អេសេគាល 15:1-8

អេសេគាល 15:1-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ តើ​ដើម​ទំពាំង‌បាយ‌ជូរ​វិសេស​ជាង​ដើម​ឈើ​ណា​ទៀត? ឬ​មែក​ឈើ​ណា​នៅ​ក្នុង​ព្រៃ? តើ​យក​សាច់​ឈើ​វា​ទៅ​ធ្វើ​អ្វី​បាន​ឬ? តើ​មនុស្ស​នឹង​យក​កំណាត់​មួយ​បោះ​ភ្ជាប់ សម្រាប់​ព្យួរ​ប្រដាប់​ណា​បាន​ឬ? មើល៍! គេ​បោះ​ទៅ​ក្នុង​ភ្លើង​ចាត់​ទុក​ជា​ឧស​វិញ ភ្លើង​ក៏​ឆេះ​ចុង​សង​ខាង ហើយ​កណ្ដាល​ក៏​ឆេះ​ដែរ តើ​មាន​ប្រយោជន៍​នឹង​ធ្វើ​ការ​អ្វី​បាន​ឬ​ទេ? មើល៍ កាល​នៅ​ទាំង​មូល​នៅ​ឡើយ ក៏​ប្រើ​ធ្វើ​ការ​អ្វី​មិន​បាន​ទៅ​ហើយ ចំណង់​បើ​កាល​ណា​ភ្លើង​បាន​ឆេះ​អស់​ទៅ សល់​នៅ​តែ​រងើក​ប៉ុណ្ណោះ តើ​នឹង​ប្រើ​ការ​អ្វី​ណា​បាន! ហេតុ​នោះ ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដើម​ទំពាំង‌បាយ‌ជូរ​ក្នុង​ពួក​ដើម​ឈើ​នៅ​ព្រៃ​ទាំង​ប៉ុន្មាន ដែល​យើង​បាន​ប្រគល់​ទៅ​ភ្លើង​ចាត់​ទុក​ជា​ឧស​យ៉ាង​ណា នោះ​យើង​នឹង​ប្រគល់​ពួក​ក្រុង​យេរូ‌សាឡិម​ទៅ​យ៉ាង​នោះ​ដែរ។ យើង​នឹង​តាំង​មុខ​ទាស់​នឹង​គេ គេ​នឹង​ចេញ​ពី​ភ្លើង​មួយ តែ​ភ្លើង​មួយ​ទៀត​នឹង​ឆេះ​គេ នោះ​អ្នក​រាល់​គ្នា​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត ក្នុង​កាល​ដែល​យើង​តាំង​មុខ​ទាស់​នឹង​គេ។ យើង​នឹង​ធ្វើ​ឲ្យ​ស្រុក​នេះ​ត្រូវ​ចោល​ស្ងាត់ ដោយ​ព្រោះ​គេ​បាន​ប្រព្រឹត្ត​រំលង នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់‌យេហូវ៉ា»។

ចែក​រំលែក
អាន អេសេគាល 15

អេសេគាល 15:1-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ​នេះ៖ «កូន​មនុស្ស​អើយ តើ​ដើម​ទំពាំង‌បាយជូរជា​អុស​ល្អ​ជាង​អុស​ឯ​ទៀតៗ​ឬ? តើ​មែក​ទំពាំង‌បាយជូរ​ល្អ​ជាង​មែក​ឈើ​ឯ​ទៀតៗ​ឬ? តើ​គេ​អាច​យក​ដើម​ទំពាំង‌បាយជូរ​នេះ​ទៅ​ឆ្លាក់​ធ្វើ​វត្ថុ​អ្វី​មួយ ឬ​ក៏​យក​ទៅ​ប្រើ​សម្រាប់​ព្យួរ​អ្វី​មួយ​បាន​ឬ? គេ​ប្រើ​អុស​នេះ​បាន​ត្រឹម​តែ​ដុត​ប៉ុណ្ណោះ។ ពេល​ណា​ភ្លើង​ឆេះ​កន្ទុយ​អុស​ទាំង​សង​ខាង និង​ឆេះ​ផ្នែក​កណ្ដាល​អស់​ហើយ តើ​គេ​អាច​យក​ទៅ​ប្រើ​ការ​អ្វី​បាន​ទៀត? កាល​វា​នៅ​ទាំង​មូល គេ​យក​ទៅ​ប្រើ​ការ​អ្វី​មិន​បាន​ផង ចុះ​ទម្រាំ​បើ​ត្រូវ​ភ្លើង​ឆេះ​អស់ នោះ​វា​រឹង‌រឹត​តែ​លែង​បាន​ការ!»។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «គេ​យក​អុស​ទំពាំង‌បាយជូរ​ពី​ចំណោម​ឈើ​ឯ​ទៀតៗ​នៅ​ក្នុង​ព្រៃ​ទៅ​ដុត​យ៉ាង​ណា យើង​ក៏​ដាក់​ទោស​អ្នក​ក្រុង​យេរូ‌សាឡឹម​យ៉ាង​នោះ​ដែរ។ យើង​នឹង​ដាក់​ទោស​ពួក​គេ ទោះ​បី​ពួក​គេ​ខំ​ប្រឹង​រត់​ចេញ​ពី​ភ្លើង​ក្ដី ក៏​ភ្លើង​នៅ​តែ​ឆេះ​បំផ្លាញ​ពួក​គេ​មិន​ខាន។ ពេល​ឃើញ​យើង​ដាក់​ទោស​ពួក​គេ នោះ​អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន! យើង​នឹង​ធ្វើ​ឲ្យ​ស្រុក​របស់​គេ​ក្លាយ​ទៅ​ជា​ទី​ស្មសាន ព្រោះ​ពួក​គេ​បាន​នាំ​គ្នា​ក្បត់​យើង»-នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។

ចែក​រំលែក
អាន អេសេគាល 15

អេសេគាល 15:1-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រួច​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្ញុំ​ថា កូន​មនុស្ស​អើយ តើ​ដើម​ទំពាំង‌បាយ‌ជូរ​វិសេស​ជាង​ដើម​ឈើ​ណា​ទៀត ឬ​មែក​ឈើ​ណា​នៅ​ក្នុង​ព្រៃ​ផង តើ​យក​សាច់​ឈើ​វា​ទៅ​ធ្វើ​អ្វី​បាន​ឬ តើ​មនុស្ស​នឹង​យក​កំណាត់​១​បោះ​ភ្ជាប់​សំរាប់​ព្យួរ​ប្រដាប់​ណា​បាន​ឬ មើល គេ​បោះ​ទៅ​ក្នុង​ភ្លើង​ទុក​ជា​ឱស​វិញ ភ្លើង​ក៏​ឆេះ​ចុង​សង​ខាង ហើយ​កណ្តាល​ក៏​ឆេះ​ដែរ តើ​មាន​ប្រយោជន៍​នឹង​ធ្វើ​ការ​អ្វី​បាន​ឬ​ទេ មើល កាល​នៅ​ជា​ទាំង​មូល​នៅ​ឡើយ ក៏​ប្រើ​ធ្វើ​ការ​អ្វី​មិន​បាន​ទៅ​ហើយ ចំណង់​បើ​កាល​ណា​ភ្លើង​បាន​ឆេះ​អស់​ទៅ សល់​នៅ​តែ​រងើក​ប៉ុណ្ណោះ នោះ​តើ​នឹង​ប្រើ​ការ​អ្វី​ណា​បាន ហេតុ​នោះព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ឯ​ដើម​ទំពាំង‌បាយ‌ជូរ​ក្នុង​ពួក​ដើម​ឈើ​នៅ​ព្រៃ​ទាំង​ប៉ុន្មាន ដែល​អញ​បាន​ប្រគល់​ដល់​ភ្លើង​ទុក​ជា​ឱស​យ៉ាង​ណា នោះ​អញ​នឹង​ប្រគល់​ពួក​ក្រុង​យេរូ‌សាឡិម​ទៅ​យ៉ាង​នោះ​ដែរ ហើយ​អញ​នឹង​តាំង​មុខ​ទាស់​នឹង​គេ គេ​នឹង​ចេញ​ពី​ភ្លើង​១ តែ​ភ្លើង​១​ទៀត​នឹង​ឆេះ​គេ​ទៅ នោះ​ឯង​រាល់​គ្នា​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត ក្នុង​កាល​ដែល​អញ​តាំង​មុខ​ទាស់​នឹង​គេ អញ​នឹង​ធ្វើ​ឲ្យ​ស្រុក​នេះ​ត្រូវ​ចោល​ស្ងាត់ ដោយ​ព្រោះ​គេ​បាន​ប្រព្រឹត្ត​រំលង នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា។

ចែក​រំលែក
អាន អេសេគាល 15