និក្ខមនំ 8:1-32

និក្ខមនំ 8:1-32 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បន្ទាប់​មក ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ទៅ​ជួប​ផារ៉ោន ហើយ​ប្រាប់​ស្ដេច​ថា "ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ ចូរ​បើក​ឲ្យ​ប្រជា‌រាស្ត្រ​របស់​យើង​ចេញ​ទៅ ដើម្បី​ឲ្យ​គេ​បាន​ថ្វាយ​បង្គំ​យើង។ ប្រសិន‌បើ​អ្នក​មិន​ព្រម​បើក​ឲ្យ​គេ​ទៅ​ទេ នោះ​មើល៍ យើង​នឹង​ញាំ​ញី​ស្រុក​របស់​អ្នក​ទាំង​មូល​ដោយ​កង្កែប។ ទន្លេ​នីល​នឹង​មាន​ពេញ​សុទ្ធ​តែ​កង្កែប វា​នឹង​លោត​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​អ្នក គឺទៅ​ក្នុង​បន្ទប់​ដេក លើ​គ្រែ និងទៅ​ក្នុង​ផ្ទះ​ពួក​នាម៉ឺន​មន្ត្រី ផ្ទះ​របស់​ប្រជា‌រាស្ត្រ ទៅ​ក្នុង​ជើង‌ក្រាន និង​ផើង​ម្សៅ​របស់​អ្នក​ផង។ កង្កែប​ទាំង​នោះ​នឹង​លោត​ឡើង​លើ​អ្នក លើ​ប្រជា‌រាស្ត្រ និង​លើ​ពួក​នាម៉ឺន​មន្ត្រី​របស់​អ្នក​ទាំង​អស់"»។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ប្រាប់​អើរ៉ុន​ថា "ចូរ​បង​លើក​ដំបង​របស់​បង​ទៅ​លើ​ទន្លេ ព្រែក និង​ត្រពាំង ដើម្បី​ឲ្យ​កង្កែប​ឡើង​មក​លើ​ស្រុក​អេស៊ីព្ទ"»។ លោក​អើរ៉ុន​ក៏​លើក​ដៃ​ទៅ​លើ​ទឹក​នៅ​ស្រុក​អេស៊ីព្ទ ហើយ​ក៏​មាន​កង្កែប​ឡើង​មកគ្រប​ពេញ​ក្នុង​ស្រុក​អេស៊ីព្ទ។ ប៉ុន្ដែ ពួក​គ្រូ​ក៏​ធ្វើ​ដូច្នោះ​ដែរ ដោយ​ប្រើ​មន្ត​អាគម​របស់​គេ ហើយ​ធ្វើ​ឲ្យ​មាន​កង្កែប​ឡើង​មក​លើ​ស្រុក​អេស៊ីព្ទ​ដូច​គ្នា។ ផារ៉ោន​ហៅ​លោក​ម៉ូសេ និង​លោក​អើរ៉ុន​មក ហើយ​មាន​រាជ‌ឱង្ការ​ថា៖ «សូម​អង្វរ​ព្រះ‌យេហូវ៉ាឲ្យ​យក​កង្កែប​ចេញ​ពី​យើង និង​ពី​ប្រជា‌រាស្ត្រ​របស់​យើង​ទៅ យើង​នឹង​បើក​ឲ្យ​ប្រជា‌ជន​នេះ ចេញ​ទៅ​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា»។ លោក​ម៉ូសេ​ក៏​ទូល​ផារ៉ោន​ថា៖ «សូម​ប្រាប់​ទូល‌បង្គំ​ចុះ ពី​ពេល​វេលា​ដែល​ទូល‌បង្គំ​ត្រូវ​អង្វរ​សម្រាប់​ព្រះ‌ករុណា សម្រាប់​ពួក​នាម៉ឺន​មន្ត្រី និង​ប្រជា‌រាស្ត្រ​របស់​ព្រះ‌ករុណា ដើម្បី​បំបាត់​កង្កែប​ចេញ​ពី​ព្រះ​ករុណា និង​ពួក​ដំណាក់​របស់​ព្រះ​ករុណា ហើយ​ទុក​ឲ្យ​មាន​តែ​នៅ​ក្នុង​ទន្លេ​នីល​ប៉ុណ្ណោះ»។ ផារ៉ោន​មាន​រាជ‌ឱង្ការ​ថា៖ «ថ្ងៃ​ស្អែក» លោក​ម៉ូសេ​ទូល​ថា៖ «សូម​ឲ្យ​បាន​តាម​រាជ‌ឱង្ការ​របស់​ព្រះ‌ករុណា​ចុះ ដើម្បី​ឲ្យ​ព្រះ‌ករុណា​បាន​ជ្រាប​ថា គ្មាន​ព្រះ​ណា​ដូច​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ​ឡើយ។ កង្កែប​នឹង​ថយ​ចេញ​ពី​ព្រះ‌ករុណា ពី​ដំណាក់​របស់​ព្រះ​ករុណា ពី​ពួក​នាម៉ឺន​មន្ត្រី និង​ពី​ប្រជា‌រាស្ត្រ​របស់​ព្រះ‌ករុណា គឺ​វា​នឹង​មាន​នៅ​តែ​ក្នុង​ទន្លេ​នីល​ប៉ុណ្ណោះ»។ លោក​ម៉ូសេ និង​លោក​អើរ៉ុន​ក៏​ចេញ​ពី​ផារ៉ោន​ទៅ ហើយ​លោក​ម៉ូសេ​ស្រែក​អង្វរ​ព្រះ‌យេហូវ៉ា​អំពី​រឿង​កង្កែប ដែល​ព្រះ‌អង្គ​បាន​នាំ​មក​លើ​ផារ៉ោន​នោះ។ ព្រះ‌យេហូវ៉ា​ក៏​ធ្វើ​តាម​ពាក្យ​លោក​ម៉ូសេ គឺ​កង្កែប​ក៏​ងាប់​អន្តរធាន​នៅ​ក្នុង​ផ្ទះ នៅ​តាម​ភូមិ និង​នៅ​តាម​ស្រែ​ចម្ការ។ គេ​ប្រមូល​ខ្មោច​កង្កែប​គរ​ជា​គំនរ ហើយ​ក៏​ធុំ​ក្លិន​ស្អុយ​ពេញ​ក្នុង​ស្រុក។ ប៉ុន្ដែ កាល​ផារ៉ោន​ឃើញ​ថា​បាន​ធូរ​ស្បើយ​ហើយ ស្ដេច​ក៏​តាំង​ព្រះ‌ហឫ‌ទ័យ​រឹង​ទទឹង​ទៀត មិន​ព្រម​ស្តាប់​លោក​ម៉ូសេ និង​លោក​អើរ៉ុន​ឡើយ ដូច​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ទុក​ស្រាប់។ បន្ទាប់​មក ព្រះ‌យេហូវ៉ា​មាន​ព្រះ​បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ប្រាប់​អើរ៉ុន​ថា "ចូរ​បង​លើក​ដំបង​របស់​បង​វាយ​ធូលី​ដី ដើម្បី​ឲ្យ​ធូលី​ដី​ក្លាយ​ជា​ចៃ នៅ​ពាស​ពេញ​ក្នុង​ស្រុក​អេស៊ីព្ទ"»។ ពួក​លោក​ក៏​ធ្វើ​ដូច្នោះ គឺ​លោក​អើរ៉ុន​លើក​ដំបង​វាយ​ធូលី​ដី ហើយ​មាន​ចៃ​នៅ​លើ​មនុស្ស និង​សត្វ។ ធូលី​ដី​ទាំង​អស់​ក៏​ក្លាយ​ទៅ​ជា​ចៃ នៅ​ពាស​ពេញ​ស្រុក​អេស៊ីព្ទ​ទាំង​មូល។ ពួក​គ្រូ​ក៏​ខំ​ប្រើ​មន្តអាគម​ធ្វើ​ដូច្នោះ​ដែរ ដើម្បី​បង្កើត​ចៃ តែ​ធ្វើ​មិន​បាន​ឡើយ។ ដូច្នេះ ចៃ​ទាំង​នោះ​នៅ​លើ​មនុស្ស និង​សត្វ។ ពេល​នោះ ពួក​គ្រូ​មន្ត​អាគម​ទូល​ផារ៉ោន​ថា៖ «នេះ​ជា​អង្គុលី​របស់​ព្រះ​ទេ!» ប៉ុន្ដែ ផារ៉ោន​មាន​ព្រះ‌ហឫ‌ទ័យ​រឹង​ទទឹង មិន​ព្រម​ស្តាប់​លោក​ទាំង​ពីរ​សោះ ដូច​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ទុក​ស្រាប់។ បន្ទាប់​មក ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ក្រោក​ពី​ព្រលឹម ទៅ​ឈរ​នៅ​មុខ​ផារ៉ោន នៅ​ពេល​ស្ដេច​ចេញ​ទៅ​មាត់​ទឹក ហើយ​ទូល​ស្ដេច​ថា "ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ ចូរ​បើក​ឲ្យ​ប្រជា‌រាស្ត្រ​របស់​យើង​ចេញ​ទៅ ដើម្បី​ឲ្យ​គេ​បាន​ថ្វាយ​បង្គំ​យើង។ ប្រសិន‌បើ​អ្នក​មិន​ព្រម​បើក​ឲ្យ​ប្រជា‌រាស្ត្រ​របស់​យើង​ចេញ​ទៅ​ទេ នោះ​មើល៍ យើង​នឹង​ចាត់​រុយ​ទាំង​ហ្វូងៗ​ឲ្យ​មក​លើ​អ្នក លើ​ពួក​នាម៉ឺន​មន្ត្រី​របស់​អ្នក និង​ប្រជា‌រាស្ត្រ​របស់​អ្នក មក​ក្នុង​ផ្ទះ​របស់​អ្នក ហើយ​ផ្ទះ​របស់​សាសន៍​អេស៊ីព្ទ​នឹង​មាន​រុយ​ពាស​ពេញ​ទាំង​អស់ ព្រម​ទាំង​ដី​ដែល​គេ​រស់​នៅ​ដែរ។ ប៉ុន្ដែ នៅ​ថ្ងៃ​នោះ យើង​នឹង​ញែក​ស្រុក​កូសែន ដែល​ប្រជា‌រាស្ត្រ​របស់​យើង​រស់​នៅ មិន​ឲ្យ​មាន​រុយ​ឡើយ ដើម្បី​ឲ្យ​អ្នក​ដឹង​ថា យើង​ជា​ព្រះ‌យេហូវ៉ា យើង​នៅ​កណ្ដាល​ផែន‌ដី​នេះ។ យើង​នឹង​ញែក ប្រជា‌រាស្ត្រ​របស់​យើង និង​ប្រជា‌រាស្ត្រ​របស់​អ្នក​ឲ្យ​ដាច់​ចេញ​ពី​គ្នា។ ទី​សម្គាល់​នេះ​នឹង​កើត​មាន​នៅ​ថ្ងៃ​ស្អែក"»។ ព្រះ‌យេហូវ៉ា​ក៏​ធ្វើ​ដូច្នោះ គឺ​មាន​រុយ​ទាំង​ហ្វូងៗ​ចូល​មក​ក្នុង​ដំណាក់​របស់​ផារ៉ោន មក​ក្នុង​ផ្ទះ​របស់​ពួក​នាម៉ឺន​មន្ត្រី និង​ពាស​ពេញ​ក្នុង​ស្រុក​អេស៊ីព្ទ​ទាំង​មូល រុយ​ទាំង​នោះ​ក៏​ធ្វើ​ឲ្យ​ស្រុក​ខូច​ខាត​អស់។ ពេល​នោះ ផារ៉ោន​ហៅ​លោក​ម៉ូសេ និង​លោក​អើរ៉ុន​មក ហើយ​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​ទៅ​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ​របស់​អ្នក​រាល់​គ្នា នៅ​ក្នុង​ស្រុក​នេះ​ចុះ»។ ប៉ុន្ដែ លោក​ម៉ូសេ​ទូល​ថា៖ «មិន​គួរ​គប្បី​នឹង​ធ្វើ​ដូច្នោះ​ទេ ដ្បិត​យញ្ញ‌បូជា​ដែល​យើង​ខ្ញុំ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ គឺ​ជា​ទី​ស្អប់​ខ្ពើម ដល់​សាសន៍​អេស៊ីព្ទ។ ប្រសិន‌បើ​យើង​ខ្ញុំ​ថ្វាយ​យញ្ញ‌បូជា នៅ​ចំពោះ​មុខ​សាសន៍​អេស៊ីព្ទ ដែល​គេ​ស្អប់​ខ្ពើម​ដូច្នេះ តើ​គេ​នឹង​មិន​ចោល​យើង​ខ្ញុំ​នឹង​ថ្ម​ទេ​ឬ? យើង​ខ្ញុំ​ត្រូវ​តែ​ធ្វើ​ដំណើរ​ចម្ងាយ​ផ្លូវ​ដើរ​បី​ថ្ងៃ ទៅ​ក្នុង​ទី‌រហា‌ស្ថាន ដើម្បី​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ ដូច​ព្រះ‌អង្គ​បង្ហាញ​ប្រាប់​យើង​ខ្ញុំ»។ ដូច្នេះ ផារ៉ោន​មាន​រាជ‌ឱង្ការ​ថា៖ «យើង​នឹង​បើក​ឲ្យ​អ្នក​រាល់​គ្នា​ចេញ​ទៅ​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​នៅ​ទី‌រហា‌ស្ថាន​បាន តែ​មិន​ត្រូវ​ទៅ​ឆ្ងាយ​ពេក​ឡើយ។ ចូរ​អធិស្ឋាន​ឲ្យ​យើង​ផង»។ ពេល​នោះ លោក​ម៉ូសេ​ទូល​តប​ថា៖ «មើល៍ ទូល‌បង្គំ​ចេញ​ពី​ព្រះ‌ករុណា​ទៅ ហើយ​ទូល​បង្គំ​នឹង​អង្វរ​ដល់​ព្រះ‌យេហូវ៉ា ដើម្បី​ឲ្យ​ហ្វូង​រុយ​ចេញ​ពី​ព្រះ‌ករុណា ពី​ពួក​នាម៉ឺន​មន្ត្រី និង​ពី​ប្រជា‌រាស្ត្រ​របស់​ព្រះ‌ករុណា​នៅ​ថ្ងៃ​ស្អែក សូម​កុំ​ឲ្យ​តែ​ព្រះ‌ករុណា​បញ្ឆោត​តទៅ​ទៀត ដោយ​មិន​បើក​ឲ្យ​យើង​ខ្ញុំ​ចេញ​ទៅ​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា​នោះ​ឡើយ»។ ដូច្នេះ លោក​ម៉ូសេ​ក៏​ចាក​ចេញ​ពី​ផារ៉ោន ហើយ​អធិស្ឋាន​ដល់​ព្រះ‌យេហូវ៉ា។ ព្រះ‌យេហូវ៉ា​ក៏បាន​ធ្វើ​តាម ដូច​លោក​ម៉ូសេ​បាន​ទូល​សូម គឺ​រុយ​ក៏​ថយ​ចេញ​ពី​ផារ៉ោន ពី​ពួក​នាម៉ឺន​មន្ត្រី និង​ពី​ប្រជា‌រាស្ត្រ​របស់​ស្ដេច ឥត​មាន​នៅ​សល់​មួយ​ឡើយ។ ប៉ុន្តែ ម្តង​នេះ​ទៀត ផារ៉ោន​ក៏​នៅ​តែ​មាន​ព្រះ‌ហឫ‌ទ័យ​រឹង​ទទឹង គឺ​ស្ដេច​មិន​ព្រម​បើក​ឲ្យ​បណ្ដា‌ជន​ចេញ​ទៅ​ឡើយ។

ចែក​រំលែក
អាន និក្ខមនំ 8

និក្ខមនំ 8:1-32 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ទៅ​ជួប​ស្ដេច​ផារ៉ោន ហើយ​ប្រាប់​ដូច​ត​ទៅ: ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា “ចូរ​បើក​ឲ្យ​ប្រជា‌រាស្ត្រ​របស់​យើង​ចេញ​ទៅ​គោរព​បម្រើ​យើង។ ប្រសិន​បើ​អ្នក​បដិសេធ យើង​នឹង​ប្រើ​កង្កែប​ឲ្យ​មក​បំផ្លាញ​ទឹក​ដី​របស់​អ្នក។ កង្កែប​នឹង​កើត​ពេញ​ទន្លេ​នីល វា​នឹង​លោត​ចូល​ទៅ​ក្នុង​វាំង ក្នុង​បន្ទប់ ហើយ​ក្នុង​ក្រឡា‌បន្ទំ​របស់​អ្នក​ទៀត​ផង។ កង្កែប​ទាំង​នោះ​នឹង​លោត​ចូល​ទៅ​ក្នុង​ផ្ទះ​នាម៉ឺន​សព្វ​មុខ​មន្ត្រី និង​ផ្ទះ​ប្រជា‌រាស្ត្រ​របស់​អ្នក ព្រម​ទាំង​ចូល​ទៅ​ក្នុង​ចង្ក្រាន និង​ផើង​ម្សៅ។ វា​នឹង​លោត​ឡើង​លើ​រូប​កាយ​អ្នក រូប​កាយ​នាម៉ឺន​មន្ត្រី និង​លើ​រូប​កាយ​ប្រជា‌រាស្ដ្រ​របស់​អ្នក​ទៀត​ផង”»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ទៀត​ថា៖ «ចូរ​ប្រាប់​អើរ៉ុន​ថា: “សូម​បង​លើក​ដំបង​វាយ​ទឹក​ទន្លេ ព្រែក និង​ត្រពាំង ដើម្បី​ឲ្យ​កង្កែប​ឡើង​មក​រាត​ត្បាត​ស្រុក​អេស៊ីប”»។ លោក​អើរ៉ុន​លាត​ដៃ​សន្ធឹង​ទៅ​លើ​ទឹក​នៅ​ស្រុក​អេស៊ីប នោះ​កង្កែប​ក៏​លោត​ចេញ​មក​រាត​ត្បាត​ស្រុក​អេស៊ីប។ ប៉ុន្តែ គ្រូ​ធ្មប់​ជាតិ​អេស៊ីប​ក៏​ប្រើ​មន្ត‌អាគម​ធ្វើ​បាន​ដូច​គ្នា គឺ​ឲ្យ​កង្កែប​ចេញ​មក​រាត​ត្បាត​ស្រុក​អេស៊ីប។ ព្រះចៅ​ផារ៉ោន​ហៅ​លោក​ម៉ូសេ និង​លោក​អើរ៉ុន​មក ហើយ​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​អង្វរ​ព្រះ‌អម្ចាស់​ឲ្យ​យក​កង្កែប​ចេញ​ពី​យើង និង​ប្រជា‌រាស្ដ្រ​របស់​យើង​ទៅ យើង​នឹង​បើក​ឲ្យ​ប្រជា‌ជន​របស់​អ្នក ចេញ​ទៅ​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌អម្ចាស់!»។ លោក​ម៉ូសេ​ទូល​ព្រះចៅ​ផារ៉ោន​ថា៖ «សូម​ព្រះ‌ករុណា​មេត្តា​កំណត់​ពេល​វេលា ដែល​ទូលបង្គំ​ត្រូវ​អង្វរ​ព្រះ‌អម្ចាស់​សម្រាប់​ព្រះ‌ករុណា សម្រាប់​នាម៉ឺន​មន្ត្រី និង​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌ករុណា ដើម្បី​បំបាត់​កង្កែប​ចេញ​ពី​ព្រះ‌ករុណា និង​ចេញ​ពី​ដំណាក់​របស់​ព្រះ‌ករុណា គឺ​ទុក​ឲ្យ​នៅ​សល់​តែ​ក្នុង​ទន្លេ​នីល​ប៉ុណ្ណោះ»។ ព្រះចៅ​ផារ៉ោន​ពោល​ថា៖ «ថ្ងៃ​ស្អែក»។ លោក​ម៉ូសេ​ឆ្លើយ​ថា៖ «ទូលបង្គំ​នឹង​ធ្វើ​តាម​ព្រះ​រាជ‌ឱង្ការ ដើម្បី​ឲ្យ​ព្រះ‌ករុណា​ទទួល​ស្គាល់​ថា គ្មាន​ព្រះ​ឯ​ណា​ដូច​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង​ខ្ញុំ​ឡើយ។ កង្កែប​ចេញ​ពី​ព្រះ‌ករុណា និង​ចេញ​ពី​ដំណាក់​របស់​ព្រះ‌ករុណា ពី​នាម៉ឺន​មន្ត្រី និង​ពី​ប្រជា‌រាស្ត្រ​របស់​ព្រះ‌ករុណា គឺ​ទុក​ឲ្យ​នៅ​សល់​តែ​ក្នុង​ទន្លេ​នីល​ប៉ុណ្ណោះ»។ បន្ទាប់​មក លោក​ម៉ូសេ និង​លោក​អើរ៉ុន​ចាក​ចេញ​ពី​ព្រះចៅ​ផារ៉ោន ហើយ​លោក​ម៉ូសេ​ស្រែក​អង្វរ​ព្រះ‌អម្ចាស់ សូម​ព្រះអង្គ​ដក​កង្កែប​ដែល​ព្រះអង្គ​នាំ​មក​ធ្វើ​ទុក្ខ​ស្ដេច​ផារ៉ោន។ ព្រះ‌អម្ចាស់​ក៏​ធ្វើ​តាម​ពាក្យ​អង្វរ​របស់​លោក​ម៉ូសេ គឺ​កង្កែប​បាន​ងាប់​នៅ​ក្នុង​ផ្ទះ នៅ​តាម​ភូមិ និង​នៅ​តាម​ស្រែ​ចម្ការ។ គេ​ប្រមូល​ខ្មោច​កង្កែប​គរ​ជា​គំនរ ហើយ​មាន​ក្លិន​ស្អុយ​ពាស‌ពេញ​ស្រុក។ ពេល​ឃើញ​កង្កែប​ងាប់​អស់​ហើយ​នោះ ព្រះចៅ​ផារ៉ោន​មាន​ព្រះ‌ហឫទ័យ​មានះ មិន​ព្រម​ស្ដាប់​លោក​ម៉ូសេ និង​លោក​អើរ៉ុន ដូច​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទុក​ស្រាប់។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ប្រាប់​អើរ៉ុន​ថា: សូម​បង​លើក​ដំបង​វាយ​ធូលី​ដី នោះ​ធូលី​ដី​នឹង​ក្លាយ​ទៅ​ជា​មូស នៅ​ពាស‌ពេញ​ស្រុក​អេស៊ីប»។ លោក​ទាំង​ពីរ​ក៏​ធ្វើ​តាម​ព្រះ‌បន្ទូល គឺ​លោក​អើរ៉ុន​លើក​ដំបង​វាយ​ធូលី​ដី នោះ​ដី​ក៏​ក្លាយ​ទៅ​ជា​មូស មក​រោម​មនុស្ស និង​សត្វ នៅ​ស្រុក​អេស៊ីប​ទាំង​មូល។ ពួក​គ្រូ​ធ្មប់​ក៏​ប្រើ​មន្ត‌អាគម ដើម្បី​បង្កើត​មូស​ដែរ តែ​ពួក​គេ​ធ្វើ​ពុំ​បាន​ទេ។ មូស​នៅ​តែ​រោម​មនុស្ស និង​សត្វ​ដដែល។ ពេល​នោះ ពួក​គ្រូ​ធ្មប់​ទូល​ព្រះចៅ​ផារ៉ោន​ថា៖ «ការ​នេះ​កើត​មក​ពី​ព្រះ‌ជាម្ចាស់»។ ប៉ុន្តែ ព្រះចៅ​ផារ៉ោន​នៅ​តែ​មាន​ព្រះ‌ហឫទ័យ​មានះ មិន​ព្រម​ស្ដាប់​លោក​ម៉ូសេ និង​លោក​អើរ៉ុន ដូច​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទុក​ស្រាប់។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ព្រឹក​ស្អែក ចូរ​ក្រោក​ពី​ព្រលឹម​ទៅ​ជួប​ស្ដេច​ផារ៉ោន នៅ​ពេល​ស្ដេច​ចុះ​ទៅ​ទន្លេ ហើយ​ទូល​ស្ដេច​ដូច​ត​ទៅ “ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: ចូរ​បើក​ឲ្យ​ប្រជា‌រាស្ត្រ​របស់​យើង​ចេញ​ទៅ​គោរព​បម្រើ​យើង។ ប្រសិន​បើ​អ្នក​មិន​បើក​ឲ្យ​ពួក​គេ​ចេញ​ទៅ​ទេ យើង​នឹង​ប្រើ​រុយ​ឲ្យ​មក​ខាំ​អ្នក ព្រម​ទាំង​នាម៉ឺន​មន្ត្រី និង​ប្រជា‌រាស្ត្រ​របស់​អ្នក។ ក្នុង​ផ្ទះ​របស់​ជន‌ជាតិ​អេស៊ីប​ទាំង​អស់​មាន​រុយ​ពាស‌ពេញ ហើយ​ទឹក​ដី​របស់​គេ​ក៏​មាន​រុយ​ដែរ។ ប៉ុន្តែ នៅ​ថ្ងៃ​នោះ យើង​មិន​ឲ្យ​មាន​រុយ​ក្នុង​តំបន់​កូសែន ដែល​ប្រជា‌រាស្ត្រ​របស់​យើង​រស់​នៅ​ទេ ដើម្បី​ឲ្យ​អ្នក​ទទួល​ស្គាល់​ថា យើង​ជា​ព្រះ‌អម្ចាស់ យើង​ស្ថិត​នៅ​ក្នុង​ស្រុក​នេះ។ យើង​មិន​បណ្តោយ​ឲ្យ​ប្រជា‌រាស្ដ្រ​របស់​យើង រង​គ្រោះ​ដោយ‌សារ​រុយ​ជា​មួយ​ប្រជា‌រាស្ដ្រ​របស់​អ្នក​ទេ ទី​សម្គាល់​នេះ​នឹង​កើត​មាន​នៅ​ថ្ងៃ​ស្អែក”»។ ព្រះ‌អម្ចាស់​ធ្វើ​តាម​ព្រះ‌បន្ទូល គឺ​មាន​រុយ​យ៉ាង​សន្ធឹក​សន្ធាប់ ហើរ​ចូល​ទៅ​ក្នុង​វាំង​របស់​ស្ដេច​ផារ៉ោន ក្នុង​ផ្ទះ​របស់​នាម៉ឺន​មន្ត្រី និង​ក្នុង​ស្រុក​អេស៊ីប​ទាំង​មូល។ រុយ​ទាំង​នោះ​រាត​ត្បាត​ពាស‌ពេញ​ទឹក​ដី។ ព្រះចៅ​ផារ៉ោន​ហៅ​លោក​ម៉ូសេ និង​លោក​អើរ៉ុន ហើយ​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​ធ្វើ​យញ្ញ‌បូជា​ថ្វាយ​ព្រះ​របស់​អ្នក​រាល់​គ្នា នៅ​ក្នុង​ស្រុក​នេះ​ចុះ»។ ប៉ុន្តែ លោក​ម៉ូសេ​ទូល​ថា៖ «ធ្វើ​បែប​នេះ​មិន​បាន​ទេ! ដ្បិត​យើង​ខ្ញុំ​យក​សត្វ​ធ្វើ​យញ្ញ‌បូជា​ថ្វាយ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​យើង​ខ្ញុំ​ដូច្នេះ ជា​អំពើ​ដែល​ជន‌ជាតិ​អេស៊ីប​ស្អប់​ខ្ពើម។ ប្រសិន​បើ​ពួក​គេ​ឃើញ​យើង​ខ្ញុំ​យក​សត្វ​ទៅ​ធ្វើ​យញ្ញ‌បូជា គឺ​ជា​អំពើ​ដែល​គេ​ស្អប់​ខ្ពើម នោះ​ពួក​គេ​មុខ​ជា​យក​ដុំ​ថ្ម​គប់​សម្លាប់​យើង​ខ្ញុំ​មិន​ខាន។ យើង​ខ្ញុំ​ត្រូវ​តែ​ធ្វើ​ដំណើរ​ទៅ​វាល​រហោ‌ស្ថាន ចម្ងាយ​ផ្លូវ​ដើរ​បី​ថ្ងៃ ដើម្បី​ធ្វើ​យញ្ញ‌បូជា​ថ្វាយ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង​ខ្ញុំ តាម​របៀប​ដែល​ព្រះអង្គ​នឹង​បង្ហាញ​ប្រាប់​យើង​ខ្ញុំ»។ ព្រះចៅ​ផារ៉ោន​មាន​រាជ‌ឱង្ការ​ថា៖ «យើង​អនុ‌ញ្ញាត​ឲ្យ​អ្នក​រាល់​គ្នា​ចេញ​ទៅ​ធ្វើ​យញ្ញ‌បូជា ថ្វាយ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា នៅ​វាល​រហោ‌ស្ថាន​បាន ប៉ុន្តែ កុំ​ទៅ​ឆ្ងាយ​ពេក។ ចូរ​ទូល‌អង្វរ​ព្រះអង្គ​ឲ្យ​យើង​ផង»។ លោក​ម៉ូសេ​តប​ថា៖ «ពេល​ចាក​ចេញ​ពី​ព្រះ‌ករុណា​ទៅ ទូលបង្គំ​នឹង​ទូល‌អង្វរ​ព្រះ‌អម្ចាស់។ ស្អែក​រុយ​នឹង​ចាក​ចេញ​ពី​ព្រះ‌ករុណា ពី​នាម៉ឺន​មន្ត្រី និង​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌ករុណា​ទៀត​ផង។ ប៉ុន្តែ សូម​ព្រះ‌ករុណា​ឈប់​បញ្ឆោត​យើង​ខ្ញុំ​ទៀត​ទៅ គឺ​កុំ​ហាម​ប្រជា‌ជន​របស់​យើង​ខ្ញុំ​ចេញ​ទៅ​ធ្វើ​យញ្ញ‌បូជា ថ្វាយ​ព្រះ‌អម្ចាស់​ឡើយ»។ លោក​ម៉ូសេ​ចាក​ចេញ​ពី​ព្រះចៅ​ផារ៉ោន ហើយ​ទូល‌អង្វរ​ព្រះ‌អម្ចាស់។ ព្រះ‌អម្ចាស់​ធ្វើ​តាម​ពាក្យ​អង្វរ​របស់​លោក​ម៉ូសេ គឺ​ព្រះអង្គ​បំបាត់​រុយ​ទាំង​អស់​ចេញ​ពី​នាម៉ឺន​មន្ត្រី និង​ប្រជា‌រាស្ត្រ​របស់​ស្ដេច ឥត​មាន​ទុក​ឲ្យ​នៅ​សល់​មួយ​ឡើយ។ ប៉ុន្តែ ម្ដង​នេះ​ទៀត ព្រះចៅ​ផារ៉ោន​មាន​ព្រះ‌ហឫទ័យ​មានះ មិន​ព្រម​បើក​ឲ្យ​ប្រជា‌ជន​អ៊ីស្រា‌អែល​ចេញ​ទៅ​ទេ។

ចែក​រំលែក
អាន និក្ខមនំ 8

និក្ខមនំ 8:1-32 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នោះ​ទើប​ព្រះ‌យេហូវ៉ា​មាន​បន្ទូល​នឹង​ម៉ូសេឲ្យ​ចូល​ទៅ​ឯ​ផារ៉ោន​ទូល​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ ចូរ​បើក​ឲ្យ​រាស្ត្រ​អញ​ចេញ​ទៅ​ថ្វាយ‌បង្គំ​អញ បើ​មិន​ព្រម​ឲ្យ​គេ​ទៅ​ទេ នោះ​មើល អញ​នឹង​ធ្វើ​ឲ្យ​កើត​មាន​កង្កែប នៅ​ពេញ‌ពាស​ក្នុង​អស់​ទាំង​ព្រំ​ស្រុក​របស់​ឯង នោះ​ទន្លេ​នឹង​មាន​ពេញ​សុទ្ធ​តែ​កង្កែប​វារ​រវើក​ឡើង វា​នឹង​លោត​ចូល​ទៅ​ក្នុង​ផ្ទះ​ឯង គឺ​នៅ​ក្នុង​បន្ទប់​ដេក​លើ​គ្រែ ហើយ​ក្នុង​ផ្ទះ​ពួក​បំរើ នឹង​ពួក​រាស្ត្រ​ឯង ព្រម​ទាំង​នៅ​ក្នុង​ជើង‌ក្រាន នឹង​ស្នាច​លាយ​ម្សៅ​របស់​ឯង​ផង កង្កែប​ទាំង​នោះ​នឹង​លោត​លើ​ឯង លើ​រាស្ត្រ ហើយ​លើ​ពួក​បំរើ​របស់​ឯង​ទាំង​អស់​គ្នា​ដែរ។ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ម៉ូសេ​ឲ្យ​ប្រាប់​អើរ៉ុន​ថា ចូរ​ឲ្យ​បង​កាន់​ដំបង​លើក​ទៅ​លើ​អស់​ទាំង​ទន្លេ ព្រែក ហើយ​នឹង​បឹង ធ្វើ​ឲ្យ​មាន​កង្កែប​ឡើង​មក​លើ​ស្រុក​អេស៊ីព្ទ អើរ៉ុន​ក៏​លើក​ដៃ​ទៅ​លើ​ទឹក​នៃ​ស្រុក​អេស៊ីព្ទ​ទាំង​ប៉ុន្មាន នោះ​ក៏​មាន​កង្កែប​ឡើង​មក​គ្រប​ពេញ​ក្នុង​ស្រុក​អេស៊ីព្ទ ឯ​ពួក​គ្រូ​ក៏​ធ្វើ​ដូច្នោះ​ដោយ​របៀន​របស់​គេ​ដែរ គេ​បាន​ធ្វើ​ឲ្យ​មាន​កង្កែប​ឡើង​មក​លើ​ស្រុក​អេស៊ីព្ទ​ដូច​គ្នា។ នោះ​ផារ៉ោន​ទ្រង់​ហៅ​ម៉ូសេ នឹង​អើរ៉ុន​មក​មាន​បន្ទូល​ថា សូម​ឲ្យ​អង្វរ​ដល់​ព្រះ‌យេហូវ៉ា ឲ្យ​ទ្រង់​បន្ថយ​កង្កែប​ចេញ​ពី​អញ ហើយ​ពី​រាស្ត្រ​អញ​ទៅ នោះ​អញ​នឹង​ឲ្យ​ពួក​ឯង​ចេញ​ទៅ​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា ម៉ូសេ​ក៏​ទូល​ផារ៉ោន​ថា ទ្រង់​មាន​អំណាច​ស្រាប់​ហើយ ដូច្នេះ សូម​បង្គាប់​ទូលបង្គំ​ចុះ តើ​ចង់​ឲ្យ​ទូលបង្គំ​អង្វរ​ជំនួស​ទ្រង់ នឹង​ពួក​មហា‌តលិក ហើយ​នឹង​រាស្ត្រ​ទ្រង់​ក្នុង​ពេល​ណា ដើម្បី​ឲ្យ​កង្កែប​បាន​ត្រូវ​វិនាស​ចេញ​ពី​ចំពោះ​ទ្រង់ នឹង​ពួក​ដំណាក់​ទ្រង់​ទៅ ឲ្យ​មាន​តែ​នៅ​ក្នុង​ទន្លេ​វិញ នោះ​ទ្រង់​មាន​បន្ទូល​ឆ្លើយ​ថា ថ្ងៃ​ស្អែក​ចុះ រួច​លោក​ទូល​ថា សូម​តាម​ព្រះ‌បន្ទូល​ទ្រង់​ចុះ ដើម្បី​ឲ្យ​ទ្រង់​បាន​ជ្រាប​ថា គ្មាន​អ្នក​ឯ​ណា​ឡើយ ដែល​ស្មើ​នឹង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​រាល់​គ្នា នោះ​កង្កែប​នឹង​ថយ​ចេញ​ពី​ទ្រង់ ពី​ដំណាក់​ទ្រង់ ពី​ពួក​មហា‌តលិក ហើយ​ពី​រាស្ត្រ​ទ្រង់​ទៅ នឹង​មាន​សល់​នៅ​តែ​ក្នុង​ទន្លេ​ប៉ុណ្ណោះ ម៉ូសេ​នឹង​អើរ៉ុន​ក៏​ចេញ​ពី​ផារ៉ោន​ទៅ រួច​ម៉ូសេ​បាន​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា​អំពី​រឿង​កង្កែប ដែល​ទ្រង់​បាន​នាំ​មក​លើ​ផារ៉ោន​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ធ្វើ​សំរេច​តាម​ពាក្យ​ម៉ូសេ នោះ​កង្កែប​ក៏​ស្លាប់​អន្តរ‌ធាន​នៅ​ក្នុង​ផ្ទះ នឹង​ក្នុង​ភូមិ ហើយ​នៅ​ចំការ​ផង គេ​ប្រមូល​គរ​ឡើង​ជា​គំនរ រួច​ក្នុង​ស្រុក​ក៏​ធុំ​ក្លិន​ស្អុយ​ពេញ តែ​កាល​ផារ៉ោន​ឃើញ​ថា​បាន​ធូរ​ស្បើយ​ហើយ នោះ​ទ្រង់​តាំង​ព្រះ‌ទ័យ​រឹង‌ទទឹង​ទៀត ហើយ​មិន​ព្រម​ស្តាប់​តាម​ម៉ូសេ​នឹង​អើរ៉ុន​ឡើយ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​មាន​បន្ទូល​មក។ រួច​ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ម៉ូសេ ឲ្យ​ប្រាប់​អើរ៉ុន​ថា ចូរ​បង​លើក​ដំបង​វាយ​ធូលី​ដី​ទៅ ដើម្បី​ឲ្យ​បាន​ត្រឡប់​ជា​ចៃ​នៅ​ពេញ​ក្នុង​ស្រុក​អេស៊ីព្ទ នោះ​ក៏​ធ្វើ​ដូច្នោះ អើរ៉ុន​កាន់​ដំបង​លើក​វាយ​ធូលី​ដី ហើយ​កើត​មាន​ចៃ​នៅ​លើ​មនុស្ស​ហើយ​នឹង​សត្វ ធូលី​ដី​ទាំង​អស់​ក៏​ទៅ​ជា​ចៃ​ពេញ​ក្នុង​ស្រុក​អេស៊ីព្ទ ឯ​ពួក​គ្រូ​ក៏​ខំ​ធ្វើ​ដូច្នោះ​ដោយ​របៀន​របស់​គេ​ដែរ ដើម្បី​នឹង​បង្កើត​ចៃ តែ​ធ្វើ​មិន​កើត​ឡើយ ចៃ​ទាំង​នោះ​នៅ​លើ​មនុស្ស ហើយ​នឹង​សត្វ​ផង នោះ​ពួក​គ្រូ​គេ​ទូល​ផារ៉ោន​ថា នេះ​គឺ​ជា​អង្គុលី​ព្រះ‌ហស្ត​របស់​ព្រះ​ទេ តែ​ផារ៉ោន​មាន​ព្រះ‌ទ័យ​រឹង‌ទទឹង មិន​ព្រម​ស្តាប់​គេ​សោះ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​មាន​បន្ទូល​ទុក។ រួច​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​ម៉ូសេ​ថា ចូរ​ក្រោក​ពី​ព្រលឹម​ទៅ​ឈរ​នៅ​មុខ​ផារ៉ោន មើល ទ្រង់​នឹង​ចេញ​ទៅ​ឯ​មាត់​ទឹក នោះ​ត្រូវ​ឲ្យ​ឯង​ទូល​ទ្រង់​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ ចូរ​ឲ្យ​រាស្ត្រ​អញ​ចេញ​ទៅ​ថ្វាយ‌បង្គំ​អញ​ចុះ បើ​មិន​ព្រម​ឲ្យ​គេ​ចេញ​ទៅ​ទេ នោះ​មើល​អញ​នឹង​ចាត់​រុយ​ទាំង​ហ្វូងៗ​ឲ្យ​មក​លើ​ឯង លើ​ពួក​បំរើ​ឯង ពួក​រាស្ត្រ​ឯង ហើយ​នៅ​ក្នុង​ផ្ទះ​ទាំង​ប៉ុន្មាន​របស់​ឯង​រាល់​គ្នា​ផង បណ្តា​ផ្ទះ​នៃ​ពួក​សាសន៍​អេស៊ីព្ទ​នឹង​បាន​ពេញ​ដោយ​រុយ​ទាំង​អស់ ព្រម​ទាំង​ដី​ដែល​គេ​អាស្រ័យ​នៅ​ដែរ តែ​នៅ​ថ្ងៃ​នោះ អញ​នឹង​ញែក​ស្រុក​កូសែន​ដែល​រាស្ត្រ​អញ​នៅ​មិន​ឲ្យ​មាន​រុយ​ឡើយ ដើម្បី​ឲ្យ​ឯង​ដឹង​ថា អញ​ជា​ព្រះ‌យេហូវ៉ា​ដ៏​នៅ​កណ្តាល​ផែនដី​នេះ អញ​នឹង​ផ្តាច់​រាស្ត្រ​អញ នឹង​រាស្ត្រ​ឯង​ឲ្យ​ដាច់​ចេញ​ពី​គ្នា ឯ​ទី​សំគាល់​នេះ​នឹង​កើត​ឡើង​នៅ​វេលា​ថ្ងៃ​ស្អែក ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ធ្វើ​ដូច្នោះ​មាន​រុយ​ទាំង​ហ្វូង ដែល​នាំ​ឲ្យ​វេទនា​ចិត្ត មក​ក្នុង​ដំណាក់​ផារ៉ោន ក្នុង​ផ្ទះ​ពួក​មហា‌តលិក​ទ្រង់ ហើយ​ពេញ​ក្នុង​ស្រុក​អេស៊ីព្ទ​ផង រុយ​ទាំង​នោះ​ក៏​ធ្វើ​ឲ្យ​ស្រុក​ខូច​ខាត​ទៅ។ នោះ​ផារ៉ោន ទ្រង់​ហៅ​ម៉ូសេ នឹង​អើរ៉ុន​មក​ប្រាប់​ថា ចូរ​ឯង​រាល់​គ្នា​ទៅ​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ​នៃ​ឯង នៅ​ក្នុង​ស្រុក​នេះ​ចុះ តែ​ម៉ូសេ​ប្រកែក​ថា មិន​គួរ​គប្បី​នឹង​ធ្វើ​ដូច្នោះ​ទេ បើ​ធ្វើ​យ៉ាង​នោះ ឈ្មោះ​ថា​យើង​ខ្ញុំ​នឹង​ថ្វាយ‌បង្គំ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ ដោយ​យញ្ញ‌បូជា​ដែល​ជា​ទី​ស្អប់​ខ្ពើមដល់​សាសន៍​អេស៊ីព្ទ​ហើយ ចុះ​បើ​យើង​ខ្ញុំ​ធ្វើ​យញ្ញ‌បូជា​នៅ​ចំពោះ​មុខ​សាសន៍​អេស៊ីព្ទ ដែល​គេ​ស្អប់​ខ្ពើម​ដូច្នេះ នោះ​តើ​គេ​មិន​ចោល​យើង​ខ្ញុំ​នឹង​ថ្ម​ទេ​ឬ​អី យើង​ខ្ញុំ​នឹង​ដើរ​ផ្លូវ​ចំនួន​៣​ថ្ងៃ​ទៅ​ក្នុង​ទី​រហាស្ថាន​វិញ ដើម្បី​នឹង​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ តាម​បង្គាប់​របស់​ទ្រង់ នោះ​ផារ៉ោន​ទ្រង់​មាន​បន្ទូល​ថា អញ​នឹង​បើក​ឲ្យ​ឯង​រាល់​គ្នា ចេញ​ទៅ​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​នៅ​ទី​វាល​រហាស្ថាន​បាន តែ​កុំ​ឲ្យ​ទៅ​ឆ្ងាយ​ពេក ចូរ​សូម​អង្វរ​ឲ្យ​អញ​ផង ម៉ូសេ​ទូល​តប​ថា មើល ទូលបង្គំ​នឹង​ចេញ​ពី​ទ្រង់​ទៅ​សូម​អង្វរ​ដល់​ព្រះ‌យេហូវ៉ា​ឲ្យ​រុយ​បាន​ថយ​ចេញ​ពី​ទ្រង់ ពី​ពួក​មហា‌តលិក ហើយ​ពី​រាស្ត្រ​របស់​ទ្រង់​នៅ​ពេល​ថ្ងៃ​ស្អែក ប៉ុន្តែ​សូម​កុំ​ឲ្យ​តែ​ទ្រង់​បញ្ឆោត​ទៀត ដើម្បី​នឹង​ឃាត់​បណ្តាជន​មិន​ឲ្យ​គេ​ចេញ​ទៅ​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា​នោះ​ឡើយ រួច​ម៉ូសេ​ក៏​ចេញ​ពី​ផារ៉ោន​ទៅ​ទូល​អង្វរ​ដល់​ព្រះ‌យេហូវ៉ា ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ស្តាប់​តាម រុយ​ក៏​ថយ​ចេញ​ពី​ផារ៉ោន ពី​ពួក​មហា‌តលិក ហើយ​ពី​រាស្ត្រ​ទ្រង់​ទៅ គ្មាន​នៅ​សល់​១​សោះ ប៉ុន្តែ​ផារ៉ោន ទ្រង់​តាំង​ព្រះ‌ទ័យ​រឹង‌ទទឹង​ឡើង​វិញ​ម្តង​នេះ​ទៀត គឺ​ទ្រង់​មិន​ព្រម​បើក​ឲ្យ​បណ្តាជន​ចេញ​ទៅ​ឡើយ។

ចែក​រំលែក
អាន និក្ខមនំ 8