និក្ខមនំ 7:1-6
និក្ខមនំ 7:1-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «មើល៍ យើងបានឲ្យអ្នកធ្វើជាព្រះដល់ផារ៉ោន ហើយអើរ៉ុនបងរបស់អ្នក នឹងធ្វើជាហោរារបស់អ្នក។ អ្នកត្រូវនិយាយគ្រប់ទាំងសេចក្ដីដែលយើងបង្គាប់ ហើយអើរ៉ុនបងរបស់អ្នកត្រូវប្រាប់ផារ៉ោន ឲ្យស្តេចបើកឲ្យកូនចៅអ៊ីស្រាអែលចេញពីស្រុក។ ប៉ុន្ដែ យើងនឹងធ្វើឲ្យផារ៉ោនមានចិត្តរឹងទទឹង ហើយយើងនឹងបន្ថែមទីសម្គាល់ និងការអស្ចារ្យរបស់យើងនៅក្នុងស្រុកអេស៊ីព្ទ។ កាលណាផារ៉ោនមិនស្តាប់អ្នក យើងនឹងដាក់ដៃរបស់យើងលើស្រុកអេស៊ីព្ទ ហើយនាំអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង ចេញពីស្រុកអេស៊ីព្ទ ទាំងកងៗ ដោយការវិនិច្ឆ័យយ៉ាងធំ។ កាលណាយើងលើកដៃដាក់លើស្រុកអេស៊ីព្ទ ហើយនាំកូនចៅអ៊ីស្រាអែលចេញពីក្នុងចំណោមពួកគេ នោះសាសន៍អេស៊ីព្ទនឹងដឹងថា យើងជាព្រះយេហូវ៉ា»។ លោកម៉ូសេ និងលោកអើរ៉ុនក៏ធ្វើតាម គឺពួកលោកបានធ្វើដូចព្រះយេហូវ៉ាបានបង្គាប់។
និក្ខមនំ 7:1-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «យើងនឹងធ្វើឲ្យអ្នកបានដូចជាព្រះ នៅចំពោះមុខស្ដេចផារ៉ោន រីឯអើរ៉ុន ជាបងរបស់អ្នក នឹងប្រៀបដូចជាព្យាការីរបស់អ្នក។ អ្នកនឹងប្រាប់អើរ៉ុននូវសេចក្ដីទាំងប៉ុន្មានដែលយើងបង្គាប់ដល់អ្នក ហើយគាត់នាំយកសេចក្ដីទាំងនោះទៅប្រាប់ស្ដេចផារ៉ោន ដើម្បីស្ដេចអនុញ្ញាតឲ្យកូនចៅអ៊ីស្រាអែលចាកចេញពីស្រុកអេស៊ីប។ រីឯយើងវិញ យើងនឹងធ្វើឲ្យស្ដេចផារ៉ោនមានចិត្តរឹងរូស យើងនឹងបង្ហាញឫទ្ធិបាដិហារិយ៍ និងទីសម្គាល់ដ៏អស្ចារ្យជាច្រើននៅស្រុកអេស៊ីប។ ស្ដេចផារ៉ោននឹងមិនស្ដាប់អ្នកទាំងពីរទេ។ យើងនឹងវាយប្រហារស្រុកអេស៊ីប យើងនឹងដាក់ទោសគេយ៉ាងធ្ងន់ៗ ហើយនាំអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង ចាកចេញពីស្រុកអេស៊ីប ដោយមានរបៀបរៀបរយដូចកងទ័ពមួយ។ ពេលណាយើងវាយប្រហារស្រុកអេស៊ីប ហើយនាំកូនចៅអ៊ីស្រាអែលចេញពីស្រុកនោះ ជនជាតិអេស៊ីបនឹងទទួលស្គាល់ថា យើងជាព្រះអម្ចាស់»។ លោកម៉ូសេ និងលោកអើរ៉ុនធ្វើតាមព្រះបញ្ជារបស់ព្រះអម្ចាស់សព្វគ្រប់ទាំងអស់។
និក្ខមនំ 7:1-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រួចមក ព្រះយេហូវ៉ា ទ្រង់មានបន្ទូលនឹងម៉ូសេថា មើល អញបានឲ្យឯងធ្វើជាព្រះដល់ផារ៉ោន ហើយអើរ៉ុនបងឯងនឹងធ្វើជាអ្នកប្រកាសរបស់ឯង ឯងត្រូវនិយាយគ្រប់សេចក្ដីដែលអញបង្គាប់ ហើយអើរ៉ុនបងឯងត្រូវទូលដល់ផារ៉ោន ដើម្បីឲ្យស្តេចបានបើកឲ្យពួកកូនចៅអ៊ីស្រាអែលចេញពីស្រុកទៅ តែអញនឹងធ្វើឲ្យផារ៉ោនមានចិត្តរឹងទទឹង នោះអញនឹងចំរើនទីសំគាល់ នឹងការអស្ចារ្យរបស់អញនៅក្នុងស្រុកអេស៊ីព្ទ តែផារ៉ោននឹងមិនស្តាប់តាមឯងទេ រួចអញនឹងដាក់ដៃអញលើស្រុកអេស៊ីព្ទ ហើយនឹងនាំពួកកងរបស់អញ គឺជារាស្ត្រអញ ជាពួកកូនចៅអ៊ីស្រាអែលចេញពីស្រុកអេស៊ីព្ទទៅ ដោយការវិនិច្ឆ័យយ៉ាងធំ កាលណាអញលើកដៃដាក់លើស្រុកអេស៊ីព្ទ ព្រមទាំងនាំពួកកូនចៅអ៊ីស្រាអែល ចេញពីកណ្តាលគេទៅ នោះពួកសាសន៍អេស៊ីព្ទនឹងដឹងថា អញជាព្រះយេហូវ៉ាពិត ឯម៉ូសេ នឹងអើរ៉ុនលោកក៏ធ្វើតាម ដូចជាព្រះយេហូវ៉ាបានបង្គាប់មក