អេសេគាល 11:14-25

អេសេគាល 11:14-25 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ គឺ​ជា​បង‌ប្អូន​អ្នក​បង្កើត​ទេ​តើ ព្រម​ទាំង​បង‌ប្អូន​អ្នក ដែល​ជា​ញាតិ‌សន្តាន និង​ពូជ‌ពង្ស​អ៊ីស្រា‌អែល​ទាំង​មូល គឺ​ពួក​គេ​ទាំង​ប៉ុន្មាន ជា​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម​បានពោល​ថា ចូរ​ថយ​ឆ្ងាយ​ពី​ព្រះ‌យេហូវ៉ា​ទៅ ស្រុក​នេះ​បាន​ប្រគល់​មក​ពួក​យើង​ទុក​ជា​កេរ‌អាករ​ហើយ។ ហេតុ​នោះ អ្នក​ត្រូវ​ប្រាប់​ថា ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ ទោះ​បើ​យើង​បាន​ឲ្យ​គេ​ទៅ​នៅ​ឯ​ទី​ឆ្ងាយ កណ្ដាល​អស់​ទាំង​សាសន៍​ដទៃ ហើយ​ទោះ​បើ​យើង​កម្ចាត់‌កម្ចាយ​គេ​ទៅ​នៅ​គ្រប់​ទាំង​ប្រទេស​ក៏​ដោយ គង់​តែ​យើង​នឹង​ធ្វើ​ជា​ទី​បរិសុទ្ធ​ដល់​គេមួយ​រយៈ ក្នុង​ស្រុក​ទាំង​ប៉ុន្មាន​ដែល​គេ​ត្រូវ​ទៅ​នោះ​ដែរ ។ ហេតុ​នោះ ចូរ​ប្រាប់​ថា "ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ យើង​នឹង​ប្រមូល​អ្នក​រាល់​គ្នា​ចេញ​ពី​អស់​ទាំង​សាសន៍ ហើយ​នឹង​ប្រជុំ​អ្នក​ពី​គ្រប់​ទាំង​ប្រទេស ដែល​អ្នក​ត្រូវ​ខ្ចាត់‌ខ្ចាយ​ទៅ​នោះ ឲ្យ​មូល​គ្នា​វិញ រួច​យើង​នឹង​ប្រគល់​ស្រុក​អ៊ីស្រា‌អែល​ឲ្យ​ដល់​អ្នក​រាល់​គ្នា"។ ពួក​អ្នក​នឹង​មក​ទី​នេះ​វិញ ហើយ​គេ​នឹង​ដក​យក​អស់​ទាំង​របស់​គួរ​ឆ្អើម និង​គ្រប់​ទាំង​សេចក្ដី​គួរ​ស្អប់​ខ្ពើម​ចេញ។ យើង​នឹង​ឲ្យ​គេ​មាន​ចិត្ត​តែ​មួយ ហើយ​នឹង​ដាក់​វិញ្ញាណ​ថ្មី​មួយ​ក្នុង​គេ យើង​នឹង​ដក​ចិត្ត​ដែល​រឹង​ដូច​ថ្ម​ពី​រូប​សាច់​គេ​ចេញ ហើយ​នឹង​ឲ្យ​មាន​ចិត្ត​ជា​សាច់​វិញ ដើម្បី​ឲ្យ​គេ​បាន​ប្រព្រឹត្ត​តាម​ក្រឹត្យ‌ក្រម​របស់​យើង ហើយ​រក្សា​បញ្ញត្តិ​ច្បាប់​របស់​យើង ព្រម​ទាំង​ប្រព្រឹត្ត​តាម​ផង នោះ​គេ​នឹង​បាន​ជា​ប្រជា‌រាស្ត្រ​របស់​យើង ហើយ​យើង​នឹង​ធ្វើ​ជា​ព្រះ​ដល់​គេ។ រីឯ​អស់​អ្នក​ដែល​មាន​ចិត្ត​ប្រព្រឹត្ត​តាម​រូប​ព្រះ​គួរ​ឆ្អើម និង​សេចក្ដី​គួរ​ស្អប់​ខ្ពើម​របស់​គេ យើង​នឹង​ទម្លាក់​អំពើ​របស់​គេ​ទៅ​លើ​ក្បាល​គេ​វិញ» នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់‌យេហូវ៉ា។ ពួក​ចេរូ‌ប៊ីន​ក៏​កាង​ស្លាប​ហោះ​ទៅ កង់​ទាំង​នោះ​ក៏​ទៅ​ជា‌មួយ​ដែរ ហើយ​សិរី‌ល្អ​របស់​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​សណ្ឋិត​ពី​លើ សិរី‌ល្អ​របស់​ព្រះ‌យេហូវ៉ា​យាង​ឡើង​ពី​កណ្ដាល​ទី​ក្រុង ទៅ​សណ្ឋិត​លើ​ភ្នំ​នៅ​ខាង​កើត​ទី​ក្រុង នោះ​ព្រះ‌វិញ្ញាណ​ក៏​លើក​ខ្ញុំ​ឡើង ហើយ​ក្នុង​និមិត្ត​ព្រះ‌អង្គ​នាំ​ខ្ញុំ​ទៅ​ដល់​ស្រុក​ខាល់ដេ ដោយ​នូវ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ គឺ​ទៅ​ឯ​ពួក​អ្នក​ដែល​នៅ​ជា​ឈ្លើយ​នោះ​និមិត្ត​ដែល​ខ្ញុំ​បាន​ឃើញ​ក៏​បាត់​ពី​ខ្ញុំ​ទៅ រួច​ខ្ញុំ​និយាយ​ប្រាប់​ដល់​ពួក​អ្នក​ដែល​នៅ​ជា​ឈ្លើយ តាម​គ្រប់​ទាំង​ការ​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្ហាញ​ខ្ញុំ។

ចែក​រំលែក
អាន អេសេគាល 11

អេសេគាល 11:14-25 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖ «កូន​មនុស្ស​អើយ ប្រជា‌ជន​នៅ​ក្រុង​យេរូ‌សាឡឹម​នាំ​គ្នា​ពោល​ទៅ​កាន់​បងប្អូន និង​សាច់‌ញាតិ​របស់​អ្នក ព្រម​ទាំង​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល​ថា “ចូរ​ស្ថិត​នៅ​ឲ្យ​ឆ្ងាយ​ពី​ព្រះ‌អម្ចាស់ ដ្បិត​ព្រះអង្គ​ប្រគល់​ទឹក​ដី​នេះ​ឲ្យ​តែ​ពួក​យើង​ប៉ុណ្ណោះ”។ ចូរ​ប្រាប់​បងប្អូន​របស់​អ្នក​ថា “ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: ទោះ​បី​យើង​បណ្តេញ​អ្នក​រាល់​គ្នា​ទៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា ដែល​នៅ​ឆ្ងាយៗ ទោះ​បី​យើង​កម្ចាត់‌កម្ចាយ​អ្នក​រាល់​គ្នា​ទៅ​តាម​ស្រុក​ផ្សេងៗ​ក្ដី ក៏​យើង​នឹង​ធ្វើ​ជា​ទីសក្ការៈ​សម្រាប់​អ្នក​រាល់​គ្នា​នៅ​ក្នុង​ស្រុក​ទាំង​នោះ​ដែរ”។ ចូរ​ប្រាប់​ពួក​គេ​ទៀត​ថា “ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: យើង​នឹង​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​កណ្ដាល​ចំណោម​ជាតិ​សាសន៍​នានា​មក​វិញ យើង​នឹង​ប្រមូល​អ្នក​រាល់​គ្នា​ពី​ស្រុក​ទាំង‌ឡាយ ដែល​អ្នក​រាល់​គ្នា​ខ្ចាត់‌ខ្ចាយ​ទៅ ហើយ​យើង​នឹង​ប្រគល់​ទឹក​ដី​អ៊ីស្រា‌អែល​ឲ្យ​អ្នក​រាល់​គ្នា”។ ពួក​គេ​នឹង​នាំ​គ្នា​ត្រឡប់​មក​វិញ ហើយ​ដក​ព្រះ​ក្លែងក្លាយ​ដ៏​ចង្រៃ​គួរ​ឲ្យ​ស្អប់​ខ្ពើម​ទាំង​ប៉ុន្មាន ចេញ​ពី​ទឹក​ដី​នេះ។ យើង​នឹង​ឲ្យ​ពួក​គេ​មាន​ចិត្ត​តែ​មួយ យើង​នឹង​ដាក់​វិញ្ញាណ​ថ្មី​នៅ​ក្នុង​ពួក​គេ យើង​ដក​ចិត្ត​រឹង​ដូច​ថ្ម​ចេញ​ពី​ពួក​គេ ហើយ​ឲ្យ​ពួក​គេ​មាន​ចិត្ត​ចេះ​ស្ដាប់​បង្គាប់​វិញ ដើម្បី​ឲ្យ​ពួក​គេ​ធ្វើ​តាម​ច្បាប់​របស់​យើង ហើយ​យក​ចិត្ត​ទុក​ដាក់​ប្រតិបត្តិ​តាម​វិន័យ​របស់​យើង។ ពួក​គេ​នឹង​ទៅ​ជា​ប្រជា‌រាស្ត្រ​របស់​យើង យើង​ក៏​ទៅ​ជា​ព្រះ​របស់​ពួក​គេ។ រីឯ​អស់​អ្នក​ដែល​ជាប់​ចិត្ត​នឹង​ព្រះ​ក្លែងក្លាយ​ដ៏​ចង្រៃ​គួរ​ឲ្យ​ស្អប់​ខ្ពើម​វិញ យើង​នឹង​ដាក់​ទោស​ពួក​គេ​តាម​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត» -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។ ពួក​ចេរូប៊ីន*​ទទះ​ស្លាប​ហោះ ហើយ​កង់​ក៏​ឡើង​ទៅ​ជា​មួយ​ដែរ សិរី‌រុងរឿង​របស់​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​ស្ថិត​នៅ​ពី​លើ​ចេរូប៊ីន​ទាំង​នោះ។ សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់​ក៏​អណ្ដែត​ឡើង​ពី​ទីក្រុង ហើយ​ស្ថិត​នៅ​លើ​ភ្នំ​ខាង​កើត​ទីក្រុង។ ព្រះ‌វិញ្ញាណ​លើក​ខ្ញុំ​ឡើង ហើយ​នាំ​ខ្ញុំ​ឆ្ពោះ​ទៅ​ស្រុក​ខាល់ដេ ឲ្យ​នៅ​ជា​មួយ​ប្រជា‌ជន​ដែល​ជាប់​ជា​ឈ្លើយ។ បន្ទាប់​មក និមិត្ត‌ហេតុ​អស្ចារ្យ​ដែល​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អម្ចាស់​សម្តែង​ឲ្យ​ខ្ញុំ​ឃើញ​នោះ ក៏​រលាយ​បាត់​ទៅ។ ខ្ញុំ​ក៏​និយាយ​ប្រាប់​ប្រជា‌ជន​ជាប់​ជា​ឈ្លើយ​នូវ​អ្វីៗ​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អម្ចាស់​សម្តែង​ឲ្យ​ខ្ញុំ​ឃើញ។

ចែក​រំលែក
អាន អេសេគាល 11

អេសេគាល 11:14-25 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នោះ​ព្រះ‌បន្ទូល នៃ​ព្រះ‌យេហូវ៉ា ក៏​មក​ដល់​ខ្ញុំ​ថា កូន​មនុស្ស​អើយ គឺ​ជា​បង​ប្អូន​ឯង​បង្កើត​ទេ​តើ ព្រម​ទាំង​បង​ប្អូន​ឯង ដែល​ជា​ញាតិ‌សន្តាន នឹង​ពូជ‌ពង្ស​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន ដែល​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម​បាន​ប្រាប់​ថា ចូរ​ថយ​ឆ្ងាយ​ពី​ព្រះ‌យេហូវ៉ា​ទៅ ស្រុក​នេះ​បាន​ប្រគល់​ដល់​យើង​រាល់​គ្នា​ទុក​ជា​កេរ‌អាករ​ហើយ ហេតុ​នោះ ត្រូវ​ឲ្យ​ឯង​ប្រាប់​ថា ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ ទោះ​បើ​អញ​បាន​ឲ្យ​គេ​ទៅ​នៅ​ឯ​ទី​ឆ្ងាយ កណ្តាល​អស់​ទាំង​សាសន៍​ដទៃ ហើយ​ទោះ​បើ​អញ​កំចាត់‌កំចាយ​គេ​ទៅ​នៅ​គ្រប់​ទាំង​ប្រទេស​ក៏​ដោយ គង់​តែ​អញ​នឹង​ធ្វើ​ជា​ទី​បរិសុទ្ធ​ដល់​គេ នៅ​វេលា​បន្តិច ក្នុង​ស្រុក​ទាំង​ប៉ុន្មាន​ដែល​គេ​ត្រូវ​ទៅ​នោះ ហេតុ​នោះ ចូរ​ប្រាប់​ថា ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ អញ​នឹង​ប្រមូល​ឯង​រាល់​គ្នា​ចេញ​ពី​អស់​ទាំង​សាសន៍ ហើយ​នឹង​ប្រជុំ​ឯង​ពី​គ្រប់​ទាំង​ប្រទេស ដែល​ឯង​ត្រូវ​ខ្ចាត់​ខ្ចាយ​ទៅ​នោះ ឲ្យ​មូល​គ្នា​វិញ រួច​អញ​នឹង​ប្រគល់​ស្រុក​អ៊ីស្រាអែល​ឲ្យ​ដល់​ឯង​រាល់​គ្នា នោះ​ពួក​ឯង​នឹង​មក​ឯ​ទី​នេះ​វិញ ហើយ​គេ​នឹង​ដក​យក​អស់​ទាំង​របស់​គួរ​ឆ្អើម នឹង​គ្រប់​ទាំង​សេចក្ដី​គួរ​ស្អប់​ខ្ពើម​ចោល​ចេញ រួច​អញ​នឹង​ឲ្យ​គេ​មាន​ចិត្ត​តែ​១ ហើយ​នឹង​ដាក់​វិញ្ញាណ​ថ្មី នៅ​ក្នុង​ឯង​រាល់​គ្នា អញ​នឹង​ដក​ចិត្ត​ដែល​រឹង​ដូច​ថ្ម​ពី​រូប​សាច់​គេ​ចេញ ហើយ​នឹង​ឲ្យ​មាន​ចិត្ត​ជា​សាច់​វិញ ដើម្បី​ឲ្យ​គេ​បាន​ប្រព្រឹត្ត​តាម​ក្រឹត្យ‌ក្រម​របស់​អញ ហើយ​រក្សា​បញ្ញត្ត​ច្បាប់​របស់​អញ ព្រម​ទាំង​ប្រព្រឹត្ត​តាម​ផង នោះ​គេ​នឹង​បាន​ជា​រាស្ត្រ​របស់​អញ ហើយ​អញ​នឹង​ធ្វើ​ជា​ព្រះ​ដល់​គេ តែ​ត្រង់​ឯ​ពួក​អ្នក​ដែល​មាន​ចិត្ត​ប្រព្រឹត្ត​តាម​រូប​ព្រះ​គួរ​ឆ្អើម នឹង​សេចក្ដី​គួរ​ស្អប់​ខ្ពើម​របស់​គេ នោះ​អញ​នឹង​ទំលាក់​អំពើ​របស់​គេ​ទៅ​លើ​ក្បាល​គេ​វិញ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា។ នោះ​ពួក​ចេរូប៊ីន​ក៏​កាង​ស្លាប​ហោះ​ទៅ កង់​ទាំង​នោះ​ក៏​ទៅ​ជា​មួយ​ដែរ ហើយ​សិរី‌ល្អ​របស់​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​សណ្ឋិត​ពី​លើ សិរី‌ល្អ​របស់​ព្រះ‌យេហូវ៉ា​យាង​ឡើង​ពី​កណ្តាល​ទី​ក្រុង ទៅ​សណ្ឋិត​លើ​ភ្នំ​នៅ​ខាង​កើត​ទី​ក្រុង នោះ​ព្រះ‌វិញ្ញាណ​ក៏​លើក​ខ្ញុំ​ឡើង ហើយ​ក្នុង​ការ​ជាក់‌ស្តែង​ទ្រង់​នាំ​ខ្ញុំ​ទៅ​ដល់​ស្រុក​ខាល់ដេ ដោយ​នូវ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ គឺ​ទៅ​ឯ​ពួក​អ្នក​ដែល​នៅ​ជា​ឈ្លើយ នោះ​ការ​ជាក់‌ស្តែង​ដែល​ខ្ញុំ​បាន​ឃើញ​ក៏​បាត់​ពី​ខ្ញុំ​ទៅ រួច​ខ្ញុំ​និយាយ​ប្រាប់​ដល់​ពួក​អ្នក​ដែល​នៅ​ជា​ឈ្លើយ តាម​គ្រប់​ទាំង​ការ​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្ហាញ​ខ្ញុំ។

ចែក​រំលែក
អាន អេសេគាល 11