អេសេគាល 10:1-22

អេសេគាល 10:1-22 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​នោះ ខ្ញុំមើល​ឃើញ​នៅ​ក្នុង​លំហ​អាកាស​ដែល​នៅ​ពី​លើ​ក្បាល​ចេរូ‌ប៊ីន មាន​ភាព​ដូច​ជា​ត្បូង​កណ្តៀង ដែល​មើល​ទៅ​ដូច​ជា​សណ្ឋាន​នៃ​បល្ល័ង្ក លេច​មក​ពី​លើ​ចេរូ‌ប៊ីន​នោះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​មនុស្ស​ដែល​ស្លៀក​សំពត់​ទេស‌ឯក​ថា៖ «ចូរ​ចូល​ទៅ​កណ្ដាល​កង់​ទាំង​នោះ គឺ​ក្រោម​ចេរូ‌ប៊ីន ហើយ​កើប​រងើក​ភ្លើង​ពេញ​ដៃ​ទាំង​ពីរ ពី​កណ្ដាល​ចេរូ‌ប៊ីន​នោះ រួច​បាច​ទៅ​លើ​ទី​ក្រុង​ទៅ» ខ្ញុំ​ក៏ឃើញអ្នក​នោះ​ចូល​ទៅ។ កំពុង​ដែល​មនុស្ស​នោះ​ចូល​ទៅ ចេរូ‌ប៊ីន​ក៏​នៅ​ខាង​ស្តាំ​ព្រះ‌វិហារ ហើយ​ពពក​ក៏​នៅ​ពេញ​ក្នុង​ទី‌លាន​ខាង​ក្នុង។ សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា​បាន​ឡើង​ផុត​ពី​ចេរូ‌ប៊ីន ទៅ​នៅ​ប្រឡោះ​ទ្វារ​នៃ​ព្រះ‌វិហារ​វិញ ឯ​ព្រះ‌វិហារ​ក៏​ពេញ​ដោយ​ពពក ហើយ​ទី‌លាន​មាន​ពេញ​ដោយ​រស្មី​នៃ​សិរី‌ល្អ​របស់​ព្រះ‌យេហូវ៉ា។ មាន​ឮ​សូរ​សន្ធឹក​ស្លាប​របស់​ចេរូ‌ប៊ីន រហូត​ដល់​ទី‌លាន​ខាង​ក្រៅ ហាក់​ដូច​ជា​ព្រះ‌សៀង​នៃ​ព្រះ​ដ៏​មាន​គ្រប់​ចេស្តា ក្នុង​កាល​ដែល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល។ ពេល​ព្រះ‌អង្គ​បាន​បង្គាប់​មនុស្ស​ដែល​ស្លៀក​សំពត់​ទេស‌ឯក ឲ្យ​កើប​យក​រងើក​ភ្លើង​ពី​កណ្ដាល​កង់​ទាំង​នោះ គឺ​ពី​កណ្ដាល​ចេរូ‌ប៊ីន​ហើយ នោះ​លោក​ក៏​ចូល​ទៅ​ឈរ​នៅ​ក្បែរ​កង់​ទាំង​នោះ។ ចំណែក​ចេរូ‌ប៊ីន​មួយ​ក៏​លូក​ដៃ​ពី​កណ្ដាល​ពួក​ចេរូ‌ប៊ីន ទៅ​ចាប់​យក​ភ្លើង​ដែល​នៅ​កណ្ដាល​ចេរូ‌ប៊ីន ទៅ​ដាក់​ក្នុង​ដៃ​របស់​មនុស្ស ដែល​ស្លៀក​សំពត់​ទេស‌ឯក ហើយ​អ្នក​នោះ​ទទួល​យក​ចេញ​ទៅ។ ខណៈ​នោះ នៅ​ក្រោម​ស្លាប​របស់​ចេរូ‌ប៊ីន ឃើញ​មាន​សណ្ឋាន​ដូច​ជា​ដៃ​មនុស្ស​លេច​មក។ ខ្ញុំ​មើល​ឃើញ​មាន​កង់​បួន​នៅ​ខាង​ចេរូ‌ប៊ីន គឺ​កង់​មួយ​ខាង​ចេរូ‌ប៊ីន​មួយ ហើយ​កង់​មួយ​ខាង​ចេរូ‌ប៊ីន​មួយ​ទៀត កង់​ទាំង​នោះ​មើល​ទៅ​ដូច​ជា​ត្បូង​បេរីល។ កង់​ទាំង​បួន​នោះ មាន​សណ្ឋាន​ដូច​គ្នា​ទាំង​អស់ គឺ​បែប​ដូច​ជា​មាន​កង់​មួយ​នៅ​ក្នុង​កង់​មួយ​ទៀត។ កាល​ណា​ទៅ ក៏​ទៅ​ទាំង​បួន​ខាង ឥត​ងាក​បែរ​ទៅ​ឯ​ណា​ក្នុង​កាល​ដែល​កំពុង​តែ​ទៅ​នោះ​ឡើយ គឺ​ទិស​ណា​ដែល​តម្រង់​ទៅ ទាំង​អស់​ក៏​ទៅ​តាម ឥត​ងាក​បែរ​ទៅ​ឯ​ណា​ឡើយ។ ហើយ​តួ​ទាំង​មូល និង​ខ្នង ដៃ ស្លាប ព្រម​ទាំង​កង់​ផង ក៏​មាន​ពេញ​ដោយ​ភ្នែក​នៅ​ជុំ‌វិញ គឺ​ទាំង​កង់​បួន​នោះ​ផង។ កង់​ទាំង​នោះ ខ្ញុំ​ឮ​គេ​ហៅ​ថា «កង់​វិល»។ គ្រប់​គ្នា​មាន​មុខ​បួន មុខ​ទី​មួយ​ជា​មុខ​ដូច​ជា​ចេរូ‌ប៊ីន មុខ​ទី​ពីរ​ជា​មុខ​មនុស្ស មុខ​ទី​បី​ជា​មុខ​សិង្ហ ហើយ​មុខ​ទី​បួន​ជា​មុខ​ឥន្ទ្រី។ ពួក​ចេរូ‌ប៊ីន​នោះ​ក៏​ឡើង​ទៅ នេះ​ហើយ​ជា​សត្វ​មាន​ជីវិត ដែល​ខ្ញុំ​ឃើញ​ក្បែរ​ទន្លេ​កេបារ កាល​ណា​ចេរូ‌ប៊ីន​ទៅ​ណា កង់​នោះ​ក៏​អម​ទៅ​ជា‌មួយ ហើយ​កាល​ណា​ចេរូ‌ប៊ីន​កាង​ស្លាប​ដើម្បី​ឡើង​ផុត​ពី​ដី នោះ​កង់​ក៏​មិន​ខាន​នឹង​អម​ទៅ​ជា‌មួយ​ដែរ។ កាល​ណា​ពួក​នេះ​ឈប់ ពួក​នោះ​ក៏​ឈប់​ដែរ ហើយ​កាល​ណា​ពួក​នេះ​ហើរ​ឡើង​ទៅ ពួក​នោះ​ក៏​ឡើង​ទៅ​ជា‌មួយ​គ្នា ដ្បិត​វិញ្ញាណ​នៃ​សត្វ​មាន​ជីវិត​សណ្ឋិត​នៅ​ក្នុង​ទាំង​អស់។ ឯ​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា ក៏​ចេញ​ពី​ប្រឡោះ​ទ្វារ​នៃ​ព្រះ‌វិហារ ទៅ​សណ្ឋិត​ពី​លើ​ពួក​ចេរូ‌ប៊ីន។ រួច​ចេរូ‌ប៊ីន​ក៏​កាង​ស្លាប ក្នុង​កាល​ដែល​ចេញ​ទៅ​នោះ ហើយ​ហើរ​ឡើង​ផុត​ពី​ដី ខ្ញុំ​បាន​ឃើញ​ផ្ទាល់​ភ្នែក មាន​ទាំង​កង់​អម​ទៅ​ផង នោះ​ក៏​ទៅ​ឈរ​នៅ​មាត់​ទ្វារ​កំផែង​ទិស​ខាង​កើត​របស់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ហើយ​សិរី‌ល្អ​របស់​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ក៏​សណ្ឋិត​នៅ​ពី​លើ។ នេះ​ជា​សត្វ​មាន​ជីវិត ដែល​ខ្ញុំ​បាន​ឃើញ​នៅ​ក្រោម​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ត្រង់​ទន្លេ​កេបារ ខ្ញុំ​បាន​ដឹង​ថា នោះ​ជា​ពួក​ចេរូ‌ប៊ីន​ដែរ។ គ្រប់​គ្នា​មាន​មុខ​បួន ហើយ​មាន​ស្លាប​បួន​ដែរ នៅ​ក្រោម​ស្លាប​នោះ​ក៏​មាន​សណ្ឋាន​ដូច​ជា​ដៃ​មនុស្ស។ សណ្ឋាន​មុខ​របស់​តួ​ទាំង​នោះ គឺ​ដូច​ជា​មុខ​ដែល​ខ្ញុំ​បាន​ឃើញ​នៅ​ក្បែរ​ទន្លេ​កេបារ សត្វ​ទាំង​នោះ​បាន​ហើរ​ត្រង់​ទៅ​ខាង​មុខ​រៀង​ខ្លួន។

ចែក​រំលែក
អាន អេសេគាល 10

អេសេគាល 10:1-22 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ខ្ញុំ​ក្រឡេក​មើល​ទៅ ឃើញ​មាន​លំហ​អាកាស​នៅ​ពី​លើ​ក្បាល​របស់​ពួក​ចេរូប៊ីន*។ ក្នុង​លំហ​អាកាស​នោះ មាន​ដូច​ជា​បល្ល័ង្ក​មួយ​ធ្វើ​ពី​ត្បូង​កណ្ដៀង។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​បុរស​ដែល​ពាក់​អាវ​ទេស‌ឯក​សុទ្ធ​នោះ​ថា៖ «ចូរ​ចូល​ទៅ​ខាង​ក្នុង​កង់ ដែល​ស្ថិត​នៅ​ពី​ក្រោម​ពួក​ចេរូប៊ីន ហើយ​យក​រងើក​ភ្លើង ដែល​កំពុង​តែ​ឆេះ​នៅ​ចន្លោះ​ពួក​ចេរូប៊ីន​ពេញ​មួយ​ក្បង់​ដៃ រួច​ជះ​ទៅ​លើ​ទីក្រុង​ទៅ!»។ ខ្ញុំ​ក៏​ឃើញ​បុរស​នោះ​ចូល​ទៅ។ ពេល​គាត់​ទៅ​ដល់ ពួក​ចេរូប៊ីន​ស្ថិត​នៅ​ខាង​ស្ដាំ​ព្រះ‌ដំណាក់ ហើយ​មាន​ពពក​ពាស‌ពេញ​ទី‌លាន​ខាង​ក្នុង។ សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់​អណ្ដែត​ឡើង​ពី​លើ​ពួក​ចេរូប៊ីន ឆ្ពោះ​កាន់​មាត់​ទ្វារ​ព្រះ‌ដំណាក់។ មាន​ពពក​នៅ​ពេញ​ព្រះ‌ដំណាក់ ហើយ​ទី‌លាន​ក៏​ពេញ​ទៅ​ដោយ​រស្មី​នៃ​សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់។ សន្ធឹក​ស្លាប​របស់​ពួក​ចេរូប៊ីន លាន់​ឮ​រហូត​ទៅ​ដល់​ទី‌លាន​ខាង​ក្រៅ មាន​សូរ‌ស័ព្ទ​ដូច​ព្រះ‌សូរសៀង​របស់​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុត។ ព្រះ‌អម្ចាស់​បង្គាប់​ទៅ​បុរស​ដែល​ពាក់​អាវ​ទេស‌ឯក​សុទ្ធ​ដូច​ត​ទៅ៖ «ចូរ​យក​ភ្លើង​ពី​ក្នុង​កង់ នៅ​ចន្លោះ​ពួក​ចេរូប៊ីន​មក!»។ បុរស​នោះ​ក៏​ទៅ​ឈរ​ក្បែរ​កង់។ ពេល​នោះ ចេរូប៊ីន​មួយ​លូក​ដៃ​ទៅ​កាន់​ភ្លើង ដែល​កំពុង​ឆេះ​នៅ​ចន្លោះ​ពួក​ចេរូប៊ីន ហើយ​យក​ភ្លើង​ហុច​ទៅ​ឲ្យ​បុរស​នោះ។ គាត់​ក៏​ទទួល​យក រួច​ចេញ​ទៅ។ នៅ​ក្រោម​ស្លាប​របស់​ពួក​ចេរូប៊ីន មាន​ហាក់​ដូច​ជា​ដៃ​របស់​មនុស្ស​លេច​ចេញ​មក។ ខ្ញុំ​ក្រឡេក​មើល​ទៅ ឃើញ​មាន​កង់​បួន​នៅ​ក្បែរ​ពួក​ចេរូប៊ីន គឺ​នៅ​ក្បែរ​ចេរូប៊ីន​នីមួយៗ​មាន​កង់​មួយ។ កង់​ទាំង​នោះ​ភ្លឺ​ចាំង​ដូច​ត្បូង​ពេជ្រ។ កង់​ទាំង​បួន​មាន​ទ្រង់‌ទ្រាយ និង​មាន​សណ្ឋាន​ដូចៗ​គ្នា​ទាំង​អស់ គឺ​ភ្លឺ​ចាំង​ដូច​ត្បូង​ពេជ្រ។ ដោយ​កង់​ទាំង​នោះ​មាន​ទ្រង់‌ទ្រាយ និង​មាន​រាង​ដូចៗ​គ្នា មើល​ទៅ​ហាក់​ដូច​ជា​កង់​មួយ​ស្ថិត​នៅ​ក្នុង​កង់​មួយ​ទៀត។ ពេល​កង់​ទាំង​នោះ​វិល​ទៅ​មុខ វា​អាច​វិល​ទៅ​ទិស​ទាំង​បួន ដោយ​ឥត​ងាក​រេ គឺ​វា​វិល​ទៅ​មុខ តាម​ទិស​ដែល​មុខ​របស់​ចេរូប៊ីន​បែរ​ទៅ​គេ ដោយ​ឥត​ងាក​រេ​ឡើយ។ រូប​កាយ​របស់​ចេរូប៊ីន​ទាំង​មូល គឺ​ខ្នង ដៃ ស្លាប មាន​ផ្កា​ភ្លើង​ពាស‌ពេញ ហើយ​តាម​រង្វង់​កង់​របស់​ចេរូប៊ីន​ទាំង​បួន​ក៏​មាន​ផ្កា​ភ្លើង​ពាស‌ពេញ​ដែរ។ ខ្ញុំ​ឮ​គេ​ហៅ​កង់​ទាំង​នោះ​ថា “ខ្យល់​កួច”។ ចេរូប៊ីន​នីមួយៗ​មាន​មុខ​បួន។ មុខ​ទី​មួយ​ដូច​មុខ​ចេរូប៊ីន មុខ​ទី​ពីរ​ដូច​មុខ​មនុស្ស មុខ​ទី​បី​ដូច​មុខ​សិង្ហ មុខ​ទី​បួន​ដូច​មុខ​ឥន្ទ្រី។ ពួក​ចេរូប៊ីន​ទាំង​នោះ​ក៏​ហោះ​ឡើង គឺ​សត្វ​លោក​ដែល​ខ្ញុំ​បាន​ឃើញ​ក្បែរ​ទន្លេ​កេបារ។ ពេល​ចេរូប៊ីន​ទៅ​មុខ កង់​ក៏​វិល​ទៅ​មុខ​ជា​មួយ ពេល​ចេរូប៊ីន​ទទះ​ស្លាប​ហោះ​ឡើង​ផុត​ពី​ដី កង់​ក៏​នៅ​ជាប់​ជា​មួយ​ដែរ។ ពេល​ចេរូប៊ីន​ឈប់ កង់​ក៏​ឈប់ ពេល​ចេរូប៊ីន​ឡើង កង់​ក៏​ឡើង​ទៅ​ជា​មួយ ដ្បិត​វិញ្ញាណ​របស់​សត្វ​លោក​ទាំង​នោះ​ស្ថិត​នៅ​ក្នុង​កង់។ សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់​អណ្ដែត​ឡើង​ពី​មាត់​ទ្វារ​ព្រះ‌ដំណាក់ ទៅ​សណ្ឋិត​លើ​ពួក​ចេរូប៊ីន។ ខ្ញុំ​ឃើញ​ចេរូប៊ីន​ទាំង​នោះ​ទទះ​ស្លាប​ហោះ​ឡើង ហើយ​កង់​ក៏​ទៅ​ជា​មួយ​ដែរ។ សិរី‌រុងរឿង​របស់​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​សណ្ឋិត​នៅ​លើ​ចេរូប៊ីន ហើយ​ឈប់​នៅ​មាត់​ទ្វារ​កំពែង​ខាង​កើត​នៃ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។ ពេល​នោះ ខ្ញុំ​ដឹង​ថា​សត្វ​លោក​ដែល​ខ្ញុំ​បាន​ឃើញ​នៅ​ក្រោម​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ក្បែរ​ទន្លេ​កេបារ គឺ​ចេរូប៊ីន​នេះ​ឯង។ ចេរូប៊ីន​នីមួយៗ​មាន​មុខ​បួន មាន​ស្លាប​បួន ហើយ​នៅ​ពី​ក្រោម​ស្លាប មាន​ទ្រង់​ទ្រាយ​ដូច​ដៃ​មនុស្ស។ ចេរូប៊ីន​ទាំង​នោះ​មាន​មុខ​ដូច​សត្វ​លោក​ដែល​ខ្ញុំ​បាន​ឃើញ​ក្បែរ​ទន្លេ​កេបារ បេះ​បិទ។ ចេរូប៊ីន​នីមួយៗ​ហើរ​ទៅ​មុខ​យ៉ាង​ត្រង់។

ចែក​រំលែក
អាន អេសេគាល 10

អេសេគាល 10:1-22 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

គ្រា​នោះ ខ្ញុំ​ក្រឡេក​ទៅ​ឃើញ​នៅ​ក្នុង​អាកាស​ដែល​នៅ​ពី​លើ​ក្បាល​ចេរូប៊ីន មាន​ភាព​ដូច​ជា​ត្បូង‌កណ្តៀង​ដែល​មើល​ទៅ​ដូច​ជា​សណ្ឋាន​នៃ​បល្ល័ង្ក លេច​មក​ពី​លើ​ចេរូប៊ីន​នោះ ទ្រង់​ក៏​មាន​បន្ទូល​ដល់​មនុស្ស​ដែល​ស្លៀក​សំពត់​ទេស‌ឯក​ថា ចូរ​ឲ្យ​ចូល​ទៅ​កណ្តាល​កង់​ទាំង​នោះ គឺ​ក្រោម​ចេរូប៊ីន ហើយ​កើប​រងើក​ភ្លើង​ពេញ​ដៃ​ទាំង​២ ពី​កណ្តាល​ចេរូប៊ីន​នោះ រួច​បាច​ទៅ​លើ​ទី​ក្រុង​ទៅ អ្នក​នោះ​ក៏​ចូល​ទៅ​នៅ​ចំពោះ​ភ្នែក​ខ្ញុំ កំពុង​ដែល​មនុស្ស​នោះ​ចូល​ទៅ ចេរូប៊ីន​ក៏​នៅ​ខាង​ស្តាំ​ព្រះ‌វិហារ ហើយ​ពពក​ក៏​នៅ​ពេញ​ក្នុង​ទីលាន​ខាង​ក្នុង នោះ​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា​បាន​ឡើង​ផុត​ពី​ចេរូប៊ីន ទៅ​នៅ​ប្រឡោះ​ទ្វារ​នៃ​ព្រះ‌វិហារ​វិញ ឯ​ព្រះ‌វិហារ​ក៏​ពេញ​ដោយ​ពពក​នោះ ហើយ​ទីលាន​មាន​ពេញ​ដោយ​រស្មី​នៃ​សិរី‌ល្អ​របស់​ព្រះ‌យេហូវ៉ា ក៏​មាន​ឮ​សូរ​សន្ធឹក​ស្លាប​របស់​ចេរូប៊ីន រហូត​ដល់​ទីលាន​ខាង​ក្រៅ ហាក់​ដូច​ជា​ព្រះ‌សៀង​នៃ​ព្រះ​ដ៏​មាន​គ្រប់​ចេស្តា ក្នុង​កាល​ដែល​ទ្រង់​មាន​បន្ទូល រីឯ​កាល​ទ្រង់​បាន​បង្គាប់​មនុស្ស​ដែល​ស្លៀក​សំពត់​ទេស‌ឯក ឲ្យ​កើប​យក​រងើក​ភ្លើង​ពី​កណ្តាល​កង់​ទាំង​នោះ គឺ​ពី​កណ្តាល​ចេរូប៊ីន​ហើយ នោះ​លោក​ក៏​ចូល​ទៅ​ឈរ​នៅ​ក្បែរ​កង់​ទាំង​នោះ ចំណែក​ចេរូប៊ីន​១​ក៏​លូក​ដៃ​ពី​កណ្តាល​ពួក​ចេរូប៊ីន ទៅ​ចាប់​យក​ភ្លើង​ដែល​នៅ​កណ្តាល​ចេរូប៊ីន ទៅ​ដាក់​ក្នុង​ដៃ​របស់​មនុស្ស ដែល​ស្លៀក​សំពត់​ទេស‌ឯក ហើយ​អ្នក​នោះ​ទទួល​យក រួច​ចេញ​ទៅ ខណៈ​នោះ នៅ​ក្រោម​ស្លាប​របស់​ចេរូប៊ីន ឃើញ​មាន​សណ្ឋាន​ដូច​ជា​ដៃ​មនុស្ស​លេច​មក។ ខ្ញុំ​ក៏​ក្រឡេក​ទៅ ឃើញ​មាន​កង់​៤​នៅ​ខាង​ចេរូប៊ីន គឺ​កង់​១​ខាង​ចេរូប៊ីន​១ ហើយ​កង់​១​ខាង​ចេរូប៊ីន​១​ទៀត កង់​ទាំង​នោះ​មើល​ទៅ​ដូច​ជា​ត្បូង​បេរីល ឯ​ភាព​នៃ​កង់​ទាំង​៤​នោះ មាន​សណ្ឋាន​ដូច​គ្នា​ទាំង​អស់ គឺ​បែប​ដូច​ជា​មាន​កង់​១​នៅ​ក្នុង​កង់​១​ទៀត កាល​ណា​ទៅ នោះ​ក៏​ទៅ​ទាំង​៤​ខាង ឥត​ងាក​បែរ​ទៅ​ឯ​ណា​ក្នុង​កាល​ដែល​កំពុង​តែ​ទៅ​នោះ​ឡើយ គឺ​ទិស​ណា​ដែល​ដំរង់​ទៅ នោះ​ទាំង​អស់​ក៏​ទៅ​តាម ឥត​ងាក​បែរ​ទៅ​ឯ​ណា​ឡើយ ហើយ​តួ​ទាំង​មូល នឹង​ខ្នង ដៃ ស្លាប ព្រម​ទាំង​កង់​ផង ក៏​មាន​ពេញ​ដោយ​ភ្នែក​នៅ​ជុំវិញ គឺ​ទាំង​កង់​៤​នោះ​ផង រីឯ​កង់​ទាំង​នោះ ខ្ញុំ​ឮ​គេ​ហៅ​ថា«កង់​វិល» គ្រប់​គ្នា​មាន​មុខ​៤ មុខ​ទី​១​ជា​មុខ​ដូច​ជា​ចេរូប៊ីន មុខ​ទី​២​ជា​មុខ​មនុស្ស មុខ​ទី​៣​ជា​មុខ​សិង្ហ ហើយ​មុខ​ទី​៤​ជា​មុខ​ឥន្ទ្រី ពួក​ចេរូប៊ីន​នោះ​ក៏​ឡើង​ទៅ នេះ​ហើយ​ជា​តួ​មាន​ជីវិត ដែល​ខ្ញុំ​ឃើញ​ក្បែរ​ទន្លេ​កេបារ កាល​ណា​ចេរូប៊ីន​ទៅ​ឯ​ណា នោះ​កង់​ក៏​អម​ទៅ​ជា​មួយ ហើយ​កាល​ណា​ចេរូប៊ីន​កាង​ស្លាប ដើម្បី​ឡើង​ផុត​ពី​ដី នោះ​កង់​ក៏​មិន​ខាន​នឹង​អម​ទៅ​ជា​មួយ​ដែរ កាល​ណា​ពួក​នេះ​ឈប់ ពួក​នោះ​ក៏​ឈប់​ដែរ ហើយ​កាល​ណា​ពួក​នេះ​ហើរ​ឡើង​ទៅ ពួក​នោះ​ក៏​ឡើង​ទៅ​ជា​មួយ​គ្នា ដ្បិត​វិញ្ញាណ​នៃ​តួ​មាន​ជីវិត​សណ្ឋិត​នៅ​ក្នុង​ទាំង​អស់។ ឯ​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា ក៏​ចេញ​ពី​ប្រឡោះ​ទ្វារ​នៃ​ព្រះ‌វិហារ ទៅ​សណ្ឋិត​ពី​លើ​ពួក​ចេរូប៊ីន រួច​ចេរូប៊ីន​ក៏​កាង​ស្លាប ក្នុង​កាល​ដែល​ចេញ​ទៅ​នោះ ហើយ​ហើរ​ឡើង​ផុត​ពី​ដី នៅ​ចំពោះ​ភ្នែក​ខ្ញុំ មាន​ទាំង​កង់​អម​ទៅ​ផង នោះ​ក៏​ទៅ​ឈរ នៅ​មាត់​ទ្វារ​កំផែង​ទិស​ខាង​កើត របស់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ហើយ​សិរី‌ល្អ​របស់​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​ក៏​សណ្ឋិត​នៅ​ពី​លើ។ នេះ​ជា​តួ​មាន​ជីវិត ដែល​ខ្ញុំ​បាន​ឃើញ​នៅ​ក្រោម​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ត្រង់​ទន្លេ​កេបារ ហើយ​ខ្ញុំ​បាន​ដឹង​ថា នោះ​ជា​ពួក​ចេរូប៊ីន​ដែរ គ្រប់​គ្នា​មាន​មុខ​៤ ហើយ​គ្រប់​គ្នា​មាន​ស្លាប​៤​ដែរ នៅ​ក្រោម​ស្លាប​នោះ​ក៏​មាន​សណ្ឋាន​ដូច​ជា​ដៃ​មនុស្ស ឯ​សណ្ឋាន​មុខ​របស់​តួ​ទាំង​នោះ គឺ​ជា​មុខ​ដែល​ខ្ញុំ​បាន​ឃើញ នៅ​ក្បែរ​ទន្លេ​កេបារ ព្រម​ទាំង​ភាពនឹង​តួ​ទាំង​នោះ​ផង គ្រប់​គ្នា​បាន​ហើរ​ត្រង់​ទៅ​ខាង​មុខ​រៀង​ខ្លួន។

ចែក​រំលែក
អាន អេសេគាល 10