អេសេគាល 1:1-28

អេសេគាល 1:1-28 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​ថ្ងៃ​ទី​ប្រាំ ខែ​ទីបួន ឆ្នាំ​ទី​សាម​សិប ពេល​ខ្ញុំ​នៅ​ជា‌មួយ​ពួក​ឈ្លើយ នៅ​មាត់​ទន្លេ​កេបារ ពេល​នោះ មេឃ​បាន​បើកចំហ ហើយ​ខ្ញុំ​ឃើញ​និមិត្ត​ពី​ព្រះ។ នៅ​ថ្ងៃ​ទី​ប្រាំ ក្នុង​ខែ​នោះ ដែល​ជា​ឆ្នាំ​ទី​ប្រាំ តាំង​ពី​ស្តេច​យ៉ូយ៉ា‌គីន​នៅ​ជាប់​ជា​ឈ្លើយ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​អេសេ‌គាល​ជា​កូន​ប៊ូស៊ី ដែល​ជា​សង្ឃ​នៅ​ស្រុក​ខាល់ដេ​ក្បែរ​ទន្លេ​កេបារ ហើយ​ព្រះ‌យេហូវ៉ា​ក៏​ដាក់​ព្រះ‌ហស្ត​លើ​លោក​នៅ​ទី​នោះ។ ខ្ញុំ​ក្រឡេក​មើល​ទៅ ឃើញ​មាន​ខ្យល់​ព្យុះ​ចេញ​ពី​ទិស​ខាង​ជើង មាន​ដុំ​ពពក​យ៉ាង​ធំ និងមាន​ពន្លឺ​ភ្លឺ​នៅ​ជុំ‌វិញ ហើយ​នៅ​កណ្ដាល​ពពក​នោះ មាន​ចេញ​ពន្លឺ​ពណ៌​លង្ហិន ហើយ​នៅ​កណ្ដាល​នោះ ក៏​មាន​ភាព​ដូច​ជា​សត្វ​មាន​ជីវិត​បួន​រូប ដែល​មើល​ទៅ​បែប​យ៉ាង​នេះ គឺ​គ្រប់​គ្នា​មាន​ភាព​ដូច​ជា​មនុស្ស គ្រប់​គ្នា​មាន​មុខ​បួន ហើយ​មាន​ស្លាបបួន។ ជើង​សត្វ​ទាំង​នោះ​ត្រង់ៗ ប្រអប់​ជើង​ដូច​ជា​កូន​គោ ហើយ​ភ្លឺ​ចាំង​ដូច​ជា​លង្ហិន​ខាត់​យ៉ាង​រលោង នៅ​ក្រោម​ស្លាប​ទាំង​បួន មាន​ដៃ​ដូច​មនុស្ស​ទាំង​បួន​ខាង ដូច​មុខ និង​ស្លាបដែរ។ ស្លាប​ទាំង​នោះ​ជាប់​តៗ​គ្នា គ្រប់​គ្នា​ហោះ​ត្រង់​ទៅ​ខាង​មុខ ឥត​ងាក​ក្រោយ​ឡើយ តួ​ទាំង​នោះ គ្រប់​គ្នា​មាន​មុខ​ជា​មនុស្ស ហើយ​ទាំង​បួន​មាន​មុខ​ដូច​ជា​សិង្ហ​ខាង​ស្តាំ ទាំង​បួន​ក៏​មាន​មុខ​ដូច​ជា​គោ​នៅ​ខាង​ឆ្វេង ហើយ​ទាំង​បួន​មាន​មុខ​ដូច​ជា​ឥន្ទ្រី​ដែរ ឯ​មុខ និ​ង​ស្លាប​ពីរ​ជាប់​ត​គ្នា​ត្រដាង​ខាង​លើ ហើយ​ស្លាប​ពីរ​ទៀត​នៅ​គ្រប​ខ្លួន គ្រប់​គ្នា​ហោះ​ចំ​ទៅ​ខាង​មុខ ទី​ណា​ដែល​ព្រះ‌វិញ្ញាណ​ត្រូវ​ទៅ តួ​ទាំង​នោះ​ក៏​ទៅ​ដែរ ឥត​ងាក​ក្រោយ​ឡើយ។ រីឯ​សត្វមាន​ជីវិត​ទាំង​នោះ មាន​ទ្រង់​ទ្រាយ​ដូច​ជា​រងើក​ភ្លើង ហើយ​ដូច​ជា​ចន្លុះ​ឆេះ ដែល​ទ្រោល​ចុះ​ឡើង​នៅ​កណ្ដាល​សត្វ​មាន​ជីវិត​ទាំង​នោះ ឯ​ភ្លើង​ក៏​ភ្លឺ​ចាំង មាន​ផ្លេក‌បន្ទោរ​ចេញ​ពី​ភ្លើង​នោះ​មកផង។ សត្វ​មាន​ជីវិត​ទាំង​នោះ ក៏​ហោះ​ទៅ​មក មើល​ទៅ​ដូច​ជា​ផ្លេក‌បន្ទោរ។ ពេល​ខ្ញុំ​កំពុង​មើល​សត្វ​មាន​ជីវិត​ទាំង​នោះ ខ្ញុំ​ឃើញ​មាន​កង់​នៅ​លើ​ដី ក្បែរ​សត្វ​មាន​ជីវិត​ទាំង​នោះ គឺ​កង់​មួយ​សម្រាប់សត្វ​នីមួយៗ​ទាំង​បួន។ សណ្ឋាន​កង់​ទាំង​នោះ មើល​ទៅ​ដូច​ជា​ត្បូង​បេរីល កង់​ទាំង​បួន​មាន​រាង​ដូច​គ្នា មើល​ទៅ​ដូច​ជា​កង់​មួយ​នៅ​ក្នុង​កង់​មួយ​ទៀត។ ពេល​កង់​នោះវិល​ទៅ​មុខ ក៏​ទៅ​ទាំង​បួន​មុខ ឥត​បែរ​ទៅ​ខាង​ណា​ឡើយ។ ខ្នង​កង់​នោះ ខ្ពស់​គួរ​ស្ញែង‌ខ្លាច ហើយ​ខ្នង​កង់​ទាំង​បួន​នោះ មាន​ភ្នែក​នៅ​ជុំ‌វិញ។ កាល​ណា​សត្វ​មាន​ជីវិត​ទាំង​បួន​បាន​ហោះ​ទៅ កង់​ទាំង​នោះ​ក៏​អម​ទៅ​ដែរ កាល​ណា​សត្វ​មាន​ជីវិត​ទាំង​បួន​បាន​លើក​ឡើង​ផុត​ពី​ដី​ទៅ កង់​ទាំង​នោះ​ក៏​បាន​លើក​ឡើង​ទៅ​ដែរ នៅ​ទី​ណា​ដែល​ព្រះ‌វិញ្ញាណ​ត្រូវ​ទៅ កង់​ទាំង​នោះ​ក៏​ទៅ​ដែរ គឺ​វិញ្ញាណ​របស់​សត្វ​មាន​ជីវិត​នៅ​ក្នុង​កង់​នោះ។ ពេល​ណា​សត្វ​នោះ​ទៅ​មុខ កង់​ក៏​ទៅ​ដែរ ពេល​ណា​សត្វ​នោះ​ឈប់ កង់​ក៏​ឈប់​ដែរ កាល​ណា​សត្វ​នោះ​ឡើង​ផុត​ពី​ដី កង់​ទាំង‌ឡាយ​ក៏​បាន​លើក​ឡើង​អម​ទៅ​ព្រម​គ្នា ដ្បិត​វិញ្ញាណ​របស់​សត្វ​មាន​ជីវិត​នៅ​ជាប់​ក្នុង​កង់​ដែរ។ នៅ​ពី​លើ​ក្បាល​សត្វ​មាន​ជីវិត មាន​ដូច​ជា​ផ្ទៃ​មេឃ មើល​ទៅ​ដូច​ជា​ចរណៃ​គួរ​ស្ញែង‌ខ្លាច ហើយ​ក៏​លាត​ពី​លើ​ក្បាល​តួ​ទាំង​នោះ នៅ​ក្រោម​ផ្ទៃ​មេឃ​នោះ​មាន​ស្លាប​របស់​តួ​ទាំង‌ឡាយ ត្រដាង​ទៅ​ត្រង់​តៗ​គ្នា គ្រប់​គ្នា​មាន​ស្លាប​ពីរ​ដែល​បាំង​ខ្លួន​ម្ខាង ហើយ​ស្លាប​ពីរ ដែល​បាំង​ខ្លួន​ម្ខាង​ទៀត កាល​ណា​ហោះ​ទៅ ខ្ញុំ​ឮ​សូរ​សន្ធឹក​ស្លាបដូច​ជា​សូរ​ទឹក​ធំ គឺ​ដូច​ជា​ព្រះ‌សូរ‌សៀង​នៃ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ជា​សូរ​គឹក‌កង ដូច​ជា​សូរ​នៃ​កង‌ទ័ព។ កាល​ណា​តួ​ទាំង​នោះ​ឈប់ ក៏ទម្លាក់​ស្លាប​ចុះ​មក​វិញ។ ពេលទម្លាក់​ស្លាប​ចុះ នៅ​ស្ងៀម​នោះ មាន​ឮ​សំឡេង​ពី​ផ្ទៃ​មេឃ ដែល​នៅ​ពី​លើ​ក្បាល​តួ​ទាំង​នោះ។ នៅ​លើ​លំហ​អាកាស ដែល​ស្ថិត​នៅ​លើ​ក្បាលសត្វទាំង​នោះ មាន​ដូច​ជា​បល្ល័ង្ក ដែល​មើល​ទៅ​ដូច​ជា​ត្បូង​កណ្តៀង ហើយ​អង្គុយ​ពី​លើ​ទ្រង់​ទ្រាយ​ដែល​មាន​រាង​ដូច​ជា​បល្ល័ង្ក​នោះ ឃើញ​មាន​ដូច​ជា​មនុស្ស​ម្នាក់។ ខ្ញុំ​ក៏​ឃើញពន្លឺ​ពណ៌​ដូច​ជា​លង្ហិន​ខាត់​រលោង មើល​ទៅ​ដូច​ជា​ភ្លើង នៅ​ខាង​ក្នុង និង​នៅ​ជុំ‌វិញ ចាប់​តាំង​ពី​កន្លែង​ដែល​មើល​ទៅ​ដូច​ជា​ចង្កេះ​ទៅ​ខាង​លើ ហើយ​ចាប់​តាំង​ពី​កន្លែង​ដែល​មើល​ទៅ​ដូច​ជា​ចង្កេះ ចុះ​ទៅ​ខាង​ក្រោម ខ្ញុំ​មើល​ទៅ​ឃើញ​ដូច​ជា​ភ្លើង ហើយ​មាន​រស្មី​ភ្លឺ​នៅ​ជុំ‌វិញ​អង្គ​នោះ រស្មី​ដែល​ភ្លឺ​នៅ​ព័ទ្ធ​ជុំ‌វិញ​នោះ មាន​ភាព​ដូច​ជា​ឥន្ទធនូ​ដែល​នៅ​លើ​ពពក ក្នុង​ថ្ងៃ​ដែល​មាន​ភ្លៀង នេះ​ជា​គំរូ​ពី​ភាព​នៃ​សិរី‌ល្អ​របស់​ព្រះ‌យេហូវ៉ា។ ពេល​ខ្ញុំ​បាន​ឃើញ​ហើយ ខ្ញុំ​ក្រាប​ចុះ​ដល់​ដី ហើយ​ខ្ញុំ​ឮ​ព្រះ‌សូរ‌សៀង​មាន​ព្រះ‌បន្ទូល​មក​កាន់​ខ្ញុំ។

ចែក​រំលែក
អាន អេសេគាល 1

អេសេគាល 1:1-28 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​ឆ្នាំ​ទី​សាម‌សិប ថ្ងៃ​ទី​ប្រាំ ក្នុង​ខែ​ទី​បួន ពេល​ខ្ញុំ​ស្ថិត​នៅ​ក្បែរ​ទន្លេ​កេបារជា​មួយ​ប្រជា‌ជន ដែល​គេ​កៀរ​មក​ជា​ឈ្លើយ ស្រាប់​តែ​ផ្ទៃ​មេឃ​បើក​ចំហ ហើយ​ខ្ញុំ​ឃើញ​និមិត្ត‌ហេតុ​អស្ចារ្យ​ពី​ព្រះ‌ជាម្ចាស់។ នៅ​ថ្ងៃ​ទី​ប្រាំ ក្នុង​ខែ​នោះ ត្រូវ​នឹង​ឆ្នាំ​ទី​ប្រាំ ក្រោយ​គេ​ចាប់​ព្រះ‌បាទ​យ៉ូយ៉ា‌គីន​មក​ជា​ឈ្លើយ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​អេសេ‌គាល ជា​កូន​របស់​លោក​បូជា‌ចារ្យ​ប៊ូស៊ី នៅ​ស្រុក​ខាល់ដេ ជិត​ទន្លេ​កេបារ។ ពេល​នោះ ព្រះ‌អម្ចាស់​ដាក់​ព្រះ‌ហស្ដ​លើ​លោក។ ខ្ញុំ​ក្រឡេក​មើល​ទៅ ឃើញ​មាន​ខ្យល់​ព្យុះ​បក់​បោក​មក​ពី​ទិស​ខាង​ជើង មាន​ដុំ​ពពក​មួយ​យ៉ាង​ធំ និង​មាន​ផ្លេក​បន្ទោរ​ចេញ​ពី​ពពក​នោះ ទាំង​មាន​ពន្លឺ​ព័ទ្ធ​ជុំ‌វិញ ហើយ​នៅ​ចំ​កណ្ដាល​មាន​ដុំ​ភ្លើង​មួយ​បញ្ចេញ​រស្មី​យ៉ាង​ត្រចះ‌ត្រចង់។ នៅ​ខាង​ក្នុង​ពពក​នោះ មាន​សត្វ​លោក​បួន ដែល​មាន​ទ្រង់‌ទ្រាយ​ដូច​មនុស្ស។ សត្វ​នីមួយៗ​មាន​មុខ​បួន និង​ស្លាប​បួន។ ជើង​របស់​សត្វ​ទាំង​នោះ​ត្រង់ រីឯ​ប្រអប់​ជើង​មាន​រាង​ដូច​ក្រចក​ជើង​កូន​គោ ហើយ​ចាំង​ពន្លឺ​ដូច​លង្ហិន​ដ៏​រលោង។ នៅ​ក្រោម​ស្លាប​ទាំង​បួន មាន​ដៃ​ដូច​ដៃ​មនុស្ស លាត​សន្ធឹង​ទៅ​រក​ទិស​ទាំង​បួន ដូច​មុខ និង​ស្លាប​ដែរ។ ស្លាប​របស់​សត្វ​ទាំង​នោះ​ភ្ជាប់​គ្នា​ទៅ​វិញ​ទៅ​មក។ សត្វ​ទាំង​បួន​ហើរ​តម្រង់​ទៅ​មុខ​ជានិច្ច ឥត​ងាក​រេ​ឡើយ។ សត្វ​នីមួយៗ​មាន​មុខ​បួន នៅ​ផ្នែក​ខាង​មុខ​មាន​ភិន‌ភាគ​ដូច​មនុស្ស ផ្នែក​ខាង​ស្ដាំ​ដូច​សិង្ហ ផ្នែក​ខាង​ឆ្វេង​ដូច​គោ និង​ផ្នែក​ខាង​ក្រោយ​ដូច​ឥន្ទ្រី។ ស្លាប​ពីរ​របស់​សត្វ​នីមួយៗ​ត្រដាង​ទៅ​លើ ហើយ​ជាប់​គ្នា​ទៅ​វិញ​ទៅ​មក រីឯ​ស្លាប​ពីរ​ទៀត​ហ៊ុម‌ព័ទ្ធ​រូប​កាយ។ សត្វ​នីមួយៗ​ហើរ​តម្រង់​ទៅ​មុខ​ឥត​ងាក​រេ​ឡើយ តាម​វិញ្ញាណ​ជំរុញ​ឲ្យ​ទៅ។ នៅ​ចន្លោះ​សត្វ​ទាំង​បួន​មាន​ទ្រង់‌ទ្រាយ​ដូច​ជា​គប់​ភ្លើង ហើយ​ភ្លើង​នោះ​ធ្វើ​ចលនា​ពី​សត្វ​មួយ​ទៅ​សត្វ​មួយ ទាំង​បញ្ចេញ​ពន្លឺ​រស្មី​ភ្លឺ​ផ្លេក។ សត្វ​ទាំង​បួន​ហើរ​ចុះ​ឡើង លឿន​ដូច​រន្ទះ។ ពេល​ខ្ញុំ​សម្លឹង​មើល​សត្វ​ទាំង​បួន ខ្ញុំ​ឃើញ​មាន​កង់​នៅ​ដី ចំ​ពី​មុខ​សត្វ​ទាំង​បួន។ កង់​ទាំង​នោះ​មាន​ទ្រង់‌ទ្រាយ និង​មាន​សណ្ឋាន​ដូចៗ​គ្នា​ទាំង​អស់ គឺ​ភ្លឺ​ចាំង​ដូច​ត្បូង​ពេជ្រ ហើយ​កង់​មួយ​ហាក់​ដូច​ជា​ស្ថិត​នៅ​ក្នុង​កង់​មួយ​ទៀត។ ពេល​កង់​ទាំង​នោះ​វិល​ទៅ​មុខ វា​វិល​ទៅ​ទិស​ទាំង​បួន​ដោយ​ឥត​ងាក​រេ។ កង់​នោះ​មាន​កម្ពស់​ខ្ពស់​អស្ចារ្យ ហើយ​នៅ​តាម​រង្វង់​កង់​ទាំង​បួន​មាន​ផ្កា​ភ្លើង​នៅ​ពាស‌ពេញ។ ពេល​សត្វ​ទាំង​បួន​ទៅ​មុខ កង់​ក៏​វិល​ទៅ​មុខ ពេល​សត្វ​ទាំង​បួន​ហោះ​ឡើង​ផុត​ពី​ដី កង់​ក៏​ឡើង​ដែរ។ សត្វ​ទាំង​នោះ​ហោះ​ទៅ​មុខ តាម​វិញ្ញាណ​ជំរុញ​ឲ្យ​ទៅ ហើយ​កង់​ក៏​ហោះ​ឡើង​ទៅ​ដែរ ដ្បិត​វិញ្ញាណ​របស់​សត្វ​ទាំង​នោះ​ស្ថិត​នៅ​ក្នុង​កង់។ ពេល​សត្វ​ទៅ​មុខ កង់​ក៏​ទៅ​មុខ ពេល​សត្វ​ឈប់ កង់​ក៏​ឈប់ ពេល​សត្វ​ឡើង​ផុត​ពី​ដី កង់​ក៏​ឡើង​ទៅ​ជា​មួយ ដ្បិត​វិញ្ញាណ​របស់​សត្វ​ទាំង​នោះ​ស្ថិត​នៅ​ក្នុង​កង់។ នៅ​លើ​ក្បាល​សត្វ​នីមួយៗ​មាន​ដូច​ជា​លំហ​អាកាស ដែល​ចាំង​ពន្លឺ​រស្មី​ដ៏​ភ្លឺ​ថ្លា​ពី​លើ​ក្បាល​សត្វ​ទាំង​នោះ។ នៅ​ក្រោម​លំហ ស្លាប​ពីរ​របស់​សត្វ​នីមួយៗ​សំកាំង​យ៉ាង​ត្រង់​ជាប់​គ្នា​ទៅ​វិញ​ទៅ​មក ស្លាប​ពីរ​ទៀត​ហ៊ុម‌ព័ទ្ធ​ជុំ‌វិញ​ខ្លួន។ ពេល​សត្វ​ទាំង​នោះ​ហោះ​ទៅ​មុខ ខ្ញុំ​ឮ​សន្ធឹក​ស្លាប​ដូច​សូរ‌ស័ព្ទ​មហា​សាគរ និង​ដូច​ព្រះ‌សូរសៀង​របស់​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ដ៏​ខ្ពង់‌ខ្ពស់​បំផុត។ សន្ធឹក​ស្លាប​នោះ​ក៏​លាន់​ឮ​ឡើង​យ៉ាង​ទ្រហឹង​អឺង‌អាប់ ដូច​សន្ធឹក​កង‌ទ័ព។ នៅ​ពេល​សត្វ​នោះ​ឈប់​ហើរ គេ​ក៏​ទម្លាក់​ស្លាប​ចុះ។ មាន​សំឡេង​មួយ​លេច​ឮ​ពី​លំហ​អាកាស​ដែល​ស្ថិត​នៅ​លើ​ក្បាល​សត្វ​ទាំង​បួន នៅ​ពេល​សត្វ​នោះ​ឈប់​ហើរ គេ​ទម្លាក់​ស្លាប​ចុះ។ នៅ​លើ​លំហ​អាកាស​ដែល​ស្ថិត​នៅ​លើ​ក្បាល​សត្វ​ទាំង​នោះ មាន​ដូច​ជា​ត្បូង​កណ្ដៀង​មួយ ដែល​មាន​រាង​ជា​បល្ល័ង្ក។ នៅ​លើ​ត្បូង​ដែល​មាន​រាង​ជា​បល្ល័ង្ក​នោះ គឺ​នៅ​ខាង​លើ​បំផុត មាន​ដូច​ជា​ទ្រង់‌ទ្រាយ​របស់​មនុស្ស​ម្នាក់។ ខ្ញុំ​ក៏​បាន​ឃើញ​ពន្លឺ​ក្រហម​ឆ្អៅ ភ្លឺ​ដូច​ភ្លើង​នៅ​ជុំ‌វិញ ហើយ​ពី​ត្រង់​កន្លែង​ដែល​មាន​រាង​ដូច​ចង្កេះ​ឡើង​ទៅ​លើ និង​ពី​ត្រង់​កន្លែង​ដែល​មាន​រាង​ដូច​ចង្កេះ​ចុះ​ទៅ​ក្រោម ក៏​មាន​ដូច​ជា​ពន្លឺ​ភ្លើង​ដ៏​ភ្លឺ​ត្រចះ‌ត្រចង់​ព័ទ្ធ​ជុំ‌វិញ​ដែរ។ ពន្លឺ​ដ៏​ត្រចះ‌ត្រចង់​ព័ទ្ធ​ជុំ‌វិញ​នោះ ដូច​ឥន្ទធនូ នៅ​ថ្ងៃ​មាន​ភ្លៀង គឺ​ដូច​ជា​រស្មី​នៃ​សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់។ ពេល​ឃើញ​ភ្លាម ខ្ញុំ​ក្រាប​ថ្វាយ‌បង្គំ​ឱន​មុខ​ដល់​ដី ហើយ​ខ្ញុំ​ឮ​សំឡេង​មួយ​ពោល​មក​កាន់​ខ្ញុំ។

ចែក​រំលែក
អាន អេសេគាល 1

អេសេគាល 1:1-28 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នៅ​ថ្ងៃ​៥​ខែ​អាសាធ ឆ្នាំ​ទី​៣០ កាល​ខ្ញុំ​នៅ​ជា​មួយ​នឹង​ពួក​ឈ្លើយ នៅ​មាត់​ទន្លេ​កេបារ នោះ​មេឃ​ក៏​របើក​ឡើង ហើយ​ខ្ញុំ​ឃើញ​ការ​ជាក់‌ស្តែង​ពី​ព្រះ រីឯ​នៅ​ថ្ងៃ​៥​ក្នុង​ខែ​នោះ​ឯង ដែល​ជា​ឆ្នាំ​ទី​៥ តាំង​ពី​ស្តេច​យ៉ូយ៉ា‌គីន​នៅ​ជាប់​ជា​ឈ្លើយ នោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ក៏​មក​ដល់​អេសេ‌គាល ជា​កូន​ប៊ូស៊ី ដែល​ជា​សង្ឃ នៅ​ស្រុក​ខាល់ដេ​ក្បែរ​ទន្លេ​កេបារ ហើយ​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​ក៏​ស្ថិត​លើ​លោក​នៅ​ទី​នោះ។ ខ្ញុំ​ក៏​ក្រឡេក​ទៅ ឃើញ​មាន​ខ្យល់​ព្យុះ​ចេញ​ពី​ទិស​ខាង​ជើង​មក មាន​ពពក​យ៉ាង​ធំ នឹង​ភ្លើង​ចំរុះ​គ្នា ហើយ​មាន​រស្មី​ភ្លឺ​នៅ​ជុំវិញ ឯ​ពី​កណ្តាល​ពពក​នោះ មាន​ចេញ​ជា​ពណ៌​លង្ហិន​ស្រងៅ គឺ​ចេញ​ពី​កណ្តាល​ភ្លើង​នោះ ហើយ​ពី​កណ្តាល​នោះ ក៏​មាន​ចេញ​ភាព​ដូច​ជា​តួ​មាន​ជីវិត​៤​រូប ដែល​មើល​ទៅ​បែប​យ៉ាង​នេះ គឺ​គ្រប់​គ្នា​មាន​ភាព​ដូច​ជា​មនុស្ស គ្រប់​គ្នា​មាន​មុខ​៤ ហើយ​គ្រប់​គ្នា​មាន​ស្លាប​៤ ឯ​ជើង​រាល់​តួ​នោះ សុទ្ធ​តែ​ត្រង់ បាត​ជើង​ក៏​ដូច​ជា​បាត​ជើង​នៃ​កូន​គោ ហើយ​ភ្លឺ​ព្រោង‌ព្រាត ដូច​ជា​លង្ហិន​ខាត់​យ៉ាង​ភ្លឺ តួ​ទាំង​នោះ​មាន​ដៃ​នៃ​មនុស្ស នៅ​ក្រោម​ស្លាប​គ្រប់​ទាំង​៤​មុខ ឯ​មុខនឹង​ស្លាប​ទាំង​ប៉ុន្មាន​របស់​តួ​ទាំង​នោះ​គឺ​យ៉ាង​ដូច្នេះ ស្លាប​ទាំង​នោះ​ជាប់​តៗ​គ្នា គ្រប់​គ្នា​ហោះ​ត្រង់​ទៅ​ខាង​មុខ ឥត​ងាក​បែរ​ឡើយ ឯ​ភាព​នៃ​មុខ​តួ​ទាំង​នោះ គ្រប់​គ្នា​មាន​មុខ​ជា​មនុស្ស ហើយ​ទាំង​៤​មាន​មុខ​ជា​សិង្ហ​ខាង​ស្តាំ ទាំង​៤​ក៏​មាន​មុខ​ជា​គោ​នៅ​ខាង​ឆ្វេង ហើយ​ទាំង​៤​មាន​មុខ​ជា​ឥន្ទ្រី​ដែរ ឯ​មុខ ហើយ​នឹង​ស្លាប នោះ​ដាច់​ពី​គ្នា​ខាង​លើ ស្លាប​២​របស់​រាល់​តួ​នោះ​បាន​ជាប់​ត​គ្នា ហើយ​ស្លាប​២​ទៀត​ក៏​គ្រប​ខ្លួន គ្រប់​គ្នា​ក៏​ហោះ​ចំ​ទៅ​ខាង​មុខ ទី​ណា​ដែល​ព្រះ‌វិញ្ញាណ​ត្រូវ​ទៅ តួ​ទាំង​នោះ​ក៏​ទៅ​ដែរ ឥត​ងាក​បែរ​ឡើយ ឯ​ភាព​នៃ​តួ​មាន​ជីវិត​ទាំង​នោះ គឺ​មើល​ទៅ​ដូច​ជា​រងើក​ភ្លើង ហើយ​ក៏​ដូច​ជា​ចន្លុះ​ឆេះ ដែល​ទ្រោល​ចុះ​ឡើង​នៅ​កណ្តាល​តួ​មាន​ជីវិត​ទាំង​នោះ ឯ​ភ្លើង​នោះ​ក៏​ភ្លឺ​ចាំង ហើយ​មាន​ផ្លេក‌បន្ទោរ​ចេញ​ពី​ភ្លើង​នោះ​មក តួ​មាន​ជីវិត​ទាំង​នោះ ក៏​ហោះ​ទៅ​មក មើល​ទៅ​ដូច​ជា​ផ្លេក‌បន្ទោរ។ កាល​ខ្ញុំ​កំពុង​តែ​មើល​តួ​មាន​ជីវិត​ទាំង​នោះ ខ្ញុំ​ក៏​ឃើញ​កង់​១ នៅ​លើ​ដី​ក្បែរ​តួ​មាន​ជីវិត​ទាំង​នោះ សំរាប់​មុខ​នីមួយៗ​គ្រប់​ទាំង​៤ ភាពនឹង​បែប​ផែន​នៃ​កង់​ទាំង​នោះ ក៏​មើល​ទៅ​ដូច​ជា​ត្បូង​បេរីល កង់​ទាំង​៤​មាន​រាង​ដូច​គ្នា ឯ​ភាពនឹង​សណ្ឋាន​វា ក៏​មើល​ទៅ​ដូច​ជា​កង់​១​នៅ​ក្នុង​កង់​១​ទៀត កាល​ណា​វា​ទៅ នោះ​ក៏​ទៅ​ទាំង​៤​មុខ​ឥត​បែរ​ទៅ​ខាង​ណា​ឡើយ ឯ​ខ្នង​កង់​នោះ ខ្ពស់​គួរ​ស្ញែង‌ខ្លាច ហើយ​ខ្នង​កង់​ទាំង​៤​នោះ មាន​ភ្នែកនៅ​ពេញ​ជុំវិញ កាល​ណា​តួ​មាន​ជីវិត​ទាំង​៤​បាន​ហោះ​ទៅ នោះ​កង់​ទាំង​នោះ​ក៏​អម​ទៅ​ដែរ កាល​ណា​តួ​មាន​ជីវិត​ទាំង​៤​បាន​លើក​ឡើង​ផុត​ពី​ដី​ទៅ នោះ​កង់​ទាំង​នោះ​ក៏​បាន​លើក​ឡើង​ដូច​គ្នា នៅ​ទី​ណា​ដែល​ព្រះ‌វិញ្ញាណ​ត្រូវ​ទៅ នោះ​វា​ក៏​ទៅ​ដែរ គឺ​វិញ្ញាណ​របស់​វា​ក៏​ទៅ​កន្លែង​ដដែល កង់​ទាំង​នោះ​បាន​លើក​ឡើង​អម​ទៅ ពី​ព្រោះ​វិញ្ញាណ​របស់​តួ​មាន​ជីវិត ក៏​នៅ​ក្នុង​កង់​ដែរ កាល​ណា​ពួក​នោះ​ចេញ​ទៅ ពួក​នេះ​ក៏​ទៅ​ដែរ កាល​ណា​ពួក​នោះ​ឈប់​នៅ ពួក​នេះ​ក៏​ឈប់​ដែរ ហើយ​កាល​ណា​ពួក​នោះ​បាន​លើក​ឡើង​ផុត​ពី​ដី នោះ​កង់​ទាំង‌ឡាយ ក៏​បាន​លើក​ឡើង អម​ទៅ​ព្រម​គ្នា ដ្បិត​វិញ្ញាណ​របស់​តួ​មាន​ជីវិត បាន​នៅ​ជាប់​ក្នុង​កង់​ដែរ។ នៅ​ពី​លើ​ក្បាល​នៃ​តួ​មាន​ជីវិត នោះ​មាន​ដូច​ជា​ផ្ទៃ​មេឃ ដែល​មើល​ទៅ​ដូច​ជា​ចរណៃ​គួរ​ស្ញែង‌ខ្លាច ហើយ​ក៏​លាត​ពី​លើ​ក្បាល​តួ​ទាំង​នោះ ឯ​ក្រោម​ផ្ទៃ​មេឃ នោះ​មាន​ស្លាប​របស់​តួ​ទាំង‌ឡាយ ត្រដាង​ទៅ​ត្រង់​តៗ​គ្នា គ្រប់​គ្នា​មាន​ស្លាប​២ ដែល​បាំង​ខ្លួន​ម្ខាង ហើយ​ស្លាប​២ ដែល​បាំង​ខ្លួន​ម្ខាង​ទៀត កាល​ណា​ហោះ​ទៅ នោះ​ខ្ញុំ​ឮ​សូរ​សន្ធឹក​ស្លាប ដូច​ជា​សូរ​នៃ​ទឹក​ធំ គឺ​ដូច​ជា​ព្រះ‌សូរ‌សៀង​នៃ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ជា​សូរ​គឹក‌កង ដូច​ជា​សូរ​នៃ​កង‌ទ័ព កាល​ណា​តួ​ទាំង​នោះ​ឈប់​នៅ នោះ​ក៏​សំរប​ស្លាប​ចុះ​មក​វិញ កាល​បាន​ឈប់​សំរប​ស្លាប​ចុះ​មក​វិញ​ហើយ នោះ​មាន​ឮ​សំឡេង​ពី​ផ្ទៃ​មេឃ ដែល​នៅ​ពី​លើ​ក្បាល​តួ​ទាំង​នោះ។ នៅ​ពី​លើ​ផ្ទៃ​មេឃ​ដែល​នៅ​ពី​លើ​ក្បាល នោះ​មាន​ភាព​ជា​បល្ល័ង្ក ដែល​មើល​ទៅ​ដូច​ជា​ត្បូង‌កណ្តៀង ហើយ​នៅ​លើ​ភាព​ដែល​មើល​ទៅ​ដូច​ជា​បល្ល័ង្ក នោះ​ឃើញ​មាន​ទ្រង់‌ទ្រាយ​ដូច​ជា​មនុស្ស​អង្គុយ​នៅ​លើ ខ្ញុំ​ក៏​ឃើញ​ពណ៌​ដូច​ជា​លង្ហិន​ខាត់​យ៉ាង​ភ្លឺ ដែល​មើល​ទៅ​ដូច​ជា​ភ្លើង នៅ​ខាង​ក្នុង ហើយ​នៅ​ជុំវិញ ចាប់​តាំង​ពី​កន្លែង​ដែល​មើល ទៅ​ដូច​ជា​ចង្កេះ​ទៅ​ខាង​លើ ហើយ​ចាប់​តាំង​ពី​កន្លែង​ដែល​មើល​ទៅ​ដូច​ជា​ចង្កេះ ចុះ​ទៅ​ខាង​ក្រោម នោះ​ខ្ញុំ​ឃើញ​ភាព​មើល​ទៅ​ដូច​ភ្លើង ហើយ​មាន​រស្មី​ភ្លឺ​នៅ​ជុំវិញ​អង្គ​នោះ ឯ​រស្មី​ដែល​ភ្លឺ​នៅ​ព័ទ្ធ​ជុំវិញ​នោះ ក៏​មាន​ភាព​ដូច​ជា​ឥន្ទ‌ធនូ​ដែល​នៅ​លើ​ពពក ក្នុង​ថ្ងៃ​ដែល​មាន​ភ្លៀង នេះ​ជា​គំរូ​ពី​ភាព​នៃ​សិរី‌ល្អ​របស់​ព្រះ‌យេហូវ៉ា កាល​ខ្ញុំ​បាន​ឃើញ​ហើយ នោះ​ខ្ញុំ​ក្រាប​មុខ​ចុះ​ដល់​ដី ហើយ​ខ្ញុំ​ឮ​ព្រះ‌សូរ‌សៀង​មាន​បន្ទូល​មក។

ចែក​រំលែក
អាន អេសេគាល 1