អេសេគាល 14:1-23
អេសេគាល 14:1-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
គ្រានោះ មានពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែលខ្លះមកឯខ្ញុំ ហើយក៏អង្គុយនៅចំពោះមុខខ្ញុំ ព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ខ្ញុំថា៖ «កូនមនុស្សអើយ ពួកអ្នកទាំងនេះបានតាំងរូបព្រះរបស់គេ នៅក្នុងចិត្តគេ ក៏បានដាក់ហេតុចំពប់របស់អំពើទុច្ចរិតខ្លួន នៅចំពោះមុខហើយ ដូច្នេះ តើគួរឲ្យគេមកសួរយើងឬ? ចូរអ្នកប្រាប់ដល់គេថា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ ឯអស់អ្នកណានៅក្នុងពួកវង្សអ៊ីស្រាអែល ដែលតាំងរូបព្រះរបស់ខ្លួននៅក្នុងចិត្ត ហើយដាក់ហេតុចំពប់នៃអំពើទុច្ចរិតរបស់ខ្លួននៅចំពោះមុខដូច្នេះ រួចមករកហោរា នោះយើងនេះគឺព្រះយេហូវ៉ា នឹងឆ្លើយដល់គេតាមចំនួនរូបព្រះរបស់គេវិញ។ ដើម្បីឲ្យយើងបានចាប់ទោសពួកវង្សអ៊ីស្រាអែល ដោយនូវចិត្តរបស់ខ្លួនគេ ពីព្រោះគេសុទ្ធតែព្រាត់ប្រាសពីយើងដោយសាររូបព្រះរបស់គេទាំងអស់ហើយ។ ត្រូវឲ្យប្រាប់ដល់ពួកវង្សអ៊ីស្រាអែលថា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ ចូរវិលមកវិញ ចូរបែរចេញពីរូបព្រះរបស់អ្នករាល់គ្នាទៅ ហើយងាកមុខពីអស់ទាំងការគួរស្អប់ខ្ពើមរបស់អ្នករាល់គ្នាចុះ ដ្បិត ឯអស់អ្នកណាក្នុងពួកវង្សអ៊ីស្រាអែល ឬក្នុងពួកអ្នកដទៃ ជាអ្នកស្នាក់នៅក្នុងស្រុកអ៊ីស្រាអែល ដែលញែកខ្លួនចេញពីយើង ហើយតាំងរូបព្រះរបស់ខ្លួននៅក្នុងចិត្ត ព្រមទាំងដាក់ហេតុចំពប់នៃសេចក្ដីទុច្ចរិតរបស់ខ្លួនចំពោះមុខដូចេ្នះ រួចនឹងមករកហោរា ដើម្បីសួរយើងពីដំណើរខ្លួន នោះយើងនេះ គឺព្រះយេហូវ៉ា យើងនឹងឆ្លើយដល់អ្នកនោះ ដោយខ្លួនយើង។ ហើយយើងនឹងតាំងមុខទាស់នឹងអ្នកនោះ ព្រមទាំងធ្វើឲ្យជាទីស្រឡាំងកាំង ជាទីសម្គាល់ និងជាពាក្យទំនៀម យើងក៏នឹងកាត់អ្នកនោះចេញពីកណ្ដាលប្រជារាស្ត្ររបស់យើងទៅ នោះអ្នករាល់គ្នានឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត បើហោរាណាត្រូវបញ្ឆោត ហើយបានបញ្ចេញពាក្យណានោះ គឺព្រះយេហូវ៉ា យើងនេះហើយ ដែលបានបញ្ឆោតគេ ហើយយើងនឹងលូកដៃទៅលើគេ ព្រមទាំងបំផ្លាញគេចេញពីពួកអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើងទៅផង គេនឹងត្រូវទ្រាំទ្រចំពោះសេចក្ដីទុច្ចរិតរបស់ខ្លួន ឯសេចក្ដីទុច្ចរិតរបស់ហោរានោះនឹងបានដូចជាសេចក្ដីទុច្ចរិតរបស់អ្នកដែលរកគេដែរ ដើម្បីកុំឲ្យពួកវង្សអ៊ីស្រាអែលវង្វេងចេញពីយើង ឬនាំឲ្យខ្លួនបានស្មោកគ្រោក ដោយអំពើរំលងទាំងប៉ុន្មានរបស់ខ្លួនទៀតឡើយ គឺឲ្យគេបានធ្វើជាប្រជារាស្ត្ររបស់យើងវិញ ហើយឲ្យយើងបានជាព្រះរបស់គេ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា»។ ព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ខ្ញុំថា៖ «កូនមនុស្សអើយ បើស្រុកណាធ្វើបាបនឹងយើង ដោយប្រព្រឹត្តរំលងអ្វី រួចយើងលូកដៃទៅលើគេ ឲ្យផ្តាច់ស្បៀងអាហារ ហើយឲ្យគេកើតមានអំណត់ ព្រមទាំងកាត់មនុស្ស និងសត្វចេញពីស្រុកនោះ នោះព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលថា ទោះបើមនុស្សទាំងបីនាក់នេះ គឺណូអេ ដានីយ៉ែល និងយ៉ូប បាននៅក្នុងស្រុកនោះ គង់តែសេចក្ដីសុចរិតរបស់អ្នកទាំងនោះនឹងជួយបានតែព្រលឹងខ្លួនឲ្យរួចប៉ុណ្ណោះទេ បើកាលណាយើងឲ្យសត្វកំណាចមកនៅក្នុងស្រុកនោះ ហើយវាសម្លាប់មនុស្ស ឲ្យស្រុកនោះនៅជាស្ងាត់ច្រៀប ដល់ម៉្លេះបានជាឥតមានអ្នកណាហ៊ានដើរតាមនោះឡើយ ដោយព្រោះសត្វទាំងនោះ នោះព្រះអម្ចាស់យេហូវ៉ាស្បថថា ដូចជាយើងរស់នៅ ទោះបើមនុស្សទាំងបីនាក់នោះនៅក្នុងស្រុកក៏ដោយ គង់តែនឹងជួយកូនប្រុសកូនស្រីខ្លួនឲ្យរួចមិនបានដែរ រួចបានតែខ្លួនគេប៉ុណ្ណោះ តែឯស្រុកនោះនឹងត្រូវចោលស្ងាត់វិញ ប្រសិនបើយើងនាំដាវមកលើស្រុកនោះ ដោយបង្គាប់ថា ដាវអើយ ចូរដើរចុះឡើងក្នុងស្រុកចុះ ហើយយើងកាត់ទាំងមនុស្ស និងសត្វចេញពីនោះ នោះព្រះអម្ចាស់យេហូវ៉ាស្បថថា ដូចជាយើងរស់នៅ ទោះបើមនុស្សទាំងបីនាក់នោះនៅក្នុងស្រុកក៏ដោយ គង់តែនឹងជួយកូនប្រុសកូនស្រីខ្លួន ឲ្យរួចមិនបានដែរ រួចបានតែខ្លួនគេប៉ុណ្ណោះ ឬប្រសិនបើយើងឲ្យអាសន្នរោគទៅក្នុងស្រុកនោះ ហើយចាក់សេចក្ដីឃោរឃៅរបស់យើងចេញទៅលើស្រុកនោះ ដោយកម្ចាយឈាម ដើម្បីនឹងកាត់ទាំងមនុស្ស និងសត្វចេញផង នោះព្រះអម្ចាស់យេហូវ៉ាស្បថថា ដូចជាយើងរស់នៅ ទោះបើណូអេ ដានីយ៉ែល និងយ៉ូបបាននៅក្នុងស្រុកនោះក៏ដោយ គង់តែនឹងជួយកូនប្រុសកូនស្រីខ្លួន ឲ្យរួចមិនបានដែរ គឺសេចក្ដីសុចរិតរបស់អ្នកទាំងនោះ នឹងជួយបានព្រលឹងរបស់ខ្លួនឲ្យរួចប៉ុណ្ណោះ។ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា កាលណាយើងចាត់សេចក្ដីវេទនាទាំងបួនយ៉ាងនេះ ទៅលើក្រុងយេរូសាឡិម គឺជាដាវ ជាអំណត់ ជាសត្វសាហាវ និងអាសន្នរោគ ដើម្បីនឹងកាត់ទាំងមនុស្ស និងសត្វចេញផង នោះតើនឹងបានតឹងជាងអម្បាលម៉ានទៅទៀត ប៉ុន្តែ មើល៍ នឹងមានសំណល់សល់នៅក្នុងក្រុងនោះ គេនឹងត្រូវនាំចេញមក ទាំងប្រុសទាំងស្រី មើល៍ គេនឹងចេញមកឯអ្នករាល់គ្នា នោះអ្នកនឹងឃើញផ្លូវ និងអំពើរបស់គេ រួចអ្នកនឹងបានក្សាន្តចិត្ត ពីដំណើរការអាក្រក់ ដែលយើងបានទម្លាក់ទៅលើក្រុងយេរូសាឡិម គឺពីគ្រប់ទាំងការដែលយើងបាននាំទៅលើក្រុងនោះ។ គេនឹងកម្សាន្តចិត្តអ្នករាល់គ្នា ដោយអ្នកឃើញផ្លូវ និងអំពើដែលគេប្រព្រឹត្តទាំងប៉ុន្មាន ហើយអ្នករាល់គ្នានឹងដឹងថា ការដែលយើងបានធ្វើដល់គេ នោះមិនមែនដោយឥតហេតុទេ នោះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា»។
អេសេគាល 14:1-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
មានព្រឹទ្ធាចារ្យអ៊ីស្រាអែលខ្លះមកជួបខ្ញុំ ហើយនាំគ្នាអង្គុយនៅមុខខ្ញុំ។ ពេលនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖ «កូនមនុស្សអើយ អ្នកទាំងនោះជំពាក់ចិត្តនឹងព្រះក្លែងក្លាយ ហើយនាំគ្នាគោរពអ្វីៗដែលនាំឲ្យខ្លួនប្រព្រឹត្តអំពើបាប។ តើពួកគេនឹកស្មានថា យើងនឹងផ្ដល់ចម្លើយឲ្យឬ? ចូរនាំពាក្យទៅប្រាប់ពួកគេថា ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ: ក្នុងចំណោមពូជពង្សអ៊ីស្រាអែល អ្នកណាជំពាក់ចិត្តនឹងព្រះក្លែងក្លាយ ហើយគោរពអ្វីៗដែលនាំឲ្យខ្លួនប្រព្រឹត្តអំពើបាប រួចមករកព្យាការី យើងជាព្រះអម្ចាស់ យើងនឹងឆ្លើយតបទៅអ្នកនោះវិញ ដោយផ្ទាល់តែម្ដង។ យើងនឹងឆ្លើយទៅគេវិញ តាមចំនួនព្រះក្លែងក្លាយដែលគេគោរព។ ចម្លើយរបស់យើងនឹងធ្វើឲ្យជនជាតិអ៊ីស្រាអែលរំជួលចិត្ត ដ្បិតពួកគេបានងាកចេញឆ្ងាយពីយើង ទៅគោរពព្រះក្លែងក្លាយទាំងអស់គ្នា។ ហេតុនេះ ចូរប្រាប់ពូជពង្សអ៊ីស្រាអែលថា ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ: “ចូរវិលត្រឡប់មកវិញ ចូរលះបង់ព្រះក្លែងក្លាយ ហើយងាកចេញពីអំពើគួរស្អប់ខ្ពើមទាំងប៉ុន្មានដែលអ្នករាល់គ្នាប្រព្រឹត្ត! ប្រសិនបើជនជាតិអ៊ីស្រាអែល ឬជនបរទេសណាម្នាក់ដែលរស់នៅក្នុងស្រុកអ៊ីស្រាអែល ងាកចេញឆ្ងាយពីយើង ព្រមទាំងជំពាក់ចិត្តនឹងព្រះក្លែងក្លាយ ហើយនាំគ្នាគោរពអ្វីៗដែលនាំឲ្យខ្លួនប្រព្រឹត្តអំពើបាប រួចមករកព្យាការីទស្សន៍ទាយ យើងដែលជាព្រះអម្ចាស់យើងនឹងឆ្លើយតបទៅអ្នកនោះវិញ ដោយផ្ទាល់តែម្ដង។ យើងនឹងដាក់ទោសអ្នកនោះ យើងនឹងធ្វើឲ្យអ្នកនោះក្លាយទៅជាគំរូអាក្រក់ និងជាមេរៀនសម្រាប់ព្រមានអ្នកឯទៀតៗ យើងនឹងដកអ្នកនោះចេញពីចំណោមប្រជារាស្ត្ររបស់យើង។ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន។ ប្រសិនបើព្យាការីចាញ់ការល្បួងរបស់គេ ហើយឆ្លើយតបទៅគេវិញ គឺយើងជាព្រះអម្ចាស់បានបណ្ដោយឲ្យព្យាការីនោះចាញ់ការល្បួង។ យើងនឹងដាក់ទោសគាត់ ហើយដកគាត់ចេញពីចំណោមអ៊ីស្រាអែលជាប្រជារាស្ត្ររបស់យើង។ ព្យាការី និងអ្នកទៅរកព្យាការីទស្សន៍ទាយត្រូវទទួលទោសដូចគ្នា ព្រោះគេប្រព្រឹត្តអំពើបាបតែមួយ។ ដូច្នេះ ជនជាតិអ៊ីស្រាអែលលែងវង្វេងចេញឆ្ងាយពីយើង ហើយលែងសៅហ្មងដោយអំពើទុច្ចរិតទាំងប៉ុន្មានទៀតហើយ។ ពេលនោះ គេនឹងធ្វើជាប្រជារាស្ត្ររបស់យើង ហើយយើងធ្វើជាព្រះរបស់ពួកគេ”» - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖ «កូនមនុស្សអើយ ប្រសិនបើប្រជាជននៅក្នុងស្រុកទាំងមូលប្រព្រឹត្តអំពើបាប ដោយក្បត់យើង យើងនឹងដាក់ទោសពួកគេឲ្យខ្វះស្បៀង និងកើតទុរ្ភិក្ស ហើយដកជីវិតទាំងមនុស្សទាំងសត្វនៅស្រុកនោះផង។ ទោះបីនៅស្រុកនោះ មានណូអេ ដានីយ៉ែល និងយ៉ូបក្ដី ក៏សេចក្ដីសុចរិតរបស់អ្នកទាំងបី រក្សាបានត្រឹមតែជីវិតរបស់ខ្លួនគេផ្ទាល់ប៉ុណ្ណោះ - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។ ប្រសិនបើយើងឲ្យសត្វសាហាវចូលមកក្នុងស្រុក ប្រល័យជីវិតអ្នកស្រុក និងធ្វើឲ្យស្រុកនោះក្លាយទៅជាទីស្មសាន គ្មាននរណាដើរកាត់ ព្រោះខ្លាចសត្វទាំងនោះ ទោះបីមានអ្នកទាំងបីរស់នៅក្នុងស្រុកក្ដី យើងសុំប្រកាសក្នុងនាមយើងជាព្រះដែលមានជីវិតគង់នៅថា អ្នកទាំងបីរំដោះបានតែជីវិតរបស់ខ្លួនប៉ុណ្ណោះ គឺសូម្បីតែកូនប្រុសកូនស្រីរបស់គេផ្ទាល់ ក៏គេពុំអាចរំដោះបានដែរ ហើយស្រុកនោះនឹងក្លាយទៅជាទីស្មសាន - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។ ប្រសិនបើយើងធ្វើឲ្យសង្គ្រាមកើតមានដល់ស្រុក ប្រសិនបើយើងបញ្ជាឲ្យកងទ័ពមួយវាយលុកស្រុកនោះ ប្រល័យជីវិតទាំងមនុស្សទាំងសត្វ ទោះបីមានអ្នកទាំងបីរស់នៅក្នុងស្រុកក្ដី យើងសុំប្រកាសក្នុងនាមយើងជាព្រះដែលមានជីវិតគង់នៅថា អ្នកទាំងបីរំដោះបានតែជីវិតរបស់ខ្លួនប៉ុណ្ណោះ គឺសូម្បីតែកូនប្រុសកូនស្រីរបស់គេផ្ទាល់ ក៏គេពុំអាចរំដោះបានដែរ - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។ ប្រសិនបើយើងធ្វើឲ្យជំងឺរាតត្បាតកើតមានក្នុងស្រុកនេះ ដើម្បីដាក់ទោសពួកគេ ដោយប្រល័យជីវិតទាំងមនុស្សទាំងសត្វ ទោះបីមានណូអេ ដានីយ៉ែល និងយ៉ូបរស់នៅក្នុងស្រុកក្ដី យើងសុំប្រកាសក្នុងនាមយើងជាព្រះដែលមានជីវិតគង់នៅថា សេចក្ដីសុចរិតរបស់អ្នកទាំងបីរំដោះបានតែជីវិតរបស់ខ្លួនប៉ុណ្ណោះ គឺសូម្បីតែកូនប្រុសកូនស្រីរបស់គេផ្ទាល់ ក៏គេពុំអាចរំដោះបានដែរ» - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់ -។ ពិតមែនហើយ ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «ទោះបីយើងដាក់ទោសក្រុងយេរូសាឡឹម ដោយគ្រោះកាចទាំងបួនយ៉ាង គឺសង្គ្រាម ទុរ្ភិក្ស សត្វសាហាវ និងជំងឺរាតត្បាត ដើម្បីប្រល័យជីវិតពួកគេទាំងមនុស្សទាំងសត្វក្ដី ក៏មានមនុស្សប្រុសស្រីមួយចំនួននៅសេសសល់ដែរ។ ខ្មាំងនឹងកៀរអ្នកទាំងនោះឲ្យចេញមកនៅជាមួយអ្នករាល់គ្នា។ អ្នករាល់គ្នានឹងឃើញរបៀបដែលគេរស់នៅ ព្រមទាំងរបៀបដែលគេប្រព្រឹត្ត ហើយអ្នករាល់គ្នានឹងធូរស្រាលក្នុងចិត្ត ចំពោះទុក្ខវេទនាដែលយើងបានធ្វើឲ្យកើតមានដល់ក្រុងយេរូសាឡឹម។ អ្នកទាំងនោះនឹងសម្រាលទុក្ខអ្នករាល់គ្នា តាមរបៀបដែលគេរស់នៅ និងរបៀបដែលគេប្រព្រឹត្ត ហើយអ្នករាល់គ្នានឹងយល់ថា អ្វីៗទាំងអស់ដែលយើងប្រព្រឹត្តចំពោះក្រុងនេះមិនមែនឥតមូលហេតុទេ» - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
អេសេគាល 14:1-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គ្រានោះ មានពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែលខ្លះមកឯខ្ញុំ ហើយក៏អង្គុយនៅចំពោះមុខខ្ញុំ នោះព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់ខ្ញុំថា កូនមនុស្សអើយ ពួកអ្នកទាំងនេះបានតាំងរូបព្រះរបស់គេ នៅក្នុងចិត្តខ្លួន ក៏បានដាក់ហេតុចំពប់របស់អំពើទុច្ចរិតខ្លួននៅចំពោះមុខហើយ ដូច្នេះ តើគួរឲ្យគេមកសួរអញឬអី ចូរឯងប្រាប់ដល់គេថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ ឯអស់អ្នកណានៅក្នុងពួកវង្សអ៊ីស្រាអែល ដែលតាំងរូបព្រះរបស់ខ្លួននៅក្នុងចិត្ត ហើយដាក់ហេតុចំពប់នៃអំពើទុច្ចរិតរបស់ខ្លួននៅចំពោះមុខដូច្នេះ រួចមករកហោរា នោះអញនេះគឺព្រះយេហូវ៉ា នឹងឆ្លើយដល់គេតាមចំនួនរូបព្រះរបស់គេវិញ ដើម្បីឲ្យអញបានចាប់ទោសពួកវង្សអ៊ីស្រាអែល ដោយនូវចិត្តរបស់ខ្លួនគេ ពីព្រោះគេសុទ្ធតែព្រាត់ប្រាសពីអញ ដោយសាររូបព្រះរបស់គេទាំងអស់ហើយ។ ត្រូវឲ្យប្រាប់ដល់ពួកវង្សអ៊ីស្រាអែលថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ ចូរវិលមកវិញ ចូរបែរចេញពីរូបព្រះរបស់ឯងរាល់គ្នាទៅ ហើយងាកមុខពីអស់ទាំងការគួរស្អប់ខ្ពើមរបស់ឯងរាល់គ្នាចុះ ដ្បិត ឯអស់អ្នកណាក្នុងពួកវង្សអ៊ីស្រាអែល ឬក្នុងពួកអ្នកដទៃ ជាអ្នកស្នាក់នៅក្នុងស្រុកអ៊ីស្រាអែល ដែលញែកខ្លួនចេញពីអញ ហើយតាំងរូបព្រះរបស់ខ្លួននៅក្នុងចិត្ត ព្រមទាំងដាក់ហេតុចំពប់នៃសេចក្ដីទុច្ចរិតរបស់ខ្លួនចំពោះមុខដូច្នេះ រួចនឹងមករកហោរា ដើម្បីសួរអញពីដំណើរខ្លួន នោះអញនេះ គឺព្រះយេហូវ៉ា អញនឹងឆ្លើយដល់អ្នកនោះ ដោយខ្លួនអញ ហើយអញនឹងតាំងមុខទាស់នឹងអ្នកនោះ ព្រមទាំងធ្វើឲ្យជាទីស្រឡាំងកាំង ជាទីសំគាល់ នឹងជាពាក្យទំនៀម អញក៏នឹងកាត់អ្នកនោះចេញពីកណ្តាលរាស្ត្រអញទៅ នោះឯងរាល់គ្នានឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត បើហោរាណាត្រូវបញ្ឆោត ហើយបានបញ្ចេញពាក្យណានោះ គឺព្រះយេហូវ៉ា អញនេះហើយ ដែលបានបញ្ឆោតគេ ហើយអញនឹងលូកដៃទៅលើគេ ព្រមទាំងបំផ្លាញគេចេញពីពួកអ៊ីស្រាអែល ជារាស្ត្រអញទៅផង គេនឹងត្រូវទ្រាំទ្រចំពោះសេចក្ដីទុច្ចរិតរបស់ខ្លួន ឯសេចក្ដីទុច្ចរិតរបស់ហោរានោះនឹងបានដូចជាសេចក្ដីទុច្ចរិត របស់អ្នកដែលរកគេដែរ ដើម្បីកុំឲ្យពួកវង្សអ៊ីស្រាអែលវង្វេងចេញពីអញ ឬនាំឲ្យខ្លួនបានស្មោកគ្រោក ដោយអំពើរំលងទាំងប៉ុន្មានរបស់ខ្លួនទៀតឡើយ គឺឲ្យគេបានធ្វើជារាស្ត្រអញវិញ ហើយឲ្យអញបានជាព្រះរបស់គេ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។ ព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់ខ្ញុំថា កូនមនុស្សអើយ បើស្រុកណាធ្វើបាបនឹងអញ ដោយប្រព្រឹត្តរំលងអ្វី រួចអញលូកដៃទៅលើគេ ឲ្យផ្តាច់ស្បៀងអាហារ ហើយឲ្យគេកើតមានសេចក្ដីអំណត់ ព្រមទាំងកាត់មនុស្ស នឹងសត្វចេញពីស្រុកនោះផង នោះព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលថា ទោះបើមនុស្សទាំង៣នាក់នេះ គឺណូអេ ដានីយ៉ែល នឹងយ៉ូប បាននៅក្នុងស្រុកនោះ គង់តែសេចក្ដីសុចរិតរបស់អ្នកទាំងនោះនឹងជួយបានតែព្រលឹងខ្លួនឲ្យរួចប៉ុណ្ណោះទេ បើកាលណាអញឲ្យសត្វកំណាចមកនៅក្នុងស្រុកនោះ ហើយវាសំឡាប់មនុស្សទៅ ឲ្យស្រុកនោះនៅជាស្ងាត់ច្រៀប ដល់ម៉្លេះបានជាឥតមានអ្នកណាហ៊ានដើរតាមនោះឡើយ ដោយព្រោះសត្វទាំងនោះឯង នោះព្រះអម្ចាស់យេហូវ៉ាទ្រង់ស្បថថា ដូចជាអញរស់នៅ ទោះបើមនុស្សទាំង៣នាក់នោះនៅក្នុងស្រុកក៏ដោយ គង់តែនឹងជួយកូនប្រុសកូនស្រីខ្លួនឲ្យរួចមិនបានដែរ រួចបានតែខ្លួនគេប៉ុណ្ណោះ តែឯស្រុកនោះនឹងត្រូវចោលស្ងាត់វិញ ឬបើសិនជាអញនាំដាវមកលើស្រុកនោះ ដោយបង្គាប់ថា ដាវអើយ ចូរដើរចុះឡើងក្នុងស្រុកចុះ ហើយអញកាត់ទាំងមនុស្សនឹងសត្វចេញពីនោះផង នោះព្រះអម្ចាស់យេហូវ៉ាទ្រង់ស្បថថា ដូចជាអញរស់នៅ ទោះបើមនុស្សទាំង៣នាក់នោះនៅក្នុងស្រុកក៏ដោយ គង់តែនឹងជួយកូនប្រុសកូនស្រីខ្លួន ឲ្យរួចមិនបានដែរ រួចបានតែខ្លួនគេប៉ុណ្ណោះ ឬបើសិនជាអញនឹងចាត់ប្រើអាសន្នរោគទៅក្នុងស្រុកនោះ ហើយចាក់សេចក្ដីឃោរឃៅរបស់អញចេញទៅលើស្រុកនោះ ដោយកំចាយឈាម ដើម្បីនឹងកាត់ទាំងមនុស្ស នឹងសត្វចេញផង នោះព្រះអម្ចាស់យេហូវ៉ាទ្រង់ស្បថថា ដូចជាអញរស់នៅ ទោះបើណូអេ ដានីយ៉ែល នឹងយ៉ូបបាននៅក្នុងស្រុកនោះក៏ដោយ គង់តែនឹងជួយកូនប្រុសកូនស្រីខ្លួន ឲ្យរួចមិនបានដែរ គឺសេចក្ដីសុចរិតរបស់អ្នកទាំងនោះ នឹងជួយបានព្រលឹងរបស់ខ្លួនឲ្យរួចប៉ុណ្ណោះ។ ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា កាលណាអញចាត់ប្រើសេចក្ដីវេទនាទាំង៤យ៉ាងនេះ ទៅលើក្រុងយេរូសាឡិម គឺជាដាវ ជាអំណត់អត់ ជាសត្វសាហាវ នឹងអាសន្នរោគ ដើម្បីនឹងកាត់ទាំងមនុស្សនឹងសត្វចេញផង នោះតើនឹងបានតឹងជាងអំបាលម៉ានទៅទៀត ប៉ុន្តែ មើល នឹងមានសំណល់សល់នៅក្នុងក្រុងនោះ គេនឹងត្រូវនាំចេញមក ទាំងប្រុសទាំងស្រី មើល គេនឹងចេញមកឯឯងរាល់គ្នា នោះឯងនឹងឃើញផ្លូវ នឹងអំពើរបស់គេ រួចឯងនឹងបានក្សាន្តចិត្ត ពីដំណើរការអាក្រក់ ដែលអញបានទំលាក់ទៅលើក្រុងយេរូសាឡិម គឺពីគ្រប់ទាំងការដែលអញបាននាំទៅលើក្រុងនោះ គេនឹងកំសាន្តចិត្តឯងរាល់គ្នា ដោយឯងឃើញផ្លូវ នឹងអំពើដែលគេប្រព្រឹត្តទាំងប៉ុន្មាន ហើយឯងរាល់គ្នានឹងដឹងថា ការដែលអញបានធ្វើដល់គេ នោះមិនមែនដោយឥតហេតុទេ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។