អេសេគាល 18:21-23
អេសេគាល 18:21-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
តែមនុស្សទុច្ចរិត បើបែរចេញពីអស់ទាំងអំពើបាបដែលខ្លួនបានប្រព្រឹត្ត ហើយរក្សាអស់ទាំងក្រឹត្យក្រមរបស់យើង ព្រមទាំងប្រព្រឹត្តសេចក្ដីដែលត្រឹមត្រូវ ហើយទៀងត្រង់វិញ អ្នកនោះនឹងមានជីវិតរស់នៅ ឥតត្រូវស្លាប់ឡើយ។ ឯអំពើរំលងទាំងប៉ុន្មានដែលខ្លួនបានប្រព្រឹត្តនោះ នឹងមិននឹកចាំបទណាមួយទាស់នឹងគេទេ គឺគេនឹងរស់នៅ ដោយសេចក្ដីទុច្ចរិតដែលខ្លួនបានប្រព្រឹត្ត»។ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលសួរថា៖ «តើយើងមានអំណរដោយមនុស្សទុច្ចរិតស្លាប់ឬ? តើមិនមែនអរដោយគេបែរចេញពីផ្លូវរបស់ខ្លួន ឲ្យបានរស់នៅទេឬ?
អេសេគាល 18:21-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ប្រសិនបើមនុស្សទុច្ចរិតលះបង់អំពើបាបទាំងអស់ដែលខ្លួនប្រព្រឹត្ត ហើយបែរមកប្រតិបត្តិតាមវិន័យទាំងប៉ុន្មានរបស់យើង ព្រមទាំងប្រតិបត្តិតាមសេចក្ដីសុចរិត និងយុត្តិធម៌ អ្នកនោះនឹងរស់រានមានជីវិតជាក់ជាមិនខាន គឺគេមិនត្រូវស្លាប់ឡើយ។ យើងនឹងបំភ្លេចបទល្មើសទាំងប៉ុន្មានដែលគេបានប្រព្រឹត្ត គឺអ្នកនោះនឹងរស់រានមានជីវិត ព្រោះតែអំពើសុចរិតដែលគេបានធ្វើ។ តើអ្នករាល់គ្នាស្មានថា យើងចង់ឃើញមនុស្សទុច្ចរិតស្លាប់ឬ? ទេ! ផ្ទុយទៅវិញ យើងចង់ឃើញគេលះបង់មារយាទអាក្រក់របស់ខ្លួន ដើម្បីឲ្យរស់រានមានជីវិត - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
អេសេគាល 18:21-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
តែឯមនុស្សទុច្ចរិត បើបែរចេញពីអស់ទាំងអំពើបាប ដែលខ្លួនបានប្រព្រឹត្ត ហើយរក្សាអស់ទាំងក្រឹត្យក្រមរបស់អញ ព្រមទាំងប្រព្រឹត្តសេចក្ដីដែលត្រឹមត្រូវ ហើយទៀងត្រង់វិញ អ្នកនោះនឹងរស់នៅជាពិត ឥតត្រូវស្លាប់ឡើយ ឯអំពើរំលងទាំងប៉ុន្មានដែលខ្លួនបានប្រព្រឹត្ត នោះនឹងមិននឹកចាំបទណាមួយទាស់នឹងគេទេ គឺគេនឹងរស់នៅ ដោយសេចក្ដីសុចរិតដែលខ្លួនបានប្រព្រឹត្តវិញ ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលសួរថា តើអញមានសេចក្ដីអំណរដោយមនុស្សទុច្ចរិតស្លាប់ទៅឬ តើមិនមែនអរដោយគេបែរចេញពីផ្លូវរបស់ខ្លួនវិញមក ឲ្យបានរស់នៅវិញទេឬអី