និក្ខមនំ 9:1-12
និក្ខមនំ 9:1-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
បន្ទាប់មក ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរចូលទៅជួបផារ៉ោន ហើយប្រាប់ស្ដេចថា ព្រះយេហូវ៉ាជាព្រះនៃសាសន៍ហេព្រើរមានព្រះបន្ទូលដូច្នេះថា "ចូរបើកឲ្យប្រជារាស្ត្ររបស់យើងចេញទៅ ដើម្បីឲ្យគេបានថ្វាយបង្គំយើង"។ ប្រសិនបើអ្នកមិនព្រមបើកឲ្យគេទៅទេ ហើយចេះតែឃាត់ឃាំងពួកគេ នោះព្រះហស្តនៃព្រះយេហូវ៉ានឹងនៅលើហ្វូងសត្វទាំងប៉ុន្មានរបស់អ្នកដែលនៅចម្ការ គឺទាំងសេះ លា អូដ្ឋ និងហ្វូងគោ ហ្វូងចៀមផង វានឹងកើតជំងឺអាសន្នរោគយ៉ាងវេទនា។ ប៉ុន្ដែ ព្រះយេហូវ៉ានឹងញែកហ្វូងសត្វរបស់សាសន៍អ៊ីស្រាអែល និងហ្វូងសត្វរបស់សាសន៍អេស៊ីព្ទចេញពីគ្នា ដូច្នេះ នឹងគ្មានសត្វណាមួយរបស់កូនចៅអ៊ីស្រាអែលស្លាប់ឡើយ»។ ព្រះយេហូវ៉ាក៏ដាក់កំណត់ថា៖ «ថ្ងៃស្អែក ព្រះយេហូវ៉ានឹងធ្វើការនេះនៅក្នុងស្រុកអេស៊ីព្ទ»។ នៅថ្ងៃបន្ទាប់ ព្រះយេហូវ៉ាក៏ធ្វើដូច្នោះ គឺហ្វូងសត្វរបស់សាសន៍អេស៊ីព្ទទាំងប៉ុន្មានស្លាប់អស់ តែគ្មានសត្វណាមួយក្នុងហ្វូងសត្វរបស់កូនចៅអ៊ីស្រាអែលត្រូវស្លាប់ឡើយ។ ផារ៉ោនបានចាត់គេឲ្យទៅស៊ើបសួរមើល ឃើញថា គ្មានសត្វណាមួយក្នុងហ្វូងសត្វរបស់សាសន៍អ៊ីស្រាអែលត្រូវស្លាប់ឡើយ ប៉ុន្តែ ផារ៉ោនមានព្រះហឫទ័យរឹងចចេស មិនព្រមបើកឲ្យប្រជាជនទៅទេ។ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេ និងលោកអើរ៉ុនថា៖ «ចូរយកផេះពីគុកភ្លើងពីរបីក្ដាប់ ហើយឲ្យម៉ូសេបាចទៅលើមេឃ នៅចំពោះផារ៉ោនទៅ ផេះនោះនឹងក្លាយជាធូលីយ៉ាងម៉ដ្ត នៅពាសពេញលើស្រុកអេស៊ីព្ទ ហើយនឹងក្លាយជាបូស ធ្លាយចេញជាដំបៅលើខ្លួនមនុស្ស និងសត្វ ពាសពេញក្នុងស្រុកអេស៊ីព្ទទាំងមូល»។ លោកម៉ូសេក៏យកផេះពីគុកភ្លើង ទៅឈរនៅមុខផារ៉ោន ហើយលោកបាចទៅលើមេឃ រួចផេះក៏បណ្ដាលឲ្យកើតបូសក្លាយ ធ្លាយចេញជាដំបៅ ពេញលើខ្លួនមនុស្ស និងសត្វ។ ពួកគ្រូមន្តអាគមមិនអាចឈរនៅមុខលោកម៉ូសេបានឡើយ ព្រោះតែបូស ដ្បិតបូសកើតលើពួកគ្រូមន្តអាគម និងលើសាសន៍អេស៊ីព្ទទាំងអស់។ ប៉ុន្ដែ ព្រះយេហូវ៉ាធ្វើឲ្យព្រះហឫទ័យផារ៉ោនរឹងទទឹង មិនព្រមស្តាប់ពួកលោកសោះ ដូចព្រះយេហូវ៉ាបានមានព្រះបន្ទូលមកលោកម៉ូសេទុកស្រាប់។
និក្ខមនំ 9:1-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បន្ទាប់មក ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរទៅជួបស្ដេចផារ៉ោន ហើយប្រាប់ដូចតទៅ: ព្រះអម្ចាស់ ជាព្រះនៃជនជាតិហេប្រឺមានព្រះបន្ទូលថា “ចូរបើកឲ្យប្រជារាស្ដ្ររបស់យើង ចេញទៅគោរពបម្រើយើង”។ ប្រសិនបើព្រះករុណាបដិសេធបើកឲ្យពួកគេទៅ ប្រសិនបើព្រះករុណានៅតែឃាត់ពួកគេ នោះព្រះអម្ចាស់នឹងប្រើបារមីរបស់ព្រះអង្គ ប្រហារហ្វូងសត្វរបស់ព្រះករុណា នៅតាមស្រុកស្រែ គឺហ្វូងសេះ ហ្វូងលា ហ្វូងអូដ្ឋ ហ្វូងគោ និងហ្វូងចៀម ឲ្យកើតជំងឺអាសន្នរោគយ៉ាងធ្ងន់ធ្ងរ។ ប៉ុន្តែ ព្រះអម្ចាស់មិនប្រហារហ្វូងសត្វរបស់ជនជាតិអ៊ីស្រាអែល ឲ្យវិនាសដូចហ្វូងសត្វរបស់ជនជាតិអេស៊ីបទេ»។ ព្រះអម្ចាស់កំណត់ពេលវេលា ដោយមានព្រះបន្ទូលថា ស្អែកព្រះអង្គនឹងធ្វើការនេះនៅស្រុកអេស៊ីប។ នៅថ្ងៃបន្ទាប់ ព្រះអម្ចាស់បានប្រហារហ្វូងសត្វទាំងប៉ុន្មាននៅស្រុកអេស៊ីបឲ្យវិនាស ប៉ុន្តែ គ្មានសត្វណាមួយរបស់ជនជាតិអ៊ីស្រាអែលត្រូវវិនាសឡើយ។ ព្រះចៅផារ៉ោនបានចាត់គេឲ្យទៅស៊ើបសួរ ហើយស្ដេចជ្រាបថាគ្មានសត្វណាមួយក្នុងហ្វូងសត្វរបស់ជនជាតិអ៊ីស្រាអែល ត្រូវវិនាសឡើយ។ ទោះជាយ៉ាងនេះក្ដី ព្រះចៅផារ៉ោននៅតែមានព្រះហឫទ័យមានះ មិនព្រមអនុញ្ញាតឲ្យជនជាតិអ៊ីស្រាអែលចេញទៅទេ។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេ និងលោកអើរ៉ុនថា៖ «ចូរយកដៃក្ដាប់ផេះពីចង្ក្រាន ហើយឲ្យម៉ូសេបាចឡើងទៅលើ នៅចំពោះមុខស្ដេចផារ៉ោន ផេះនោះនឹងធ្លាក់មកជាធូលីនៅពាសពេញស្រុកអេស៊ីប។ ពេលនោះ ទាំងមនុស្ស ទាំងសត្វ នៅស្រុកអេស៊ីបនឹងកើតបូស ក្លាយជាដំបៅងាទៀតផង»។ លោកម៉ូសេ និងលោកអើរ៉ុនក៏យកផេះពីចង្ក្រាន ហើយនាំគ្នាទៅគាល់ព្រះចៅផារ៉ោន។ លោកម៉ូសេបាចផេះទៅលើ បណ្ដាលឲ្យមនុស្ស និងសត្វកើតបូស មានដំបៅងាពេញខ្លួន។ ពួកគ្រូធ្មប់ពុំអាចមកជួបលោកម៉ូសេបានទេ ព្រោះពួកគេកើតបូសពេញខ្លួន ដូចជនជាតិអេស៊ីបទាំងអស់ដែរ។ ប៉ុន្តែ ព្រះអម្ចាស់ធ្វើឲ្យព្រះចៅផារ៉ោនមានព្រះហឫទ័យមានះ មិនព្រមស្ដាប់លោកម៉ូសេ និងលោកអើរ៉ុន ដូចព្រះអម្ចាស់មានព្រះបន្ទូលទុកស្រាប់។
និក្ខមនំ 9:1-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេ ឲ្យចូលទៅគាល់ផារ៉ោន ទូលទ្រង់ថា ព្រះយេហូវ៉ាជាព្រះនៃសាសន៍ហេព្រើរទ្រង់មានបន្ទូលដូច្នេះ ចូរបើកឲ្យរាស្ត្រអញចេញទៅថ្វាយបង្គំដល់អញចុះ ដ្បិតបើឯងមិនព្រមឲ្យគេទៅទេ ហើយចេះតែឃាត់ឃាំងទៀត នោះមើល ព្រះហស្តនៃព្រះយេហូវ៉ា នឹងនៅលើហ្វូងសត្វទាំងប៉ុន្មានរបស់ឯងដែលនៅចំការ គឺទាំងសេះ លា អូដ្ឋ ហើយហ្វូងគោ ហ្វូងចៀមផង វានឹងកើតជំងឺអាសន្នជាយ៉ាងវេទនា តែព្រះយេហូវ៉ាទ្រង់នឹងញែកហ្វូងសត្វរបស់សាសន៍អ៊ីស្រាអែល នឹងហ្វូងសត្វរបស់សាសន៍អេស៊ីព្ទចេញពីគ្នា ដូច្នេះ នឹងគ្មានស្លាប់សត្វណាមួយរបស់ពួកកូនចៅអ៊ីស្រាអែលឡើយ ព្រះយេហូវ៉ាទ្រង់ក៏ដាក់កំណត់ថា ថ្ងៃស្អែកឡើង ព្រះយេហូវ៉ាទ្រង់នឹងធ្វើការនេះនៅក្នុងស្រុក លុះដល់ថ្ងៃស្អែក នោះព្រះយេហូវ៉ាទ្រង់ក៏ធ្វើដូច្នោះ ហ្វូងសត្វរបស់សាសន៍អេស៊ីព្ទក៏ស្លាប់ទាំងអស់ តែគ្មានស្លាប់សត្វណាមួយក្នុងហ្វូងសត្វរបស់កូនចៅអ៊ីស្រាអែលទេ ផារ៉ោនទ្រង់ចាត់គេទៅស៊ើបមើល ក៏ឃើញថា គ្មានសត្វណាមួយក្នុងហ្វូងសត្វរបស់សាសន៍អ៊ីស្រាអែលដែលបានស្លាប់សោះ ប៉ុន្តែផារ៉ោនមានព្រះទ័យរឹងចចេសមិនព្រមបើកឲ្យបណ្តាជនទៅទេ។ រួចព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងម៉ូសេ ហើយនឹងអើរ៉ុនថា ចូរឯងកើបយកផេះពីគុកភ្លើងពេញក្នុងក្តាប់ដៃ រួចឲ្យម៉ូសេបាចទៅលើមេឃនៅមុខផារ៉ោនទៅ ផេះនោះនឹងត្រឡប់ក្លាយជាធូលីយ៉ាងម៉ដ្ត នៅលើស្រុកអេស៊ីព្ទទាំងមូល ហើយនឹងបង្កើតជាបូសធ្លាយចេញជាដំបៅនៅខ្លួនមនុស្ស ព្រមទាំងសត្វនៅពេញក្នុងស្រុកដែរ ម៉ូសេក៏យកផេះពីគុកភ្លើង ទៅឈរនៅមុខផារ៉ោន ហើយលោកបាចទៅលើមេឃ រួចផេះនោះបង្កើតជាបូសក្លាយធ្លាយចេញជាដំបៅ ក៏កើតឡើងនៅសព្វខ្លួនរបស់មនុស្ស ហើយនឹងពួកសត្វផង ឯពួកគ្រូគេឈរនៅមុខម៉ូសេមិនបានទេ ដោយព្រោះបូសនោះ ពីព្រោះបូសក៏កើតឡើងនៅខ្លួនគេដែរ ដូចជានៅខ្លួននៃសាសន៍អេស៊ីព្ទទាំងអស់គ្នាផង តែព្រះយេហូវ៉ាទ្រង់បណ្តាលឲ្យព្រះទ័យផារ៉ោនបានរឹងទទឹង ទ្រង់មិនព្រមស្តាប់តាមលោកសោះ ដូចជាព្រះយេហូវ៉ាបានមានបន្ទូលនឹងម៉ូសេស្រាប់។