និក្ខមនំ 7:8-25
និក្ខមនំ 7:8-25 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេ និងលោកអើរ៉ុនថា៖ «កាលណាផារ៉ោននិយាយមកអ្នកថា "ចូរសម្តែងបាដិហារិយ៍មកមើល" នោះអ្នកត្រូវប្រាប់អើរ៉ុនថា "ចូរយកដំបងរបស់បងបោះទៅខាងមុខផារ៉ោន ដើម្បីឲ្យដំបងនោះក្លាយទៅជាសត្វពស់"»។ លោកម៉ូសេ និងលោកអើរ៉ុនក៏ចូលទៅគាល់ផារ៉ោន ហើយបានធ្វើតាមសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់។ លោកអើរ៉ុនបោះដំបងរបស់លោកទៅខាងមុខផារ៉ោន និងពួកមហាតលិករបស់ស្ដេច ហើយដំបងក៏ត្រឡប់ជាសត្វពស់។ ប៉ុន្តែ ផារ៉ោនកោះហៅពួកអ្នកប្រាជ្ញ និងពួកគ្រូធ្មប់មក ឯពួកគ្រូនៅស្រុកអេស៊ីព្ទទាំងនោះ ក៏ធ្វើដូច្នោះដោយប្រើមន្តអាគមរបស់គេដែរ។ គេបានបោះដំបងរបស់គេរៀងខ្លួន ហើយដំបងទាំងនោះក៏ក្លាយទៅជាពស់ តែដំបងរបស់លោកអើរ៉ុនបានលេបដំបងរបស់អ្នកទាំងនោះអស់។ ផារ៉ោននៅតែមានព្រះហឫទ័យរឹងទទឹង មិនព្រមស្តាប់ពួកលោកទេ ដូចព្រះយេហូវ៉ាបានមានព្រះបន្ទូលទុកស្រាប់។ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ផារ៉ោនមានចិត្តរឹងរូស មិនព្រមបើកឲ្យបណ្ដាជនចេញទៅទេ។ ចូរទៅជួបផារ៉ោននៅពេលព្រឹក ពេលស្តេចចេញទៅមាត់ទឹក ចូរឈរនៅមាត់ទន្លេដើម្បីជួបស្ដេច ហើយកាន់ដំបងដែលបានប្រែទៅជាពស់នោះទៅជាមួយផង។ ត្រូវទូលស្ដេចថា "ព្រះយេហូវ៉ា ជាព្រះរបស់សាសន៍ហេព្រើរ បានចាត់ទូលបង្គំមកឲ្យទូលព្រះកុរណាថា ចូរបើកឲ្យប្រជារាស្ត្ររបស់យើងចេញទៅ ដើម្បីឲ្យគេបានថ្វាយបង្គំយើងនៅទីរហោស្ថាន។ ប៉ុន្ដែ រហូតមកទល់ពេលនេះ ព្រះករុណាមិនព្រមស្តាប់ទេ"។ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា "ដោយសារការនេះ អ្នកនឹងដឹងថា យើងជាព្រះយេហូវ៉ា"។ "មើល៍ ទូលបង្គំនឹងវាយទឹកទន្លេនីលដោយដំបងនៅដៃទូលបង្គំនេះ ហើយទឹកនេះនឹងក្លាយទៅជាឈាម។ ត្រីនៅក្នុងទន្លេនីលនឹងងាប់អស់ ទឹកទន្លេនឹងធុំក្លិនស្អុយ ហើយសាសន៍អេស៊ីព្ទនឹងមិនអាចផឹកទឹកពីទន្លេនេះបានឡើយ"»។ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរប្រាប់អើរ៉ុនថា "ចូរយកដំបងរបស់បង ហើយលើកដៃទៅលើទឹកទាំងប៉ុន្មានរបស់ស្រុកអេស៊ីព្ទ គឺទៅលើទន្លេ ព្រែក បឹង និងស្រះរបស់គេទាំងប៉ុន្មាន ដើម្បីឲ្យទឹកទាំងនោះក្លាយទៅជាឈាម ហើយឈាមនឹងមានពាសពេញក្នុងស្រុកអេស៊ីព្ទ សូម្បីតែនៅក្នុងធុងឈើ និងនៅក្នុងពាងថ្មក៏មានឈាមដែរ"»។ លោកម៉ូសេ និងលោកអើរ៉ុនក៏ធ្វើដូចព្រះយេហូវ៉ាបានបង្គាប់។ លោកលើកដំបងវាយទឹកទន្លេនីលនៅមុខផារ៉ោន និងពួកមហាតលិក ហើយទឹកទាំងប៉ុន្មាននៅក្នុងទន្លេនីលក៏ក្លាយទៅជាឈាម ត្រីនៅក្នុងទន្លេងាប់អស់ ទឹកទន្លេក៏ធុំក្លិនស្អុយ ហើយសាសន៍អេស៊ីព្ទមិនអាចផឹកទឹកទន្លេបានឡើយ ក៏មានឈាមពាសពេញក្នុងស្រុកអេស៊ីព្ទទាំងមូល។ ពួកគ្រូនៅស្រុកអេស៊ីព្ទក៏ធ្វើដូច្នោះ ដោយប្រើមន្តអាគមរបស់គេ។ ដូច្នេះ ផារ៉ោននៅតែមានព្រះហឫទ័យរឹងទទឹង មិនព្រមស្តាប់លោកទាំងពីរឡើយ ដូចព្រះយេហូវ៉ាបានមានព្រះបន្ទូលទុកស្រាប់។ ផារ៉ោនវិលចូលទៅក្នុងដំណាក់របស់ខ្លួនវិញ មិនបានយកចិត្តទុកដាក់នឹងការទាំងនោះឡើយ។ សាសន៍អេស៊ីព្ទទាំងអស់នាំគ្នាជីកអណ្តូងនៅតាមមាត់ទន្លេនីល ដើម្បីរកទឹកផឹក ដ្បិតគេមិនអាចផឹកទឹកទន្លេបានឡើយ។ ក្រោយពីព្រះយេហូវ៉ាបានវាយទឹកទន្លេនីលហើយ នោះប្រាំពីរថ្ងៃក៏បានកន្លងផុតទៅ។
និក្ខមនំ 7:8-25 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលទៅលោកម៉ូសេ និងលោកអើរ៉ុនថា៖ «ប្រសិនបើស្ដេចផារ៉ោនទាមទារឲ្យអ្នកសម្តែងបាដិហារិយ៍នោះ ត្រូវប្រាប់អើរ៉ុនថា “ចូរយកដំបងរបស់បង បោះទៅខាងមុខស្ដេចផារ៉ោន” ដំបងនោះនឹងក្លាយទៅជាពស់»។ លោកម៉ូសេ និងលោកអើរ៉ុនក៏ទៅគាល់ព្រះចៅផារ៉ោន ហើយធ្វើតាមសេចក្ដីដែលព្រះអម្ចាស់បានបង្គាប់មកពួកលោក។ លោកអើរ៉ុនបោះដំបងនៅមុខព្រះចៅផារ៉ោន និងពួកមន្ត្រី ហើយដំបងក៏ក្លាយទៅជាពស់។ ប៉ុន្តែ ព្រះចៅផារ៉ោនហៅពួកអ្នកប្រាជ្ញ និងពួកគ្រូធ្មប់របស់ស្រុកអេស៊ីបមក ហើយពួកគេក៏ប្រើមន្តអាគម ធ្វើបានដូចគ្នា។ ពួកគេម្នាក់ៗបោះដំបងរបស់ខ្លួន ហើយដំបងទាំងនោះក្លាយជាពស់ ប៉ុន្តែ ដំបងរបស់លោកអើរ៉ុនបានលេបដំបងរបស់ពួកគេអស់។ ព្រះចៅផារ៉ោននៅតែមានព្រះហឫទ័យរឹងចចេស ដូចព្រះអម្ចាស់មានព្រះបន្ទូលទុកស្រាប់ គឺស្ដេចមិនព្រមស្ដាប់លោកម៉ូសេ និងលោកអើរ៉ុនទេ។ បន្ទាប់មក ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ស្ដេចផារ៉ោនមានះណាស់ ហើយមិនអនុញ្ញាតឲ្យប្រជាជនចេញទៅទេ។ ដូច្នេះ ព្រឹកឡើង ចូរអ្នកទៅជួបស្ដេចផារ៉ោន នៅពេលស្ដេចចុះទៅមាត់ទន្លេនីល។ ចូរកាន់ដំបងដែលបានក្លាយជាពស់នោះទៅជាមួយផង។ ចូរប្រាប់ស្ដេចផារ៉ោនថា: ព្រះអម្ចាស់ ជាព្រះនៃជនជាតិហេប្រឺ ចាត់ទូលបង្គំឲ្យមកទូលព្រះករុណាថា “ចូរបើកឲ្យប្រជារាស្ដ្ររបស់យើងចេញទៅគោរពបម្រើយើង នៅវាលរហោស្ថាន!” ប៉ុន្តែ រហូតមកដល់ពេលនេះ ព្រះករុណាមិនព្រមស្ដាប់ទេ។ ហេតុនេះ ព្រះអម្ចាស់មានព្រះបន្ទូលថា “ម្ដងនេះ អ្នកនឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន”។ “ទូលបង្គំនឹងយកដំបងដែលទូលបង្គំកាន់វាយទឹកទន្លេនីល ហើយទឹកនេះនឹងក្លាយទៅជាឈាម។ ត្រីទាំងអស់នៅក្នុងទន្លេនីលនឹងត្រូវវិនាស ទឹកទន្លេនឹងធុំក្លិនស្អុយ ជនជាតិអេស៊ីបមិនអាចផឹកទឹកនេះបានទៀតឡើយ”»។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេដូចតទៅនេះ៖ «ចូរប្រាប់អើរ៉ុនថា: សូមបងយកដំបងរបស់បង ហើយលើកដៃវាយទឹករបស់ស្រុកអេស៊ីប គឺទន្លេ ព្រែក បឹង ត្រពាំង ដើម្បីឲ្យទឹកទាំងនោះក្លាយទៅជាឈាម។ ឈាមនឹងមានពាសពេញក្នុងស្រុកអេស៊ីប សូម្បីតែនៅក្នុងធុង និងក្នុងពាងក៏មានឈាមដែរ»។ លោកម៉ូសេ និងលោកអើរ៉ុន ធ្វើតាមបញ្ជារបស់ព្រះអម្ចាស់ គឺលោកអើរ៉ុនលើកដំបងវាយទឹកទន្លេនីល នៅចំពោះព្រះភ័ក្ត្ររបស់ព្រះចៅផារ៉ោន និងនៅចំពោះមុខនាម៉ឺនសព្វមុខមន្ត្រី ហើយទឹកទន្លេនីលទាំងប៉ុន្មានក៏ក្លាយទៅជាឈាម។ ត្រីទាំងប៉ុន្មាននៅក្នុងទន្លេនីលត្រូវវិនាសអស់ ទឹកទន្លេធុំក្លិនស្អុយ ហើយជនជាតិអេស៊ីបមិនអាចផឹកទឹកបានឡើយ ក្នុងស្រុកទាំងមូលមានសុទ្ធតែឈាម។ ប៉ុន្តែ គ្រូធ្មប់ជាតិអេស៊ីបក៏ប្រើមន្តអាគម ធ្វើបានដូចគ្នា។ ហេតុនេះ ព្រះចៅផារ៉ោននៅតែមានព្រះហឫទ័យរឹងចចេស មិនព្រមស្ដាប់លោកម៉ូសេ និងលោកអើរ៉ុន ដូចព្រះអម្ចាស់មានព្រះបន្ទូលទុកស្រាប់។ ព្រះចៅផារ៉ោនត្រឡប់ចូលទៅក្នុងវាំងវិញ ដោយមិនយកព្រះហឫទ័យទុកដាក់នឹងការទាំងនោះឡើយ។ ប្រជាជនអេស៊ីបទាំងអស់នាំគ្នាជីកអណ្ដូងនៅតាមមាត់ទន្លេនីល ដើម្បីយកទឹកស្អាត ព្រោះគេមិនអាចផឹកទឹកទន្លេនីលបានទេ។ ក្រោយពីព្រះអម្ចាស់វាយទឹកទន្លេនីលបានប្រាំពីរថ្ងៃ
និក្ខមនំ 7:8-25 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងម៉ូសេ ហើយនឹងអើរ៉ុនថា កាលណាផារ៉ោននិយាយមកឯងថា ចូរឯងសំដែងបាដិហារិយ៍មកមើល នោះឲ្យឯងប្រាប់អើរ៉ុនថា ចូរយកដំបងរបស់បងបោះទៅនៅចំពោះមុខផារ៉ោន ដើម្បីឲ្យដំបងនោះក្លាយទៅជាសត្វពស់ ម៉ូសេ នឹងអើរ៉ុនក៏ចូលទៅគាល់ផារ៉ោន ហើយបានធ្វើតាមបង្គាប់ព្រះយេហូវ៉ា អើរ៉ុនលោកបោះដំបងទៅនៅមុខផារ៉ោន នឹងពួកមហាតលិកទ្រង់ នោះដំបងក៏ត្រឡប់ជាសត្វពស់ ប៉ុន្តែ ផារ៉ោនទ្រង់មានបន្ទូលហៅពួកអ្នកប្រាជ្ញ នឹងពួកអាបធ្មប់មក ឯពួកគ្រូនៅស្រុកអេស៊ីព្ទទាំងនោះ គេក៏បានធ្វើដូច្នោះ ដោយរបៀនរបស់គេដែរ គេបានបោះដំបងរបស់គេរៀងខ្លួន ហើយដំបងទាំងនោះក៏ត្រឡប់ក្លាយទៅជាពស់ទាំងអស់ដែរ តែដំបងរបស់អើរ៉ុនបានលេបដំបងរបស់អ្នកទាំងនោះបាត់វិញ នោះផារ៉ោនកើតមានព្រះទ័យរឹងទទឹង មិនព្រមស្តាប់តាមលោកឡើយ ដូចជាព្រះយេហូវ៉ាបានមានបន្ទូលប្រាប់ហើយ។ រួចព្រះយេហូវ៉ា ទ្រង់មានបន្ទូលនឹងម៉ូសេថា ផារ៉ោនមានចិត្តរឹងរូស មិនព្រមបើកឲ្យបណ្តាជនចេញទៅទេ ដល់ព្រឹកឡើង ផារ៉ោននឹងចេញមកឯមាត់ទឹក នោះត្រូវឲ្យឯងទៅឈរនៅមាត់ទន្លេ ចាំជួបនឹងទ្រង់ចុះ ហើយត្រូវយកដំបងដែលបានប្រែទៅជាពស់ នោះកាន់នៅដៃឯងផង ត្រូវទូលដូច្នេះថា ព្រះយេហូវ៉ាជាព្រះនៃសាសន៍ហេព្រើរបានចាត់ទូលបង្គំមកឲ្យទូលទ្រង់ថា ចូរឲ្យរាស្ត្រអញចេញទៅ ដើម្បីនឹងថ្វាយបង្គំអញនៅទីរហោស្ថាន មើល ដរាបមកដល់ឥឡូវនេះ ទ្រង់មិនព្រមស្តាប់តាមសោះ ឯព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា ស្តេចនឹងដឹងថា អញជាព្រះយេហូវ៉ា ដោយសារការនេះ គឺទូលបង្គំនឹងវាយទឹកទន្លេ ដោយដំបងនៅដៃទូលបង្គំនេះ នោះទឹកនឹងត្រឡប់ប្រែទៅជាឈាម ត្រីនៅក្នុងទន្លេនឹងស្លាប់ទាំងអស់ ទន្លេក៏នឹងធុំក្លិនស្អុយ ហើយសាសន៍អេស៊ីព្ទគេនឹងខ្ពើមទឹកទន្លេនេះ។ នោះព្រះយេហូវ៉ា ទ្រង់បង្គាប់ម៉ូសេឲ្យប្រាប់ដល់អើរ៉ុនថា ចូរឲ្យបងយកដំបង លើកដៃទៅលើទឹកស្រុកអេស៊ីព្ទទាំងអស់ ទាំងទន្លេ ទាំងព្រែក ទាំងបឹង ហើយនឹងស្រះរបស់គេទាំងប៉ុន្មាន ដើម្បីឲ្យបានត្រឡប់ទៅជាឈាម នោះនឹងមានឈាមនៅពេញក្នុងស្រុកអេស៊ីព្ទ ទោះនៅក្នុងធុងឈើ ឬនៅក្នុងពាងថ្មផង ម៉ូសេ នឹងអើរ៉ុនក៏ធ្វើដូច្នោះតាមបង្គាប់ព្រះយេហូវ៉ា លោកលើកដំបងវាយទឹកទន្លេនៅមុខផារ៉ោន នឹងពួកមហាតលិកទ្រង់ នោះទឹកទន្លេក៏ត្រឡប់ទៅជាឈាមទាំងអស់ ត្រីដែលនៅក្នុងទន្លេក៏ស្លាប់ ទឹកទន្លេក៏ធុំក្លិនស្អុយ ហើយសាសន៍អេស៊ីព្ទផឹកទឹកពីទន្លេមិនបាន ក៏មានឈាមនៅពេញក្នុងស្រុកអេស៊ីព្ទផង ឯពួកគ្រូនៅស្រុកអេស៊ីព្ទក៏បានធ្វើដូច្នោះដោយរបៀនរបស់គេដែរ ហើយផារ៉ោនកើតមានព្រះទ័យរឹងទទឹង មិនព្រមស្តាប់តាមលោកឡើយ ដូចជាព្រះយេហូវ៉ាបានមានបន្ទូលទុក ផារ៉ោនទ្រង់វិលចូលទៅក្នុងដំណាក់ទ្រង់វិញ មិនបានយកចិត្តទុកដាក់នឹងការទាំងនោះទេ ឯពួកសាសន៍អេស៊ីព្ទក៏ជីកទីនៅក្បែរទន្លេនឹងរកទឹកផឹក ដ្បិតគេផឹកទឹកពីទន្លេមិនបានសោះ។ ក្រោយដែលព្រះយេហូវ៉ាបានវាយទឹកទន្លេហើយបាន៧ថ្ងៃ