និក្ខមនំ 7:6-13
និក្ខមនំ 7:6-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លោកម៉ូសេ និងលោកអើរ៉ុនក៏ធ្វើតាម គឺពួកលោកបានធ្វើដូចព្រះយេហូវ៉ាបានបង្គាប់។ ក្នុងគ្រាលោកទាំងពីរចូលទៅទូលផារ៉ោន លោកម៉ូសេមានអាយុប៉ែតសិបឆ្នាំ ហើយលោកអើរ៉ុនមានអាយុប៉ែតសិបបីឆ្នាំ។ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេ និងលោកអើរ៉ុនថា៖ «កាលណាផារ៉ោននិយាយមកអ្នកថា "ចូរសម្តែងបាដិហារិយ៍មកមើល" នោះអ្នកត្រូវប្រាប់អើរ៉ុនថា "ចូរយកដំបងរបស់បងបោះទៅខាងមុខផារ៉ោន ដើម្បីឲ្យដំបងនោះក្លាយទៅជាសត្វពស់"»។ លោកម៉ូសេ និងលោកអើរ៉ុនក៏ចូលទៅគាល់ផារ៉ោន ហើយបានធ្វើតាមសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់។ លោកអើរ៉ុនបោះដំបងរបស់លោកទៅខាងមុខផារ៉ោន និងពួកមហាតលិករបស់ស្ដេច ហើយដំបងក៏ត្រឡប់ជាសត្វពស់។ ប៉ុន្តែ ផារ៉ោនកោះហៅពួកអ្នកប្រាជ្ញ និងពួកគ្រូធ្មប់មក ឯពួកគ្រូនៅស្រុកអេស៊ីព្ទទាំងនោះ ក៏ធ្វើដូច្នោះដោយប្រើមន្តអាគមរបស់គេដែរ។ គេបានបោះដំបងរបស់គេរៀងខ្លួន ហើយដំបងទាំងនោះក៏ក្លាយទៅជាពស់ តែដំបងរបស់លោកអើរ៉ុនបានលេបដំបងរបស់អ្នកទាំងនោះអស់។ ផារ៉ោននៅតែមានព្រះហឫទ័យរឹងទទឹង មិនព្រមស្តាប់ពួកលោកទេ ដូចព្រះយេហូវ៉ាបានមានព្រះបន្ទូលទុកស្រាប់។
និក្ខមនំ 7:6-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកម៉ូសេ និងលោកអើរ៉ុនធ្វើតាមព្រះបញ្ជារបស់ព្រះអម្ចាស់សព្វគ្រប់ទាំងអស់។ នៅពេលលោកទាំងពីរទៅគាល់ព្រះចៅផារ៉ោននោះ លោកម៉ូសេមានអាយុប៉ែតសិបឆ្នាំ លោកអើរ៉ុនមានអាយុប៉ែតសិបបីឆ្នាំ។ ព្រះអម្ចាស់មានព្រះបន្ទូលទៅលោកម៉ូសេ និងលោកអើរ៉ុនថា៖ «ប្រសិនបើស្ដេចផារ៉ោនទាមទារឲ្យអ្នកសម្តែងបាដិហារិយ៍នោះ ត្រូវប្រាប់អើរ៉ុនថា “ចូរយកដំបងរបស់បង បោះទៅខាងមុខស្ដេចផារ៉ោន” ដំបងនោះនឹងក្លាយទៅជាពស់»។ លោកម៉ូសេ និងលោកអើរ៉ុនក៏ទៅគាល់ព្រះចៅផារ៉ោន ហើយធ្វើតាមសេចក្ដីដែលព្រះអម្ចាស់បានបង្គាប់មកពួកលោក។ លោកអើរ៉ុនបោះដំបងនៅមុខព្រះចៅផារ៉ោន និងពួកមន្ត្រី ហើយដំបងក៏ក្លាយទៅជាពស់។ ប៉ុន្តែ ព្រះចៅផារ៉ោនហៅពួកអ្នកប្រាជ្ញ និងពួកគ្រូធ្មប់របស់ស្រុកអេស៊ីបមក ហើយពួកគេក៏ប្រើមន្តអាគម ធ្វើបានដូចគ្នា។ ពួកគេម្នាក់ៗបោះដំបងរបស់ខ្លួន ហើយដំបងទាំងនោះក្លាយជាពស់ ប៉ុន្តែ ដំបងរបស់លោកអើរ៉ុនបានលេបដំបងរបស់ពួកគេអស់។ ព្រះចៅផារ៉ោននៅតែមានព្រះហឫទ័យរឹងចចេស ដូចព្រះអម្ចាស់មានព្រះបន្ទូលទុកស្រាប់ គឺស្ដេចមិនព្រមស្ដាប់លោកម៉ូសេ និងលោកអើរ៉ុនទេ។
និក្ខមនំ 7:6-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯម៉ូសេ នឹងអើរ៉ុនលោកក៏ធ្វើតាម ដូចជាព្រះយេហូវ៉ាបានបង្គាប់មក ក្នុងគ្រាដែលទូលនឹងផារ៉ោន នោះម៉ូសេលោកបានអាយុ៨០ឆ្នាំ ឯអើរ៉ុនក៏បានអាយុ៨៣ឆ្នាំហើយ។ ព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងម៉ូសេ ហើយនឹងអើរ៉ុនថា កាលណាផារ៉ោននិយាយមកឯងថា ចូរឯងសំដែងបាដិហារិយ៍មកមើល នោះឲ្យឯងប្រាប់អើរ៉ុនថា ចូរយកដំបងរបស់បងបោះទៅនៅចំពោះមុខផារ៉ោន ដើម្បីឲ្យដំបងនោះក្លាយទៅជាសត្វពស់ ម៉ូសេ នឹងអើរ៉ុនក៏ចូលទៅគាល់ផារ៉ោន ហើយបានធ្វើតាមបង្គាប់ព្រះយេហូវ៉ា អើរ៉ុនលោកបោះដំបងទៅនៅមុខផារ៉ោន នឹងពួកមហាតលិកទ្រង់ នោះដំបងក៏ត្រឡប់ជាសត្វពស់ ប៉ុន្តែ ផារ៉ោនទ្រង់មានបន្ទូលហៅពួកអ្នកប្រាជ្ញ នឹងពួកអាបធ្មប់មក ឯពួកគ្រូនៅស្រុកអេស៊ីព្ទទាំងនោះ គេក៏បានធ្វើដូច្នោះ ដោយរបៀនរបស់គេដែរ គេបានបោះដំបងរបស់គេរៀងខ្លួន ហើយដំបងទាំងនោះក៏ត្រឡប់ក្លាយទៅជាពស់ទាំងអស់ដែរ តែដំបងរបស់អើរ៉ុនបានលេបដំបងរបស់អ្នកទាំងនោះបាត់វិញ នោះផារ៉ោនកើតមានព្រះទ័យរឹងទទឹង មិនព្រមស្តាប់តាមលោកឡើយ ដូចជាព្រះយេហូវ៉ាបានមានបន្ទូលប្រាប់ហើយ។