អេសេគាល 16:15-19

អេសេគាល 16:15-19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ប៉ុន្តែ អ្នក​បាន​ទុក​ចិត្ត​នឹង​រូប​សម្រស់​របស់​អ្នក ហើយ​ក្លាយ​ជា​ស្រី​ពេស្យា ដោយ​ព្រោះ​ភាព​ល្បី​ឈ្មោះ ក៏​បាន​ប្រគល់​ខ្លួនឲ្យ​អស់​អ្នក​ណា​ដែល​ដើរ​កាត់​មុខ ហើយ​រូប​សម្រស់​របស់​អ្នក​ក៏​ក្លាយ​ជា​របស់​គេ។ អ្នក​បាន​យក​សម្លៀក‌បំពាក់​របស់​អ្នក​ទៅ​ធ្វើ​ជា​ទី​សក្ការៈ តាក់‌តែង​ដោយ​ពណ៌​ផ្សេងៗ រួច​បាន​ភប់​ប្រសព្វ​នឹង​គេ​នៅ​លើ​ទី​នោះ ជា​ការ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​ឡើយ ហើយ​ទៅ​មុខ​ក៏​ឥត​មាន​ដែរ។ អ្នក​ក៏​យក​គ្រឿង​លម្អ​របស់​អ្នក ដែល​ធ្វើ​ពី​មាស និង​ប្រាក់​របស់​យើង ជា​គ្រឿង​ដែល​យើង​បាន​ឲ្យ​ដល់​អ្នក​នោះ ទៅ​ធ្វើ​ជា​រូប​មនុស្ស​ប្រុស ហើយ​អ្នក​បាន​ភប់​ប្រសព្វ​នឹង​រូប​នោះ​ដែរ។ អ្នក​បាន​យក​សម្លៀក‌បំពាក់​ប៉ាក់​របស់​អ្នក ទៅ​តែង​ឲ្យ​វា ព្រម​ទាំង​លាប​ប្រេង និង​កំញាន​របស់​យើង​នៅ​មុខ​វា។ អាហារ​ដែល​យើង​បាន​ឲ្យ​ដល់​អ្នក គឺ​ជា​ម្សៅ​យ៉ាង​ម៉ដ្ត ប្រេង និង​ទឹក​ឃ្មុំ​នោះ ដែល​យើង​ឲ្យ​សម្រាប់​ចិញ្ចឹម​អ្នក អ្នក​បាន​ថ្វាយ​ដល់​រូប​ទាំង​នោះ សម្រាប់​ជា​ក្លិន​ឈ្ងុយ គឺ​យ៉ាង​នោះ​ដែល​អ្នក​បាន​ប្រព្រឹត្ត នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់‌យេហូវ៉ា។

ចែក​រំលែក
អាន អេសេគាល 16

អេសេគាល 16:15-19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ប៉ុន្តែ នាង​អួត‌អាង​លើ​រូប​សម្បត្តិ និង​កេរ្តិ៍​ឈ្មោះ ហើយ​ក្លាយ​ទៅ​ជា​ស្រី​ពេស្យា ដោយ​ប្រគល់​ខ្លួន​ឲ្យ​អស់​អ្នក​ដែល​ដើរ​កាត់​មុខ​នាង។ នាង​យក​សម្លៀក‌បំពាក់​របស់​នាង ជា​សម្លៀក‌បំពាក់​ធ្វើ​ពី​ក្រណាត់​ចម្រុះ​ពណ៌ ទៅ​តាក់​តែង​ទីសក្ការៈ​នៅ​តាម​ទួល​ខ្ពស់ៗ ហើយ​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ​នៅ​ទី​នោះ - ពី​មុន​ក្ដី នៅ​ពេល​ខាង​មុខ​ក្ដី មិន​ដែល​មាន​រឿង​ដូច្នេះ​កើត​ឡើង​ទេ -។ នាង​យក​គ្រឿង​អលង្ការ​មាស​ប្រាក់​ដែល​យើង​ឲ្យ ទៅ​សូន​ធ្វើ​ជា​រូប​បដិមា​ប្រុសៗ រួច​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ​ជា​មួយ​រូប​ទាំង​នោះ។ នាង​យក​អាវ​ប៉ាក់​របស់​នាង​ទៅ​ដណ្ដប់​រូប​ទាំង​នោះ ព្រម​ទាំង​យក​ប្រេង និង​គ្រឿង​ក្រអូប​របស់​យើង ទៅ​លាប​ឲ្យ​ផង។ រីឯ​អាហារ ម្សៅ​ដ៏​ម៉ដ្ដ ប្រេង និង​ទឹក​ឃ្មុំ ដែល​យើង​ចែក​ឲ្យ​នាង​បរិភោគ នាង​បែរ​ជា​យក​ទៅ​ធ្វើ​ជា​គ្រឿង​សក្ការ‌បូជា​ផ្គាប់​ចិត្ត​រូប​ទាំង​នោះ​ទៅ​វិញ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។

ចែក​រំលែក
អាន អេសេគាល 16

អេសេគាល 16:15-19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ប៉ុន្តែឯង​បាន​ទុក​ចិត្ត​នឹង​រូប​លំអ​របស់​ឯង ហើយ​បាន​ធ្វើ​ជា​ស្រី​សំផឹង ដោយ​ព្រោះ​ល្បី​ឈ្មោះ​នោះ ក៏​បាន​ត្រូវ​ការ​នឹង​អស់​អ្នក​ណា​ដែល​ដើរ​កាត់​មុខ​ឯង ឯង​បាន​សំរាប់​ជា​របស់​គេ​ហើយ ឯង​បាន​យក​សំលៀក‌បំពាក់​របស់​ឯង​ទៅ ធ្វើ​ជា​ទី​ខ្ពស់​តាក់‌តែង​ដោយ​ពណ៌​ផ្សេងៗ រួច​បាន​ភប់‌ប្រសព្វ​នឹង​គេ​នៅ​លើ​ទី​នោះ ជា​ការ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​ឡើយ ហើយ​ទៅ​មុខ​ក៏​នឹង​ឥត​មាន​ដែរ ឯង​ក៏​យក​គ្រឿង​លំអ​របស់​ឯង ដែល​ធ្វើ​ពី​មាសនឹង​ប្រាក់​របស់​អញ ជា​គ្រឿង​ដែល​អញ​បាន​ឲ្យ​ដល់​ឯង​នោះ ទៅ​ធ្វើ​ជា​រូប​មនុស្ស​ប្រុស ហើយ​ឯង​បាន​ភប់‌ប្រសព្វ​នឹង​រូប​នោះ​ដែរ ឯង​បាន​យក​សំលៀក‌បំពាក់​ប៉ាក់​របស់​ឯង ទៅ​តែង​ឲ្យ​វា ព្រម​ទាំង​តាំង​ប្រេង នឹង​កំញាន​របស់​អញ​នៅ​មុខ​វា ឯ​អាហារ​ដែល​អញ​បាន​ឲ្យ​ដល់​ឯង គឺ​ជា​ម្សៅ​យ៉ាង​ម៉ដ្ត ប្រេង នឹង​ទឹក​ឃ្មុំ​នោះ ដែល​អញ​ឲ្យ​សំរាប់​ចិញ្ចឹម​ឯង នោះ​ឯង​បាន​ថ្វាយ​នៅ​ចំពោះ​រូប​ទាំង​នោះ សំរាប់​ជា​ក្លិន​ឈ្ងុយ​វិញ គឺ​យ៉ាង​នោះ​ដែល​ឯង​បាន​ប្រព្រឹត្ត នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា

ចែក​រំលែក
អាន អេសេគាល 16