និក្ខមនំ 5:4-21

និក្ខមនំ 5:4-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ប៉ុន្ដែ ស្តេច​ស្រុក​អេស៊ីព្ទ​មាន​រាជ‌ឱង្ការ​មក​ពួក​លោក​ថា៖ «ម៉ូសេ និង​អើរ៉ុន ហេតុ​អ្វី​បាន​ជា​អ្នក​ទាំង​ពីរ​នាំ​អាទិ៍​មនុស្ស​មិន​ឲ្យ​ធ្វើ​ការ​ដូច្នេះ? ចូរ​នាំ​គ្នា​ត្រឡប់​ទៅ​ធ្វើ​ការ​វិញ​ទៅ!»។ ផារ៉ោន​មាន​រាជ‌ឱង្ការ​ថា៖ «មើល៍ ឥឡូវ​នេះ គេ​មាន​គ្នា​ច្រើន​ជាង​ប្រជា‌ជន​ក្នុង​ស្រុក​ហើយ តែ​អ្នក​ទាំង​ពីរ​ចង់​ឲ្យ​គេ​ឈប់​ធ្វើ​ការ​ទៅ​វិញ!»។ នៅ​ថ្ងៃ​នោះ​ឯង ផារ៉ោន​បញ្ជា​ពួក​មេ​តម្រួត​លើ​ប្រជា‌ជន និង​ពួក​មេ​ក្រុម​ថា៖ «មិន​ត្រូវ​ផ្ដល់​ចំបើង​ឲ្យ​ពួក​អ៊ីស្រា‌អែល​សម្រាប់​ធ្វើ​ឥដ្ឋ​ដូច​មុន​ទៀត​ឡើយ ត្រូវ​ឲ្យ​ពួក‌គេ​ទៅ​រក​ចំបើង​ដោយ​ខ្លួន​ឯង​ទៅ។ ប៉ុន្តែ ត្រូវ​បង្ខំ​ឲ្យ​គេ​ធ្វើ​ឥដ្ឋ​គ្រប់​ចំនួន ដូច​ដែល​គេ​ធ្លាប់​ធ្វើ​ពីមុន កុំ​បន្ថយ​ឲ្យ​សោះ ដ្បិត​គេ​ខ្ជិល ហេតុ​នេះ​ហើយ​បាន​ជា​គេ​ស្រែក​ថា "សូម​ឲ្យ​យើង​ខ្ញុំ​ចេញ​ទៅ​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ​នៃ​យើង​ខ្ញុំ"។ ត្រូវ​ដាក់​ការ​ងារ​ឲ្យ​គេ​ធ្វើ​រឹត​តែ​ធ្ងន់​ថែម​ទៀត ដើម្បី​ឲ្យ​គេ​ខំប្រឹង​ធ្វើ កុំ​ឲ្យ​គេ​យក​ចិត្ត​ទុក​ដាក់​នឹង​ពាក្យ​ភូត​ភរ​ឡើយ»។ ពួក​មេ​តម្រួត​លើ​ពួក​ប្រជា‌ជន និង​ពួក​នាយ ក៏​ចេញ​ទៅ​ប្រាប់​ពួក‌គេ​ថា៖ «ផារ៉ោន​មាន​រាជ‌ឱង្ការ​ដូច្នេះ​ថា "យើង​លែង​ផ្ដល់​ចំបើង​ឲ្យ​អ្នក​រាល់​គ្នា​ហើយ ចូរ​ទៅ​រក​ចំបើង​ដោយ​ខ្លួន​ឯង នៅ​កន្លែង​ណា​ដែល​រក​បាន​ចុះ ប៉ុន្តែ ការ​ងារ​របស់​អ្នក​រាល់​គ្នា​មិន​ត្រូវ​បន្ថយ​ឡើយ សូម្បី​តែ​បន្តិច"»។ ដូច្នេះ បណ្ដា​‌ជន​ត្រូវ​ខ្ចាត់‌ខ្ចាយ​ទៅ​ពេញ​ក្នុង​ស្រុក​អេស៊ីព្ទ ដើម្បី​រក​ជញ្ជ្រាំង​មក​ជំនួស​ចំបើង។ ពួក​មេ​តម្រួត​ដាក់​កំហិត​ថា៖ «ត្រូវ​បង្ហើយ​ការ​ងារ​របស់​អ្នក​រាល់​គ្នា ដូច​ជា​បាន​ដាក់​ឲ្យ​ធ្វើ​មក​រាល់​តែ​ថ្ងៃ ឲ្យ​ដូច​ជា​ពេល​មាន​ចំបើង​នោះ​ដែរ»។ ពួក​មេ​តម្រួត​របស់​ផារ៉ោន​បាន​វាយ​ពួក​មេ​ក្រុម​របស់​កូន​ចៅ​អ៊ីស្រា‌អែល ដែល​ខ្លួន​បាន​តែង‌តាំង ហើយ​សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​ពី​ម្សិល‌មិញ និង​ថ្ងៃ​នេះ អ្នក​រាល់​គ្នា​មិន​បាន​ធ្វើ​ឥដ្ឋ​ឲ្យ​គ្រប់​ចំនួន​ដូច​ពី​មុន?»។ បន្ទាប់​មក ពួក​មេ​ក្រុម​របស់​កូន​ចៅ​អ៊ីស្រា‌អែល ក៏​នាំ​គ្នា​ទៅ​ឯ​ផារ៉ោន ហើយ​ស្រែក​ថា៖ «ហេតុ​អ្វី​បាន​ជា​ព្រះ‌ករុណា​ប្រព្រឹត្ត​នឹង​យើង​ខ្ញុំ​ជា​អ្នក​បម្រើ​របស់​ព្រះ​ករុណា​ដូច្នេះ? គេ​មិន​ផ្ដល់​ចំបើង​ឲ្យ​យើង​ខ្ញុំ​ជា​អ្នក​បម្រើ​របស់​ព្រះ‌ករុណា​ទៀត​ទេ ហើយ​គេ​ប្រាប់​យើង​ខ្ញុំ​ថា "ចូរ​ធ្វើ​ឥដ្ឋ​ទៅ!" មើល៍ គេ​វាយ​យើង​ខ្ញុំ​ជា​អ្នក​បម្រើ​របស់​ព្រះ‌ករុណា តែ​ប្រជា‌រាស្ត្ររបស់​ព្រះ‌ករុណា​ទេ​ដែល​ធ្វើ​ខុស»។ ផារ៉ោន​ឆ្លើយ​ថា៖ «អ្នក​រាល់​គ្នា​ជា​មនុស្ស​កម្ជិល ជា​មនុស្ស​ខ្ជិល​ច្រអូល ហេតុ​នេះ​ហើយ​បាន​ជា​និយាយ​ថា "សូម​អនុញ្ញាត​ឲ្យ​យើង​ខ្ញុំ​ចេញ​ទៅ​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា"។ ឥឡូវ​នេះ ចូរ​ទៅ​ធ្វើ​ការ​វិញ​ទៅ យើង​គ្មាន​ចំបើង​ឲ្យ​អ្នក​រាល់​គ្នា​ទេ តែ​ត្រូវ​ធ្វើ​ឥដ្ឋ​ឲ្យ​បាន​គ្រប់​ចំនួន»។ កាល​ពួក​មេ​ក្រុម​របស់​កូន​ចៅ​អ៊ីស្រា‌អែល​ឮ​ថា មិន​ត្រូវ​បន្ថយ​ចំនួន​ឥដ្ឋ​ដែល​ត្រូវ​ធ្វើ​រាល់​ថ្ងៃ​ដូច្នោះ នោះ​ក៏​ឃើញ​ថា ពួក‌គេ​ធ្លាក់​ក្នុង​ស្ថាន​ភាព​វេទនា​ហើយ។ ពេល​គេ​ចេញ​ពី​ផារ៉ោន​វិញ គេ​ក៏​ជួប​លោក​ម៉ូសេ និង​អើរ៉ុន​ដែល​កំពុង​តែ​ឈរ​ចាំ។ ពួក‌គេ​ពោល​ទៅ​កាន់​លោក​ទាំង​ពីរ​ថា៖ «សូម​ព្រះ‌យេហូវ៉ា​ទត​មើល ហើយ​ដាក់​ទោស​អ្នក​ចុះ ដ្បិត​អ្នក​បាន​ធ្វើ​ឲ្យ​ពួក​យើង​ស្អុយ​ឈ្មោះ​នៅ​ចំពោះ​ផារ៉ោន និង​ពួក​មហា‌តលិក​របស់​ស្ដេច ហើយ​បាន​ហុច​ដាវ​ឲ្យ​ពួក‌គេ​សម្លាប់​យើង»។

ចែក​រំលែក
អាន និក្ខមនំ 5

និក្ខមនំ 5:4-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ស្ដេច​ស្រុក​អេស៊ីប​មាន​រាជ‌ឱង្ការ​មក​កាន់​លោក​ទាំង​ពីរ​ថា៖ «ម៉ូសេ និង​អើរ៉ុន ហេតុ​អ្វី​បាន​ជា​អ្នក​ទាំង​ពីរ​នាំ​អាទិ៍​ពួក​អ៊ីស្រា‌អែល​ឲ្យ​ឈប់​ធ្វើ​ការ​ដូច្នេះ? ចូរ​នាំ​គ្នា​ត្រឡប់​ទៅ​ធ្វើ​ការ​វិញ​ទៅ!»។ ព្រះចៅ​ផារ៉ោន​មាន​រាជ‌ឱង្ការ​ថា៖ «ឥឡូវ​នេះ ប្រជា‌ជន​អ៊ីស្រា‌អែល​មាន​ចំនួន​ច្រើន​នៅ​ក្នុង​ស្រុក តើ​អ្នក​ទាំង​ពីរ​ចង់​ឲ្យ​គេ​ឈប់​ធ្វើ​ការ​ដូច​ម្ដេច​បាន?»។ នៅ​ថ្ងៃ​ដដែល​នោះ ព្រះចៅ​ផារ៉ោន​បាន​បញ្ជា​មេ​ត្រួត‌ត្រា​លើ​ប្រជា‌ជន និង​មេ​ក្រុម​ថា៖ «មិន​ត្រូវ​ផ្ដល់​ចំបើង​ឲ្យ​ពួក​អ៊ីស្រា‌អែល សម្រាប់​ធ្វើ​ដុំ​ឥដ្ឋ​ដូច​ពី​មុន​ទៀត​ទេ គឺ​ឲ្យ​ពួក​គេ​ទៅ​រក​ចំបើង​ដោយ​ខ្លួន​ឯង។ ប៉ុន្តែ ត្រូវ​បង្ខំ​ឲ្យ​គេ​ធ្វើ​ដុំ​ឥដ្ឋ​គ្រប់​ចំនួន​ដដែល កុំ​បន្ថយ​ចំនួន​ឡើយ។ ពួក​គេ​សុទ្ធ​តែ​ជា​មនុស្ស​ខ្ជិល ហេតុ​នេះ​ហើយ​បាន​ជា​គេ​ទាម‌ទារ​សុំ​ចេញ​ទៅ​ថ្វាយ​យញ្ញ‌បូជា ដល់​ព្រះ​របស់​ពួក​គេ។ ត្រូវ​ដាក់​ការ‌ងារ​ឲ្យ​ពួក​គេ​ធ្វើ​កាន់​តែ​ធ្ងន់‌ធ្ងរ​ថែម​ទៀត ដើម្បី​កុំ​ឲ្យ​ពួក​គេ​មាន​ពេល​គិត​អំពី​ការ​ភូត‌ភរ​បាន​ឡើយ»។ ពួក​មេ​ត្រួត‌ត្រា​លើ​ប្រជា‌ជន និង​ពួក​មេ​ក្រុម ពោល​មក​កាន់​ជន‌ជាតិ​អ៊ីស្រា‌អែល​ដូច​ត​ទៅ៖ «ព្រះចៅ​ផារ៉ោន​មាន​រាជ‌ឱង្ការ​ថា: យើង​ឈប់​ផ្ដល់​ចំបើង​ឲ្យ​អ្នក​រាល់​គ្នា​ទៀត​ហើយ។ អ្នក​រាល់​គ្នា​ត្រូវ​ចេញ​ទៅ​រក​ចំបើង​ខ្លួន​ឯង​ផ្ទាល់ នៅ​កន្លែង​ណា​ដែល​អាច​រក​បាន ប៉ុន្តែ កុំ​បន្ថយ​ចំនួន​ដុំ​ឥដ្ឋ​ឡើយ»។ ដូច្នេះ ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​អស់​ចេញ​ទៅ​គ្រប់​កន្លែង ក្នុង​ស្រុក​អេស៊ីប ដើម្បី​ប្រមូល​ជញ្ជ្រាំង​មក​ប្រើ​ជំនួស​ចំបើង។ ពួក​មេ​ត្រួត‌ត្រា​ដាក់​កំហិត​ប្រជា‌ជន​ថា៖ «ត្រូវ​បង្ហើយ​ការ‌ងារ​ប្រចាំ​ថ្ងៃ​ឲ្យ​បាន​គ្រប់​ចំនួន​ដូច​ពី​មុន ក្នុង​ពេល​ដែល​អ្នក​រាល់​គ្នា​មាន​ចំបើង»។ មេ​ត្រួត‌ត្រា​ទាំង​នោះ​វាយ​ពួក​មេ​ក្រុម​អ៊ីស្រា‌អែល ដែល​ខ្លួន​បាន​តែង‌តាំង ព្រម​ទាំង​ស្ដី​បន្ទោស​ថា៖ «ប៉ុន្មាន​ថ្ងៃ​នេះ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​ផលិត​ដុំ​ឥដ្ឋ​គ្រប់​ចំនួន ដូច​កាល​ពី​មុន?»។ មេ​ក្រុម​អ៊ីស្រា‌អែល​នាំ​គ្នា​ទៅ​តវ៉ា​ព្រះចៅ​ផារ៉ោន​ថា៖ «ហេតុ​អ្វី​បាន​ជា​ព្រះ‌ករុណា​ធ្វើ​បាប​ទូលបង្គំ​ទាំង​អស់​គ្នា​ដូច្នេះ? គេ​មិន​បាន​ផ្ដល់​ចំបើង​ឲ្យ​ពួក​ទូលបង្គំ​ទេ ហើយ​គេ​បញ្ជា​ឲ្យ​ពួក​ទូលបង្គំ​ធ្វើ​ដុំ​ឥដ្ឋ​គ្រប់​ចំនួន ព្រម​ទាំង​វាយ​ពួក​ទូលបង្គំ​ទៀត​ផង។ ប្រជា‌រាស្ដ្រ​របស់​ព្រះ‌ករុណា​ខុស​ហើយ!»។ ព្រះចៅ​ផារ៉ោន​ឆ្លើយ​ថា៖ «អ្នក​រាល់​គ្នា​សុទ្ធ​តែ​ជា​មនុស្ស​ខ្ជិល មនុស្ស​ច្រអូស! ហេតុ​នេះ​ហើយ​បាន​ជា​អ្នក​រាល់​គ្នា​ពោល​ថា “សូម​អនុញ្ញាត​ឲ្យ​យើង​ខ្ញុំ ចេញ​ទៅ​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌អម្ចាស់”!។ ឥឡូវ​នេះ ចូរ​នាំ​គ្នា​ទៅ​ធ្វើ​ការ​វិញ​ទៅ។ យើង​គ្មាន​ចំបើង​ឲ្យ​ទេ ប៉ុន្តែ ត្រូវ​ធ្វើ​ដុំ​ឥដ្ឋ​ឲ្យ​បាន​គ្រប់​ចំនួន»។ កាល​ឮ​ថា គេ​មិន​បន្ថយ​ចំនួន​ដុំ​ឥដ្ឋ​ដែល​ត្រូវ​ផលិត​ប្រចាំ​ថ្ងៃ​ទេ​នោះ ពួក​មេ​ក្រុម​អ៊ីស្រា‌អែល​ដឹង​ថា ខ្លួន​ធ្លាក់​ក្នុង​ស្ថាន​ភាព​លំបាក​វេទនា​ហើយ។ ពេល​ចេញ​ពី​គាល់​ព្រះចៅ​ផារ៉ោន​វិញ ពួក​គេ​មក​រក​លោក​ម៉ូសេ និង​លោក​អើរ៉ុន ដែល​កំពុង​តែ​រង់‌ចាំ​ពួក​គេ។ ពួក​គេ​ពោល​ទៅ​កាន់​លោក​ទាំង​ពីរ​ថា៖ «សូម​ព្រះ‌អម្ចាស់​ទត​មើល ហើយ​ដាក់​ទោស​លោក​ទាំង​ពីរ​ចុះ! លោក​ទាំង​ពីរ​ធ្វើ​ឲ្យ​ព្រះចៅ​ផារ៉ោន និង​ពួក​មន្ត្រី​ទាំង​អស់​ស្អប់​ពួក​យើង។ លោក​ទាំង​ពីរ​បាន​ហុច​ដាវ​ទៅ​ឲ្យ​ពួក​គេ​សម្លាប់​យើង»។

ចែក​រំលែក
អាន និក្ខមនំ 5

និក្ខមនំ 5:4-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

តែ​ស្តេច​ស្រុក​អេស៊ីព្ទ​ទ្រង់​មាន​បន្ទូល​តប​ថា នែ​ម៉ូសេ​នឹង​អើរ៉ុន ហេតុ​អ្វី​បាន​ជា​បញ្ឈប់​ពួក​ជន​មិន​ឲ្យ​ធ្វើ​ការ​ដូច្នេះ ចូរ​ឯង​រាល់​គ្នា​ត្រឡប់​ទៅ​ធ្វើ​ការ​របស់​ឯង​វិញ​ទៅ។ ផារ៉ោន​ទ្រង់​ក៏​មាន​បន្ទូល​ថា មើល ឥឡូវ​នេះ បណ្តាជន​នៅ​ស្រុក​នេះ​គេ​មាន​គ្នា​ច្រើន ហើយ​ឯង​មក​ធ្វើ​ឲ្យ​គេ​ឈប់​ពី​ការ​គេ​ចេញ​ដូច្នេះ។ នៅ​ថ្ងៃ​នោះ​ឯង ផារ៉ោន​ទ្រង់​បង្គាប់​ដល់​ពួក​មេ​ដំរួត​លើ​ជន​ទាំង‌ឡាយ ហើយ​នឹង​ពួក​នាយ​ថា ចូរ​កុំ​ឲ្យ​ចំបើង​ដល់​ជន​សំរាប់​នឹង​ធ្វើ​ឥដ្ឋ​ដូច​អំពី​ដើម​ទៀត​ឡើយ ត្រូវ​ឲ្យ​គេ​ទៅ​រក​ចំបើង​ដោយ​ខ្លួន​ឯង​វិញ តែ​ឯ​ចំនួន​ឥដ្ឋ​ដែល​គេ​ធ្លាប់​ធ្វើ​ពី​ដើម​មក នោះ​ត្រូវ​បង្ខំ​ឲ្យ​គេ​ចេះ​តែ​ធ្វើ​ទៅ​ទៀត​ចុះ កុំ​បន្ថយ​ឲ្យ​សោះ ដ្បិត​គេ​ខ្ជិល​ទេ បាន​ជា​ស្រែក​ថា សូម​ឲ្យ​យើង​រាល់​គ្នា​ទៅ​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ​នៃ​យើង​ខ្ញុំ ត្រូវ​ដាក់​បន្ទុក​ឲ្យ​គេ​ធ្វើ​រឹត‌តែ​ធ្ងន់​ឡើង ដើម្បី​ឲ្យ​គេ​ខំ​ធ្វើ​ទៅ កុំ​ឲ្យ​គេ​ទុក​ចិត្ត​នឹង​ពាក្យ​កំភូត​ឡើយ។ ពួក​មេ​ដំរួត​លើ​ពួក​ជន នឹង​ពួក​នាយ ក៏​ទៅ​ប្រាប់​ដល់​គេ​ថា ផារ៉ោន​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា អញ​លែង​បើក​ចំបើង​ឲ្យ​ឯង​រាល់​គ្នា​ហើយ ចូរ​ទៅ​រក​ចំបើង​ដោយ​ខ្លួន​ឯង​នៅ​កន្លែង​ណា​ដែល​រក​បាន​ចុះ ប៉ុន្តែ​ការ​របស់​ឯង​រាល់​គ្នា នោះ​មិន​ត្រូវ​បន្ថយ​សូម្បី​ដល់​បន្តិច‌បន្តួច​ឡើយ ដូច្នេះ បណ្តាជន​ទាំង‌ឡាយ​ត្រូវ​ខ្ចាត់​ខ្ចាយ ទៅ​ពេញ​ក្នុង​ស្រុក​អេស៊ីព្ទ ដើម្បី​នឹង​រក​រើស​ជញ្ជ្រាំង​មក​ជំនួស​ចំបើង ពួក​មេ​ដំរួត​ក៏​ពោល​បង្ខំ​ថា ចូរ​ឯង​រាល់​គ្នា​ធ្វើ​បង្ហើយ​ការ​របស់​ឯង​ដូច​ជា​បាន​ដាក់​ឲ្យ​ធ្វើ​មក​រាល់​តែ​ថ្ងៃ ឲ្យ​ដូច​ជា​កាល​មាន​ចំបើង​ពី​ដើម​មក​ដែរ គេ​ក៏​វាយ​ពួក​មេ​នៃ​កូន​ចៅ​អ៊ីស្រាអែល ដែល​ពួក​មេ​ដំរួត​របស់​ផារ៉ោន​បាន​តាំង​លើ​បណ្តាជន ហើយ​សួរ​ថា ហេតុ​អ្វី​បាន​ជា​ពី​ម្សិល‌មិញ​ហើយ​ថ្ងៃ​នេះ ឯង​រាល់​គ្នា​មិន​បាន​ធ្វើ​ឥដ្ឋ​ឲ្យ​គ្រប់​ចំនួន​ដូច​អំពី​ដើម​មក។ នោះ​ពួក​មេ​របស់​កូន​ចៅ​អ៊ីស្រាអែល ក៏​នាំ​គ្នា​ទៅ​ស្រែក​ដល់​ផារ៉ោន​ថា ហេតុ​អ្វី​បាន​ជា​ទ្រង់​ប្រព្រឹត្ត​នឹង​យើង​ខ្ញុំ​ជា​ពួក​បំរើ​ទ្រង់​យ៉ាង​ដូច្នេះ ដ្បិត​គេ​មិន​ឲ្យ​ចំបើង​ដល់​យើង​ខ្ញុំ​ជា​ពួក​បំរើ​ទ្រង់​ទៀត​ទេ ហើយ​គេ​ប្រាប់​យើង​ខ្ញុំ​ថា ចូរ​ខំ​ធ្វើ​ឥដ្ឋ​ទៅ គេ​ក៏​វាយ​យើង​ខ្ញុំ​ជា​ពួក​បំរើ​ទ្រង់​ដែរ តែ​គឺ​ពួក​ទ្រង់​ទេ ដែល​ធ្វើ​ខុស​នោះ ទ្រង់​ឆ្លើយ​តប​ថា ឯង​រាល់​គ្នា​ជា​មនុស្ស​កំជិល គឺ​ឯង​ខ្ជិល​ទេ បាន​ជា​និយាយ​ថា សូម​បើក​ឲ្យ​យើង​រាល់​គ្នា​ទៅ​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា ដូច្នេះ​ចូរ​ឯង​រាល់​គ្នា​ត្រឡប់​ទៅ​ធ្វើ​ការ​វិញ​ឥឡូវ​ចុះ ដ្បិត​គេ​មិន​ត្រូវ​ឲ្យ​ចំបើង​ដល់​ឯង​រាល់​គ្នា​ទេ តែ​ត្រូវ​ឲ្យ​ឯង​ធ្វើ​ឥដ្ឋ​នោះ​ឲ្យ​គ្រប់​ចំនួន​កុំ​ខាន ឯ​ពួក​មេ​របស់​កូន​ចៅ​អ៊ីស្រាអែល កាល​គេ​ឮ​ថា មិន​ត្រូវ​បន្ថយ​ចំនួន​ឥដ្ឋ​ដែល​ត្រូវ​ធ្វើ​រាល់​ថ្ងៃ​ដូច្នោះ នោះ​ក៏​ឃើញ​ថា ខ្លួន​ជា​មនុស្ស​ជាប់​សេចក្ដី​វេទនា​ហើយ គេ​ក៏​ចេញ​ពី​ចំពោះ​ផារ៉ោន​មក​ជួប​នឹង​ម៉ូសេ ហើយ​នឹង​អើរ៉ុន ដែល​កំពុង​តែ​ឈរ​ចាំ ក៏​និយាយ​ថា សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ពិចារណា ហើយ​ជំនុំ‌ជំរះ​អ្នក​ចុះ ដ្បិត​អ្នក​បាន​ធ្វើ​ឲ្យ​យើង​រាល់​គ្នា​ស្អុយ​កេរ​នៅ​ចំពោះ​ផារ៉ោន នឹង​ពួក​មហា‌តលិក​ទ្រង់ ព្រម​ទាំង​ដាក់​ដាវ​នៅ​ដៃ​គេ​ឲ្យ​សំឡាប់​យើង​រាល់​គ្នា​ផង។

ចែក​រំលែក
អាន និក្ខមនំ 5