និក្ខមនំ 6:1-8

និក្ខមនំ 6:1-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ឥឡូវ​នេះ អ្នក​នឹង​ឃើញ​ការ​ដែល​យើង​ធ្វើ​ចំពោះ​ផារ៉ោន ដ្បិត​ដោយ​ដៃ​ដ៏​ខ្លាំង​ពូកែ យើង​នឹង​ឲ្យ​ប្រជា‌រាស្ត្រ​របស់​យើង​ចេញ​ទៅ ហើយ​ដោយ​ដៃដ៏​ខ្លាំង​ពូកែ ផារ៉ោន​នឹង​បណ្តេញ​គេ​ចេញ​ពី​ស្រុក​ទៅ»។ ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ទៀត​ថា៖ «យើង​ជា​ព្រះ‌យេហូវ៉ា យើង​បាន​លេច​មក​ឲ្យ​អ័ប្រា‌ហាំ អ៊ីសាក និង​យ៉ាកុប​ស្គាល់​យើង ថា​ជា​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ប៉ុន្តែ យើង​មិន​បាន​ឲ្យ​គេ​ស្គាល់​នាម​យើង​ជា "យេហូវ៉ា" ទេ។ យើង​ក៏​បាន​តាំង​សញ្ញា​ជា‌មួយ​គេ​ថា នឹង​ប្រគល់​ស្រុក​កាណាន​ដល់​គេ គឺ​ជា​ស្រុក​ដែល​គេ​បាន​ស្នាក់​នៅ​ដូច​ជា​អ្នក​ដទៃ។ យើង​បាន​ឮ​សំឡេង​ស្រែក​ថ្ងូរ​របស់​កូន​ចៅ​អ៊ីស្រា‌អែល ដែល​សាសន៍​អេស៊ីព្ទ​ចាប់​ឲ្យ​ធ្វើ​ជា​ទាសករ ហើយ​យើង​បាន​នឹក​ចាំ​សេចក្ដី​សញ្ញា​របស់​យើង។ ដូច្នេះ ចូរ​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល​ថា "យើង​ជា​ព្រះ‌យេហូវ៉ា យើង​នឹង​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​បន្ទុក​របស់​សាសន៍​អេស៊ីព្ទ ហើយ​រំដោះ​អ្នក​រាល់​គ្នា​ឲ្យ​រួច​ពី​ភាព​ជា​ទាសករ​របស់​គេ យើង​នឹងប្រោស​លោះ​អ្នក​រាល់​គ្នា ដោយ​លើក​ដៃ​យើង​ឡើង និង​ដោយ​ការ​វិនិច្ឆ័យ​យ៉ាង​ធំ។ យើង​នឹង​យក​អ្នក​រាល់​គ្នា​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​យើង ហើយ​យើង​នឹង​ធ្វើ​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​នឹង​ដឹង​ថា យើង​ជា​យេហូវ៉ា ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ដែល​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​បន្ទុក​របស់​សាសន៍​អេស៊ីព្ទ។ យើង​នឹង​នាំ​អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ស្រុក​ដែល​យើង​បាន​លើក​ដៃ​ស្បថ​ថា នឹង​ឲ្យ​ដល់​អ័ប្រា‌ហាំ អ៊ីសាក និង​យ៉ាកុប យើង​នឹង​ឲ្យ​ស្រុក​នោះ​ដល់​អ្នក​រាល់​គ្នា​ទុក​ជា​កេរ‌អាករ យើង​ជា​ព្រះ‌យេហូវ៉ា"»។

ចែក​រំលែក
អាន និក្ខមនំ 6

និក្ខមនំ 6:1-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​ម៉ូសេ​ថា៖ «ឥឡូវ​នេះ អ្នក​នឹង​ឃើញ​ការ​ដែល​យើង​ធ្វើ​ចំពោះ​ផារ៉ោន យើង​នឹង​សម្តែង​បារមី​ដ៏​ខ្លាំង​ពូកែ​របស់​យើង បង្ខំ​ស្ដេច​នេះ​អនុញ្ញាត​ឲ្យ​ប្រជា‌ជន​អ៊ីស្រា‌អែល​ចេញ​ទៅ។ ដោយ‌សារ​បារមី​ដ៏​ខ្លាំង​ពូកែ ស្ដេច​ផារ៉ោន​នឹង​បណ្ដេញ​ពួក​គេ​ចេញ​ពី​ស្រុក​អេស៊ីប»។ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​ម៉ូសេ​ទៀត​ថា៖ «យើង​ជា​ព្រះ‌អម្ចាស់ យើង​បាន​បង្ហាញ​ឲ្យ​អប្រាហាំ អ៊ីសាក និង​យ៉ាកុប ស្គាល់​យើង​ក្នុង​ឋានៈ​ជា​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុត។ ប៉ុន្តែ យើង​មិន​បាន​ប្រាប់​ឲ្យ​ពួក​គេ​ដឹង​ថា យើង​មាន​ឈ្មោះ​ព្រះ‌អម្ចាស់​ទេ។ យើង​បាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​ពួក​គេ យើង​បាន​សន្យា​ប្រគល់​ស្រុក​កាណាន​ឲ្យ​ពួក​គេ គឺ​ស្រុក​ដែល​ពួក​គេ​ស្នាក់​នៅ​ក្នុង​ឋានៈ​ជា​ជន​បរទេស។ យើង​ឮ​ជន‌ជាតិ​អ៊ីស្រា‌អែល​ស្រែក​ថ្ងូរ ព្រោះ​ត្រូវ​ពួក​អេស៊ីប​សង្កត់‌សង្កិន។ យើង​នឹក​ដល់​សម្ពន្ធ‌មេត្រី​របស់​យើង។ ហេតុ​នេះ ចូរ​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​ថា: យើង​ជា​ព្រះ‌អម្ចាស់ យើង​នឹង​ដោះ​លែង​អ្នក​រាល់​គ្នា​ពី​ការ‌ងារ​ដ៏​លំបាក ដែល​ពួក​អេស៊ីប​បង្ខំ​អ្នក​រាល់​គ្នា​ឲ្យ​ធ្វើ យើង​នឹង​រំដោះ​អ្នក​រាល់​គ្នា​ឲ្យ​រួច​ពី​ភាព​ជា​ទាសករ​របស់​ជន‌ជាតិ​អេស៊ីប យើង​នឹង​លោះ​អ្នក​រាល់​គ្នា ដោយ​ឫទ្ធិ​អំណាច​របស់​យើង។ យើង​នឹង​យក​អ្នក​រាល់​គ្នា​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​យើង ហើយ​យើង​ធ្វើ​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា យើង​ដោះ​លែង​អ្នក​រាល់​គ្នា​ចេញ​ពី​ការ‌ងារ​ដ៏​លំបាក ដែល​ពួក​អេស៊ីប​បង្ខំ​អ្នក​រាល់​គ្នា​ឲ្យ​ធ្វើ។ បន្ទាប់​មក យើង​នឹង​នាំ​អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ស្រុក ដែល​យើង​បាន​សន្យា​យ៉ាង​ឱឡា‌រិក​ជា​មួយ​អប្រាហាំ អ៊ីសាក និង​យ៉ាកុប ហើយ​យើង​ឲ្យ​ស្រុក​នោះ​ដល់​អ្នក​រាល់​គ្នា​ជា​មត៌ក យើង​ជា​ព្រះ‌អម្ចាស់!»។

ចែក​រំលែក
អាន និក្ខមនំ 6

និក្ខមនំ 6:1-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​ម៉ូសេ​ថា ឥឡូវ​នេះ ឯង​នឹង​ឃើញ​ការ​ដែល​អញ​ធ្វើ​ដល់​ផារ៉ោន ដ្បិត​ដោយ​ដៃ​ខ្លាំង​ពូកែ នោះ​អញ​នឹង​ឲ្យ​រាស្ត្រ​អញ​ចេញ​ទៅ ហើយ​ដោយ​ដៃ​ខ្លាំង​ពូកែ ផារ៉ោន​នឹង​បណ្តេញ​គេ​ចេញ​ពី​ស្រុក​ទៅ​ផង។ ព្រះ‌ទ្រង់​ក៏​មាន​បន្ទូល​ទៅ​ម៉ូសេ​ទៀត​ថា អញ​ជា​ព្រះ‌យេហូវ៉ា អញ​បាន​លេច​មក​ឯ​អ័ប្រា‌ហាំ អ៊ីសាក ហើយ​នឹង​យ៉ាកុប​សំដែង​ចេញ​ជា​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ប៉ុន្តែ គេ​មិន​បាន​ស្គាល់​អញ​ដោយ​នាម​ជា «យេហូវ៉ា» របស់​អញ​នោះ​ទេ អញ​ក៏​បាន​តាំង​សេចក្ដី​សញ្ញា​របស់​អញ​ដល់​គេ​ថា នឹង​ឲ្យ​ស្រុក​កាណាន​ដល់​គេ គឺ​ជា​ស្រុក​ដែល​គេ​បាន​ស្នាក់​នៅ​ទុក​ដូច​ជា​អ្នក​ដទៃ អញ​បាន​ឮ​ដំងូរ​របស់​ពួក​កូន​ចៅ​អ៊ីស្រាអែល ដែល​ពួក​សាសន៍​អេស៊ីព្ទ​ចាប់​ជា​បាវ​បំរើ ហើយ​អញ​បាន​រឭក​ដល់​សេចក្ដី​សញ្ញា​របស់​អញ​នោះ ដូច្នេះ​ចូរ​និយាយ​នឹង​ពួក​កូន​ចៅ​អ៊ីស្រាអែល​ថា អញ​ជា​ព្រះ‌យេហូវ៉ា អញ​នឹង​នាំ​ឯង​រាល់​គ្នា​ចេញ​ឲ្យ​រួច​ពី​បន្ទុក​នៃ​ពួក​សាសន៍​អេស៊ីព្ទ ហើយ​នឹង​ជួយ​ឲ្យ​រួច​ពី​ការ​បំរើ​គេ អញ​នឹង​លើក​ដៃ​អញ​ឡើង​លោះ​ឯង​រាល់​គ្នា ដោយ​ការ​វិនិច្ឆ័យ​យ៉ាង​ធំ អញ​នឹង​យក​ឯង​រាល់​គ្នា​ទុក​ជា​រាស្ត្រ​របស់​អញ ក៏​នឹង​ធ្វើ​ជា​ព្រះ​ដល់​ឯង​រាល់​គ្នា នោះ​ឯង​នឹង​បាន​ដឹង​ថា អញ​នេះ​ជា​យេហូវ៉ា គឺ​ជា​ព្រះ​នៃ​ឯង ដែល​នាំ​ឯង​ចេញ​ផុត​ពី​បន្ទុក​របស់​ពួក​សាសន៍​អេស៊ីព្ទ អញ​នឹង​នាំ​ឯង​រាល់​គ្នា​ចូល​ទៅ​ក្នុង​ស្រុក​ដែល​អញ​បាន​លើក​ដៃ​ស្បថ​ថា នឹង​ឲ្យ​ទៅ​អ័ប្រា‌ហាំ អ៊ីសាក ហើយ​យ៉ាកុប អញ​នឹង​ឲ្យ​ស្រុក​នោះ​ដល់​ឯង​រាល់​គ្នា​ទុក​ជា​កេរ្តិ៍‌អាករ​វិញ គឺ​អញ​នេះ​ហើយ​ជា​ព្រះ‌យេហូវ៉ា

ចែក​រំលែក
អាន និក្ខមនំ 6