អេសេគាល 20:32-44
អេសេគាល 20:32-44 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
សេចក្ដីដែលកើតក្នុងគំនិតអ្នករាល់គ្នា នោះមិនបានកើតមកឡើយ គឺជាសេចក្ដីដែលអ្នកថា យើងនឹងធ្វើដូចជាអស់ទាំងសាសន៍ដទៃ និងដូចជាអស់ទាំងគ្រួសារ នៅស្រុកផ្សេងៗ ដោយគោរពប្រតិបត្តិដល់ទាំងឈើ និងថ្មផង។ ព្រះអម្ចាស់យេហូវ៉ាស្បថថា ដូចជាយើងរស់នៅ ប្រាកដជាយើងនឹងសោយរាជ្យលើអ្នករាល់គ្នាដោយដៃខ្លាំងពូកែ ហើយលើកសម្រេច ព្រមទាំងចាក់សេចក្ដីក្រោធចេញ។ យើងនឹងនាំអ្នករាល់គ្នាចេញពីអស់ទាំងសាសន៍ ហើយនឹងប្រមូលអ្នករាល់គ្នាមកពីស្រុកទាំងប៉ុន្មានដែលអ្នកត្រូវខ្ចាត់ខ្ចាយទៅនោះ ដោយដៃខ្លាំងពូកែ ហើយលើកសម្រេច ព្រមទាំងចាក់សេចក្ដីក្រោធចេញផង។ យើងនឹងនាំអ្នករាល់គ្នាទៅ ឲ្យនៅឯទីសូន្យស្ងាត់នៃអស់ទាំងសាសន៍ នៅទីនោះ យើងនឹងមានរឿងតវ៉ានឹងអ្នកប្រទល់គ្នា។ យើងមានរឿងតវ៉ានឹងបុព្វបុរសអ្នករាល់គ្នា នៅក្នុងទីរហោស្ថាននៃស្រុកអេស៊ីព្ទជាយ៉ាងណា យើងក៏នឹងមានរឿងតវ៉ានឹងអ្នករាល់គ្នាយ៉ាងនោះដែរ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។ យើងនឹងឲ្យអ្នករាល់គ្នាចូលក្រោមដំបង រួចនាំឲ្យជាប់ចំណងនៃសេចក្ដីសញ្ញា។ យើងនឹងញែកពួករឹងចចេសពីអ្នកចេញ ព្រមទាំងពួកអ្នកដែលតែងតែប្រព្រឹត្តរំលង ទាស់នឹងយើងផង យើងនឹងនាំគេចេញពីស្រុកដែលគេស្នាក់នៅនោះ តែគេមិនបានចូលទៅក្នុងស្រុកអ៊ីស្រាអែលឡើយ នោះអ្នករាល់គ្នានឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត។ ចំណែកអ្នករាល់គ្នា ឱពួកវង្សអ៊ីស្រាអែលអើយ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ ចូរទៅចុះ ពីនេះទៅមុខអ្នករាល់គ្នាមិនព្រមស្តាប់តាមយើងទេ ដូច្នេះ ចូរទៅគោរពដល់រូបព្រះរបស់អ្នករៀងខ្លួនចុះ តែមិនត្រូវបង្អាក់ឈ្មោះបរិសុទ្ធរបស់យើង ដោយតង្វាយ និងរូបព្រះរបស់អ្នកទៀតឡើយ»។ ដ្បិតព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលថា៖ «នៅលើភ្នំបរិសុទ្ធរបស់យើង គឺជាភ្នំយ៉ាងខ្ពស់របស់ស្រុកអ៊ីស្រាអែល ពួកវង្សអ៊ីស្រាអែលទាំងមូលនឹងគោរពដល់យើងគ្រប់គ្នានៅក្នុងស្រុករបស់ខ្លួន នៅទីនោះយើងនឹងទទួលគេ ហើយនៅទីនោះយើងសុខចិត្តទទួលតង្វាយរបស់អ្នករាល់គ្នា និងផលដំបូងពីតង្វាយអ្នក ព្រមទាំងគ្រឿងបរិសុទ្ធរបស់អ្នករាល់គ្នាទាំងអស់ដែរ។ យើងនឹងទទួលអ្នករាល់គ្នា ទុកដូចជាក្លិនក្រអូប ក្នុងកាលដែលយើងបាននាំអ្នកចេញពីពួកសាសន៍ដទៃ ហើយប្រមូលអ្នកពីអស់ទាំងស្រុកដែលអ្នកត្រូវខ្ចាត់ខ្ចាយទៅនោះ យើងនឹងបានបរិសុទ្ធក្នុងពួកអ្នករាល់គ្នា នៅចំពោះភ្នែកអស់ទាំងសាសន៍ដទៃ។ មួយទៀត កាលណាយើងបាននាំអ្នករាល់គ្នាចូលទៅក្នុងស្រុកអ៊ីស្រាអែល គឺក្នុងស្រុកដែលយើងបានស្បថថា នឹងឲ្យដល់បុព្វបុរសអ្នកហើយ នោះអ្នករាល់គ្នានឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត។ នៅក្នុងស្រុកនោះ អ្នករាល់គ្នានឹងនឹកចាំពីអស់ទាំងអំពើ និងកិរិយាទាំងប៉ុន្មានរបស់ខ្លួន ជាការដែលនាំឲ្យអ្នកស្មោកគ្រោក នោះអ្នករាល់គ្នានឹងខ្ពើមខ្លួន ដោយព្រោះអំពើអាក្រក់ទាំងប៉ុន្មានដែលអ្នកបានធ្វើនោះ។ ឱពួកវង្សអ៊ីស្រាអែលអើយ អ្នករាល់គ្នានឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត ក្នុងកាលដែលយើងបានប្រព្រឹត្តនឹងអ្នក ដោយយល់ដល់ឈ្មោះយើង មិនមែនតាមអំពើអាក្រក់របស់អ្នករាល់គ្នា ឬតាមកិរិយាស្មោកគ្រោករបស់អ្នកនោះទេ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា»។
អេសេគាល 20:32-44 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
អ្នករាល់គ្នានឹកស្មានថាខ្លួនអាចគោរពថ្វាយបង្គំព្រះដែលធ្វើពីឈើ និងពីថ្ម ដូចប្រជាជាតិ និងជាតិសាសន៍នៅតាមស្រុកនានានោះឬ? ទេ ធ្វើដូច្នេះ មិនបានជាដាច់ខាត! យើងជាព្រះដែលមានជីវិតគង់នៅ -នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់ - យើងនឹងគ្រងរាជ្យលើអ្នករាល់គ្នា យើងនឹងដាក់ទោសអ្នករាល់គ្នា ដោយឫទ្ធិបារមីដ៏ខ្លាំងក្លារបស់យើង។ យើងនឹងនាំអ្នករាល់គ្នាចេញពីក្នុងចំណោមជាតិសាសន៍ទាំងឡាយ យើងនឹងប្រមូលអ្នករាល់គ្នា ពីស្រុកដែលយើងកម្ចាត់កម្ចាយអ្នករាល់គ្នាឲ្យទៅនោះ ហើយយើងនឹងដាក់ទោសអ្នករាល់គ្នាដោយឫទ្ធិបារមីដ៏ខ្លាំងក្លារបស់យើង។ យើងនឹងនាំអ្នករាល់គ្នាទៅវាលរហោស្ថានដាច់ឡែកពីជាតិសាសន៍នានា នៅទីនោះ យើងនឹងវិនិច្ឆ័យទោសអ្នករាល់គ្នា មុខទល់នឹងមុខ។ យើងនឹងវិនិច្ឆ័យទោសអ្នករាល់គ្នា ដូចយើងធ្លាប់វិនិច្ឆ័យទោសដូនតារបស់អ្នករាល់គ្នានៅវាលរហោស្ថានស្រុកអេស៊ីបដែរ - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។ យើងនឹងដាក់អ្នករាល់គ្នានៅក្រោមអំណាចរបស់យើង ហើយបង្ខំអ្នករាល់គ្នាឲ្យគោរពតាមសម្ពន្ធមេត្រី។ យើងនឹងដកជនបះបោរ ព្រមទាំងអស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិតប្រឆាំងនឹងយើង ចេញពីចំណោមអ្នករាល់គ្នា។ យើងនឹងយកពួកគេចេញពីស្រុកដែលពួកគេទៅរស់នៅតែពួកគេ មិនវិលត្រឡប់ទៅកាន់ទឹកដីអ៊ីស្រាអែលវិញឡើយ។ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន»។ រីឯអ្នករាល់គ្នាវិញ ជនជាតិអ៊ីស្រាអែលអើយ ព្រះជាអម្ចាស់មានព្រះបន្ទូលថា: «ទៅ! នាំគ្នាថ្វាយបង្គំព្រះក្លែងក្លាយរបស់អ្នករាល់គ្នារៀងៗខ្លួនទៅ! នៅពេលក្រោយ អ្នករាល់គ្នាត្រូវតែស្ដាប់បង្គាប់យើង អ្នករាល់គ្នានឹងលែងប្រមាថនាមរបស់យើង ដោយការសែនព្រេនព្រះក្លែងក្លាយទៀតហើយ ដ្បិតជនជាតិអ៊ីស្រាអែលទាំងមូលដែលរស់នៅក្នុងស្រុក នឹងគោរពបម្រើយើងនៅលើភ្នំដ៏វិសុទ្ធរបស់យើង គឺភ្នំដ៏ខ្ពស់នៅស្រុកអ៊ីស្រាអែល - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។ យើងពេញចិត្តនឹងទទួលអ្នករាល់គ្នានៅលើភ្នំនោះ ព្រមទាំងទទួលតង្វាយផលដំបូង និងអ្វីៗផ្សេងទៀតដែលអ្នករាល់គ្នាញែកទុកសម្រាប់យើង។ កាលយើងនាំអ្នករាល់គ្នាចេញពីចំណោមជាតិសាសន៍ទាំងឡាយ កាលយើងប្រមូលអ្នករាល់គ្នាចេញពីស្រុក ដែលយើងបំបែកអ្នករាល់គ្នាឲ្យទៅនៅនោះមកវិញ យើងពេញចិត្តនឹងទទួលអ្នករាល់គ្នា ព្រមទាំងទទួលយញ្ញបូជាដ៏មានក្លិនឈ្ងុយឈ្ងប់។ ពេលនោះ យើងនឹងសម្តែងឲ្យប្រជាជាតិនានាឃើញថា យើងជាព្រះដ៏វិសុទ្ធ ដោយយើងប្រណីសន្ដោសអ្នករាល់គ្នា។ ពេលយើងនាំអ្នករាល់គ្នាវិលត្រឡប់ទៅកាន់ទឹកដីអ៊ីស្រាអែលវិញ គឺទឹកដីដែលយើងបានលើកដៃសច្ចាថា ប្រគល់ឲ្យដូនតារបស់អ្នករាល់គ្នា នោះអ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន។ នៅទីនោះ អ្នករាល់គ្នានឹងនឹកឃើញអំពីកិរិយាមារយាទ និងអំពើទាំងប៉ុន្មានដែលអ្នករាល់គ្នាបានធ្វើឲ្យខ្លួនសៅហ្មង អ្នករាល់គ្នានឹកខ្មាសខ្លួនឯង ព្រោះតែអំពើទុច្ចរិតដែលអ្នករាល់គ្នាបានប្រព្រឹត្ត។ ជនជាតិអ៊ីស្រាអែលអើយ យើងនឹងប្រព្រឹត្តចំពោះអ្នករាល់គ្នា ដោយយល់ដល់នាមយើងផ្ទាល់ គឺយើងមិនប្រព្រឹត្តតាមអំពើទុច្ចរិត និងអំពើអាក្រក់របស់អ្នករាល់គ្នាទេ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន» -នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
អេសេគាល 20:32-44 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ហើយសេចក្ដីដែលកើតក្នុងគំនិតឯងរាល់គ្នា នោះមិនបានកើតមកឡើយ គឺជាសេចក្ដីដែលឯងថា យើងនឹងធ្វើដូចជាអស់ទាំងសាសន៍ដទៃ នឹងដូចជាអស់ទាំងគ្រួសារ នៅស្រុកផ្សេងៗ ដោយគោរពប្រតិបត្តិដល់ទាំងឈើនឹងថ្មផង។ ព្រះអម្ចាស់យេហូវ៉ាទ្រង់ស្បថថា ដូចជាអញរស់នៅ នោះប្រាកដជាអញនឹងសោយរាជ្យលើឯងរាល់គ្នា ដោយដៃខ្លាំងពូកែ ហើយលើកសំរេច ព្រមទាំងចាក់សេចក្ដីក្រោធចេញ អញនឹងនាំឯងរាល់គ្នាចេញពីអស់ទាំងសាសន៍ ហើយនឹងប្រមូលឯងរាល់គ្នាមកពីស្រុកទាំងប៉ុន្មាន ដែលឯងត្រូវខ្ចាត់ខ្ចាយទៅនោះ ដោយដៃខ្លាំងពូកែ ហើយលើកសំរេច ព្រមទាំងចាក់សេចក្ដីក្រោធចេញផង អញនឹងនាំឯងរាល់គ្នាទៅ ឲ្យនៅឯទីសូន្យស្ងាត់នៃអស់ទាំងសាសន៍ នៅទីនោះ អញនឹងមានរឿងតវ៉ានឹងឯងប្រទល់គ្នា អញបានមានរឿងតវ៉ានឹងពួកឰយុកោឯងរាល់គ្នា នៅក្នុងទីរហោស្ថាននៃស្រុកអេស៊ីព្ទជាយ៉ាងណា អញក៏នឹងមានរឿងតវ៉ានឹងឯងរាល់គ្នាយ៉ាងនោះដែរ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា នោះអញនឹងឲ្យឯងរាល់គ្នាចូលក្រោមដំបង រួចនឹងនាំឲ្យជាប់ចំណងនៃសេចក្ដីសញ្ញា អញនឹងញែកពួករឹងចចេសពីឯងចេញ ព្រមទាំងពួកអ្នក ដែលតែងតែប្រព្រឹត្តរំលង ទាស់នឹងអញផង អញនឹងនាំគេចេញពីស្រុកដែលគេស្នាក់នៅនោះ តែគេមិនបានចូលទៅក្នុងស្រុកអ៊ីស្រាអែលឡើយ នោះឯងរាល់គ្នានឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត តែចំណែកឯងរាល់គ្នា ឱពួកវង្សអ៊ីស្រាអែលអើយ ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលដូច្នេះចូរទៅចុះ ពីនេះទៅមុខឯងរាល់គ្នាមិនព្រមស្តាប់តាមអញទេ ដូច្នេះ ចូរទៅគោរពដល់រូបព្រះរបស់ឯងរៀងខ្លួនចុះ តែមិនត្រូវឲ្យបង្អាក់ឈ្មោះបរិសុទ្ធរបស់អញ ដោយដង្វាយនឹងរូបព្រះរបស់ឯងទៀតឡើយ។ ដ្បិតព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលថា នៅលើភ្នំបរិសុទ្ធរបស់អញ គឺជាភ្នំយ៉ាងខ្ពស់របស់ស្រុកអ៊ីស្រាអែល នោះពួកវង្សអ៊ីស្រាអែលទាំងមូលនឹងគោរពដល់អញគ្រប់គ្នានៅក្នុងស្រុករបស់ខ្លួន នៅទីនោះអញនឹងទទួលគេ ហើយនៅទីនោះ អញនឹងសុខចិត្តទទួលដង្វាយរបស់ឯងរាល់គ្នា នឹងផលដំបូងពីដង្វាយឯង ព្រមទាំងគ្រឿងបរិសុទ្ធរបស់ឯងរាល់គ្នាទាំងអស់ដែរ អញនឹងទទួលឯងរាល់គ្នា ទុកដូចជាក្លិនក្រអូប ក្នុងកាលដែលអញបាននាំឯងចេញពីពួកសាសន៍ដទៃ ហើយប្រមូលឯងពីអស់ទាំងស្រុកដែលឯងត្រូវខ្ចាត់ខ្ចាយទៅនោះ អញនឹងបានបរិសុទ្ធក្នុងពួកឯងរាល់គ្នា នៅចំពោះភ្នែកនៃអស់ទាំងសាសន៍ដទៃ មួយទៀតកាលណាអញបាននាំឯងរាល់គ្នាចូលទៅក្នុងស្រុកអ៊ីស្រាអែល គឺក្នុងស្រុកដែលអញបានស្បថថា នឹងឲ្យដល់ពួកឰយុកោឯងហើយ នោះឯងរាល់គ្នានឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត នៅក្នុងស្រុកនោះ ឯងរាល់គ្នានឹងនឹកចាំពីអស់ទាំងអំពើ នឹងកិរិយាទាំងប៉ុន្មានរបស់ខ្លួន ជាការដែលនាំឲ្យឯងស្មោកគ្រោក នោះឯងរាល់គ្នានឹងខ្ពើមខ្លួន ដោយព្រោះអំពើអាក្រក់ទាំងប៉ុន្មានដែលឯងបានធ្វើនោះ នោះឱពួកវង្សអ៊ីស្រាអែលអើយ ឯងរាល់គ្នានឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត ក្នុងកាលដែលអញបានប្រព្រឹត្តនឹងឯង ដោយយល់ដល់ឈ្មោះអញ មិនមែនតាមអំពើអាក្រក់របស់ឯងរាល់គ្នា ឬតាមកិរិយាស្មោកគ្រោករបស់ឯងនោះទេ នេះឯងជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។