អេសេគាល 20:1-49

អេសេគាល 20:1-49 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​ថ្ងៃទី​ដប់ ខែទីប្រាំ ក្នុង​ឆ្នាំ​ទី​ប្រាំពី ពួក​ចាស់​ទុំ​ខ្លះ​នៃ​សាសន៍​អ៊ីស្រា‌អែល​បាន​មក ដើម្បី​ទូល​សួរ​ដល់​ព្រះ‌យេហូវ៉ា ហើយ​គេ​អង្គុយ​នៅ​មុខ​ខ្ញុំ។ ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ ចូរ​និយាយ​ប្រាប់​ដល់​ពួក​ចាស់​ទុំ​នៃ​សាសន៍​អ៊ីស្រា‌អែល​ថា ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ តើ​អ្នក​រាល់​គ្នា​បាន​មក​សួរ​ដល់​យើង​ឬ? ព្រះ‌អម្ចាស់‌យេហូវ៉ា​ស្បថ​ថា ដូច​ជាយើង​រស់​នៅ នោះ​ប្រាកដ​ជាយើង​មិន​ឲ្យ​អ្នក​រាល់​គ្នា​សួរ​យើង​ទេ។ កូន​មនុស្ស​អើយ អ្នក​ចង់​ជំនុំ‌ជម្រះ​គេ​ឬ? តើ​ចង់​ជំនុំ‌ជម្រះ​គេ​ឬ​ទេ? ចូរ​ឲ្យ​គេ​ដឹង​ពី​អស់​ទាំង​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​បុព្វ‌បុរស​គេ ហើយ​ប្រាប់​គេ​ថា ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា នៅ​ថ្ងៃ​ដែល​យើង​បាន​រើស​អ៊ីស្រា‌អែល ហើយ​ស្បថ​ដល់​ពូជ‌ពង្ស​យ៉ាកុប ព្រម​ទាំង​សម្ដែង​ឲ្យ​គេ​ស្គាល់​យើង​នៅ​ស្រុក​អេស៊ីព្ទ គឺ​កាល​ដែល​យើង​បាន​ស្បថ​ដល់​គេ​ថា យើង​នេះ​ជា​យេហូវ៉ា ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា។ នៅ​ថ្ងៃ​នោះ យើង​បាន​ស្បថ​ដល់​គេ​ថា នឹង​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ ទៅ​ក្នុង​ស្រុក​មួយ​ដែល​យើង​បាន​ស្វែង​រក​ឲ្យ​គេ ជា​ស្រុក​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ហូរ‌ហៀរ ជា​ទី​រុងរឿង​ជាង​ស្រុក​ទាំង​អស់។ យើង​ក៏​ប្រាប់​គេ​ថា ចូរ​ឲ្យ​គ្រប់​គ្នា​បោះ​ចោល​អស់​ទាំង​របស់​គួរ​ស្អប់​ខ្ពើម ដែល​គាប់​ភ្នែក​អ្នក កុំ​ធ្វើ​ឲ្យ​ខ្លួន​សៅ‌ហ្មង ដោយ​រូប​ព្រះ​របស់​ស្រុក​អេស៊ីព្ទ​ឡើយ យើង គឺ​យេហូវ៉ា​នេះ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​ហើយ។ តែ​គេ​បាន​រឹង​ចចេស​នឹង​យើង ឥត​ព្រម​ស្តាប់​តាម​យើង​ឡើយ ក៏​មិន​បាន​លះ​ចោល​របស់​គួរ​ស្អប់​ខ្ពើម ដែល​នៅ​គាប់​ដល់​ភ្នែក​គេ​រៀង​ខ្លួន​សោះ ឬ​បោះ‌បង់​ចោល​រូប​ព្រះ​របស់​សាសន៍​អេស៊ីព្ទ​ដែរ ដូច្នេះ យើង​បាន​ថា យើង​នឹង​ចាក់​សេចក្ដី​ឃោរ‌ឃៅ​របស់​យើង​ទៅ​លើ​គេ ដើម្បី​នឹង​សម្រេច​កំហឹង​របស់​យើង ទាស់​នឹង​គេ​នៅ​កណ្ដាល​ស្រុក​អេស៊ីព្ទ។ ប៉ុន្តែ យើង​បាន​ប្រព្រឹត្ត​ដោយ​យល់​ដល់​ឈ្មោះ​យើង ដើម្បី​មិន​ត្រូវ​ទាប​ថោក នៅ​ចំពោះ​ភ្នែក​សាសន៍​ដទៃ ជា​សាសន៍​ដែល​គេ​នៅ​ជា​មួយ ហើយ​ដែល​យើង​បាន​សម្ដែង​ឲ្យ​គេ​ស្គាល់​យើង នៅ​ចំពោះ​ភ្នែក​នៃ​សាសន៍​នោះ ដោយ​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​នោះ​ដែរ។ ដូច្នេះ យើង​បាន​ធ្វើ​ឲ្យ​គេ​ចាក់​ចេញ​ពី​ស្រុក​អេស៊ីព្ទ ហើយ​បាន​នាំ​ចូល​ទៅ​ក្នុង​ទី​រហោ‌ស្ថាន។ យើង​ក៏​ឲ្យ​ក្រឹត្យ‌ក្រម​របស់​យើង​ដល់​គេ ព្រម​ទាំង​សម្ដែង​ឲ្យ​គេ​ស្គាល់​បញ្ញត្តិ​ច្បាប់​ទាំង​ប៉ុន្មាន​របស់​យើង ដែល​បើ​អ្នក​ណា​ប្រព្រឹត្ត​តាម អ្នក​នោះ​នឹង​បាន​រស់​ដោយ‌សារ​ច្បាប់​នោះ។ យើង​ក៏​តាំង​ថ្ងៃ​សប្ប័ទ​របស់​យើង​ឲ្យ​គេ​ដែរ ទុក​សម្រាប់​ជា​ទី​សម្គាល់​ដល់​យើង និង​គេ ប្រយោជន៍​ឲ្យ​គេ​បាន​ដឹង​ថា យើង​ជា​ព្រះ‌យេហូវ៉ា​ដែល​ញែក​គេ​ចេញ​ជា​បរិសុទ្ធ។ ប៉ុន្តែ ពូជ‌ពង្ស​នៃ​ពួក​អ៊ីស្រា‌អែល​បាន​រឹង​ចចេស​នឹង​យើង នៅ​ទី​រហោ‌ស្ថាន គេ​មិន​បាន​ប្រព្រឹត្ត​តាម​ច្បាប់​យើង​ទេ ក៏​បោះ‌បង់​ចោល​អស់​ទាំង​បញ្ញត្តិ​របស់​យើង ជា​ច្បាប់​ដែល​អ្នក​ណា​ប្រព្រឹត្ត​តាម នោះ​នឹង​បាន​រស់​ដោយ‌សារ​ច្បាប់​នោះ ហើយ​គេ​ក៏​បង្អាប់​ថ្ងៃ​សប្ប័ទ​របស់​យើង​យ៉ាង​ក្រៃ‌លែង នោះ​យើង​បាន​ថា យើង​នឹង​ចាក់​សេចក្ដី​ឃោរ‌ឃៅ​របស់​យើង ទៅ​លើ​គេ​នៅ​ក្នុង​ទី​រហោ‌ស្ថាន ដើម្បី​នឹង​រំលីង​គេ​ឲ្យ​អស់​ទៅ។ ប៉ុន្តែ យើង​បាន​ប្រព្រឹត្ត​ដោយ​របស់​ដល់​ឈ្មោះ​យើង​វិញ ដើម្បី​មិន​ឲ្យ​ឈ្មោះ​យើង​ត្រូវ​ទាប​ថោក នៅ​ចំពោះ​សាសន៍ទាំង​ប៉ុន្មាន​ដែល​យើង​បាន​នាំ​គេ​ចេញ នៅ​ចំពោះ​មុខ​នោះ​ឡើយ។ មួយ​ទៀត យើង​បាន​ស្បថ​នឹង​គេ នៅ​ទី​រហោ‌ស្ថាន​ថា យើង​មិន​ព្រម​នាំ​គេ​ចូល​ទៅ​ក្នុង​ស្រុក ដែល​យើង​បាន​ឲ្យ​ដល់​គេ ជា​ស្រុក​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ហូរ‌ហៀរ ដែល​ជា​ស្រុក​រុងរឿង​ជាង​អស់​ទាំង​ស្រុក​នោះ​ទេ។ ពី​ព្រោះ​គេ​បាន​បោះ‌បង់​ក្រឹត្យ‌ក្រម​របស់​យើង ឥត​ប្រព្រឹត្ត​តាម​បញ្ញត្តិ​ច្បាប់​របស់​យើង ក៏​បង្អាប់​ថ្ងៃ​សប្ប័ទ​របស់​យើង​ដែរ ដ្បិត​ចិត្ត​គេ​ជាប់​តាម​រូប​ព្រះ​របស់​គេ​វិញ។ ប៉ុន្តែ ភ្នែក​យើង​បាន​ប្រណី​ដល់​គេ ហើយ​យើង​មិន​បាន​បំផ្លាញ​គេ​ឡើយ ក៏​មិន​បាន​ឲ្យ​គេ​សូន្យ​ផុត​ទៅ នៅ​ទី​រហោ‌ស្ថាន​ដែរ ។ យើង​បាន​ប្រាប់​ដល់​កូន​ចៅ​គេ នៅ​ទី​រហោ‌ស្ថាន​ថា កុំ​ដើរ​តាម​ច្បាប់​របស់​បុព្វ‌បុរស​អ្នក​រាល់​គ្នា ឬ​កាន់​តាម​បញ្ញត្តិ​របស់​គេ ឬ​ធ្វើ​ឲ្យ​ខ្លួន​សៅ‌ហ្មង ដោយ​រូប​ព្រះ​របស់​គេ​ឡើយ។ យើង​នេះ គឺ​យេហូវ៉ា ជា​ព្រះរបស់​អ្នក​រាល់​គ្នា ចូរ​ប្រព្រឹត្ត​តាម​អស់​ទាំង​ក្រឹត្យ‌ក្រម ហើយ​រក្សា​បញ្ញត្តិ​ច្បាប់​របស់​យើង ព្រម​ទាំង​ប្រព្រឹត្ត​តាម។ ចូរ​ញែក​ថ្ងៃសប្ប័ទ​របស់​យើង​ចេញ​ជា​បរិសុទ្ធ នោះ​នឹង​បាន​ជា​ទី​សម្គាល់​ដល់​យើង និង​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​បាន​ដឹង​ថា យើង​នេះ គឺ​យេហូវ៉ា ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា។ ប៉ុន្តែ កូន​ចៅ​ទាំង​នោះ​រឹង​ចចេស​នឹង​យើង​ដែរ គេ​មិន​បាន​ប្រព្រឹត្ត​តាម​អស់​ទាំង​ច្បាប់​របស់​យើង​ឡើយ ក៏​មិន​បាន​រក្សា​បញ្ញត្តិ​ទាំង​ប៉ុន្មាន​របស់​យើង ដើម្បី​នឹង​ប្រព្រឹត្ត​តាម​ផង ជា​ច្បាប់​ដែល​អ្នក​ណា​ប្រព្រឹត្ត​តាម អ្នក​នោះ​នឹង​បាន​រស់​នៅ ដោយ‌សារ​ច្បាប់​នោះ គេ​បាន​បង្អាប់​ថ្ងៃ​សប្ប័ទ​របស់​យើង ដូច្នេះ យើង​បាន​ថា យើង​នឹង​ចាក់​សេចក្ដី​ឃោរ‌ឃៅ​របស់​យើង​ទៅ​លើ​គេ ដើម្បី​នឹង​សម្រេច​សេចក្ដី​កំហឹង​របស់​យើង​នៅ​លើ​គេ នៅ​ក្នុង​ទី​រហោ‌ស្ថាន។ ប៉ុន្តែ យើង​បាន​ដក​ដៃ​ចេញ​វិញ ហើយ​បាន​ប្រព្រឹត្ត​ដោយ​យល់​ដល់​ឈ្មោះ​យើង ដើម្បី​មិន​ឲ្យ​ឈ្មោះ​យើង​ត្រូវ​ទាប​ថោក នៅ​ភ្នែក​នៃ​សាសន៍​ដទៃ ដែល​យើង​បាន​នាំ​គេ​ចេញ​ទៅ នៅ​ចំពោះ​មុខ​នោះ​ឡើយ។ មួយ​ទៀត យើង​បាន​ស្បថ​នឹង​គេ​នៅ​ទី​រហោ‌ស្ថាន​ថា យើង​នឹង​កម្ចាត់‌កម្ចាយ​គេ​ទៅ​នៅ​កណ្ដាល​អស់​ទាំង​សាសន៍ ហើយ​បែង​ចែក​គេ​ទៅ​នៅ​គ្រប់​ស្រុក​ទាំង​អស់។ ព្រោះ​គេ​មិន​បាន​ប្រព្រឹត្ត​តាម​អស់​ទាំង​ក្រឹត្យ‌ក្រម​របស់​យើង​ឡើយ គឺ​បាន​បោះ‌បង់​ចោល​បញ្ញត្តិ​ច្បាប់​ទាំង​ប៉ុន្មាន​របស់​យើង ព្រម​ទាំង​បង្អាក់​ថ្ងៃ​សប្ប័ទ​របស់​យើង ហើយ​ភ្នែក​គេ​ក៏​ជាប់​តាម​រូប​ព្រះ​របស់​បុព្វ‌បុរស​គេ​ដែរ។ យើង​ក៏​ឲ្យ​ក្រឹត្យ‌ក្រម​ដល់​គេ ដែល​មិន​ស្រួល​ល្អ និង​បញ្ញត្តិ​ច្បាប់ ដែល​គ្មាន​អ្នក​ណា​អាច​នឹង​រស់​បាន​តាម​ច្បាប់​នោះ​ទេ។ យើង​ក៏​បាន​ធ្វើ​ឲ្យ​គេ​ស្មោក‌គ្រោក ដោយ‌សារ​តង្វាយ​របស់​គេ ពី​ព្រោះ​គេ​បាន​យក​កូន​កើត​ដំបូង​របស់​ខ្លួន ទៅ​ធ្វើ​ឲ្យ​ឆ្លង​កាត់​ភ្លើង ដើម្បី​ឲ្យ​យើង​បាន​ធ្វើ​ឲ្យ​គេ​នៅ​ស្ងាត់ ប្រយោជន៍​ឲ្យ​គេ​បាន​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត។ ហេតុ​នោះ កូន​មនុស្ស​អើយ ចូរ​និយាយ​ប្រាប់​ដល់​ពួក​វង្ស​អ៊ីស្រា‌អែល​ថា ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ បុព្វ‌បុរស​អ្នក​រាល់​គ្នា​បាន​ប្រមាថ​ដល់​យើង​ក្នុង​ការ​នេះ​ទៀត គឺ​គេ​បាន​ប្រព្រឹត្ត​អំពើ​រំលង​ទាស់​នឹង​យើង។ ដ្បិត​កាល​យើង​បាន​នាំ​គេ​ចូល​មក​ក្នុង​ស្រុក ដែល​យើង​បាន​ស្បថ​ថា នឹង​ឲ្យ​ដល់​គេ គេ​បាន​ឃើញ​គ្រប់​ទាំង​ទួល​ខ្ពស់ ហើយ​គ្រប់​ទាំង​ដើម​ឈើ​ស៊ុប‌ទ្រុប គេ​ក៏​ថ្វាយ​យញ្ញ‌បូជា​របស់​គេ​នៅ​លើ​ទី​នោះ គឺ​នៅ​ទី​នោះ​គេ​បាន​ថ្វាយ​តង្វាយ​ជា​គ្រឿង​ដុត‌ដាល នៅ​ទី​នោះ គេ​ក៏​បាន​ថ្វាយ​តង្វាយ​សម្រាប់​ជា​ក្លិន​ឈ្ងុយ​របស់​គេ ហើយ​បាន​ច្រួច​តង្វាយ​ច្រូច​របស់​គេ​ដែរ។ (យើង​បាន​សួរ​គេ​ថា តើ​ទី​ខ្ពស់​អ្វី​ដែល​អ្នក​តែង‌តែ​ទៅ​នោះ? ដូច្នេះ ទី​នោះ​ហៅ​ថា បាម៉ា រហូត​ដល់​សព្វ​ថ្ងៃ)។ ហេតុ​នោះ ត្រូវ​ប្រាប់​ដល់​ពួក​វង្ស​អ៊ីស្រា‌អែល​ថា ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ អ្នក​រាល់​គ្នា​តែង​ធ្វើ​ឲ្យ​ខ្លួន​ស្មោក‌គ្រោក តាម​បែប​បុព្វ‌បុរស​អ្នក​ដូច្នេះ​ដែរ​ឬ ព្រម​ទាំង​ប្រព្រឹត្ត​សេចក្ដី​កំផិត តាម​ព្រះ​គួរ​ស្អប់​ខ្ពើម​របស់​គេ​ឬ? ដ្បិត​កាល​ណា​អ្នក​រាល់​គ្នា​ថ្វាយ​តង្វាយ​របស់​ខ្លួន កាល​ណា​ធ្វើ​ឲ្យ​កូន​ខ្លួន​ឆ្លង​កាត់​ភ្លើង គឺ​អ្នក​ធ្វើ​ឲ្យ​ខ្លួន​ស្មោក‌គ្រោក ដោយ‌សារ​រូប​ព្រះ​ទាំង​ប៉ុន្មាន​របស់​អ្នក ដរាប​ដល់​សព្វ​ថ្ងៃ​នេះ ដូច្នេះ ឱ​ពួក​វង្ស​អ៊ីស្រា‌អែល​អើយ តើ​យើង​នឹង​ឲ្យ​អ្នក​រាល់​គ្នា​សួរ​ដល់​យើង​ឬ? ព្រះ‌អម្ចាស់‌យេហូវ៉ា​ស្បថ​ថា ដូច​ជា​យើង​រស់​នៅ ប្រាកដ​ជា​យើង​មិន​ឲ្យ​អ្នក​រាល់​គ្នា​សួរ​ដល់​យើង​ទេ។ សេចក្ដី​ដែល​កើត​ក្នុង​គំនិត​អ្នក​រាល់​គ្នា នោះ​មិន​បាន​កើត​មក​ឡើយ គឺ​ជា​សេចក្ដី​ដែល​អ្នក​ថា យើង​នឹង​ធ្វើ​ដូច​ជា​អស់​ទាំង​សាសន៍​ដទៃ និង​ដូច​ជា​អស់​ទាំង​គ្រួសារ នៅ​ស្រុក​ផ្សេងៗ ដោយ​គោរព​ប្រតិ‌បត្តិ​ដល់​ទាំង​ឈើ និង​ថ្ម​ផង។ ព្រះ‌អម្ចាស់‌យេហូវ៉ា​ស្បថ​ថា ដូច​ជា​យើង​រស់​នៅ ប្រាកដ​ជា​យើង​នឹង​សោយ‌រាជ្យ​លើ​អ្នក​រាល់​គ្នា​ដោយ​ដៃ​ខ្លាំង​ពូកែ ហើយ​លើក​សម្រេច ព្រម​ទាំង​ចាក់​សេចក្ដី​ក្រោធ​ចេញ។ យើង​នឹង​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​អស់​ទាំង​សាសន៍ ហើយ​នឹង​ប្រមូល​អ្នក​រាល់​គ្នា​មក​ពី​ស្រុក​ទាំង​ប៉ុន្មាន​ដែល​អ្នក​ត្រូវ​ខ្ចាត់‌ខ្ចាយ​ទៅ​នោះ ដោយ​ដៃ​ខ្លាំង​ពូកែ ហើយ​លើក​សម្រេច ព្រម​ទាំង​ចាក់​សេចក្ដី​ក្រោធ​ចេញ​ផង។ យើង​នឹង​នាំ​អ្នក​រាល់​គ្នា​ទៅ ឲ្យ​នៅ​ឯ​ទី​សូន្យ​ស្ងាត់​នៃ​អស់​ទាំង​សាសន៍ នៅ​ទី​នោះ យើង​នឹង​មាន​រឿង​តវ៉ា​នឹង​អ្នក​ប្រទល់​គ្នា។ យើង​មាន​រឿង​តវ៉ា​នឹង​បុព្វ‌បុរស​អ្នក​រាល់​គ្នា នៅ​ក្នុង​ទី​រហោ‌ស្ថាន​នៃ​ស្រុក​អេស៊ីព្ទ​ជា​យ៉ាង​ណា យើង​ក៏​នឹង​មាន​រឿង​តវ៉ា​នឹង​អ្នក​រាល់​គ្នា​យ៉ាង​នោះ​ដែរ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់‌យេហូវ៉ា។ យើង​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ចូល​ក្រោម​ដំបង រួច​នាំ​ឲ្យ​ជាប់​ចំណង​នៃ​សេចក្ដី​សញ្ញា។ យើង​នឹង​ញែក​ពួក​រឹង​ចចេស​ពី​អ្នក​ចេញ ព្រម​ទាំង​ពួក​អ្នក​ដែល​តែង‌តែ​ប្រព្រឹត្ត​រំលង ទាស់​នឹង​យើង​ផង យើង​នឹង​នាំ​គេ​ចេញ​ពី​ស្រុក​ដែល​គេ​ស្នាក់​នៅ​នោះ តែ​គេ​មិន​បាន​ចូល​ទៅ​ក្នុង​ស្រុក​អ៊ីស្រា‌អែល​ឡើយ នោះ​អ្នក​រាល់​គ្នា​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត។ ចំណែក​អ្នក​រាល់​គ្នា ឱ​ពួក​វង្ស​អ៊ីស្រា‌អែល​អើយ ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ ចូរ​ទៅ​ចុះ ពី​នេះ​ទៅ​មុខ​អ្នក​រាល់​គ្នា​មិន​ព្រម​ស្តាប់​តាម​យើង​ទេ ដូច្នេះ ចូរ​ទៅ​គោរព​ដល់​រូប​ព្រះ​របស់​អ្នក​រៀង​ខ្លួន​ចុះ តែ​មិន​ត្រូវ​បង្អាក់​ឈ្មោះ​បរិសុទ្ធ​របស់​យើង ដោយ​តង្វាយ និង​រូប​ព្រះ​របស់​អ្នក​ទៀត​ឡើយ»។ ដ្បិត​ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «នៅ​លើ​ភ្នំ​បរិសុទ្ធ​របស់​យើង គឺ​ជា​ភ្នំ​យ៉ាង​ខ្ពស់​របស់​ស្រុក​អ៊ីស្រា‌អែល ពួក​វង្ស​អ៊ីស្រា‌អែល​ទាំង​មូល​នឹង​គោរព​ដល់​យើង​គ្រប់​គ្នា​នៅ​ក្នុង​ស្រុក​របស់​ខ្លួន នៅ​ទី​នោះ​យើង​នឹង​ទទួល​គេ ហើយ​នៅ​ទី​នោះ​យើង​សុខ​ចិត្ត​ទទួល​តង្វាយ​របស់​អ្នក​រាល់​គ្នា និង​ផល​ដំបូង​ពី​តង្វាយ​អ្នក ព្រម​ទាំង​គ្រឿង​បរិសុទ្ធ​របស់​អ្នក​រាល់​គ្នា​ទាំង​អស់​ដែរ។ យើង​នឹង​ទទួល​អ្នក​រាល់​គ្នា ទុក​ដូច​ជា​ក្លិន​ក្រអូប ក្នុង​កាល​ដែល​យើង​បាន​នាំ​អ្នក​ចេញ​ពី​ពួក​សាសន៍​ដទៃ ហើយ​ប្រមូល​អ្នក​ពី​អស់​ទាំង​ស្រុក​ដែល​អ្នក​ត្រូវ​ខ្ចាត់‌ខ្ចាយ​ទៅ​នោះ យើង​នឹង​បាន​បរិសុទ្ធ​ក្នុង​ពួក​អ្នក​រាល់​គ្នា នៅ​ចំពោះ​ភ្នែក​អស់​ទាំង​សាសន៍​ដទៃ។ មួយ​ទៀត កាល​ណា​យើង​បាន​នាំ​អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ស្រុក​អ៊ីស្រា‌អែល គឺ​ក្នុង​ស្រុក​ដែល​យើង​បាន​ស្បថ​ថា នឹង​ឲ្យ​ដល់​បុព្វ‌បុរស​អ្នក​ហើយ នោះ​អ្នក​រាល់​គ្នា​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត។ នៅ​ក្នុង​ស្រុក​នោះ អ្នក​រាល់​គ្នា​នឹង​នឹក​ចាំ​ពី​អស់​ទាំង​អំពើ និង​កិរិយា​ទាំង​ប៉ុន្មាន​របស់​ខ្លួន ជា​ការ​ដែល​នាំ​ឲ្យ​អ្នក​ស្មោក‌គ្រោក នោះ​អ្នក​រាល់​គ្នា​នឹង​ខ្ពើម​ខ្លួន ដោយ​ព្រោះ​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន​ដែល​អ្នក​បាន​ធ្វើ​នោះ។ ឱ​ពួក​វង្ស​អ៊ីស្រា‌អែល​អើយ អ្នក​រាល់​គ្នា​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត ក្នុង​កាល​ដែល​យើង​បាន​ប្រព្រឹត្ត​នឹង​អ្នក ដោយ​យល់​ដល់​ឈ្មោះ​យើង មិន​មែន​តាម​អំពើ​អាក្រក់​របស់​អ្នក​រាល់​គ្នា ឬ​តាម​កិរិយា​ស្មោក‌គ្រោក​របស់​អ្នក​នោះ​ទេ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់‌យេហូវ៉ា»។ ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ ចូរ​បែរ​មុខ​ទៅ​ខាង​ត្បូង ហើយ​ប្រកាស​ទាស់​នឹង​ស្រុក​ខាង​ត្បូង​នោះ ត្រូវ​ថ្លែងទំនាយ​ទាស់​នឹង​ស្រុក​ព្រៃ​ក្នុង​តំបន់​ណេកិប​ចុះ។ ប្រាប់​ដល់​ព្រៃ​តំបន់​ណេកិប​ថា ចូរ​ស្តាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​ចុះ ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ យើង​នឹង​បង្កាត់​ភ្លើង​នៅ​ក្នុង​អ្នក ភ្លើង​នោះ​នឹង​ឆេះ​អស់​ទាំង​ឈើ​ស្រស់ និង​ដើម​ឈើ​សោះ‌កក្រោះ​នៅ​ក្នុង​អ្នក ភ្លើង​ឆេះ​នោះ​នឹង​មិន​រលត់​ឡើយ ហើយ​មុខ​មនុស្ស​ទាំង​ប៉ុន្មាន ចាប់​តាំង​ពី​ខាង​ត្បូង​រហូត​ដល់​ខាង​ជើង​នឹង​ត្រូវ​រោល​ទាំង​អស់។ ដូច្នេះ គ្រប់​គ្នា​នឹង​ឃើញ​ថា គឺ​យើង ព្រះ‌យេហូវ៉ា​នេះ ដែល​បាន​បង្កាត់​ភ្លើង ភ្លើង​នោះ​នឹង​មិន​រលត់​ឡើយ»។ ខ្ញុំ​ក៏​ទូល​ថា៖ «ឱ​ព្រះ‌អម្ចាស់‌យេហូវ៉ា​អើយ គេ​និយាយ​ពី​ទូល‌បង្គំ​ថា អ្នក​នេះ តើ​មិន​មែន​ជា​អ្នក​និយាយ​សុទ្ធ​តែ​ពាក្យ​ប្រៀប‌ធៀប​ទេ​ឬ?»។

ចែក​រំលែក
អាន អេសេគាល 20

អេសេគាល 20:1-49 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​ឆ្នាំ​ទី​ប្រាំ‌ពីរ ថ្ងៃ​ទី​ដប់​នៃ​ខែ​ទី​ប្រាំ មាន​អ្នក​ខ្លះ​ក្នុង​ចំណោម​ព្រឹទ្ធា‌ចារ្យ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល នាំ​គ្នា​មក​សួរ​ព្រះ‌អម្ចាស់ ពួក​គេ​អង្គុយ​នៅ​មុខ​ខ្ញុំ។ ពេល​នោះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖ «កូន​មនុស្ស​អើយ ចូរ​ប្រាប់​ព្រឹទ្ធា‌ចារ្យ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​ថា ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: “តើ​អ្នក​រាល់​គ្នា​មក​នេះ ដើម្បី​រក​យើង​ទស្សន៍‌ទាយ​ឲ្យ​ឬ? អ្នក​រាល់​គ្នា​នឹក​ស្មាន​ថា យើង​នឹង​ផ្ដល់​ចម្លើយ​ឲ្យ​អ្នក​រាល់​គ្នា​ឬ? យើង​ជា​ព្រះ​ដែល​មាន​ជីវិត​គង់​នៅ យើង​នឹង​មិន​ផ្ដល់​ចម្លើយ​ឲ្យ​អ្នក​រាល់​គ្នា​ជា​ដាច់​ខាត” - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។ កូន​មនុស្ស​អើយ ចូរ​វិនិច្ឆ័យ​ពួក​គេ ចូរ​វិនិច្ឆ័យ​ពួក​គេ​ទៅ! ចូរ​ប្រាប់​ពួក​គេ​ឲ្យ​ដឹង​នូវ​អំពើ​គួរ​ស្អប់​ខ្ពើម ដែល​ដូនតា​របស់​ពួក​គេ​បាន​ប្រព្រឹត្ត។ ចូរ​ប្រាប់​ពួក​គេ​ថា ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: នៅ​ថ្ងៃ​យើង​ជ្រើស​រើស​ជន‌ជាតិ​អ៊ីស្រា‌អែល យើង​បាន​លើក​ដៃ​សច្ចា​ចំពោះ​ពូជ‌ពង្ស​របស់​លោក​យ៉ាកុប ព្រម​ទាំង​សម្តែង​ឲ្យ​ពួក​គេ​ស្គាល់​យើង​នៅ​ស្រុក​អេស៊ីប។ យើង​បាន​លើក​ដៃ​សច្ចា​ថា “យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា”។ នៅ​ថ្ងៃ​នោះ យើង​បាន​លើក​ដៃ​សច្ចា​ចំពោះ​ពួក​គេ​ថា យើង​នឹង​នាំ​ពួក​គេ​ចាក​ចេញ​ពី​ស្រុក​អេស៊ីប ឆ្ពោះ​ទៅ​កាន់​ស្រុក​មួយ ដែល​យើង​ជ្រើស​រើស​សម្រាប់​ពួក​គេ គឺ​ជា​ស្រុក​ដ៏​សម្បូណ៌​សប្បាយ និង​ស្រុក​ដែល​ល្អ​ស្អាត​ជាង​គេ​ទាំង​អស់។ យើង​បាន​ប្រាប់​ពួក​គេ​ថា “ម្នាក់ៗ​ត្រូវ​បោះ​បង់​ចោល​ព្រះ​ដ៏​គួរ​ស្អប់​ខ្ពើម ដែល​ទាក់‌ទាញ​ចិត្ត​អ្នក​រាល់​គ្នា។ មិន​ត្រូវ​ឲ្យ​ខ្លួន​ទៅ​ជា​សៅហ្មង ដោយ​ថ្វាយ‌បង្គំ​ព្រះ​របស់​ស្រុក​អេស៊ីប​ឡើយ។ យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា”។ ប៉ុន្តែ ពួក​គេ​បះ‌បោរ​ប្រឆាំង​នឹង​យើង មិន​ព្រម​ស្ដាប់​បង្គាប់​យើង​ទេ គឺ​គ្មាន​នរណា​ម្នាក់​លះ‌បង់​ចោល​ព្រះ​ដ៏​គួរ​ស្អប់​ខ្ពើម ដែល​ទាក់‌ទាញ​ចិត្ត​ពួក​គេ​នោះ​ឡើយ ហើយ​ពួក​គេ​ក៏​មិន​ព្រម​បោះ​បង់​ព្រះ​ក្លែងក្លាយ​នៃ​ស្រុក​អេស៊ីប​ដែរ។ នៅ​ស្រុក​អេស៊ីប​នោះ យើង​មាន​បំណង​ដាក់​ទោស​ពួក​គេ​តាម​កំហឹង​របស់​យើង រហូត​ទាល់​តែ​ចប់​ចុង​ចប់​ដើម។ ប៉ុន្តែ យើង​មិន​បាន​បំផ្លាញ​ពួក​គេ​ទេ ដើម្បី​កុំ​ឲ្យ​អាប់​កេរ្តិ៍​ឈ្មោះ​របស់​យើង នៅ​ចំពោះ​មុខ​ប្រជា‌ជាតិ​ទាំង‌ឡាយ ដែល​ពួក​គេ​រស់​នៅ​ជា​មួយ។ យើង​បាន​សម្តែង​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​ស្គាល់​យើង នៅ​ចំពោះ​មុខ​ប្រជា‌ជាតិ​ទាំង​នោះ ដោយ​នាំ​អ៊ីស្រា‌អែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។ យើង​នាំ​ជន‌ជាតិ​អ៊ីស្រា‌អែល​ចេញ​ពី​ស្រុក​អេស៊ីប ព្រម​ទាំង​ដឹក​នាំ​ពួក​គេ​នៅ​វាល​រហោ‌ស្ថាន​ទៀត​ផង។ យើង​បាន​ប្រគល់​ច្បាប់​ឲ្យ​ពួក​គេ និង​នាំ​ពួក​គេ​ឲ្យ​ស្គាល់​វិន័យ​របស់​យើង។ អ្នក​ណា​ប្រតិបត្តិ​តាម អ្នក​នោះ​នឹង​មាន​ជីវិត។ យើង​ក៏​តាំង​ឲ្យ​មាន​ថ្ងៃ​សប្ប័ទ*​ទុក​ជា​ទី​សម្គាល់​សម្រាប់​យើង និង​ពួក​គេ ដើម្បី​ឲ្យ​ពួក​គេ​ទទួល​ស្គាល់​ថា យើង​ជា​ព្រះ‌អម្ចាស់​ដែល​ប្រោស​ពួក​គេ​ឲ្យ​វិសុទ្ធ*។ នៅ​វាល​រហោ‌ស្ថាន ប្រជា‌ជន​អ៊ីស្រា‌អែល​នាំ​គ្នា​បះ‌បោរ​ប្រឆាំង​នឹង​យើង។ ពួក​គេ​ពុំ​បាន​ប្រតិបត្តិ​តាម​ច្បាប់​របស់​យើង ហើយ​ក៏​បដិសេធ​ធ្វើ​តាម​វិន័យ​របស់​យើង ដែល​ផ្ដល់​ជីវិត​ឲ្យ​អស់​អ្នក​ដែល​ប្រតិបត្តិ​តាម។ ពួក​គេ​ចេះ​តែ​រំលោភ​លើ​ថ្ងៃ​សប្ប័ទ​របស់​យើង​ជានិច្ច។ យើង​មាន​បំណង​ដាក់​ទោស​ពួក​គេ ដោយ​ប្រល័យ​ជីវិត​ពួក​គេ​ឲ្យ​វិនាស​សូន្យ នៅ​វាល​រហោ‌ស្ថាន តាម​កំហឹង​របស់​យើង។ ក៏​ប៉ុន្តែ យើង​មិន​បាន​បំផ្លាញ​ពួក​គេ​ទេ ដើម្បី​កុំ​ឲ្យ​អាប់​កេរ្តិ៍​ឈ្មោះ​របស់​យើង​នៅ​ចំពោះ​មុខ​ប្រជា‌ជាតិ​ទាំង‌ឡាយ ដែល​បាន​ឃើញ​យើង​នាំ​អ៊ីស្រា‌អែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។ នៅ​វាល​រហោ‌ស្ថាន យើង​ក៏​លើក​ដៃ​សច្ចា​ចំពោះ​ពួក​គេ​ថា យើង​នឹង​មិន​នាំ​ពួក​គេ​ចូល​ទៅ​ក្នុង​ស្រុក​ដែល​យើង​បាន​ប្រគល់​ឲ្យ​ពួក​គេ​នោះ​ឡើយ គឺ​ស្រុក​ដ៏​សម្បូណ៌​សប្បាយ និង​ស្រុក​ដែល​ល្អ​ស្អាត​ជាង​គេ​ទាំង​អស់។ យើង​ធ្វើ​ដូច្នេះ មក​ពី​ពួក​គេ​មើល‌ងាយ​វិន័យ​របស់​យើង មិន​ធ្វើ​តាម​ច្បាប់​របស់​យើង ព្រម​ទាំង​រំលោភ​លើ​ថ្ងៃ​សប្ប័ទ​របស់​យើង​ទៀត​ផង ពួក​គេ​ជំពាក់​ចិត្ត​នឹង​ព្រះ​ក្លែងក្លាយ​របស់​ខ្លួន​ជានិច្ច។ ប៉ុន្តែ យើង​មាន​ចិត្ត​អាណិត​មេត្តា​ពួក​គេ យើង​ពុំ​បាន​កម្ទេច និង​ប្រល័យ​ជីវិត​ពួក​គេ ឲ្យ​វិនាស​សូន្យ​នៅ​វាល​រហោ‌ស្ថាន​ទេ។ យើង​បាន​ប្រាប់​កូន​ចៅ​របស់​ពួក​គេ នៅ​វាល​រហោ‌ស្ថាន​ថា “កុំ​ធ្វើ​តាម​ច្បាប់ និង​គោរព​តាម​វិន័យ​របស់​ដូនតា​អ្នក​រាល់​គ្នា ហើយ​ក៏​មិន​ត្រូវ​បណ្តោយ​ឲ្យ​ខ្លួន​សៅហ្មង ព្រោះ​តែ​ព្រះ​ក្លែងក្លាយ​របស់​ពួក​គេ​ដែរ។ យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ចូរ​ធ្វើ​តាម​ច្បាប់ និង​គោរព​ពាក្យ​បង្គាប់​របស់​យើង គឺ​ត្រូវ​ប្រតិបត្តិ​តាម​ជានិច្ច។ ចូរ​ចាត់​ទុក​ថ្ងៃ​សប្ប័ទ*​របស់​យើង​ជា​ថ្ងៃ​ដ៏វិសុទ្ធ ដ្បិត​ថ្ងៃ​សប្ប័ទ​នេះ​ជា​ទី​សម្គាល់​សម្រាប់​យើង និង​អ្នក​រាល់​គ្នា ដើម្បី​រំឭក​ឲ្យ​ដឹង​ថា យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា”។ ប៉ុន្តែ អ្នក​ទាំង​នោះ​បាន​បះ‌បោរ​ប្រឆាំង​នឹង​យើង​ដែរ។ ពួក​គេ​ពុំ​ធ្វើ​តាម​ច្បាប់​របស់​យើង​ទេ ពួក​គេ​ក៏​ពុំ​បាន​គោរព និង​ប្រតិបត្តិ​តាម​វិន័យ​របស់​យើង ដើម្បី​ឲ្យ​មាន​ជីវិត​ដែរ។ ពួក​គេ​រំលោភ​លើ​ថ្ងៃ​សប្ប័ទ​របស់​យើង។ យើង​មាន​បំណង​ដាក់​ទោស​ពួក​គេ​នៅ​វាល​រហោ‌ស្ថាន តាម​កំហឹង​របស់​យើង​ទាល់​តែ​អស់​ចិត្ត។ ផ្ទុយ​ទៅ​វិញ យើង​បាន​ដូរ​គំនិត គឺ​យើង​មិន​ដាក់​ទោស​ពួក​គេ​ទេ ដើម្បី​កុំ​ឲ្យ​អាប់​កេរ្តិ៍​ឈ្មោះ​របស់​យើង នៅ​ចំពោះ​មុខ​ប្រជា‌ជាតិ​ទាំង‌ឡាយ​ដែល​បាន​ឃើញ​យើង​នាំ​អ៊ីស្រា‌អែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។ នៅ​ក្នុង​វាល​រហោ‌ស្ថាន​នោះ យើង​ក៏​បាន​លើក​ដៃ​សច្ចា​ថា យើង​នឹង​បំបែក​ពួក​គេ​ទៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ ព្រម​ទាំង​កម្ចាត់‌កម្ចាយ​ពួក​គេ​ឲ្យ​ទៅ​រស់​នៅ​តាម​ស្រុក​នានា​ទៀត​ផង ព្រោះ​ពួក​គេ​ពុំ​បាន​ធ្វើ​តាម​បង្គាប់​វិន័យ​របស់​យើង ហើយ​បោះ​បង់​ចោល​ច្បាប់ និង​រំលោភ​លើ​ថ្ងៃ​សប្ប័ទ​របស់​យើង ព្រម​ទាំង​ជំពាក់​ចិត្ត​នឹង​ព្រះ​ក្លែងក្លាយ​របស់​ដូនតា​ខ្លួន។ ហេតុ​នេះ យើង​ក៏​ប្រគល់​ច្បាប់​មិន​ល្អ​ដល់​ពួក​គេ ហើយ​ឲ្យ​ពួក​គេ​ធ្វើ​តាម​វិន័យ ដែល​ពុំ​ផ្ដល់​ឲ្យ​ពួក​គេ​មាន​ជីវិត។ យើង​ធ្វើ​ឲ្យ​ពួក​គេ​ទៅ​ជា​សៅហ្មង ដោយ‌សារ​តង្វាយ​របស់​ខ្លួន គឺ​នៅ​ពេល​គេ​យក​កូន​ច្បង​របស់​ខ្លួន​ទៅ​ដុត​ជា​យញ្ញ‌បូជា។ យើង​ចង់​ឲ្យ​ពួក​គេ​វិនាស​ហិន‌ហោច ដើម្បី​ឲ្យ​ពួក​គេ​ទទួល​ស្គាល់ ថា​យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន។ ហេតុ​នេះ កូន​មនុស្ស​អើយ ចូរ​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​ថា “ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: ដូនតា​របស់​អ្នក​រាល់​គ្នា​ចេះ​តែ​នាំ​គ្នា​ប្រមាថ​យើង ដោយ​ក្បត់​ចិត្ត​យើង។ យើង​នាំ​ពួក​គេ​ចូល​ទៅ​ក្នុង​ទឹក​ដី ដែល​យើង​បាន​លើក​ដៃ​សច្ចា​ថា ប្រគល់​ឲ្យ​ពួក​គេ។ ប៉ុន្តែ ពួក​គេ​បែរ​ជា​ផ្ដោត​ចិត្ត​ទៅ​រក​ទួល​ខ្ពស់ៗ ព្រម​ទាំង​ដើម​ឈើ​ទាំង​ប៉ុន្មាន​ដែល​មាន​ស្លឹក​ពាស‌ពេញ។ ពួក​គេ​នាំ​គ្នា​ធ្វើ​យញ្ញ‌បូជា​នៅ​ទី​នោះ ព្រម​ទាំង​ច្រួច‌ស្រា​បណ្ដាល​ឲ្យ​យើង​ខឹង។ ពួក​គេ​សែន​សំណែន​ដ៏​មាន​ក្លិន​ឈ្ងុយ‌ឈ្ងប់ និង​ច្រួច‌ស្រា​សែន​ព្រះ​ក្លែងក្លាយ។ យើង​បាន​សួរ​ពួក​គេ​ថា តើ​ទួល​ខ្ពស់ៗ​ជា​អ្វី បាន​ជា​អ្នក​រាល់​គ្នា​ធ្វើ​ដំណើរ​កាត់​ពី​ឆ្ងាយ​ទៅ​រក​កន្លែង​នោះ?”។ គេ​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា “ទីសក្ការៈ​នៅ​តាម​ទួល​ខ្ពស់ៗ” រហូត​មក​ទល់​សព្វ​ថ្ងៃ។ ចូរ​ថ្លែង​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​ថា ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ធ្វើ​ឲ្យ​ខ្លួន​សៅហ្មង ដោយ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ជា​មួយ​ព្រះ​ដ៏​គួរ​ស្អប់​ខ្ពើម ដូច​ដូនតា​របស់​អ្នក​រាល់​គ្នា​យ៉ាង​នេះ? អ្នក​រាល់​គ្នា​ធ្វើ​ឲ្យ​ខ្លួន​សៅហ្មង ដោយ​គោរព​ព្រះ​ក្លែងក្លាយ​របស់​អ្នក​រាល់​គ្នា​រហូត​មក​ទល់​សព្វ​ថ្ងៃ។ អ្នក​រាល់​គ្នា​យក​សំណែន និង​យក​កូន​របស់​ខ្លួន​ទៅ​ដុត​ជា​យញ្ញ‌បូជា​សែន​ព្រះ​ទាំង​នោះ។ អ៊ីស្រា‌អែល​អើយ តើ​អ្នក​រាល់​គ្នា​ស្មាន​ថា យើង​ផ្ដល់​ចម្លើយ​ឲ្យ​អ្នក​រាល់​គ្នា​ឬ? ទេ​យើង​មិន​ផ្ដល់​ចម្លើយ​ឲ្យ​អ្នក​រាល់​គ្នា​ឡើយ។ យើង​ជា​ព្រះ​ដែល​មាន​ជីវិត​គង់​នៅ! - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។ អ្នក​រាល់​គ្នា​នឹក​ស្មាន​ថា​ខ្លួន​អាច​គោរព​ថ្វាយ‌បង្គំ​ព្រះ​ដែល​ធ្វើ​ពី​ឈើ និង​ពី​ថ្ម ដូច​ប្រជា‌ជាតិ និង​ជាតិ​សាសន៍​នៅ​តាម​ស្រុក​នានា​នោះ​ឬ? ទេ ធ្វើ​ដូច្នេះ មិន​បាន​ជា​ដាច់​ខាត! យើង​ជា​ព្រះ​ដែល​មាន​ជីវិត​គង់​នៅ -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់ - យើង​នឹង​គ្រង​រាជ្យ​លើ​អ្នក​រាល់​គ្នា យើង​នឹង​ដាក់​ទោស​អ្នក​រាល់​គ្នា ដោយ​ឫទ្ធិ‌បារមី​ដ៏​ខ្លាំង‌ក្លា​របស់​យើង។ យើង​នឹង​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង‌ឡាយ យើង​នឹង​ប្រមូល​អ្នក​រាល់​គ្នា ពី​ស្រុក​ដែល​យើង​កម្ចាត់‌កម្ចាយ​អ្នក​រាល់​គ្នា​ឲ្យ​ទៅ​នោះ ហើយ​យើង​នឹង​ដាក់​ទោស​អ្នក​រាល់​គ្នា​ដោយ​ឫទ្ធិ‌បារមី​ដ៏​ខ្លាំង‌ក្លា​របស់​យើង។ យើង​នឹង​នាំ​អ្នក​រាល់​គ្នា​ទៅ​វាល​រហោ‌ស្ថាន​ដាច់​ឡែក​ពី​ជាតិ​សាសន៍​នានា នៅ​ទី​នោះ យើង​នឹង​វិនិច្ឆ័យ​ទោស​អ្នក​រាល់​គ្នា មុខ​ទល់​នឹង​មុខ។ យើង​នឹង​វិនិច្ឆ័យ​ទោស​អ្នក​រាល់​គ្នា ដូច​យើង​ធ្លាប់​វិនិច្ឆ័យ​ទោស​ដូនតា​របស់​អ្នក​រាល់​គ្នា​នៅ​វាល​រហោ‌ស្ថាន​ស្រុក​អេស៊ីប​ដែរ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។ យើង​នឹង​ដាក់​អ្នក​រាល់​គ្នា​នៅ​ក្រោម​អំណាច​របស់​យើង ហើយ​បង្ខំ​អ្នក​រាល់​គ្នា​ឲ្យ​គោរព​តាម​សម្ពន្ធ‌មេត្រី។ យើង​នឹង​ដក​ជន​បះ‌បោរ ព្រម​ទាំង​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ប្រឆាំង​នឹង​យើង ចេញ​ពី​ចំណោម​អ្នក​រាល់​គ្នា។ យើង​នឹង​យក​ពួក​គេ​ចេញ​ពី​ស្រុក​ដែល​ពួក​គេ​ទៅ​រស់​នៅ​តែ​ពួក​គេ មិន​វិល​ត្រឡប់​ទៅ​កាន់​ទឹក​ដី​អ៊ីស្រា‌អែល​វិញ​ឡើយ។ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន»។ រីឯ​អ្នក​រាល់​គ្នា​វិញ ជន‌ជាតិ​អ៊ីស្រា‌អែល​អើយ ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: «ទៅ! នាំ​គ្នា​ថ្វាយ‌បង្គំ​ព្រះ​ក្លែងក្លាយ​របស់​អ្នក​រាល់​គ្នា​រៀងៗ​ខ្លួន​ទៅ! នៅ​ពេល​ក្រោយ អ្នក​រាល់​គ្នា​ត្រូវ​តែ​ស្ដាប់​បង្គាប់​យើង អ្នក​រាល់​គ្នា​នឹង​លែង​ប្រមាថ​នាម​របស់​យើង ដោយ​ការ​សែន‌ព្រេន​ព្រះ​ក្លែងក្លាយ​ទៀត​ហើយ ដ្បិត​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល​ដែល​រស់​នៅ​ក្នុង​ស្រុក នឹង​គោរព​បម្រើ​យើង​នៅ​លើ​ភ្នំ​ដ៏វិសុទ្ធ​របស់​យើង គឺ​ភ្នំ​ដ៏​ខ្ពស់​នៅ​ស្រុក​អ៊ីស្រា‌អែល - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។ យើង​ពេញ​ចិត្ត​នឹង​ទទួល​អ្នក​រាល់​គ្នា​នៅ​លើ​ភ្នំ​នោះ ព្រម​ទាំង​ទទួល​តង្វាយ​ផល​ដំបូង និង​អ្វីៗ​ផ្សេង​ទៀត​ដែល​អ្នក​រាល់​គ្នា​ញែក​ទុក​សម្រាប់​យើង។ កាល​យើង​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ចំណោម​ជាតិ​សាសន៍​ទាំង‌ឡាយ កាល​យើង​ប្រមូល​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក ដែល​យើង​បំបែក​អ្នក​រាល់​គ្នា​ឲ្យ​ទៅ​នៅ​នោះ​មក​វិញ យើង​ពេញ​ចិត្ត​នឹង​ទទួល​អ្នក​រាល់​គ្នា ព្រម​ទាំង​ទទួល​យញ្ញ‌បូជា​ដ៏​មាន​ក្លិន​ឈ្ងុយ‌ឈ្ងប់។ ពេល​នោះ យើង​នឹង​សម្តែង​ឲ្យ​ប្រជា‌ជាតិ​នានា​ឃើញ​ថា យើង​ជា​ព្រះ​ដ៏វិសុទ្ធ ដោយ​យើង​ប្រណី​សន្ដោស​អ្នក​រាល់​គ្នា។ ពេល​យើង​នាំ​អ្នក​រាល់​គ្នា​វិល​ត្រឡប់​ទៅ​កាន់​ទឹក​ដី​អ៊ីស្រា‌អែល​វិញ គឺ​ទឹក​ដី​ដែល​យើង​បាន​លើក​ដៃ​សច្ចា​ថា ប្រគល់​ឲ្យ​ដូនតា​របស់​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន។ នៅ​ទី​នោះ អ្នក​រាល់​គ្នា​នឹង​នឹក​ឃើញ​អំពី​កិរិយា​មារយាទ និង​អំពើ​ទាំង​ប៉ុន្មាន​ដែល​អ្នក​រាល់​គ្នា​បាន​ធ្វើ​ឲ្យ​ខ្លួន​សៅហ្មង អ្នក​រាល់​គ្នា​នឹក​ខ្មាស​ខ្លួន​ឯង ព្រោះ​តែ​អំពើ​ទុច្ចរិត​ដែល​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត។ ជន‌ជាតិ​អ៊ីស្រា‌អែល​អើយ យើង​នឹង​ប្រព្រឹត្ត​ចំពោះ​អ្នក​រាល់​គ្នា ដោយ​យល់​ដល់​នាម​យើង​ផ្ទាល់ គឺ​យើង​មិន​ប្រព្រឹត្ត​តាម​អំពើ​ទុច្ចរិត និង​អំពើ​អាក្រក់​របស់​អ្នក​រាល់​គ្នា​ទេ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន» -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖ «កូន​មនុស្ស​អើយ ចូរ​បែរ​មុខ​ទៅ​ខាង​ត្បូង ហើយ​ប្រកាស​ប្រឆាំង​នឹង​ស្រុក​ខាង​ត្បូង​ទៅ! ចូរ​ថ្លែង​ពាក្យ​ក្នុង​នាម​យើង​ប្រឆាំង​នឹង​ព្រៃ​នៅ​ស្រុក​ខាង​ត្បូង! ត្រូវ​ប្រាប់​ព្រៃ​នៅ​ស្រុក​ខាង​ត្បូង​ថា: ចូរ​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់! ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា “យើង​នឹង​បង្កាត់​ភ្លើង​នៅ​ក្នុង​អ្នក ភ្លើង​នេះ​ឆាប‌ឆេះ​ដើម​ឈើ​ស្រស់ និង​ដើម​ឈើ​ងាប់​ទាំង​ប៉ុន្មាន។ ភ្លើង​នេះ​មិន​រលត់​ឡើយ មនុស្ស​ទាំង​អស់​នឹង​ត្រូវ​រលាក​ភ្លើង តាំង​ពី​អ្នក​ស្រុក​ខាង​ត្បូង​រហូត​ដល់​អ្នក​ស្រុក​ខាង​ជើង។ មនុស្ស​លោក​ទាំង​អស់​នឹង​ឃើញ​ថា គឺ​យើង​ជា​ព្រះ‌អម្ចាស់​ដែល​បាន​បង្កាត់​ភ្លើង​នេះ ហើយ​វា​នឹង​មិន​រលត់​ឡើយ”»។ ខ្ញុំ​ទូល​ព្រះអង្គ​ថា៖ «បពិត្រ​ព្រះ‌ជា‌អម្ចាស់ អ្នក​ទាំង​នោះ​តែង​តែ​ពោល​ថា ទូលបង្គំ​ជា​អ្នក​និយាយ​ពាក្យ​ប្រស្នា»។

ចែក​រំលែក
អាន អេសេគាល 20

អេសេគាល 20:1-49 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នៅ​ថ្ងៃ​១០ ខែ​ស្រាពណ៍ ក្នុង​ឆ្នាំ​ទី​៧ នោះ​ពួក​ចាស់‌ទុំ​ខ្លះ​នៃ​សាសន៍​អ៊ីស្រាអែល​បាន​មក ដើម្បី​ទូល​សួរ​ដល់​ព្រះ‌យេហូវ៉ា ហើយ​គេ​អង្គុយ​នៅ​មុខ​ខ្ញុំ នោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្ញុំ​ថា កូន​មនុស្ស​អើយ ចូរ​និយាយ​ប្រាប់ ដល់​ពួក​ចាស់‌ទុំ​នៃ​សាសន៍​អ៊ីស្រាអែល​ថា ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ ឯង​រាល់​គ្នា​បាន​មក​សួរ​ដល់​អញ​ឬ ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​ស្បថ​ថា ដូច​ជា​អញ​រស់​នៅ នោះ​ប្រាកដ​ជា​អញ​មិន​ឲ្យ​ឯង​រាល់​គ្នា​សួរ​ដល់​អញ​ទេ កូន​មនុស្ស​អើយ ឯង​ចង់​ជំនុំ‌ជំរះ​គេ​ឬ តើ​ចង់​ជំនុំ‌ជំរះ​គេ​ឬ​ទេ ចូរ​ឲ្យ​គេ​ដឹង​ពី​អស់​ទាំង​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​ពួក​ឰយុកោ​គេ ហើយ​ប្រាប់​គេ​ថា ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ នៅ​ថ្ងៃ​ដែល​អញ​បាន​រើស​អ៊ីស្រាអែល ហើយ​ស្បថ​ដល់​ពូជ‌ពង្ស​យ៉ាកុប ព្រម​ទាំង​សំដែង​ឲ្យ​គេ​ស្គាល់​អញ​នៅ​ស្រុក​អេស៊ីព្ទ គឺ​កាល​ដែល​អញ​បាន​ស្បថ​ដល់​គេ​ថា អញ​នេះ​ជា​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា នៅ​ថ្ងៃ​នោះ​ឯង អញ​បាន​ស្បថ​ដល់​គេ​ថា នឹង​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ ទៅ​ក្នុង​ស្រុក​១​ដែល​អញ​បាន​ស្វែង​រក​ឲ្យ​គេ ជា​ស្រុក​មាន​ទឹក​ដោះ នឹង​ទឹក​ឃ្មុំ​ហូរ‌ហៀរ ជា​ទី​រុងរឿង​ជាង​ស្រុក​ទាំង​អស់ អញ​ក៏​ប្រាប់​គេ​ថា ចូរ​ឲ្យ​គ្រប់​គ្នា​បោះ​ចោល​អស់​ទាំង​របស់​គួរ​ស្អប់​ខ្ពើម ដែល​គាប់​ភ្នែក​ឯង​ចេញ កុំ​ធ្វើ​ឲ្យ​ខ្លួន​សៅ‌ហ្មង ដោយ​រូប​ព្រះ​របស់​ស្រុក​អេស៊ីព្ទ​ឡើយ អញ គឺ​យេហូវ៉ា​នេះ ជា​ព្រះ​នៃ​ឯង​រាល់​គ្នា​ហើយ តែ​គេ​បាន​រឹង‌ចចេស​នឹង​អញ ឥត​ព្រម​ស្តាប់​តាម​អញ​ឡើយ ក៏​មិន​បាន​លះ​ចោល​របស់​គួរ​ស្អប់​ខ្ពើម ដែល​នៅ​គាប់​ដល់​ភ្នែក​គេ​រៀង​ខ្លួន​សោះ ឬ​បោះ‌បង់​ចោល​រូប​ព្រះ​របស់​សាសន៍​អេស៊ីព្ទ​ដែរ ដូច្នេះ អញ​បាន​ថា អញ​នឹង​ចាក់​សេចក្ដី​ឃោរ‌ឃៅ​របស់​អញ​ទៅ​លើ​គេ ដើម្បី​នឹង​សំរេច​សេចក្ដី​កំហឹង​របស់​អញ ទាស់​នឹង​គេ​នៅ​កណ្តាល​ស្រុក​អេស៊ីព្ទ ប៉ុន្តែអញ​បាន​ប្រព្រឹត្ត​ដោយ​យល់​ដល់​ឈ្មោះ​អញ ដើម្បី​មិន​ឲ្យ​ត្រូវ​ទាប​ថោក នៅ​ចំពោះ​ភ្នែក​នៃ​សាសន៍​ដទៃ ជា​សាសន៍​ដែល​គេ​នៅ​កណ្តាល ហើយ​ដែល​អញ​បាន​សំដែង​ឲ្យ​គេ​ស្គាល់​អញ នៅ​ចំពោះ​ភ្នែក​នៃ​សាសន៍​នោះ ដោយ​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​នោះ​ដែរ។ ដូច្នេះ អញ​បាន​ធ្វើ​ឲ្យ​គេ​ចាក់​ចេញ​ពី​ស្រុក​អេស៊ីព្ទ ហើយ​បាន​នាំ​ចូល​ទៅ​ក្នុង​ទី​រហោ‌ស្ថាន អញ​ក៏​ឲ្យ​ក្រឹត្យ‌ក្រម​របស់​អញ​ដល់​គេ ព្រម​ទាំង​សំដែង​ឲ្យ​គេ​ស្គាល់​បញ្ញត្ត​ច្បាប់​ទាំង​ប៉ុន្មាន​របស់​អញ ដែល​បើ​អ្នក​ណា​ប្រព្រឹត្ត​តាម អ្នក​នោះ​នឹង​បាន​រស់​ដោយ‌សារ​ច្បាប់​នោះ អញ​ក៏​តាំង​ថ្ងៃ​ឈប់​សំរាក​របស់​អញ​ឲ្យ​គេ​ដែរ ទុក​សំរាប់​ជា​ទី​សំគាល់​ដល់​អញ ហើយ​នឹង​គេ ប្រយោជន៍​ឲ្យ​គេ​បាន​ដឹង​ថា អញ​ជា​ព្រះ‌យេហូវ៉ា​ដែល​ញែក​គេ​ចេញ​ជា​បរិសុទ្ធ ប៉ុន្តែពូជ‌ពង្ស​នៃ​ពួក​អ៊ីស្រាអែល​បាន​រឹង‌ចចេស​នឹង​អញ នៅ​ទី​រហោ‌ស្ថាន​វិញ គេ​មិន​បាន​ប្រព្រឹត្ត​តាម​ច្បាប់​អញ​ទេ ក៏​បោះ‌បង់​ចោល​អស់​ទាំង​បញ្ញត្ត​របស់​អញ ជា​ច្បាប់​ដែល​អ្នក​ណា​ប្រព្រឹត្ត​តាម នោះ​នឹង​បាន​រស់​ដោយ‌សារ​ច្បាប់​នោះ​ឯង ហើយ​គេ​ក៏​បង្អាប់​ថ្ងៃ​ឈប់​សំរាក​របស់​អញ​យ៉ាង​ក្រៃ‌លែង នោះ​អញ​បាន​ថា អញ​នឹង​ចាក់​សេចក្ដី​ឃោរ‌ឃៅ​របស់​អញ ទៅ​លើ​គេ​នៅ​ក្នុង​ទី​រហោ‌ស្ថាន ដើម្បី​នឹង​រំលីង​គេ​ឲ្យ​អស់​ទៅ ប៉ុន្តែអញ​បាន​ប្រព្រឹត្ត​ដោយ​យល់​ដល់​ឈ្មោះ​អញ​វិញ ដើម្បី​មិន​ឲ្យ​ឈ្មោះ​អញ​ត្រូវ​ទាប​ថោក នៅ​ភ្នែក​នៃ​អស់​ទាំង​សាសន៍​ដែល​អញ​បាន​នាំ​គេ​ចេញ នៅ​ចំពោះ​មុខ​នោះ​ឡើយ មួយ​ទៀត អញ​បាន​ស្បថ​នឹង​គេ នៅ​ទី​រហោ‌ស្ថាន​ថា អញ​មិន​ព្រម​នាំ​គេ​ចូល​ទៅ​ក្នុង​ស្រុក ដែល​អញ​បាន​ឲ្យ​ដល់​គេ ជា​ស្រុក​មាន​ទឹក​ដោះ នឹង​ទឹក​ឃ្មុំ​ហូរ‌ហៀរ ដែល​ជា​ស្រុក​រុងរឿង​ជាង​អស់​ទាំង​ស្រុក​នោះ​ទេ ពី​ព្រោះ​គេ​បាន​បោះ‌បង់​ចោល​ក្រឹត្យ‌ក្រម​របស់​អញ ឥត​ប្រព្រឹត្ត​តាម​បញ្ញត្ត​ច្បាប់​របស់​អញ ក៏​បង្អាប់​ថ្ងៃ​ឈប់​សំរាក​របស់​អញ​ដែរ ដ្បិត​ចិត្ត​គេ​ជាប់​តាម​រូប​ព្រះ​របស់​គេ​វិញ ប៉ុន្តែភ្នែក​អញ​បាន​ប្រណី​ដល់​គេ ហើយ​អញ​មិន​បាន​បំផ្លាញ​គេ​ឡើយ ក៏​មិន​បាន​ឲ្យ​គេ​សូន្យ​ផុត​ទៅ នៅ​ទី​រហោ‌ស្ថាន​ដែរ។ អញ​បាន​ប្រាប់​ដល់​កូន​ចៅ​គេ នៅ​ទី​រហោ‌ស្ថាន​ថា កុំ​ឲ្យ​ដើរ​តាម​ច្បាប់​របស់​ពួក​ឰយុកោ​ឯង​រាល់​គ្នា ឬ​កាន់​តាម​បញ្ញត្ត​របស់​គេ ឬ​ធ្វើ​ឲ្យ​ខ្លួន​សៅ‌ហ្មង ដោយ​រូប​ព្រះ​របស់​គេ​ឡើយ អញ​នេះ គឺ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា ចូរ​ប្រព្រឹត្ត​តាម​អស់​ទាំង​ក្រឹត្យ‌ក្រម​អញ ហើយ​រក្សា​បញ្ញត្ត​ច្បាប់​របស់​អញ ព្រម​ទាំង​ប្រព្រឹត្ត​តាម​វិញ ចូរ​ញែក​ថ្ងៃ​ឈប់​សំរាក​របស់​អញ​ចេញ​ជា​បរិសុទ្ធ នោះ​នឹង​បាន​ជា​ទី​សំគាល់​ដល់​អញ ហើយ​នឹង​ឯង​រាល់​គ្នា ដើម្បី​ឲ្យ​ឯង​បាន​ដឹង​ថា អញ​នេះ គឺ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា ប៉ុន្តែកូន​ចៅ​ទាំង​នោះ​ក៏​រឹង‌ចចេស​នឹង​អញ​ដែរ គេ​មិន​បាន​ប្រព្រឹត្ត​តាម​អស់​ទាំង​ច្បាប់​របស់​អញ​ឡើយ ក៏​មិន​បាន​រក្សា​បញ្ញត្ត​ទាំង​ប៉ុន្មាន​របស់​អញ ដើម្បី​នឹង​ប្រព្រឹត្ត​តាម​ផង ជា​ច្បាប់​ដែល​អ្នក​ណា​ប្រព្រឹត្ត​តាម អ្នក​នោះ​នឹង​បាន​រស់​នៅ ដោយ‌សារ​ច្បាប់​នោះ​ឯង គេ​បាន​បង្អាប់​ថ្ងៃ​ឈប់​សំរាក​របស់​អញ​ទៅ ដូច្នេះ អញ​បាន​ថា អញ​នឹង​ចាក់​សេចក្ដី​ឃោរ‌ឃៅ​របស់​អញ​ទៅ​លើ​គេ ដើម្បី​នឹង​សំរេច​សេចក្ដី​កំហឹង​របស់​អញ​នៅ​លើ​គេ នៅ​ក្នុង​ទី​រហោ‌ស្ថាន ប៉ុន្តែអញ​បាន​ដក​ដៃ​ចេញ​វិញ ហើយ​បាន​ប្រព្រឹត្ត​ដោយ​យល់​ដល់​ឈ្មោះ​អញ ដើម្បី​មិន​ឲ្យ​ឈ្មោះ​អញ​ត្រូវ​ទាប​ថោក នៅ​ភ្នែក​នៃ​សាសន៍​ដទៃ ដែល​អញ​បាន​នាំ​គេ​ចេញ​ទៅ នៅ​ចំពោះ​មុខ​នោះ​ឡើយ មួយ​ទៀត អញ​បាន​ស្បថ​នឹង​គេ​នៅ​ទី​រហោ‌ស្ថាន​ថា អញ​នឹង​កំចាត់‌កំចាយ​គេ​ទៅ​នៅ​កណ្តាល​អស់​ទាំង​សាសន៍ ហើយ​បែង​ចែក​គេ​ទៅ​នៅ​គ្រប់​ស្រុក​ទាំង​អស់ ពី​ព្រោះ​គេ​មិន​បាន​ប្រព្រឹត្ត​តាម​អស់​ទាំង​ក្រឹត្យ‌ក្រម​របស់​អញ​ឡើយ គឺ​បាន​បោះ‌បង់​ចោល​បញ្ញត្ត​ច្បាប់​ទាំង​ប៉ុន្មាន​របស់​អញ ព្រម​ទាំង​បង្អាក់​ថ្ងៃ​ឈប់​សំរាក​របស់​អញ​វិញ ហើយ​ភ្នែក​គេ​ក៏​ជាប់​តាម​រូប​ព្រះ​របស់​ពួក​ឰយុកោ​គេ​ដែរ អញ​ក៏​ឲ្យ​ក្រឹត្យ‌ក្រម​ដល់​គេ ដែល​មិន​ស្រួល​ល្អ ហើយ​នឹង​បញ្ញត្ត​ច្បាប់ ដែល​គ្មាន​អ្នក​ណា​អាច​នឹង​រស់​បាន​តាម​ច្បាប់​នោះ​ទេ អញ​ក៏​បាន​ធ្វើ​ឲ្យ​គេ​ស្មោក‌គ្រោក ដោយ‌សារ​ដង្វាយ​របស់​គេ ពី​ព្រោះ​គេ​បាន​យក​កូន​កើត​ដំបូង​របស់​ខ្លួន ទៅ​ធ្វើ​ឲ្យ​ឆ្លង​កាត់​ភ្លើង ដើម្បី​ឲ្យ​អញ​បាន​ធ្វើ​ឲ្យ​គេ​នៅ​ស្ងាត់ ប្រយោជន៍​ឲ្យ​គេ​បាន​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត។ ហេតុ​នោះ កូន​មនុស្ស​អើយ ចូរ​និយាយ​ប្រាប់​ដល់​ពួក​វង្ស​អ៊ីស្រាអែល​ថា ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ ពួក​ឰយុកោ​ឯង​រាល់​គ្នា​បាន​ប្រមាថ​ដល់​អញ​ក្នុង​ការ​នេះ​ទៀត គឺ​គេ​បាន​ប្រព្រឹត្ត​អំពើ​រំលង​ទាស់​នឹង​អញ ដ្បិត​កាល​អញ​បាន​នាំ​គេ​ចូល​មក​ក្នុង​ស្រុក ដែល​អញ​បាន​ស្បថ​ថា នឹង​ឲ្យ​ដល់​គេ នោះ​គេ​បាន​ឃើញ​គ្រប់​ទាំង​ទួល​ខ្ពស់ ហើយ​គ្រប់​ទាំង​ដើម​ឈើ​ស៊ុប‌ទ្រុប រួច​គេ​ក៏​ថ្វាយ​យញ្ញ‌បូជា​របស់​គេ នៅ​លើ​ទី​នោះ គឺ​នៅ​ទី​នោះ គេ​បាន​ថ្វាយ​ដង្វាយ​ជា​គ្រឿង​ដុត‌ដាល នៅ​ទី​នោះ គេ​ក៏​បាន​ថ្វាយ​ដង្វាយ​សំរាប់​ជា​ក្លិន​ឈ្ងុយ​របស់​គេ ហើយ​បាន​ច្រួច​ដង្វាយ​ច្រួច​របស់​គេ​នៅ​ទី​នោះ​ដែរ នោះ​អញ​បាន​សួរ​គេ​ថា ទី​ខ្ពស់​ដែល​ឯង​តែង‌តែ​ទៅ​នោះ តើ​ដូច​ម្តេច ដូច្នេះ ទី​នោះ​បាន​ហៅ​ឈ្មោះ​ថា «បាម៉ា» ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។ ហេតុ​នោះ ត្រូវ​ឲ្យ​ប្រាប់​ដល់​ពួក​វង្ស​អ៊ីស្រាអែល​ថា ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ ឯង​រាល់​គ្នា​តែង​ធ្វើ​ឲ្យ​ខ្លួន​ស្មោក‌គ្រោក តាម​បែប​ពួក​ឰយុកោ​ឯង​ដូច្នេះ​ដែរ​ឬ ព្រម​ទាំង​ប្រព្រឹត្ត​សេចក្ដី​កំផិត តាម​ព្រះ​គួរ​ស្អប់​ខ្ពើម​របស់​គេ​ឬ​អី ដ្បិត​កាល​ណា​ឯង​រាល់​គ្នា​ថ្វាយ​ដង្វាយ​របស់​ខ្លួន កាល​ណា​ធ្វើ​ឲ្យ​កូន​ខ្លួន​ឆ្លង​កាត់​ភ្លើង នោះ​គឺ​ឯង​ធ្វើ​ឲ្យ​ខ្លួន​ស្មោក‌គ្រោក ដោយ‌សារ​រូប​ព្រះ​ទាំង​ប៉ុន្មាន​របស់​ឯង ដរាប​ដល់​សព្វ​ថ្ងៃ​នេះ ដូច្នេះ ឱ​ពួក​វង្ស​អ៊ីស្រាអែល​អើយ តើ​អញ​នឹង​ឲ្យ​ឯង​រាល់​គ្នា​សួរ​ដល់​អញ​ឬ ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​ស្បថ​ថា ដូច​ជា​អញ​រស់​នៅ នោះ​ប្រាកដ​ជា​អញ​មិន​ឲ្យ​ឯង​រាល់​គ្នា​សួរ​ដល់​អញ​ទេ ហើយ​សេចក្ដី​ដែល​កើត​ក្នុង​គំនិត​ឯង​រាល់​គ្នា នោះ​មិន​បាន​កើត​មក​ឡើយ គឺ​ជា​សេចក្ដី​ដែល​ឯង​ថា យើង​នឹង​ធ្វើ​ដូច​ជា​អស់​ទាំង​សាសន៍​ដទៃ នឹង​ដូច​ជា​អស់​ទាំង​គ្រួសារ នៅ​ស្រុក​ផ្សេងៗ ដោយ​គោរព​ប្រតិ‌បត្តិ​ដល់​ទាំង​ឈើនឹង​ថ្ម​ផង។ ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​ស្បថ​ថា ដូច​ជា​អញ​រស់​នៅ នោះ​ប្រាកដ​ជា​អញ​នឹង​សោយ‌រាជ្យ​លើ​ឯង​រាល់​គ្នា ដោយ​ដៃ​ខ្លាំង​ពូកែ ហើយ​លើក​សំរេច ព្រម​ទាំង​ចាក់​សេចក្ដី​ក្រោធ​ចេញ អញ​នឹង​នាំ​ឯង​រាល់​គ្នា​ចេញ​ពី​អស់​ទាំង​សាសន៍ ហើយ​នឹង​ប្រមូល​ឯង​រាល់​គ្នា​មក​ពី​ស្រុក​ទាំង​ប៉ុន្មាន ដែល​ឯង​ត្រូវ​ខ្ចាត់​ខ្ចាយ​ទៅ​នោះ ដោយ​ដៃ​ខ្លាំង​ពូកែ ហើយ​លើក​សំរេច ព្រម​ទាំង​ចាក់​សេចក្ដី​ក្រោធ​ចេញ​ផង អញ​នឹង​នាំ​ឯង​រាល់​គ្នា​ទៅ ឲ្យ​នៅ​ឯ​ទី​សូន្យ​ស្ងាត់​នៃ​អស់​ទាំង​សាសន៍ នៅ​ទី​នោះ អញ​នឹង​មាន​រឿង​តវ៉ា​នឹង​ឯង​ប្រទល់​គ្នា អញ​បាន​មាន​រឿង​តវ៉ា​នឹង​ពួក​ឰយុកោ​ឯង​រាល់​គ្នា នៅ​ក្នុង​ទី​រហោ‌ស្ថាន​នៃ​ស្រុក​អេស៊ីព្ទ​ជា​យ៉ាង​ណា អញ​ក៏​នឹង​មាន​រឿង​តវ៉ា​នឹង​ឯង​រាល់​គ្នា​យ៉ាង​នោះ​ដែរ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា នោះ​អញ​នឹង​ឲ្យ​ឯង​រាល់​គ្នា​ចូល​ក្រោម​ដំបង រួច​នឹង​នាំ​ឲ្យ​ជាប់​ចំណង​នៃ​សេចក្ដី​សញ្ញា អញ​នឹង​ញែក​ពួក​រឹង‌ចចេស​ពី​ឯង​ចេញ ព្រម​ទាំង​ពួក​អ្នក ដែល​តែង‌តែ​ប្រព្រឹត្ត​រំលង ទាស់​នឹង​អញ​ផង អញ​នឹង​នាំ​គេ​ចេញ​ពី​ស្រុក​ដែល​គេ​ស្នាក់​នៅ​នោះ តែ​គេ​មិន​បាន​ចូល​ទៅ​ក្នុង​ស្រុក​អ៊ីស្រាអែល​ឡើយ នោះ​ឯង​រាល់​គ្នា​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត តែ​ចំណែក​ឯង​រាល់​គ្នា ឱ​ពួក​វង្ស​អ៊ីស្រាអែល​អើយ ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ចូរ​ទៅ​ចុះ ពី​នេះ​ទៅ​មុខឯង​រាល់​គ្នា​មិន​ព្រម​ស្តាប់​តាម​អញ​ទេ ដូច្នេះ ចូរ​ទៅ​គោរព​ដល់​រូប​ព្រះ​របស់​ឯង​រៀង​ខ្លួន​ចុះ តែ​មិន​ត្រូវ​ឲ្យ​បង្អាក់​ឈ្មោះ​បរិសុទ្ធ​របស់​អញ ដោយ​ដង្វាយនឹង​រូប​ព្រះ​របស់​ឯង​ទៀត​ឡើយ។ ដ្បិត​ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា នៅ​លើ​ភ្នំ​បរិសុទ្ធ​របស់​អញ គឺ​ជា​ភ្នំ​យ៉ាង​ខ្ពស់​របស់​ស្រុក​អ៊ីស្រាអែល នោះ​ពួក​វង្ស​អ៊ីស្រាអែល​ទាំង​មូល​នឹង​គោរព​ដល់​អញ​គ្រប់​គ្នា​នៅ​ក្នុង​ស្រុក​របស់​ខ្លួន នៅ​ទី​នោះអញ​នឹង​ទទួល​គេ ហើយ​នៅ​ទី​នោះ អញ​នឹង​សុខ​ចិត្ត​ទទួល​ដង្វាយ​របស់​ឯង​រាល់​គ្នា នឹង​ផល​ដំបូង​ពី​ដង្វាយ​ឯង ព្រម​ទាំង​គ្រឿង​បរិសុទ្ធ​របស់​ឯង​រាល់​គ្នា​ទាំង​អស់​ដែរ អញ​នឹង​ទទួល​ឯង​រាល់​គ្នា ទុក​ដូច​ជា​ក្លិន​ក្រអូប ក្នុង​កាល​ដែល​អញ​បាន​នាំ​ឯង​ចេញ​ពី​ពួក​សាសន៍​ដទៃ ហើយ​ប្រមូល​ឯង​ពី​អស់​ទាំង​ស្រុក​ដែល​ឯង​ត្រូវ​ខ្ចាត់​ខ្ចាយ​ទៅ​នោះ អញ​នឹង​បាន​បរិសុទ្ធ​ក្នុង​ពួក​ឯង​រាល់​គ្នា នៅ​ចំពោះ​ភ្នែក​នៃ​អស់​ទាំង​សាសន៍​ដទៃ មួយ​ទៀត​កាល​ណា​អញ​បាន​នាំ​ឯង​រាល់​គ្នា​ចូល​ទៅ​ក្នុង​ស្រុក​អ៊ីស្រាអែល គឺ​ក្នុង​ស្រុក​ដែល​អញ​បាន​ស្បថ​ថា នឹង​ឲ្យ​ដល់​ពួក​ឰយុកោ​ឯង​ហើយ នោះ​ឯង​រាល់​គ្នា​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត នៅ​ក្នុង​ស្រុក​នោះ ឯង​រាល់​គ្នា​នឹង​នឹក​ចាំ​ពី​អស់​ទាំង​អំពើ នឹង​កិរិយា​ទាំង​ប៉ុន្មាន​របស់​ខ្លួន ជា​ការ​ដែល​នាំ​ឲ្យ​ឯង​ស្មោក‌គ្រោក នោះ​ឯង​រាល់​គ្នា​នឹង​ខ្ពើម​ខ្លួន ដោយ​ព្រោះ​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន​ដែល​ឯង​បាន​ធ្វើ​នោះ នោះ​ឱ​ពួក​វង្ស​អ៊ីស្រាអែល​អើយ ឯង​រាល់​គ្នា​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត ក្នុង​កាល​ដែល​អញ​បាន​ប្រព្រឹត្ត​នឹង​ឯង ដោយ​យល់​ដល់​ឈ្មោះ​អញ មិន​មែន​តាម​អំពើ​អាក្រក់​របស់​ឯង​រាល់​គ្នា ឬ​តាម​កិរិយា​ស្មោក‌គ្រោក​របស់​ឯង​នោះ​ទេ នេះ​ឯង​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា។ នោះ​ព្រះ‌បន្ទូល នៃ​ព្រះ‌យេហូវ៉ា ក៏​មក​ដល់​ខ្ញុំ​ថា កូន​មនុស្ស​អើយ ចូរ​ដំរង់​មុខ​ទៅ​ខាង​ត្បូង ហើយ​ពោល​ទៅ​ខាង​ត្បូង​នោះ ត្រូវ​ឲ្យ​ទាយ​ទាស់​នឹង​ព្រៃ​នៅ​វាល​ស្រុក​ត្បូង​ចុះ ហើយ​ប្រាប់​ដល់​ព្រៃ​ស្រុក​ត្បូង​ថា ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ មើល អញ​នឹង​បង្កាត់​ភ្លើង​នៅ​ក្នុង​ឯង ភ្លើង​នោះ​នឹង​ឆេះ​អស់​ទាំង​ឈើ​ស្រស់ នឹង​ដើម​ឈើ​សោះ‌កក្រោះ​នៅ​ក្នុង​ឯង ភ្លើង​ដ៏​ឆេះ​នោះ​នឹង​មិន​រលត់​ឡើយ ហើយ​មុខ​មនុស្ស​ទាំង​ប៉ុន្មាន ចាប់​តាំង​ពី​ខាង​ត្បូង​រហូត​ដល់​ខាង​ជើង​នឹង​ត្រូវ​រោល​ទាំង​អស់ ដូច្នេះ គ្រប់​ទាំង​មនុស្ស​នឹង​ឃើញ​ថា គឺ​អញ ព្រះ‌យេហូវ៉ា​នេះ ដែល​បាន​បង្កាត់​ភ្លើង​នោះ ភ្លើង​នោះ​នឹង​មិន​រលត់​ឡើយ នោះ​ខ្ញុំ​ក៏​ទូល​ថា ឱ​ព្រះ‌អម្ចាស់​យេហូវ៉ា​អើយ គេ​និយាយ​ពី​ទូលបង្គំ​ថា អ្នក​នេះ តើ​មិន​មែន​ជា​អ្នក​និយាយ​សុទ្ធ​តែ​ពាក្យ​ប្រៀប‌ធៀប​ទេ​ឬ​អី។

ចែក​រំលែក
អាន អេសេគាល 20