឯសំពត់ឈ្នួតនឹងនៅជាប់លើក្បាល ហើយស្បែកជើងនៅជាប់នឹងជើងដែរ អ្នករាល់គ្នានឹងមិនសោយសោក ឬយំយែកឡើយ គឺនឹងរោយរៀវទៅក្នុងអំពើទុច្ចរិតរបស់ខ្លួន ហើយនឹងថ្ងូរប្រទល់មុខគ្នានឹងគ្នាវិញ អេសេគាលនឹងធ្វើជាទីសម្គាល់ ដល់អ្នករាល់គ្នាយ៉ាងនោះឯង អ្នករាល់គ្នានឹងធ្វើតាមគ្រប់ទាំងការដែលគាត់បានធ្វើនោះដែរ កាលណាការនេះកើតមក នោះអ្នករាល់គ្នានឹងដឹងថា យើងនេះជាព្រះអម្ចាស់យេហូវ៉ាពិត។ ឯអ្នក កូនមនុស្សអើយ នៅថ្ងៃដែលយើងដកយកទីមាំមួនពីគេចេញ ព្រមទាំងអំណរចំពោះសិរីល្អរបស់គេ និងអ្វីៗដែលគាប់ភ្នែក ហើយសំណព្វចិត្តរបស់គេ គឺទាំងកូនប្រុសកូនស្រីរបស់គេដែរ នៅថ្ងៃនោះ អ្នកណាដែលរត់រួចបាន គេនឹងមកឯអ្នក ដើម្បីនឹងប្រាប់ពីការនោះឲ្យអ្នកឮដោយត្រចៀក នៅថ្ងៃនោះ មាត់អ្នកនឹងបើកឡើងដល់អ្នកដែលរត់រួច អ្នកនឹងអាចនិយាយបាន មិននៅគទៀតឡើយ គឺយ៉ាងនោះ ដែលអ្នកនឹងធ្វើជាទីសម្គាល់ដល់គេ ហើយគេនឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត»។
អេសេគាល 24:1-27 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅឆ្នាំទីប្រាំបួន ខែទីដប់ ថ្ងៃទីដប់ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖ «កូនមនុស្សអើយ ចូរកត់ត្រាថ្ងៃនេះទុក ដ្បិតថ្ងៃនេះហើយដែលស្ដេចស្រុកបាប៊ីឡូនឡោមព័ទ្ធក្រុងយេរូសាឡឹម។ ចូរចោទប្រស្នាមួយដល់ពូជអ្នកបះបោរនេះថា ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ: ចូររៀបចំថ្លាងមួយដាក់នៅលើភ្លើង រួចចាក់ទឹកទៅក្នុងថ្លាងនោះ។ បន្ទាប់មក ចូរដាក់សាច់ទៅក្នុងថ្លាង គឺសាច់ល្អៗ សាច់ភ្លៅ សាច់ស្មា រួចដាក់ឆ្អឹងល្អៗបំពេញថ្លាងនោះដែរ។ ចូរយកសាច់ចៀមដ៏ល្អៗមក ហើយយកឆ្អឹងរបស់វាដាក់ពីក្រោម។ ចូរស្ងោរសាច់នៅក្នុងថ្លាងឲ្យផុយ សូម្បីតែឆ្អឹងក៏ត្រូវឲ្យឆ្អិនល្អដែរ។ ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ: ក្រុងដែលប្រឡាក់ទៅដោយឈាម មុខជាត្រូវវេទនាពុំខាន! ក្រុងនេះប្រៀបបាននឹងថ្លាងដុះស្នឹម ហើយស្នឹមនេះដុសមិនជ្រះទេ។ ចូរស្រង់ដុំសាច់ចេញបន្តបន្ទាប់គ្នា គ្មានដុំណាមួយនៅសល់ឡើយ។ នៅក្នុងក្រុង គេសម្លាប់គ្នា គេបង្ហូរឈាមនៅលើផ្ទាំងថ្ម គឺមិនទុកឲ្យឈាមនោះស្រោចលើដី ហើយយកដីលុបទេ។ ដូច្នេះ ដើម្បីសម្រេចតាមកំហឹង និងតាមការសងសឹករបស់យើង យើងនឹងទុកឈាមគេនៅលើផ្ទាំងថ្ម ឥតយកដីលុបឡើយ។ ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ: ក្រុងដែលប្រឡាក់ទៅដោយឈាម មុខជាត្រូវវេទនាពុំខាន! ដ្បិតយើងនឹងបង្កាត់ភ្លើងដ៏សន្ធោសន្ធៅដែរ។ ចូរយកអុសយ៉ាងច្រើនមកគរលើគ្នា! ចូរបង្កាត់ភ្លើង! ចូរចម្អិនសាច់! ចូរដាក់គ្រឿង ហើយដុតបន្សុសឆ្អឹងទៅ! បន្ទាប់មក ចូរដាក់ថ្លាងទទេលើភ្លើង ទុកឲ្យក្ដៅរហូតទាល់តែស្ពាន់ឡើងក្រហម អ្វីៗដែលកខ្វក់នៅក្នុងនោះ ត្រូវរលាយ រីឯស្នឹមក៏ត្រូវរលាយអស់ដែរ។ ទោះបីគេខំប្រឹងយ៉ាងណាក៏ដុសស្នឹមមិនជ្រះដែរ គឺមានតែភ្លើងទេដែលអាចជម្រះស្នឹមបាន! យេរូសាឡឹមអើយ នាងប្រឡាក់ដោយអំពើប្រាសចាកសីលធម៌។ ទោះបីយើងខំជម្រះនាងឲ្យបរិសុទ្ធក្ដី ក៏នាងនៅតែមិនបរិសុទ្ធដដែល។ ដូច្នេះ នាងនៅសៅហ្មង រហូតដល់យើងសម្រេចតាមកំហឹងរបស់យើងចប់សព្វគ្រប់។ យើងជាព្រះអម្ចាស់ យើងនិយាយយ៉ាងណា នឹងកើតមានយ៉ាងនោះ។ យើងសម្រេចតាមពាក្យរបស់យើង ឥតដូរគំនិតឡើយ។ យើងក៏មិនអាណិតអាសូរ ឬស្ដាយក្រោយដែរ។ នាងនឹងត្រូវទទួលទោសតាមកិរិយាមារយាទ និងអំពើទាំងឡាយដែលនាងបានប្រព្រឹត្ត»-នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖ «កូនមនុស្សអើយ! យើងនឹងដកជីវិតប្រពន្ធដ៏ជាទីគាប់ចិត្តរបស់អ្នក ក្នុងមួយប៉ប្រិចភ្នែក។ អ្នកមិនត្រូវកាន់ទុក្ខ មិនត្រូវសោកសង្រេង មិនត្រូវបង្ហូរទឹកភ្នែកឡើយ។ ចូរខ្សឹកខ្សួលយ៉ាងស្ងាត់ស្ងៀម តែកុំកាន់ទុក្ខឲ្យសោះ។ ត្រូវជួតក្បាល ពាក់ស្បែកជើងធ្វើដូចធម្មតា កុំបាំងមុខ ឬបរិភោគអាហារសម្រាប់អ្នកកាន់ទុក្ខឡើយ»។ នៅពេលព្រឹក ខ្ញុំនិយាយជាមួយប្រជាជន លុះដល់ពេលល្ងាច ប្រពន្ធខ្ញុំបាត់បង់ជីវិត។ ស្អែកឡើង ខ្ញុំធ្វើតាមព្រះបន្ទូលដែលព្រះអម្ចាស់បានបង្គាប់មកខ្ញុំ។ ប្រជាជនសួរខ្ញុំថា៖ «សូមពន្យល់ប្រាប់យើងខ្ញុំផង លោកធ្វើដូច្នេះមានន័យដូចម្ដេចសម្រាប់យើងខ្ញុំ?»។ ខ្ញុំឆ្លើយទៅគេវិញថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ: “ចូរប្រាប់ជនជាតិអ៊ីស្រាអែលថា ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ បន្តិចទៀត យើងនឹងបន្ទាបបន្ថោកទីសក្ការៈរបស់យើង ដែលជាទីអួតអាង ជាកម្លាំង ជាទីគាប់ចិត្ត និងជាទីសង្ឃឹមរបស់អ្នករាល់គ្នា។ កូនប្រុសកូនស្រីដែលអ្នករាល់គ្នាទុកនៅក្រុងយេរូសាឡឹម នឹងត្រូវស្លាប់ដោយមុខដាវ។ ពេលនោះ អ្នករាល់គ្នានឹងធ្វើដូចខ្ញុំធ្វើនេះដែរ គឺអ្នករាល់គ្នាមិនបាំងមុខ មិនបរិភោគអាហារសម្រាប់អ្នកកាន់ទុក្ខទេ។ អ្នករាល់គ្នានឹងជួតក្បាលពាក់ស្បែកជើងធ្វើដូចធម្មតា គឺអ្នករាល់គ្នាមិនកាន់ទុក្ខ ឬសោកសង្រេងឡើយ។ ប៉ុន្តែ អ្នករាល់គ្នាកាន់តែរីងរៃទៅៗ ព្រោះតែអំពើបាបរបស់ខ្លួន ហើយម្នាក់ៗស្រណោះស្រណោកគ្នាទៅវិញទៅមក។ អេសេគាលធ្វើដូច្នេះ ជាប្រផ្នូលសម្រាប់អ្នករាល់គ្នា។ អ្នករាល់គ្នានឹងធ្វើសព្វគ្រប់ទាំងអស់ដូចគាត់បានធ្វើដែរ។ ពេលហេតុការណ៍នោះកើតឡើង អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងជាព្រះជាអម្ចាស់មែន”។ កូនមនុស្សអើយ យើងនឹងដកទីសក្ការៈដែលជាកម្លាំង អំណរ ភាពរុងរឿង និងជាទីគាប់ចិត្ត ជាទីស្រឡាញ់របស់ពួកគេ យើងក៏នឹងដកកូនប្រុសកូនស្រីចេញពីពួកគេដែរ នៅថ្ងៃនោះ មានមនុស្សរត់នាំដំណឹងមកប្រាប់អ្នក នៅថ្ងៃនោះអ្នកនឹងលែងនៅស្ងៀមទៀតហើយ គឺអ្នកនឹងហាមាត់និយាយជាមួយមនុស្សដែលរត់មក។ អ្នកនឹងធ្វើជាប្រផ្នូលសម្រាប់ពួកគេ ហើយពួកគេនឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន»។
អេសេគាល 24:1-27 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
លុះដល់ថ្ងៃ១០ ខែបុស្ស ឆ្នាំទី៩ នោះព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់ខ្ញុំទៀតថា កូនមនុស្សអើយ ចូរកត់ថ្ងៃនេះទុក គឺថ្ងៃនេះឯង ដ្បិតនៅថ្ងៃនេះ ស្តេចបាប៊ីឡូនបានចូលទៅតនឹងក្រុងយេរូសាឡិមហើយ ចូរពោលពាក្យប្រៀបប្រដូច ដល់ពួកវង្សរឹងចចេសនោះ ហើយប្រាប់ថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ ចូរដាក់ថ្លាងនៅលើភ្លើង ចូរដាក់ចុះ ហើយចាក់ទឹកផង ចូរប្រមូលដុំសាច់ គឺអស់ទាំងដុំល្អៗ នឹងភ្លៅ ហើយស្មាផង ទៅដាក់ក្នុងថ្លាងនោះដែរ ត្រូវឲ្យបំពេញដោយឆ្អឹងយ៉ាងសំរាំង ត្រូវឲ្យរើសយកចៀមយ៉ាងសំរាំង ហើយដុតទាំងឆ្អឹងនៅពីក្រោម ត្រូវធ្វើឲ្យពុះយ៉ាងខ្លាំង ឲ្យឆ្អឹងនៅក្នុងថ្លាងនោះបានឆ្អិន។ ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា វេទនាដល់ទីក្រុងដែលប្រឡាក់ដោយឈាម គឺដល់ថ្លាងដែលជាប់មានក្អែល ដែលក្អែលនោះមិនបានដុសចេញ ចូរយកសាច់ចេញដោយដុំៗ ឥតបោះឆ្នោតសោះ ដ្បិតឈាមដែលបានកំចាយនោះ ក៏នៅកណ្តាលទីក្រុងនៅឡើយ វាបានដាក់ឈាមនោះនៅលើថ្មរលីង មិនបានចាក់ទៅលើដី ដើម្បីនឹងគ្របបាំងដោយធូលីដីទេ ជាការដែលបណ្តាលឲ្យសេចក្ដីក្រោធ ឡើងមកសងសឹកនឹងវា ដូច្នេះ អញបានដាក់ឈាមវាទៅលើថ្មរលីង ដើម្បីមិនឲ្យបានគ្របបាំងដែរ ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា វេទនាដល់ទីក្រុងដែលប្រឡាក់ដោយឈាម អញនឹងបង្គរឱសឡើងយ៉ាងច្រើន ចូរគរឱសឡើងជាច្រើន ដុតភ្លើងឲ្យយ៉ាងក្តៅ ហើយស្ងោរសាច់ឲ្យឆ្អិន រួចបង់គ្រឿងគ្រៅ ហើយដុតឆ្អឹងទៅ បន្ទាប់នោះ ត្រូវឲ្យយកថ្លាងទទេ ដាក់លើរងើកភ្លើងឲ្យក្តៅ ហើយឲ្យលង្ហិនបានឆេះទៅ ដើម្បីឲ្យគ្រឿងស្មោកគ្រោកបានរលាយចេញ ហើយឲ្យក្អែលបានឆេះឲ្យសុស វាបាននឿយហត់ដោយការឥតប្រយោជន៍ ប៉ុន្តែក្អែលយ៉ាងសំបើមរបស់វាមិនចេះបាត់ចេញទេ ត្រូវដុតក្នុងភ្លើងវិញ មានការអាស្រូវបារាយណ៍ នៅក្នុងសេចក្ដីស្មោកគ្រោករបស់ឯង ដ្បិតអញបានដុសជំរះឯង តែឯងមិនបានស្អាតទេ ដូច្នេះ ឯងនឹងមិនបានស្អាត ពីសេចក្ដីស្មោកគ្រោករបស់ឯងទៀតឡើយ ដរាបដល់អញឲ្យសេចក្ដីក្រោធរបស់អញចំពោះឯងបានសំរាកវិញ អញនេះ គឺយេហូវ៉ា បានចេញវាចាហើយ ការនេះនឹងកើតមក ហើយអញនឹងធ្វើឲ្យសំរេចជាពិត អញមិនព្រមដកថយ ឬត្រាប្រណីឡើយ ក៏មិនដែលប្រែគំនិតដែរ គេនឹងជំនុំជំរះឯងតាមផ្លូវដែលឯងប្រព្រឹត្ត នឹងអំពើដែលឯងបានធ្វើវិញ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។ ព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់ខ្ញុំថា កូនមនុស្សអើយ មើល អញនឹងដកយករបស់ដែលត្រូវចំណុចភ្នែកពីឯងចេញ ដោយអាសន្នរោគ តែមិនត្រូវឲ្យឯងសោយសោក ឬយំយែកឡើយ ក៏មិនត្រូវស្រក់ទឹកភ្នែកដែរ ឯងនឹងដកដង្ហើមធំចុះ តែកុំឲ្យឮឲ្យសោះ កុំឲ្យយំសោកនឹងខ្មោចស្លាប់ឡើយ ត្រូវឲ្យរុំឈ្នួតជាប់នៅលើក្បាល ហើយពាក់ស្បែកជើងវិញ មិនត្រូវឲ្យបិទបាំងបបូរមាត់ឯង ឬស៊ីអាហារធម្មតាទេ ដូច្នេះ ខ្ញុំក៏និយាយដល់បណ្តាជននៅព្រឹកនោះ ហើយដល់ល្ងាចប្រពន្ធខ្ញុំស្លាប់ទៅ រួចព្រឹកឡើងខ្ញុំបានធ្វើដូចជាទ្រង់បង្គាប់មក។ បណ្តាជនទាំងប៉ុន្មានក៏សួរខ្ញុំថា សូមប្រាប់យើងពីការដែលអ្នកធ្វើទាំងនេះ តើមានន័យដូចម្តេចដល់យើង នោះខ្ញុំប្រាប់គេពីព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលបានមកដល់ខ្ញុំថា ចូរប្រាប់ដល់ពួកវង្សអ៊ីស្រាអែលថា ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានបន្ទូលដូច្នេះ មើល អញនឹងបង្អាប់ទីបរិសុទ្ធរបស់អញ នឹងសេចក្ដីអំនួតរបស់អំណាចឯងរាល់គ្នា ហើយរបស់ដែលត្រូវចំណុចភ្នែកនៃឯង ព្រមទាំងសំណប់ចិត្តឯងរាល់គ្នាផង ឯពួកកូនប្រុសកូនស្រីដែលឯងបានទុកចោលឯណោះ នោះនឹងត្រូវដួលស្លាប់ដោយដាវ គ្រានោះ អ្នករាល់គ្នានឹងធ្វើដូចជាខ្ញុំបានធ្វើនេះដែរ គឺអ្នករាល់គ្នានឹងមិនបិទបាំងបបូរមាត់ ឬស៊ីអាហារធម្មតាទេ ឯសំពត់ឈ្នួតនឹងនៅជាប់លើក្បាល ហើយស្បែកជើងនៅជាប់នឹងជើងដែរ អ្នករាល់គ្នានឹងមិនសោយសោក ឬយំយែកឡើយ គឺនឹងរោយរៀវទៅក្នុងអំពើទុច្ចរិតរបស់ខ្លួន ហើយនឹងថ្ងូរប្រទល់មុខគ្នានឹងគ្នាវិញ អេសេគាលនឹងធ្វើជាទីសំគាល់ ដល់ឯងរាល់គ្នាយ៉ាងនោះឯង ឯងរាល់គ្នានឹងធ្វើតាមគ្រប់ទាំងការដែលគាត់បានធ្វើនោះដែរ កាលណាការនេះកើតមក នោះឯងរាល់គ្នានឹងដឹងថា អញនេះជាព្រះអម្ចាស់យេហូវ៉ាពិត។ ឯឯង កូនមនុស្សអើយ នៅថ្ងៃដែលអញនឹងដកយកទីពឹងពីគេចេញ ព្រមទាំងសេចក្ដីអំណរចំពោះសិរីល្អរបស់គេ នឹងអ្វីៗដែលត្រូវចំណុចភ្នែក ហើយសំណប់ចិត្តគេផង គឺកូនប្រុសកូនស្រីគេ នៅថ្ងៃនោះឯង អ្នកណាដែលរត់រួចបាន គេនឹងមកឯឯង ដើម្បីនឹងប្រាប់ពីការនោះឲ្យឯងឮដោយត្រចៀក នៅថ្ងៃនោះ មាត់ឯងនឹងបើកឡើងដល់អ្នកដែលរត់រួច ឯងនឹងអាចនិយាយបាន មិននៅគទៀតឡើយ គឺយ៉ាងនោះ ដែលឯងនឹងធ្វើជាទីសំគាល់ដល់គេ ហើយគេនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត។