អេសេគាល 13:1-23
អេសេគាល 13:1-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះបន្ទូលរបស់ព្រះយេហូវ៉ាបានមកដល់ខ្ញុំថា៖ «កូនមនុស្សអើយ ចូរថ្លែងទំនាយទាស់នឹងពួកហោរានៃសាសន៍អ៊ីស្រាអែលដែលធ្លាប់ទាយ ហើយប្រាប់ដល់ពួកអ្នកដែលថ្លែងទំនាយចេញពីចិត្តខ្លួនគេចុះ ដោយពាក្យថា ចូរស្តាប់ព្រះបន្ទូលរបស់ព្រះយេហូវ៉ា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ វេទនាដល់ពួកហោរាល្ងីល្ងើ ដែលថ្លែងទំនាយតាមតែចិត្តរបស់ខ្លួន ឥតមានឃើញអ្វីឡើយ។ ឱពួកអ៊ីស្រាអែលអើយ ពួកហោរារបស់អ្នកធ្វើដូចជាឆ្កែចចក នៅទីស្ងាត់។ អ្នករាល់គ្នាមិនបានឡើងទៅឯចន្លោះដែលគេបំបាក់ទម្លាយកំផែងទេ ក៏មិនបានសង់កំផែងឡើងការពារពួកអ៊ីស្រាអែល ដើម្បីឲ្យគេអាចឈរនៅក្នុងគ្រាចម្បាំង នៅថ្ងៃនៃព្រះយេហូវ៉ានោះដែរ។ គេបានឃើញសេចក្ដីភូតភរ និងពាក្យទំនាយកុហក ហើយក៏ថា ព្រះយេហូវ៉ាមានព្រះបន្ទូល តែព្រះយេហូវ៉ាមិនបានចាត់គេសោះ ហើយគេធ្វើឲ្យមនុស្សសង្ឃឹមថា ពាក្យនោះនឹងបានសម្រេចជាពិត។ ការដែលអ្នករាល់គ្នាថា ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ តែយើងមិនបានពោលសោះ តើមិនមែនឃើញនិមិត្តកំភូត និងថ្លែងទំនាយកុហកទេឬ? ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា ដោយព្រោះអ្នករាល់គ្នាបញ្ចេញសេចក្ដីកំភូត ហើយឃើញពាក្យកុហកដូច្នេះ បានជាព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលថា មើល៍ យើងទាស់នឹងអ្នករាល់គ្នាហើយ។ យើងនឹងប្រហារពួកហោរា ដែលឃើញនិមិត្តកំភូត ហើយដែលថ្លែងទំនាយកុហកនោះ គេនឹងមិននៅក្នុងពួកប្រឹក្សារបស់ប្រជារាស្ត្ររបស់យើងឡើយ ក៏មិនបានកត់ទុកក្នុងបញ្ជី នៃពូជពង្សអ៊ីស្រាអែល ឬចូលទៅក្នុងស្រុកអ៊ីស្រាអែលដែរ អ្នករាល់គ្នានឹងដឹងថា យើងនេះជាព្រះអម្ចាស់យេហូវ៉ាពិត។ តាមពិត ដោយព្រោះតែគេបានលួងបញ្ឆោតប្រជារាស្ត្ររបស់យើង ដោយពោលថា "មានសន្តិភាពហើយ" តែគ្មានសន្តិភាពសោះ ហើយដោយព្រោះ ពេលប្រជារាស្ត្ររបស់យើងសង់កំផែង ហោរាទាំងនេះនាំគ្នាបូកបាយអពីលើ នោះចូរប្រកាសប្រាប់អស់អ្នកដែលបូកបាយអនោះថា កំផែងនោះនឹងត្រូវរលំ ដោយមានភ្លៀងធ្លាក់យ៉ាងខ្លាំង ហើយឯង ឱគ្រាប់ព្រឹលធំៗអើយ ឯងនឹងធ្លាក់មក ហើយខ្យល់ព្យុះយ៉ាងខ្លាំងក៏បំបាក់ឲ្យរលំដែរ។ ដូច្នេះ កាលណាកំផែងបានរលំហើយ តើគេមិនសួរអ្នករាល់គ្នាទេឬថា បាយអដែលអ្នករាល់គ្នាបានបូកនោះ តើនៅឯណា? ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា យើងនឹងរំលំកំផែងនោះ ដោយខ្យល់គំហុក ក្នុងសេចក្ដីក្រោធរបស់យើង ហើយនឹងមានភ្លៀងធ្លាក់យ៉ាងខ្លាំង ដោយកំហឹងរបស់យើង ព្រមទាំងគ្រាប់ព្រឹលធំៗ ដោយសេចក្ដីក្រោធរបស់យើង មកបំផ្លាញកំផែងនោះ។ គឺយ៉ាងនោះដែលយើងនឹងរំលំកំផែងដែលអ្នករាល់គ្នាបានបូកបាយអនោះ យើងនឹងរលំចុះដល់ដី គ្រឹះត្រូវរលើងឡើង កំផែងនោះនឹងរំលំចុះ ហើយអ្នករាល់គ្នានឹងត្រូវវិនាសនៅក្នុងនោះដែរ ពេលនោះ អ្នករាល់គ្នានឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត។ គឺយ៉ាងនោះដែលយើងនឹងសម្រេចសេចក្ដីក្រោធរបស់យើង នៅលើកំផែងនោះ ហើយលើពួកអ្នកដែលបានបូកបាយអដែរ យើងនឹងនិយាយមកអ្នករាល់គ្នាថា កំផែងនោះមិនមានទៀតទេ ព្រមទាំងពួកអ្នកដែលបូកផង។ គឺជាពួកហោរារបស់សាសន៍អ៊ីស្រាអែល ដែលថ្លែងទំនាយពីដំណើរក្រុងយេរូសាឡិម ហើយឃើញនិមិត្តពីសេចក្ដីសុខសម្រាប់ទីក្រុង តែឥតមានសេចក្ដីសុខឡើយ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់យេហូវ៉ា។ ឯអ្នក កូនមនុស្សអើយ ចូរតាំងមុខទាស់នឹងពួកកូនស្រីរបស់សាសន៍អ្នក ដែលថ្លែងទំនាយចេញពីចិត្តខ្លួនគេ ហើយថ្លែងទំនាយទាស់នឹងគេ ដោយពាក្យថា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា វេទនាដល់ពួកស្រីៗដែលធ្វើអំបោះពាក់នៅកដៃមនុស្ស ហើយធ្វើស្បៃបាំងមុខ សម្រាប់ក្បាលគ្រប់មនុស្ស ទោះទាំងធំទាំងតូច ដើម្បីនឹងចាប់ព្រលឹងគេ អ្នករាល់គ្នារកចាប់ព្រលឹងរបស់សាសន៍យើងដូច្នេះ តើអាចជួយសង្គ្រោះព្រលឹងគេដែលមកឯអ្នកឲ្យរស់នៅបានឬ? អ្នករាល់គ្នាបានបន្ទាបបន្ថោកយើង នៅកណ្ដាលប្រជារាស្ត្រយើង ឲ្យតែបានស្រូវឱកមួយកំប៉ុងពីរ និងចំណិតនំបុ័ងតិចតួចប៉ុណ្ណោះ ដើម្បីនឹងសម្លាប់ព្រលឹងមនុស្សដែលមិនគួរស្លាប់ទេ ហើយនឹងរក្សាព្រលឹងឲ្យរស់នៅ ដែលមិនគួររស់នៅ ដោយអ្នកកុហកដល់ប្រជារាស្ត្រយើង ដែលស្តាប់តាមសេចក្ដីកុហកនោះ។ ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា មើល៍ យើងទាស់នឹងខ្សែយ័ន្តរបស់អ្នករាល់គ្នា ដែលប្រើសម្រាប់ប្រមាញ់ព្រលឹងមនុស្ស ដូចប្រមាញ់សត្វស្លាប យើងនឹងហែកវាចេញពីដៃអ្នករាល់គ្នា ហើយនឹងដោះលែងព្រលឹងទាំងនោះឲ្យរួច គឺជាព្រលឹងដែលអ្នករាល់គ្នាបានតាមប្រមាញ់ ដូចប្រមាញ់សត្វស្លាបនោះ។ យើងនឹងហែកស្បៃរបស់អ្នករាល់គ្នាដែរ ព្រមទាំងជួយឲ្យប្រជារាស្ត្ររបស់យើងរួចពីកណ្ដាប់ដៃអ្នករាល់គ្នាផង នោះគេនឹងមិននៅក្នុងកណ្ដាប់ដៃអ្នករាល់គ្នា ឲ្យអ្នកដេញចាប់ទៀតឡើយ ដូច្នេះ អ្នករាល់គ្នានឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត។ ដោយព្រោះអ្នករាល់គ្នាបានបញ្ឈឺចិត្តពួកសុចរិត ដោយភូតកុហក ជាពួកអ្នកដែលយើងមិនបានឲ្យព្រួយចិត្តសោះ ហើយអ្នកបានចម្រើនកម្លាំងដៃនៃមនុស្សអាក្រក់ ដើម្បីមិនឲ្យគេលះចោលផ្លូវអាក្រក់របស់ខ្លួន ឲ្យបានសង្គ្រោះរួចជីវិតវិញឡើយ។ ហេតុនោះ អ្នករាល់គ្នានឹងមិនឃើញនិមិត្តកំភូត ឬថ្លែងទំនាយទំនាយទៀតឡើយ យើងនឹងជួយប្រជារាស្ត្ររបស់យើងឲ្យរួចពីកណ្ដាប់ដៃរបស់អ្នក នោះអ្នករាល់គ្នានឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត»។
អេសេគាល 13:1-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ! ចូរថ្លែងព្រះបន្ទូល ប្រឆាំងនឹងពួកព្យាការីរបស់ជនជាតិអ៊ីស្រាអែល។ ចូរប្រាប់ពួកព្យាការីដែលបានទស្សន៍ទាយតាមអំពើចិត្តរបស់ខ្លួនថា: ចូរស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់!។ ព្រះជាអម្ចាស់មានព្រះបន្ទូលថា: ព្យាការីល្ងីល្ងើអើយ អ្នករាល់គ្នាត្រូវវេទនាហើយ! អ្នករាល់គ្នាទស្សន៍ទាយតាមការនឹកឃើញរបស់ខ្លួន គឺឥតបានឃើញនិមិត្តហេតុពីព្រះជាម្ចាស់ឡើយ។ ឱអ៊ីស្រាអែលអើយ ព្យាការីរបស់អ្នកប្រៀបបាននឹងកញ្ជ្រោង ដែលរស់នៅតាមគំនរបាក់បែក! ព្យាការីក្លែងក្លាយអើយ អ្នករាល់គ្នាពុំបានឡើងទៅជួសជុលកំពែងធ្លុះធ្លាយ អ្នករាល់គ្នាពុំបានធ្វើរបង ដើម្បីឲ្យពូជពង្សអ៊ីស្រាអែលការពារខ្លួនក្នុងពេលមានសង្គ្រាម នៅថ្ងៃដែលព្រះអម្ចាស់ព្រះពិរោធទេ។ អ្នករាល់គ្នារៀបរាប់ពីនិមិត្តហេតុឥតបានការ និងពាក្យទស្សន៍ទាយបោកប្រាស់។ អ្នករាល់គ្នាតែងពោលថា “នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់” តែព្រះអម្ចាស់ពុំបានចាត់អ្នករាល់គ្នាមកទេ។ អ្នករាល់គ្នាសង្ឃឹមថា ពាក្យរបស់ខ្លួននឹងសម្រេចជារូបរាង។ និមិត្តហេតុដែលអ្នករាល់គ្នារៀបរាប់នោះ សុទ្ធតែឥតបានការ ហើយពាក្យដែលអ្នករាល់គ្នាទស្សន៍ទាយសុទ្ធតែកុហក! អ្នករាល់គ្នាតែងពោលថា “នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់!” តែយើងពុំបាននិយាយឡើយ»។ ហេតុនេះ ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ៖ «ដោយអ្នករាល់គ្នាពោលតែពាក្យឥតបានការ ហើយរៀបរាប់អំពីនិមិត្តហេតុកុហក យើងនឹងដាក់ទោសអ្នករាល់គ្នា -នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។ ពួកព្យាការីក្លែងក្លាយអើយ យើងនឹងប្រហារអ្នករាល់គ្នា ព្រោះអ្នករាល់គ្នារៀបរាប់អំពីនិមិត្តហេតុឥតបានការ និងទស្សន៍ទាយបោកប្រាស់។ អ្នករាល់គ្នាមិនស្ថិតនៅក្នុងចំណោមប្រជាជនរបស់យើង ហើយក៏គ្មានឈ្មោះក្នុងបញ្ជី របស់ពូជពង្សអ៊ីស្រាអែលដែរ អ្នករាល់គ្នានឹងមិនវិលត្រឡប់ទៅកាន់ទឹកដីអ៊ីស្រាអែលវិញឡើយ។ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជាព្រះជាអម្ចាស់មែន។ ព្យាការីទាំងនោះបាននាំប្រជាជនរបស់យើងឲ្យវង្វេង ដោយពោលថា មានសន្តិភាពហើយ! តែគ្មានសន្តិភាពទាល់តែសោះ។ ប្រជាជនរបស់យើងសង់ជញ្ជាំង ហើយព្យាការីទាំងនោះនាំគ្នាបូកបាយអពីលើ។ ចូរប្រកាសប្រាប់អ្នកបូកបាយអទាំងនោះថា: ជញ្ជាំងនេះមុខជារលំមិនខាន! ភ្លៀងនឹងបង្អុរមកយ៉ាងខ្លាំង ព្រឹលក៏ធ្លាក់មក ហើយខ្យល់ព្យុះក៏កើតមានដែរ ពេលនោះ ជញ្ជាំងនឹងរលំបាក់បែកអស់។ ពេលជញ្ជាំងរលំ គេនឹងសួរអ្នករាល់គ្នា តើបាយអដែលអ្នករាល់គ្នាបូកនោះទៅណាបាត់ហើយ?»។ ហេតុនេះព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ៖ «យើងនឹងធ្វើឲ្យមានព្យុះបក់បោកមក តាមកំហឹងដ៏ខ្លាំងក្លារបស់យើង ហើយនឹងមានភ្លៀងបង្អុរមកយ៉ាងខ្លាំង តាមកំហឹងរបស់យើង ព្រឹលនឹងធ្លាក់ចុះមកយ៉ាងសាហាវ ធ្វើឲ្យជញ្ជាំងរលំ។ យើងនឹងកម្ទេចជញ្ជាំងដែលអ្នករាល់គ្នាបូកបាយអពីលើ យើងនឹងធ្វើឲ្យជញ្ជាំងនោះរលំដល់ដី គ្រឹះរបស់វានឹងរលើង ហើយជញ្ជាំងរលំសង្កត់លើអ្នករាល់គ្នា។ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន។ យើងនឹងប្រព្រឹត្តចំពោះជញ្ជាំងនោះ ព្រមទាំងអស់អ្នកដែលបូកបាយអ តាមកំហឹងរបស់យើង រហូតដល់ចប់ចុងចប់ដើម។ គេនឹងពោលថា: គ្មានជញ្ជាំង គ្មានអ្នកបូកបាយអ គ្មានព្យាការីរបស់ជនជាតិអ៊ីស្រាអែលទស្សន៍ទាយអំពីក្រុងយេរូសាឡឹម និងរៀបរាប់អំពីនិមិត្តហេតុដែលថាក្រុងនេះនឹងមានសន្តិភាព តែគ្មានសន្តិភាពសោះ! -នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។ កូនមនុស្សអើយ ចូរបែរមុខទៅរកស្រីៗនៃប្រជាជនរបស់អ្នក ដែលទស្សន៍ទាយតាមអំពើចិត្តរបស់ខ្លួន។ ចូរថ្លែងព្រះបន្ទូលប្រឆាំងនឹងស្រីទាំងនោះទៅ! ចូរពោលទៅពួកគេថា ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ: វេទនាហើយស្រីៗដែលវេញអំបោះឲ្យប្រជាជនទាំងអស់ពាក់នៅកដៃ និងដេរឈ្នួតឲ្យប្រជាជនគ្រប់អាយុពាក់នៅលើក្បាល ដើម្បីខាបព្រលឹង! ពួកនាងខាបព្រលឹងប្រជាជនរបស់យើង ហើយនឹកស្មានថាអាចរក្សាជីវិតរបស់ខ្លួនបានឬ? ពួកនាងបន្ថោកយើងនៅចំពោះមុខប្រជាជនរបស់យើង ព្រោះចង់បានអង្ករពីរបីក្តាប់ និងនំបុ័ងពីរបីដុំ។ ពួកនាងបោកប្រាស់ប្រជាជនរបស់យើង ដ្បិតគេឆាប់ជឿពាក្យកុហករបស់ពួកនាងធ្វើដូច្នេះ ពួកនាងសម្លាប់អស់អ្នកដែលមិនត្រូវស្លាប់ តែទុកជីវិតឲ្យអស់អ្នកដែលមិនត្រូវរស់»។ ហេតុនេះ ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «យើងប្រឆាំងនឹងអំបោះដែលពួកនាងប្រើសម្រាប់ខាបព្រលឹង។ យើងនឹងយកអំបោះទាំងនោះចេញពីដៃរបស់ពួកនាង ហើយដោះលែងព្រលឹងដែលពួកនាងចាប់យកមកឃុំឃាំង។ យើងនឹងហែកឈ្នួតរបស់ពួកនាង ព្រមទាំងដោះលែងប្រជាជនរបស់យើងពីកណ្ដាប់ដៃពួកនាង ហើយពួកនាងមិនអាចចាប់ពួកគេ ទុកជារំពាក្នុងកណ្ដាប់ដៃរបស់ខ្លួនឡើយ។ ពេលនោះ ពួកនាងនឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន។ ដោយសារពាក្យកុហក ពួកនាងបំបាក់ទឹកចិត្តរបស់មនុស្សសុចរិត ដែលយើងពុំបានធ្វើឲ្យពិបាកចិត្ត។ ពួកនាងលើកទឹកចិត្តមនុស្សអាក្រក់ ឲ្យដើរក្នុងផ្លូវអាក្រក់តទៅទៀត មិនឲ្យគេងាកចេញពីផ្លូវរបស់ខ្លួន ដើម្បីទទួលជីវិតឡើយ។ ពួកនាងនឹងលែងប្រឌិតនិមិត្តហេតុដ៏ឥតបានការ ហើយក៏លែងទស្សន៍ទាយទៀតដែរ។ យើងនឹងដោះលែងប្រជារាស្ត្ររបស់យើងពីកណ្ដាប់ដៃរបស់ពួកនាង។ ពេលនោះ ពួកនាងនឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន»។
អេសេគាល 13:1-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះបន្ទូលរបស់ព្រះយេហូវ៉ា បានមកដល់ខ្ញុំថា កូនមនុស្សអើយ ចូរទាយទាស់នឹងពួកហោរានៃសាសន៍អ៊ីស្រាអែលដែលធ្លាប់ទាយ ហើយប្រាប់ដល់ពួកអ្នកដែលទាយចេញពីចិត្តខ្លួនគេចុះ ដោយពាក្យថា ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ វេទនាដល់ពួកហោរាល្ងីល្ងើ ដែលទាយតាមតែចិត្តរបស់ខ្លួន ឥតមានឃើញអ្វីឡើយ ឱពួកអ៊ីស្រាអែលអើយ ពួកហោរារបស់ឯងបានធ្វើដូចជាឆ្កែចចក នៅទីចោលស្ងាត់ ឯងរាល់គ្នាមិនបានឡើងទៅឯចន្លោះដែលគេបំបាក់ទំលាយកំផែងទេ ក៏មិនបានសង់កំផែងឡើងការពារពួកអ៊ីស្រាអែល ដើម្បីឲ្យគេអាចឈរនៅក្នុងគ្រាចំបាំង នៅថ្ងៃនៃព្រះយេហូវ៉ានោះដែរ គេបានឃើញសេចក្ដីភូតភរ នឹងពាក្យទំនាយកុហក ហើយក៏ថា ព្រះយេហូវ៉ាទ្រង់មានបន្ទូល តែព្រះយេហូវ៉ាទ្រង់មិនបានចាត់គេសោះ ហើយគេធ្វើឲ្យមនុស្សសង្ឃឹមថា ពាក្យនោះនឹងបានសំរេចជាពិត ការដែលឯងរាល់គ្នាថា ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ តែអញមិនបានពោលសោះ នោះតើមិនមែនជាឃើញការជាក់ស្តែងកំភូត ហើយនឹងទាយកុហកទេឬអី។ ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា ដោយព្រោះឯងរាល់គ្នាបញ្ចេញសេចក្ដីកំភូត ហើយឃើញពាក្យកុហកដូច្នេះ បានជាព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលថា មើល អញទាស់នឹងឯងរាល់គ្នាហើយ ដៃអញក៏ទាស់នឹងពួកហោរា ដែលឃើញការជាក់ស្តែងកំភូត ហើយដែលទាយសេចក្ដីកុហកនោះ គេនឹងមិននៅក្នុងពួកប្រឹក្សារបស់រាស្ត្រអញឡើយ ក៏មិនបានកត់ទុកក្នុងបញ្ជីនៃពូជពង្សអ៊ីស្រាអែល ឬចូលទៅក្នុងស្រុកអ៊ីស្រាអែលដែរ នោះឯងរាល់គ្នានឹងដឹងថា អញនេះជាព្រះអម្ចាស់យេហូវ៉ាពិត ពីព្រោះ គឺពីព្រោះតែគេបានលួងលោមបញ្ឆោតរាស្ត្រអញ ដោយចេញពាក្យថា «សន្តិសុខ» តែគ្មានសេចក្ដីសន្តិសុខសោះប៉ុណ្ណោះឯង រាស្ត្រអញធ្វើកំផែងឡើង តែចំណែកគេៗបូកដោយល្បាប់វិញ ចូរប្រាប់ដល់ពួកអ្នកដែលបូកដោយល្បាប់នោះថា កំផែងនោះនឹងរលំទៅ ដោយមានភ្លៀងរំលា ហើយឯង ឱគ្រាប់ព្រិលយ៉ាងធំអើយ ឯងនឹងធ្លាក់មក ក៏នឹងមានខ្យល់ព្យុះយ៉ាងខ្លាំងបំបាក់រលំកំផែងទៅ ដូច្នេះ កាលណាកំផែងបានរលំហើយ នោះតើគេមិនសួរឯងរាល់គ្នាទេឬអីថា ល្បាប់ដែលឯងរាល់គ្នាបានបូកនោះ តើនៅឯណា ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា អញនឹងរំលំកំផែងនោះ ដោយខ្យល់គំហុក ក្នុងសេចក្ដីក្រោធរបស់អញ ហើយនឹងមានភ្លៀងរំលាដោយសេចក្ដីកំហឹងរបស់អញ ព្រមទាំងគ្រាប់ព្រិលយ៉ាងធំ ដោយសេចក្ដីឃោរឃៅរបស់អញ ដើម្បីនឹងបំផ្លាញបង់ គឺយ៉ាងនោះដែលអញនឹងរំលំកំផែង ដែលឯងរាល់គ្នាបានបូកដោយល្បាប់នោះ អញនឹងរលំចុះដល់ដី ឲ្យឫសបានបើកឲ្យឃើញ កំផែងនោះនឹងរំលំចុះ ហើយឯងរាល់គ្នានឹងសាបសូន្យទៅ នៅកណ្តាលនោះផង ដូច្នេះឯងរាល់គ្នានឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត គឺយ៉ាងនោះដែលអញនឹងសំរេចសេចក្ដីក្រោធរបស់អញ នៅលើកំផែងនោះ ហើយលើពួកអ្នកដែលបានបូកដោយល្បាប់ផងដែរ រួចអញនឹងនិយាយនឹងឯងរាល់គ្នាថា កំផែងនោះមិនមានទៀតទេ ព្រមទាំងពួកអ្នកដែលបូកផង គឺជាពួកហោរារបស់សាសន៍អ៊ីស្រាអែល ដែលទាយពីដំណើរក្រុងយេរូសាឡិម ហើយឃើញការជាក់ស្តែងពីសេចក្ដីសុខសំរាប់ទីក្រុង តែឥតមានសេចក្ដីសុខឡើយ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។ ឯឯង កូនមនុស្សអើយ ចូរតាំងមុខទាស់នឹងពួកកូនស្រីរបស់សាសន៍ឯង ដែលទាយចេញពីចិត្តខ្លួនគេ ហើយទាយទាស់នឹងគេ ដោយពាក្យថា ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានបន្ទូលដូច្នេះ វេទនាដល់ពួកស្រីៗដែលដេរកែបកំណល់ភ្ជាប់ នៅកួយដៃមនុស្ស ហើយធ្វើស្បៃបាំងមុខ សំរាប់ក្បាលគ្រប់មនុស្ស ទោះទាំងធំទាំងតូច ដើម្បីនឹងចាប់ព្រលឹងគេ ឯងរាល់គ្នារកចាប់ព្រលឹងរបស់សាសន៍អញដូច្នេះ នោះតើនឹងអាចជួយសង្គ្រោះព្រលឹងគេដែលមកឯឯងឲ្យរស់នៅបានឬ ឯងរាល់គ្នាបានបន្ទាបបន្ថោកអញ នៅកណ្តាលរាស្ត្រអញ ឲ្យតែបានស្រូវឱក១កំប៉ុងពីរ នឹងចំណិតនំបុ័ងតិចតួចប៉ុណ្ណោះ ដើម្បីនឹងសំឡាប់ព្រលឹងមនុស្សដែលមិនគួរស្លាប់ទេ ហើយនឹងរក្សាព្រលឹងឲ្យរស់នៅ ដែលមិនគួររស់នៅវិញ ដោយឯងកុហកដល់រាស្ត្រអញ ដែលស្តាប់តាមសេចក្ដីកុហកនោះឬអី។ ហេតុនោះ ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានបន្ទូលដូច្នេះថា មើល អញទាស់នឹងកែបកំណល់របស់ឯងរាល់គ្នា ដែលឯងប្រើសំរាប់ដេញតាមព្រលឹងមនុស្ស ឲ្យហើរទៅទាក់ជាប់នោះ អញនឹងហែកចេញពីដៃឯងរាល់គ្នាវិញ ហើយនឹងលែងព្រលឹងទាំងនោះឲ្យរួច គឺជាព្រលឹងដែលឯងរាល់គ្នាបានរកដេញតាម ឲ្យហើរទៅទាក់ជាប់នោះឯង អញនឹងហែកស្បៃរបស់ឯងរាល់គ្នាដែរ ព្រមទាំងជួយឲ្យរាស្ត្រអញរួចពីកណ្តាប់ដៃឯងរាល់គ្នាផង នោះគេនឹងមិននៅក្នុងកណ្តាប់ដៃឯងរាល់គ្នា ឲ្យឯងដេញចាប់ទៀតឡើយ ដូច្នេះ ឯងរាល់គ្នានឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត ហើយដោយព្រោះឯងរាល់គ្នាបានបញ្ឈឺចិត្តពួកសុចរិត ដោយសេចក្ដីកំភូត ជាពួកអ្នកដែលអញមិនបានឲ្យព្រួយចិត្តសោះ ហើយឯងបានចំរើនកំឡាំងដៃនៃមនុស្សអាក្រក់ ដើម្បីមិនឲ្យគេលះចោលផ្លូវអាក្រក់របស់ខ្លួន ឲ្យបានសង្គ្រោះរួចជីវិតវិញឡើយ ហេតុនោះ ឯងរាល់គ្នានឹងមិនឃើញការជាក់ស្តែងកំភូត ឬទាយទំនាយទៀតឡើយ ហើយអញនឹងជួយរាស្ត្រអញឲ្យរួចពីកណ្តាប់ដៃរបស់ឯង នោះឯងរាល់គ្នានឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត។