និក្ខមនំ 9:1-9

និក្ខមនំ 9:1-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បន្ទាប់​មក ព្រះ‌យេហូវ៉ា​មាន​ព្រះ​បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ចូល​ទៅ​ជួប​ផារ៉ោន ហើយ​ប្រាប់​ស្ដេច​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​ហេព្រើរ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា "ចូរ​បើក​ឲ្យ​ប្រជា‌រាស្ត្រ​របស់​យើង​ចេញ​ទៅ ដើម្បី​ឲ្យ​គេ​បាន​ថ្វាយ​បង្គំ​យើង"។ ប្រសិន‌បើ​អ្នក​មិន​ព្រម​បើក​ឲ្យ​គេ​ទៅ​ទេ ហើយ​ចេះ​តែ​ឃាត់‌ឃាំង​ពួក‌គេ នោះ​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​នឹង​នៅ​លើ​ហ្វូង​សត្វ​ទាំង​ប៉ុន្មាន​របស់​អ្នក​ដែល​នៅ​ចម្ការ គឺ​ទាំង​សេះ លា អូដ្ឋ និង​ហ្វូង​គោ ហ្វូង​ចៀម​ផង វា​នឹង​កើត​ជំងឺ​អាសន្ន​រោគ​យ៉ាង​វេទនា។ ប៉ុន្ដែ ព្រះ‌យេហូវ៉ា​នឹង​ញែក​ហ្វូង​សត្វ​របស់​សាសន៍​អ៊ីស្រា‌អែល និង​ហ្វូង​សត្វ​របស់​សាសន៍​អេស៊ីព្ទ​ចេញ​ពី​គ្នា ដូច្នេះ នឹង​គ្មាន​សត្វ​ណា​មួយ​របស់​កូន​ចៅ​អ៊ីស្រា‌អែល​ស្លាប់​ឡើយ»។ ព្រះ‌យេហូវ៉ា​ក៏​ដាក់​កំណត់​ថា៖ «ថ្ងៃ​ស្អែក ព្រះ‌យេហូវ៉ា​នឹង​ធ្វើ​ការ​នេះ​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ»។ នៅ​ថ្ងៃ​បន្ទាប់ ព្រះ‌យេហូវ៉ា​ក៏​ធ្វើ​ដូច្នោះ គឺ​ហ្វូង​សត្វ​របស់​សាសន៍​អេស៊ីព្ទ​ទាំង​ប៉ុន្មាន​ស្លាប់​អស់ តែ​គ្មាន​សត្វ​ណា​មួយ​ក្នុង​ហ្វូង​សត្វ​របស់​កូន​ចៅ​អ៊ីស្រា‌អែល​ត្រូវ​ស្លាប់​ឡើយ។ ផារ៉ោន​បាន​ចាត់​គេ​ឲ្យ​ទៅ​ស៊ើប​សួរ​មើល ឃើញ​ថា គ្មាន​សត្វ​ណា​មួយ​ក្នុង​ហ្វូង​សត្វ​របស់​សាសន៍​អ៊ីស្រា‌អែល​ត្រូវ​ស្លាប់​ឡើយ ប៉ុន្តែ ផារ៉ោន​មាន​ព្រះ‌ហឫ‌ទ័យ​រឹង​ចចេស មិន​ព្រម​បើក​ឲ្យ​ប្រជា‌ជន​ទៅ​ទេ។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ និង​លោក​អើរ៉ុន​ថា៖ «ចូរ​យក​ផេះ​ពី​គុក​ភ្លើង​ពីរ​បី​ក្ដាប់ ហើយ​ឲ្យ​ម៉ូសេ​បាច​ទៅ​លើ​មេឃ នៅ​ចំពោះ​ផារ៉ោន​ទៅ ផេះ​នោះ​នឹង​ក្លាយ​ជា​ធូលី​យ៉ាង​ម៉ដ្ត នៅ​ពាស​ពេញ​លើ​ស្រុក​អេស៊ីព្ទ ហើយ​នឹង​ក្លាយ​ជា​បូស ធ្លាយ​ចេញ​ជា​ដំបៅ​លើ​ខ្លួន​មនុស្ស និង​សត្វ ពាស​ពេញ​ក្នុង​ស្រុក​អេស៊ីព្ទ​ទាំង​មូល»។

ចែក​រំលែក
អាន និក្ខមនំ 9

និក្ខមនំ 9:1-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បន្ទាប់​មក ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ទៅ​ជួប​ស្ដេច​ផារ៉ោន ហើយ​ប្រាប់​ដូច​ត​ទៅ: ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​ហេប្រឺ​មាន​ព្រះ‌បន្ទូល​ថា “ចូរ​បើក​ឲ្យ​ប្រជា‌រាស្ដ្រ​របស់​យើង ចេញ​ទៅ​គោរព​បម្រើ​យើង”។ ប្រសិន​បើ​ព្រះ‌ករុណា​បដិសេធ​បើក​ឲ្យ​ពួក​គេ​ទៅ ប្រសិន​បើ​ព្រះ‌ករុណា​នៅ​តែ​ឃាត់​ពួក​គេ នោះ​ព្រះ‌អម្ចាស់​នឹង​ប្រើ​បារមី​របស់​ព្រះអង្គ ប្រហារ​ហ្វូង​សត្វ​របស់​ព្រះ‌ករុណា នៅ​តាម​ស្រុក​ស្រែ គឺ​ហ្វូង​សេះ ហ្វូង​លា ហ្វូង​អូដ្ឋ ហ្វូង​គោ និង​ហ្វូង​ចៀម ឲ្យ​កើត​ជំងឺ​អាសន្ន‌រោគ​យ៉ាង​ធ្ងន់‌ធ្ងរ។ ប៉ុន្តែ ព្រះ‌អម្ចាស់​មិន​ប្រហារ​ហ្វូង​សត្វ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ឲ្យ​វិនាស​ដូច​ហ្វូង​សត្វ​របស់​ជន‌ជាតិ​អេស៊ីប​ទេ»។ ព្រះ‌អម្ចាស់​កំណត់​ពេល​វេលា ដោយ​មាន​ព្រះ‌បន្ទូល​ថា ស្អែក​ព្រះអង្គ​នឹង​ធ្វើ​ការ​នេះ​នៅ​ស្រុក​អេស៊ីប។ នៅ​ថ្ងៃ​បន្ទាប់ ព្រះ‌អម្ចាស់​បាន​ប្រហារ​ហ្វូង​សត្វ​ទាំង​ប៉ុន្មាន​នៅ​ស្រុក​អេស៊ីប​ឲ្យ​វិនាស ប៉ុន្តែ គ្មាន​សត្វ​ណា​មួយ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​ត្រូវ​វិនាស​ឡើយ។ ព្រះចៅ​ផារ៉ោន​បាន​ចាត់​គេ​ឲ្យ​ទៅ​ស៊ើប‌សួរ ហើយ​ស្ដេច​ជ្រាប​ថា​គ្មាន​សត្វ​ណា​មួយ​ក្នុង​ហ្វូង​សត្វ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ត្រូវ​វិនាស​ឡើយ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ព្រះចៅ​ផារ៉ោន​នៅ​តែ​មាន​ព្រះ‌ហឫទ័យ​មានះ មិន​ព្រម​អនុ‌ញ្ញាត​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​ចេញ​ទៅ​ទេ។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ និង​លោក​អើរ៉ុន​ថា៖ «ចូរ​យក​ដៃ​ក្ដាប់​ផេះ​ពី​ចង្ក្រាន ហើយ​ឲ្យ​ម៉ូសេ​បាច​ឡើង​ទៅ​លើ នៅ​ចំពោះ​មុខ​ស្ដេច​ផារ៉ោន ផេះ​នោះ​នឹង​ធ្លាក់​មក​ជា​ធូលី​នៅ​ពាស‌ពេញ​ស្រុក​អេស៊ីប។ ពេល​នោះ ទាំង​មនុស្ស ទាំង​សត្វ នៅ​ស្រុក​អេស៊ីប​នឹង​កើត​បូស ក្លាយ​ជា​ដំបៅ​ងា​ទៀត​ផង»។

ចែក​រំលែក
អាន និក្ខមនំ 9

និក្ខមនំ 9:1-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ម៉ូសេ ឲ្យ​ចូល​ទៅ​គាល់​ផារ៉ោន ទូល​ទ្រង់​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​ហេព្រើរ​ទ្រង់​មាន​បន្ទូល​ដូច្នេះ ចូរ​បើក​ឲ្យ​រាស្ត្រ​អញ​ចេញ​ទៅ​ថ្វាយ‌បង្គំ​ដល់​អញ​ចុះ ដ្បិត​បើ​ឯង​មិន​ព្រម​ឲ្យ​គេ​ទៅ​ទេ ហើយ​ចេះ​តែ​ឃាត់‌ឃាំង​ទៀត នោះ​មើល ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា នឹង​នៅ​លើ​ហ្វូង​សត្វ​ទាំង​ប៉ុន្មាន​របស់​ឯង​ដែល​នៅ​ចំការ គឺ​ទាំង​សេះ លា អូដ្ឋ ហើយ​ហ្វូង​គោ ហ្វូង​ចៀម​ផង វា​នឹង​កើត​ជំងឺ​អាសន្ន​ជា​យ៉ាង​វេទនា តែ​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ញែក​ហ្វូង​សត្វ​របស់​សាសន៍​អ៊ីស្រាអែល នឹង​ហ្វូង​សត្វ​របស់​សាសន៍​អេស៊ីព្ទ​ចេញ​ពី​គ្នា ដូច្នេះ នឹង​គ្មាន​ស្លាប់​សត្វ​ណា​មួយ​របស់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ឡើយ ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ដាក់​កំណត់​ថា ថ្ងៃ​ស្អែក​ឡើង ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ធ្វើ​ការ​នេះ​នៅ​ក្នុង​ស្រុក លុះ​ដល់​ថ្ងៃ​ស្អែក នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ធ្វើ​ដូច្នោះ ហ្វូង​សត្វ​របស់​សាសន៍​អេស៊ីព្ទ​ក៏​ស្លាប់​ទាំង​អស់ តែ​គ្មាន​ស្លាប់​សត្វ​ណា​មួយ​ក្នុង​ហ្វូង​សត្វ​របស់​កូន​ចៅ​អ៊ីស្រាអែល​ទេ ផារ៉ោន​ទ្រង់​ចាត់​គេ​ទៅ​ស៊ើប​មើល ក៏​ឃើញ​ថា គ្មាន​សត្វ​ណា​មួយ​ក្នុង​ហ្វូង​សត្វ​របស់​សាសន៍​អ៊ីស្រាអែល​ដែល​បាន​ស្លាប់​សោះ ប៉ុន្តែ​ផារ៉ោន​មាន​ព្រះ‌ទ័យ​រឹង‌ចចេស​មិន​ព្រម​បើក​ឲ្យ​បណ្តាជន​ទៅ​ទេ។ រួច​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​ម៉ូសេ ហើយ​នឹង​អើរ៉ុន​ថា ចូរ​ឯង​កើប​យក​ផេះ​ពី​គុក​ភ្លើង​ពេញ​ក្នុង​ក្តាប់​ដៃ រួច​ឲ្យ​ម៉ូសេ​បាច​ទៅ​លើ​មេឃ​នៅ​មុខ​ផារ៉ោន​ទៅ ផេះ​នោះ​នឹង​ត្រឡប់​ក្លាយ​ជា​ធូលី​យ៉ាង​ម៉ដ្ត នៅ​លើ​ស្រុក​អេស៊ីព្ទ​ទាំង​មូល ហើយ​នឹង​បង្កើត​ជា​បូស​ធ្លាយ​ចេញ​ជា​ដំបៅ​នៅ​ខ្លួន​មនុស្ស ព្រម​ទាំង​សត្វ​នៅ​ពេញ​ក្នុង​ស្រុក​ដែរ

ចែក​រំលែក
អាន និក្ខមនំ 9