អេសេគាល 12:1-28
អេសេគាល 12:1-28 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ខ្ញុំថា៖ «កូនមនុស្សអើយ អ្នកនៅក្នុងចំណោមពូជពង្សរឹងចចេសជាពួកអ្នកដែលមានភ្នែកសម្រាប់មើល តែមើលមិនឃើញទេ ក៏មានត្រចៀកសម្រាប់ស្តាប់ តែស្តាប់មិនឮដែរ ដ្បិតគេជាពូជពង្សរឹងចចេស ដូច្នេះ កូនមនុស្សអើយ ចូររៀបចំអីវ៉ាន់ សម្រាប់ដំណើរនិរទេស ហើយដើរចេញទៅ ទាំងថ្ងៃនៅចំពោះភ្នែកគេចុះ អ្នកត្រូវរើចេញពីកន្លែងអ្នក ទៅកន្លែងមួយទៀត នៅចំពោះភ្នែកគេ ប្រហែលជាគេនឹងពិចារណាយល់ ទោះបើគេជាវង្សរឹងចចេសក៏ដោយ។ អ្នកត្រូវរើយកអីវ៉ាន់អ្នកចេញ នៅពេលថ្ងៃ ចំពោះភ្នែកគេ ធ្វើដូចជារៀបចំនឹងត្រូវនិរទេសទៅ ហើយខ្លួនអ្នកត្រូវចេញទៅនៅពេលល្ងាចចំពោះភ្នែកគេ បែបដូចជាមនុស្សដែលត្រូវនិរទេស ចូរជីកទម្លុះកំផែងនៅចំពោះភ្នែកគេ ហើយបញ្ចេញអីវ៉ាន់ទៅតាមនោះចុះ អ្នកត្រូវលីអីវ៉ាន់អ្នកនៅមុខគេចេញទៅក្នុងងងឹត ក៏ត្រូវបាំងមុខ ដើម្បីមិនឲ្យឃើញស្រុកឡើយ ដ្បិតយើងបានតាំងអ្នកទុកជាទីសម្គាល់ ដល់ពូជពង្សអ៊ីស្រាអែល»។ ខ្ញុំក៏ធ្វើតាមបង្គាប់ខ្ញុំយកអីវ៉ាន់ចេញទាំងថ្ងៃ ដូចជាអីវ៉ាន់សម្រាប់ដំណើរនិរទេស ហើយនៅពេលល្ងាចខ្ញុំជីកទម្លុះកំផែងដោយដៃខ្ញុំ ក៏បញ្ចេញអីវ៉ាន់ក្នុងទីងងឹត ហើយលីយកទៅនៅចំពោះភ្នែកគេ។ លុះព្រឹកឡើង ព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ខ្ញុំថា៖ កូនមនុស្សអើយ តើពូជពង្សអ៊ីស្រាអែលជាពួករឹងចចេសនោះ មិនបានសួរអ្នកទេថា "តើអ្នកកំពុងធ្វើអ្វី?" ត្រូវប្រាប់គេថា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា ព្រះបន្ទូលនេះ សំដៅលើចៅហ្វាយនៃក្រុងយេរូសាឡិម និងពូជពង្សអ៊ីស្រាអែលទាំងប៉ុន្មានដែលនៅទីនោះដែរ ចូរប្រាប់ថា ខ្ញុំជាទីសម្គាល់ដល់អ្នករាល់គ្នា ការដែលខ្ញុំបានធ្វើនេះ នឹងមានគេធ្វើយ៉ាងនោះដល់ពូជពង្សអ៊ីស្រាអែលដែរ គេនឹងត្រូវនិរទេសទៅ ព្រមទាំងដឹកនាំទៅជាឈ្លើយផង។ គ្រានោះ ចៅហ្វាយដែលនៅកណ្ដាលពួកគេ លោកនឹងលីអីវ៉ាន់របស់លោកចេញទៅក្នុងងងឹត លោក នឹងជីកទម្លុះកំផែង ដើម្បីបញ្ចេញអីវ៉ាន់តាមនោះ លោកនឹងបាំងមុខ ដើម្បីមិនឲ្យភ្នែកឃើញស្រុកឡើយ។ យើងនឹងលាតមងយើងទៅពីលើលោក ហើយលោកនឹងជាប់អន្ទាក់របស់យើង យើងនឹងនាំលោកទៅឯបាប៊ីឡូន ជាស្រុករបស់ពួកខាល់ដេ ប៉ុន្តែ លោកនឹងមិនឃើញស្រុកនោះទេ ទោះបើលោកស្លាប់នៅទីនោះក៏ដោយ យើងនឹងកម្ចាត់កម្ចាយពួកអ្នកដែលនៅជុំវិញលោក និងកងទ័ពរបស់លោកទាំងប៉ុន្មានទៅតាមខ្យល់គ្រប់ទិស រួចយើងនឹងហូតដាវទៅតាមក្រោយគេ។ ដូច្នេះ កាលណាយើងបានបែងចែកគេ ទៅនៅកណ្ដាលអស់ទាំងសាសន៍ ហើយបានកម្ចាត់កម្ចាយគេទៅនៅគ្រប់ប្រទេស នោះគេនឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត។ ប៉ុន្តែ យើងនឹងឲ្យមានពួកគេខ្លះរួចពីដាវ ពីអំណត់ និងពីអាសន្នរោគដែរ ដើម្បីឲ្យគេបានថ្លែងប្រាប់ពីគ្រប់ទាំងអំពើគួរស្អប់ខ្ពើមរបស់ខ្លួន នៅកណ្ដាលពួកសាសន៍ដទៃទាំងប៉ុន្មាន ដែលគេត្រូវទៅនៅនោះ ដូច្នេះ គេនឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត។ ព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ខ្ញុំថា៖ «កូនមនុស្សអើយ ចូរស៊ីអាហារអ្នកដោយរន្ធត់ ព្រមទាំងផឹកទឹកដោយញាប់ញ័រ ហើយថប់ព្រួយចុះ។ ចូរប្រាប់ដល់ពួកជនក្នុងស្រុកថា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលពីដំណើរពួកក្រុងយេរូសាឡិម និងពួកអ្នកនៅស្រុកអ៊ីស្រាអែលថា គេនឹងស៊ីអាហាររបស់គេ ដោយភ័យខ្លាច ហើយផឹកទឹករបស់គេដោយតក់ស្លុត ដ្បិតស្រុកគេនឹងត្រូវខូចបង់ ព្រមទាំងរបស់ទាំងអស់ដែលនៅក្នុងស្រុកនោះដែរ ដោយព្រោះសេចក្ដីច្រឡោតរបស់ពួកអ្នកដែលនៅស្រុកនោះ។ ទីក្រុងទាំងឡាយ ដែលមានមនុស្សនៅ នឹងត្រូវបំផ្លាញ ហើយស្រុកនឹងត្រូវខូចបង់ទៅ នោះអ្នករាល់គ្នានឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត»។ ព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ខ្ញុំថា៖ «កូនមនុស្សអើយ ពាក្យទំនៀមយ៉ាងណានោះ ដែលអ្នករាល់គ្នាធ្លាប់និយាយ នៅស្រុកអ៊ីស្រាអែល ដោយថា កំណត់ថ្ងៃបានបន្ថយទៅ ហើយគ្រប់ទាំងនិមិត្តក៏ខានមាន។ ដូច្នេះ ត្រូវប្រាប់គេថា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ យើងនឹងធ្វើឲ្យពាក្យទំនៀមនោះបាត់ទៅ គេនឹងលែងប្រើពាក្យនោះទុកជាទំនៀម នៅស្រុកអ៊ីស្រាអែលទៀត ប៉ុន្តែ ត្រូវប្រាប់គេថា "វេលាកំណត់ជិតដល់ហើយ ព្រមទាំងពេលដែលនឹងសម្រេច តាមគ្រប់ទាំងនិមិត្តនោះផង"។ ដ្បិតនឹងគ្មាននិមិត្តក្លែងក្លាយ ឬពាក្យទំនាយបញ្ចើច នៅក្នុងពូជពង្សអ៊ីស្រាអែលទៀតឡើយ ព្រោះយើងនេះ គឺយេហូវ៉ា យើងនឹងចេញបង្គាប់ ហើយពាក្យដែលយើងប្រាប់នោះ នឹងបានសម្រេចជាពិត ឥតដែលបន្ថយទៀតឡើយ ដ្បិតឱពូជពង្សរឹងចចេសអើយ នៅគ្រារបស់អ្នក យើងនឹងចេញវាចា ហើយនឹងធ្វើសម្រេចតាមផង នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា»។ ព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ខ្ញុំថា៖ «កូនមនុស្សអើយ ពូជពង្សអ៊ីស្រាអែល គេនិយាយថា និមិត្តដែលគាត់ឃើញ នោះសម្ដែងពីគ្រាទៅមុខជាយូរ គាត់ថ្លែងទំនាយពីវេលា ដែលនៅឆ្ងាយនៅឡើយ ដូច្នេះ ចូរប្រាប់គេថា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ នឹងគ្មានពាក្យរបស់យើងណាមួយត្រូវបន្ថយទៀតឡើយ គឺពាក្យដែលយើងបញ្ចេញ នោះនឹងបានសម្រេចជាពិត នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា»។
អេសេគាល 12:1-28 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ! អ្នករស់នៅក្នុងចំណោមពូជអ្នកបះបោរ។ ពួកគេមានភ្នែក តែមើលមិនឃើញ មានត្រចៀក តែស្ដាប់មិនឮ ដ្បិតពួកគេជាពូជអ្នកបះបោរ។ កូនមនុស្សអើយ ចូររៀបចំបង្វេច ដូចជនដែលត្រូវខ្មាំងកៀរ ហើយចេញពីផ្ទះទាំងថ្ងៃឲ្យពួកគេឃើញគ្រប់ៗគ្នា។ ធ្វើដូច្នេះ ប្រហែលជាពួកគេដឹងខ្លួនថា ពួកគេជាពូជអ្នកបះបោរ។ អ្នកត្រូវរៀបចំអីវ៉ាន់ វេចបង្វេចទាំងថ្ងៃ ដូចជនដែលត្រូវខ្មាំងកៀរ ឲ្យគេឃើញគ្រប់គ្នា។ ដល់ពេលល្ងាចត្រូវចេញដំណើរទៅដូចជនដែលត្រូវខ្មាំងកៀរ។ ចូរទម្លុះកំពែងឲ្យគេឃើញ រួចបញ្ចេញបង្វេចតាមប្រឡោះនោះ។ ត្រូវលើកបង្វេចនោះស្ពាយឲ្យពួកគេឃើញ ហើយចេញដំណើរទៅ ទាំងងងឹត ព្រមទាំងបិទមុខ ដើម្បីកុំឲ្យអ្នកឃើញថាអ្នកទៅទីណា ដ្បិតយើងចង់ឲ្យអ្នកធ្វើដូច្នេះ ជាប្រផ្នូលសម្រាប់ពូជពង្សអ៊ីស្រាអែល»។ ខ្ញុំធ្វើតាមបញ្ជារបស់ព្រះអម្ចាស់ គឺនៅពេលថ្ងៃ ខ្ញុំរៀបចំអីវ៉ាន់ វេចបង្វេច ដូចជនដែលត្រូវខ្មាំងកៀរ។ នៅពេលល្ងាច ខ្ញុំទម្លុះកំពែងក្រុងដោយដៃរបស់ខ្ញុំផ្ទាល់ ហើយចេញដំណើរទៅនៅពេលងងឹត ទាំងស្ពាយបង្វេចឲ្យពួកគេឃើញទាំងអស់គ្នា។ លុះព្រឹកឡើង ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖ «កូនមនុស្សអើយ! ពូជពង្សអ៊ីស្រាអែលដែលជាពូជបះបោរនេះ មុខជាសួរអ្នកថា “តើលោកធ្វើអ្វី?” ត្រូវតបទៅពួកគេថា “ព្រះជាអម្ចាស់មានព្រះបន្ទូលថា នេះជាការព្រមានដល់ស្ដេចនៅក្រុងយេរូសាឡឹម និងពូជពង្សអ៊ីស្រាអែលទាំងមូល ដែលស្ថិតនៅក្រុងនេះ”។ ចូរប្រាប់ពួកគេថា “ខ្ញុំធ្វើដូច្នេះ ជាប្រផ្នូលសម្រាប់អ្នករាល់គ្នា។ ខ្ញុំធ្វើយ៉ាងណា អ្នករាល់គ្នាក៏ធ្វើយ៉ាងនោះដែរ គឺអ្នករាល់គ្នានឹងត្រូវខ្មាំងកៀរយកទៅជាឈ្លើយ។ រីឯស្ដេចដែលគ្រប់គ្រងអ្នករាល់គ្នា ក៏នឹងស្ពាយបង្វេចចាកចេញពីក្រុងទៅ ក្នុងពេលងងឹតដែរ។ គេនឹងទម្លុះកំពែងក្រុងឲ្យស្ដេចចេញ ទាំងបិទមុខ មិនឲ្យឃើញថាទៅទីណា។ យើងនឹងបោះសំណាញ់ទៅលើស្ដេច ហើយស្ដេចនោះនឹងធ្លាក់ក្នុងអន្ទាក់របស់យើង។ យើងនឹងនាំគេទៅស្រុកបាប៊ីឡូន គឺស្រុករបស់ជនជាតិខាល់ដេ គេនឹងស្លាប់នៅស្រុកនោះ តែឥតបានឃើញស្រុកនោះឡើយ។ យើងនឹងកម្ចាត់កម្ចាយអស់អ្នកដែលនៅជាមួយស្ដេច គឺទាំងអង្គរក្ស និងទាហានទាំងប៉ុន្មានរបស់ស្ដេច ឲ្យទៅគ្រប់ទីកន្លែង ព្រមទាំងយកដាវដេញតាមប្រហារពួកគេពីក្រោយផង។ ពេលណាយើងបំបែកពួកគេឲ្យទៅនៅក្នុងចំណោមប្រជាជាតិនានា ពេលណាយើងកម្ចាត់កម្ចាយពួកគេទៅនៅតាមស្រុកទាំងឡាយ ពួកគេនឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន។ ប៉ុន្តែ យើងទុកឲ្យពួកគេមួយចំនួននៅសេសសល់ គឺគេចផុតពីមុខដាវ ពីទុរ្ភិក្ស និងជំងឺរាតត្បាត ដើម្បីឲ្យរៀបរាប់អំពីការប្រព្រឹត្តគួរស្អប់ខ្ពើមទាំងនេះប្រាប់ប្រជាជាតិនានា។ ពេលនោះ ពួកគេនឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន”»។ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖ «កូនមនុស្សអើយ ចូរបរិភោគអាហារ ទាំងញាប់ញ័រ ចូរផឹកទឹកទាំងស្លន់ស្លោ និងភ័យរន្ធត់។ ចូរថ្លែងប្រាប់ប្រជាជននៅស្រុកនេះដូចតទៅ: ព្រះជាអម្ចាស់មានព្រះបន្ទូលស្ដីអំពីអ្នកក្រុងយេរូសាឡឹម ដែលរស់នៅលើទឹកដីអ៊ីស្រាអែលថា ពួកគេនឹងបរិភោគអាហារ ទាំងភ័យរន្ធត់ ពួកគេនឹងផឹកទឹកទាំងតក់ស្លុត ដ្បិតស្រុករបស់គេក្លាយទៅជាទីស្មសាន បាត់បង់អ្វីៗទាំងអស់ ព្រោះតែអំពើឃោរឃៅដែលអ្នកស្រុកនេះប្រព្រឹត្ត។ ក្រុងដែលធ្លាប់តែមានប្រជាជនកុះករ នឹងក្លាយទៅជាគំនរបាក់បែក ហើយស្រុករបស់ពួកគេក្លាយទៅជាទីស្មសាន។ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន»។ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖ «កូនមនុស្សអើយ នៅស្រុកអ៊ីស្រាអែល អ្នករាល់គ្នាមានសុភាសិតមួយចែងថា “ពេលវេលាចេះតែបោះជំហានទៅមុខ តែគ្មាននិមិត្តហេតុណាមួយសម្រេចជារូបរាងសោះ!”។ ដូច្នេះ ចូរប្រាប់ពួកគេថា ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ: យើងនឹងលុបបំបាត់សុភាសិតនេះ គឺគេនឹងលែងនិយាយពីសុភាសិតនេះ នៅស្រុកអ៊ីស្រាអែលទៀតហើយ។ ផ្ទុយទៅវិញ ចូរប្រាប់ពួកគេថា “ពេលវេលាចេះតែបោះជំហានទៅមុខ និមិត្តហេតុទាំងប៉ុន្មាននឹងសម្រេចជារូបរាងមិនខាន” ដ្បិតនៅស្រុកអ៊ីស្រាអែល លែងមាននិមិត្តហេតុឥតបានការ ឬការទស្សន៍ទាយ បញ្ជោរទៀតហើយ។ យើងជាព្រះអម្ចាស់ ការអ្វីដែលយើងថ្លែងតែងតែសម្រេចជារូបរាង ឥតបង្អង់ឡើយ។ ពិតមែនហើយ យើងនឹងសម្រេចតាមពាក្យរបស់យើង ក្នុងពេលអ្នករាល់គ្នាដែលជាពូជអ្នកបះបោរ នៅមានជីវិតនៅឡើយ» -នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖ «កូនមនុស្សអើយ កូនចៅអ៊ីស្រាអែលពោលថា “និមិត្តហេតុអស្ចារ្យដែលអ្នកឃើញនេះ គឺសម្រាប់អនាគតកាលដ៏យូរលង់ ហើយសេចក្ដីដែលគាត់ថ្លែងក៏សម្រាប់ពេលដ៏ឆ្ងាយខាងមុខដែរ”។ ហេតុនេះ ចូរប្រាប់ពួកគេថា ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ: អ្វីៗដែលយើងថ្លែងតែងតែសម្រេចជារូបរាង ឥតបង្អង់ឡើយ» - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
អេសេគាល 12:1-28 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះបន្ទូលនៃព្រះយេហូវ៉ា ក៏មកដល់ខ្ញុំទៀតថា កូនមនុស្សអើយ ឯងនៅកណ្តាលពូជពង្សរឹងចចេស ជាពួកអ្នកដែលមានភ្នែកសំរាប់មើល តែមើលមិនឃើញទេ ក៏មានត្រចៀកសំរាប់ស្តាប់ តែស្តាប់មិនឮដែរ ដ្បិតគេជាពូជពង្សរឹងចចេស ដូច្នេះ កូនមនុស្សអើយ ចូររៀបចំអីវ៉ាន់ សំរាប់ដំណើរនិរទេស ហើយដើរចេញទៅទាំងថ្ងៃនៅចំពោះភ្នែកគេចុះ ត្រូវឲ្យឯងរើចេញពីកន្លែងឯង ទៅកន្លែង១ទៀត នៅចំពោះភ្នែកគេ ប្រហែលជាគេនឹងពិចារណាយល់ ទោះបើគេជាវង្សរឹងចចេសក៏ដោយ ត្រូវឲ្យឯងរើយកអីវ៉ាន់ឯងចេញ នៅពេលថ្ងៃ ចំពោះភ្នែកគេ ធ្វើដូចជារៀបចំនឹងត្រូវនិរទេសទៅ ហើយខ្លួនឯងត្រូវចេញទៅនៅពេលល្ងាចចំពោះភ្នែកគេ បែបដូចជាមនុស្សដែលត្រូវនិរទេស ចូរជីកទំលុះកំផែងនៅចំពោះភ្នែកគេ ហើយបញ្ចេញអីវ៉ាន់ទៅតាមនោះចុះ ត្រូវឲ្យឯងលីអីវ៉ាន់ឯងនៅមុខគេចេញទៅក្នុងងងឹត ក៏ត្រូវបាំងមុខ ដើម្បីមិនឲ្យឃើញស្រុកឡើយ ដ្បិតអញបានតាំងឯងឡើង ទុកជាទីសំគាល់ ដល់ពូជពង្សអ៊ីស្រាអែល ខ្ញុំក៏ធ្វើតាមបង្គាប់ ខ្ញុំយកអីវ៉ាន់ចេញទាំងថ្ងៃ ទុកដូចជាអីវ៉ាន់សំរាប់ដំណើរនិរទេស ហើយនៅពេលល្ងាច ខ្ញុំជីកទំលុះកំផែងដោយដៃ ខ្ញុំក៏បញ្ចេញអីវ៉ាន់ក្នុងងងឹត ហើយលីយកទៅនៅចំពោះភ្នែកគេ។ លុះព្រឹកឡើង ព្រះបន្ទូលនៃព្រះយេហូវ៉ាមកដល់ខ្ញុំសួរថា កូនមនុស្សអើយ តើពូជពង្សអ៊ីស្រាអែលជាពួករឹងចចេសនោះ មិនបានសួរឯងទេឬអីថា អ្នកធ្វើអ្វីដូច្នេះ ត្រូវឲ្យប្រាប់គេថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា ព្រះបន្ទូលនេះ សំដៅដល់ចៅហ្វាយនៃក្រុងយេរូសាឡិម នឹងពូជពង្សអ៊ីស្រាអែលទាំងប៉ុន្មានដែលនៅទីនោះដែរ ចូរប្រាប់ថា ខ្ញុំជាទីសំគាល់ដល់អ្នករាល់គ្នា ឯការដែលខ្ញុំបានធ្វើនេះ នោះនឹងមានគេធ្វើយ៉ាងនោះដល់ពូជពង្សអ៊ីស្រាអែលដែរ គេនឹងត្រូវនិរទេសទៅ ព្រមទាំងដឹកនាំទៅជាឈ្លើយផង គ្រានោះ ចៅហ្វាយដែលនៅកណ្តាលពួកគេ លោកនឹងលីអីវ៉ាន់របស់លោកចេញទៅក្នុងងងឹត គេនឹងជីកទំលុះកំផែង ដើម្បីបញ្ចេញអីវ៉ាន់តាមនោះ លោកនឹងបាំងមុខ ដើម្បីមិនឲ្យភ្នែកឃើញស្រុកឡើយ អញនឹងលាតមងអញទៅពីលើលោក ហើយលោកនឹងជាប់អន្ទាក់របស់អញ អញនឹងនាំលោកទៅឯបាប៊ីឡូន ជាស្រុករបស់ពួកខាល់ដេ ប៉ុន្តែលោកនឹងមិនឃើញស្រុកនោះទេ ទោះបើលោកស្លាប់នៅទីនោះក៏ដោយ អញនឹងកំចាត់កំចាយពួកអ្នកដែលនៅជុំវិញលោក នឹងកងទ័ពរបស់លោកទាំងប៉ុន្មានទៅតាមខ្យល់គ្រប់ទិស រួចអញនឹងហូតដាវទៅតាមក្រោយគេ ដូច្នេះកាលណាអញបានបែងចែកគេ ទៅនៅកណ្តាលអស់ទាំងសាសន៍ ហើយបានកំចាត់កំចាយគេទៅនៅគ្រប់ប្រទេស នោះគេនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត ប៉ុន្តែអញនឹងឲ្យមានពួកគេខ្លះរួចពីដាវ ពីអំណត់អត់ នឹងពីអាសន្នរោគដែរ ដើម្បីឲ្យគេបានថ្លែងប្រាប់ពីគ្រប់ទាំងអំពើគួរស្អប់ខ្ពើមរបស់ខ្លួន នៅកណ្តាលពួកសាសន៍ដទៃទាំងប៉ុន្មាន ដែលគេត្រូវទៅនៅនោះ ដូច្នេះ គេនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត។ ព្រះបន្ទូលរបស់ព្រះយេហូវ៉ា ក៏មកដល់ខ្ញុំទៀតថា កូនមនុស្សអើយ ចូរស៊ីអាហារឯងដោយរន្ធត់ ព្រមទាំងផឹកទឹកដោយញាប់ញ័រ ហើយថប់ព្រួយចុះ រួចចូរប្រាប់ដល់ពួកជនក្នុងស្រុកថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលពីដំណើរពួកក្រុងយេរូសាឡិម នឹងពួកអ្នកនៅស្រុកអ៊ីស្រាអែលថា គេនឹងស៊ីអាហាររបស់គេ ដោយភ័យខ្លាច ហើយផឹកទឹករបស់គេដោយតក់ស្លុត ដ្បិតស្រុកគេនឹងត្រូវខូចបង់ ព្រមទាំងរបស់ទាំងអស់ដែលនៅក្នុងស្រុកនោះដែរ ដោយព្រោះសេចក្ដីច្រឡោតរបស់ពួកអ្នកដែលនៅស្រុកនោះ អស់ទាំងទីក្រុងដែលមានមនុស្សនៅ នឹងត្រូវបំផ្លាញ ហើយស្រុកនឹងត្រូវខូចបង់ទៅ នោះឯងរាល់គ្នានឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត។ ព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ខ្ញុំថា កូនមនុស្សអើយ ពាក្យទំនៀមយ៉ាងណានោះ ដែលឯងរាល់គ្នាធ្លាប់និយាយ នៅស្រុកអ៊ីស្រាអែល ដោយថា កំណត់ថ្ងៃបានបន្ថយទៅ ហើយគ្រប់ទាំងការជាក់ស្តែងក៏ខានមាន ដូច្នេះ ត្រូវឲ្យប្រាប់គេថា ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានបន្ទូលដូច្នេះ អញនឹងធ្វើឲ្យពាក្យទំនៀមនោះបាត់ទៅ គេនឹងលែងប្រើពាក្យនោះទុកជាទំនៀម នៅស្រុកអ៊ីស្រាអែលទៀត ប៉ុន្តែត្រូវប្រាប់គេថា វេលាកំណត់ជិតដល់ហើយ ព្រមទាំងពេលដែលនឹងសំរេច តាមគ្រប់ទាំងការជាក់ស្តែងនោះផង ដ្បិតនឹងគ្មានការជាក់ស្តែងក្លែងក្លាយ ឬពាក្យទំនាយបញ្ចើច នៅក្នុងពូជពង្សអ៊ីស្រាអែលទៀតឡើយ ពីព្រោះអញនេះ គឺយេហូវ៉ា អញនឹងចេញបង្គាប់ ហើយពាក្យដែលអញប្រាប់នោះ នឹងបានសំរេចជាពិត ឥតដែលបន្ថយទៀតឡើយ ដ្បិតឱពូជពង្សរឹងចចេសអើយ នៅគ្រារបស់ឯង អញនឹងចេញវាចា ហើយនឹងធ្វើសំរេចតាមផង នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។ ព្រះបន្ទូល នៃព្រះយេហូវ៉ា ក៏មកដល់ខ្ញុំទៀតថា កូនមនុស្សអើយ មើល ពូជពង្សអ៊ីស្រាអែល គេនិយាយថា ការជាក់ស្តែងដែលគាត់ឃើញ នោះសំដែងពីគ្រាទៅមុខជាយូរ គាត់ទាយពីវេលា ដែលនៅឆ្ងាយនៅឡើយ ដូច្នេះ ចូរប្រាប់ដល់គេថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ នឹងគ្មានពាក្យរបស់អញណាមួយត្រូវបន្ថយទៀតឡើយ គឺពាក្យដែលអញបញ្ចេញ នោះនឹងបានសំរេចជាពិត នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។