និក្ខមនំ 8:16-19

និក្ខមនំ 8:16-19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បន្ទាប់​មក ព្រះ‌យេហូវ៉ា​មាន​ព្រះ​បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ប្រាប់​អើរ៉ុន​ថា "ចូរ​បង​លើក​ដំបង​របស់​បង​វាយ​ធូលី​ដី ដើម្បី​ឲ្យ​ធូលី​ដី​ក្លាយ​ជា​ចៃ នៅ​ពាស​ពេញ​ក្នុង​ស្រុក​អេស៊ីព្ទ"»។ ពួក​លោក​ក៏​ធ្វើ​ដូច្នោះ គឺ​លោក​អើរ៉ុន​លើក​ដំបង​វាយ​ធូលី​ដី ហើយ​មាន​ចៃ​នៅ​លើ​មនុស្ស និង​សត្វ។ ធូលី​ដី​ទាំង​អស់​ក៏​ក្លាយ​ទៅ​ជា​ចៃ នៅ​ពាស​ពេញ​ស្រុក​អេស៊ីព្ទ​ទាំង​មូល។ ពួក​គ្រូ​ក៏​ខំ​ប្រើ​មន្តអាគម​ធ្វើ​ដូច្នោះ​ដែរ ដើម្បី​បង្កើត​ចៃ តែ​ធ្វើ​មិន​បាន​ឡើយ។ ដូច្នេះ ចៃ​ទាំង​នោះ​នៅ​លើ​មនុស្ស និង​សត្វ។ ពេល​នោះ ពួក​គ្រូ​មន្ត​អាគម​ទូល​ផារ៉ោន​ថា៖ «នេះ​ជា​អង្គុលី​របស់​ព្រះ​ទេ!» ប៉ុន្ដែ ផារ៉ោន​មាន​ព្រះ‌ហឫ‌ទ័យ​រឹង​ទទឹង មិន​ព្រម​ស្តាប់​លោក​ទាំង​ពីរ​សោះ ដូច​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ទុក​ស្រាប់។

ចែក​រំលែក
អាន និក្ខមនំ 8

និក្ខមនំ 8:16-19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ប្រាប់​អើរ៉ុន​ថា: សូម​បង​លើក​ដំបង​វាយ​ធូលី​ដី នោះ​ធូលី​ដី​នឹង​ក្លាយ​ទៅ​ជា​មូស នៅ​ពាស‌ពេញ​ស្រុក​អេស៊ីប»។ លោក​ទាំង​ពីរ​ក៏​ធ្វើ​តាម​ព្រះ‌បន្ទូល គឺ​លោក​អើរ៉ុន​លើក​ដំបង​វាយ​ធូលី​ដី នោះ​ដី​ក៏​ក្លាយ​ទៅ​ជា​មូស មក​រោម​មនុស្ស និង​សត្វ នៅ​ស្រុក​អេស៊ីប​ទាំង​មូល។ ពួក​គ្រូ​ធ្មប់​ក៏​ប្រើ​មន្ត‌អាគម ដើម្បី​បង្កើត​មូស​ដែរ តែ​ពួក​គេ​ធ្វើ​ពុំ​បាន​ទេ។ មូស​នៅ​តែ​រោម​មនុស្ស និង​សត្វ​ដដែល។ ពេល​នោះ ពួក​គ្រូ​ធ្មប់​ទូល​ព្រះចៅ​ផារ៉ោន​ថា៖ «ការ​នេះ​កើត​មក​ពី​ព្រះ‌ជាម្ចាស់»។ ប៉ុន្តែ ព្រះចៅ​ផារ៉ោន​នៅ​តែ​មាន​ព្រះ‌ហឫទ័យ​មានះ មិន​ព្រម​ស្ដាប់​លោក​ម៉ូសេ និង​លោក​អើរ៉ុន ដូច​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទុក​ស្រាប់។

ចែក​រំលែក
អាន និក្ខមនំ 8

និក្ខមនំ 8:16-19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រួច​ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ម៉ូសេ ឲ្យ​ប្រាប់​អើរ៉ុន​ថា ចូរ​បង​លើក​ដំបង​វាយ​ធូលី​ដី​ទៅ ដើម្បី​ឲ្យ​បាន​ត្រឡប់​ជា​ចៃ​នៅ​ពេញ​ក្នុង​ស្រុក​អេស៊ីព្ទ នោះ​ក៏​ធ្វើ​ដូច្នោះ អើរ៉ុន​កាន់​ដំបង​លើក​វាយ​ធូលី​ដី ហើយ​កើត​មាន​ចៃ​នៅ​លើ​មនុស្ស​ហើយ​នឹង​សត្វ ធូលី​ដី​ទាំង​អស់​ក៏​ទៅ​ជា​ចៃ​ពេញ​ក្នុង​ស្រុក​អេស៊ីព្ទ ឯ​ពួក​គ្រូ​ក៏​ខំ​ធ្វើ​ដូច្នោះ​ដោយ​របៀន​របស់​គេ​ដែរ ដើម្បី​នឹង​បង្កើត​ចៃ តែ​ធ្វើ​មិន​កើត​ឡើយ ចៃ​ទាំង​នោះ​នៅ​លើ​មនុស្ស ហើយ​នឹង​សត្វ​ផង នោះ​ពួក​គ្រូ​គេ​ទូល​ផារ៉ោន​ថា នេះ​គឺ​ជា​អង្គុលី​ព្រះ‌ហស្ត​របស់​ព្រះ​ទេ តែ​ផារ៉ោន​មាន​ព្រះ‌ទ័យ​រឹង‌ទទឹង មិន​ព្រម​ស្តាប់​គេ​សោះ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​មាន​បន្ទូល​ទុក។

ចែក​រំលែក
អាន និក្ខមនំ 8