អេសេគាល 20:4-9
អេសេគាល 20:4-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កូនមនុស្សអើយ អ្នកចង់ជំនុំជម្រះគេឬ? តើចង់ជំនុំជម្រះគេឬទេ? ចូរឲ្យគេដឹងពីអស់ទាំងអំពើគួរស្អប់ខ្ពើមរបស់បុព្វបុរសគេ ហើយប្រាប់គេថា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា នៅថ្ងៃដែលយើងបានរើសអ៊ីស្រាអែល ហើយស្បថដល់ពូជពង្សយ៉ាកុប ព្រមទាំងសម្ដែងឲ្យគេស្គាល់យើងនៅស្រុកអេស៊ីព្ទ គឺកាលដែលយើងបានស្បថដល់គេថា យើងនេះជាយេហូវ៉ា ជាព្រះនៃអ្នករាល់គ្នា។ នៅថ្ងៃនោះ យើងបានស្បថដល់គេថា នឹងនាំគេចេញពីស្រុកអេស៊ីព្ទ ទៅក្នុងស្រុកមួយដែលយើងបានស្វែងរកឲ្យគេ ជាស្រុកមានទឹកដោះ និងទឹកឃ្មុំហូរហៀរ ជាទីរុងរឿងជាងស្រុកទាំងអស់។ យើងក៏ប្រាប់គេថា ចូរឲ្យគ្រប់គ្នាបោះចោលអស់ទាំងរបស់គួរស្អប់ខ្ពើម ដែលគាប់ភ្នែកអ្នក កុំធ្វើឲ្យខ្លួនសៅហ្មង ដោយរូបព្រះរបស់ស្រុកអេស៊ីព្ទឡើយ យើង គឺយេហូវ៉ានេះ ជាព្រះរបស់អ្នករាល់គ្នាហើយ។ តែគេបានរឹងចចេសនឹងយើង ឥតព្រមស្តាប់តាមយើងឡើយ ក៏មិនបានលះចោលរបស់គួរស្អប់ខ្ពើម ដែលនៅគាប់ដល់ភ្នែកគេរៀងខ្លួនសោះ ឬបោះបង់ចោលរូបព្រះរបស់សាសន៍អេស៊ីព្ទដែរ ដូច្នេះ យើងបានថា យើងនឹងចាក់សេចក្ដីឃោរឃៅរបស់យើងទៅលើគេ ដើម្បីនឹងសម្រេចកំហឹងរបស់យើង ទាស់នឹងគេនៅកណ្ដាលស្រុកអេស៊ីព្ទ។ ប៉ុន្តែ យើងបានប្រព្រឹត្តដោយយល់ដល់ឈ្មោះយើង ដើម្បីមិនត្រូវទាបថោក នៅចំពោះភ្នែកសាសន៍ដទៃ ជាសាសន៍ដែលគេនៅជាមួយ ហើយដែលយើងបានសម្ដែងឲ្យគេស្គាល់យើង នៅចំពោះភ្នែកនៃសាសន៍នោះ ដោយនាំគេចេញពីស្រុកអេស៊ីព្ទមកនោះដែរ។
អេសេគាល 20:4-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កូនមនុស្សអើយ ចូរវិនិច្ឆ័យពួកគេ ចូរវិនិច្ឆ័យពួកគេទៅ! ចូរប្រាប់ពួកគេឲ្យដឹងនូវអំពើគួរស្អប់ខ្ពើម ដែលដូនតារបស់ពួកគេបានប្រព្រឹត្ត។ ចូរប្រាប់ពួកគេថា ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ: នៅថ្ងៃយើងជ្រើសរើសជនជាតិអ៊ីស្រាអែល យើងបានលើកដៃសច្ចាចំពោះពូជពង្សរបស់លោកយ៉ាកុប ព្រមទាំងសម្តែងឲ្យពួកគេស្គាល់យើងនៅស្រុកអេស៊ីប។ យើងបានលើកដៃសច្ចាថា “យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា”។ នៅថ្ងៃនោះ យើងបានលើកដៃសច្ចាចំពោះពួកគេថា យើងនឹងនាំពួកគេចាកចេញពីស្រុកអេស៊ីប ឆ្ពោះទៅកាន់ស្រុកមួយ ដែលយើងជ្រើសរើសសម្រាប់ពួកគេ គឺជាស្រុកដ៏សម្បូណ៌សប្បាយ និងស្រុកដែលល្អស្អាតជាងគេទាំងអស់។ យើងបានប្រាប់ពួកគេថា “ម្នាក់ៗត្រូវបោះបង់ចោលព្រះដ៏គួរស្អប់ខ្ពើម ដែលទាក់ទាញចិត្តអ្នករាល់គ្នា។ មិនត្រូវឲ្យខ្លួនទៅជាសៅហ្មង ដោយថ្វាយបង្គំព្រះរបស់ស្រុកអេស៊ីបឡើយ។ យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា”។ ប៉ុន្តែ ពួកគេបះបោរប្រឆាំងនឹងយើង មិនព្រមស្ដាប់បង្គាប់យើងទេ គឺគ្មាននរណាម្នាក់លះបង់ចោលព្រះដ៏គួរស្អប់ខ្ពើម ដែលទាក់ទាញចិត្តពួកគេនោះឡើយ ហើយពួកគេក៏មិនព្រមបោះបង់ព្រះក្លែងក្លាយនៃស្រុកអេស៊ីបដែរ។ នៅស្រុកអេស៊ីបនោះ យើងមានបំណងដាក់ទោសពួកគេតាមកំហឹងរបស់យើង រហូតទាល់តែចប់ចុងចប់ដើម។ ប៉ុន្តែ យើងមិនបានបំផ្លាញពួកគេទេ ដើម្បីកុំឲ្យអាប់កេរ្តិ៍ឈ្មោះរបស់យើង នៅចំពោះមុខប្រជាជាតិទាំងឡាយ ដែលពួកគេរស់នៅជាមួយ។ យើងបានសម្តែងឲ្យជនជាតិអ៊ីស្រាអែលស្គាល់យើង នៅចំពោះមុខប្រជាជាតិទាំងនោះ ដោយនាំអ៊ីស្រាអែលចាកចេញពីស្រុកអេស៊ីប។
អេសេគាល 20:4-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កូនមនុស្សអើយ ឯងចង់ជំនុំជំរះគេឬ តើចង់ជំនុំជំរះគេឬទេ ចូរឲ្យគេដឹងពីអស់ទាំងអំពើគួរស្អប់ខ្ពើមរបស់ពួកឰយុកោគេ ហើយប្រាប់គេថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ នៅថ្ងៃដែលអញបានរើសអ៊ីស្រាអែល ហើយស្បថដល់ពូជពង្សយ៉ាកុប ព្រមទាំងសំដែងឲ្យគេស្គាល់អញនៅស្រុកអេស៊ីព្ទ គឺកាលដែលអញបានស្បថដល់គេថា អញនេះជាយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា នៅថ្ងៃនោះឯង អញបានស្បថដល់គេថា នឹងនាំគេចេញពីស្រុកអេស៊ីព្ទ ទៅក្នុងស្រុក១ដែលអញបានស្វែងរកឲ្យគេ ជាស្រុកមានទឹកដោះ នឹងទឹកឃ្មុំហូរហៀរ ជាទីរុងរឿងជាងស្រុកទាំងអស់ អញក៏ប្រាប់គេថា ចូរឲ្យគ្រប់គ្នាបោះចោលអស់ទាំងរបស់គួរស្អប់ខ្ពើម ដែលគាប់ភ្នែកឯងចេញ កុំធ្វើឲ្យខ្លួនសៅហ្មង ដោយរូបព្រះរបស់ស្រុកអេស៊ីព្ទឡើយ អញ គឺយេហូវ៉ានេះ ជាព្រះនៃឯងរាល់គ្នាហើយ តែគេបានរឹងចចេសនឹងអញ ឥតព្រមស្តាប់តាមអញឡើយ ក៏មិនបានលះចោលរបស់គួរស្អប់ខ្ពើម ដែលនៅគាប់ដល់ភ្នែកគេរៀងខ្លួនសោះ ឬបោះបង់ចោលរូបព្រះរបស់សាសន៍អេស៊ីព្ទដែរ ដូច្នេះ អញបានថា អញនឹងចាក់សេចក្ដីឃោរឃៅរបស់អញទៅលើគេ ដើម្បីនឹងសំរេចសេចក្ដីកំហឹងរបស់អញ ទាស់នឹងគេនៅកណ្តាលស្រុកអេស៊ីព្ទ ប៉ុន្តែអញបានប្រព្រឹត្តដោយយល់ដល់ឈ្មោះអញ ដើម្បីមិនឲ្យត្រូវទាបថោក នៅចំពោះភ្នែកនៃសាសន៍ដទៃ ជាសាសន៍ដែលគេនៅកណ្តាល ហើយដែលអញបានសំដែងឲ្យគេស្គាល់អញ នៅចំពោះភ្នែកនៃសាសន៍នោះ ដោយនាំគេចេញពីស្រុកអេស៊ីព្ទមកនោះដែរ។