អេសេគាល 21:1-31

អេសេគាល 21:1-31 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ ចូរ​តម្រង់​មុខ​អ្នក​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម ហើយ​ពោល​ទៅ​ខាង​ទី​បរិសុទ្ធ​ទាំង​ប៉ុន្មាន ត្រូវ​ឲ្យ​ថ្លែងទំនាយ​ទាស់​នឹង​ស្រុក​អ៊ីស្រា‌អែល​ចុះ ហើយ​ប្រាប់​ដល់​ស្រុក​អ៊ីស្រា‌អែល​ថា: ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ យើង​ទាស់​ទទឹង​នឹង​អ្នក យើង​នឹង​ហូត​ដាវ​របស់​យើង​ចេញ​ពី​ស្រោម ហើយ​កាត់​ទាំង​មនុស្ស​សុចរិត និង​មនុស្ស​ទុច្ចរិត​ចេញ​ពី​អ្នក​ផង។ ដូច្នេះ ដោយ​ព្រោះ​យើង​នឹង​កាត់​ទាំង​មនុស្ស​សុចរិត និង​មនុស្ស​ទុច្ចរិត​ចេញ​ពី​អ្នក នោះ​ដាវ​របស់​យើង​នឹង​ចេញ​ពី​ស្រោម ទៅ​ទាស់​នឹង​គ្រប់​ទាំង​មនុស្ស ចាប់​តាំង​ពី​ខាង​ត្បូង​រហូត​ដល់​ខាង​ជើង។ គ្រប់​គ្នា​នឹង​ដឹង​ថា យើង​គឺ​ព្រះ‌យេហូវ៉ា បាន​ហូត​ដាវ​របស់​យើង​ពី​ស្រោម​ចេញ​ហើយ ដាវ​នោះ​នឹង​មិន​បាន​ស៊ក​ចូល​ទៅ​វិញ​ឡើយ។ ដូច្នេះ ឱ​កូន​មនុស្ស​អើយ ចូរ​ដក​ដង្ហើម​ធំ​ចុះ អ្នក​នឹង​ត្រូវ​ដក​ដង្ហើម​ធំ​នៅ​ចំពោះ​មុខ​គេ ដោយ​ចុក​សៀត​ចង្កេះ ហើយ​មាន​ចិត្ត​ជូរ​ចត់។ កាល​ណា​គេ​សួរ​អ្នក​ថា ហេតុ​អ្វី​បាន​ជា​ដង្ហើម​ធំ​ដូច្នេះ? អ្នក​ត្រូវ​ប្រាប់​ថា គឺ​ដោយ​ព្រោះ​បាន​ឮ​ដំណឹង ពី​ព្រោះ​ការ​នោះ​កំពុង​តែ​មក ហើយ​ចិត្ត​មនុស្ស​ទាំង​អស់​នឹង​រលាយ​ទៅ ដៃ​ទាំង​អស់​នឹង​អន់​ខ្សោយ វិញ្ញាណ​ទាំង​អស់​នឹង​ស្រយុត​ចុះ ហើយ​ក្បាល​ជង្គង់​ទាំង​ប៉ុន្មាន​នឹង​ទន់​ដូច​ជា​ទឹក ការ​នោះ​កំពុង​តែ​មក​ហើយ ក៏​នឹង​បាន​សម្រេច នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់‌យេហូវ៉ា»។ ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ ចូរ​ថ្លែងទំនាយ​ប្រាប់​ថា ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ ចូរ​ថា ន៏ មាន​ដាវ​ហើយ ជា​ដាវ​ដែល​បាន​សំលៀង​ជា​ស្រេច ហើយ​ខាត់​ឲ្យ​ភ្លឺ​ផ្លេក​ផង គេ​សំលៀង​ដើម្បី​សម្លេះ ក៏​ខាត់​ដើម្បី​ឲ្យ​ភ្លឺ​ដូច​ផ្លេក‌បន្ទោរ តើ​ឲ្យ​យើង​អរ​សប្បាយ​ម្ដេច​បាន? អ្នក​បាន​មើល​ងាយ​ដំបង និង​អស់​ទាំង​ការប្រៀន​ប្រដៅ​ផង។ ដាវ​នោះ​បាន​ប្រគល់​ឲ្យ​គេ​ខាត់ ដើម្បីឲ្យ​បាន​កាន់​នៅ​ដៃ។ ដាវ​នោះ​បាន​សំលៀង​ហើយ ហើយ​ក៏​បាន​ខាត់​ឲ្យ​ភ្លឺ​ដែរ ដើម្បី​ដាក់​នៅ​ដៃ​អ្នក​ដែល​កាប់​សម្លាប់។ កូន​មនុស្ស​អើយ ចូរ​ស្រែក ហើយ​ទ្រហោ‌យំ​ចុះ ពី​ព្រោះ​ដាវ​នោះ​បាន​មក​លើ​ប្រជា‌រាស្ត្រ​របស់​យើង ក៏​មក​លើ​ពួក​ចៅ‌ហ្វាយ​ទាំង​ប៉ុន្មាន នៃ​សាសន៍​អ៊ីស្រា‌អែល​ដែរ គេ​ត្រូវ​ប្រគល់​ដល់​ដាវ​ជា‌មួយ​ប្រជា‌រាស្ត្រ​យើង ដូច្នេះ ចូរ​ទះ​ភ្លៅ​អ្នក​ចុះ។ ដ្បិត​ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា មាន​ការ​ល្បង‌ល​ហើយ ដូច្នេះ បើ​ទាំង​ដំបង​ដែល​មើល‌ងាយ​មិន​នៅ​ទៀត នោះ​ធ្វើ​ដូច​ម្តេច? ហេតុ​នោះ កូន​មនុស្ស​អើយ ចូរ​អ្នក​ថ្លែងទំនាយ​ចុះ ហើយ​ទះ​ដៃ​ផង នោះ​ត្រូវ​ឲ្យ​ដាវ​បាន​កាប់​ដល់​ពីរ​ដង ហើយ​បី​ដង​ទៅ គឺ​ដាវ​នោះ​ដែល​កាប់​សម្លាប់ ជា​ដាវ​ដែល​ធ្វើ​ឲ្យ​ទាំង​ពួក​អ្នក​ធំ​ត្រូវ​របួស ហើយ​ក៏​ចាក់​ចូល​ទៅ​ក្នុង​បន្ទប់​ដេក​របស់​គេ​ដែរ។ យើង​បានដាក់​ដាវ ដែល​ផ្គង​ចាំ​នៅ​មាត់​ទ្វារ​ទាំង​ប៉ុន្មាន​នៃ​ទី​ក្រុង​គេ ដើម្បី​ឲ្យ​ចិត្ត​គេ​រលាយ​ទៅ ហើយ​ឲ្យ​គេ​ចំពប់​ដួល​កាន់​តែ​ច្រើន​ឡើង ដាវ​នោះ​បាន​ធ្វើ​ឲ្យ​ដូច​ជា​ផ្លេក‌បន្ទោរ ក៏​បាន​សំលៀង​សម្រាប់​កាប់​សម្លេះ។ ចូរ​មូល​គ្នា ចូរ​ទៅ​ខាង​ស្តាំ ចូរ​តម្រៀប​គ្នា ចូរ​ទៅ​ខាង​ឆ្វេង ខាង​ណា​ក៏​ដោយ​ដែល​អ្នក​តម្រង់​មុខ​ទៅ។ យើង​នឹង​ទះ​ដៃ​ដែរ នឹង​ធ្វើ​ឲ្យ​សេចក្ដី​ក្រោធ​របស់​យើង​សម្រាក​ទៅ​វិញ គឺ​យើង ជា​ព្រះ‌យេហូវ៉ា​នេះ យើង​បាន​ចេញ​វាចា​ហើយ»។ ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្ញុំ​ម្តង​ទៀត​ថា៖ «កូន​មនុស្ស​អើយ ចូរ​អ្នក​តម្រូវ​ឲ្យ​មាន​ផ្លូវ​ពីរ ដែល​ដាវ​របស់​ស្តេច​បាប៊ីឡូន​នឹង​មក​បាន ផ្លូវ​ទាំង​ពីរ​នោះ​ត្រូវ​ចេញ​ពី​ស្រុក​តែ​មួយ ត្រូវ​ធ្វើ​ជា​ដៃ​ចង្អុល​ដាក់​នៅ​ត្រង់​ដើម​ផ្លូវ​ចូល​ទៅ​ក្នុង​ទី​ក្រុង។ ចូរ​អ្នក​តម្រូវ​ឲ្យ​មាន​ផ្លូវ​មួយ សម្រាប់​ឲ្យ​ដាវ​បាន​ទៅ​ដល់​ក្រុង​រ៉ាបាត នៃ​ពួក​កូន​ចៅ​អាំម៉ូន និង​មួយ​ទៀត​ចូល​ទៅ​ក្រុង​ស្រុក​យូដា ដល់​ក្រុង​យេរូ‌សាឡិម ជា​ទី​ក្រុង​មាំ‌មួន។ ដ្បិត​ស្តេច​បាប៊ីឡូន​បាន​ឈរ​ត្រង់​ផ្លូវ​បែក គឺ​នៅ​ត្រង់​ដើម​ផ្លូវ​ទាំង​ពីរ​នោះ ដើម្បី​នឹង​ប្រើ​របៀន ក៏​អង្រួន​ព្រួញ សួរ​ដល់​ថេរ៉ាភីម ហើយ​មើល​ទំនាយ​ក្នុង​ថ្លើម។ ឯ​ឆ្នោត​ដែល​កាន់​នៅ​ដៃ​ស្តាំ បាន​សំដៅ​ទៅ​ក្រុង​យេរូ‌សាឡិម ដើម្បី​រៀប​គ្រឿង​បុក​ទម្លាយ​កំផែង ឲ្យ​បាន​ចន្លោះ​ចំហ​ចូល​ទៅ​ដល់​ការ​កាប់​សម្លាប់ និង​បន្លឺ​សំឡេង​ហ៊ោ ហើយ​តាំង​គ្រឿង​សម្រាប់​ទម្លាយ​ទ្វារ​កំផែង ព្រម​ទាំង​ជីក​ស្នាម​ភ្លោះ ហើយ​សង់​បន្ទាយ។ ប៉ុន្តែ សាសន៍​របស់​អ្នក​នឹង​មើល​សេចក្ដី​ទំនាយ​នោះ ទុក​ជា​ភូត‌ភរ​ទេ ដ្បិត​គេ​បាន​តាំង​សម្បថ​នឹង​អ្នក​ដទៃ​ហើយ ស្តេច​នោះ​នឹង​រំឭក​ពី​អំពើ​ទុច្ចរិត​វិញ ដើម្បី​នឹង​ចាប់​យក​គេ។ ហេតុ​នោះ ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ ដោយ​ព្រោះ​អ្នក​រាល់​គ្នា​បាន​រឭក​ពី​អំពើ​ទុច្ចរិត​របស់​ខ្លួន ដោយ​បើក​អំពើ​រំលង​របស់​ខ្លួន​ឲ្យ​ឃើញ ហើយ​អំពើ​បាប​របស់​ខ្លួន​ក៏​បាន​ឃើញ​ច្បាស់ ក្នុង​គ្រប់​ការ​ដែល​អ្នក​ធ្វើ បាន​ជា​អ្នក​នឹង​ត្រូវ​ដៃ​គេ​ចាប់​បាន។ ឯ​អ្នក ឱ​ចៅ‌ហ្វាយ​ដ៏​សៅ‌ហ្មង ហើយ​កំណាច​របស់​អ៊ីស្រា‌អែល​អើយ ថ្ងៃ​របស់​អ្នក​បាន​មក​ដល់ ក្នុង​គ្រា​នៃ​អំពើ​ទុច្ចរិត​នៅ​ចុង​បំផុត ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ ចូរ​ដោះ​ក្បាំង ដោះ​មកុដ​ចេញ នេះ​មិន​ដូច​ធម្មតា​ទេ ចូរ​លើក​អ្វី​ដែល​ទាប​ថោក ហើយ​បន្ទាប​អ្វី​ដែល​ខ្ពង់‌ខ្ពស់​ចុះ។ ការ​ហិន​វិនាសអន្តរាយ យើង​នឹង​ធ្វើ​ឲ្យ​ក្រុង​នេះ​វិនាស ការ​នេះ​មិន​គួរទេ ប៉ុន្តែ រហូត​ដល់​អ្នក​នោះ​មក ដែល​មាន​សិទ្ធិ​ទទួល យើង​នឹង​ប្រគល់​អំណាចដល់​អ្នក​នោះ។ ឯ​អ្នក កូន​មនុស្ស​អើយ ចូរ​ថ្លែងទំនាយ​ប្រាប់​ថា ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ ពី​ដំណើរ​ពួក​កូន​ចៅ​អាំម៉ូន ហើយ​ពី​ពាក្យ​ត្មះ‌តិះ‌ដៀល​របស់​គេ ចូរ​ប្រាប់​ថា មាន​ដាវ មាន​ដាវ​ដក​ជា​ស្រេច ដាវ​នោះ​បាន​ខាត់​ភ្លឺ​សម្រាប់​ការ​សម្លេះ​យ៉ាង​សន្ធឹក ដើម្បី​បំផ្លាញ​ឲ្យ​អស់ ហើយ​ឲ្យ​បាន​ចាំង​ពន្លឺ​ដូច​ផ្លេក‌បន្ទោរ។ ក្នុង​ពេល​ដែល​គេ​កំពុង​ឃើញ​និមិត្ត​កំភូត​សម្រាប់​អ្នក ហើយ​កំពុង​ដែល​គេ​ថ្លែងទំនាយ​សេចក្ដី​កុហក​ដល់​អ្នក​នោះ ដើម្បី​ឲ្យ​អ្នក​បាន​ដួល​ទៅ​លើក​ពួក​មនុស្ស​អាក្រក់ ដែល​ត្រូវ​របួស​ដល់​ស្លាប់ ជា​ពួក​អ្នក​ដែល​ថ្ងៃ​បាន​មក​ដល់ ក្នុង​គ្រា​នៃ​អំពើ​ទុច្ចរិត​នៅ​ចុង​បំផុត។ ចូរ​ស៊ក​ដាវ​ទៅ​ក្នុង​ស្រោម​វិញ យើង​នឹង​វិនិច្ឆ័យ​អ្នក នៅ​ត្រង់​កន្លែង​ដែល​បាន​បង្កើត​អ្នក​មក គឺ​នៅ​ក្នុង​ស្រុក​កំណើត​របស់​អ្នក។ យើង​នឹង​ចាក់​សេចក្ដី​គ្នាន់‌ក្នាញ់​របស់​យើង​ទៅ​លើ​អ្នក ហើយ​នឹង​ផ្លុំ​លើ​អ្នក​ដោយ​ភ្លើង​នៃ​សេចក្ដី​ក្រោធ​របស់​យើង ក៏​ប្រគល់​អ្នក​ទៅ​ក្នុង​កណ្ដាប់​ដៃ​មនុស្ស​កំរោល ដែល​ប្រសប់​បំផ្លាញ។

ចែក​រំលែក
អាន អេសេគាល 21

អេសេគាល 21:1-31 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ ចូរ​បែរ​មុខ​ទៅ​រក​ក្រុង​យេរូ‌សាឡឹម ហើយ​ប្រកាស​ប្រឆាំង​នឹង​កន្លែង​សក្ការៈ​ទាំង‌ឡាយ ចូរ​ថ្លែង​ពាក្យ​ក្នុង​នាម​យើង​ប្រឆាំង​នឹង​ទឹក​ដី​អ៊ីស្រា‌អែល! ចូរ​ប្រាប់​ទឹក​ដី​អ៊ីស្រា‌អែល​ថា ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: យើង​ប្រឆាំង​នឹង​អ្នក​ហើយ! យើង​នឹង​ដក​ដាវ​ចេញ​ពី​ស្រោម​ប្រហារ​ជីវិត​ប្រជា‌ជន​របស់​អ្នក ទាំង​មនុស្ស​សុចរិត ទាំង​មនុស្ស​ទុច្ចរិត។ ដាវ​របស់​យើង​នឹង​ចេញ​ពី​ស្រោម​ប្រហារ​ជីវិត​មនុស្ស​លោក​ទាំង​អស់ តាំង​ពី​ទិស​ខាង​ត្បូង​រហូត​ដល់​ទិស​ខាង​ជើង ដ្បិត​យើង​ចង់​ដក​ជីវិត​ទាំង​មនុស្ស​សុចរិត ទាំង​មនុស្ស​ទុច្ចរិត។ ពេល​នោះ មនុស្ស​លោក​ទាំង​អស់​នឹង​ទទួល​ស្គាល់​ថា គឺ​យើង​ជា​ព្រះ‌អម្ចាស់ ដែល​បាន​ដក​ដាវ​ចេញ​ពី​ស្រោម ហើយ​ដាវ​នេះ​នឹង​មិន​ចូល​ទៅ​ក្នុង​ស្រោម​វិញ​ឡើយ។ កូន​មនុស្ស​អើយ ចូរ​ស្រែក​ថ្ងូរ ទាំង​ឈឺ​ចាប់​ខ្លោច‌ផ្សា ចូរ​ស្រែក​ថ្ងូរ​នៅ​ចំពោះ​មុខ​ពួក​គេ។ ពេល​ពួក​គេ​សួរ​អ្នក​ថា ហេតុ​អ្វី​បាន​ជា​លោក​ស្រែក​ថ្ងូរ​ដូច្នេះ? ត្រូវ​ឆ្លើយ​ទៅ​ពួក​គេ​វិញ​ថា: ខ្ញុំ​ស្រែក​ថ្ងូរ ព្រោះ​ខ្ញុំ​បាន​ទទួល​ដំណឹង​មួយ មនុស្ស​ទាំង​អស់​នឹង​ភ័យ​ស្លន់‌ស្លោ គេ​បាក់​ទឹក​ចិត្ត ហើយ​ទន់​ដៃ​ទន់​ជើង​ទាំង​អស់​គ្នា ដ្បិត​ហេតុ‌ការណ៍​នោះ​មក​ដល់​ហើយ» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖ កូន​មនុស្ស​អើយ ចូរ​ថ្លែង​ពាក្យ​ក្នុង​នាម​យើង! ចូរ​ពោល​ថា ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: មើល​នែ៎ ដាវ! គឺ​ដាវ​ដែល​គេ​សំលៀង និង​ខាត់​យ៉ាង​រលោង។ គេ​សំលៀង​ដាវ​នេះ សម្រាប់​ប្រហារ​ជីវិត គេ​ខាត់​វា​យ៉ាង​រលោង ចាំង​ដូច​ផ្លេក​បន្ទោរ។ គេ​ខាត់​ដាវ​យ៉ាង​រលោង​ដូច្នេះ ដើម្បី​ប្រុង​ប្រៀប​ប្រហារ។ ដាវ​នេះ​ត្រូវ​បាន​សំលៀង និង​ខាត់​យ៉ាង​រលោង សម្រាប់​ឲ្យ​ពេជ្ឈ‌ឃាត​ប្រើ‌ប្រាស់ កូន​មនុស្ស​អើយ ចូរ​ស្រែក​ទ្រហោ​យំ​ទៅ! ដ្បិត​គេ​ដក​ដាវ​នោះ សម្រាប់​ប្រហារ​ប្រជា‌ជន​របស់​យើង និង​មេ​ដឹក​នាំ​ទាំង​អស់​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល។ ពួក​គេ​នឹង​ត្រូវ​ស្លាប់​ជា​មួយ​ប្រជា‌ជន​របស់​យើង ដូច្នេះ ចូរ​គក់​ទ្រូង​ទៅ! ប្រជា‌ជន​របស់​យើង ត្រូវ​រង​ទុក្ខ​វេទនា​ជា​ពុំ‌ខាន ប្រសិន​បើ​អំណាច​ត្រូវ​រលាយ​បាត់​ទៅ​ហើយ នោះ​តើ​នៅ​សល់​អ្វី​ទៀត? - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។ «កូន​មនុស្ស​អើយ ចូរ​ថ្លែង​ពាក្យ​ក្នុង​នាម​យើង​ចុះ! ចូរ​ទះ​ដៃ​ជា​សញ្ញា​ប្រកាស​ថា សត្រូវ​នឹង​លើក​ដាវ​កាប់​ផ្ទួនៗ​គ្នា​ពីរ​បី​ដង ដាវ​នេះ​ជា​ដាវ​ប្រល័យ​ជីវិត ដាវ​សម្លាប់​រង្គាល និង​ដេញ​តាម​ពី​ក្រោយ​ប្រជា‌ជន​របស់​យើង ធ្វើ​ឲ្យ​ពួក​គេ​បាក់​ទឹក​ចិត្ត ហើយ​ដួល​ស្លាប់​បន្ត​បន្ទាប់​គ្នា។ យើង​ដាក់​ដាវ​នេះ​នៅ​មាត់​ទ្វារ​ផ្ទះ​ទាំង​អស់ ដើម្បី​សម្លាប់​ពួក​គេ។ ដាវ​នេះ​ភ្លឺ​រលោង ចាំង​ដូច​ផ្លេក​បន្ទោរ សម្រាប់​សម្លាប់​រង្គាល​ពួក​គេ។ ដាវ​អើយ ចូរ​ប្រើ​មុខ​ដ៏​មុត​របស់​ឯង! ចូរ​វាត់​ទៅ​ខាង​ស្ដាំ វាត់​ទៅ​ខាង​ឆ្វេង! តម្រង់​ទៅ​គ្រប់​ទិស‌ទី! ចំណែក​ឯ​យើង​វិញ យើង​ក៏​នឹង​ទះ​ដៃ​ដែរ រហូត​ទាល់​តែ​ស្ងប់​កំហឹង​របស់​យើង នេះ​ជា​ពាក្យ​របស់​យើង ដែល​ជា​ព្រះ‌អម្ចាស់»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖ «កូន​មនុស្ស​អើយ ចូរ​គូរ​ផ្លូវ​ពីរ​សម្រាប់​ដាវ​របស់​ស្ដេច​ស្រុក​បាប៊ី‌ឡូន ផ្លូវ​ទាំង​ពីរ​នេះ​ចេញ​ពី​ស្រុក​តែ​មួយ។ ចូរ​ដាក់​សញ្ញា​សម្គាល់​នៅ​មាត់​ផ្លូវ ដែល​នាំ​ទៅ​កាន់​ទីក្រុង​នីមួយៗ។ ចូរ​គូរ​ផ្លូវ​មួយ នាំ​មុខ​ដាវ​ឆ្ពោះ​ទៅ​ក្រុង​រ៉ាបាត ក្នុង​ស្រុក​អាំម៉ូន និង​មួយ​ទៀត​នាំ​ទៅ​ក្រុង​យេរូ‌សាឡឹម ក្នុង​ស្រុក​យូដា ជា​ក្រុង​ដែល​មាន​កំពែង​រឹង‌មាំ។ ពេល​ស្ដេច​ស្រុក​បាប៊ី‌ឡូន​មក​ដល់​ត្រង់​ផ្លូវ​បំបែក ហើយ​គន់‌គូរ​ចង់​ដឹង​ផ្លូវ​ដែល​ត្រូវ​ទៅ ដោយ​អង្រួន​ព្រួញ​ផ្សង និង​សួរ​គ្រូ។ ដៃ​ស្ដាំ​របស់​ស្ដេច​ចាប់​ប៉ះ​ចំ​លើ​ព្រួញ​តំណាង​ក្រុង​យេរូ‌សាឡឹម ស្ដេច​ក៏​បញ្ជា​ឲ្យ​គេ​រៀបចំ​ទ័ព ចូល​ទៅ​សម្លាប់​រង្គាល ទាំង​ស្រែក​ហ៊ោ។ គេ​តម្រៀប​គ្រឿង​សស្ត្រា‌វុធ ដើម្បី​ទម្លុះ​ទ្វារ​ក្រុង គេ​លើក​ទួល​សម្រាប់​វាយ​លុក ព្រម​ទាំង​សង់​លេណ‌ដ្ឋាន​ទៀត​ផង។ ប្រជា‌ជន​ក្រុង​យេរូ‌សាឡឹម​មិន​ចង់​ជឿ​ប្រផ្នូល​នេះ​ទេ ព្រោះ​ពួក​គេ​ពឹង​ផ្អែក​លើ​កិច្ច​សន្យា។ ប៉ុន្តែ ស្ដេច​ស្រុក​បាប៊ី‌ឡូន​រំឭក​ពួក​គេ​អំពី​កំហុស​របស់​ខ្លួន ហើយ​កៀរ​ពួក​គេ​ទៅ​ជា​ឈ្លើយ​សឹក»។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​រាល់​គ្នា​នឹក​ឃើញ​កំហុស​របស់​ខ្លួន ហើយ​នៅ​តែ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត និង​អំពើ​បាប​ក្នុង​គ្រប់​កិច្ចការ​ដែល​អ្នក​រាល់​គ្នា​ធ្វើ អ្នក​រាល់​គ្នា​មុខ​ជា​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​សត្រូវ​មិន​ខាន។ ចំណែក​ឯ​អ្នក​ដែល​ជា​មេ​ដឹក​នាំ​ពាល និង​ទុច្ចរិត​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​វិញ ថ្ងៃ​ដែល​អ្នក​ត្រូវ​ទទួល​ទោស​មក​ដល់​ហើយ ពេល​នោះ អ្នក​លែង​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ទៀត!»។ ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «គេ​នឹង​យក​ឈ្នួត​ចេញ​ពី​ក្បាល​អ្នក គេ​នឹង​ដក​មកុដ​រាជ្យ​ចេញ​ពី​អ្នក។ សភាព‌ការណ៍​នឹង​ផ្លាស់​ប្រែ គឺ​មនុស្ស​ទន់‌ទាប​នឹង​ត្រូវ​គេ​លើក​តម្កើង រីឯ​អ្នក​ខ្ពង់‌ខ្ពស់​នឹង​ត្រូវ​គេ​បន្ទាប​ចុះ​វិញ។ ការ​វិនាស​នឹង​កើត​មាន​ផ្ទួនៗ​គ្នា គឺ​យើង​នឹង​ធ្វើ​ឲ្យ​ក្រុង​នេះ​វិនាស។ ប៉ុន្តែ មិន​មែន​មុន​ការ​មក​ដល់​របស់​អ្នក ដែល​យើង​ប្រគល់​អំណាច​ឲ្យ​ដាក់​ទោស​ក្រុង​នេះ​ឡើយ។ កូន​មនុស្ស​អើយ ចូរ​ថ្លែង​ពាក្យ​ក្នុង​នាម​យើង​ទៅ! ចូរ​ពោល​ថា ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ស្ដី​អំពី​ជន‌ជាតិ​អាំម៉ូន ដែល​បាន​ប្រមាថ​ជន‌ជាតិ​អ៊ីស្រា‌អែល​ដូច​ត​ទៅ: “ដាវ! ដាវ​ដក​ចេញ​ពី​ស្រោម ហើយ​ខាត់​យ៉ាង​រលោង ចាំង​ពន្លឺ​ដូច​ផ្លេក​បន្ទោរ សម្រាប់​សម្លាប់​រង្គាល និង​ផ្ដាច់​ជីវិត។ ពេល​អ្នក​អះ‌អាង​លើ​និមិត្ត‌ហេតុ​បោក​ប្រាស់ និង​ការ​ទស្សន៍‌ទាយ​បោក​បញ្ឆោត គេ​នឹង​ត្រៀម​ដាវ​កាត់​ក​អ្នក​ដែល​ជា​មនុស្ស​ទុច្ចរិត និង​ជា​មនុស្ស​អាក្រក់ ព្រោះ​ថ្ងៃ​ដែល​អ្នក​ត្រូវ​ទទួល​ទោស​មក​ដល់​ហើយ ពេល​នោះ អ្នក​លែង​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ទៀត!។ ចូរ​ស៊ក​ដាវ​ក្នុង​ស្រោម​វិញ​ទៅ។ យើង​នឹង​វិនិច្ឆ័យ​ទោស​អ្នក នៅ​កន្លែង​ដែល​អ្នក​កើត គឺ​ស្រុក​កំណើត​របស់​អ្នក។ យើង​នឹង​ជះ​កំហឹង​របស់​យើង​លើ​អ្នក យើង​នឹង​ផ្លុំ​ភ្លើង​នៃ​កំហឹង​របស់​យើង​ទៅ​លើ​អ្នក ហើយ​ប្រគល់​អ្នក​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​មនុស្ស​កំរោល ដែល​ប៉ិន‌ប្រសប់​ខាង​បំផ្លាញ។

ចែក​រំលែក
អាន អេសេគាល 21

អេសេគាល 21:1-31 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រួច​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា បាន​មក​ដល់​ខ្ញុំ​ថា កូន​មនុស្ស​អើយ ចូរ​ដំរង់​មុខ​ឯង​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម ហើយ​ពោល​ទៅ​ខាង​ទី​បរិសុទ្ធ​ទាំង​ប៉ុន្មាន ត្រូវ​ឲ្យ​ទាយ​ទាស់​នឹង​ស្រុក​អ៊ីស្រាអែល​ចុះ ហើយ​ប្រាប់​ដល់​ស្រុក​អ៊ីស្រាអែល​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ មើល អញ​ទាស់​ទទឹង​នឹង​ឯង អញ​នឹង​ហូត​ដាវ​របស់​អញ​ចេញ​ពី​ស្រោម ហើយ​នឹង​កាត់​ទាំង​មនុស្ស​សុចរិត នឹង​មនុស្ស​ទុច្ចរិត​ចេញ​ពី​ឯង​ផង ដូច្នេះ ដោយ​ព្រោះ​អញ​នឹង​កាត់​ទាំង​មនុស្ស​សុចរិត នឹង​មនុស្ស​ទុច្ចរិត​ចេញ​ពី​ឯង នោះ​ដាវ​របស់​អញ​នឹង​ចេញ​ពី​ស្រោម ទៅ​ទាស់​នឹង​គ្រប់​ទាំង​មនុស្ស ចាប់​តាំង​ពី​ខាង​ត្បូង​រហូត​ដល់​ខាង​ជើង នោះ​គ្រប់​ទាំង​មនុស្ស​នឹង​ដឹង​ថា អញ គឺ​ព្រះ‌យេហូវ៉ា បាន​ហូត​ដាវ​របស់​អញ​ពី​ស្រោម​ចេញ​ហើយ ដាវ​នោះ​នឹង​មិន​បាន​ស៊ក​ចូល​ទៅ​វិញ​ទៀត​ឡើយ ដូច្នេះ ឱ​កូន​មនុស្ស​អើយ ចូរ​ដក​ដង្ហើម​ធំ​ចុះ ឯង​នឹង​ត្រូវ​ដក​ដង្ហើម​ធំ​នៅ​ចំពោះ​ភ្នែក​គេ ដោយ​ចុក​សៀត​ចង្កេះ ហើយ​មាន​ចិត្ត​ជូរ​ចត់ រួច​កាល​ណា​គេ​សួរ​ឯង​ថា ហេតុ​អ្វី​បាន​ជា​ដង្ហើម​ធំ​ដូច្នេះ នោះ​ត្រូវ​ឲ្យ​ឯង​ប្រាប់​ថា គឺ​ដោយ​ព្រោះ​បាន​ឮ​ដំណឹង ពី​ព្រោះ​ការ​នោះ​កំពុង​តែ​មក ហើយ​ចិត្ត​មនុស្ស​ទាំង​អស់​នឹង​រលាយ​ទៅ ដៃ​ទាំង​អស់​នឹង​អន់​ខ្សោយ វិញ្ញាណ​ទាំង​អស់​នឹង​ស្រយុត​ចុះ ហើយ​ក្បាល​ជង្គង់​ទាំង​ប៉ុន្មាន​នឹង​ទន់​ដូច​ជា​ទឹក មើល ការ​នោះ​កំពុង​តែ​មក​ហើយ ក៏​នឹង​បាន​សំរេច​ផង នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា។ ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ក៏​មក​ដល់​ខ្ញុំ​ថា កូន​មនុស្ស​អើយ ចូរ​ទាយ​ប្រាប់​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ ចូរ​ថា ន៏ មាន​ដាវ​ហើយ ជា​ដាវ​ដែល​បាន​សំលៀង​ជា​ស្រេច ហើយ​ខាត់​ឲ្យ​ភ្លឺ​ផ្លេក​ផង ដាវ​នោះ​បាន​សំលៀង ដើម្បី​នឹង​សំឡេះ​យ៉ាង​សន្ធឹក ក៏​បាន​ខាត់​ឲ្យ​ភ្លឺ ដើម្បី​ឲ្យ​បាន​ដូច​ផ្លេក‌បន្ទោរ ដូច្នេះ តើ​គួរ​ឲ្យ​យើង​លេង​សប្បាយ​ឬ​អី ដំបង​ដែល​វាយ​កូន​អញ នោះ​មើល‌ងាយ​គ្រប់​ទាំង​ឈើ​ផង ដាវ​នោះ​បាន​ប្រគល់​ដល់​គេ​ឲ្យ​ខាត់​ឲ្យ​ភ្លឺ ដើម្បី​នឹង​ដាក់​នៅ​ដៃ​នៃ​អ្នក​ដែល​កាប់​សំឡាប់ ដាវ​នោះ​បាន​សំលៀង​ហើយ អើ ក៏​ខាត់​ឲ្យ​ភ្លឺ​ផង ដើម្បី​នឹង​ដាក់​នៅ​ដៃ​នៃ​គេ កូន​មនុស្ស​អើយ ចូរ​ស្រែក ហើយ​ទ្រហោ‌យំ​ចុះ ពី​ព្រោះ​ដាវ​នោះ​បាន​មក​លើ​រាស្ត្រ​របស់​អញ ក៏​មក​លើ​ពួក​ចៅហ្វាយ​ទាំង​ប៉ុន្មាន នៃ​សាសន៍​អ៊ីស្រាអែល​ដែរ គេ​ត្រូវ​ប្រគល់​ដល់​ដាវ​ជា​មួយ​នឹង​រាស្ត្រ​អញ ដូច្នេះ ចូរ​ទះ​ភ្លៅ​ឯង​ចុះ ដ្បិត​ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា មាន​ការ​ល្បង‌ល​ហើយ ដូច្នេះ បើ​ទាំង​ដំបង​ដែល​មើល‌ងាយ​មិន​នៅ​ទៀត នោះ​ធ្វើ​ដូច​ម្តេច​ទៅ ហេតុ​នោះកូន​មនុស្ស​អើយ ចូរ​ឯង​ទាយ​ចុះ ហើយ​ទះ​ដៃ​ផង នោះ​ត្រូវ​ឲ្យ​ដាវ​បាន​កាប់​ដល់​២​ដង ហើយ​៣​ដង​ទៅ គឺ​ដាវ​នោះ​ដែល​កាប់​សំឡាប់ ជា​ដាវ​ដែល​ធ្វើ​ឲ្យ​ទាំង​ពួក​អ្នក​ធំ​ត្រូវ​របួស ហើយ​ក៏​ចាក់​ចូល​ទៅ​ក្នុង​បន្ទប់​ដេក​របស់​គេ​ផង អញ​បាន​តាំង​ដាវ ដែល​ផ្គង​ចាំ​នៅ​មាត់​ទ្វារ​ទាំង​ប៉ុន្មាន​នៃ​ទី​ក្រុង​គេ ដើម្បី​ឲ្យ​ចិត្ត​គេ​រលាយ​ទៅ ហើយ​ឲ្យ​គេ​ចំពប់​ដួល​កាន់​តែ​ច្រើន​ឡើង អៃយ៉ា ដាវ​នោះ​បាន​ធ្វើ​ឲ្យ​ដូច​ជា​ផ្លេក‌បន្ទោរ ក៏​បាន​សំលៀង​សំរាប់​កាប់​សំឡេះ ចូរ​មូល​គ្នា ចូរ​ទៅ​ខាង​ស្តាំ ចូរ​ដំរៀប​គ្នា ចូរ​ទៅ​ខាង​ឆ្វេង ខាង​ណា​ក៏​ដោយ​ដែល​ឯង​ដំរង់​មុខ​ទៅ អញ​ក៏​នឹង​ទះ​ដៃ​អញ​ដែរ រួច​នឹង​ធ្វើ​ឲ្យ​សេចក្ដី​ក្រោធ​របស់​អញ​សំរាក​ទៅ​វិញ គឺ​អញ ជា​ព្រះ‌យេហូវ៉ា​នេះ អញ​បាន​ចេញ​វាចា​ហើយ។ ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ក៏​មក​ដល់​ខ្ញុំ​ម្តង​ទៀត​ថា កូន​មនុស្ស​អើយ ចូរ​ឲ្យ​ឯង​ដំរូវ​ឲ្យ​មាន​ផ្លូវ​២ ដែល​ដាវ​របស់​ស្តេច​បាប៊ីឡូន​នឹង​មក​បាន ផ្លូវ​ទាំង​២​នោះ​ត្រូវ​ចេញ​ពី​ស្រុក​តែ​១ ត្រូវ​ឲ្យ​ធ្វើ​ជា​ដៃ​ចង្អុល​ដាក់​នៅ​ត្រង់​ដើម​ផ្លូវ​ចូល​ទៅ​ក្នុង​ទី​ក្រុង ចូរ​ឯង​ដំរូវ​ឲ្យ​មាន​ផ្លូវ​១ សំរាប់​ឲ្យ​ដាវ​បាន​ទៅ​ដល់​ក្រុង​រ៉ាបាតនៃ​ពួក​កូន​ចៅ​អាំម៉ូន នឹង​១​ទៀត​ចូល​ទៅ​ក្រុង​ស្រុក​យូដា ដល់​ក្រុង​យេរូ‌សាឡិម ជា​ទី​ក្រុង​មាំ‌មួន ដ្បិត​ស្តេច​បាប៊ីឡូន​បាន​ឈរ​ត្រង់​ផ្លូវ​បែក គឺ​នៅ​ត្រង់​ដើម​ផ្លូវ​ទាំង​២​នោះ ដើម្បី​នឹង​ប្រើ​របៀន ក៏​អង្រួន​ព្រួញ សួរ​ដល់​រូប​ព្រះ ហើយ​មើល​ទំនាយ​ក្នុង​ថ្លើម ឯ​ឆ្នោត​ដែល​កាន់​នៅ​ដៃ​ស្តាំ បាន​សំដៅ​ទៅ​ក្រុង​យេរូ‌សាឡិម ដើម្បី​នឹង​រៀប​គ្រឿង​បុក​ទំលាយ​កំផែង ឲ្យ​បាន​ចន្លោះ​ចំហ​ចូល​ទៅ​ដល់​ការ​កាប់​សំឡាប់ នឹង​បន្លឺ​សំឡេង​ហ៊ោ ហើយ​តាំង​គ្រឿង​សំរាប់​ទំលាយ​ទ្វារ​កំផែង ព្រម​ទាំង​ការ​ជីក​ស្នាម​ភ្លោះ ហើយ​សង់​បន្ទាយ តែ​សាសន៍​ឯង​នឹង​មើល សេចក្ដី​ទំនាយ​នោះ ទុក​ជា​ភូត‌ភរ​ទេ ដ្បិត​គេ​បាន​តាំង​សម្បថ​នឹង​អ្នក​ដទៃ​ហើយ តែ​ស្តេច​នោះ​នឹង​រំឭក​ពី​អំពើ​ទុច្ចរិត​វិញ ដើម្បី​នឹង​ចាប់​យក​គេ​បាន។ ហេតុ​នោះ ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​បន្ទូល​ដូច្នេះ​ដោយ​ព្រោះ​ឯង​រាល់​គ្នា​បាន​រឭក​ពី​អំពើ​ទុច្ចរិត​របស់​ខ្លួន ដោយ​បើក​អំពើ​រំលង​របស់​ខ្លួន​ឲ្យ​ឃើញ ហើយ​អំពើ​បាប​របស់​ខ្លួន​ក៏​បាន​ឃើញ​ច្បាស់ ក្នុង​គ្រប់​ការ​ដែល​ឯង​ធ្វើ បាន​ជា​ឯង​នឹង​ត្រូវ​ដៃ​គេ​ចាប់​បាន ឯ​ឯង ឱ​ចៅហ្វាយ​ដ៏​សៅ‌ហ្មង ហើយ​កំណាច របស់​អ៊ីស្រាអែល ដែល​ថ្ងៃ​ឯង​បាន​មក​ដល់ ក្នុង​គ្រា​នៃ​អំពើ​ទុច្ចរិត​នៅ​ចុង​បំផុត​អើយ ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ ចូរ​ដោះ​ក្បាំង ដោះ​មកុដ​ចេញ នេះ​មិន​ដូច​ធម្មតា​ទេ ចូរ​លើក​អ្វី​ដែល​ទាប​ថោក ហើយ​បន្ទាប​អ្វី​ដែល​ខ្ពង់‌ខ្ពស់​ចុះ អញ​នឹង​ធ្វើ​ឲ្យ​ត្រឡប់‌ត្រឡិន ត្រឡប់‌ត្រឡិន​ទៅ នេះ​ក៏​មិន​នៅ​ទៀត​ដែរ ដរាប​ដល់​អ្នក​នោះ​កើត​ឡើង ដែល​មាន​ច្បាប់​ទទួល រួច​អញ​នឹង​ប្រគល់​ដល់​អ្នក​នោះ។ ឯ​ឯង កូន​មនុស្ស​អើយ ចូរ​ទាយ​ប្រាប់​ថា ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ ពី​ដំណើរ​ពួក​កូន​ចៅ​អាំម៉ូន ហើយ​ពី​ពាក្យ​ត្មះ‌តិះដៀល​របស់​គេ ចូរ​ប្រាប់​ថា ន៏ មាន​ដាវ មាន​ដាវ​ហូត​ជា​ស្រេច ដាវ​នោះ​បាន​ខាត់​ឲ្យ​ភ្លឺ​សំរាប់​ការ​សំឡេះ​យ៉ាង​សន្ធឹក ដើម្បី​ឲ្យ​បាន​ស៊ី​បំផ្លាញ ហើយ​ឲ្យ​បាន​ដូច​ជា​ផ្លេក‌បន្ទោរ ក្នុង​ពេល​ដែល​គេ​កំពុង​តែ​ឃើញ​ការ​ជាក់‌ស្តែង​កំភូត​សំរាប់​ឯង ហើយ​កំពុង​ដែល​គេ​ទាយ​សេចក្ដី​កុហក​ដល់​ឯង​នោះ ដើម្បី​ឲ្យ​ឯង​បាន​ដួល​ទៅ​លើ​ក​នៃ​ពួក​មនុស្ស​អាក្រក់ ដែល​ត្រូវ​របួស​ដល់​ស្លាប់ ជា​ពួក​អ្នក​ដែល​ថ្ងៃ​គេ​បាន​មក​ដល់ ក្នុង​គ្រា​នៃ​អំពើ​ទុច្ចរិត​នៅ​ចុង​បំផុត ចូរ​ឲ្យ​ស៊ក​ដាវ​ទៅ​ក្នុង​ស្រោម​វិញ អញ​នឹង​វិនិច្ឆ័យ​ឯង នៅ​ត្រង់​កន្លែង​ដែល​បាន​បង្កើត​ឯង​មក គឺ​នៅ​ក្នុង​ស្រុក​កំណើត​របស់​ឯង អញ​នឹង​ចាក់​សេចក្ដី​គ្នាន់‌ក្នាញ់​របស់​អញ​ទៅ​លើ​ឯង ហើយ​នឹង​ផ្លុំ​លើ​ឯង​ដោយ​ភ្លើង​នៃ​សេចក្ដី​ក្រោធ​របស់​អញ ក៏​នឹង​ប្រគល់​ឯង​ទៅ​ក្នុង​កណ្តាប់​ដៃ​មនុស្ស​កំរោល ដែល​ប្រសប់​បំផ្លាញ

ចែក​រំលែក
អាន អេសេគាល 21