អេសេគាល 2:1-10
អេសេគាល 2:1-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «កូនមនុស្ស អើយ ចូរក្រោកឈរឡើង យើងចង់និយាយជាមួយអ្នក»។ ពេលព្រះអង្គកំពុងមានព្រះបន្ទូលនឹងខ្ញុំ នោះព្រះវិញ្ញាណក៏មកសណ្ឋិតនៅក្នុងខ្ញុំ ហើយបានបញ្ឈរខ្ញុំឡើង ខ្ញុំក៏ឮព្រះអង្គមានព្រះបន្ទូលមកខ្ញុំ ព្រះអង្គមានព្រះបន្ទូលថា៖ «កូនមនុស្សអើយ យើងចាត់អ្នកឲ្យទៅឯពួកកូនចៅអ៊ីស្រាអែល គឺដល់សាសន៍ដែលរឹងចចេស ដែលបានបះបោរនឹងយើង ទោះទាំងខ្លួនគេ និងបុព្វបុរសរបស់គេ ក៏បានរំលងទាស់នឹងយើង រហូតដល់ថ្ងៃនេះ។ គេជាកូនក្បាលរឹង ចិត្តខែង គឺពួកអ្នកនោះដែលយើងចាត់អ្នកទៅ ត្រូវប្រាប់គេថា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ។ ទោះបើគេស្តាប់ ឬមិនស្ដាប់ក្តី (ដ្បិតគេជាពូជពង្សរឹងចចេស) គង់តែគេនឹងដឹងថា មានហោរាមួយបានមកក្នុងពួកគេហើយ។ ឯអ្នក កូនមនុស្សអើយ កុំខ្លាចគេឡើយ ក៏កុំខ្លាចចំពោះពាក្យសម្ដីរបស់គេដែរ ទោះបើមានបន្លា និងអញ្ចាញមកទាស់នឹងអ្នក ហើយអ្នកមានទីអាស្រ័យនៅកណ្ដាលពួកខ្យាដំរីក៏ដោយ កុំខ្លាចពាក្យសម្ដីគេឲ្យសោះ ក៏កុំស្លុតចិត្តនឹងទឹកមុខគេដែរ ទោះបើគេជាពូជពង្សរឹងចចេសក៏ដោយ។ អ្នកត្រូវថ្លែងពាក្យរបស់យើងប្រាប់គេ ទោះបើគេព្រមស្តាប់ ឬមិនព្រមក្តី ដ្បិតគេរឹងចចេសណាស់។ ប៉ុន្តែ អ្នក កូនមនុស្សអើយ ចូរស្តាប់សេចក្ដីដែលយើងប្រាប់អ្នកចុះ អ្នកកុំមានចិត្តរឹងចចេស ដូចជាពូជពង្សរឹងរូសនេះឡើយ ចូរហាមាត់ស៊ីរបស់ដែលយើងឲ្យដល់អ្នក»។ កាលខ្ញុំកំពុងតែមើល៍ នោះឃើញមានដៃមួយលូកមកដល់ខ្ញុំ ក៏ឃើញក្រាំងមួយនៅក្នុងដៃនោះ។ ព្រះអង្គក៏បើកក្រាំងនោះនៅមុខខ្ញុំ ឃើញមានសរសេរទាំងខាងក្នុង និងខាងក្រៅ មានកត់ទុកសុទ្ធតែពាក្យទំនួញ ពាក្យសោកសៅ និងសេចក្ដីវេទនា។
អេសេគាល 2:1-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ ចូរក្រោកឈរឡើង យើងចង់និយាយជាមួយអ្នក»។ ពេលព្រះអង្គមានព្រះបន្ទូលដូច្នោះហើយ ព្រះវិញ្ញាណក៏យាងចូលមកគង់នៅក្នុងខ្ញុំធ្វើឲ្យខ្ញុំអាចក្រោកឈរឡើងបាន ហើយស្ដាប់ព្រះអង្គមានព្រះបន្ទូល។ ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ! យើងចាត់អ្នកឲ្យទៅរកជនជាតិអ៊ីស្រាអែល គឺទៅរកប្រជាជាតិដែលបះបោរប្រឆាំងនឹងយើង។ ពួកគេបះបោរប្រឆាំងនឹងយើងរហូតដល់សព្វថ្ងៃ ដូចដូនតារបស់ពួកគេដែរ។ ពួកគេជាកូនក្បាលរឹង និងមានចិត្តចចេសទៀតផង។ យើងចាត់អ្នកឲ្យទៅរកពួកគេ ហើយត្រូវនិយាយថា: “នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់”។ ទោះបីពួកគេស្ដាប់ ឬមិនស្ដាប់ក្ដី -ដ្បិតពួកគេជាពូជអ្នកបះបោរ- ពួកគេនឹងដឹងថា មានព្យាការីមួយរូបស្ថិតនៅក្នុងចំណោមពួកគេ។ រីឯអ្នកវិញ កូនមនុស្សអើយ កុំខ្លាចពួកគេឡើយ ហើយក៏កុំខ្លាចពាក្យដែលពួកគេប្រកែកតវ៉ានឹងអ្នកដែរ ដ្បិតពួកនោះប្រៀបដូចជាបន្លា និងអញ្ចាញ អ្នកនឹងអង្គុយជាមួយមនុស្សដែលមានចិត្តដូចខ្យាដំរី។ កុំខ្លាចពាក្យរបស់ពួកគេ ហើយក៏កុំញ័ររន្ធត់ ដោយឃើញទឹកមុខរបស់ពួកគេឡើយ ដ្បិតពួកគេជាពូជអ្នកបះបោរ។ ទោះបីពួកគេស្ដាប់ ឬមិនស្ដាប់ក្ដី -ដ្បិតពួកគេជាមនុស្សបះបោរ - អ្នកត្រូវតែនាំពាក្យយើងទៅប្រាប់ពួកគេ។ កូនមនុស្សអើយ ចូរស្ដាប់សេចក្ដីដែលយើងប្រាប់! កុំមានចិត្តរឹងរូសដូចពូជបះបោរនេះឡើយ ចូរហាមាត់ ហើយបរិភោគអាហារដែលយើងនឹងឲ្យអ្នកនៅពេលនេះ»។ ពេលនោះ ខ្ញុំក្រឡេកមើលទៅ ឃើញដៃមួយកាន់ក្រាំងហុចមកឲ្យខ្ញុំ។ ដៃនោះបើកក្រាំងនៅចំពោះមុខខ្ញុំ ក្រាំងនោះមានសរសេរទាំងខាងក្នុង ទាំងខាងក្រៅ ដែលកត់ត្រាសុទ្ធតែពាក្យសំណោក ពាក្យទំនួញ និងពាក្យត្អូញត្អែរ។
អេសេគាល 2:1-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ទ្រង់មានបន្ទូលមកខ្ញុំថា កូនមនុស្សអើយ ចូរក្រោកឈរឡើង នោះអញនឹងនិយាយនឹងឯង កាលទ្រង់កំពុងមានបន្ទូលនឹងខ្ញុំ នោះព្រះវិញ្ញាណក៏មកសណ្ឋិតនៅក្នុងខ្ញុំ ហើយបានបញ្ឈរខ្ញុំឡើង រួចខ្ញុំក៏ឮព្រះអង្គដែលមានបន្ទូលមកខ្ញុំ ទ្រង់មានបន្ទូលថា កូនមនុស្សអើយ អញចាត់ឯងឲ្យទៅឯពួកកូនចៅអ៊ីស្រាអែល គឺដល់សាសន៍ដែលរឹងចចេស ដែលបានបះបោរនឹងអញ ទោះទាំងខ្លួនគេនឹងពួកឰយុកោ ក៏បានរំលងទាស់នឹងអញ ដរាបដល់ថ្ងៃនេះឯង គេជាកូនចៅមានមុខរឹង ហើយចិត្តខែង គឺដល់ពួកអ្នកនោះដែលអញចាត់ឯង ត្រូវឲ្យឯងប្រាប់គេថា ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានបន្ទូលដូច្នេះ ឯគេ ទោះបើគេនឹងព្រមស្តាប់ ឬមិនព្រមក្តី (ដ្បិតគេជាពូជពង្សរឹងចចេស) គង់តែគេនឹងដឹងថា មានហោរា១បានមកក្នុងពួកគេហើយ ឯឯង កូនមនុស្សអើយ កុំឲ្យខ្លាចគេឡើយ ក៏កុំឲ្យខ្លាចចំពោះពាក្យសំដីរបស់គេដែរ ទោះបើមានបន្លា ហើយនឹងអញ្ចាញមកទាស់ជានឹងឯង ហើយឯងមានទីអាស្រ័យនៅកណ្តាលពួកខ្យាដំរីក៏ដោយ កុំឲ្យខ្លាចពាក្យសំដីគេឲ្យសោះ ក៏កុំឲ្យស្លុតចិត្តនឹងទឹកមុខគេដែរ ទោះបើគេជាពូជពង្សរឹងចចេសក៏ដោយ ត្រូវឲ្យឯងថ្លែងពាក្យរបស់អញប្រាប់ដល់គេ ទោះបើគេនឹងព្រមស្តាប់ ឬមិនព្រមក្តី ដ្បិតគេរឹងចចេសណាស់។ តែឯឯង កូនមនុស្សអើយ ចូរស្តាប់សេចក្ដីដែលអញប្រាប់ដល់ឯងចុះ កុំឲ្យឯងមានចិត្តរឹងចចេស ដូចជាពូជពង្សរឹងរូសនេះឡើយ ចូរហាមាត់ស៊ីរបស់ដែលអញឲ្យដល់ឯង រួចកាលខ្ញុំកំពុងតែមើល នោះឃើញមានដៃ១ លូកមកដល់ខ្ញុំ ក៏ឃើញក្រាំង១នៅក្នុងដៃនោះ ទ្រង់ក៏បើកត្រដាងក្រាំងនោះនៅមុខខ្ញុំ នោះឃើញមានសរសេរទាំងខាងក្នុង នឹងខាងក្រៅផង មានកត់ទុកសុទ្ធតែជាពាក្យទំនួញ ពាក្យសោកសៅ នឹងសេចក្ដីវេទនាទទេ។